ប្រមុខ​រាជរដ្ឋា​ភិបាល សម្រេចផ្តល់​អគារសិ​ក្សាក​ម្ពស់៤ជាន់ និងអគារ​សម្រា​ប់គណៈចាងហ្វា​ងសាសនិក​ឥស្លាម ដើម្បី​បង្កើ​នប្រសិទ្ធិភាព​អប់រំ និងលើកមុ​ខមាត់ សាសនិក​ខ្មែរ-ឥស្លាម

សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា នាល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានអញ្ជើញ​​​ចូលរួម ពិសារអាហារ​ស្រាយបួ​ស​ខែរ៉ម៉ាឌន ជាមួយបង​ប្អូនខ្មែរ-ឥស្លាម ប្រមាណ​១ពាន់​នាក់ នៅវិហារ​ឥស្លាម​ធំ ស្ថិតនៅគីឡូ​ម៉ែត្រលេខ៩ ​សង្កាត់ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ដោយ​ពិនិត្យ​ឃើញ​អគារសិ​ក្សាចាស់ ដែលមាន​ចំនួន​១០បន្ទប់ ស្ថិតក្នុងបរិវេណ​វិហារសាសនា​នេះ មាន​សភាព​ទ្រុឌទ្រោម មុនអញ្ជើញពិ​សារ​អាហារស្រា​យបួស សម្តេចតេជោ ហ៊ុន សែន បានប្រកាសវា​យអគារ​ចាស់​​ចោល ហើយនឹងកសាង​អគារសិក្សាថ្មី ចំនួន១ខ្នង មានកម្ពស់​៤ជាន់ ស្នើនឹង២៤បន្ទប់ ដើម្បីឲ្យសិស្សានុ​សិស្ស ក៏ដូចជាសាសនិកខ្មែរ-ឥស្លាម ជំនាន់នេះ និងជំនាន់​ក្រោយៗទៀត មានអគារសិក្សាល្អ ចូលរួមលើក​កម្ពស់ប្រសិទ្ធិភាព នៃការសិក្សា។

បន្ថែម​ពីលើនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានប្រកាសសា​ងសង់​អគារ សម្រាប់​គណៈ​ចាងហ្វាង សាសនិកឥស្លាម នៅក្នុងទីតាំ​ងវិហារ​ឥស្លាមធំ គីឡូម៉ែត្រលេខ៩​នេះផងដែរ។ សម្តេចបាន​ថ្លែងថា ការសាងសង់​អគារសម្រាប់គណៈ​ចាងហ្វាង​នេះ គឺ​ដើម្បីឲ្យ​គណៈចាងហ្វាង មានកន្លែងធ្វើការយ៉ាង​ល្អប្រសើរមួយ និងដើម្បីលើក​មុខមាត់សា​សនិកខ្មែរ-ឥស្លាម​ផងដែរ។

​សម្តេចតេជោ បានថ្លែងបញ្ជាក់ថា អគារសម្រាប់គណៈ​ចាងហ្វាងនេះ អាចមាន​កម្ពស់៤ជាន់ ដូចទៅនឹង​អគារ​សិក្សាផងដែរ ហើយនឹងមានសាលប្រជុំ និងសម្ភារៈប្រើប្រាស់គ្រប់គ្រាន់។ សម្តេចក៏បាន ស្នើសុំឲ្យមានការប្រមូលបញ្ញាវន្ត និងនិស្សិត​ខ្មែរ-ឥស្លាម នាំគ្នាគូរប្លង់អ​គារនេះ ដើម្បីបង្ហាញ និងទុកជាសាក្សីថា នេះជាស្នាដៃនិស្សិតខ្មែរ-ឥស្លាម ដែលបានទទួលការសិក្សា ស្ថិតនៅក្រោមដំបូល​សន្តិភាព នៃការដឹកនាំរបស់​គណបក្សប្រជាជនកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ