អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មីមួយមានចំណងជើងថា «ខ្មែរពិតជាអាចធ្វើបានដើម្បីយកឈ្នះលើកូវីដ-១៩ »

93

នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀតដែលទើបនឹងផលិតរួចរាល់ មានចំណងជើងថា «ខ្មែរពិតជាអាចធ្វើបានដើម្បីយកឈ្នះលើកូវីដ-១៩ »។

ក្នុងខ្លឹមសារវីដេអូបានបង្ហាញថា បន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជាការផ្ទុះឡើង នៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ជាលើកទី៣ និងជាទ្រង់ទ្រាយធំដែលមិនធ្លាប់មានសម្រាប់ប្រទេស កម្ពុជាយើង បានបង្កការប្រឈមថ្មីមួយទៀត ដែលនាំឱ្យប្រមុខរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការនានាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ហើយថា ដើម្បីឈានទៅរកភាពជោគជ័យក្នុងការគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ចាំបាច់មិនអាចខ្វះបានឡើយ។

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបានពិពណ៌នាថា ការប្រយុទ្ធតទល់ជាមួយកូវីដ-១៩ ពិតជាអាចធ្វើបាន ដោយគ្រាន់តែយើងរួមគ្នាអនុវត្តនូវវិធានការ អនាម័យ ៣កុំ និង៣ការពារ » ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល គឺជាការស្រេច។
៣កុំគឺ កុំចាប់ដៃឬប៉ះពាល់គ្នា, កុំទៅកន្លែងដែលមានមនុស្សច្រើន និងកុំនៅក្នុងបន្ទប់បិទជិត ដែលគ្មានខ្យល់ ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ ចំណែកឯ៣ការពារ គឺត្រូវពាក់ម៉ាស់ជាប្រចាំ, ត្រូវលាងដៃ ជាមួយអាល់កុលឬជែលឲ្យបានញឹកញាប់ និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលដោយ នៅឲ្យឆ្ងាយពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ។

វិធានការ៣កុំ និង៣ការពារនេះ មានលក្ខណៈសាមញ្ញ ប៉ុន្តែ វាគឺ ជាអាវុធដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធ តតាំងជាមួយសត្រូវឥតស្រមោលកូវីដ-១៩ ប្រសិនបើយើងអនុវត្តឲ្យបានម៉ឺងម៉ាត់និងជាប្រចាំ។
ជាការពិត នរណាៗក៏ទទួលស្គាល់ថា ជំងឺកូវីដ-១៩ គឺជាសត្រូវដ៏កាចសាហាវរបស់មនុស្សជាតិលើភពផែនដី ក្នុងយុគ្គសម័យបច្ចុប្បន្នយើងនេះ។ សត្រូវនេះបាននិងកំពុងធ្វើការវាយប្រហារមិនរើសមុខមិនថាប្រទេសអ្នកមាន ប្រទេសក្រីក្រ ប្រទេសមហាអំណាច ឬប្រទេសទន់ខ្សោយនោះឡើយ។
ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អាចបិទបញ្ចប់ទៅវិញក្នុងពេលខាងមុខប្រសិនបើយើងទាំងអស់គ្នាគ្រាន់តែចូលរួម អនុវត្តវិធានការ ៣កុំ និង៣ការពារ និងវិធានការផ្សេងៗមួយចំនួនទៀត ដែលដាក់ចេញដោយប្រមុខ រាជរដ្ឋាភិបាល។ ការចូលរួមចាក់វ៉ាក់សាំង និងការប្រើប្រាស់ QR Code Stop Covid ក៏ជាវិធានការដ៍ចាំបាច់មិនអាចមើលរំលង បានដែរ។
ដូច្នេះ ប្រជាពលរដ្ឋខ្មែរយើងគ្រប់រូបត្រូវពួតដៃគ្នាជាធ្លុងមួយដើម្បីយកឈ្នះលើកូវីដ ១៩ដោយយើងត្រូវមានក្តី សង្ឃឹមជឿជាក់ យ៉ាងមុតមាំលើខ្លួន យើងថា«ខ្មែរពិតជា អាចធ្វើបាន»៕

សូមទស្សនាវីដេអូ ដូចតទៅ៖