សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន, ពិធីស្រោចស្រពសុគន្ធវារី ប្រគេន សម្តេច ព្រះសង្ឃនាយករងទាំង ៣ ព្រះអង្គ

CNV:

រីករាយដែលបានចូលរួមពិធីស្រោចស្រពសុគន្ធវារី

ទូលបង្គំខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំ សម្តេច ព្រះអគ្គមហាសង្ឃរាជាធិបតីទាំង ២ គណៈ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេចឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំរីករាយដែលបានចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ ចូលរួមជាមួយសម្តេចព្រះសង្ឃរាជទាំង ២ គណៈ ដើម្បីស្រោចស្រពសុគន្ធវារីប្រគេនចំពោះសម្តេចព្រះពោធិវ័ង្ស អំ លីមហេង ដែលត្រូវបានឡើងឋានៈជាព្រះសង្ឃនាយករងទី ១ សម្តេចព្រះវ័នរ័ត ណយ ច្រឹក ត្រូវបានតម្លើងជាសម្តេចព្រះសង្ឃនាយករងទី ២ និងសម្តេចព្រះឧត្តមវង្សា​ មួង រ៉ា ដែលត្រូវបានតម្លើងជាព្រះសង្ឃនាយករងទី ៣។ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំជំនួសឱ្យភរិយាខ្ញុំព្រះករុណាខ្ញុំ ដែលថ្ងៃនេះគាត់មិនបានមកចូលរួម ដោយសារតែសម្តេចព្រះ​តេជព្រះគុណបានដឹងរួចមកហើយពីបញ្ហាសុខភាពរបស់ម្តាយ ក៏ដូចជាសុខភាពរបស់ខ្លួនគាត់ក្នុងប៉ុន្មានថ្ងៃនេះ។

ពិធីស្រោចស្រពសុគន្ធវារី បង្ហាញជំនឿទុកចិត្តចំពោះព្រះពុទ្ធសាសនា

ថ្ងៃនេះសិស្សគណ ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាពុទ្ធបរិស័ទដែលមានជំនឿលើសាសនាក៏បានមកចូលរួមដើម្បីអបអរសាទរនៅពិធីក្នុងការស្រោចស្រពសុគន្ធវារី ថ្វាយប្រគេនចំពោះព្រះសង្ឃនា​យក​រងទាំង ៣ ព្រះអង្គ។ នេះក៏បង្ហាញឱ្យឃើញពីជំនឿទុកចិត្តចំពោះព្រះពុទ្ធសាសនារបស់យើងក្នុងរយៈពេលកន្លងទៅ។ ខ្ញុំព្រះករុណាខ្ញុំ នៅចាំហើយក៏មានការសោកស្តាយ ដោយសារសម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះអង្គបានសុគតទៅ ហើយការសោកស្តាយជាងគេនៅត្រង់ថានៅពេលដែលរំលាយព្រះសព ខ្ញុំព្រះករុណាខ្ញុំបានដាក់កម្មវិធីខ្លួនឯងជាមួយសម្តេច អំ លីមហេង និងសម្តេចប៉ុន្មានអង្គថែមទៀត នៅវត្តសន្សំកុសល ប៉ុន្តែដោយសារការងារនៅក្រៅប្រទេសត្រូវចាកចេញនៅពេលដែលរំលាយព្រះសពនៅពេលនោះ។

ក្នុងពេលនោះដែរ ខ្ញុំព្រះករុណាខ្ញុំ បានស្នើសុំឱ្យមានការអធ្យាស្រ័យអំពីការមិនទាន់ជ្រើសតាំងភ្លាមៗនូវ ព្រះសង្ឃនាយករងទី ១ ដើម្បីជំនួសសម្តេចព្រះធម្មលិខិត លាស់ ឡាយ ហើយកាលណាតែឡើងមួយ ព្រះអង្គហើយ ត្រូវឡើងមួយព្រះអង្គតៗគ្នាតទៅទៀត។ ខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងសម្តេចក្រឡាហោម ស ខេង បានរក្សាសំងាត់រឿងនេះជាមួយនឹងសម្តេចទាំងប៉ុន្មានអង្គ ហើយក្រោយមកក៏បានថ្វាយទៅព្រះមហាក្សត្រ ហើយព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យដើម្បីតែងតាំងព្រះសង្ឃទាំង ៣ អង្គ ដែលបានលើកឡើងព្រះនាមអម្បាញ់មិញនេះ។

សូមសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស អភ័យទោស មិនបានធ្វើការប្រជុំពិគ្រោះយោបល់

ខ្ញុំព្រះករុណាខ្ញុំ ពិតជាសុំការអធ្យាស្រ័យអភ័យទោសចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ក៏ដូចជាសម្តេចព្រះសង្ឃនាយក ដែលខ្ញុំព្រះករុណាខ្ញុំ មិនបានធ្វើការប្រជុំពិគ្រោះយោបល់ ព្រោះមិនមែនបាន សេចក្តីថានៅក្នុងក្របខណ្ឌរដ្ឋបាលនោះទេ។ សូម្បីតែក្នុងព្រះសង្ឃតែងតាំង តែមិនស្រួល ពិភាក្សាតែមិនស្រួលបែកម៉ាំនៅហ្នឹង។ ហ្នឹងនិយាយតាមត្រង់តែម្តង។ មានទីកន្លែងខ្លះ បើព្រះចៅអធិការហ្នឹង រាងដូចជាចំណាស់បន្តិចហើយ គ្រូសូត្រស្តាំបន់ឱ្យតែចៅអធិការសុគត នឹងអាលឡើង។​ រឿងវាអញ្ចេះទៅទៀត។ ហ្នឹងទាល់តែនិយាយគ្នាត្រង់ៗ ទើបអាចទៅបាន។ ប៉ុន្តែ ចំណុចនេះជាចំណុចដោយសារតែយើងបានឃើញអំពីគុណសម្បត្តិ ដែលត្រូវបានបន្តពីព្រះសង្ឃនាយករងទី ២ ឱ្យទៅជាទី ១ ជំនួសឱ្យទី ១ ដែល ចូលទិវង្គត ទី ៣ ក៏ត្រូវឡើងជាទី ២ ហើយត្រូវជ្រើសរើសមួយព្រះអង្គទៀតដើម្បីទៅជាទី ៣។

ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយដោយតាមរបាយការណ៍អម្បាញ់មិញរបស់ឯកឧត្តម ប្លោក ផន បានបញ្ជាក់ពីវឌ្ឍនភាពនៅក្នុងវិស័យព្រះពុទ្ធសាសនារបស់យើង។ ថ្ងៃនេះ គេបានសង្កេតឃើញ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ទើបនឹង​ចេញពីមន្ទីរពេទ្យ ឯរដ្ឋមន្រ្តីក្រសួងធម្មការ​ចូលពេទ្យទៅវិញ។ ឥឡូវ ត្រូវដោះស្រាយយ៉ាងម៉េចនៅពេលខាងមុខនេះ? មិនដឹងយ៉ាងម៉េច កាលពីឆ្នាំ ១៩៧៩ នៅល្ហក់ៗទាំងអស់គ្នា អាយុជាង ២០ ឆ្នាំទៅជាង ៣០ ឆ្នាំ ស្រាប់តែឥឡូវនេះ អាយុ ៦០ ឆ្នាំទៅ ៧០ ឆ្នាំទាំងអស់។ ខាងលើហ្នឹងមាន U90 U80 U70 U50។ U ហ្នឹងមានន័យថា ក្រោមអាយុ ៩០ ៨០ ឆ្នាំ ៧០ ឆ្នាំ។ ប៉ុន្តែកាលពីឆ្នាំ ១៩៧៩ ភាគច្រើនអាយុក្រោម ៥០ ឆ្នាំ។ នៅក្នុងគណៈរដ្ឋមន្រ្តី មានតែខ្ញុំព្រះករុណាខ្ញុំ តែម្នាក់ អាយុក្រោម ៣០ ឆ្នាំ។ បានសេចក្ដីថា ក្មេងជាងគេ។ នៅបានយូរជាងគេ។ រហូតមកដល់ឥឡូវ មិនទាន់ទ្រុឌទ្រោមទៅណាទេ។ ប៉ុន្មានខែមុន អវត្តមានសម្ដេចអគ្គមហាសង្ឃរាជ ទេព វង្ស ប៉ុន្តែសម្ដេច​អភិសិរីសុគន្ធាធិបតី​ បួរ គ្រី​ ព្រះអង្គនៅគង់ ព្រះរាជសុខភាពបានល្អ។ ប៉ុន្តែដល់សម្ដេច ទេព វង្ស យាងមកវិញ ឯកឧត្តម ហឹម ឆែម នៅក្នុងមន្ទីរពេទ្យម្ដង។ អញ្ចឹងផ្លាស់ប្ដូរវេនគ្នាចូលពេទ្យ។ គេថា មានប្រាណ មានទុក្ខ មានរោគ មានអីតាមមកព្យាបាទ អាហ្នឹងជារឿងធម្មតារបស់មនុស្សលោក។

ស្រោចស្រពសុគន្ធវារី ជាប្រពៃណីមិនអាចកែបាន

ខ្ញុំព្រះករុណាខ្ញុំ គិតថា ថ្ងៃនេះ មិននិយាយច្រើនទេ ដោយសារតែយើងត្រូវមានពិធី។ ឯណាត្រូវសែងបីជុំ។ អញ្ចឹងបានខ្ញុំព្រះករុណាខ្ញុំ និយាយពីបន្ទាយមានជ័យមកថា តែងតាំងរួចហើយ ត្រូវតែមកស្រោចទឹក។ ប៉ុន្តែភាសានៅទីនេះថា ស្រោចស្រពសុគន្ធវារី។ កាលមុននោះ ស្រោចស្រពសុគន្ធវារីនៅទីហ្នឹងម្ដង(វត្តចំពុះក្អែក) កាលហ្នឹង យើងរៀបចំគណៈសង្ឃនាយក។ អញ្ចឹងក៏តែងតាំងទៅ​ មកស្រោចទឹកម្ដង។ បន្តទៅ កាលពីប៉ុន្មានឆ្នាំមុននោះ តែងតាំងសម្ដេច ៣ ព្រះអង្គនៅវត្តបុទុម។ កាលហ្នឹងនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៨ គឺមានសម្ដេច ជា សំអាន, សម្ដេច ឃឹម សន និងសម្ដេច រ័ត្ន សារឿន។ នេះជាទំនៀមទំលាប់ដែលកែមិនបាន។ ដល់កែមិនបាន ជំពាក់ត្រូវតែកម្មវិធីនាយករដ្ឋមន្ត្រីទៀតហើយ។ អញ្ចឹងនាយករដ្ឋមន្រ្តីរត់គ្រប់តែឯងទាំងអស់។ ខាងសាសនា រត់ទាំងខាងព្រះពុទ្ធផង រត់ទាំងខាងឥស្លាមផង រត់ទាំងខាងគ្រឹស្ដផង ប៉ុន្តែបើយើងមិនរត់អញ្ចឹងទេ សុខដុមភាវូបនីយកម្មលើវិស័យជាតិសាសន៍ និងសាសនា គឺពិបាក។

សុខដុមភាវូបនីយកម្មរវាងជាតិសាសន៍ និងសាសនា

សម្ដេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អាចញាតិញោមពុទ្ធបរិស័ទអាចឃើញហើយថា នៅលើពិភពលោកនេះ ជម្លោះសាសនាមានច្រើនណាស់ រហូតទៅដល់មានការវាយប្រហារគ្នាជាភេរវកម្មទៀតផង​។ ឧទាហរណ៍ ការវាយភេរវកម្មនៅណូវែលសេឡង់ គឺជាការវាយភេរវកម្មចំពោះវិហារឥស្លាមនៅទីនោះ។ បន្ទាប់ទៅ គឺមកសងសឹកនៅស្រីលង្ការវិញ គេថា ឥស្លាមសងសឹកជាមួយនឹងគ្រឹស្ដម្ដង។ អញ្ចឹងបញ្ហាធំណាស់។ អញ្ចឹងការគ្រប់គ្រងរដ្ឋមួយ ទាមទារឱ្យយើងធ្វើសុខដុមភាវូបនីយកម្មរវាងជាតិសាសន៍ និងសាសនា ដែលនេះជាបញ្ហាដ៏ធំ ហើយវាមិនក្លាយទៅជាការបែកបាក់ជាតិ។ នៅប្រទេសខ្លះ ជម្លោះរវាងសាសនានេះ និងសាសនានោះបានកើតឡើង ប៉ុន្តែសម្រាប់ប្រទេសរបស់យើង គឺល្អនៅត្រង់ថា យើងមិនមានជម្លោះសាសនាកើតឡើងទេ។ ឥឡូវនេះ ខ្ញុំព្រះករុណាខ្ញុំ បានសង្កេតឃើញថា គ្រាន់តែនៅក្នុងក្របខណ្ឌព្រះពុទ្ធសាសនារបស់យើង និកាយទាំងពីរត្រូវបានរួមរស់ជាមួយគ្នា ដោយសុខដុមរមនាទៅលើការរៀបចំ ដូចជាថ្ងៃនេះ ព្រះរាជវត្តមានរបស់សម្ដេច បួរ គ្រី ក៏បានបង្ហាញអំពីភាពសុខដុមរមនារវាងមហានិកាយធម្មយុត្តិ និងមហានិកាយ។

ព្រះមហាក្សត្រនៅកម្ពុជាគឺរាជានិយមជ្រើសតាំង

ខ្ញុំព្រះករុណាខ្ញុំ ស្នើឱ្យមានការរៀបចំឱ្យស្របទៅតាមក្របខណ្ឌនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងច្បាស់ទៅលើចំណុចទាក់ទិនជាមួយនឹងក្រុមប្រឹក្សារាជសម្បត្តិ ដែលនៅក្នុងប្រឹក្សារាជសម្បត្តិ គឺព្រះសង្ឃមានដល់ទៅ ២ អង្គឯណោះ ក្នុងចំណោម ៩ អង្គ/នាក់​ នៅក្នុងក្រុមប្រឹក្សារាជសម្បត្តិ ជាអង្គដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសព្រះមហាក្សត្រ។ ដោយសារព្រះមហាក្សត្រនៅក្នុងប្រទេសរបស់យើងនេះ មិនមែនជាព្រះមហាក្សត្រដែលតរាជសម្បត្តិដោយការតែងតាំងរបស់ព្រះមហាក្សត្រមុន ទៅជាព្រះរាជទាយាទ បន្ទាប់ពីព្រះមហាក្សត្រមុនចូលទិវង្គតទៅ ព្រះរាជាទាយាទ ជាស្វ័យប្រវត្តិមានសិទ្ធិឡើងជាព្រះមហាក្សត្រ។ ព្រះមហាក្សត្រនៅប្រទេសយើងគឺរាជានិយមជ្រើសតាំង។ ករណីរាជានិយមជ្រើសតាំងនេះ ព្រះមហាក្សត្រគ្មានរាជានុសិទ្ធិ ដើម្បីតែងតាំងព្រះរាជទាយាទឱ្យឡើងជំនួសនោះទេ។ ដូច្នេះហើយបានជានៅក្នុងរដ្ឋធម្មនុញ្ញ ក៏បានចែងច្បាស់អំពីសមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិ។ ក្រុមប្រឹក្សារាជសម្បត្តិរបស់យើង ត្រូវបានរៀបចំឡើងដោយមានប្រធានព្រឹទ្ធសភា និងអនុប្រធានព្រឹទ្ធសភាទាំងពីរ អញ្ចឹងគឺចេញពីព្រឹទ្ធសភា ៣ នាក់ ប្រធានរដ្ឋសភា និងអនុប្រធានទាំងពីររបស់រដ្ឋសភា គឺចេញពីរដ្ឋសភាចំនួន ៣ នាក់ នាយករដ្ឋមន្ត្រីម្នាក់ទៀតគឺ ៧ នាក់ ប៉ុន្តែ ចំណុចដែលត្រូវរៀបចំ ដែលមើលឃើញច្បាស់នៅត្រង់ថា សម្ដេចព្រះសង្ឃរាជគណៈមហានិកាយ និងសម្ដេចព្រះសង្ឃរាជនៃធម្មយុត្តិកនិកាយ បានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ។

ស្នើឱ្យរៀបចំអាសនៈក្រមពីរទន្ទឹមគ្នា គ្រាន់តែមានឆ្វេងមានស្ដាំ

ដូច្នេះហើយ បានជាខ្ញុំព្រះករុណាខ្ញុំ តម្រូវឱ្យមានការរៀបចំអាសនៈក្រម។ នៅខាងលើបានរៀបចំហើយ ប៉ុន្តែនៅខាងក្រោម ទើបនឹងចាប់ផ្ដើម ដូចជាទៅ​បន្ទាយមានជ័យ ព្រះមេគណទាំងពីរគណៈបានចូលរួម ប៉ុន្តែកាលពីទៅខេត្តណាមួយគឺព្រះមេគណមកទាំងពីរ ប៉ុន្តែដាក់ព្រះមេគណខាងមហានិកាយខាងមុខ ឯព្រះមេគណខាងធម្មយុត្តិកនិកាយនៅខាងក្រោយ។ បានជាខ្ញុំព្រះករុណាខ្ញុំបានស្នើឱ្យរៀបចំអាសនៈក្រមពីរទន្ទឹមគ្នា គ្រាន់តែមានឆ្វេងមានស្ដាំ។ ខ្ញុំព្រះករុណាខ្ញុំគ្រាន់តែបញ្ជាក់ចំពោះមុខសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គ ក្នុងក្របខណ្ឌជាសង្ឃដឹកនាំទូទាំងប្រទេស ដើម្បីយើងដឹកនាំអនុវត្តឱ្យបានទៅមុខ​ ដើម្បីចៀសវាងថារាជរដ្ឋាភិបាលគិតតែធម្មយុត្តិ ឬគិតតែមហានិកាយ នេះគឺជាស្មារតីនៃក្របខណ្ឌរដ្ឋធម្មនុញ្ញតែម្ដង ដែលយើងមិនអាចយកធម្មយុត្តិទៅគ្រប់គ្រងមហានិកាយ យកមហានិកាយទៅគ្រប់គ្រងធម្មយុត្តិទេ ក៏ប៉ុន្តែទៅណាទៅជាមួយគ្នាជាការប្រសើរ ចៀសវាងការបែងចែក។

មហានិកាយ និងធម្មយុត្តិ រួមគ្នារៀបចំអនុសង្ឃវច្ចរៈ

ខ្ញុំព្រះករុណា ខ្ញុំកាលនៅពីក្មេង ពេលនោះធម្មយុត្តិ និងមហានិកាយ ពេលបិណ្ឌបាតជួបគ្នាមិនបានទេ។ ធម្មយុត្តិអត់ឈ្នះមហានិកាយទេ ដោយសារធម្មយុត្តិបាត្រអត់មានស្រោម។ មហានិកាយបាត្រមានស្រោម តែមិនស្រួលទាញបោកតែម្ដង។ ធម្មយុត្តិមានប្រៀបលើបញ្ហាអាវុធសម្រាប់ប្រយុទ្ធ។ សុំអភ័យទោសនេះជាបញ្ហាពីដើម។ ប៉ុន្តែឥឡូវនេះ ដំណាក់កាលថ្មីគឺជាដំណាក់កាលដែលយើងឃើញការរួបរួមក្នុងក្របខណ្ឌជាមហានិកាយក្តី ជាធម្មយុត្តិក្ដី។ នេះជាចំណុចដែលខ្ញុំព្រះករុណាខ្ញុំទូលប្រគេននៅទីនេះដើម្បីឱ្យបានជ្រាបទាំងអស់គ្នា។ នៅពេលដែលអនុសង្ឃវច្ចរៈមហាសន្និបាតសង្ឃទូទាំងប្រទេស តែងតែធ្វើរួមគ្នា នេះគឺចំណុចល្អ ដែលមិនគម្បីបែងចែកទៅធ្វើអនុសង្ឃវច្ចរៈ គឺមហានិកាយផ្សេង ឬធម្មយុត្តិផ្សេងនោះទេ។ ជារឿងដែលគួរចាំបាច់ត្រូវធ្វើ។ ប៉ុន្តែគណៈសង្ឃត្រូវប្រជុំដោយឡែកជារឿងមួយផ្សេងទៀត តាមទំនៀមទម្លាប់ការងារដែលបានចែង។

ព្រះសង្ឃ មានភារកិច្ចថែរក្សាសន្តិភាពដែរ

ខ្ញុំព្រះករុណា ខ្ញុំគួរតែរំលឹកបន្តិច បើទោះបីថាខ្ញុំព្រះករុណា ខ្ញុំមិនចង់និយាយច្រើនក៏ដោយចុះ ក៏ប៉ុន្តែ ខ្ញុំព្រះករុណា ស្នើសុំពីព្រះតេជព្រះគុណគ្រប់ព្រះអង្គ ចំណុចសំខាន់របស់យើង តើត្រូវចាប់ផ្ដើមពីអ្វី? ចំណុចដែលយើងត្រូវឃើញថា ចាប់ផ្តើមពីសន្តិភាពនេះ ទើបយើងមានសភាពការណ៍ដូចសព្វថ្ងៃ។ រឿងនេះព្រះសង្ឃមានភារកិច្ចដែលត្រូវចូលរួមដើម្បីថែរក្សានូវសន្តិភាពរបស់ប្រទេស។ យើងបានឃើញហើយថា វិស័យសាសនារបស់យើង មិនថាតែព្រះពុទ្ធទេ គ្រប់សាសនាទាំងអស់នៅកម្ពុជាត្រូវបានបំផ្លិចបំផ្លាញក្នុងសម័យសង្គ្រាម ហើយក៏ក្នុងសម័យនៃរបបប្រល័យពូជសាសន៍ដែរ។ ដូច្នេះឆ្លងកាត់ដំណាក់កាលសង្គ្រាមដ៏យូរលង់របស់កម្ពុជា ធ្វើឱ្យទឹកដីរបស់យើងបែងចែក។ ព្រះសង្ឃខ្លះនៅភាគីនេះ​ ព្រះសង្ឃខ្លះនៅភាគីនោះ ព្រះសង្ឃខ្លះនៅក្នុងតំបន់ដែលមានសង្គ្រាម។ ដូច្នេះ យើងមិនគប្បីបណ្តែតបណ្តោយឱ្យប្រទេសរបស់យើងកើនឡើងនូវការបែកបាក់ថែមទៀត ដែលនាំទៅដល់សង្គ្រាមវិនាសកម្ម។ ព្រះសង្ឃមានតួនាទីអប់រំពុទ្ធបរិស័ទ ដើម្បីចូលរួមការពារជាតិ សាសនា ព្រះមហាក្សត្រ។ ដើម្បីការពារបាននូវជាតិ សាសនា ព្រះមហាក្សត្រ ដំបូងបំផុតត្រូវការពារសន្តិភាព បើការពារមិនបាននូវសន្តិភាពទេ មានការលំបាកហើយ។

រដ្ឋដើរខុស សាសនានឹងរលាយ

អញ្ចឹងបានជាចំណុចនៅទីនេះត្រូវតែដៅឱ្យចំទិសថា បើរដ្ឋដើរខុស សាសនានឹងរលាយតែម្តង។ លើកការជាក់ស្តែងនៅពេលដែលគេចាប់ផ្តើមធ្វើរដ្ឋប្រហារទម្លាក់ សម្តេច ព្រះនរោត្តម សីហនុ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀត នឹងដល់ខួបលើកទី ៥០ នៃថ្ងៃដែលកម្ពុជាចាប់ផ្តើមមានសង្គ្រាម ចាប់ផ្តើមពីរដ្ឋប្រហារ ១៨មីនា ឆ្នាំ ១៩៧០។ យើងបានឃើញថា ពេលនោះរដ្ឋចាប់ផ្តើមខុស អ្នកធ្វើសេចក្តីសម្រេចចិត្តខាងនយោ​បាយ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ធ្វើឱ្យប្រទេសយើងមានសង្រ្គាម​។ នៅក្នុងស្ថានភាពប្រទេសយើងមានសង្គ្រាម ទីតាំងវត្តអារាម វិហារសាសនាគ្រិស្ត វិហារសាសនាឥស្លាម មួយចំនួនបានក្លាយជាទីតាំងកងទ័ព មួយចំនួនទៀតក្លាយទៅជាទីតាំងគោលដៅនៃការទម្លាក់គ្រាប់បែក និងការវាយប្រហារដោយកាំភ្លើងធំ/តូច។ នេះជាចំណុចដែលយើងត្រូវឃើញ។ ប៉ុន្តែ ឥឡូវនៅទូទាំងប្រទេស មានវត្តរហូតដល់ ៤៩៨៥ វត្ត សល់តែ ១៥ វត្ត គ្រប់ ៥០០០ វត្តហើយ។ អញ្ចឹង​ទេ វត្តនេះកើតឡើងដោយសារអ្វី? កើតឡើងដោយសារការដឹកនាំត្រូវខាងផ្នែកអាណាចក្រ ទើបគ្រប់សាសនាមានការរីកចម្រើន និយាយជារួម និងនិយាយដោយឡែកព្រះពុទ្ធសាសនា។

ការវាស់ស្ទង់ ៤ ពីការរីកចំរើនខាងសាសនា

… ទាក់ទងជាមួយនឹងការរីកចម្រើននៃវិស័យសាសនា ខ្ញុំព្រះករុណាខ្ញុំ អាចវាស់ស្ទង់បានលើចំណុច ៤៖

ទី ១៖ ក្របខណ្ឌនយោបាយរបស់បក្សកាន់អំណាច។ តើបក្សកាន់អំណាចនោះផ្តល់ឱកាសសម្រាប់ជំនឿសាសនា ឬទេ? នេះជាចំណុចសំខាន់ណាស់។ គ្មានការសង្ស័យទេថា គណបក្សប្រជាជនបានដឹកនាំប្រទេសនេះរយៈពេល ៤១ ឆ្នាំ រួចមកហើយ។ ដូច្នេះក្របខណ្ឌគោលនយោបាយនៃបក្សកាន់អំណាចនេះ គឺបានផ្តល់ឱកាសឱ្យគ្រប់សាសនាទាំងអស់មានការរីកចម្រើនឡើង។ ក្នុងហ្នឹងដោយប្រទេសយើងជាប្រទេសកាន់ព្រះពុទ្ធសាសនា ហើយរដ្ឋធម្មនុញ្ញក៏បានចែងអំពីព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ប៉ុន្តែ បើទោះ​បីយ៉ាងណាក៏ដោយយើងត្រូវមើលឱ្យឃើញ អាចថាកន្លែងខ្លះមានភាពចង្អៀត ប្រទេសខ្លះមានភាពចង្អៀត ប្រទេសខ្លះមានភាពធំទូលាយ តាមគោលការណ៍នៃបក្សកាន់អំណាចនោះ។ ឧទាហរណ៍៖ ប្រសិនបើគណ​ប​ក្សប្រជាជនមិនបន្ត ស្រាប់តែបក្សណាមួយផ្សេងឡើងមក គេធ្វើការរឹតត្បិតនេះ រឹតត្បិតនោះ វាក្លាយទៅជាបញ្ហាមួយទៀត។

ទី ២៖ គឺសំខាន់ទាក់ទងទៅជំនឿរបស់ប្រជាពលរដ្ឋលើសាសនា។ ចំណុចនេះ យើងបើកឱកាសសម្រាប់ ប្រជាពលរដ្ឋរបស់យើងមានការជឿជាក់ទៅលើសាសនាណាក៏បាន ហើយមិនចង់ជឿទៅលើសាសនាណាក៏បានដែរ។ ដូចជានៅប្រទេសកូរ៉េខាងត្បូងមានមនុស្សភាគច្រើនមិនជឿសាសនាណាទាំងអស់ អាចថា រហូតដល់ ២ ភាគ ៣ នៃចំនួនប្រជាជនគេអត់មានជឿសាសនាណាទាំងអស់។ ក្រៅពីនោះមានជំនឿសាសនា។ អញ្ចឹងទេ បញ្ហាសាសនារបស់យើងឋិតថេរ ឬមិនឋិតថេរ គឺមិនស្ថិតនៅត្រង់ជំនឿរបស់ប្រជាពលរដ្ឋ។ ព្រះពុទ្ធបានដាក់សាសនារបស់ព្រះអង្គត្រឹមតែ ៥០០០ ព្រះវស្សាតែប៉ុណ្ណោះ។ ឥឡូវយើងបាន ២៥៦៣ អញ្ចឹងទេ នៅសល់ជាង ២៤០០ ប្លាយទៀត។ ប៉ុន្តែ ទៅដល់ ឬមិនដល់​ គឺចំណុះត្រង់ថា ប្រជាជននៅជឿឬអត់។ ដូច្នេះហើយបានជាយើងមិនអាចបន្ទោសប្រជាពលរដ្ឋបានទេ។ បញ្ហាស្ថិ​តនៅត្រង់ថា តើព្រះពុទ្ធសាសនាផ្ដល់នូវជំនឿជឿជាក់ដល់ប្រជាជនឬអត់?

ទេសនា និទានកំប្លែង និងច្រៀង តើជាការត្រឹមត្រូវឬទេ?

… ថ្ងៃមុន ខ្ញុំព្រះករុណាខ្ញុំនិយាយរឿង តាស៊ុច ប្រហែលជាព្រះតេជព្រះគុណដឹងហើយ តាស៊ុច ដូចជាសង្ឃនៅសុរិន្ទ … តាស៊ុច ទេសនាយ៉ាងហ្នឹង។ ឥឡូវហ្នឹងចាប់ផ្ដើមទេសនាកំប្លុកកំប្លែង ព្រះតេជព្រះ​គុណ​អើយតើ(ទេសនារបៀបហ្នឹង)ត្រូវ ឬអត់?​ បើមិនត្រូវទេ ដល់ពេលអនុសង្ឃវច្ច​រៈ គឺលេងតែម្ដងទៅ។ ​ដល់ពេលចាប់ផ្ដើមលោកសម្ដែងធម៌ទេសនា ក៏ច្រៀងតាមអញ្ចឹងទៅ ចាបយំល្វើយៗ។ ហើយព្រះសង្ឃខ្លះក៏ទេសនាតាមរបៀបកំប្លែងអញ្ចឹងទៅ។ ពុទ្ធបរិស័ទ លោកយាយ លោកតាក៏ចេះតែសើចតាមអញ្ចឹងទៅ ហើយដល់អញ្ចឹងទៅជាដណ្ដើមការងាររបស់ ព្រហ្ម ម៉ាញ អស់ទៅ។ អញ្ចឹងទេ ក៏ត្រូវគិតទៅដល់ពេលអនុសង្ឃវច្ចរៈ មន្រ្តីសង្ឃទូទាំងប្រទេសហ្នឹង ក៏ត្រូវពិនិត្យកែលម្អកន្លែងហ្នឹង។ ក្រសួងធម្មការ និងសាសនាត្រូវពិនិត្យថា ត្រូវនឹងបែបបទព្រះពុទ្ធសាសនា ឬអត់? បើសិនជាឡើងគ្រែទេសនា គឺហាក់ដូចជាគ្រែកំប្លែង(ទៅវិញ) ខ្ញុំព្រះករុណាខ្ញុំមិនហ៊ានថាយ៉ាងម៉េចទេ ឱ្យព្រះសង្ឃបកស្រាយទៅចុះ។

… ពិតមែន វាអត់មានអីអាក្រក់ទេ ព្រោះជាការដាស់តឿនដូចជា តាស៊ុច ព្រះអង្គប្រៀបធៀបរវាងអ្នកមាន និងអ្នកក្រ។ អ្នកមានក្រោកធ្វើការ អ្នកក្រគិតតែពីរឿង ចាបយំល្វើយៗ ឯណានោះ។ លោកចង់ធ្វើការប្រៀបធៀបអញ្ចឹងទេ។ ក៏ប៉ុ​ន្តែ ដល់ទៅប្រៀបធៀបអញ្ចឹង រហូតដល់ទៅច្រៀង ចាបយំល្វើយៗ … ចំណុចទី ២ គឺជំនឿរបស់ប្រជាពលរដ្ឋលើវិស័យសាសនាដល់កម្រិតណា ហើយសាសនាហ្នឹងរួមមាន ព្រះពុទ្ធ មានគ្រឹស្តសាសនា មានឥស្លាមសាសនា ហើយក៏អាចមានដល់ហិណ្ឌូទៀតផងក្នុងប្រទេសយើង។

ចំណុចទី ៣ … ត្រូវតែឃើញការរីកចម្រើននៃជីវភាពរបស់ប្រជាពលរដ្ឋ ទើបយើងកសាងបាននូវទីអារាម និងវិហារសាសនាដទៃទៀត។ ចំណុចនេះ មានទំនាក់ទំនងបេះមិនដាច់ទេ រវាងពុទ្ធចក្រ និងអាណាចក្រ ដែលខ្ញុំព្រះករុណាខ្ញុំតែងតែធ្វើការរំលឹកអំពីបញ្ហានេះ។ បើជីវភាពរបស់ប្រជាពលរដ្ឋជួបការលំបាក ព្រះសង្ឃនឹងដាច់ចង្ហាន់ភ្លាម កុំថាឡើយដល់ទៅការប្រមូលបច្ច័យដើម្បីកសាងសេនាសនៈនៅតាមទីអារាមនានា … ប៉ុន្តែដោយសារតែជីវភាពរបស់ប្រជាពលរដ្ឋយើងមានការរីកចម្រើនឡើង ដូច្នេះផ្ដល់លទ្ធភាពឱ្យព្រះសង្ឃអាចទទួលបាននូវបាយបាត្រ … មិនតែប៉ុណ្ណោះ មានថវិកាដើម្បីចូលរួមកសាងសេនាសនៈនៅតាមទីអារាមនានា ទៅតាមព្រះវិហារឥស្លាម ឬតាមសាសនាគ្រឹស្ត។ នេះជាចំណុចដែលយើងត្រូវឃើញ … បើគ្រាន់តែវត្តចំពុះក្អែកមួយនេះ ច្រើនណាស់បើយើងគិត​ពីតម្លៃនៃការសាងសង់។ ខ្ញុំព្រះករុណាខ្ញុំមកដេកមួយយប់នៅហ្នឹង ឆ្នាំ ១៩៩៧ … ដើម្បីម៉ោង ៤ ទាបភ្លឺកាត់ឫសសីមា។ កាលហ្នឹងតា ប្រាជ្ញ ឈួន មកច្រៀងនៅហ្នឹង ច្រៀងសុំបើកសាលាមួយខ្នងទៀត។ គ្រាន់តែទាញចាប៉ីមកដេញ ច្រៀងចុះច្រៀងឡើង ថាខ្វះសាលានៅភូមិដូនភើ។ នៅខាងដូនភើរបស់គាត់ តាកែវ បានសាលាមួយខ្នងទៅនោះទៀត។

អញ្ចឹងទេ កសាងនៅកន្លែងនេះច្រើនណាស់។ អញ្ចឹងបានខ្ញុំព្រះករុណាខ្ញុំ និយាយថានៅវត្តចំពុះក្អែកនេះ ​ មិនមែនមានត្រឹមតែកុដ្ឋធម្មតាទេ មានវីឡាកុដ្ឋ ហើយមានសណ្ឋាគារកុដ្ឋ ព្រោះដោយសារតែនៅទីនេះមានព្រះសង្ឃមករៀនសូត្រច្រើន ហើយមានលោកយាយ លោកតា ក៏មកនៅធម៌អាថ៌ច្រើន។ ដូច្នេះការកសាងនៅទីនេះ​​ច្រើន ក្រៅពីព្រះវិហារក៏នៅមានកន្លែងផ្សេងទៀត បន្ថែមទៅដោយវិស័យអប់រំផ្នែកអាណាចក្រ ក៏នៅក្បែរទីកន្លែងនេះ ដោយទទួលបានការយកចិត្ត ទុកដាក់នៅទីអារាមនេះផងដែរ។ ទីអារាមដទៃទៀតសុទ្ធតែមានការរីកចម្រើនដូចៗគ្នា គ្រាន់ថាខ្លះក៏បាន ច្រើនទៅ ខ្លះក៏តិច ប៉ុន្តែវាឆ្លុះបញ្ចាំងអំពីការកើនឡើងនៃជីវភាពរបស់ប្រជាពលរដ្ឋ បើគ្មានការកើនឡើងនៃជីវភាពរបស់ប្រជាពលរដ្ឋទេ បានសេចក្តីថាវិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលជានិច្ចកាលត្រូវទៅបិណ្ឌបាត្រពីប្រជាពលរដ្ឋ ហ្នឹងខ្វះចង្ហាន់ហើយ។

បើយើងនិយាយពីសាសនាទាំង ៣ សំខាន់ៗនៅកម្ពុជា មានព្រះពុទ្ធសាសនា មានឥស្លាមសាសនា និងមានគ្រឹស្តសាសនា។ ឥស្លាមសាសនា និងគ្រឹស្តសាសនា អត់ដែលដើរបិណ្ឌបាត្រទេ។ អញ្ចឹងអត់ត្រូវមានរឿងអីត្រូវដាច់ចង្ហាន់ទេ ប៉ុន្តែព្រះពុទ្ធសាសនា គឺព្រះសង្ឃដាច់ចង្ហាន់ ប្រសិនបើប្រជាពលរដ្ឋជួបនូវការខ្វះខាត ជួបនូវភាពក្រីក្រ។ ដូច្នេះ នេះគឺជាចំណុចវាស់ស្ទង់ពីស្ថានភាពបាតដៃទទេ នៃការចាប់ផ្តើមរបស់យើង។ នៅពេលនោះ ឆ្នាំ ១៩៧៩ គ្មានព្រះសង្ឃ ហើយបើសិនជាមានព្រះសង្ឃពេលនោះ ក៏ជួបការលំបាកដែរ។ (មាន)តែប៉ុន្មានអង្គ ក្រោយពេលដែលយើងរំដោះ ហើយតែមួយអង្គគត់ពេលដែលធ្វើរណសិរ្ស …ចូលមកដល់ទីក្រុងភ្នំពេញដំបូងតែមួយអង្គគត់។ សម្តេចទាំងអស់គឺអត់ទាន់បានបួសផង។ ជំនាន់នោះគឺស្ថានភាពវាអញ្ចឹង។ ខ្ញុំព្រះករុណាខ្ញុំនៅតែសង្កត់ធ្ងន់នៅលើចំណុច បើគ្មានការរីកចម្រើនក្នុងជីវភាពប្រជាពលរដ្ឋទេ យើងក៏គ្មានលទ្ធភាពដើម្បីធ្វើពិធីបែបនេះ (ព្រោះ)ត្រូវការចំណាយ … សូម្បីតែព្រំឡើងក្រហមអស់ហើយ។ កាលពីដើមព្រំហ្នឹងអាហ្នឹងគេទុក … ទុកទទួលភ្ញៀវសុទ្ធតែ VIP។ ឥឡូវអត់មាន VIP អីហ្នឹងទេ យកមកសម្រាប់ដង្ហែរ សែងព្រះសង្ឃទេ អត់មានអីចម្លែកទេ សម្រាប់កម្ពុជានៅថ្ងៃនេះ។

ចំណុចទី ៤ ទំនាក់ទំនងរវាងវិស័យពុទ្ធសាសនា​ និងអាណាចក្រ។ ចំណុចនេះ ក៏នៅតែបញ្ជាក់អំពីក្រប ខណ្ឌដើមផងដែរ។ បើគ្មានការរីកចម្រើនផ្នែកអាណាចក្រទេ ពុទ្ធចក្រក៏មិនអាចទៅរួចដែរ។ នៅពេលដែលអាណាចក្រដើរផ្លូវខុស ពុទ្ធចក្រវិនាសអន្តរាយ។ អញ្ចឹងទំនាក់ទំនងនេះជាទំនាក់ទំនង ដែលជួយគ្នាទៅវិញទៅមក ប៉ុន្តែដំបូងបំផុតគឺផ្នែករដ្ឋត្រូវតែដឹកនាំឱ្យបានត្រឹមត្រូវ ទើបវិស័យសាសនាអាចរីកចម្រើនទៅបាន​។ ផ្ទុយទៅវិញ ព្រះពុទ្ធសាសនាក៏ត្រូវមានចំណែក ដើម្បីអប់រំឱ្យពុទ្ធបរិស័ទ ចូលរួមចំណែកការពារសន្តិភាព ការពារនូវអ្វីដែលបាន និងកំពុងមាន ហើយខិតខំអភិវឌ្ឍជាបន្តទៀត។ នេះជាការបំពេញឱ្យគ្នាទៅវិញទៅមក រវាងពុទ្ធចក្រ និងអាណាចក្រ។ អាណាចក្រទទួលបានផលប្រយោជន៍ពីសាសនា ពីពុទ្ធចក្រ ពីព្រះពុទ្ធសាសនា និងពីសាសនាដទៃទៀត​ នៅត្រង់ថាគ្រប់សាសនាទាំងអស់ ជាពិសេសសាសនាព្រះពុទ្ធ មិនដែលអប់រំមនុស្សឱ្យធ្វើអំពើបាបទេ គឺអប់រំមនុស្ស ឱ្យធ្វើអំពើល្អ។

គ្រប់សាសនាទាំងអស់គឺអប់រំមនុស្សឱ្យធ្វើអំពើល្អ។ ដូច្នេះផ្នែកអាណាចក្រ ការគ្រប់គ្រងរដ្ឋក៏ទទួលបានផលប្រយោជន៍ពីសំណាក់សាសនា​ ដែលបានរួមចំណែក ដើម្បីធ្វើឱ្យពលរដ្ឋអនុវត្តនូវអំពើល្អ ធ្វើទង្វើល្អ … ខ្ញុំព្រះករុណាខ្ញុំ លើកឡើងត្រួសៗ (នូវ)ចំណុចដែលខ្ញុំព្រះករុណាខ្ញុំ លើកពីមុនៗរួចមកហើយ។ ថ្ងៃនេះ(មាន)ការជួបជុំគ្នា​ ផ្តល់ឱកាសឱ្យខ្ញុំព្រះករុណាខ្ញុំបានរំលឹក ហើយក៏សុំព្រះរាជទានទោស និងអភ័យទោសឱ្យខ្ញុំព្រះករុណាខ្ញុំ ដែលអនុសង្ឃវច្ចរៈមហាសន្និបាតទូទាំងប្រទេសប្រចាំឆ្នាំ ខ្ញុំព្រះករុណាខ្ញុំអត់សូវបានទៅចូលរួម គឺឱ្យតំណាង។ ច្រើនតែលោកជំទាវ ម៉ែន សំអន ទៅចូលរួមហើយ ព្រោះគាត់កាន់ធម៌កាន់អាថ៌ដែរ …។

ដូចដែលខ្ញុំព្រះករុណាខ្ញុំ បាននិយាយខាងដើម គឺថាយើងនៅមានកម្មវិធីច្រើនទៀត តែថ្ងៃនេះខ្ញុំព្រះករុណា ខ្ញុំ បាននាំមកសម្រាប់លោកយាយ លោកតា ចំនួន ២០០ នាក់ ក្នុងម្នាក់ៗក្រណាត់សមួយដុំ ថវិកា ២ ម៉ឺនរៀល។ ជូនក្រុមកាយាឬទ្ធិ និងយុវជនកាកបាទក្រហម ចំនួន ២០០ នាក់ ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀល ។ ជូនសិស្សានុសិស្សាចំនួន ២៣៥៨ នាក់ ក្នុងម្នាក់ៗសៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ចំនួន ១៨៩ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនសិស្ស និស្សិតស្នាក់នៅក្នុងវត្ត ចំនួន ៥០ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ជូនសាលាបឋមសិក្សាហ៊ុន សែន​ ចំពុះក្អែក សង្កាត់ព្រែក ថ្មី ថវិកា ១ លានរៀល។ ជូនសាលាបឋមសិក្សាប៊ុនរ៉ានី ហ៊ុន សែន ព្រែកថ្មី សង្កាត់ព្រែកថ្មី ថវិកា ១ លាន រៀល។ ជូនវិទ្យាល័យសម្តេច ហ៊ុន សែន ព្រែកថ្មី​ សង្កាត់ព្រែកថ្មី ថវិកា ២ លានរៀល។ ជូនក្រុមភ្លេងពិណ ពាទ្យ និងក្រុមឆៃយ៉ាំ ថវិកា ៣ លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងពិធីចំនួន ៣ លានរៀល។ ជូន មណ្ឌលសុខភាពព្រែកថ្មីថវិកា ២ លានរៀល។ ជូនសាលាខណ្ឌច្បារអំពៅថវិកា ២ លានរៀល។

ពេលមានស្ពាន អរិយក្សត្រ និងល្វាឯម នឹងក្លាយជាខណ្ឌថ្មីនៃភ្នំពេញ

កន្លែងនេះកាលពីដើមជាទឹកដីរបស់ខេត្តកណ្តាលទេ ក៏ប៉ុន្តែភ្នំពេញត្រូវការរីកចម្រើន ដូច្នេះបានជាកាត់ កាត់ចូលអស់ហើយ។ បន្តិចទៀតកាត់ថែមទៀត បើថាធ្វើស្ពានចម្លងរួចហើយ កាត់តាំងពី អរិយក្សត្រ ល្វាឯម ដើម្បីយកបញ្ចូលមកភ្នំពេញថែមទៀត អាហ្នឹងទៅជាខណ្ឌមួយរបស់ភ្នំពេញ ប៉ុន្តែនិយាយអញ្ចឹងដីឡើងថ្លៃងាប់ហើយ ព្រោះអាហ្នឹងត្រូវធ្វើស្ពាន ២ ទៀត។ ស្ពានមួយបានសុំកូរ៉េ ពីជ្រោយចង្វារ ទៅអរិយក្សត្រទៅ ហើយមួយទៀតពីផ្លូវជាតិលេខមួយឆ្លងកាត់ពីក្តីតាកុយ ទៅខាងល្វាឯម ដើម្បីតភ្ជាប់ … មកដល់សម័យនេះហើយគឺជាសម័យដែលយើងត្រូវខិតខំជម្រុញការអភិវឌ្ឍជាបន្ត​ទៀត។

ខ្ញុំព្រះករុណាខ្ញុំ មានប៉ុណ្ណឹង ហើយជាមួយនឹងការអបអរសាទរចំពោះសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះឧត្តមវង្សា មួង រ៉ា ដែលត្រូវបានតំណើងឋានៈថ្ងៃនេះ ហើយជាមួយនឹងការស្រោចស្រពសុគន្ធវារី ខ្ញុំព្រះករុណាខ្ញុំ​ សុំយកឱកាសនេះប្រគេនពរចំពោះសម្តេចព្រះអគ្គមហា សង្ឃរាជាអធិបតី ទេព វង្ស ក៏ដូចជាសម្តេចព្រះអភិសេរីគន្ធីធិបតី សម្តេចព្រះសង្ឃនាយក សម្តេចព្រះ សង្ឃនាយករង សម្តេចព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិ សូមប្រកប ដោយពុទ្ធពរ និងពរ ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...