សេចក្តីថ្លែងហេតុឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន៖ ការកំណត់ «សញ្ជាតិខ្មែរតែមួយគត់» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលជាតិ ដើម្បីធានាគោលជំហរ និងការប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេ ចំពោះជាតិ មាតុភូមិ និងប្រជាជន

32

(ភ្នំពេញ)៖ ការធ្វើច្បាប់កំណត់ «សញ្ជាតិខ្មែរតែមួយគត់» ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលទាំង៤របស់ជាតិ មានគោលបំណងដ៏មុតមាំក្នុងការធានាទាំងខាងផ្លូវច្បាប់ និងនយោបាយ ចំពោះគោលជំហរ និងការប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជននៅគ្រប់កាលៈទេសៈ។

គណៈរដ្ឋមន្ត្រីបានអនុម័ត្តរួចហើយនូវសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា ១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញ ដែលជាសេចក្តីព្រាងច្បាប់មួយនឹងកំណត់ «សញ្ជាតិខ្មែរតែមួយគត់» ចំពោះតួនាទីប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១នេះ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៦ ខែតុលា កន្លងទៅ។

សេចក្តីព្រាងច្បាប់បានផ្តោតជាសំខាន់ទៅលើប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាមេដឹកនាំមានការទទួលខុសត្រូវ ក្នុងការសម្រេចលើកិច្ចការសំខាន់ៗ ដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា, ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុង របស់ជាតិ ឬ ការបង្គាប់បញ្ហាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា។

ក្នុងសេចក្តីថ្លែងហេតុដែលអានដោយឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលបំណងនៃការកសាងច្បាប់នេះឡើងយ៉ាងដូច្នេះថា «ដើម្បីធានាបានឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ចំពោះគោលជំហរ និងការប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ទាំងអស់ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែក ពីបរទេស»។

ការធ្វើច្បាប់ដើម្បីកំណត់ «សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិទាំង៤នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមិនធ្លាប់មានចែងនោះឡើយចាប់តាំងពីការកកើតឡើងនៃរដ្ឋធម្មនុញ្ញ។ បើទោះបីយ៉ាងណា ការកសាងឡើងនូវច្បាប់នេះ ទទួលបានការសាទរ និងគាំទ្រយ៉ាងខ្ទរខ្ទារពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងឋានានុក្រម រួមទាំងស្ថាប័នព្រះសង្ឃ ដែលជាសាសនារបស់ជាតិផងដែរ។

ប្រជាពលរដ្ឋខ្មែរបានសាទរ ដោយបានមើលឃើញថា ការកំណត់បែបនេះ គឺជាការធានាបាននូវការការពារបានយ៉ាងខ្ពង់ខ្ពស់នូវឧបត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា តាមរយៈមេដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិទាំង៤នេះ៕