ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីជំហរ និងការទូតសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាជន៖

ទី១៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់សាជាថ្មីម្តងទៀតពីគោលជំហររបស់កម្ពុជា ដែលមិនប្រើកម្លាំងយោធាក្នុងការដណ្តើមយកទឹកដីមកវិញឡើយ តែកម្ពុជាប្រកាន់យកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា និងការវាស់វែងដោយប្រើយន្តការដែលមានស្រាប់ គឺគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា។ ការបញ្ជាក់បែបនេះ គឺជាការផ្ញើសារទៅកាន់សារព័ត៌មានថៃ ដែលបានផ្សាយខុសអំពីប្រសាសន៍របស់សម្តេចកាលពីថ្ងៃទី៩ មិថុនា ដែលនាំឱ្យមានការយល់ច្រឡំថា កម្ពុជាអាចប្រើកម្លាំងយោធាដើម្បីវាយដណ្តើមយកដីមកវិញ។

សម្តេចតេជោក៏បានប្រកាសថា ដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី គឺជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតខាងមុខ ហើយសម្តេចបានស្នើឱ្យបក្សប្រឆាំងដែលតែងតែញុះញង់ឱ្យប្រើកម្លាំង សូមឱ្យពួកគេដាក់ចេញគោលនយោបាយអំពីរឿងនេះ។ ជាថ្មីម្តងទៀត សម្តេចតេជោបានជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលបានឯកភាពគ្នាប្រគល់ភារកិច្ចឱ្យក្រុមការងារវាស់វែង JBC ចុះកំណត់ខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ជាពិសេសនៅកន្លែងដែលរងផលប៉ះពាល់ និងដែលមានប្រជាជនស៊ីវិលរស់នៅ។ សម្តេចប្រមុខរដ្ឋស្តីទីក៏បានស្នើឱ្យភាគីទាំងពីរ កម្ពុជានិងថៃ ស្វែងរកព័ត៌មានពិតដើម្បីបង្កើនទំនុកចិត្តគ្នា និងចៀសវាងការទទួលព័ត៌មានក្លែងក្លាយដែលនាំឱ្យមានការយល់ច្រឡំ ពីព្រោះនេះជារឿងដ៏គ្រោះថ្នាក់មួយ។

ទី២៖ ក្នុងសុន្ទរកថាគន្លឹះថ្លែងក្នុង «វេទិកាអនាគតរបស់អាស៊ានលើកទី៣» នៅទីក្រុងហាណូយ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសន្តិភាពក្នុងតំបន់ ជាពិសេសភាពផុយស្រួយនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ និងការព្រួយបារម្ភរបស់កម្ពុជាអំពីស្ថានភាពលើដីជាក់ស្តែង។ ដោយរម្លឹកពីអតីតកាលនៃអាស៊ីអាគ្នេយ៍ដែលជាតំបន់ពោរពេញទៅដោយជម្លោះ ការមិនជឿទុកចិត្តគ្នា ការបែងចែកមនោគមវិជ្ជានិងភាពក្រីក្រ សម្តេចធិបតីបានគូសបញ្ជាក់ថា តាមរយៈកិច្ចសន្ទនា ការកសាងទំនុកចិត្ត ការគោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងការដោះស្រាយជម្លោះដោយសន្តិវិធី ដូចដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន តំបន់នេះបានផ្លាស់ប្តូរបន្តិចម្តងៗ ទៅជាតំបន់មួយក្នុងចំណោមតំបន់ដែលមានស្ថិរភាព និងជវភាពបំផុតនៅលើពិភពលោក។

ការផ្លាស់ប្តូរនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែ ជាលទ្ធផលនៃការជ្រើសរើសដោយផ្ទាល់របស់ថ្នាក់ដឹកនាំ និងប្រជាជនរបស់យើង ពោលគឺ៖ ការជ្រើសរើសយកកិច្ចសន្ទនាជាជាងការប្រឈមមុខដាក់គ្នា យកកិច្ចសហប្រតិបត្តិការជាជាងការបែកបាក់ និងយកវឌ្ឍនភាពរួមជាជាងការប្រកួតប្រជែង។ ទោះជាយ៉ាងណាក្តី សម្តេចធិបតីសង្កត់ធ្ងន់ថា ក្នុងពេលបច្ចុប្បន្ន សន្តិភាពមិនមែនជាអ្វីដែលយើងអាចមើលស្រាល ឬគិតថាគង់វង្សជារៀងរហូតនោះទេ ពីព្រោះនៅទូទាំងពិភពលោក យើងបន្តមើលឃើញនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរនៃជម្លោះប្រដាប់អាវុធ និងអំពើហិង្សា…។

បើក្រឡេកមកតំបន់យើងវិញ បទឈប់បាញ់រវាងកម្ពុជានិងថៃនៅបន្តមាន ប៉ុន្តែ វាកំពុងស្ថិតក្នុងសភាពមួយដ៏ផុយស្រួយ។ កម្ពុជានៅតែមានក្តីព្រួយបារម្ភចំពោះស្ថានការណ៍លើដីជាក់ស្តែងនៅក្នុងតំបន់កាន់កាប់ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ សម្តេចធិបតីបញ្ជាក់ច្បាស់ថា ព្រំដែននិងអធិបតេយ្យភាព ដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្តែង (faits accomplis) ឡើយ។ ទាំងកម្ពុជានិងថៃបានបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្ត ចំពោះការដោះស្រាយដោយសន្តិវិធី និងការប្រែក្លាយបទឈប់បាញ់ដែលមានស្រាប់ ទៅជាសន្តិភាពអចិន្ត្រៃយ៍។

ជាក់ស្តែង ភាគីទាំងពីរបន្តបង្ហាញការប្រកាន់ខ្ជាប់នូវសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហេតុដូច្នេះ ភាគីទាំងពីរចាំបាច់ត្រូវអនុវត្តសេចក្តីថ្លែងការណ៍រួមនេះទាំងស្រុងឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាពនិងជាបន្ទាន់ ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជានៅតែបន្តផ្តល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់របស់យើង។

ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាកិច្ចសន្ទនា ស្មារតីសុចរិតភាព និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះនិងជាកត្តាចាំបាច់ក្នុងការធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរព ដែលឈានទៅស្តារឡើងវិញនូវទំនុកចិត្ត ការធានាបាននូវសន្តិភាពយូរអង្វែង និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋរបស់យើង ដែលបានភៀសសឹកអាចត្រឡប់ទៅផ្ទះសម្បែងវិញប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ ព្រមទាំងអាចស្តារជីវភាពរស់នៅជាប្រក្រតីភាពឡើងវិញ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀតថា សេចក្តីសម្រេចនាពេលថ្មីៗនេះរបស់កម្ពុជា ក្នុងការផ្តួចផ្តើមយន្តការផ្សះផ្សារដោយបង្ខំ ក្រោមក្របខ័ណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បានបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះរបស់យើង ក្នុងការស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដែលឈរផ្អែកលើមូលដ្ឋានរឹងមាំលើច្បាប់អន្តរជាតិ។

ការបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ប្រទេសថៃ ក្នុងការចូលរួមក្នុងកិច្ចសម្របសម្រួលក្រោមក្របខ័ណ្ឌ UNCLOS នេះ គឺជាជំហានគួរឱ្យស្វាគមន៍មួយឆ្ពោះទៅរកការដោះស្រាយដោយសន្តិវិធីលើតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ដំណោះស្រាយនេះ គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងស្មារតីនេះ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងទន្ទឹងរង់ចាំការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសជាសមាជិកអាស៊ាន ចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជានិងថៃ ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ កម្ពុជា ទន្ទឹងរង់ចាំនូវការយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់។ នេះគឺជាការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហា...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone
beylikdüzü escort escort beylikdüzü beylikdüzü escort