រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីឯឧកិត្តិនិតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់ជ័យលាភីប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងប្រាក់រង្វាន់របស់សម្ដេច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តេជោនាយករដ្ឋមន្រ្តីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹក គ្រូជំនួយ ក្រោយពីទទួលបានមេដាយពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។
តាមរបាយការណ៍របស់ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងបានធ្វើកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា ដោយផ្តោតលើ៤ចំណុចគឺ ១.ការជួសជុលកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ២.ការបណ្តុះបណ្តាលធនធានមនុស្ស ៣.ការកែលម្អរចនាសម្ព័ន្ធការប្រកួត ៤.ការពង្រឹង និងផ្តល់ថវិកាគាំទ្រទៅសហព័ន្ធកីឡាជាតិ ដើម្បីពន្លឿនការអភិវឌ្ឍឆ្ពោះទៅឆ្នាំ ២០២៣ ដើម្បីលើកកម្ពស់វិស័យកីឡាឆ្ពោះទៅដណ្តើម មេដាយ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។ ឯកឧត្តម ពិត ចំណាន បញ្ចាក់ទៀតថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានសហការជាមួយសហព័ន្ធកីឡាជាតិ បណ្តុះបណ្តាលក្រុមកីឡាជម្រើសថ្នាល ដែលមកទល់ឆ្នាំ២០២០ មានចំនួន៣២ប្រភេទកីឡា មានកីឡាករចំនួន៥០៩នាក់ ក្នុងនោះស្រីចំនួន១០៦នាក់។ ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជូនកីឡាករថ្នាលទៅចូលរួមប្រកួតកម្រិតតំបន់(ASEAN School Games and Youth Cham pionship)ដើម្បីទទួលបទពិសោធន៍ពីការប្រកួត និងវាស់ស្ទង់គុណផលកីឡាកម្រិតអន្តរជាតិក្នុងតំបន់។ ក្រៅពីនេះ ក្រសួងបានផ្តល់ឱកាសឱ្យសហព័ន្ធកីឡាជាតិ រៀបចំការប្រកួតជាលក្ខណៈអន្តរជាតិនៅក្នុងប្រទេស ដើម្បីសហព័ន្ធទទួលបានបទពិសោធន៍ចំណេះដឹងក្នុងការៀបចំការប្រកួតកម្រិតអន្តរជាតិ លើកទឹកចិត្តឱ្យមន្រ្តីកីឡារបស់សហព័ន្ធកីឡាជាតិ ដែលបានបណ្តុះបណ្តាលរួចឱ្យអនុវត្តការងារអន្តរជាតិ។ លទ្ធផលកំណែទម្រង់ខាងលើ បានធ្វើឱ្យវិស័យកីឡាមានការរីកចម្រើន និង ដណ្តើមបានមេដាយកម្រិតពិភពលោក កម្រិតទ្វីប និងកម្រិតតំបន់ និងបានរួមចំណែកលើកកិតិ្តយសកម្ពុជា លើឆាកអន្តរជាតិ ជាពិសេសការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅហ្វីលីពីន កម្ពុជាទទួលបានមេដាយសរុបចំនួន ៤៦គ្រឿង ក្នុងនោះមេដាយមាស ៤គ្រឿង មេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធិ ៣៦គ្រឿង ស្ថិតក្នុងចំណាត់ថ្នាក់ទី៨។ មានមតិសំណេះសំណាលក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់ជ័យលាភីនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍អបអរសាទរ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាគ្រូបង្វឹក កីឡាករ កីឡាការិនី រាប់ចាប់តាំងពីការហាត់ហ្វឹកហ្វឺនរហូតដល់ទទួលបានជ័យលាភី ដែលជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា។ ថ្វីបើលទ្ធផលដែលយើងទទួលបាន ពីការប្រកួតកន្លងមក មិនទាន់ឆ្លើយតបនឹងសេចក្តីពេញចិត្តរបស់យើងគ្រប់ៗគ្នាក៏ដោយ ប៉ុន្តែការចូលរួមរបស់កីឡាករ កីឡាការិនី និងការគាំទ្ររបស់ប្រជាជនកម្ពុជា គ្រប់រូបនៅរាល់ព្រឹត្តិការណ៍ប្រកួតកន្លងមក បាននាំមកនូវបទពិសោធន៍ ចំណងមិត្តភាព ស្មារតីស្រឡាញ់ជាតិ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាឲ្យកាន់តែសំបូរបែប និងខ្លាំងក្លាឡើងថែមទៀត ជាពិសេស សមស្របនឹងពាក្យថា កីឡា ជាទូតមួយដ៏សំខាន់លើឆាកអន្តរជាតិ។ តាមរយៈលទ្ធផលទាំងនេះ ពិតជាបានបង្ហាញពីឆន្ទះមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យកីឡាកម្ពុជា ឱ្យបានស្មើមុខស្មើមាត់ ទាំងក្នុងស្រុកក្នុងតំបន់ និងអន្តរជាតិជាពិសេស ការទទួលជួបប្រតិភូកីឡាករ កីឡាការិនី មុនពេលចេញទៅប្រកួត និងការបង្កើតប្រាក់រង្វាន់ជូនជ័យលាភីទទួលបានមេដាយពីការប្រកួតផងដែរ។ ឯឧកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន មានប្រសាសន៍បន្តថា វិស័យកីឡា គឺជាសមាសភាគមួយដែលបង្ហាញអំពីការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់ប្រទេសមួយ ហើយក៏ជាសមាសភាគគាំទ្រមួយដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ការវិនិយោគលើវិស័យ កីឡា ក៏ជាមូលដ្ឋានគ្រឹះមួយ ដែលបានរួមចំណែកក្នុងកិច្ចការពារ និងអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងធានាបាននូវកំណើនសេដ្ឋកិច្ចមួយប្រកបដោយចីរភាព ដែលបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤។ ដើម្បីឱ្យវិស័យកីឡាកម្ពុជារឹងមាំបាន និងមានចីរភាព ស្របតាមសភាពការណ៍បច្ចុប្បន្ន និងពេលអនាគត ជាពិសេសទិសដៅឆ្ពោះទៅរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ទាមទារឱ្យក្រសួងអប់រំ យុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិនិងស្ថាប័នពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងរួមគ្នាថែមទៀត ដើម្បីលើកកម្ពស់សមត្ថភាពរបស់កីឡាករ កីឡាការិនីរបស់យើង ឲ្យអស់លទ្ធភាព សមត្ថភាពនិងឆន្ទៈទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។ ឯឧកិត្តិនីតិកោសលបណ្ឌិត បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួងអប់រំយុវជន និងកីឡាត្រូវបង្កើនការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកីឡា ប្រកបដោយគុណភាពជាពិសេសបញ្ជូន សិស្ស និស្សិតដែលមានឧបនិស្ស័យកីឡា ឱ្យសិក្សានៅកម្រិតបរិញ្ញាបត្រ បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកអប់រំកាយ និងកីឡា ព្រមទាំងបញ្ជូនមន្ត្រីជំនាញកីឡាទៅសិក្សា ហាត់ហ្វឹកហ្វឺន និងដកបទពិសោធនៅបណ្តាប្រទេសជាមិត្ត។ ទន្ទឹមនិងនេះត្រូវយកចិត្តទុកដាក់ជួសជុលកែលម្អទីលានកីឡា កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តកីឡា បំពាក់ឧបករណ៍និងសម្ភារៈកីឡានៅតាមគ្រឹះស្ថានសិក្សា នៅពហុកីឡាដ្ឋានជាតិ នៅតាមកីឡាដ្ឋាន នៅតាមខេត្តដើម្បីបង្កលក្ខណៈនិង ផ្តល់ឱកាសដល់យុវជន កីឡាកររបស់យើង មានលទ្ធភាពទទួល បាន ការហាត់ហ្វឹកហ្វឺន អប់រំកាយ និងលេងកីឡា ព្រមទាំងរួមចំណែកកាត់បន្ថយភាពអសកម្មនៅក្នុងសង្គម។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ឯឧកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ តំណាងដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំនួន១.៨២២.៨០០.០០០លានរៀល(មួយពាន់ប្រាំបីរយម្ភៃពីរយពាន់លានរៀល)និងប្រាក់រង្វាន់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាចំនួន២១ម៉ឺន៦ពាន់៣០០ដុល្លាអាមេរិក ជូនដល់ជ័យលាភីមេដាយមាសចំនួន៤ មេដាយប្រាក់ចំនួន៦ មេដាយសំរិទ្ធចំនួន៣៦ និងគ្រូបង្វឹក គ្រូជំនួយសរុប៧២នាក់ ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ ចំនួន២២នាក់ កីឡាករ និងកីឡាការិនី សរុបចំនួន៥០នាក់ ដែលមានប្រភេទកីឡា ចំនួន១០ប្រភេទ ទី១.កីឡាល្បុក្កតោ ទី២.ប៉េតង់ ទី៣.តេក្វាន់ដូ WT ទី៤.ជឺជីតស៊ូ ទី៥.សីដក់ ទី៦.ប្រដាល់គុនខ្មែរ ទី៧.ឃិកប៊ុកស៊ីង ទី៨.ប្រដាល់សកល ទី៩.សូហ្វតិន្និស និងទី១០.កីឡាចំបាប់ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩៕