បណ្ណសារដ្ឋានជាតិ ត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩២៦ គិតមកត្រឹមឆ្នាំ២០២៦ បណ្ណសារដ្ឋានជាតិមានអាយុកាល១០០ឆ្នាំ។ មុននោះ កម្ពុជាក៏មានការកត់ត្រាចងក្រង ឯកសារជាតិតាំងពីសម័យមុនអង្គរ មកសម័យកណ្តាល និងបន្តបន្ទាប់រហូតមកបច្ចុប្បន្ន លើកលែងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) មានការរអាក់រអួល។ នៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ ឯកសារដែលនៅសេសសល់បានប្រឈមមុខនឹងហានិភ័យធម្មជាតិយ៉ាងធ្ងន់ធ្ងរពីសំណើមនៃតំបន់ក្ដៅ ផ្សិត ការខូចខាតដោយសារទឹក និងសត្វល្អិតបំផ្លាញ។ បុគ្គលិកបណ្ណសារដ្ឋានដែលនៅរស់រានមានជីវិតបានប្រឈមមុខនឹងភារកិច្ចដ៏លំបាកក្នុងការរៀបចំឡើងវិញ ការសម្អាត និងការថែរក្សាឯកសារក្រដាសរាប់ពាន់ក្បាលដែលត្រូវគេបោះបង់ចោលក្នុងភាពរញ៉េរញ៉ៃ។ បច្ចុប្បន្ននេះ បណ្ណសារដ្ឋានជាតិនៃកម្ពុជា ប្រតិបត្តិការជាស្ថាប័នសាធារណៈទំនើបមួយ ដោយរក្សាតុល្យភាពរវាងការអភិរក្សឯកសារចាស់ៗ និងភាពច្បាស់លាស់នៃប្រព័ន្ធឌីជីថល តាមរយៈជំហានបច្ចេកទេសជាច្រើន។
រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់លើការថែរក្សា ជួសជុលនូវឯកសារ និងធ្វើទំនើបកម្មជាបន្តបន្ទាប់។ ឯកសារដែលតម្កល់និងថែរក្សានៅក្នុងបណ្ណសារដ្ឋានជាតិគឺជាបេតិកភណ្ឌជាតិ ជារតនវត្ថុសំខាន់សំផុតរបស់ជាតិ ដែលជាឯកសារប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ហើយជាប្រភពនៃការសិក្សាស្រាវជ្រាវជាតិ ពិសេសជាភស្តុតាងមានតម្លៃគតិយុត្ត។
ក្នុងឱកាសខួប១០០ឆ្នាំ រាជរដ្ឋភិបាលកម្ពុជា រៀបចំព្រឹត្តិការណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ ប្រព្រឹត្តទៅ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយព្រឹត្តិការណ៍នេះក៏បានផ្សារភ្ជាប់និងរម្លឹក តួនាទីជាស្ថាប័នថែរក្សា និងការពារបេតិកភណ្ឌឯកសារជាតិស្របគ្នានឹងព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ លើកទី២០(Francophonie 2026) ដែលនឹងបង្ហាញទៅកាន់ពិភពលោកអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងការប្តេជ្ញាចិត្តក្នុងការធ្វើទំនើបកម្មប្រព័ន្ធបណ្ណសារ។ ក្នុងនោះក៏នឹងមានពិព័រណ៍ក្នុងបរិវេណបេតិកភណ្ឌ តាំងបង្ហាញនូវការចងចាំជាតិពីមុនសម័យអង្គរ រហូតដល់បច្ចុប្បន្ននៃការធ្វើទំនើបកម្មថ្នាលឌីជីថល រួមទាំងកម្មវិធីអមជាច្រើនផ្សេងៗទៀត ដោយបើកជូនដល់ប្រជាពលរដ្ឋ សាធារណជន សិស្ស និស្សិត ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយសេរី ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ តទៅ។



