សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននិស្សិតសាលាភូមិន្ទរដ្ឋបាលជិត ៦០០នាក់

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។

តាមរបាយការណ៍របស់ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានឱ្យដឹងថា សិស្សដែលទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រនៅថ្ងៃនេះ រួមមានសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ សិស្សមន្ត្រីក្រមការ ជំនាន់ទី៨ និងកម្មសិក្សាការី ឆ្នាំ២០១៨។
ក្រៅពីការប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់សិស្សបញ្ចប់ការសិក្សា ក្នុងកម្មវិធីថ្ងៃនេះ ក៏មានប្រកាសបើកវគ្គបណ្តុះបណ្តាលសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ ទី១១ កម្មសិក្សាការីមន្រ្តីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីមធ្យម និងមន្ត្រីក្រមការសរុបចំនួន ៤៦១នាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាជានិច្ចកាលសម្តេចតែងតែអញ្ជើញមកផ្តល់កិត្តិយស
ក្នុងពិធីប្រគល់សញ្ញាបត្រ និងបើកវគ្គសិក្សាថ្មីដល់សាលាភូមិន្ទរដ្ឋបាលនេះ ដើម្បីអាចអោយសម្តេចមានឱកាសបានចែករំលែក និងផ្តល់នូវដំបូន្មានផ្សេងៗជូនដល់សិស្សមន្ត្រីរាជការ ក្នុងការពង្រឹងប្រសិទ្ធភាពការងារដល់សិក្ខាកាម និងមន្ត្រីរាជការយើង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីកំណែទម្រង់សេវាសាធារណៈមួយចំនួនដែលកម្ពុជាបានអនុវត្តកន្លងដោយបានប្រើប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានដាសតឿនដល់មន្ត្រីរាជការអោយដើរទាន់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន អោយស្របទៅតាមបច្ចកវិទ្យាឧស្សាហកម្ម ៤.០ ប៉ុន្តែទន្ទឹមនឹងយើងមាននូវបច្ចេកវិទ្យាហើយ គឺខ្លួនយើងផ្ទាល់ត្រូវតែចេះប្រើនូវបច្ចេកវិទ្យានោះអោយបានត្រឹមត្រូវ មានន័យថាដើរអោយទាន់សម័យបច្ចេកវិទ្យាដែរ។

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកដាស់តឿនដល់មន្ត្រីរាជការទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវតួនាទីរបស់ខ្លួន ត្រូវចាត់ទុកខ្លួនឯងជាអ្នកបំរើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ។ មន្រ្តីទាំងអស់ គឺមិនត្រូវធ្វើជាមន្ត្រីជើង១០នោះទេ គឺត្រូវធ្វើជាមន្រ្តីជើងពីរ ត្រូវចេះរត់រកការងារ មិនត្រូវចាំអោយការងាររត់រកយើងនោះទេ។ ធ្វើជាមន្ត្រីល្អ ដែលមានប្រជាពលរដ្ឋគោរពស្រលាញ់ ស្មោះត្រង់ មិនមានភាពក្រអឺតក្រទម ហើយត្រូវចេះគោរពប្រជាពលរដ្ឋ ចេះអោនលំទោន ដូចពាក្យចាស់លោកពោលថា «អោនដាក់ គ្រាប់ ងើយស្កក» និងពាក្យមួយទៀត«ពេលនៅអោយគេស្រលាញ់ ពេលចាកចេញអោយគេអាណិត» ។

នាឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវយុទ្ធសាស្ត្រគន្លឹះសំខាន់ៗមួយចំនួនដើម្បីឲ្យមន្ត្រីយើង អនុវត្តការងារទទួលបានជោគជ័យ ដែលក្នុងនោះរួមមានការរៀបចំផែនការអោយបានច្បាស់លាស់ គឺគិតហើយចាំគូរ ការធ្វើបែបនេះយើងអាចវាស់ស្ទង់ទំហំការងារយើងរបស់យើងបាន។ ត្រូវចេះចាត់តាំងអនុវត្តការងារ និងចុងក្រោយត្រូវចេះត្រៀមឆ្លើយតបទៅនឹងកត្តាចៃដន្យនៅក្នុងពេលដែលកំពុងអនុវត្ត។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីសូមផ្តាំទៅកាន់សិស្សមន្ត្រីរាជការទាំងអស់ចៀសវាងពីការប្រើប្រាស់អំណាចគ្រួសារបក្សពួកនិយម ដូចជាពាក្យថា ប្ដីស័ក្ដិ៣ ប្រពន្ធស័ក្ដិ៤ កូនស័ក្ដិ៥ ដែលកន្លងមកប្រពន្ធ ឬកូនតែងតែលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្តី ឬឪពុក ដែលធ្វើអោយបាត់បង់កិត្តិយស ដំណែងប្តី ឬឪពុក ដែលរឿងនេះ បានជះឥទ្ធិពលមិនល្អក្នុងសង្គម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់រំលឹកសារជាថ្មីថា មន្ត្រីគ្រប់រូបគឺមិនត្រូវធ្វើខ្លួនជាមន្រ្តីគ្រាប់ល្ពៅទេ ហើយក៏មិនត្រូចក្តិចត្រួយគ្នាដែរ ជាពិសេសទៀតនោះគឺមិនត្រូវរាំងស្ទះដល់ឱកាសរីកចម្រើននៃមន្រ្តីក្រោមឱវាទផងដែរ។ មន្រ្តីល្អគឺជាអ្នកដែលចេះដោះស្រាយបញ្ហាដែលកើតមានឡើងភ្លាមៗដោយមានការទទួលទាំងខុស និងទទួលទាំងត្រូវ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ និងប្រកាសបើកវគ្គបណ្តុះបណ្តាលថ្មី ឆ្នាំ២០២០របស់សាលាភូមិន្ទរដ្ឋបាល ព្រមទាំងបានថតរូបអនុស្សាវរីយ៍ជាមួយសិស្ស និស្សិត ប្រកបដោយភាពស្និទ្ឋស្នាលរីករាយបំផុត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ