សន្និសីទសារព័ត៌មានសម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាបន្ទាប់ពី​ទទួល​អំណោយ​ដ៏ថ្លៃថ្លា វ៉ាក់សាំង SARS-CoV2 (Sinopharm) ពីរដ្ឋាភិបាលចិនជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

សន្និសីទសារព័ត៌មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបន្ទាប់ពីទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំង SARS-CoV2 (Sinopharm) ពីរដ្ឋាភិបាលនិងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិនជូនដល់រាជរដ្ឋាភិបាលនិងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១

ប្រកាន់យកវិធានការ ៣ ការពារ និង ៣ កុំ ទោះបីជាមានវ៉ាក់សាំង កូវីដ-១៩

សួស្ដី​អស់លោក លោកស្រី និងសូមផ្ញើជូនបងប្អូនជនរួមជាតិ។ អម្បាញ់មិញនេះ យើងទើបតែបញ្ចប់ពិធីទទួលវ៉ាក់សាំង កូវីដ-១៩ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ដំណាក់កាលទី ១ ក្នុងចំណោម ១ លានដូស គឺយើងបានទទួលបាន ៦០ ម៉ឺនដូស សម្រាប់មនុស្ស ៣០ ម៉ឺននាក់របស់យើង។ ការ​កត់សម្គាល់សំខាន់នៅក្នុងសុន្ទរកថារបស់ខ្ញុំអម្បាញ់មិញ បញ្ជាក់អំពីយុទ្ធសាស្រ្តគន្លឹះមួយក្នុង​ការគ្រប់​គ្រងយកឈ្នះទៅលើ កូវីដ-១៩ នោះ គឺការចាក់វ៉ាក់សាំងការពារដល់ប្រជាជនយើង។ យើងបានដឹងច្បាស់ហើយថា វ៉ាក់សាំងមិនមែនជាដំណោះស្រាយតែមួយគត់ ឬវិធានការតែមួយគត់នោះទេ។ វិធានការដែលយើងប្រកាន់យកក្នុងរយៈពេលកន្លងទៅ គឺ ៣ ការពារ និង ៣ កុំ ដែលអស់លោកពិតជាបានដឹងរត់មាត់ហើយថា ៣ ការពារ គឺ ទី១. ការពាក់ម៉ាស់ ទី២. ការលាងដៃធ្វើអនាម័យ និងទី៣. រក្សាគម្លាត។ ឯ ៣ កុំ គឺកុំទៅកន្លែងដែលមានមនុស្សច្រើន, កុំទៅតំបន់ដែលមានការបិទជិត ហើយប្រើតែម៉ាស៊ីនត្រជាក់ និងកុំចាប់ដៃគ្នា។ ដូចដែលអស់លោកបានឃើញនៅក្នុងពិធីអម្បាញ់មិញ យើងមិនមានការចាប់ដៃគ្នានោះទេ ទាំងខាងកម្ពុជាទាំងខាងមិត្តចិន។ ប៉ុន្តែ ដំណោះស្រាយបែបនេះ គឺជាដំណោះស្រាយអន្តរកាល។ ទោះបីថា នេះជាដំណោះស្រាយអន្តរកាលក៏ដោយចុះ ក៏ប៉ុន្តែវានៅតែជាដំណោះស្រាយរយៈពេលវែង។ បើទោះបី​ជា​មានការចាក់វ៉ាក់សាំងហើយក៏ដោយ ក៏យើងត្រូវតែប្រើនូវវិធានការនេះជាបន្តទៀត ដែលមិនអាចលើកលែងបានទេ ព្រោះយើងពិនិត្យ(ឃើញ)អំពីចំនួនអ្នកឆ្លងនៅក្នុងប្រទេសដែលមានការចាក់វ៉ាក់សាំងច្រើន ដែល​សុំឱ្យមានចំណាប់អារម្មណ៍ថា នៅលើពិភពលោកនេះ ប្រទេសអ៊ីស្រាអែលដែលជាប្រទេសចាក់វ៉ាក់សាំងឱ្យប្រជាជនបានច្រើនជាងគេ ក៏ប៉ុន្តែប្រទេសអ៊ីស្រាអែលនៅតែមានការឆ្លង កូវីដ-១៩។ បើដូច្នេះ យើងអាចប៉ាន់ប្រមាណបានថា ​ទន្ទឹមនឹងប្រសិទ្ធភាពនៃវ៉ាក់សាំងក៏ចាំបាច់ត្រូវតែប្រើប្រាស់នូវវិធានការការ​ពារ ដែលយើងនៅទីនេះ ហៅថា ៣ ការពារ និង ៣ កុំ។

មានប្រាក់ តែទិញវ៉ាក់សាំងមិនបាន

វិលមកបញ្ហាវ៉ាក់សាំងនេះវិញ។ ខ្ញុំសូមជម្រាបថា ឥឡូវនេះ ពិភពលោកហាក់ដូចជាកំពុងមានសង្រ្គាមដណ្ដើម​វ៉ាក់សាំង ហើយជាពិសេសបានកើតឡើងនៅអឺរ៉ុបតែម្ដង។ បញ្ហាសិ្ថតនៅត្រង់ថា ចំនួនប្រជាជននៅលើពិភពលោកច្រើនណាស់ ដែលមានតម្រូវការ(វ៉ាក់សាំង) ប៉ុន្តែចំនួនដែលផលិតចេញដែលអាច​​ប្រើប្រាស់បាន គឺមានចំនួនតិចជាងសេចក្ដីត្រូវការ។ ឥឡូវ ខ្ញុំមិនដឹងថា តើអឺរ៉ុបបានលើកបម្រាមនោះហើយ ឬនៅអំពីការហាមឃាត់ការនាំវ៉ាក់សាំងចេញពីតំបន់អឺរ៉ុប។ ប៉ុន្តែ ក៏មានករណីលើកលែងចំពោះការផ្ដល់ជូនទៅអង្គការមជ្ឈមណ្ឌល COVAX។ ប្រសិនបើមានការហាមឃាត់ការនាំចេញវ៉ាក់សាំងបែបនេះ វាអាចក្លាយទៅជាករណីបែងចែកតំបន់អ្នកមាន និងតំបន់អ្នកក្រ។ ចំណុចនេះ ​គឺជាចំណុចដែលធ្វើឱ្យប្រទេសនៅលើពិភពលោក ជាពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ និងអគ្គនាយកអង្គការសុខភាពពិភពលោក មានការកង្វល់យ៉ាងខ្លាំង។ សម្រាប់យើងជាប្រទេសអ្នកក្រ … យើងមានលទ្ធភាពទិញដែរ ក៏ប៉ុន្តែសិ្ថតនៅត្រង់ថា មានលុយហើយ ទិញវា(វ៉ាក់សាំង)មិនបាន។ (មានច្រើនករណី) ប្រទេសដែលមានលុយច្រើន ប៉ុន្តែរកទិញវ៉ាក់សាំងមិនបានទេ។ អឺរ៉ុប ដោយសារបញ្ហាហ្នឹងហើយ បានអឺរ៉ុបមានការបិទមិនឱ្យនាំចេញវ៉ាក់សាំង។ ប្រទេសអឺរ៉ុប ជាប្រទេសអ្នកមាន មានលទ្ធភាពទិញវ៉ាក់សាំង ក៏ប៉ុន្តែវ៉ាក់សាំងផលិតអត់ទាន់​​​។

កិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងចិន នាំមកនូវផ្លែផ្កា ជាជំនួយវ៉ាក់សាំង ១ លានដូស

ឯសម្រាប់យើង យើងជាប្រទេសមួយក្នុងចំណោមប្រទេសមិនច្រើនទេ ដែលទទួលបានវ៉ាក់សាំង។ តើមូល​ហេតុអ្វី​? នេះគឺជាផ្លែផ្ការបស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន។ ចំណុចនេះ ត្រូវធ្វើការកត់សម្គាល់​ឱ្យបាន។ បើយើងគ្មានកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន គឺយើងពុំបានទទួលនូវវ៉ាក់សាំងនៅថ្ងៃនេះ សម្រាប់ប្រជាជនកម្ពុជាយើងទេ។ កុំភ្លេចថា ចិនមានប្រជាជន ១៤០០ លាននាក់​ ដែលរដ្ឋាភិបាលចិនត្រូវមានការទទួលខុសត្រូវ ផលិត(វ៉ាក់សាំង)ចាក់ឱ្យប្រជាជនរបស់ខ្លួន។ ប៉ុន្តែ មិត្តចិននៅតែមានការចែករំលែកដល់យើង នៅក្នុងជំហានដំបូង ដែលសម្ដេចពិជ័យសេនា ទៀ បាញ់ ជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ញើលិខិត(ធ្វើ)សំណើជូនទៅរដ្ឋមន្រ្តីក្រសួងការពារជាតិចិន។ តាមរយៈនោះ មិត្តចិនបានសម្រេចផ្ដល់(វ៉ាក់សាំង) ១ លានដូស ដែលនៅថ្ងៃនេះ(យើង)ទទួលបាន ៦០ ម៉ឺនដូស​។ ខ្ញុំក៏បានផ្ញើលិខិតទៅនាយករដ្ឋ លី ខឺឈាង ដើម្បីស្នើសុំបន្ថែម ក្នុងនាមរាជរដ្ឋាភិបាល។ សង្ឃឹមថា នឹងបានទទួលការឆ្លើយតបតាមដំណាក់ៗ។

ប្រទេសមួយចំនួន និងមានប្រជាជនច្រើនលើពិភពលោក ប្រើប្រាស់វ៉ាក់សាំងចិន

វ៉ាក់សាំងរបស់ចិន ត្រូវបានប្រើប្រាស់ទូលំទូលាយ ដែលមកដល់ពេលនេះ ប្រមាណជា ១៦ ប្រទេស(បានប្រើប្រាស់)វ៉ាក់សាំង Sinopharm ឬមិនមែនតែក្នុងអាស៊ី។ ឥឡូវក្នុងអាស៊ាន មានប្រទេស ៣ ដែលបានប្រើប្រាស់វ៉ាក់សាំង(ហើយ) ទីមួយ សាំងហ្គាពួរ ដែលទទួលវ៉ាក់សាំងដូចជាពីអង់គ្លេស ប្រទេសទីពីរគឺ ឥណ្ឌូ​នេស៊ី គឺប្រើប្រាស់វ៉ាក់សាំងរបស់ចិន ឯប្រទេសទី ៣ គឺកម្ពុជារបស់យើង។ ក្រៅពីនោះ នៅតំបន់មជ្ឈិមបូព៌ា នៅអាមេរិកឡាទីន រាប់ទាំងនៅក្នុងអឺរ៉ុប ទោះបីជាមិនមែនជាសមាជិក(សហភាព)អឺរ៉ុប ដូចជា ស៊ែប ក៏បានប្រើប្រាស់រួចទៅហើយ តួគីក៏បានប្រើប្រាស់ … តាមដឹងគឺហុងគ្រី ដែលជាសមាជិកសហភាពអឺរ៉ុប ក៏ប្រើប្រាស់វ៉ាក់សាំងរបស់ចិនដែរ។ ប្រទេសធំៗ មួយចំនួន ដូចជា ប៉ាគីស្ដង់ តួគី ប្រេស៊ីល អេហ្ស៊ីប សុទ្ធតែជាប្រទេសដែលមានប្រជាជនច្រើន ហើយជាងនេះទៅទៀតប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនច្រើន។

ប្រើប្រាស់បន្ទាន់សំរាប់មុខសញ្ញាដែលមានវ័យពី ១៨ ដល់ ៥៩ ឆ្នាំ

សម្រាប់ការចាក់(វ៉ាក់សាំង)របស់ខ្ញុំៗ សូមបញ្ជាក់ជូនបន្តិច។ ខ្ញុំបានត្រៀមខ្លួនចាក់នៅថ្ងៃទី ១០ (ត្រូវនឹង)ថ្ងៃពុធ (ឬ) ៣ ថ្ងៃក្រោយនេះ។ គ្រូពេទ្យ(បានណែនាំ)ឱ្យតមមុននឹងយើងទទួលយកវ៉ាក់សាំង។ ពិតមែនថា នៅក្នុងបម្រាមនៅក្នុងផ្នែកនោះគឺមើលនៅក្នុងបទបង្ហាញអំពីវ៉ាក់សាំង Sinopharm មិនតម្រូវឱ្យមានការធ្វើតំណមមុនការចាក់នោះទេ ក៏ប៉ុន្តែដើម្បីធានាសុវត្ថិភាព វេជ្ជបណ្ឌិតដែលព្យាបាលខ្ញុំផ្ទាល់ រួមជាមួយនឹងមន្រ្តីបច្ចេកទេសរបស់ក្រសួងសុខាភិបាល បានដាក់តំណមឱ្យខ្ញុំ ដោយឱ្យផ្អាកការលេបថ្នាំ ការទទួល​ទានមួយចំនួនដូចជាគ្រឿងសមុទ្រ មិនឱ្យផឹកស្រាជាដើម។ ខ្ញុំមិនមែនអ្នកផឹកស្រាទេ។ មិនឱ្យផឹកស្រា ៥ ឆ្នាំ ក៏ខ្ញុំមិនបញ្ហាដែរ។ ខ្ញុំបានតម ២ ថ្ងៃ រួចទៅហើយ។ ប៉ុន្តែក្រោយមក យើងបានទទួលនូវលិខិតផ្លូវការរបស់ការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពសម្រាប់មនុស្សដែលមានអាយុ ១៨ ឆ្នាំ ទៅដល់អាយុ ៥៩ ឆ្នាំ។ សម្រាប់អ្នកដែលមានអាយុ ៦០ ឆ្នាំ ឡើងលើ កំពុងតែតាមដានអំ​ពី​ប្រសិទ្ធភាព។ បន្ទាប់ទៅ យើងក៏បានទទួលកំណត់ទូត … មួយទៀត បញ្ជាក់រឿងនេះដូចគ្នា។ ដូច្នេះបាន​ជាផែនការទទួលវ៉ាក់សាំងលើកដំបូងរបស់ខ្ញុំ គឺមិនអាចធ្វើទៅបាន។ មិនមែនខ្លាចអំពីប្រតិកម្មទេ។ បើយើងចាក់ក៏ចាក់បាន វាមិនមានបញ្ហាទេ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាក់រួចទៅហើយ។ ឥឡូវហ្នឹងគឺគាត់ឈររឹងមាំនៅទីនេះ។ ប៉ុន្តែ បញ្ហាស្ថិតនៅត្រង់ថា វាមិនច្បាស់លាស់អំពីប្រសិទ្ធភាពរបស់វាសម្រាប់មនុស្សដែលមានអាយុពី ៦០ ឡើងលើ។ អញ្ចឹងបានជាក្រសួងសុខាភិបាលធ្វើការកែតម្រូវទៅតាមបទដ្ឋាននោះ សម្រេចដាក់ឱ្យប្រើប្រាស់ក្នុងភាពបន្ទាន់សំរាប់អ្នកដែលមានអាយុពី ១៨ ឆ្នាំ ដល់ ៥៩ ឆ្នាំ។ អញ្ចឹងទេ ការរៀបចំផែនការទាំងអស់នៃការចាក់ ទាំងក្នុងកងទ័ព ទាំងក្នុងស៊ីវិល គឺនៅតែបន្តសំរាប់មនុស្សដែលមានអាយុ ៥៩ ឆ្នាំ ចុះក្រោម។ យើងមានក្បួនខ្នាត (តែ)ខ្ញុំមិននិយាយទៅដល់បញ្ហានោះទេ។

ទទួលបានវ៉ាក់សាំងថ្ងៃនេះ ជាមោទនភាពរបស់កម្ពុជាក្នុងការធ្វើជាដៃគូរបស់ចិន

ខ្ញុំគួរតែបញ្ជាក់ឡើងវិញ បើសិនជាគ្មានចំណងមិត្តភាពរឹងមាំរវាងកម្ពុជានិងចិនទេ ថ្ងៃនេះ យើងគ្មានបានទទួលវ៉ាក់សាំងសម្រាប់ប្រជាជនយើងនោះទេ។ នោះហើយដែលជាមោទនភាពរបស់កម្ពុជា ក្នុងការធ្វើជាដៃគូរបស់ចិន។ ទោះបីមិត្តចិនមានការទទួលខុសត្រូវលើប្រជាពលរដ្ឋរបស់ខ្លួនជាង ១៤០០ លាននាក់ និងមានកាតព្វកិច្ចជាមួយប្រទេសដទៃទៀត មិត្តចិននៅតែចែករំលែកឱ្យយើងក្នុងកម្រិត ១ លានដូស។ ហើយ ១ លានដូសនេះ គឺ ១ លានដូស ដែលយើងចង់បានលើកដំបូងនេះតែម្ដង។ ប្រហែលជាអស់​លោក លោកស្រី នាងកញ្ញា នៅចាំថាខ្ញុំធ្លាប់បានប្រកាសហើយ ត្រូវការ ១​ លានដូស សម្រាប់មនុស្ស ៥០ ម៉ឺននាក់ លើកដំបូង សម្រាប់ចាក់ឱ្យជួរមុខ។ ឥឡូវ យើងបាន ១ លានដូស ហើយថ្ងៃនេះយើងបាន ៦០ ម៉ឺនដូស(ជាមុនសិន)។ អញ្ចឹងប្រើប្រាស់អស់ ៦០ ម៉ឺនដូស វាមក ៤០ ម៉ឺនដូសទៀត។ ​ខ្ញុំជឿថាមិនមកត្រឹមតែ ៤០ ម៉ឺនដូសទេ អាចនឹងមកលើសពីហ្នឹង អានេះតាមការស្មានរបស់ខ្ញុំ។

នេះជាអ្វីដែលខ្ញុំចង់បញ្ជាក់។ ខ្ញុំសូមយកឱកាសនេះថ្លែងនូវការអរគុណចំពោះឯកឧត្ដម ប្រធានាធិបតី Xi Jinping ឯកឧត្ដម នាយករដ្ឋមន្រ្តី Li Keqiang ក៏ដូចជាឯកឧត្ដម រដ្ឋមន្រ្តីការពារជាតិនៃសាធារណរដ្ឋប្រ​ជា​មានិតចិន និងកងទ័ពរំដោះប្រជាជនចិនដែលបានផ្ដល់នូវវិភាគទានដ៏មានតម្លៃនេះ សម្រាប់ចាក់ឱ្យកង​ទ័ពរបស់យើង និងសម្រាប់ក្រុមជួរមុខរបស់យើង ដែលយើងគិតពីមុនក្នុងចំនួន ១ លានដូស សម្រាប់មនុស្ស ៥០ ម៉ឺននាក់។ អញ្ចឹង បញ្ជាក់ឡើងវិញ ការធ្វើសហប្រតិបត្តិការ វាផ្ដល់អត្ថប្រយោជន៍បែបនេះសម្រាប់យើង។ ទោះបីអ្នកណាគេថាអីក៏ថាចុះ។ សំខាន់ខ្ញុំបម្រើប្រជាជនកម្ពុជា ហើយមិត្តចិនក៏បានជួយឱ្យរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយខ្ញុំ ក៏ដូចជាក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្ររបស់យើង មានវ៉ាក់សាំងសម្រាប់ចាក់ការពារប្រជាជនកម្ពុជា ដើម្បីយកឈ្នះទៅលើ កូវីដ-១៩ នេះ។

… ខ្ញុំមិនថ្លែងតទៅទៀតទេ។ ខ្ញុំស្លេះត្រឹមប៉ុណ្ណេះ ហើយទុកលទ្ធភាពឱ្យអស់លោក លោកស្រី នាងកញ្ញា សួរសំណួរមកចំពោះខ្ញុំ ដើម្បីខ្ញុំអាចឆ្លើយទៅកាន់សំណួរទាំងឡាយ ដោយសារយើងខានជួបគ្នាអស់រយៈកាលជិតមួយឆ្នាំមកហើយ បន្ទាប់ពីសន្និសីទកាសែតរបស់ខ្ញុំប៉ុន្មានសា។ ខ្ញុំបានត្រៀមធ្វើសន្និសីទកា​សែត​នៅថ្ងៃពុធ ទី ១០ ខាងមុខ ក៏ប៉ុន្តែយើងអាក់ខាន។ អញ្ចឹង យើងត្រូវឆ្លៀតយកឱកាសនេះដើម្បីនិ​យាយគ្នានៅទីនេះ សូមអញ្ជើញ។

BTV៖

(១) … តើក្រៅពីជំនួយពីចិន តើរាជរដ្ឋាភិបាលនឹងស្វែងរកវ៉ាក់សាំងពីប្រភពណាផ្សេងទៀត? តើចាក់ប្រជាជនប៉ុន្មានលាននាក់? តើមានការប្រែប្រួល​នៃចំនួនអ្នកទទួលវ៉ាកសាំងដែរឬទេ? …

(២) … តើមកដល់ពេលនេះ ឥណ្ឌាមានការឆ្លើយតបយ៉ាងម៉េច នឹងផ្ដល់ជំនួយ(វ៉ាក់សាំង)មកកម្ពុជាឬទេ? បើផ្ដល់ តើនៅក្នុងចំនួនប៉ុន្មាន? …

ចម្លើយ៖ អរគុណនាង BTV! ​ពីមុន មាននាងថ្មីថ្មី ឥឡូវនេះមាននាង BTV។ ប្រហែលជាមានការតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើអ្វីដែលខ្ញុំនិយាយកាលពីថ្ងៃទី ១៥ ខែធ្នូ ដែលខ្ញុំនិយាយពីបរិមាណ ៨០% ស្មើនឹង ១៣ លាននាក់។ ខ្ញុំគួរតែបញ្ជាក់ត្រង់នេះបន្តិច​។ តាមអង្គការសុខភាពពិភពលោក ការចាក់(វ៉ាក់សាំង តម្រូវឱ្យមាន)អត្រារហូតទៅដល់ ៨០% ទើបមានភាពស៊ាំ។ ​ដូច្នេះ បើយើងចាក់ ៨០% នៃចំនួនប្រជាជន គឺយើងនឹងត្រូវការចាក់(រហូតដល់) ១៣ លាននាក់ ស្មើនឹងវ៉ាក់សាំង ២៦ លានដូស។ ប៉ុន្តែក្រោយមក (ក៏មានការគន់គូរ)ថា អាចបន្ថយមកនៅត្រឹម ៦០% ទៅ ៧០%។ ដូច្នេះបានជាយើងដាក់ចេញនូវគំនិតផ្ដួចផ្ដើមថា នឹងខិតខំរកវ៉ាក់សាំងសម្រាប់ ១០ លាននាក់ ដែលស្មើនឹង ២០ លានដូស។ ក៏សូមបញ្ជាក់ថា ការចង់បានរបស់ខ្ញុំ គឺនៅចង់បានដល់ ១៣ លាននាក់ដដែល ហ្នឹងជាមហិច្ឆតា .. .ដើម្បីភាពស៊ាំនៅក្នុងចំណោមប្រជាពលរដ្ឋរបស់យើង។

ឥឡូវនេះ យើងបានឃើញច្បាស់ហើយថា វាមានការលំបាកនៅក្នុងការទទួលបានវ៉ាក់សាំងសម្រាប់ប្រ​ទេស​ក្រីក្រ ដែលមានលុយហើយគឺមិនអាចទិញបានទៀត។ ចំណុចនេះហើយគឺជាកង្វល់របស់យើង។ នេះជាការបញ្ជាក់ថា តើមូលហេតុអ្វីទៅបានជាបញ្ចុះពី ១៣ លាននាក់ មកនៅ ១០ លាននាក់។ នេះជាការរៀបចំខាងគណៈកម្មការ កូវីដ-១៩ ដែលមានការពិគ្រោះគ្នាជាទៀងទាត់ជាមួយនឹងអង្គការសុខភាពពិភពលោក ដែលបានកម្រិតពីការចាក់ ៨០% ទើបនាំទៅដល់ភាពស៊ាំ … ទប់ស្កាត់នូវការឆ្លង មិនមែនមានសេចក្តីថាមិនឆ្លងទេ។ ប៉ុន្តែ ខ្ញុំចង់បញ្ជាក់ឡើយវិញថា ខ្ញុំនៅតែចង់បានចាក់ ៨០% នៃចំនួនប្រជាជន លើកលែងតែគេកំណត់ថា មនុស្សក្រោមអាយុ ១៨ ឆ្នាំ ចាក់មិនបាន អាហ្នឹងចំនួនវាទៅតាមហ្នឹងដែរ។ បើចាក់ដល់ ៨០% វានឹងដោយដល់អាយុ ១៥ ឆ្នាំ ១៦ ឆ្នាំ ១៧ ឆ្នាំ ក៏ត្រូវចាក់ដូចគ្នា។ បើសិនជាគេកំណត់ថា មនុស្សក្រោម ១៨ឆ្នាំ មិនត្រូវបានចាក់ អាហ្នឹងចំនួនក៏តិចទៅតាមហ្នឹង។

នេះជាមហិច្ឆតា ដើម្បីឱ្យប្រជាជនយើងទទួលបាននូវការការពារមួយ មិនថាចាស់ មិនថាក្មេង មិនថាអ្នកមាន មិនថាអ្នកក្រ ហើយសម្រាប់អ្នកក្រយើងកាន់តែយកចិត្តទុកដាក់ទៅទៀត តាំងពីកម្មករ រាប់តាំងកម្មករបោសសំរាម ប្រមូលសំរាមនៅតាមទីក្រុង ទីប្រជុំជន សម្រាប់អ្នករត់ម៉ូតូឌុប អ្នកតាក់ស៊ី អ្នកបើកបររថយន្តក្រុង ដែលគាត់ប៉ះពាល់ជាមួយមនុស្សជាច្រើនក្នុងមួយថ្ងៃៗ យើងចង់បានដូច្នេះ។

… BTV បានសួរថា តើវ៉ាក់សាំងនឹងបានមកពីប្រភពណា? ការប្រមើលមើលរបស់ខ្ញុំ និងការចេញការណែនាំខ្លះៗរួចមកហើយ ឥឡូវប្រភពច្បាស់លាស់ដែលយើងបានទទួលរួច គឺរបស់ចិន ដែលនៅតែជាប្រភពយុទ្ធសាស្រ្ត។ ខ្ញុំប្រើពាក្យនេះ ព្រោះចិនមានសមត្ថភាពផលិត។ បើទោះបីជា ឥឡូវនេះទើបតែមាន Sinopharm និង Sinovac ក៏ប៉ុន្តែចិនមានលទ្ធភាពនឹងផលិត រាប់ទាំងផលិតវ៉ាក់សាំងក្រោម license នៃប្រទេសខ្លះថែមទៀតផង។ អញ្ចឹងចិននៅតែជាប្រភពផ្គត់ផ្គង់ដែលមានសុវត្ថិភាព និងស្ថិរភាពបំផុតសម្រាប់យើង។ នេះជាចំណុចទី ១ ដែលយើងបានដឹង ហើយយើងបានទទួលរួចហើយ។ ការដឹកជញ្ជូនក៏ងាយស្រួល។ ការដឹកជញ្ជូនក្នុងសីតុណ្ហភាពភាពពី ២ អង្សារ ទៅដល់ ៨ អង្សារ គឺជាងាយស្រួល។ អម្បាញ់មិញនេះយើងប្រញាប់ប្រញាល់(បញ្ជូនវ៉ាក់សាំងដែលយកមកតាំងជានិមិត្តរូប) ទៅដាក់នៅក្នុងទីកន្លែងត្រជាក់វិញ។ ហ្នឹង​(វ៉ាក់សាំងដែលត្រូវការរក្សាទុកក្នុងសីតុណ្ហភាព)ត្រឹម​តែ ២ អង្សារ ដល់ ៨ អង្សារ លើសូន្យ។ ចុះបើ ២០ អង្សារ ឬ ៧០ អង្សារ ក្រោមសូន្យ តើប្រទេសកម្ពុជាប្រើបានទេ។ ទោះបីគេឱ្យទទេក៏យើងមិនទទួលកើតដែរ។ វាខូចវ៉ាក់សាំង មកដល់ស្រុកខ្មែរវាក្តៅ។

ខ្ញុំក៏សូមនិយាយអំពីប្រភពដែលយើងរក(វ៉ាក់សាំង មាន) ពី COVAX បានធ្វើការសន្យាផ្តល់ ២០% នៃចំ​នួនប្រជាជន។ បើ ២០% នៃចំនួនប្រជាជន គឺស្មើនឹង ៣ លាន ៥ សែននាក់។ គឺយើងនឹងទទួលបាន ៧លានដូស។ នេះជាប្រភពដែលយើងសង្ឃឹមថានឹងទទួលបាននូវវ៉ាក់សាំង។ បើតាមយើងដឹង វ៉ាក់សាំង AstraZeneca បានផ្តល់ទៅឱ្យមជ្ឈមណ្ឌល COVAX ចំនួន ២០០ លានដូស។ ដូច្នេះ យ៉ាងណាក៏ដោយ មជ្ឈមណ្ឌល COVAX ដែលជាស្ថាប័នមួយរបស់អង្គការសុខភាពពិភពលោកក៏នឹងផ្តល់ឱ្យយើង បើទោះបីជាយឺតបន្តិចតែយើងនឹងអាចទទួលបាន។ នេះជាច្រកទ្វារមួយដែលបច្ចុប្បន្ននេះ។ តាមព័ត៌មានយើងដឹងថា COVAX ចាប់ផ្តើមមានវ៉ាក់សាំងក្នុងដៃហើយៗ នឹងអាចបែងចែកដល់ប្រទេសក្រីក្រនានាលើពិភពលោកឱ្យទទួលបានវ៉ាក់សាំងប្រើប្រាស់ ដូចដែលខ្ញុំបានលើកនៅក្នុងសម័យប្រជុំទាក់ទងនឹងការប្រយុទ្ធប្រឆាំង កូវីដ-១៩ ដែលយើងចាត់ទុកថាឱ្យវ៉ាក់សាំងខ្លះក្លាយទៅជាទំនិញរួម មិនមែនប្រើប្រាស់តែសម្រាប់ប្រទេសអ្នកមានទេ ប្រទេសអ្នកក្រក៏ត្រូវប្រើប្រាស់បានដែរ។ ក្រៅពីនោះ យើងក៏មានប្រភពធ្វើទំ​នាក់​ទំនង។ សូមបញ្ជាក់បន្តិច ប្រភពមកពីអូស្ត្រាលីគឺបានចំនួន ៣ លានដូស ដែលបានប្រកាសរួចមកហើយក្នុងទឹកប្រាក់ចំនួន ២៨ លានដុល្លារ។ អញ្ចឹងក្នុងចំនួន ៣ (ប្រភព)នេះ យើងមាន ១១ លានដូស នៅក្នុងទិន្នន័យ ប៉ុន្តែយើងទើបនឹងមាន ៦០ ម៉ឺនដូស ដែលទើបមកដល់ប្រទេសរបស់យើង។

អញ្ចឹងទេ បើយើងមានតម្រូវការចំនួន ២០ លានដូស គឺយើងនៅខ្វះ ៩ លានដូស។ ប៉ុន្តែ បើយើងត្រូវការ(ចាក់វ៉ាកសាំង)ដល់ទៅ ១៣ លាននាក់ យើងនៅខ្វះ ១៤ លានដូស។ អញ្ចឹង ១៤ លានដូសនេះ យើងដាក់គោលដៅទៅណា? ខ្ញុំឆ្លើយតបតែម្តងទៅអំពីបញ្ហាឥណ្ឌា។ ខ្ញុំបានធ្វើលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌា ដើម្បីស្នើសុំឱ្យជួយផ្គត់ផ្គង់វ៉ាក់សាំង។ ខាងមិត្តឥណ្ឌា ក៏បានខិតខំចែករំលែកជាមួយយើងចំនួន ១០ ម៉ឺនដូស គឺជាផ្គត់ផ្គង់តាមរបៀបការលក់ជូន។ ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំក្រុមលទ្ធកម្មវ៉ាក់សាំងរបស់យើងថា សូមចាប់ផ្តើមចរចាជាមួយឥណ្ឌា។ ១០ ម៉ឺនដូសតិចណាស់សម្រាប់កម្ពុជា។ ដោយសារឥណ្ឌាប្រើប្រាស់បច្ចេកទេសរបស់អង់គ្លេស ដែលផលិតវ៉ាក់សាំង AstraZeneca ដូច្នេះខ្ញុំបានបញ្ជាក់ថាឱ្យចរចាជាមួយឥណ្ឌា សូមទិញក្នុងរង្វង់ពី ១ លានដូស ទៅ ៤ លានដូសពីឥណ្ឌា។ ឥណ្ឌា កំពុងតែផលិតប្រើប្រាស់ក្នុងប្រទេសឥណ្ឌា ហើយបានចែកទៅ នេប៉ាល់ ចែកទៅ ប៉ូតង់ ចែកទៅ បង់ក្លាដេស ចែកមកមីយ៉ាន់ម៉ា។ អញ្ចឹង បើយើងចាប់ផ្តើមបញ្ជាទិញពីឥឡូវ ខ្ញុំគិតថាក្រុមហ៊ុនដែលផលិតនៅឥណ្ឌានេះអាចចែករំលែកឱ្យយើងបាន។ ១០ ម៉ឺនដូស ដែលឥណ្ឌាចង់លក់ឱ្យយើងនេះ តិចតួចណាស់សម្រាប់តម្រូវការរបស់យើងប្រមាណថា ៩ លានដូស ឬទៅដល់ ១៤ លានដូស។​ អញ្ចឹងបានជាខ្ញុំឱ្យចរ​ចា ដែលប្រហែលជាត្រូវធ្វើនៅថ្ងៃស្អែក ជាមួយនឹងអគ្គរដ្ឋទូតឥណ្ឌានៅទីក្រុងភ្នំពេញ​ ដើម្បីអាចបញ្ជាទិញ វ៉ាក់សាំង license អង់គ្លេស ដែល(ផលិតនៅ)នេះ …

ច្រកមួយទៀត យើងអាចទទួលបានវ៉ាក់សាំងពីប្រទេសថៃ គឺប្រភេទវ៉ាក់សាំង AstraZeneca ដូចគ្នា ដែលនឹងផលិតចេញប្រហែលជានៅខែ ឧសភា ឆ្នាំនេះ។ យើងក៏អាចចរចាចុះកុងត្រាទិញពីឥឡូវ។ នេះគឺច្រកមួយទៀតសម្រាប់យើង។ វ៉ាក់សាំងដែលផលិតនៅប្រទេសថៃ (ជាប្រទេស)ជិតខាងយើង ហើយតម្លៃរបស់ AstraZeneca នេះតាមដឹងក្នុងរង្វង់ប្រមាណជា ៤ ដុល្លារតែប៉ុណ្ណោះ។ អញ្ចឹង បើយើងទិញ ១០លានដូស យើងប្រើប្រាស់ថវិកាបានមកពីសប្បុរសជនមិនទាំងអស់ផង។ ថវិកាដែលបានមកពីសប្បុរសជន ៥៧ លានដុល្លារ។ ដូច្នេះបើសិនជាត្រឹមតែ ១ ដូស ៤ ដុល្លារ យើងថាអស់ ៥ ដុល្លារចុះ យើងអាចមានសមត្ថភាពទិញលើស ១០ លានដូស។

មួយទៀត យើងក៏ត្រូវពិចារណាអំពីវ៉ាក់សាំងរបស់រុស្សី ដែលបច្ចុប្បន្ននេះប្រទេសនៅអឺរ៉ុបកំពុងអនុម័តឱ្យប្រើប្រាស់ … រឿងនេះ ខ្ញុំធ្លាប់បានពិភាក្សាជាមួយអគ្គរដ្ឋទូតរបស់រុស្សី តាំងពីឆ្នាំមុនថា បើសិនជារុស្សី​រកឃើញនូវវ៉ាក់សាំង សូមចែកឱ្យកម្ពុជាផង។​ អញ្ចឹង ព្រឹកមិញនេះគឺ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានប្រាប់ខ្ញុំថា នឹងមានការពិភាក្សាជាមួយរុស្សី។ លក្ខណៈសម្បត្តិដែលយើងទទួលយក មិនមែនវ៉ាក់សាំងណាក៏យើងចេះតែទទួលទេ ធ្វើម៉េចឱ្យស្របជាមួយទិដ្ឋភាពជាក់ស្តែងរបស់កម្ពុជា។ ដូចជាវ៉ាក់សាំងរក្សាទុកនូវ ២០ អង្សារក្រោមសូន្យ ៧០ អង្សារក្រោមសូន្យ ទោះបីឱ្យទទេក៏កម្ពុជាមិនអាចយកមកប្រើបានដែរ។

អញ្ចឹង វ៉ាក់សាំងណាដែលអាចមានកម្រិត(រក្សាទុកនិង)ដែលយើងអាចនឹងផ្គត់ផ្គង់បាន គឺយើងនឹងទទួល មិនត្រឹមតែយើងសុំទេ យើងទិញតែម្តង។ ខ្ញុំសូមបញ្ជាក់ ខ្ញុំបានឱ្យបទបញ្ជាតាំងពីយប់មិញ។ យើងអត់សុំលុយគេដើម្បីទិញរបស់គេទេ។ មានការលើកឡើង ប្រសិនបើយើងខ្វះលុយ យើងអាចសុំខ្ចីលុយគេទិញ។ ប៉ុន្តែ ខ្ញុំគិតថា កម្ពុជាមិនមានតម្រូវការបែបនេះទេ។ យើងអាចបញ្ចេញថវិការបស់យើង ជាថវិកាសប្បុរសជន និងថវិកាជាតិរបស់យើងដើម្បីទិញវ៉ាក់សាំង។ ប៉ុន្តែ ខ្ញុំមានការប៉ាន់ស្មានមួយទុកឱ្យហើយ។ នោះគឺសាធារណរដ្ឋប្រជាមានិតចិន។ ហេតុអី? ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន​កាលពីខែតុលាឆ្នាំទៅ (ចិន)បានចុះហត្ថលេខាផ្ដល់​ជំនួយឥតសំណងដល់កម្ពុជាដូចជា ៥០០ ទៅ ៦០០ លានដុល្លារ។ អញ្ចឹងទេ យើងអាចប្រើប្រាស់​លុយជំនួយរបស់ចិន ទិញ(វ៉ាក់សាំង)របស់ចិនវិញ។ ប្រសិនជាចិនលក់ក្នុងតំលៃសមរម្យ។ ប៉ុន្ដែ ​សម្រាប់ការទិញ(វ៉ាក់សាំងផលិតតាម license)របស់អង់គ្លេស ពី ឥណ្ឌា ថៃ និងពីរុស្សី (យើង)ប្រើសាច់ប្រាក់ទូទាត់តែម្ដង។ យើងមានលទ្ធភាពធ្វើបែបនោះ។ ទោះបីអ្នកខ្លះ​បន្តុះបង្អាប់​ថារដ្ឋាភិបាលកម្ពុជាអត់មានប្រាក់បើកប្រាក់ខែមន្ដ្រីរាជការ អស់លោកជា​មន្ដ្រី​រាជការ​(ដឹង)ស្រាប់ហើយ ប្រាក់ខែបើកពីរអាទិត្យម្ដង ហើយវិស័យឯកជនក៏មិនទាន់​ដាច់ពោះស្លាប់​ឯណា​នៅបើកប្រាក់​ខែទេតើ …។

Fresh News

សូមគោរពសម្ដេច … ដើម្បីផ្ដល់ជាទំនុកទុកចិត្តដល់ប្រជាពលរដ្ឋ​ និងអ្នកដែលត្រូវទទួលវ៉ាក់សាំងហ្នឹង តើសម្ដេចអាចកំណត់បានទេថា ត្រូវឱ្យឥស្សរជនរូបណា ឬបុត្ររបស់សម្ដេចដែលសុទ្ធតែជាបុគ្គលមានប្រជាប្រិយភាពក្នុងសង្គមកម្ពុជា នាំមុខក្នុងការទទួលវ៉ាក់សាំងដើម្បីបង្កើននូវទំនុកចិត្តទៅដល់អ្នកដែលត្រូវទទួលវ៉ាក់សាំងដែរឬទេ សម្ដេច?

សំណួរទី២៖ សូមសម្ដេចជួយបញ្ជាក់បន្ដិច ចំពោះបុគ្គលអាទិភាពនេះ មិនមែនដោយសារតែខ្ញុំជាអ្នកព័ត៌មានទើបខ្ញុំសួរកន្លែងនេះទេ ប៉ុន្ដែចង់សំដៅបងប្អូនព័ត៌មានដទៃទៀតដែរ ដោយសារគាត់មានទំនាក់ទំនងច្រើនក្នុងសង្គមពេលគាត់ចុះយកព័ត៌មាន។ អញ្ចឹង តើអ្នកសារព័ត៌មានអាចជាមុខសញ្ញាអាទិភាពទទួលបានវ៉ាក់សាំងនេះដែរឬទេសម្ដេច?

សំណួរទី៣៖ ខ្ញុំបាទចង់ឱ្យសម្ដេចជួយបញ្ជាក់បន្ថែម រាជរដ្ឋាភិបាលកម្ពុជាត្រូវបានយារយីដោយ កូវីដ-១៩ ជាងមួយឆ្នាំមកហ្នឹង អាចថាជួបកលយុគ។ ហើយថ្មីៗនេះ សម្ដេចបានប្រកាសបរិច្ចាគ(ប្រាក់ខែ)។ នេះជាកាយវិការសប្បុរធម៌ដើម្បីដោះស្រាយការលំបាក។ ប៉ុន្ដែនៅតែមានការរិះគន់មួយចំនួន​ អាចថាមិនមែនជាការឆ្លើយតបនឹងអ្នករិះគន់ហ្នឹងទេ តែដើម្បីចង់បញ្ជាក់ពីទំនុកទុកចិត្តចំពោះប្រជាពលរដ្ឋ​ តើមកដល់ពេលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច​​បន្ដឈរយ៉ាងរឹងមាំ ហើយបន្ដបោះ​ពួយទៅមុខយ៉ាងអង់អាចកម្រិតណាដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ?

ចម្លើយ៖ អម្បាញ់មិញ ខ្ញុំគិតថានិយាយទៅហើយ ប៉ុន្ដែ(ដោយ)លោកសួរអំពីបញ្ហាការចាក់វ៉ាក់សាំងឱ្យអ្នកសារព័ត៌មាន (ខ្ញុំ)សូមឱ្យក្រសួងសុខាភិបាលចាត់ទុកក្រុមអ្នកដើរយកព័ត៌មាននេះជាក្រុមដែលទទួលបានវ៉ាក់សាំង ព្រោះពួកគេរុករកទៅគ្រប់ទីកន្លែងទាំងអស់ មិនដឹងថាជួបហានិភ័យអីខ្លះទេ។ អញ្ចឹង ខ្ញុំសូមឱ្យអ្នកសារព័ត៌មានទាំងអស់ដែលមានអាយុត្រឹម ៥៩ ឆ្នាំចុះ … ចុះឈ្មោះ​តាមអនឡាញ ហើយត្រូវមើលលក្ខខណ្ឌគេទាំង ១៤ ដែលមិនអាចទទួលបានវ៉ាក់សាំង។ ក្នុង ១៤ នោះមានតែប៉ុន្មាន(ទេ)ដែលត្រូវយកចិត្តទុកដាក់ធំធេងនោះ ព្រោះទី ១ គេថាអាយុក្រោម ១៨ មិនឱ្យចាក់ ប៉ុន្ដែយើងទាំងអស់គ្នាដែលដាក់ពាក្យហ្នឹងអាយុសុទ្ធតែលើសហ្នឹងទៅហើយ។ អញ្ចឹង​ខ្ញុំសូមអរគុណ ដែលមានឱកាសដើម្បីជម្រាបជូនចំពោះអ្នកសារព័ត៌មាន ហើយសូមក្រសួង​ព័ត៌មាន​ធ្វើការជាមួយក្រសួងសុខាភិបាល។ ខ្ញុំគិតថា ប្រសិនបើស្ថាប័នរបស់អ្នកសារព័ត៌មានដូចជាហ្វ្រេសញូវ ឬដូចជាបាយ័ន ហង្សមាស ប៊ីធីវី ស៊ីអ៊ិនស៊ី ទូរទស្សន៍ជាតិ  អប្សារា អីហ្នឹង ធ្វើការផ្ដួចផ្ដើមជាមួយក្រសួងសុខាភិបាលផ្ទាល់ ប្រហែលជាលឿន​ជាងជា​មួយ​ក្រសួងព័ត៌មាន …។

ឯចំណុចទី ២ ជាសំណួរផងហើយក៏ជាយោបល់ផង។ (ថ្វីបើ)ខ្ញុំមិនបានចាក់ ខ្ញុំយល់ស្រប ដោយប្រមូលកូនអ្នកធំ ដោយខ្ញុំមានកូនប្រុសបី កូនប្រសារ ២ បើគេគ្រប់លក្ខខណ្ឌឱ្យគេទៅចាក់។ រដ្ឋមន្ដ្រីយើងដែលមានវ័យក្មេងមួយចំនួនដូចជា ហង់ ជួនណារ៉ុន។ អូន ព័ន្ធមុនីរ័ត្ន អត់បានទេ ព្រោះ​គាត់ធ្លាប់មានជំងឺ ហើយក្បាលគាត់សូម្បីលាបថ្នាំក៏អត់បានដែរ ព្រោះអាលែក្ស៊ី។ អញ្ចឹងទេ រដ្ឋមន្ដ្រីដែលមានអាយុក្រោម ៥៩ ឆ្នាំ ដូចជា ហង់ ជួនណារ៉ុន សាយ សំអាល់ កើត រិទ្ធិ។ សូមរៀបចំឡើងវិញ ហើយសូមសម្ដេចពិជ័យសេនា រើសមេទាហានមួយចំនួនមកចាក់រួមគ្នា ហើយផ្សាយបន្ដផ្ទាល់ ហើយយកមន្ទីរពេទ្យកាល់ម៉ែត្រដែលយើងបានរៀបចំ ដើម្បីបង្ហាញនូវ​​ការ​​ទទួលខុសត្រូវរបស់យើង។ បើឪពុកមិនបានចាក់ កូនចាក់។ អញ្ចឹង ទៀ បាញ់ មានកូនមួយធ្វើ​ជាចៅហ្វាយខេត្ត ឱ្យឡើងមកចាក់។ ប្រមូលកូនអ្នកធំមកចាក់ទៅ។ ខ្ញុំឯកភាព។ ខ្ញុំនឹងប្រាប់កូន​របស់ខ្ញុំ តែប្រហែលគេកំពុងតែមើលដែរ។ ថ្ងៃមុន ហ៊ុន ម៉ានី កូនប្រុសពៅរបស់ខ្ញុំ ក៏បានសុំទៅចាក់​ជាមួយខ្ញុំហើយ។​ ពេលហ្នឹង ហ៊ុន ម៉ាណែត នៅទល់ដែនឯណោះ។ ហ៊ុន ម៉ានិត មិនដឹងនៅទីណា ព្រោះគេមានការងារធ្វើរៀងខ្លួន។ ប៉ុន្ដែ ខ្ញុំយល់ព្រមឱ្យកូនប្រុសទាំង ៣​ របស់ខ្ញុំចាក់​វ៉ាក់សាំង ហើយកូនប្រសារ ២ នាក់ទៀត អាចទៅទទួលវ៉ាក់សាំង។ សូមរដ្ឋមន្ដ្រី​របស់យើងរបស់យើងមានអាយុក្រោម ៥៩ និង​ផ្ដល់ជូននាយទាហានថ្នាក់ឧត្តមសេនីយ៍យកមក​ចាក់ នេះជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់យើង។

ចំពោះបញ្ហាដែលលោកនិយាយពីដំណើរទៅមុខដោយមិនខ្លាចការរិះគន់។ ខ្ញុំបានណែនំាកន្លង​ទៅ ឱ្យអ្នកទាំងអស់គ្នានៅប្រទេសកម្ពុជានេះ ឈប់ឆ្លើយតបជាមួយក្រុមឆ្កែកាច។ សូម្បីតែខ្ញុំក៏អត់​និយាយទេ ព្រោះក្រុមនេះទោះបីយើងធ្វើអី សត្វឆ្កែនៅតែឆ្កែអញ្ចឹង។ ដូច្នេះ មិនមានការចាំបាច់ទេ ហើយត្រូវតែយល់ថានៅពេលដែល ហ៊ុន សែន ចាប់ផ្តើមឈប់តមាត់ និងណែនាំអ្នកខាងក្រោមឈប់ឱ្យតមាត់មានន័យថាទ្វារត្រូវបានបិទ។ អញ្ចឹង យើងកុំចាំបាច់ខ្វល់ពីអ្វីដែលគេនិយាយ។ អ្វីដែលជាកង្វល់របស់យើងគឺជាសេចក្តីសុខប្រជាជនកម្ពុជា ១៦ លាននាក់នៅក្នុងប្រទេស។ យើងត្រូវតែរក្សាឱ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្រនៅតែធ្វើបន្ត។ មនុស្សមួយចំនួនតូចមិនសប្បាយចិត្ត ទុកឱ្យអ្នកឯងមិនសប្បាយចិត្ត(ទៅ)។ នៅលើលោកនេះ វាមានអ្នកសប្បាយចិត្ត និងអ្នកដែលមានសប្បាយចិត្ត។ ចំណុចសំខាន់សួរថាអ្នកសប្បាយចិត្តច្រើនជាងអ្នកមិនសប្បាយចិត្ត ឬអ្នកមិនសប្បាយចិត្ត ច្រើនជាងអ្នកសប្បាយចិត្ត? ប្រទេសកម្ពុជាមានមនុស្សតិចណាស់ដែលនៅក្នុងគុក ឬក៏រត់ចោលស្រុក។ ដែលវាកើតទុក្ខ អាហ្នឹងទុកឱ្យវាកើតទុក្ខទៅព្រោះវាជាអ្នកបង្កើតរឿង។ អញ្ចឹងខ្ញុំសុំមិនឆ្លើយលើរឿងនេះទេ។ មិនតបត បើទោះអ្នកឯងនិយាយថាម៉េចថាទៅ។ វ៉ាក់សាំងខ្ញុំនៅតែទិញយកមកចាក់។ អ្នកឯងនិយាយពីរឿងអត់ប្រាក់ខែ ខ្ញុំនៅតែបើកប្រាក់ខែជាការជាក់ស្តែង។ វាស៊ីសងលើយើងមានលុយបើកប្រាក់ខែឬអត់? …

អញ្ចឹងសូមអ្នកទាំងអស់គ្នាដែលគាំទ្រខ្ញុំ គាំទ្ររាជរដ្ឋាភិបាល កុំតមាត់ ត(ក) ជាមួយក្រុមឆ្កែកាច។ យកល្អបំផុតកុំរំលឹកឈ្មោះលើកញ្ចក់ទូរទស្សន៍ នៅលើ Facebook ឈប់និយាយដល់ ហើយមកនិយាយរួមគ្នាប្រយុទ្ធប្រឆាំង កូវីដ-១៩ ប្រយុទ្ធទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្រ ការធ្វើកំណែទម្រង់រដ្ឋប្រឆាំងនឹងអំពើពុករលួយ អំពើអសកម្មនានានៅក្នុងសង្គមវិញប្រសើរជាងទៅតមាត់ជាមួយអ្នកណាផ្សេង។ គេត្រូវយល់អត្ថន័យនៅកន្លែងនេះឱ្យច្បាស់ មានន័យថាបើឈប់និយាយហើយ កុំថាឡើយតមាត់ជាមួយអ្នកនោះ។ ទោះបីជាស្ថានតំណាងទូតនានាមកនិយាយជា​មួយ​ខ្ញុំ ក៏ខ្ញុំអត់ឆ្លើយតបដែរគឺមិននិយាយជាមួយតែម្តង។ អាហ្នឹងគឺខ្ញុំសូមបញ្ជាក់ គឺខ្ញុំមិននិយាយជាមួយបើទោះបីអ្នកខ្លះថាទុកឱ្យបរទេសមកចរចាជាមួយ ហ៊ុន សែន។ ខ្ញុំអត់មានការចាំបាច់ត្រូវនិយាយជាមួយអ្នកណាលើរឿងកម្ពុជាទេ លើរឿងបុគ្គលណាទេ ខ្ញុំសុំបញ្ជាក់ជូនប៉ុណ្ណឹង។ សូមអរគុណ។ សុំបន្តសំនួរតទៅទៀត។ យ៉ាងម៉េចហើយខួប ១ ឆ្នាំបុរសសង្ហារដើរបញ្រ្ចាសទិស?

កាសែតចិន

ជម្រាបសួរសម្តេចតេជោ នាងខ្ញុំសារព័ត៌មានចិនប្រចាំនៅកម្ពុជា។ អម្បាញ់មិញ លោកទូត វ៉ាង វិនធាន មានប្រសាសន៍ថា ពេលខាងមុខនេះរដ្ឋាភិបាលចិន នឹងផ្តល់វ៉ាក់សាំង កូវីដ-១៩ ១០ លានដូសជូនដល់ប្រ​ទេសនានា ជាពិសេសសំដៅដល់ប្រទេសកំពុងអភិវឌ្ឍន៍។ ថ្ងៃនេះវ៉ាក់សាំងចិនក៏មកដល់កម្ពុជាហើយ។ តំណាងឱ្យប្រជាជនចិន ខ្ញុំសុំជម្រាបសួរសម្តេចតេជោថា តើសម្តចតេជោវាយតម្លៃយ៉ាងម៉េចចំពោះវ៉ាក់សាំងចិន ខណៈដែលវ៉ាក់សាំងចិន(កំពុង)ទទួល(បាន)ការប្រើប្រាស់កាន់តែច្រើននៅលើពិភពលោក …។

សំនួរទី ២ របស់ខ្ញុំ គឺដោយសារ កូវីដ-១៩ បានក្លាយទៅជាភាពប្រក្រតីថ្មីហើយនៅលើពិភពលោក ហើយខ្ញុំយល់ឃើញថា ទន្ទឹមនឹងការទប់ទល់ កូវីដ-១៩ បានកាន់តែល្អនៅកម្ពុជាផងនៅចិនផង តើរដ្ឋាភិបាលកម្ពុជានឹងចាត់វិធានការយ៉ាងម៉េច តាមភាពជាក់ស្តែងទៅលើបើកចំហ ឬក៏កែសម្រួលគោលនយោបាយ សំដៅទៅលើវិនិយោគិនចិន និងទេសចរណ៍ចិន​ ចូលមកកម្ពុជា?

ចម្លើយ៖ អរគុណចំពោះសំនួរនេះ។ ខ្ញុំនៅចាំបានថា នៅក្នុងពេលដែលយើងជួបប្រជុំ បើទោះបីពេលនោះខ្ញុំ មិនបានជួបប្រជុំដោយផ្ទាល់ ដោយជាប់ធ្វើចត្តាឡីស័ក ហើយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ត្រូវចាត់តាំងជាតំណាងឱ្យចូលរួមក្នុងក្របខណ្ឌអាស៊ាន និងដៃគូ ហើយក្នុងនោះមានការប្រជុំអាស៊ានហើយនិងចិន។ ឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឺឈាង បានប្រកាសផ្តល់ជំនួយវ៉ាក់សាំងសំរាប់ប្រទេសកំពុងអភិ​វឌ្ឍន៍ ក្នុងហ្នឹងក៏មានក្នុងតំបន់អាស៊ាន។ លើការជាក់ស្តែង ឥឡូវនេះ ប្រទេសមួយចំនួនបាននិងកំពុងទទួលជំនួយវ៉ាក់សាំងពីចិនហើយ ហើយនេះជាដំណាក់កាលដ៏សំខាន់ ដែលចិនបានអនុវត្តនូវការសន្យារបស់ខ្លួន ក្នុងពេលដែលខ្លួនត្រូវទទួលបន្ទុកចំពោះប្រជាជនខ្លួនឯង ដែលមានប្រមាណជាប់ ២០% នៃចំនួនប្រជាជនលើពិភពលោក។ ខ្ញុំចាត់ទុកថា នេះជាកាយវិការប្រកបដោយការទទួលខុសត្រូវមួយ ក្នុងក្របខណ្ឌជាប្រ​ទេសដែលមានលទ្ធភាពធ្វើការផលិត និងមានចំណែកទទួលខុសត្រូវនៅក្នុងក្របខណ្ឌពិភពលោកនេះ។ ត្រង់នេះហើយ (ដែល)លើការជាក់ស្តែង កម្ពុជាទទួលបាន ៦០ ម៉ឺនដូសថ្ងៃនេះ។ វាជានិមិត្តរូបបង្ហាញឱ្យឃើញអំពីសមានចិត្ត និងការស្របតាមការប្តជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីចិនចំពោះបណ្តាប្រទេសកំពុង អភិវឌ្ឍន៍។

ចំណុចទី ២ កម្ពុជាក៏ត្រួតត្រាបានទៅលើ កូវីដ-១៩ ចិនក៏ត្រួតត្រាបានទៅលើ កូវីដ-១៩។ កន្លងទៅ យើងបានសម្របសម្រួលគ្នាមួយផ្នែកហើយ។ ខ្ញុំក៏កំពុងតែខិតខំពិចារណាដើម្បីខិតខំឈានទៅរកការព្រៀងមួយ ដែលយើងអាចសម្របសម្រួលគ្នាក្នុងការទៅមករកគ្នា តាមបែបណាមួយនោះ។ បញ្ហានេះតម្រូវឱ្យមានការពិភាក្សាគ្នាហ្មត់ចត់។ ឧទាហរណ៍ ពេលដែលជនជាតិកម្ពុជាទៅប្រទេសចិន តើយើងត្រូវបន្តឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃបន្តទៅទៀត ហើយជនជាតិចិនមកកម្ពុជា ត្រូវបន្តធ្វើចត្តាឡីស័ក ១៤ ថ្ងៃបន្តទៅទៀត ឬក៏ត្រូវកាត់បន្ថយ? ចំណុចអស់ទាំងនេះគឺត្រូវក្លាយទៅជាប្រធានបទដ៏រសើប និងត្រូវយកចិត្តទុកដាក់។

ឥឡូវ កម្ពុជាបានរងសម្ពាធ ហើយតាមរយៈនៃការរងសម្ពាធនោះ គឺយើងបានឃើញនូវចំណុចខ្លះដែលមិនអាចលើកលែងបាន។ សម្ពាធដែលកម្ពុជាទទួលបានក្នុងរយៈមួយខែចុងក្រោយនេះ ពីទិសខាងលិចការឆ្លងក្នុងសហគមន៍ដ៏លឿន នៅក្នុងប្រទេសថៃ ដែលការឆ្លងនោះ ឆ្លងក្នុងសហគមន៍។ មុនការឆ្លងក្នុងសហគមន៍ ប្រទេសថៃមានមនុស្សឆ្លងប្រមាណជាង ៦០០០ ៧០០០ នាក់ទេ ឥឡូវតួលេខថ្ងៃនេះដូចជាមានរហូតទៅដល់ ២៣០០០ នាក់។ ឯផ្នែកខាងកើត គឺប្រទេសវៀតណាម គឺឆ្លងនៅក្នុងល្បឿនមួយលឿន ហើយតាមព័ត៌មានគឺជា កូវីដ-១៩ ក្លែងភេទទៀតផង ដែលបានរីករាលដាលរហូតមកដល់ខេត្តមួយជាប់នឹងព្រំដែនកម្ពុជា គឺខេត្តរតនគីរី។ ដូច្នេះហើយបានជាខ្ញុំត្រូវប្រកាសអាសន្ន ដើម្បីកុំឱ្យមានការឆ្លងកាត់នៅក្នុងដំណាក់កាលនៃការចូលឆ្នាំខាងមុខនេះ។

ប៉ុន្តែ ២ ថ្ងៃជាប់គ្នានេះ ប្រទេសថៃក៏មានការធ្លាក់ចុះ។ ថ្ងៃនេះខ្ញុំឃើញថាការឆ្លងនៅក្នុងប្រទេសថៃ ធ្លាក់ពី ៩០០ ៨០០ ៧០០ មកនៅជាង ២០០។ ឯនៅប្រទេសវៀតណាម ឆ្លងរាប់សិប (តែ)ម្សិលមិញមាន ៥ នាក់ និងថ្ងៃនេះដូចជា ៤ នាក់ទេ។ បើសភាពការណ៍នេះវាបានធូរស្រាល វានឹងធ្វើឱ្យកម្ពុជាទទួលបាននូវការងាយស្រួល។ កម្ពុជាជួបការលំបាក ម្ខាងគឺត្រូវទប់ទល់នៅក្នុងព្រលានយន្តហោះនេះ ដែលចុះចតនៅព្រលានយន្តហោះ​នៅឯខេត្តព្រះសីហនុ ហើយដែលព្រឹកមិញឆ្លង ២ នាក់ គឺឆ្លងអ្នកដែលមកតាមព្រលានយន្តហោះហ្នឹងតែម្តង។ ឯពលករនៅតាមព្រំដែនសុំជម្រាបជូនថា ពលករមកសរុប គឺមានរហូតទៅដល់ ២៤០០០ នាក់ជាង ក្នុងចំណោម ២៤០០០ នាក់នេះ គឺឥឡូវនេះមានការធ្វើចត្តាឡីស័កនៅតាមព្រំដែន មានជាង ៩០០០ នាក់។

ខ្ញុំសុំបញ្ជាក់ថា បទពិសោធន៍របស់កម្ពុជា មិនត្រូវលើកលែងចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ហើយបញ្ចុះវាមកនៅត្រឹម ៧ ថ្ងៃ ឬ ១០ ថ្ងៃបានទេ ដោយសារយើងបានរកឃើញអ្នកដែលមានវិជ្ជមាន គឺអ្នកដែលធ្វើតេស្តលើកទី ២ ឬទី ៣ នៅថ្ងៃទី ១៣ ដើម្បីត្រៀមចាកចេញនៅថ្ងៃទី ១៤។ អញ្ចឹងចំណុចនេះ កម្ពុជាមានបទពិសោធន៍ខ្ពស់។ តាមខ្ញុំដឹង ខ្ញុំមិនមែនជាការផ្តល់ដំបូន្មានទេ ក៏ប៉ុន្តែដូចជាប្រទេសម៉ាឡេស៊ី ដែលកាត់បន្ថយពីការធ្វើចត្តាឡីស័កពីរយៈពេល ១៤ ថ្ងៃមកនៅតែ ៧ ថ្ងៃ ឥឡូវប្រទេសម៉ាឡេស៊ីកំពុងដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ អញ្ចឹងយើងឃើញថានៅតាមមណ្ឌលចត្តាឡីស័ក គេបានរកឃើញអ្នកដែលឆ្លងគឺនៅថ្ងៃទី ១៣ ត្រៀម ចេញថ្ងៃទី ១៤ បែរជាមាន។

អញ្ចឹង បើទោះបីជាមានការសម្របសម្រួលណាក៏ដោយរវាងកម្ពុជានិងចិន ក៏ត្រូវតែមានវិធានការសុខាភិបាលមួយចំនួនជាចាំបាច់ ព្រោះរឿងនេះយើងត្រូវធ្វើឱ្យប្រាកដថា ជំងឺមិនត្រូវនាំពីកម្ពុជាទៅកាន់ចិន ហើយមិនត្រូវនាំពីចិនមកកាន់កម្ពុជានោះទេ។ ប៉ុន្តែលើការជាក់ស្តែងគឺយើងបានធ្វើដំណើរទៅវិញទៅមក(រួចហើយ)។ អ្វីដែលគួរឱ្យកត់សម្គាល់ ប្រជាជនចិនធ្វើដំណើរតាមយន្តហោះមកចុះនៅទីក្រុងភ្នំពេញ និងចុះនៅខេត្តព្រះសីហនុ ច្រើនជាងជនជាតិបរទេសដទៃទៀត។ ប៉ុន្តែ មិនទាន់មានជនជាតិចិនណាមួយឆ្លង លើកលែងតែករណីខែមករា ឆ្នាំ ២០២០ ដែលកើតមួយករណីនៅខេត្តព្រះសីហនុ។ បន្ទាប់ទៅជនជាតិចិនមួយករណីទៀត ប៉ុន្តែមិនមែនធ្វើដំណើរមកពីប្រទេសចិនទេ ធ្វើដំណើរមកពីហ្វីលីពីន។ អញ្ចឹងការ ប៉ាន់​ស្មានរបស់ខ្ញុំ អ្នកធ្វើដំណើរមកទីនេះដែលមិនមានការឆ្លង អ្នកទាំងនេះប្រហែលជាបានចាក់វ៉ាក់សាំង រួចទៅហើយ។ អញ្ចឹងចំណុចនេះ ធ្វើឱ្យកម្ពុជាមានការជឿទុកចិត្ត។ ចំណុចនេះហើយដែលខ្ញុំចង់និយាយថា ថ្ងៃក្រោយត្រូវទៅរកវ៉ាក់សាំងចាក់​ ប្រហែលជាឈានទៅដល់ការកំណត់ ដូចនៅប្រទេសអាហ្វ្រិកកាលពីមុន អ្នកណាមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងជំងឺគ្រុនលឿង គឺមិនអនុញ្ញាតឱ្យចូលបណ្តាប្រទេសអាហ្វ្រិកទេ។

ថ្ងៃក្រោយអ្នកសារព័ត៌មានប្រយ័ត្នតែទៅយកព័ត៌មាន គេសុំឆែកបានចាក់វ៉ាក់សាំងហើយនៅ។ អញ្ចឹងទេ ឯកឧត្តម ម៉ម ប៊ុនហេង យកចិត្តទុកដាក់ចាក់ឱ្យអ្នកយកព័ត៌មាន ក្រែងលោដល់កន្លែងគេ សុំមើលបានចាក់វ៉ាក់សាំងហើយនៅ។ ព្រោះយើងមានកាត។ បោះកាតរួចហើយ។ ចាក់វ៉ាក់សាំងប្រភេទអី ចាក់ដបទី ១ ថ្ងៃប៉ុន្មាន ដបទី ២ ថ្ងៃប៉ុន្មាន។ គេមានវិញ្ញាបនប័ត្រចេញឱ្យជាភាសាខ្មែរ និងជាភាសាអង់គ្លេស សម្រាប់ប្រើប្រាស់ទាំងក្នុងស្រុក និងទៅបរទេស។ នៅពេលដែលមានការចាំបាច់ (គេអាចប្រើ)ដើម្បីបង្ហាញ​។

នេះគឺជាចំណុចដែលខ្ញុំត្រូវតែគួរបានបញ្ចប់ត្រឹមប៉ុណ្ណេះ ហើយសូមអរគុណចំពោះការចូលរួម ដែលអនុ ញ្ញាតឱ្យខ្ញុំបានឆ្លើយនូវសំណួរទាំងនេះ ហើយក៏មានសំណួរខ្លះក៏ជាសំណួរឱ្យខ្ញុំគួរតែនិយាយឱ្យបញ្ចប់សេចក្តី ដូចជាសំណួរការឆ្លើយតបអ្នកនេះអ្នកនោះ។ កន្លងទៅខ្ញុំអត់ឆ្លើយទេ ឥឡូវក៏លែងឆ្លើយដែរ។ អត់ឆ្លើយទេ។ ខ្ញុំសុំអង្វរកជាមួយនឹងស្ថានីយវិទ្យុទូរទស្សន៍ ឬក៏លេងហ្វេសប៊ុកស្អីៗ បើចៀសវាងបានកុំតមាត់តក ជា​មួយ​អ្នកណាទាំងអស់។ ប្រមូលផ្តុំធ្វើកិច្ចការដែលមានប្រយោជន៍ឱ្យសង្គមជាតិ ជាជាងការតមាត់តក។ ធ្វើយ៉ាងនេះមានសេចក្តីសុខជាង។ ម្តាយខ្ញុំប្រាប់ថា បើគេជេរយើងៗ ដេកលក់ តែបើយើងជេរគេ យើង ដេកអត់លក់ទេ។ រឿងហ្នឹងពិត។ ខ្ញុំធ្លាប់ឆ្លងកាត់តមាត់តក តែទីចុងបំផុតអត់បានផលអី។ ឥឡូវខ្ញុំយកយុទ្ធសាស្ត្រមួយគឺ អត់ត។ ការមិនតមានន័យច្រើន។ សុំរង់ចាំមើលឆាកល្ខោនមិនត តើវារបៀបម៉េច​។ កុំឱ្យខ្មាសគេ នៅតែចុះឡើងៗ នៅតែជេរគ្នា។ ឥឡូវឱ្យគេជេរយើងចុះ។ រួចហើយ អញ្ចឹងជនបរទេសទាំងឡាយអាចនឹង(យល់បានថា)ដោយសារវាជេរគេច្រើនពេក អញ្ចឹងគេឈប់និយាយរក។ ចប់នៅកន្លែងណានៅកន្លែងហ្នឹងទៅ។ អាហ្នឹងមានតែប៉ុណ្ណឹង ។ សូមអរគុណ សុំចប់ត្រឹមហ្នឹង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...