ពិធីបុណ្យខួបគម្រប់៣ឆ្នាំ និងតម្កល់អដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបញ្ចប់ដែលដឹកនាំដោយសម្តេច សាយ ឈុំ និងសម្តេច គង់ សំអុល

59

(ភ្នំពេញ)៖ ពិធីបុណ្យខួបគម្រប់៣ឆ្នាំ និងតម្កល់អដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន ដង្ហែរដោយថ្មើជើង ត្រូវបានបញ្ចប់ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ ដែលដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជរាំង។

ពិធីនេះ ក៏មានការរួមពីសំណាក់លោក លោកស្រី ដែលជាឥស្សរជនជាន់ខ្ពស់របស់ជាតិ លោកឧកញ៉ា ភ្ញៀវជាតិ-អន្តរជាតិ មន្ត្រីរាជការតាមក្រសួង-ស្ថាប័ន និងមន្ត្រីរាជការអញ្ជើញមកពីតាមបណ្តាស្រុក-ក្រុង នៃខេត្តតាកែវ ជាពិសេសស្រុកគិរីវង់ និងស្រុកទ្រាំង ដែលជាស្រុកកំណើតរបស់សម្តេចវិបុលបញ្ញាជាច្រើនរូប ដើម្បីយកអដិ្ឋធាតុសម្តេចវិបុលបញ្ញា ទៅតម្កល់នៅប្រាង្គចេតិយក្នុងវត្តសារ៉ាវ័នតេជោ រាជធានីភ្នំពេញ តាមគន្លងព្រះពុទ្ធសាសនា។

កម្មវិធីបុណ្យបានចាប់ផ្តើមនៅម៉ោង៦ព្រឹក ជួបជុំភ្ញៀវកិត្តិយស និងសាច់ញាតិទាំងអស់ ធ្វើពិធីខមាទោសអដ្ឋិធាតុ សម្តេចវិបុលបញ្ញា និងព្រះសង្ឈស្វាធ្យា នូវព្រះសត្កប្បករណាធិធម្ម (បង្សុកូល) មុននឹងចាប់ផ្តើមពិធីដង្ហែអដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន ឆ្ពោះទៅកាន់វត្តសារ៉ាវ័នតេជោ រាជធានីភ្នំពេញ ដោយថ្មើជើង។

ដើម្បីឱ្យសាកសមទៅនឹងស្នាដៃ ការលះបង់ដ៏ធំធេង និងកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់សម្តេចវិបុលបញ្ញា សុខ អាន រដ្ឋបាលរាជធានីភ្នំពេញ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានសហការរៀបចំក្បួនដង្ហែអដ្ឋិធាតុ សម្តេចវិបុលបញ្ញា សុខ អាន យ៉ាងអធិកអធម ដោយឱ្យមានក្បួនដង្ហែ រួមមាន៖ ក្បួនទី១ រថយន្តកូរោនរូបថត, ក្បួនទី២ រថយន្តព្រះពុទ្ធរូប និងព្រះអភិធម្ម១ព្រះអង្គ និងក្បួនទី៣ រថយន្តបុស្សុក តម្កល់អដ្ឋិធាតុ ដោយបានរៀបចំជាផែនៗរួមមាន៖ ផែនមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រី ផែនយុវជនកាយរឹទ្ធិ ផែនយុវជនកាកបាទក្រហម ផែនយុវជន ស.ស.យ.ក ផែនភ្លេងក្លងឆ្នៈ អាចារ្យ ក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ សរុបប្រមាណ ៨០០នាក់។

ភាពជោគជ័យដ៏ធំធេងលើការងារបម្រើប្រជាជាតិ និងមាតុភូមិ និងភាពជោគជ័យលើការកសាងជីវិតគ្រួសារប្រកបដោយសុខដុមភាព ជាសក្ខីកម្មបញ្ជាក់យ៉ាងច្បាស់ថា សម្តេចវិបុលបញ្ញា សុខ អាន ពិតជាបុគ្គលមួយរូបដែលទទួលបានជោគជ័យយ៉ាងពិតប្រាកដ ក្នុងដំណើរជីវិតរបស់លោក។

គួរបញ្ជាក់ផងដែរថា ប្រាង្គចេតិយតម្កល់អដិ្ឋធាតុ សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានសាងសង់ឡើងដោយគោរពតាមរចនាបថ និងក្បួនខ្នាតនៃសំណង់ ក្នុងវិស័យព្រះពុទ្ធសាសនា និងក្រឹត្យក្រមស្ថាបត្យកម្មបុរាណខ្មែរសុទ្ធសាធ ដោយត្រូវបានគូសប្លង់រចនាទាំងស្រុង ស្ថាបត្យករកូនខ្មែរ ប្រកបដោយភាពផ្ចិតផ្ចង់បំផុត។

បន្ថែមពីលើក្បាច់រចនាដ៏ស្រស់ស្អាត និងលក្ខណៈខ្មែរ ប្រាង្គចេតិយនេះក៏មានបិទនូវបន្ទះម៉ូសេអិកពណ៌ទឹកមាសភ្លឺស្រស់ ដែលរឹតតែរំលេចនូវវិចិត្រភាព និងប្រណីតភាពនៃសំណង់ ប្រកបរចនាបថស្អាតប្លែកសមស្របតាមការវិវឌ្ឍនៃសង្គមបច្ចុប្បន្ន។ ប្រាង្គចេតិយ ត្រូវបានរៀបចំពិធីលើកឆ័ត្ររួត និងអភិសេកឆ្លង កាលពីព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ។

គួរបញ្ជាក់ថា សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព កាលពីវេលាម៉ោង០៦៖៣២នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ៕