ថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តអនុសញ្ញាការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW)ផ្សាភ្ជាប់ច្បាប់ជាតិពាក់ព័ន្ធ និងអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីជាថ្នាក់ដឹកនាំ នៃទីស្តីការគណៈរដ្ឋមន្រ្តី។
លោកជំទាវ ប៊ុនឈិត វាសនា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអចិន្រៃ្តយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី តំណាងលោកជំទាវ អ៊ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា អនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW)គឺជាកម្រងសិទ្ធិស្រ្តី ដែលទាមទារឱ្យ មានសមភាពពិតប្រាកដពោលគឺសមភាពក្នុងច្បាប់ គោលនយោបាយ និងក្នុងការអនុវត្តជាក់ស្តែង។ ក្នុងរយៈពេល២៥ឆ្នាំនៃការអនុវត្តអនុសញ្ញាCEDAW រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋភាគីបានចាត់ទុកអនុសញ្ញានេះ ជាឧបករណ៍ដ៏សំខាន់មួយក្នុងការ ការពារសិទ្ធិស្រ្តីលើគ្រប់វិស័យនិងបានដាក់បញ្ចូលនូវគោលការណ៍គ្រឹះនៃអនុសញ្ញានេះទៅក្នុងច្បាប់ជាតិ ក្របខណ្ឌគោលនយោបាយ និងកំណែទម្រង់នានាស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាពិសេសគោលដៅទី៥ ដើម្បីឈានទៅសម្រេច បាននូវសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី និងធានាថាមិនទុកនរណាម្នាក់នៅឯកោឡើយ។ លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា វឌ្ឍនភាពនៃការអនុវត្តអនុសញ្ញាCEDAW ត្រូវបានវាយតម្លៃខ្ពស់ដោយគណៈកម្មាធិការCEDAW បានបង្ហាញពីការរីកចម្រើនលើការលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីគួរឱ្យកត់សម្គាល់ និងជាបន្តបន្ទាប់។
តាមបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារនៃក្រុមការងារបញ្រ្ជាបយេនឌ័រឆ្នាំ២០១៩ របស់លោកជំទាវ ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រុមការងារបញ្ជ្រាបយេនឌ័របានសហការជាមួយក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី រៀបចំបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយអំពីយេនឌ័រ ភាពជាអ្នកដឹកនាំ និងអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) បានចំនួន៨លើក ដែលមានការចូលរួមពីសិក្ខាកាមសរុប ៦៧១រូប(ស្រី២៦៧រូប)។ លោកជំទាវ បានមានប្រសាសន៍បញ្ជាក់ថា ក្រោយពីបានចូលរួមសិក្ខាសាលា ចំណុចសំខាន់ៗ២ដែលសិក្ខាកាមទទួលបានគឺ៖ ១-យល់ដឹងពីទស្សនៈ និងការយល់ឃើញអំពីពាក្យយេនឌ័រក្នុងសង្គមបច្ចុប្បន្ន ដែលជាផ្នត់គំនិត ការកំណត់ឬឥរិយាបទរបស់សង្គម សហគមន៍ ឬគ្រួសារ សំដៅលើតួនាទី ការទទួលបានសិទ្ធិអំណាច និងការងារផ្សេងៗមកលើបុរសនឹងស្រ្តី និងទី២-យល់ដឹងអំពីអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW)ដែលធ្វើឱ្យនារីទទួលបានសិទ្ធិពិតប្រាកដ ផ្អែកទៅលើគោលការណ៍គ្រឹះសមភាពពិតប្រាកដនិងការមិនរើសអើងរវាងបុរសហើយនិងស្រ្តី។
មានមតិសំណេះសំណាល ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានអបអរសាទរ និងកោតសរសើរដល់ក្រុមការងារបញ្រ្ជាបយេនឌ័រនៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលមាន លោកជំទាវ ឆាយ វ៉ាន់នឿន ជាប្រធាននិងសហការីទាំងអស់បានរៀបចំកម្មវិធីនាថ្ងៃនេះឡើង ដើម្បីផ្សព្វផ្សាយ ចែករំលែកព័ត៌មាននិងបង្កើនការយល់ដឹងដល់មន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តីអំពីវឌ្ឍនភាពសំខាន់ៗដែលកម្ពុជាសម្រេចបានក្នុងការអនុវត្តអនុសញ្ញា CEDAW និងការអនុវត្តសេចក្តីសង្កេតសន្និដ្ឋាន៥៧ចំណុចរបស់ គណៈកម្មាធិការ CEDAW នៃអង្គការសហប្រជាជាតិ លើរបាយការណ៍ជាតិលើកទី៦ រួមទាំងបង្កើនការយល់ដឹងនៃការអនុវត្តអនុញ្ញានេះឱ្យមានសង្គតិភាពទៅនឹងច្បាប់ជាតិ គោលនយោបាយនានាជាពិសេស ការអនុវត្តអនុសាសន៍គន្លឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី។ នៅក្នុងឱកាសនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញកិច្ចការពារសិទ្ធិស្រ្តី និងលើកកម្ពស់សមភាពយេនឌ័រដោយបានកំណត់ថា«ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏បានបន្តបញ្ចូលគោលការណ៍គ្រឹះនៃអនុសញ្ញាCEDAWទៅក្នុងក្របខ័ណ្ឌជាតិ និងកំណែទម្រង់នានា ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាពិសេសគោលដៅទី៥ដើម្បីឈានទៅសម្រេចបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី និងធានាថាមិនទុកនរណាម្នាក់នៅឯកោឡើយ។ ដូចមានបញ្ជាក់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម គឺជាសមាសធាតុដ៏សំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស។ ហេតុនេះ ការរៀបចំឱ្យមានសិក្ខាសាលាផ្សព្វផ្សាយនាថៃ្ងនេះ មានសារសំខាន់ចំពោះមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងការទទួលបានព័ត៌មាន និងបង្កើនការយល់ដឹងអំពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបានលើកិច្ចការពារសិទ្ធិរបស់ស្រ្តី និងសមភាពយេនឌ័រនៅកម្ពុជា តាមរយៈការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា ឆ្លើយតបទៅនឹងអនុសញ្ញា CEDAWនិងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិស្រ្តី។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍បញ្ជាក់ថា ឆ្លើយតបនឹងយុទ្ធសាស្រ្តខាងលើ ទីស្តីការគណៈរដ្ឋមន្រ្តីបានរៀបចំនិងដាក់ឱ្យអនុវត្តរួមមកហើយនូវផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ ឆ្នាំ២០១៧–២០២០ដោយចាត់ទុកផែនការយុទ្ធសាស្រ្តជាក្របខណ្ឌការងារដ៏សំខាន់មួយនិងជាឧបករណ៍ដ៏សំខាន់ក្នុងការជំរុញលើកកម្ពស់សមភាពយេនឌ័រនៅក្នុងរចនាសម្ព័ន្ធកម្មវិធី និងផែនការសកម្មភាពក្នុងទីស្តីការគណៈរដ្ឋមន្រ្តី។ ទីស្តីការគណៈរដ្ឋមន្រ្តីនឹងបន្តអនុវត្តព្រមទាំងធ្វើបច្ចុប្បន្នភាពលើផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រឆ្នាំ២០១៧ -២០២០ នៅឆ្នាំបន្ទាប់ ដោយប្រើប្រាស់សក្តានុពលនិងកាលានុវត្តភាពនានា ដើម្បីបង្កើនការចូលរួមរបស់មន្រ្តីរាជការជាស្រ្តី ទាំងបរិមាណ និងគុណភាព ក្នុងតួនាទីធ្វើសេចក្តីសម្រេច។ តាមរយៈផែនការនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សង្ឃឹមយ៉ាងមុតមាំថា ស្រ្តីកាន់តែច្រើននឹងទទួលបានការតែងតាំងក្នុងមុខដំណែងធ្វើសេចក្តីសម្រេច និងអភិវឌ្ឍសមត្ថភាពឱ្យគ្រប់គ្រាន់ក្នុងការបំពេញតួនាទីជាអ្នកដឹកនាំប្រកប ដោយគុណភាព ដើម្បីចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕












