សេចក្តីថ្លែងសារពិសេស សម្តេច​​តេជោ ហ៊ុន សែន ទៅកាន់បងប្អូនជនរួមជាតិទូទាំងប្រទេស ពាក់ព័ន្ធនឹងករណីជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍« ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ »

សេចក្តីថ្លែងសារពិសេស សម្តេច​អគ្គ​មហា​សេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់បងប្អូនជនរួមជាតិទូទាំងប្រទេស ពាក់ព័ន្ធនឹងករណីជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍« ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ »
ថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
បងប្អូនជនរួមជាតិជាទីស្រឡាញ់!

 “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ការឆ្លងក្នុងសហគមន៍លើកទី ៣

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានកិច្ចការបន្ទាន់ ដើម្បីនឹងប្រកាសជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅរាជធានីភ្នំពេញតែម្ដង។ មុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំ មានការប្រជុំពិសេសមួយរបស់មន្រ្តីថ្នាក់ដឹកនាំដែលជាប់ការពាក់ព័ន្ធជាមួយនឹងការប្រយុទ្ធប្រឆាំងជាមួយនឹង កូវីដ-១៩ ​។ ឥឡូវសភាពការណ៍បានឈានដល់ដំណាក់កាលថ្មីមួយ ដែលខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាមន្រ្តីពាក់ព័ន្ធ បានធ្វើការសន្និដ្ឋានច្បាស់ថា នេះជាការឆ្លងក្នុងសហគមន៍លើកទី ៣ បន្ទាប់ពីព្រឹត្តិការណ៍ឆ្លងសហគមន៍ ៣ វិច្ឆិកា ដែលផ្ដើមចេញដោយរដ្ឋមន្រ្តីការបរទេសហុងគ្រី។ បន្ទាប់ទៅ ពឹ្រត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានប្រសិទ្ធនាមថា ជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ពិតមែនតែព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមពីថ្ងៃទី ១៨-១៩ ប៉ុន្តែដោយសារតែវិធានការដែលត្រូវប្រកាន់យកនិងការប្រជុំបន្ទាន់នេះ ត្រូវបានធ្វើនៅថ្ងៃទី ២០ កុម្ភៈ ខ្ញុំព្រះករុណាខ្ញុំ សម្រេចដាក់ឈ្មោះថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ​។

ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ផ្ដើមពីការរកឃើញកូវីដ-១៩ លើអ្នកសុំធ្វើតេស្ដចេញទៅក្រៅប្រទេស

សូមបញ្ជាក់ជូនថា ត្រឹមតែជាង ១០ ម៉ោងប៉ុណ្ណោះ យើងបានរកឃើញនូវការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ រហូតដល់ ៣២ ករណី ដែលនេះជាករណីមិនធ្លាប់មាននៅក្នុងប្រទេសរបស់យើងនោះទេ។ ឥឡូវ វិទ្យាស្ថានប៉ាស្ទ័រ ក៏ដូចជាខាងផ្នែកអង្គភាពដែលត្រូវធ្វើសំណាកនៅមជ្ឈមណ្ឌលសុខភាពសាធារណៈ កំពុងតែដំណើរការធ្វើតេស្ដជាបន្តទៀត។ មិនមានជាការលាក់បាំងទេ។ រឿងរ៉ាវចាប់ផ្ដើមពី បងប្អូនយើងទៅសុំលិខិត សុំធ្វើតេស្ដ កូវីដ-១៩ ដើម្បីធ្វើដំណើរចេញទៅក្រៅប្រទេស។ ប៉ុន្តែ គាប់ជួននៅពេលនោះ យើងក៏បានរកឃើញអ្នកដែលសុំចេញទៅក្រៅប្រទេស ដែលត្រូវមាន(លិខិត)បញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជា គឺមានវិជ្ជមានតែម្ដង។ ការចាប់ផ្ដើមសង្ស័យកាលពីម្សិលមិញនេះ យប់មិញនេះ យើងបានធ្វើតេស្ដទាំងយប់ ឃើញមាន ២៨ ករណី និងអម្បាញ់មិញនេះ យើងបានរកឃើញ ៤ ករណីផ្សេងទៀត។ ដូច្នេះ មិនដឹងថា ការវិវត្តនេះ វាទៅដល់ណា?

ប្រយុទ្ធនឹង កូវីដ-១៩ តាមព្រំដែនកម្ពុជាថៃ និងកម្ពុជាវៀតណាម គឺធ្វើបានល្អ

ចំណុចចេញដំណើរ គេអាចដឹងបានថា នៅក្លឹប N8 ដែលខ្ញុំព្រះករុណាខ្ញុំ សុំមិនយកការពន្យល់ថា តើវានៅទីកន្លែងណានោះទេ។ នេះជាស្ថានភាពដ៏អាក្រក់សម្រាប់យើង ក្នុងពេលដែលយើងកំពុងតែធ្វើការប្រ​យុទ្ធប្រឆាំងជាមួយនឹង កូវីដ-១៩ ​ដែលនាំចូលមកពីព្រះរាជាណាចក្រថៃ និងការរីករាលដាលពីសា​ធារណរដ្ឋសង្គមនិយមវៀតណាម។ នៅតាមព្រំដែនកម្ពុជាថៃ ធ្វើបានល្អហើយ។ នៅតាមព្រំដែនកម្ពុជា-វៀតណាម ធ្វើបានល្អហើយ។ ក្នុងប៉ុន្មានថ្ងៃនេះ ក៏បានចាប់មេខ្យល់ ដែលរកស៊ីរត់ពន្ធមនុស្ស និងនាំផ្លូវមនុស្សចំនួន ៣១ នាក់។ យើងនឹងបន្តការចាប់ខ្លួនចំពោះជនណាក៏ដោយ ដែលចូលរួមសកម្មភាពទៅលើការនាំមនុស្សឆ្លងដែនខុសច្បាប់ ទាំងឆ្លងទៅ ទាំងឆ្លងមកជាបន្តទៀត។ នេះជាបទបញ្ជាម៉ឺងម៉ាត់ ដែលពេលនេះ មានការប្រជុំនៅទីនេះ ក៏មានអគ្គបញ្ជាការកងទ័ព មានអគ្គស្នងការនគរបាលជាតិ និងមានផ្នែកពាក់ព័ន្ធដែលចូលរួមនៅទីនេះផងដែរ។ ទន្ទឹមនឹងការខិតខំរបស់យើង ក្នុងការទប់ស្កាត់នៅតាមព្រំដែនកម្ពុជា-ថៃ ព្រំដែនកម្ពុជា-វៀតណាម ហើយដែលប៉ុន្មានថ្ងៃនេះ មិនមានការឆ្លង កូវីដ-១៩ សម្រាប់អ្នកធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ ជាងមួយម៉ឺននាក់នោះទេ។ ប៉ុន្តែ អកុសល ការឆ្លងក្នុងសហគមន៍នៅទីក្រុងភ្នំពេញបានចាប់ផ្ដើម ជាមួយនឹងចំនួនដែលយើងទើបបានពិនិត្យ រហូតទៅដល់ ៣២ ករណីរួចស្រេចទៅហើយ។

ទី ១ សុំការយោគយល់ចំពោះការបិទអគារមួយចំនួន

ក្នុងសភាពបែបនេះ ខ្ញុំព្រះករុណាខ្ញុំ សុំចេញបទបញ្ជា ក៏ដូចជាអំពាវនាវចំពោះបងប្អូនជនរួមជាតិរបស់យើង​ មានចំណុចមួយចំនួនដូចតទៅ៖

ទី ១ សុំការយោគយល់អំពីធុរកិច្ច ក៏ដូចជាការស្នាក់នៅរបស់ប្រជាពលរដ្ឋ ដោយតម្រូវឱ្យមានបិទអាគារ បិទក្លឹបកម្សាន្ត និងបិទតំបន់មួយចំនួនជាចាំបាច់ ហើយដែលអភិបាលរាជធានីភ្នំពេញបានធ្វើការបិទ តាំងពីយប់ម៉ោង ២ នៅតំបន់ខ្លះរួចទៅហើយៗ នឹងបន្តគ្រប់គ្រងនៅតំបន់នេះតទៅទៀត។ អ្នកនៅក្នុងតំបន់នោះគឺអាចនឹងមានផលប៉ះពាល់ ប៉ុន្តែយើងគ្មានជម្រើសទេ ក្រៅតែពីការបិទមានទាំងក្លឹប ដូចជាក្លឹប N8 ដែលជាក្លឹបកម្សាន្ត បិទអគារស្នាក់នៅដែលគេហៅថា apartment នោះ និងបិទតំបន់ខ្លះមានផ្ទះច្រើន ប៉ុន្តែមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលពីតំបន់នោះ។ ត្រូវបិទជាបណ្តោះអាសន្ន។ តំបន់នោះមិនត្រូវអនុញ្ញាតឲ្យមានមនុស្សចូល ប៉ុន្តែបើសិនមនុស្សនោះជាម្ចាស់ផ្ទះគឺយើងអនុញ្ញាតឲ្យចូល ប៉ុន្តែមិនអនុញ្ញាតឲ្យចេញ។ សុំបញ្ជាក់អំពីចំណុចនេះ។ គាត់មានផ្ទះនៅក្នុងហ្នុង អនុញ្ញាតឲ្យគាត់ចូល ប៉ុន្តែគាត់ចូលទៅ គឺមិនអាចចេញមកវិញបានទេ។ អញ្ចឹងនេះជាវិធានការមួយដើម្បីប្រកាន់យកដើម្បីចៀសវាងការរីករាលដាលនៃកូវីដ-១៩ ក្នុងសហគមន៍នៅទីក្រុងភ្នំពេញ ដែលខ្ញុំព្រះករុណាខ្ញុំហៅថា (ព្រឹត្តិការណ៍)សហគមន៍ ២០ កុម្ភៈ។

ទី ២ ប្រមូលអ្នកពាក់ព័ន្ធរស់នៅតំបន់ទាំងនោះ ធ្វើតេស្ដ និងចត្តាឡីស័ក

ទី ២ ត្រូវធ្វើតេស្ត ត្រូវយកសំណាកដើម្បីធ្វើតេស្តសម្រាប់អ្នកនៅក្នុងតំបន់ទាំងនេះ។ បន្ទាប់ពីការធ្វើតេស្តហើយត្រូវតែធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ដើម្បីរង់ចាំការធ្វើតេស្តលើកទី ២។ ដូច្នេះ ចំនួននៃការធ្វើតេស្តអាចមានច្រើន ដែលសូម្បីតែយប់មិញនេះ យើងបានស្នើឲ្យវិទ្យាស្ថានបាស្ទ័រ ក៏ដូចជាមន្ទីរពិសោធន៍នៃមជ្ឈ​មណ្ឌលសុខភាពសាធារណៈធ្វើការទាំងយប់។ យើងត្រូវធ្វើឲ្យមានល្បឿនលឿន។ សុំឲ្យបងប្អូនដែលរស់នៅក្នុងតំបន់ដែលត្រូវបិទនេះ សហការដើម្បីឲ្យក្រុមគ្រូពេទ្យចូលទៅយកសំណាកដើម្បីធ្វើតេស្ត ហើយបន្ទាប់ពីការធ្វើតេស្តហើយ ត្រូវតែធ្វើចត្តាឡីស័កក្នុងរយៈពេល ១៤ ថ្ងៃ ដើម្បីរង់ចាំការធ្វើតេស្តលើកទី ២។ ខ្ញុំសុំស្នើឲ្យឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង ដែលនៅទីនេះស្រាប់ ឯកឧត្តម លោកជំទាវ ដែលជាផ្នែកសុខាភិបាល (ពិចារណាថា)គួរធ្វើតេស្ត ២ ដង ឬធ្វើតេស្ត ៣ ដង។ កាលពីជំនាន់ខ្ញុំធ្វើចត្តាឡីស័ក ធ្វើតេស្តរហូតដល់ ៤ ដង ហើយក្នុងជំនាន់ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា យើងធ្វើតេស្ត ៣ ដង។ អញ្ចឹងគួរកំណត់ធ្វើតេស្ត ៣ ដង ឬ ៤ ដង។ នេះគឺទុកសមត្ថកិច្ចសម្រេចជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល។

ទី ៣ ស្វែងរកអ្នកពាក់ព័ន្ធនឹងក្លឹប N8, Apartment ចំនួន ២ និងតំបន់មួយចំនួនដែលបានបិទ

ទី ៣ ស្វែងរកអ្នកពាក់ព័ន្ធជាមួយនឹងក្លឹប N8 និងអ្នកដែលពាក់ព័ន្ធជាមួយ N8 នេះជាភារកិច្ចរបស់អាជ្ញាធរ ដែលថ្ងៃនេះក៏មានរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងផ្នែកពាក់ព័ន្ធនឹងការស្រាវជ្រាវមកកាន់ទីនេះផងដែរ ដើម្បីត្រួតពិនិត្យមើល តើអ្នកដែលពាក់ព័ន្ធជាមួយនឹង N8 នេះ គេបានទៅដល់ទីណាខ្លះ? ស្រាវជ្រាវឲ្យឃើញនូវចំណុចនៃការពាក់ព័ន្ធទាំងអស់ វាលំហូរទៅដល់ទីណា យើងត្រូវស្រាវជ្រាវទៅដល់ទីនោះ។ បណ្តាខេត្ត បើទោះបីជាមិនទាន់មានការកើត ប៉ុន្តែ ក៏ត្រូវមានការប្រុងប្រយ័ត្នព្រោះជាធម្មតាការឆ្លងបែបនេះ គឺរាលដាលទៅស្ទើរតែគ្រប់ខេត្ត ដែលជាបទពិសោធន៍មុនៗ គឺព្រឹត្តិការណ៍ ៣ វិច្ឆិកា ពាក់ព័ន្ធរហូតទៅដល់ ១០ ខេត្ត រាជធានី។ ២៨ វិច្ឆិកា ពាក់ព័ន្ធប្រមាណជា ២០ ខេត្ត រាជធានី។ ដូច្នេះ បណ្តាខេត្តត្រូវតែមានការប្រុងប្រយ័ត្ន ហើយវានឹងឈានទៅដល់ការធ្វើការសម្របសម្រួលសហការជាមួយនឹងបណ្តាខេត្តដើម្បីស្វែងរកអ្នកពាក់ព័ន្ធជាមួយនឹង N8 ហើយនិងអ្នកពាក់ព័ន្ធនឹងអ្នកដែលមានជំងឺ ឬអ្នកពាក់ព័ន្ធជាមួយនឹងកន្លែងដែលយើងត្រូវបិទ។ មិនមែនគ្រាន់តែ N8 ទេ ក៏ប៉ុន្តែមាន apartment ដូចជា ២ និងតំបន់មួយចំនួនទៀត។ អញ្ចឹងទំហំនៃការស្រាវជ្រាវលើកនេះគឺមានទ្រង់ទ្រាយធំ។ អញ្ចឹងនេះជាភារកិច្ចរបស់អាជ្ញាធរដែលមានសមត្ថកិច្ច ដែលមានតួនាទីស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធទាំងឡាយ រាប់ទាំងក្លឹប N8 បណ្តាអគារតំបន់ដែលត្រូវបិទនឹងអ្នកពាក់ព័ន្ធជាមួយនឹងអ្នកឆ្លងកូវីដ-១៩។

ទី ៤ យកអ្នកពាក់ព័ន្ធទាំងអស់មកពិនិត្យសំណាក និងធ្វើចត្តាឡីស័កតាមកន្លែងដែលបានរៀបចំ

ទី ៤ ត្រូវធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមានការពាក់ព័ន្ធទាំងអស់។ ខាងលើខ្ញុំបានបញ្ជាក់ហើយគឺអ្នកដែលធ្វើតេស្តនៅតាមផ្ទះសំណាក់កន្លែងដែលត្រូវបិទ ធ្វើតេស្តរួចហើយត្រូវធ្វើចត្តាឡីស័ក ក៏ប៉ុន្តែវានៅមានផ្នែកអ្នកដែលមានការពាក់ព័ន្ធ។ ឧទាហរណ៍៖ ស្វែងរកអ្នកដែលជិះតាក់ស៊ី តៃកុងតាក់ស៊ីក៏ត្រូវធ្វើចត្តាឡីស័ក។ អញ្ចឹងខ្ញុំប្រើពាក្យថា អ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័ក។ ក្រុមគ្រូពេទ្យរបស់យើងខិតខំយកសំ​ណាកសម្រាប់អ្នកធ្វើចត្តាឡីស័កនេះ ដើម្បីចៀសវាងគ្រាន់តែធ្វើចត្តាឡីស័ក តែមិនបានយកសំណាក។ ដូច្នេះប្រហែលជាយើងត្រូវការនូវការខិតខំប្រឹងប្រែងដើម្បីយកសំណាកធ្វើឱ្យបាន។ ការលំបាករបស់យើងគឺដើម្បីសេចក្តីសុខរបស់ប្រជាជន ចំពោះការធ្វើចត្តាឡីស័កអ្នកដែលរស់នៅតាម Apartment អ្នកដែលមានផ្ទះ ត្រូវធ្វើនៅតាមផ្ទះ តាមទីកន្លែងរៀងៗខ្លួន។

អាជ្ញាធរត្រូវទទួលខុសត្រូវលើការចេញចូលរបស់អ្នកធ្វើចត្តាឡីស័ក កុំឲ្យមានករណីរត់ចេញ

អាជ្ញាធរត្រូវទទួលខុសត្រូវទៅលើការចេញចូលរបស់អ្នកធ្វើចត្តាឡីស័កទាំងនេះ។ សូមកុំបណ្តោយឱ្យ(មានករណី)ដូចការកើតឡើងនូវប៉ុន្មានថ្ងៃមុន ដែលមានស្រ្តី ៤នាក់ បានរួចចេញពីសណ្ឋាគារ ហើយមកកម្សាន្តនៅខាងក្រៅ រួចហើយទើបចូលត្រឡប់ទៅវិញ។ ក្នុងចំណោមស្រ្តី ៤ នាក់ ដែលបានចេញពីសណ្ឋា​គារហើយចូលត្រឡប់ទៅវិញ បានរកឃើញថាមានវិជ្ជមាន ២ នាក់ហើយ។ ខ្ញុំជឿជាក់ថា ២ នាក់ទៀតក៏នឹងកើតដូចគ្នាដែរ។ នេះដោយសារតែសន្តិសុខរបស់សណ្ឋាគារជួយជម្លៀសស្ត្រី ៤ នាក់នេះ ឱ្យចេញខាងក្រៅ។ ឥឡូវនេះ អនុក្រឹត្យពាក់ព័ន្ធជាមួយនឹងការផាកពិន័យគឺបានចេញរួចហើយ សំរាប់ កូវីដ-១៩ តែម្តង បន្ថែមលើអនុក្រឹត្យស្តីអំពីការធ្វើចត្តាឡីស័កមានចរិតទូទៅ និងដែលយើងបានធ្វើវិសោធនកម្មពាក់ព័ន្ធជាមួយនឹងទណ្ឌកម្ម។ សម្រាប់អ្នកដែលមិនមានផ្ទះសម្បែង សាលាក្រុងត្រូវរៀបចំនូវកន្លែងធ្វើចត្តាឡីស័ក ដើម្បីឱ្យពួកគាត់មានកន្លែងធ្វើចត្តាឡីស័កបានត្រឹមត្រូវ។

ទី ៥ អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ម្ចាស់ការមកធ្វើតេស្ដដោយខ្លួនឯង

ចំណុចទី ៥ ខ្ញុំសូមអំពាវនាវចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលមានការពាក់ព័ន្ធជាមួយក្លឹប N8 និងពាក់ព័ន្ធជាមួយអ្នកដែលមានជំងឺឆ្លងរយៈពេល ១៤ ថ្ងៃកន្លងទៅនេះ ម្ចាស់ការមកយកសំណាកដើម្បីពិនិត្យ។ សូមបញ្ជាក់ថា នេះជាការអំពាវនាវ។ ទន្ទឹមនឹងការស្វែងរកដោយអាជ្ញាធរ ក្នុងនាមខ្ញុំជារដ្ឋាភិបាលខ្ញុំអំពាវនាវចំពោះអ្នកដែលមានការពាក់ព័ន្ធជាមួយនឹងក្លឹប N8 ឬអ្នកដែលមានពាក់ព័ន្ធវិជ្ជមានកូវីដ-១៩ ចំនួន ៣២ នាក់ ដែលទើបរកឃើញម្ចាស់ការមកយកសំណាកដើម្បីធ្វើការពិនិត្យ ព្រោះបន្តទៅទៀតជំងឺខ្លួនឯងក៏មាន បន្តចម្លងទៅកន្លែងដទៃទៀតកាន់តែធំទៅៗ ដែលយើងត្រួតត្រាលែងបាន។ អញ្ចឹងសូមស្នើឱ្យមានការយកចិត្តទុកដាក់ ចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់។

ទី ៦ បន្តអនុវត្ត ៣ ការពារ និង ៣ កុំ

ទី ៦ ការអំពាវនាវចំពោះប្រជាពលរដ្ឋទូទៅក្នុងរាជធានីភ្នំពេញ និងតាមតំបន់ដទៃទៀត​ ជាពិសេសរាជធានីភ្នំពេញ ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្ដឹងនូវក្នុងការអនុវត្ដវិធានការ ៣ ការពារ និង​ ៣ កុំ។ ៣ ការពារ គឺត្រូវពាក់ម៉ាស់នៅតាមទីសាធារណៈ ត្រូវលាងដៃ ត្រូវរក្សាគម្លាតសុវត្ថិភាពមួយម៉ែត្រកន្លះ​យ៉ាងតិច។ ខ្ញុំមិនចេញបទបញ្ជាដើម្បីបិទការមង្គលការ សាលា​រៀន ឬកម្មវិធីផ្សេងៗ​នោះទេ ក្នុងករណី​ដែលប្រជាពលរដ្ឋអនុវត្ដតាម។ ខ្ញុំមានលក្ខខណ្ឌរបស់ខ្ញុំ។ ពេលនេះ ខ្ញុំអំពាវនាវ​សូម(អោយប្រជាពលរដ្ឋ)អនុវត្តវិធានការ ៣ ការពារ។ បើរឿងលាងដៃ ស្រេចតែបងប្អូនទេ ដោយយើងមិន​អាចពិនិត្យបាន។ តែរឿងពាក់​ម៉ាស់ ជាមួយនឹងការរក្សាគម្លាត រដ្ឋបាលអាចមើលឃើញ។ ខ្ញុំមិនហាមឃាត់ការ​រៀបមង្គលការកូនចៅ ការជួបជុំនានាក្នុងលក្ខខណ្ឌនៃការ​ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ១,៥ ម៉ែត្រឡើង។ ធ្វើយ៉ាងនេះយើងអាចរក្សាផែនការរបស់យើង​ទៅមុខ​ទៀតបាន និងម្ខាងទៀតការពារកុំឲ្យមានការ​ឆ្លងជំងឺ។ ខ្ញុំក៏មិនទាន់អំពាវនាវ ឬចេញបទ​បញ្ជាឲ្យមានការបិទសាលារៀនទាំងរដ្ឋ និងឯកជននោះទេ ដោយយើងបានធ្វើការវាយតម្លៃទៅ​លើ​ផលប៉ះពាល់នៃការឆ្លង គឺប្រហែលជាយើងអាចឃុំគ្រងនៅតំបន់​មួយចំនួនរួចស្រេចទៅហើយ​។ ដូច្នេះ​ត្រូវយកវិធានការចាំបាច់មុនគេ​ (គឺ)ពាក់ម៉ាស់នៅតាមទីសាធារណៈ​ទាំង​អស់ រក្សាគម្លាតសុវត្ថិ​ភាព។ បើសិនមិនអាចធ្វើបានទេ ខ្ញុំមិននៅសល់ជម្រើសណាមួយ (ក្រៅតែពីវិធានការណ៍)ដែលនឹង​ត្រូវរឹតបន្ដឹងបន្ថែម ​ដូចជាការហាមឃាត់មិនឲ្យមានការជួបជុំ ការរៀបការកូនចៅដូចដែលបានធ្វើក្នុងរយៈ​ពេលមុន។ ​

ខ្ញុំ​សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋរបស់យើងនឹងចូលរួមអនុវត្ដឲ្យបាននូវបាន ៣ ការពារ និង ៣ កុំ គឺកុំទៅកន្លែងដែលមានមនុស្សកុះករ ហើយប្រសិនបើមានមនុស្សកុះករ ត្រូវរក្សានូវគម្លាត​ ព្រោះ​អ្វីទៅដែលហៅថាកុះករ​? ជួនកាលតំបន់វាធំ អញ្ចឹងកុះករក៏មិនអីដែរ កុំឲ្យតែកកកុញ ដូច​ជាសួនច្បារ​វិមានឯករាជ្យធំណាស់ មនុស្សច្រើន ក៏ប៉ុន្ដែធ្វើម៉េចឲ្យឃ្លាតពីគ្នា ១,៥ ម៉ែត្រ យ៉ាងតិច។ ដំណើរការហាត់​ប្រាណរបស់ប្រជាពលរដ្ឋអី ឲ្យដំណើរការធម្មតាចុះ។ ការធ្វើដំណើរទៅកម្សាន្ដ​ទៅ​កន្លែងនេះកន្លែងនោះ សូមដំណើរការធម្មតា ប៉ុន្ដែសូមអនុវត្ដនូវវិធានការ ៣ ការពារ និង ៣ កុំ ហើយកុំទៅកន្លែងមនុស្សប្រជៀត​គ្នាកកកុញ កន្លែង​បិទជិត។ ក្លឹប N8 នេះ ច្បាស់ណាស់ដូច Zando គឺកន្លែងបិទជិត ព្រោះជា​ភោជនីយដ្ឋាន ហើយលឺថាមានកន្លែងរាំលេងផង។ អញ្ចឹងវាកើត​ចេញ​ហ្នឹង។ កុំទី ៣  ផ្អាកការចាប់​ដៃគ្នា ព្រោះទំនៀមទំលាប់ខ្មែរពីដើម អត់ចាប់ដៃគ្នាទេ។ ការចាប់ដៃនេះចាប់ផ្ដើមក្នុងរង្វង់ឆ្នាំ ១៩៧០ ហើយ​កើតចេញពីតំបន់រំដោះមុនគេ មិនមែនកើត​ក្នុង​តំបន់ លន់ នល់ កាន់កាប់ទេ។ ខាងនោះគេបង្កើតពាក្យ​សម​មិត្ត។ សមមិត្តតា សមមិត្តពូ សមមិត្តអ៊ំ រួចហើយចាប់ដៃ។ តែចាស់ខ្លះខោកក្បាល (និងថា) អ្ហែងមកសមមិត្តអីជាមួយអញ? អញ្ចឹងប្រពៃណីរបស់យើងគឺបានល្អ មិនមានបញ្ហាអ្វីទេ។

បើពុំមានការចាំបាច់ គួរសម្រាកនៅផ្ទះ

នៅទីនេះ ខ្ញុំនៅតែបញ្ជាក់ថា សូមឱ្យប្រជាជននៅទីក្រុងភ្នំពេញមានការប្រុងប្រយ័ត្ន ហើយសូមបញ្ជាក់ បើគ្មានការចាំបាច់ កុំចេញពីផ្ទះ ព្រោះឥឡូវយើងកំពុងរាវរក។ ពិតមែនតែយើងដឹងចំណុចក្លឹប N8 និងកន្លែងរស់នៅមួយចំនួន តំបន់មួយចំនួន ត្រូវបានបិទហើយ ក៏ប៉ុន្តែ ចរាចរណ៍មនុស្សដែលចេញពីតំបន់នេះ តើទៅកន្លែងណាខ្លះ? យើងកំពុងរុករក។ អញ្ចឹង ប្រសិនបើសម្រាកនៅនឹងផ្ទះបានក៏ជាការល្អ ដើម្បីចៀសវាង ហានិភ័យណាដែលវាកើតឡើង ខណៈយើងចៀសវាងបាន ប៉ុន្តែបែរជាចៀសវាងមិនកើត។ ខ្ញុំអង្វរករសូមឱ្យអនុវត្តនូវវិធានការ ៣ ការពារ និង ៣ កុំ នេះ។ ខ្ញុំមិនចេញបទបញ្ជាដើម្បីបិទការជួបជុំ ដូចជាការរៀបអាពាហ៍ពិពាហ៍ ដូចជាការប្រជុំអីជាដើម។ សូម្បីតែអាទិត្យ(ក្រោយ)នេះ ខ្ញុំក៏មានកម្មវិធី​ដែលត្រូវរក្សាទុក ដែលកម្មវិធីមួយនៅក្រសួងមហាផ្ទៃ និងកម្មវិធីមួយទៀតសម្ពោធសណ្ឋាគារ ខ្ញុំអត់លុបចោលទេ។ ប៉ុន្តែ វិធានការត្រូវតែបានអនុវត្ត តាមរយៈដាក់គម្លាត ១ ម៉ែត្រកន្លះពីគ្នាយ៉ាងតិច។ សន្និបាតរបស់ក្រសួងមហា​ផ្ទៃមួយ និងសម្ពោធសណ្ឋាគារ ដែលអាមេរិកចាប់ដៃជាមួយនឹងកម្ពុជាធ្វើសណ្ឋាគារ Hyatt-Regency។

អ្នកជនបទកុំរើសអើងអ្នកភ្នំពេញ, កុំរើសអើងជនជាតិចិន

យើងនឹងតាមពិនិត្យមើលបញ្ហានេះតទៅទៀត ហើយបើមានបញ្ហាអ្វីនោះ ក្រសួងសុខាភិបាលនឹងធ្វើការជូនដំណឹងជាបន្តបន្ទាប់ទៅកាន់សាធារណជនថា ការវិវឌ្ឍទៅដល់ណាហើយ? ខ្ញុំក៏សូមយកឱកាសនេះអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង កុំឱ្យមានការរើសអើងចំពោះអ្នកទីក្រុងភ្នំពេញ។ កន្លងទៅ ខ្ញុំបានដឹងដោយសារតែព្រឹត្តិការណ៍ ៣ វិច្ឆិកា និង ២៨ វិច្ឆិកា ប្រជាពលរដ្ឋនៅតាមជនបទខ្លាចអ្នកទីក្រុងភ្នំពេញ ​អញ្ចឹងបានសេចក្ដីថាប្រជាពលរដ្ឋនៅទីជនបទគាត់អនុវត្តនូវវិធានការសុខាភិបាលបានល្អជាង ទោះបីគាត់មិនសូវពាក់ម៉ាស ក៏ប៉ុន្តែ ពួកគាត់គឺបានដឹងអំពីរបៀបគ្រប់គ្រងនៅក្នុងសហគមន៍របស់ពួកគាត់​។

លើកនេះ ដោយសារតែវាបានកើតទៅលើជនជាតិចិន សូមកុំឱ្យមានការរើសអើងទៅលើជនជាតិចិន ដូចកាលពីដើមឆ្នាំ ២០២០ ដែលពេលនោះមានការរើសអើងនៅក្នុងប្រទេសខ្លះចំពោះជនជាតិចិន។ ឥឡូវវាមានទាំងជនជាតិចិន ទាំងជនជាតិខ្មែរ ជាប់ៗគ្នាឱ្យរពុយ។ ប៉ុន្តែ ការចាប់ផ្ដើមពីស្រ្តី ៤ នាក់ នៅសណ្ឋា​គារ​សុខា ក៏ជាជនជាតិចិន ហើយស្រ្តីម្នាក់ដែលចាប់ផ្ដើមរកឃើញដំបូងហ្នឹងក៏ជាជនជាតិចិន និង ៣១ នាក់ផ្សេងទៀត ដែលវិជ្ជមាននៅថ្ងៃនេះ គឺជនជាតិចិនទាំងអស់។ អញ្ចឹងសូមកុំឱ្យមានការរើសអើងទៅលើបញ្ហានេះ។ យើងមានកើតគ្រប់តែជាតិសាសន៍ហ្នឹង។ ឥឡូវឥណ្ឌូនេស៊ីមកម្ដងៗ ឆ្លងប្រហែលជាងពាក់​កណ្ដាលទៅហើយ។ ខ្មែរយើងមកពីអាមេរិក សឹងតែ ២០% (ជាករណី)នៃការឆ្លងនាំចូល។ ជនជាតិណាក៏មាននៅក្នុងប្រទេសកម្ពុជាដែរ។ អញ្ចឹងសូមកុំឱ្យមានការប្រកាន់។ ទី ១ សម្រាប់អ្នកទីក្រុងភ្នំពេញទៅជនបទ មិនត្រូវបានស្វាគមន៍ ហើយទី ២ សម្រាប់ជនជាតិចិន ឱ្យតែចិនគឺខ្លាចតែទាំងអស់។ មុននេះ ពួកស្បែកស … បារាំង ឆ្លងមួយថ្ងៃ ៣៧ នាក់ នៅកំពង់សោម រួចហើយមានជនជាតិអាមេរិក និងអង់គ្លេស ដែលឆ្លងតាមកប៉ាល់មកពីវៀតណាម។ ពេល​ហ្នឹងនាំគ្នាខ្លាចពួកស្បែកសមួយសាទៅហើយ។

សង្ឃឹមបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ក្នុងពេលមួយខែ

ឥឡូវខ្ញុំសុំស្នើឲ្យយកការភ័យខ្លាចនេះ ដើម្បីរក្សាគម្លាត។ នេះជារឿងគួរឲ្យសោកស្តាយ យើងបានខិតខំ ហើយបើសិនជាយើងធ្វើកិច្ចការល្អទាន់ពេលវេលា ខ្ញុំសង្ឃឹមថា យើងនឹងឈានទៅបិទបញ្ចប់នូវព្រឹត្តិ ការណ៍ ២០ កុម្ភៈ នេះបានក្នុងរយៈពេលមិនលើសពីមួយខែទេ ព្រោះយើងបានគ្រប់គ្រងសភាពការណ៍ មួយចំនួន។ អាចថាអូសបន្លាយច្រើនជាងហ្នឹងបន្តិច ដោយសារអាចនឹងមានចេញមកក្រៅ ព្រោះអ្នក ដែលមកសុំលិខិត សុំយកសំណាក ដើម្បីសុំលិខិតបញ្ជាក់សម្រាប់ការធ្វើដំណើរទៅបរទេស អត់មានដឹង ថាខ្លួនមានជំងឺហ្នឹងទេ។ ការចេញទៅក្រៅប្រទេសតម្រូវឲ្យមានលិខិតបញ្ជាក់ ដើម្បីចូលប្រទេសគេបាន។ អញ្ចឹងគ្នាខំមកមើល។ ដល់មើលឃើញ។ ដល់យើងតាមទៅ វាចេញកន្លែងហ្នឹង។ ដូច្នេះ ក្រសួងសុខាភិបាល អាជ្ញាធររបស់យើងក៏ធ្វើការខិតខំទៅលើរឿងនេះ ហើយសុំបន្តការខិតខំនេះបន្តទៀត។ ឥឡូវខ្ញុំ ទុកឯកឧត្តម ម៉ម ប៊ុនហេង លោកជំទាវ ឳ វណ្ណឌីន លោកជំទាវ យក់ សម្បត្តិ ដែលអាចមានយោបល់អ្វី ទាន់មានការបន្តផ្ទាល់ ក្រែងលោខ្ញុំនិយាយមិនអស់ អាចរំលឹកខ្ញុំនៅខ្វះខាតរឿងអីទេ? ព្រោះមិញ យើងបានពិភាក្សាគ្នាមុនថាតើមានអ្វីខ្លះ? ៦ ចំណុចនេះគឺខ្ញុំបាននិយាយអស់ហើយ …

ធ្វើការផ្សាយការប្រគំតន្ត្រី និងកីឡាវាយបុក កីឡាផ្សេងៗ តែត្រូវរក្សាគម្លាត

ឥឡូវគឺថ្ងៃនេះតាមពិតទៅគឺថ្ងៃសៅរ៍ ធម្មតាថ្ងៃសៅរ៍គឺគ្រប់ទូរទស្សន៍ទាំងអស់ខ្លះគេវាយបុក ខ្លះគេ concert ហើយខ្ញុំសុំបញ្ជាក់ អត់មានការហាមឃាត់ការវាយបុកដូចកាលពីមុនទេ។ កាលពីមុនខាងសហព័ន្ធកីឡា វាយបុកចាំតែនាំគ្នាអនុវត្ត។ ធ្វើទៅ។ ទូរទស្សន៍គ្នារកស៊ីនឹងផ្សាយពាណិជ្ជកម្ម បើអត់ផ្សាយពាណិជ្ជកម្ម ធ្វើម៉េចគ្នាបានប្រាក់ចំណូល។ Concert អីនោះ ប្រគុំតន្រ្តីអីគ្នាត្រូវធ្វើ បើមិនឲ្យគ្នាធ្វើ ធ្វើម៉េច? ម្យ៉ាងទៀតប្រជាជនឲ្យគាត់នៅផ្ទះ ដល់ឲ្យនៅផ្ទះទូរទស្សន៍អត់មានអីមើលទៀត អញ្ចឹងមិនកើតជំងឺអផ្សុក? អញ្ចឹងទេ សុំឲ្យទូរទស្សន៍នានាបន្តការ(ផ្សាយកម្មវិធី)វាយបុក ប៉ុន្តែអត់មានឲ្យមនុស្សចូលមើលទេ។ បាល់ទាត់ក៏ទាត់​ទៅ ហើយចូលមើលប៉ុន្មានក៏ចូលទៅ ស្តាតធំណាស់ ប៉ុន្តែរក្សាគម្លាតមួយម៉ែត្រកន្លះពីគ្នាទៅ។ ប្រគំតន្រ្តីចេះតែប្រគំទៅ។ ឥឡូវយើងកំពុងអំពាវនាវ។ បើគ្មានការចាំបាច់ កុំទៅណា។ អាហ្នឹងគេហៅដេកផ្ទះឈ្នះឯង។ ប៉ុន្តែនេះដេកផ្ទះឈ្នះឯង ឆ្នាំ ២០២១ នៅសម័យ កូវីដ-១៩ ។ ដូច្នេះ ខ្ញុំនៅតែផ្ទះ ខ្ញុំអត់មានអី ខ្ញុំទៅទទួលទូត បន្ទាប់ពី(ទទួល)ទូត មកនៅផ្ទះ។ អញ្ចឹងមានរឿងអីត្រូវពិបាក។

មិនអនុញ្ញាតឲ្យមានការឆ្លងទៅថៃ ឡាវ វៀតណាម, ពលករមកវិញ ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ

ខ្ញុំសង្ឃឹមថា បងប្អូនជនរួមជាតិរបស់យើងនឹងទទួលយកនូវអ្វីដែលជាការដាក់ចេញនូវការអំពាវនាវ ក៏ដូច ជាដាក់ចេញនូវបទបញ្ជាសម្រាប់ដំណើរការ។ អាជ្ញាធរគ្រប់ទីកន្លែងទាំងអស់បន្តធ្វើកិច្ចការនេះ ដោយទប់ទល់នឹងការរីករាលដាលចេញពីប្រទេសថៃ និងចេញពីវៀតណាម។​ ចេញពីវៀតណាមហាក់ដូចជា ថយចុះ ហើយដូចជាមិនមានបញ្ហាទេ ថៃក៏មានការថយចុះដែរ ក៏ប៉ុន្តែប្រជាពលរដ្ឋរបស់យើងអាចនឹងមក ចូលឆ្នាំ។ ក៏សុំផ្តាំទៅប្រជាពលរដ្ឋរបស់យើងនៅឯព្រះរាជាណាចក្រថៃឲ្យបានជ្រាប ទោះបីមកក៏អត់បាន ចូលឆ្នាំដែរ ព្រោះអី? មកត្រូវធ្វើចត្តាឡីស័កនៅទល់ដែន។ បើថាមកមុន អត់មានបញ្ហាទេ ប៉ុន្តែបើថាមក ដើម្បីតែចូលឆ្នាំ គឺអត់បានចូលឆ្នាំទេ ច្បាស់ជាចូលឆ្នាំនៅក្នុងតំបន់ធ្វើចត្តាឡីស័កហើយ។ អត់ឲ្យធ្លាយមក ក្នុងទេ​។ ដល់ពេលត្រឡប់ទៅថៃវិញ គឺត្រូវធ្វើចត្តាឡីស័កនៅថៃ ១៤ ថ្ងៃ។ មកកម្ពុជាអស់ ១៤ ថ្ងៃ ទៅថៃវិញអស់ ១៤ ថ្ងៃ។ អញ្ចឹងក្មួយៗកម្មករ កម្មការិនីរបស់យើង ពលករពលការិនីនៅប្រទេសថៃ គឺកុំមកកម្ពុជា កុំមកប្រទេស ចូលឆ្នាំនៅហ្នឹងទៅ ជាការល្អ ដើម្បីចៀសវាង។ មកអត់បានសប្បាយដដែល។ គេចូលឆ្នាំតែ ៣ ថ្ងៃ ហើយយើងមកដេកនៅទល់ដែន។ ដល់ដេកនៅទល់ដែនរួចហើយអស់ ១៤ ថ្ងៃថាគ្មាន វិជ្ជមាន បានគេឲ្យចេញ។ ចេញមកដល់ផ្ទះ ត្រឡប់ទៅវិញទៅដេកនៅខាងថៃអស់ ១៤ ថ្ងៃទៀត។

ឥឡូវ ហាមអត់ឲ្យចូលទៅក្នុងប្រទេសថៃទេ។ ខ្ញុំបានបញ្ជាក់ហើយ ស្របច្បាប់ក៏ដោយ មិនស្របច្បាប់ក៏ដោយ។ អត់ឲ្យទៅ។ ខាងថៃគេកំពុងតែគ្រប់គ្រងនៅតាមព្រំដែន កុំឲ្យមានអ្នកចូលទៅក្នុងប្រទេសថៃ។ ឯចំពោះ​ អ្នកដែលត្រឡប់មកវិញ យើងមិនទទួលពលរដ្ឋយើងមិនបាន ព្រោះពលរដ្ឋយើងធ្វើដំណើរត្រឡប់មកវិញហើយ។ យើងត្រូវតែទទួល តែយើងត្រូវធ្វើចត្តាឡីស័ក។ ប៉ុន្តែ អ្នកដែលចង់ឆ្លងដែនពីកម្ពុជាទៅថៃ ពីកម្ពុជាទៅវៀតណាម ពីកម្ពុជាទៅឡាវ យើងមិនអនុញ្ញាតឲ្យទៅទេ។ អញ្ចឹង កងកម្លាំងការពារព្រំដែនទាំងអស់ត្រូវបិទ អត់មានឲ្យចេញទេ ចេញទៅវៀតណាមក៏មិនឲ្យទៅ ចេញទៅថៃក៏មិនឲ្យទៅ ចេញទៅឡាវក៏មិនឲ្យទៅ។ ប៉ុន្តែ បើគាត់វិលត្រឡប់មកស្រុកកំណើត យើងមិនទទួលគាត់អត់កើត ត្រូវតែទទួល ព្រោះហ្នឹងជាពលរដ្ឋរបស់យើង។

ដរាបណា កូវីដ-១៩ មិនទាន់ចប់ មិនអាចវាយតម្លៃថានរណាខ្លាំងពូកែជាងនរណាទេ

ខ្ញុំសុំអរគុណជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ​ ជាមួយបងប្អូនជនរួមជាតិដែលបានយកចិត្ត ទុកដាក់ជាមួយនឹងការផ្សាយបន្តផ្ទាល់នៅពេលនេះ​ ព្រោះនេះជាការចាំបាច់ណាស់ ហើយយើងមិននឹក ស្មានថាតែមួយព្រឹបសោះ ចំនួននៅកម្ពុជាឡើងជាង ៥០០ ទៅហើយ។ ហក់តែមួយភ្លែតដល់ ៣២ នាក់បាត់។ មិនដឹងថាថ្ងៃនេះយើងរកឃើញប៉ុន្មានទៀត? គ្រាន់តែយើងមិនទាន់មានអ្នកស្លាប់តែប៉ុណ្ណោះ។ ដូច្នេះជំងឺនេះមិនអាចនឹងធ្វេសប្រហែសបានទេ។ យើងមើលមិនឃើញទាល់តែសោះ … ដរាបណា កូវីដ-១៩ មិនទាន់ចប់ ពេលនោះកុំអាលអួតថាខ្លាំងពូកែ គ្រប់គ្រងបានឬមិនបាន។ គ្រាន់តែរយៈពេលកន្លងទៅ យើងគ្រប់គ្រងបានល្អ ហើយចង់ឲ្យល្អពីនេះទៅទៀត រហូតដល់ជំងឺ កូវីដ-១៩ អស់ចេញពីពិភពលោក ទើបយើងប៉ាន់ស្មានបាន។ រឿងនេះអត្តនោម័ត អត់បានទេ។ ព្រះរាជាណាចក្រថៃ ព្រឹបភ្លាមឡើងពីប្រមាណជាង ៦០០០ ទៅ ៧០០០ ឥឡូវដល់ជាង ២ ម៉ឺននាក់។ វៀតណាមឆ្លងមួយព្រឹបប៉ុន្មានរយនាក់ភ្លាម ធ្វើឲ្យចំនួនកើនឡើងពីត្រឹមតែជាង ១០០០ នាក់បន្តិច ដល់ជាង ២០០០ នាក់។ ឯយើងរក្សាត្រឹមតែជាង ៣០០ ប៉ុន្តែពេលពលករមកពីថៃព្រឹប ឆ្លងប្រមាណជា ៨០-៩០ នាក់ ធ្វើឲ្យចំនួននេះឡើងដល់ជិត ៤០០ ថ្ងៃនេះឡើងដល់ជាង ៥០០ ហើយ។

នេះជារឿងគួរឲ្យសោកស្តាយដែលយើងបានខិតខំ ប៉ុន្តែយើងនៅតែមានជំនឿថា យើងនឹងដោះស្រាយបានបញ្ហាប្រឈមដ៏ធំនេះ។ សុំកុំមានការរើសអើងឲ្យសោះ ទាំងអ្នកទីក្រុងភ្នំពេញទៅជនបទ ទៅលេងកន្លែងនេះកន្លែងនោះ ទាំងចំពោះបងប្អូនពលករចិន ក៏ដូចជាជនជាតិបរទេសទាំងឡាយដែលកំពុងព្យាបាលនៅកម្ពុជា មាន ឥណ្ឌូនេស៊ី មានឥណ្ឌា (ក្នុងនឹង)ឥណ្ឌូនេស៊ីដូចជាច្រើនជាងគេ។ ខ្ញុំសុំបញ្ជាក់ទៅលើរឿងនេះ ហើយសុំជាថ្មីម្តងទៀត អរគុណ និងជូនពរ ប្រគេនពរចំពោះព្រះតេជព្រះគុណ គ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ សុំប្រកបតែពុទ្ធពរ ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ