ស្វីស​ ប្តេជ្ញា​ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ

នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Ignazio Cassis អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធស្វីស និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ក្នុងឱកាសដែល ឯកឧត្តមអនុប្រធានាធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប ឯកឧត្តមអនុប្រធានាធិបតី បានគូសបញ្ជាក់ពីវឌ្ឍនភាព​នៃទំនាក់ទំនងទ្វេភាគីរវាងស្វីស និងកម្ពុជា​ លើវិស័យសក្តានុពល ជាពិសេសកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ​ ហើយប្រទេសទាំងពីរគួរតែបន្តរក្សាសន្ទុះនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត ដែលការណ៍នេះ​ ជាកត្តាជំរុញដ៏សំខាន់ក្នុងការបើកលទ្ធភាពឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA)។ ឯកឧត្តមអនុប្រធានាធិបតី ក៏បានរំលេចផងដែរអំពីសារៈសំខាន់នៃការពង្រឹង និងពង្រីកទំនាក់ទំនងលើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ លើសពីនេះ ឯកឧត្តមបានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ប្រទេសស្វីស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបានកោតសរសើរចំពោះកម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន​ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ​ ដើម្បីមនុស្សធម៌។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ផ្អែកលើបទពិសោធន៍ និងភាពជោគជ័យក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់កម្ពុជា រួមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបបន្ថែម កម្ពុជានឹងកាន់តែអាចពង្រឹងសមត្ថភាពបោសសម្អាតមីនបានមួយកម្រិតទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាលើកដំបូងរបស់ ឯកឧត្តមអនុប្រធានាធិបតី មកកាន់កម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសជំនួបពិគ្រោះយោបល់ទ្វេភាគីជាញឹកញាប់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលអាចពង្រឹង និងពង្រីកបន្ថែម។ ទន្ទឹមនេះ សម្ដេចធិបតី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញ និងពង្រីកការវិនិយោគពីបរទេស ដោយបានសង្កត់ធ្ងន់ថា អឺរ៉ុប គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា។ ក្នុងន័យនេះ សម្ដេចធិបតី បានជំរុញឱ្យធុរកិច្ចកម្ពុជា និងស្វីស បន្តពង្រីកការតភ្ជាប់ទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានគូសរំលេចដោយមោទនភាពថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ គឺជាលើកទីមួយសម្រាប់កម្ពុជា ដែលនេះជាសក្ខីភាពបញ្ជាក់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសការបង្ហាញពីបំណងប្រាថ្នារបស់កម្ពុជា ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ដើម្បីវិបុលភាព និងស្ថិរភាពយូរអង្វែង។ ក្រៅពីនេះ សម្តេចធិបតីបានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់ស្វីសដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដ៏ស៊ីជម្រៅនៃប្រជាជាតិទាំងពីរ។ ក្នុងឱកាសនោះ សម្តេចធិបតី បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សំដៅកសាងសុខសន្តិភាព ការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការរួមចំណែកដល់ការថែរក្សាសុខសន្តិភាពក្នុងតំបន់ និងសកលលោក។

ជាទីបញ្ចប់ សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមអនុប្រធានាធិបតី អំពីការវិវឌ្ឍថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ត...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
beylikdüzü escort escort beylikdüzü beylikdüzü escort