អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មី ក្រោមចំណងជើងថា «លទ្ធផលនៃនយោបាយវ៉ាក់សាំង៖ កម្ពុជាផ្តើមចាកចេញពីវិបត្តិកូវីដ-១៩ ជាបណ្តើរៗ»

 

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានរយៈពេលជាង១៦នាទី ក្រោមចំណងជើងថា«លទ្ធផលនៃនយោបាយវ៉ាក់សាំង៖ កម្ពុជាផ្តើមចាកចេញពីវិបត្តិកូវីដ-១៩ ជាបណ្តើរៗ»។
ការបញ្ចេញផ្សាយនូវវីដេអូនេះ បានរំលេចឱ្យប្រជាពលរដ្ឋទូទៅបានឃើញនូវលទ្ធផលជាក់ស្តែងដែលជាផ្លែផ្កា និងជោគជ័យដែលកើតចេញមកពី « នយោបាយវ៉ាក់សាំង និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ» ដែលនឹងអនុញ្ញាតិឱ្យរាជរដ្ឋាភិបាលបើកដំណើរការសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញនៅក្នុងពេលខាងមុខនេះ។
ផែនការនឹងបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យនៅក្នុងពេលដ៍ខ្លីខាងមុខនេះ ក៏ក្នុងគោលបំណងដើម្បីអូសទាញក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិឲ្យងើបឡើងវិញ បន្ទាប់ពីត្រូវបានញាំញីដោយជំងឺកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ។ ទន្ទឹមនឹងនេះ ប្រសិទ្ធភាពខ្ពស់នៃនយោបាយចាក់វ៉ាក់សាំងស្រោចនៅទូទាំងប្រទេសដែលបង្កើតបាននូវភាពសាំក្នុងសហគមន៍ គួបផ្សុំនឹងការគោរពអនុវត្តបានយ៉ាងល្អនូវគោលការណ៍ ៣ការពារ និង៣កុំ របស់ប្រជាពលរដ្ធ ដែលទើបបានបញ្ចប់នូវការចេញទៅធ្វើដំណើរកំសាន្តនៅទូទាំងប្រទេសក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ក៍បានបង្កនូវលក្ខណៈសម្បត្តិបន្ថែមទៀតដែលអាចអនុញ្ញាតអោយរាជរដ្ធាភិបាលបន្តដំណើរការនៃ គំរោងផែនការឈានទៅបើកសេដ្ឋកិច្ចនិងសង្គមឡើងវិញនេះផងដែរ។ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាល កម្ពុជាចាប់ផ្តើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ តាមរយៈការបើកចំហរជា បណ្តើរៗទាំងសកម្មភាពផ្ទៃក្នុងនិងទាំងសកម្មភាពខាងក្រៅ ក្នុងនោះវិស័យទេសចរណ៍គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់។
ការបើកសកម្មភាពសង្គមនិងសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗគឺដោយសារតែព្រះរាជាណាចក្រកម្ពុជាស្ថិតក្នុងចំណោម តារាងប្រទេសដែលមានភាពស៊ាំក្នុងសហគមន៍ច្រើនបំផុតនៅក្នុងពិភពលោកដោយសារតែប្រជាពលរដ្ឋភាគច្រើនលើសលប់បានចាក់វ៉ាក់សាំងរួចរាល់។
លទ្ធផលនេះ ពិតជាបានមកមិនអាចប្រកែកបានឡើយដោយសារតែគោលនយោបាយដ៏ត្រឹមត្រូវ ឈ្លាសវៃ និងទាន់សភាពការណ៍របស់ប្រមុខដឹកនាំកម្ពុជា។
រហូតមកទល់នឹងពេលនេះ ជាង៨០% នៃប្រជាពលរដ្ឋខ្មែរដែលមានចំនួនសរុបជិត ១៦ លាននាក់បានចាក់វ៉ាក់សាំងរួចរាល់ហើយ។ ហើយមិនត្រឹមតែមនុស្សពេញវ័យដែលមានអាយុចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅតែប៉ុណ្ណោះទេដែលទទួលបានវ៉ាក់សាំង ប៉ុន្តែ កុមារនិងយុវវ័យចាប់ពីអាយុ ៦ឆ្នាំ ដល់ ១៧ឆ្នាំក៏បានទទួលវ៉ាក់សាំងដែរ។ ប្រជាពលរដ្ឋខ្មែរជាច្រើនក៏បាននិងកំពុងទទួលវ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញថែមទៀត៕
សូមទស្សនាវីដេអូដូចតទៅ៖


ពត៌មានទាក់ទង

ពត៌មានផ្សេងៗ