សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារឆ្នាំ២០២០ បានប្រារព្វបើកនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
តាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងថា តាមកម្មិវធីដែលបានគ្រោងទុក សន្និបាតនឹងដំណើរការទៅរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០ ដោយមានការចូលរួមពីមន្ត្រីរាជការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថ្នាក់ដឹកនាំតាមការិ យាល័យ ទាំងនៅរដ្ឋបាលថ្នាក់កណ្តាល និងរាជធានី ខេត្ត ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ បណ្តាអង្គការសមាគម ដៃគូអភិវឌ្ឍជាតិ អន្តរជាតិ រួមទាំងវិស័យឯកជនមួយចំនួន។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា អង្គសន្និបាតនៅពេលនេះ គឺជាវេទិកាជួបជុំដ៏សំខាន់មួយដែលផ្តល់ឱកាសឲ្យយើងទាំងអស់គ្នាបានត្រង់ត្រាប់ស្តាប់នូវអនុសាសន៍ ណែនាំដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ សម្រាប់ធ្វើជាមាគ៌ាតម្រង់ទិសក្នុងការអនុវត្តភារកិច្ចនៅរយៈពេលខាងមុខលើគ្រប់ផ្នែកនៃវិស័យឧស្សាហកម្ម ជាពិសេសការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥ -២០២៥ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៦នៃរដ្ឋសភា ។ ថ្លែងបើកសន្និបាត បូកសរុបលទ្ធផលការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារឆ្នាំ២០២០ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ជាមួយនឹងក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការកោតសរ សើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងឧស្សាហកម្ម និងសិប្បកម្ម គ្រប់លំដាប់ថ្នាក់ និងគ្រប់ផ្នែកពាក់ព័ន្ធដ៍ទៃទៀត ដែលបានចូលរួមបំពេញភារកិច្ច ការតព្ធកិច្ចតាមមុខសញ្ញារៀងៗខ្លួន ធ្វើឲ្យរាជរដ្ឋាភិបាលកាន់តែពង្រឹងបានឧត្តមភាព និងសម្រេចជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងបន្តសម្រេចបាននូវសូចនាករសំខាន់ៗ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងអាណត្តិទី៦នេះ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន មានប្រសាសន៍បន្តថា ក្រោមម្លប់សន្តិភាព ដែលបានកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមាគ៌ាដ៏ត្រឹមត្រូវ ប្រាកដនិយម របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ប្រទេសជាតិរបស់យើងក្នុងរយៈពេល ២០ចុងក្រោយនេះ សម្រេចបាននូវសមិទ្ធផលជាច្រើនឥតគណនា ជាមួយនឹងការថែរក្សាបាននូវឯកភាពជាតិ, ស្ថិរភាពនយោបាយ, ស្ថិរភាពសង្គម ព្រមទំាងការពារបាននូវបូរណភាពទឹកដី និងអធិបតេយ្យជាតិយ៉ាងរឹងមាំ។ នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ បានគូសបញ្ជាក់ច្បាស់ពីចក្ខុវិស័យ និងគោលដៅជាយុទ្ធសាស្ត្រជាក់លាក់របស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យគ្រប់ផ្នែក គ្រប់ថ្នាក់ យកចិត្តទុកដាក់លើបញ្ហាគន្លឹះទាំងនេះដោយមធ្យ័ត មានដូចជា៖ (១)ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាជាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧% ប្រកបដោយចីរភាព និងធន់នឹងវិបត្តិ (២)បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនប្រជាជនកម្ពុជា ពិសេស សម្រាប់ស្រទាប់យុវជន(៣)សម្រេចឱ្យបាននូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ឱ្យស្ថិតនៅក្នុងអត្រាទាបជាង ១០% និង(៤)បន្តពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋ, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃសេវាសាធារណៈ សំដៅបម្រើប្រជាជនឱ្យបានកាត់តែប្រសើរឡើង ក៏ដូចជា លើកកម្ពស់បរិយាកាសធុរកិច្ច និងបរិស្ថានអំណោយផលសម្រាប់ការវិនិ យោគ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត មានប្រសាសន៍លើកឡើងថា វិស័យឧស្សាហកម្មគឺជាកម្លាំងចលករមួយដែលមិនអាចខ្វះបាន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន និងភាពធន់។ ការអភិវឌ្ឍវិស័យនេះ គឺជាឧបករណ៍នយោបាយប្រកបដោយប្រសិទ្ធភាព សម្រាប់ការតភ្ជាប់រវាងវិស័យសេដ្ឋកិច្ចសំខាន់ៗ ដែលជា«ឃ្នាស់» ជំរុញកំណើន និងបង្កើតការងារបន្ថែមក្នុងវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្ម, ព្រមទាំងរួមចំណែករំដោះអតិរេកពលកម្មពីវិស័យ កសិ កម្ម ដែលធ្វើឱ្យផលិតភាពសរុបកើនឡើង និងមានចំណូលខ្ពស់ជាងមុន។ វិស័យឧស្សាហកម្ម បានរួមចំណែកដ៏សំខាន់ក្នុងការបង្កើតការងារ ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់ផលិតភាព, តាមរយៈការវិនិយោគ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗរួមទាំងការបង្កើតការងារក្នុងវិស័យគាំទ្រដទៃទៀត នៅក្នុងគ្រប់ខ្សែចង្វាក់តម្លៃ ចាប់តាំងពីការផលិត និងការផ្គត់ផ្គង់វត្ថុធាតុដើម, សេវាកម្មដឹកជញ្ជូន និងឡូជីស្ទីក, វិស័យហិរញ្ញវត្ថុ និងបណ្តុះបណ្តាលជំនាញជាដើម។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបន្តកិច្ចសហការគ្នាជាកម្លាំងរួម ជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ខិតខំជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង, ការលើកកម្ពស់ផលិតភាព និងការលើកស្ទួយផលិតកម្មក្នុងស្រុក។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានតាំងចិត្តយ៉ាងមុតមាំ ក្នុងការបន្តអនុវត្តគោលនយោបាយលើក ទឹកចិត្តដល់កម្មករ និយោជិត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតមន្ត្រីរាជការ និងយោធិន តាមរយៈការគិតគូរដល់ការដំឡើងប្រាក់បៀវត្ស ប្រាក់សោធននិវត្តន៍ និងប្រាក់ឈ្នួលអប្បបរមា។ ជាក់ស្តែង ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ ដែលកាលពីឆ្នាំ២០១៨កើនដល់១៧០ដុល្លារ និងកើនបន្ថែមដល់១៨២ដុល្លារ នៅឆ្នាំ២០១៩ ហើយបន្តកើនឡើងដល់ ១៩០ដុល្លារ ចាប់ពីខែមករា ឆ្នាំ២០២០នេះតទៅ ដោយមិនទាន់គិតដល់ការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលដែលត្រូវបានដាក់ចេញ ជាអាទិ៍របបធានារ៉ាប់រងហានិភ័យការងារ និងរបបធានារ៉ាប់រងសុខភាព ការថែទាំសុខភាពជាដើម។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវរបបធានារ៉ាប់រងផ្នែកសោធននៅឆ្នាំ២០១៩ កន្លងទៅផងដែរ។ ដោយឡែក ប្រាក់បៀវត្សរបស់មន្ត្រីរាជការ ក៏ត្រូវបានដំឡើងជាបន្តបន្ទាប់ តាមរយៈការដាក់ចេញនូវអនុក្រឹត្យកាលពីដើមខែធ្នូ កន្លងទៅ ក្នុងការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការ ដោយបានកែប្រែតម្លៃឯកតាពី ២៣៤០រៀល ទៅ ២៥០០រៀលក្នុងមួយសន្ទស្សន៍ និងត្រៀមពិនិត្យកែសម្រួលប្រាក់បំណាច់មុខងារនៅក្នុងអំឡុងខែមេសា ឆ្នាំ២០២០ខាងមុខនេះ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានចែករំលែក និងផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួនជូនដល់មន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីជាមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាប្រឈម ឬឆ្លើយតបទៅនឹងគោលបំណងនៃការពង្រីកភាពខ្លាំងរបស់វិស័យឧស្សាហកម្ម ក្នុងបរិបទនៃបម្រែបម្រួលនិម្មាបន កម្មសេដ្ឋកិច្ច និងបដិវត្តឧស្សាហកម្មដំណាក់កាលទី៤ ក្នុងតំបន់ និងពិភពលោកយ៉ាងឆាប់រហ័ស ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ហើយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលអនាគតមិនយូរ នឹងក្លាយទៅជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវានុវត្តន៍៕