នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានរយៈពេលប្រមាណ១៦នាទី ក្រោមចំណងជើងថា«វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យ គឺជាជោគជ័យជំហានទី២របស់កម្ពុជា»។ វីដេអូនេះ បានរំលេចឱ្យសាធារណជន ជាតិ និងអន្តរជាតិមើលឃើញអំពីលទ្ធផលជាក់ស្តែងជាផ្លែផ្កានិងជោគជ័យ ដែលកើតចេញមកពី «នយោបាយវ៉ាក់សាំង និងទស្សនវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញ»។
ខ្លឹមសារវីដេអូបានបញ្ជាក់ថា បន្ទាប់ពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ជូនមនុស្សពេញវ័យ ចាប់ពីអាយុ១៨ឆ្នាំឡើងឈានទៅសម្រេចតាមផែនការមុនកាលកំណត់ ឥឡូវនេះ ការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យអាយុពី១២ឆ្នាំ ដល់ ១៧ឆ្នាំ ក៏ឈានទៅសម្រេចបានតាមផែនការយ៉ាងឆាប់រហ័សដែរ។ កុមារនិងយុវវ័យក្នុង ចំនួន ជិត២លាននាក់ក៏បានទទួលការចាក់វ៉ាក់សាំងដូសទី១និងដូសទី២រួចជាស្រេចហើយដែរ។ ជាសរុប រហូតមកទល់នឹងពាក់កណ្តាលខែកញ្ញាឆ្នាំ ២០២១ នេះ នៅទូទាំងប្រទេស ប្រជាពលរដ្ឋខ្មែរ ចាប់ពីអាយុ ១២ឆ្នាំឡើងចំនួនជិត១២លាននាក់ដែលបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ស្ទើររួចរាល់អស់ហើយ។
ការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ និងយ៉ាងសកម្មលឿនរហ័ស ទាំងសម្រាប់មនុស្សពេញវ័យ ទាំងសម្រាប់កុមារនិងយុវវ័យ ទាំព្រមទាំងងការចាក់ដូសទី៣ផងនេះ ពិតជាមិនអាចសម្រេចបានឡើយ ប្រសិនបើមេដឹកនាំគ្មានទស្សនវិស័យវែងឆ្ងាយនិងបើគ្មានការសម្រេចចិត្តត្រូវនិងទាន់ពេលវេលាទេនោះ។ ហើយទាំងវ៉ាក់សាំងដូសទី៣ និងទាំងវ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ ក៏មិនអាចធ្វើបាននោះដែរ ប្រសិនបើកម្ពុជាគ្មានវ៉ាក់សាំងគ្រប់គ្រាន់នៅក្នុងដៃទេនោះ។
កម្ពុជាជាប្រទេសឈានមុខគេក្នុងចំណោម៣៧ ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិចដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ជូនប្រជាពលរដ្ឋបានច្រើនជាងគេ ហើយរាជធានីភ្នំពេញ គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនបំផុតក្នុងពិភពលោក។ ដូច្នេះ ក្រៅពីចាក់ជូនពលរដ្ឋពេញវ័យនិងមនុស្សវ័យចំណាស់ វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យ ការចាក់វ៉ាក់សាំងដូសទី៣ ដែលកំពុងប្រព្រឹត្តទៅ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ទល់ ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩។
សូមអញ្ជើញទស្សនាវីដេអូ៖