ប្រធាន​អាជ្ញាធ​រជាតិ​អប្សរា​ជួប​ពិភាក្សា​ការងារ​ជាមួយ​អ្ន​កជំនាញ​ការ​ជាន់​ខ្ពស់មុ​ន​កិច្ចប្រជុំ​បច្ចេក​ទេស​ នៃគណៈ​កម្មាធិការ​អាយ​ស៊ីស៊ី​អង្គរ

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២០ ខែមិថុនា នេះ បានជួបពិភាក្សាការងារជាមួយអ្នកជំនាញការជាន់ខ្ពស់នៃគណ:កម្មាធិការអាយសីុសីុអង្គរ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ កិច្ចពិភាក្សានេះរៀបចំឡើងមួយថ្ងៃមុនកិច្ចប្រជុំបច្ចេកទេសលើកទី២៨នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២១ដល់ទី២២ ខែមិថុនា ឆ្នាំ២០១៧។

គោលបំណងនៃជំនួបពិភាក្សានាពេលនេះគឺសំដៅផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកនៃផលប៉ះពាល់ដែលកើតចេញពីការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចសង្គម និងកំណើនប្រជាជននៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកក្នុងប្រទេសនានា និងជម្រុញតុល្យភាពរវាងការងារអភិរក្ស និងអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលចំណុចនេះបានក្លាយជាចំណុចស្នូលយ៉ាងសំខាន់របស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាគណ:កម្មាធិការអាយសីុសីុអង្គរដែរ។

កិច្ចពិភាក្សាក៏បានលើកឡើងនូវស្ថានភាពនៃការងារអភិរក្សរមណីយដ្ឋានអង្គរ លទ្ធភាពផ្សេងៗដែលបានជំរុញភាពជោគជ័យជាបន្តបន្ទាប់ និងការបណ្តុះបណ្តាលធន​ធាន​​មនុស្សនាពេលអនាគត។ ទន្ទឹមនឹងនោះ ការប្រឈមមួយចំនួនដែលជាកង្វល់​ប៉ះ​ពាល់ដល់ដំណើរការនៃកិច្ចគាំពាររមណីយដ្ឋានអង្គរ ជាពិសេសការរីករាលដាលនៃសំណង់​ខុសច្បាប់ដែលបានកើតឡើងយ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះ ក៏បានលើកយកមកពិភាក្សាផងដែរ។

ក្រៅពីផ្តល់អនុសាសន៍ និងបទពិសោធន៍ដល់ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ អ្នកជំនាញការជាន់ខ្ពស់មួយចំនួនដែលបាន​មក​បំពេញការងារ នៅកម្ពុជារយៈពេលជាង២០ឆ្នាំតាំងពីការចុះបញ្ជីអង្គរជាបេតិ​កភណ្ឌពិភពលោក និងជាសាក្សីរស់ បានសម្តែងនូវការកោតសរសើរដល់កិច្ចខិតខំរបស់​រាជរដ្ឋាភិបាលកម្ពុជាលើវិស័យវប្បធម៌និងបេតិកភណ្ឌ និងការអភិវឌ្ឍរីក​ចម្រើន​ដ៏អស្ចារ្យលើគ្រប់វិស័យរបស់កម្ពុជាក្នុងរយ:ពេលកន្លងមកនេះ ជាពិសេសការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយនិងបញ្ញាញាណរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រនិងផ្តល់លទ្ធភាពគ្រប់បែបយ៉ាងលើវិស័យវប្បធម៌និងបេតិកភណ្ឌ។

សូមបញ្ជាក់ថា អ្នកជំនាញការជាន់ខ្ពស់ទាំងនោះមានចំនួន៦រូប ក្នុងនោះមាន៣រូប ជាអ្នកជំនាញផ្នែកខាងអភិរក្សជួសជុល និង៣រូបទៀត ជាអ្នកជំនាញខាងការងារអភិវឌ្ឍប្រកបដោយចីរភាព៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ