ពិធីបុណ្យខួប៣ឆ្នាំ៖ សម្តេចវិបុលបញ្ញា សុខ អាន ជីវិតពោរពេញដោយការប្តេជ្ញាចិត្ត

85

(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០នេះគឺជាគម្រប់ខួប៣ឆ្នាំ នៃមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន។ រយៈពេល៣ឆ្នាំមកហើយ ដែលប្រទេស ជាតិនិងប្រជាជនកម្ពុជាបានបាត់បង់កុលបុត្រដ៏ឆ្នើមរបស់ខ្លួន គឺសម្តេចវិបុលបញ្ញា សុខ អាន ដែលជាឥស្សរជននិងជាមេដឹកនាំដ៏ឆ្នើមមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងបានបូជាកម្លាំងកាយចិត្តបញ្ញាស្មារតីពុះពារជម្នះរាល់ឧបសគ្គទាំងឡាយ ក្នុងការចូលរួមស្តារនិងកសាងប្រទេសជាតិរហូតទទួលបានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ក្នុងក្របខណ្ឌនៃពិធីបុណ្យគម្រប់ខួប ៣ ឆ្នាំនេះ សៀវភៅមានចំណងជើងថា «សម្តេចវិបុលបញ្ញា សុខ អាន ជីវិតពោរពេញដោយការប្តេជ្ញាចិត្ត» ត្រូវបានរៀបចំនិងបោះពុម្ពចែក ផ្សព្វផ្សាយជូនដល់អ្នកចូលរួមរួមក្នុងពិធីបុណ្យ។

ផ្តួចផ្តើមគំនិតនិងចងក្រងដោយលោក សុខ សូកាន ជា កូនប្រុសរបស់សម្តេចវិបុលបញ្ញា សុខ អាននិងលោកជំទាវ ថេង អាយអាន្នី បច្ចុប្បន្នមានតួនាទីជាតំណាងរាស្ត្រមណ្ឌលតាកែវ សៀវភៅនេះមានកម្រាស់ជាង ២០០ ទំព័រដែលលោក សុខ សូកាន បានសរសេរថា «ដោយក្តីចងចាំជានិច្ចចំពោះលោកឪពុកជាទីគោរពស្រឡាញ់ ដែលជាវីរៈបុរសនៃគ្រួសារ និងមាតុភូមិ»

សៀវភៅនេះបានលើកឡើងពីកម្រងជីវិតរបស់សម្តេចវិបុលបញ្ញា សុខ អាន ចាប់ពីបឋមវ័យ ការឆ្លងកាត់ របបអន្ធកាលខ្មែរក្រហមការកសាងជីវិតសារជាថ្មីក្រោយពីប្រទេសជាតិនិងប្រជាជនកម្ពុជាត្រូវបានសង្គ្រោះ ឱ្យរួចរស់រានមានជីវិត និងដំណើរការស្វែងរកសន្តិភាពនិងបង្រួបបង្រួមជាតិ និងសមិទ្ធផលជាច្រើនដែល សម្តេចវិបុលបញ្ញាបានចូលរួមដឹកនាំ និងសម្រេចបាន។

ក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន បានឧទ្ទិសសៀវភៅនេះដល់ដួងវិញ្ញាណក្ខន្ធសម្តេចវិបុល បញ្ញាដែលជាឧត្តមស្វាមី លោកឪពុក លោកឪពុកក្មេក ជីតាប្រកបដោយព្រហ្មវិហារធម៌ដ៏ប្រពៃ និងគុណូប ការៈដ៏ធំមហិមាមិនអាចកាត់ថ្លៃបាន។ ក្រុមគ្រួសារសម្តេចវិបុលបញ្ញាបានលើកឡើងក្នុងអារម្ភកថាថា «ការចងក្រងសៀវភៅនេះឡើងដើម្បីរំឭកដល់ពលិកម្មដ៏ធំធេងរបស់ សម្តេចវិបុលបញ្ញា ដែលស្ទើរតែពេញមួយជីវិត សម្តេចបានបំពេញបេសកកម្មជូនជាតិមាតុភូមិប្រកបដោយ ការប្តេជ្ញាចិត្តដ៏មោះមុត និងការលះបង់ខ្ពស់ទាំងកម្លាំងកាយកម្លាំងចិត្តក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដែល វីរៈភាពនេះយើងខ្ញុំចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ» ។

សៀវភៅនេះត្រូវបានរៀបចំបោះពុម្ពជាពិសេសសម្រាប់គម្រប់ខួប ៣ ឆ្នាំនៃការធ្វើមរ ណកាលរបស់សម្តេចវិបុលបញ្ញា និងដើម្បីសម្តែងនូវកតញ្ញូតានិងកតវេទិតាធម៌ដ៏ជ្រៀលជ្រៅរបស់ក្រុមគ្រួសារព្រមទាំងសហសេវិក និងសហការិទាំងអស់ដែលធ្លាប់បំពេញការងារក្រោមការដឹកនាំរបស់សម្តេច។

សៀវភៅដែលចងក្រងនេះគឺជាកម្រងអនុស្សាវរីយ៍នៃដំណើរជីវិតរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលពោរពេញទៅដោយប្រវត្តិតស៊ូដ៏អស្ចារ្យ គំរូវីរភាពដ៏ថ្លៃថ្លា ស្នាដៃដ៏វិសេសវិសាល និងកេរ្តិ៍ឈ្មោះដ៏ឧត្តុង្គឧត្តម ក្នុងបុព្វហេតុនៃការកសាង ការការពារជាតិមាតុភូមិរយៈពេល ៥ ទសវត្សរ៍ ហើយបានចូលរួមចំណែកយ៉ាង សំខាន់ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាពវឌ្ឍនភាព មោទនភាពជាតិ ជាពិសេសបានលើកកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។ សៀវភៅនេះក៏អាចជាឯកសារមួយដែលជាប្រភពសម្រាប់ការសិក្សាស្វែងយល់ដើម្បី ឈ្វេងយល់ពីទិដ្ឋភាពវិជ្ជមានមួយនៃសង្គមខ្មែរ។

សៀវភៅ «សម្តេចវិបុលបញ្ញា សុខ អាន ជីវិតពោរពេញដោយការប្តេជ្ញាចិត្ត» ក៏បានរំលេចឡើងនូវបសំសកថា ដែលដកស្រង់ចេញពីលិខិតចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន ពីសំណាក់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជាដែលព្រះអង្គមានបន្ទូលថា «…មរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើមនៃប្រទេស ជាតិ និងប្រជាជនកម្ពុជាដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ រហូតដល់ប្រទេសជាតិទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍ ជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អព្រមទាំងរក្សាបានឯករាជ្យជាតិ និងបូរណភាពទឹកដី»

បសំសកថាដែលដកស្រង់ចេញពីសាររំលែកទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «យើងបានបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបដែលជាសហការីផង និងមិត្តភ័ក្តិគួរជាទីរាប់អានផង។ យើងខ្ញុំសូមចងក្រងទុកនៅ ក្នុងចិត្តនូវគុណបំណាច់ទាំងឡាយរបស់សម្តេចបានបន្សល់ទុកចំពោះប្រទេសជាតិហើយដែលត្រូវចរិកទុក នៅក្នុងទំព័រប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា»

ឥស្សរជនជាតិនិងអន្តរជាតិជាច្រើនរូបទៀតក៏បានបង្ហាញនូវ សមានចិត្តគោរពស្រឡាញ់ និងចង់ចាំហើយវាយតម្លៃខ្ពស់ចំពោះការលះបង់របស់សម្តេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។

សូមអញ្ជើញអានកម្រងជីវិតរបស់សម្តេចវិបុលបញ្ញា សុខ អាន