រាជរដ្ឋា​ភិបាល​រៀបចំ​ពិធីប្រគល់​ប្រាក់​រង្វាន់លើ​កទឹក​ចិត្ត ជូនជ័យ​លាភីក្នុង​ការប្រកួត​កីឡាប៉ារ៉ា​ឡាំពិករដូវរងារ ជើងឯកពិភពលោក

124


នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំពិធីប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនជ័យលាភី ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកជើងឯកពិភពលោក រដូវរងារដែលបានប្រព្រឹត្តទៅ​កាលពីថ្ងៃទី៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅសាធារណរដ្ឋកូរ៉េ។  ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

តាមប្រសាសន៍របស់ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកនេះ ជាលើកទី១ដែលកម្ពុជាបានបញ្ជូនមកីឡាករ អ៊ូ គង់ កីឡាការិនី សៅ ធីតា   និងដឹកនាំដោយគ្រូបង្វឹក យី សុភក្ត្រា លើវិញ្ញាសារ ស្គីរទេះទឹកកក រយៈចំងាយ៦១០ម៉ែត្រ។ ជាលទ្ធផលកីឡាការិនីជនពិការ សៅ ធីតា ទទួលបានមេដាយប្រាក់១គ្រឿង
ក្នុងចំណោមអត្តពលិកជនពិការមកពីទ្វីបអាស៊ី អាមេរិកឡាទីន អឺរ៉ុប និងអាហ្វ្រីកចំនួន៤០ប្រទេសចូលរួម។

ឯកឧត្តមរដ្ឋលេខាធិការ ស៊ាន បូរ៉ាត បានបន្តថា ផ្អែកតាមអនុក្រឹត្យលេខ៥៣២អនក្រ.បក របស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាសទទួលស្គាល់លេខ៤០៨ អយក.ប្រក ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ជូនដល់ជ័យលាភីមេដាយប្រាក់ចំនួន ៨០លានរៀល, ឧបត្ថម្ភប្រាក់រង្វាន់ជូនគ្រូបង្វឹកចំនួន ៨០លានរៀល និងគ្រូជំនួយ​ចំនួន​៥៦លានរៀល សរុបចំនួន២១៦លានរៀល ក្នុងការប្រកួតគីឡាប៉ារ៉ាឡាំពិក ជើងឯកពិភពលោក​​ រដូវរងារ​នៅសាធារណរដ្ឋកូរ៉េកន្លងមកនេះ។

ជាការឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់ អត្តពលិក គ្រូបង្វឹក គ្រូជំនួយ ពិសេសអត្តពលិកជនពិការបានទទួលសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់នោះ ឯកឧត្តម រដ្ឋលេខាធិការ ស៊ាន បូរ៉ាត បានលើកឡើងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកចិត្តទុកដាក់ ដោយផ្តល់នូវការលើកទឹកចិត្ត ធ្វើវិសោធនកម្មលើអនុក្រឹត្យ ប្រាក់រង្វាន់ជ័យលាភីនឹងដាក់ឱ្យប្រើប្រាស់អនុក្រឹត្យថ្មី លេខ៥៣២អនក្រ.បក ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការផ្តល់ប្រាក់រង្វាន់ចំពោះជ័យលាភី និងប្រាក់ឧបត្ថម្ភចំពោះគ្រូបង្វឹក ក្នុងការប្រកួតកីឡាលក្ខណៈអន្តរជាតិ។ ឯកឧត្តមបន្តថា ដោយឡែកលោកនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមសហការជាមួយ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា តាមចំណារឯកភាពលើលិខិតលេខពិសេសចុះថ្ងៃទី១១​ខែធ្នូ ឆ្នាំ២០១៥ ដើម្បីក្រសួងអប់រំ យុវជន និងកីឡា បានជួយលើផ្នែកបច្ចេកទេស ធនធានមនុស្ស និងហិរញ្ញវត្ថុ។

ឯកឧត្តមរដ្ឋលេខាធិការ ស៊ាន បូរ៉ាត បន្ថែមថា ជាយុទ្ធសាស្ត្រ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ជាគោលការណ៍ធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកីឡាជនពិការអាស៊ានហ្គេមលើកទី១២ បន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ៕