សម្ដេចតេជោ ហ៊ុន សែន សុំការយោគយល់ពីបងប្អូនសាសនិកខ្មែរ-ឥស្លាម ដែលត្រូវលុប កម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិលើកទី៧

ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ — ជាមួយនឹងការជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិក​ខ្មែរឥស្លាម-កម្ពុជា ក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភព​លោក​ដែលបានចូលបួសខែរ៉ាម៉ាឌននោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បានសុំការយោគយល់ពីបងប្អូនសាសនិកខ្មែរ-ឥស្លាមផងដែរ ដែលត្រូវលុប​កម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិលើកទី៧ ដែលគ្រោងថ្ងៃទី២៩ ខែ មេសា ២០២០។

នៅលើផេកផ្លូវការ នា​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០ របស់សម្ដេចតេជោ​បាន​សរសេរថា “ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំនិងភរិយាសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរ​ឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំង​ពិភពលោក​ផងដែរ ដែលបានចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃសុក្រ ទី០១ ខែរ៉ម៉ា​ឌន ឆ្នាំ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ដែលត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២០”។ សម្ដេចតេជោនាយក​រដ្ឋមន្ត្រី​បានបន្តថា សម្ដេច​សូមផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូន​ខ្មែរ​ឥស្លាមកម្ពុជា ដែល​បានចូលរួមថែរក្សាសុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំ​របស់សម្ដេច និង​របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក រួមនឹងប្រជាជនកម្ពុជា។

ជាមួយគ្នានេះ សម្ដេចតេជោក៏សូមអធ្យាស្រ័យសុំការយោគយល់ពីបងប្អូនសាសនិក​ខ្មែរឥស្លាម ដែលត្រូវលុបកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិលើកទី៧ ដែលបានគ្រោង​ថ្ងៃទី២៩ ខែ មេសា ២០២០ ការផ្អាកការថ្វាយបង្គំនៅតាមវិហារ ស៊ូរ៉ាវ ការជួបជុំលក្ខណៈ​សាសនា និងសុំបន្កការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជា​សេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាម-កម្ពុជា ទៅតាម​គោល​​ការណ៍របស់រាជរដ្ឋាភិបាល បើទោះបីនៅក្នុងប្រទេសកម្ពុជាយើង ហាក់មានសភាព​ធូរស្រាល ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួន និង ធ្វេសប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវ​នេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច។ សម្ដេចតេជោក៏បានបួងសួង សុំឱ្យបងប្អូនទាំងអស់​ទទួលបាននូវសេចក្តីសុខស្លាម៉ាត់ ករុណារ៉ោះម៉ាត់ និងចម្រើនញ្ហរ៉កាត់គ្រប់ៗ​គ្នាពី​ព្រះអល់​ឡោះ និងសុំឱ្យព្រះអល់ឡោះទទួលយកនូវកុសលផលបុណ្យ ខែបួសរ៉ាម៉ាឌនទាំង​អស់​​ដែល​បងប្អូនបានប្រតិបត្តិសាងឡើងកុំបីអាក់ខានឡើយ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ