សម្ដេចតេជោ ហ៊ុន សែន អបអរសាទរដល់សាធារណរដ្ឋប្រជាមានិតចិន ចំពោះវឌ្ឍនភាព នៃការខិតខំប្រឹងប្រែង ដើម្បីជម្នះនូវគ្រោះមហន្តរាយនៃជំងឺកូវីដ-១៩

បាត់ដំបង ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​ក្នុងនាម​រាជរដ្ឋាភិបាលកម្ពុជាសម្ដែងនូវការអបអរសាទរ ជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន ចំពោះវឌ្ឍនភាពនៃការខិតខំប្រឹងប្រែង ដើម្បីជម្នះនូវគ្រោះមហន្តរាយនៃជំងឺកូវីដ-១៩។

ថ្លែងក្នុងពិធីអបអរសាទរបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ«ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» នារសៀលថ្ងៃទី ១៤ ខែមីនាឆ្នាំ២០២០ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឥឡូវនេះមិនមែនប្រទេសចិនទៀត​ទេដែលជា​ប្រទេសផ្ទុះចេញនូវមេរោគ កូវីដ-១៩ ប៉ុន្តែតំបន់អឺរ៉ុបទៅវិញទេ​ដែលអង្គការសុខភាពពិភព​លោក​​បានប្រកាសដាក់ទៅក្នុងភាពអាសន្នមួយ ដែលជាចំណុចកណ្ដាលនៃការផ្ទុះកូវីដ-១៩ ។​សម្ដេចតេជោបានបន្តថា   ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា យើងក៏សូម​សម្ដែង​នូវ​ការអបអរសាទរជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន ចំពោះវឌ្ឍនភាពនៃការ​ខិត​ខំ​ប្រឹងប្រែង ដើម្បីជម្នះនូវគ្រោះមហន្តរាយនេះ។ សម្ដេចតេជោបានបន្ដទៀតថា បើគិត​ពេញមួយថ្ងៃម្សិលមិញនេះ អាត្រាស្លាប់របស់ប្រជាជនដោយសារជំងឺកូវីដ-១៩គឺសូន្យ ក្នុង​ខណៈពេលដែលប្រទេសអ៊ីតាលី ក្នុងមួយថ្ងៃដូចគ្នាមមានអ្នកស្លាប់រហូតទៅដល់ជាង២០០​នាក់​ឯណ្ណោះ។ ដូច្នេះសាធារណរដ្ឋប្រជាមានិតចិនបានរំដោះខ្លួន ហើយកំពុងតែឈាន​ទៅ​ជួយដល់ប្រទេសផ្សេងទៀតផងដែរ ដើម្បីទប់ស្កាត់មេរោគដ៏សាហាវនេះ។ សម្ដេចតេជោ​គូសបញ្ជាក់ថា សម្រាប់កម្ពុជា ដែលមកដល់ពេលនេះ យើងមានពលរដ្ឋខ្មែរតែម្នាក់​គត់នៅ​ខេត្តសៀមរាប ដែលបានឆ្លងនៅជំងឺនេះ។ ប៉ុន្តែជាអកុសលគឺ យើងក៏បានរកឃើញ​ជនជាតិ​បរទេសចំនួន៥នាក់ផ្សេងទៀតដែលមានជំងឺនេះ  នោះគឺជនជាតិអង់គ្លេសចំនួន០៣នាក់ ជន​ជាតិកាណាដា០១នាក់ និងជនជាតិប៊ែលហ្សិក០១នាក់​ដែលកើតជំងឺនេះនៅក្នុងប្រទេស​របស់យើង។ សម្ដេចតេជោបានបន្ថែមថា បើគិតទាំងជនជាតិចិន០១នាក់ដែលយើង​ព្យាបាល​ជាសះស្បើយ ហើយវិលត្រឡប់ទៅស្រុកវិញនោះ ចំនួនអ្នកមានវីរុសកូវីដ-១៩​នៅកម្ពុជាទើប​តែមានចំនួន០៧នាក់តែប៉ុណ្ណោះ។ សម្ដេចតេជោលើឡើងថា ពិតហើយមានក្រុមប្រតិកិរិយា​មួយក្រុម បាននិយាយអំពីបញ្ហាការលាក់ទិន្ន័យរបស់កម្ពុជា ក៏ប៉ុន្តែសម្ដេចគ្រាន់តែបញ្ជាក់​ជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានជ្រាបថា កម្ពុជាបានធ្វើការយ៉ាងជិស្និទ្ធជាមួយដៃគូទាំងអស់ ជាពិសេសជាមួយនឹងអង្គការសុខភាពពិភពលោក ហើយរឿងទាំងអស់គ្មានការចាំបាច់ណា​មួយដើម្បីលាក់លៀមជាមួយនឹងអ្នកដែលកើតនិងជំងឺនោះទេ។ ប្រសិនបើរារដ្ឋាភិបាល​ចង់លាក់ ក៏មិនអាចលាក់បានដែរ នេះគឺជារឿងពិត ព្រោះសាម៉ីខ្លួនគេៗដឹងថាឈឺ ឬមិនឈឺ។ ផ្ទុយទៅវិញរាជរដ្ឋាភិបាលអង្វករ និងអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានការសង្ស័យថាមាន​ជំងឺឆ្លង សុំឱ្យទាក់ទងទៅនឹងវិស័យសុខាភិបាល ដើម្បីពិនិត្យនូវជំងឺនោះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនជនរួមជាតិសូមរក្សានូវភាព​ស្ងៀមស្ងាត់ ការពារសុខភាព ធ្វើអនាម័យជាប្រចាំដើម្បីសុខភាពខ្លួនឯងផ្ទាល់និងក្រុមគ្រួសារ ហើយអាចការពារបាននូវជំងឺគ្រប់ប្រភេទ។ សម្ដេចក៏បានស្នើឱ្យបងប្អូនជនរួមជាតិផ្សព្វ​ផ្សាយ​ឱ្យ​បានទូលំទូលាយ នូវព័ត៌មានពិត ដើម្បីបំបាត់នូវព័ត៌មានក្លែងក្លាយដែលធ្វើឱ្យ​មានភាព​ចលាចលវឹកវរ និងអសន្តិសុខសង្គម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ដែលមានក្រសួង​សុខាភិបា​លជាសេនាធិការបានធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពពិភពលោក និងដៃគូនានា ដោយមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការការពារ​និងត្រៀមលក្ខណៈ​សម្បត្តិ​ដើម្បីប្រឈមនឹងជំងឺសកលនេះ។

សម្ដេចតេជោក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមទាំងអស់គ្នាការពារ សុខភាពររៀងៗខ្លួន និងក្រុមគ្រួសារឱ្យបានល្អប្រសើរជាជាងការភ័យខ្លាចដែលធ្វើឱ្យ​ប៉ះពាល់​ដល់ជីវភាពរស់នៅ សុខុមាលភាពសង្គម៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ