រាជរដ្ឋាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋបន្តថែរក្សាអនាម័យសុខភាពឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អំពាវនាវដល់បងប្អូនប្រជាជននៅទូទាំងប្រទេស ឱ្យបន្តអនុវត្តន៍​វិធានការថែរក្សាអនាម័យ​សុខភាពឱ្យបានខ្ជាប់ខ្ជួន ចូលរួមសហការឱ្យបានល្អជាមួយអាជ្ញាធរមាន​សមត្ថកិច្ចគ្រប់លំដាប់​ថ្នាក់ ជឿជាក់លើសមត្ថភាពនិងវិធានការរបស់រាជរដ្ឋាភិបាល និងមកទទួលការពិនិត្យព្យា​បាល​ឱ្យបានទាន់ពេលវេលា ក្នុងករណីសង្ស័យថាមានរោគសញ្ញាជំងឺកូវីដ-១៩។

ក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធី​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាក៏ដូចបណ្ដាប្រទេសនៅលើពិភពលោក បាននិងកំពុងទទួលរង​ផល​ប៉ះពាល់ជាសកលពីមេរោគកូវីដ-១៩ (COVID-19) ការឆ្លងរាលដាលនៃជំងឺនេះ កំពុងមាន​សភាព​ធ្ងន់ធ្ងរ និងមិនទាន់មានសញ្ញាថមថយនៅឡើយ។  ប្រឈមនឹងផលវិបាកដោយ​សារមេរោគកូវីដ១៩នេះ ដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជួយសម្រាលបន្ទុកប្រជាជន​ប្រកបមុខរបរក្នុងវិស័យរងផលប៉ះពាល់ មានជាអាទិ៍ វិស័យទេសចរណ៍ និងឧស្សាហកម្ម​កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបជាដើម។ សម្ដេចតេជោបានលើកឡើងថា រាជរដ្ឋាភិបាលក៏បានសម្រេចបិទជាបណ្ដោះអាសន្ន នូវគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន​គ្រប់​កម្រិត ការប្រគុំតន្ត្រី ការជួបជុំលក្ខណៈសាសនា រោងភាពយន្ត ក្លឹបកម្សាន្ត និងខារ៉ាអូខេ​ផងដែរ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល និងបានបង្កើតគណៈកម្មាធិការ​ជាតិប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩ ដឹកនាំផ្ទាល់ដោយទូលព្រះបង្គំជាខ្ញុំនាយករដ្ឋមន្ត្រី ព្រមទាំងបាន​បង្កើត​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ទន្ទឹមនេះ រាជ​រដ្ឋា​ភិបាលបានណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ឱ្យកំណត់ទីតាំងជាក់លាក់ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ដែលមានប្រព័ន្ធទឹក ភ្លើង គ្រែស្រាប់ ឬសាលារៀន ក្នុងករណីមិនអាចរកទីតាំងសមរម្យបាន ដើម្បីត្រៀមទទួល និង​ព្យាបាលជំងឺកូវីដ-១៩។

ក្នុងសារលិខិតបានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកំពុងបន្តតាមដាន​ការវិវត្ត​នៃ​ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩នេះ និងបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចាត់​វិធាន​ការចាំបាច់ និងបន្ទាន់ជាបន្តបន្ទាប់បន្ថែមទៀត ដើម្បីការពារ និងពិនិត្យព្យាបាលជូន​ដល់ប្រជាជនឱ្យនាមទាន់ពេលវេលា។ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា យើងនឹងឆ្លង​ផុតពីដំណាក់កាលដ៏លំបាកនេះ នាពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ដែរថា បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបាន​បង្ហាញអំពីស្ថានភាពជំងឺកូវីដ១៩នៅទូទាំងប្រទេស គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រួមមាន៖ អ្នកព្យាបាលជាសះស្បើយ សរុបកើនដល់ចំនួន ៦៨នាក់ អ្នកដែលកំពុង​សម្រាកព្យាបាលមានចំនួន ៥០នាក់ ក្នុងចំណោមអ្នកដែលមានវីរុសកូវីដ-១៩​ដែលបានរក​ឃើញ​នៅទូទាំងប្រទេសចំនួន ១១៨នាក់៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ