ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ក្នុងឱកាសប្រជុំបច្ចេកទេសលើកទី២៨ នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ ប្រតិភូមកពីស្ថាប័នជាតិ ស្ថានទូត ស្ថាប័នផ្សេងៗដែលកំពុងមានសកម្មភាពជួសជុល ថែរក្សា និងអភិរក្សនៅរមណីយដ្ឋានអង្គរ បានចូលសម្តែងការគោរពដល់វិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា។
ពិធីគោរពវិញ្ញាណក្ខន្ធនេះ ធ្វើឡើងស្របពេលដែលថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំពិធីបុណ្យខួបគម្រប់១០០ថ្ងៃនៃមរណភាពរបស់សម្តេចវិបុលបញ្ញា នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
ការចូលរួមគោរពវិញ្ញាណក្ខន្ធដល់សម្តេចវិបុលបញ្ញា សុខ អាន របស់ប្រតិភូនៃអង្គប្រជុំនាពេលនេះ គឺជាការសម្តែងនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងស្រណោះអាលោះអាល័យជាទីបំផុតចំពោះសម្តេចវិបុលបញ្ញា សុខ អាន ដែលធ្លាប់បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាញាណដើម្បីបុព្វហេតុនៃការងារអភិរក្សថែរក្សារមណីយដ្ឋានអង្គរ ជាពិសេសគឺការដឹកនាំអង្គប្រជុំនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរឲ្យដំណើរការយ៉ាងជោគជ័យគ្រប់ពេលទាំងអស់។
សូមបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងប្រធានអាជ្ញាធរជាតិអប្សរា បានទទួលមរណភាពកាលពីថ្ងៃ៣រោជ ខែផល្គុន ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧វេលាម៉ោង១៨:៣២នាទីដោយរោគាពាធក្នុងជន្មាយុ៦៦ឆ្នាំ៕