ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី បង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិ​ការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត

នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាបានបង្ហាញពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិរវាងប្រទេសទំាងពីរ​សហ រដ្ឋ​​អាមេរិក និងកម្ពុជា ឱ្យកាន់តែរឹងមាំឡើងថែមទៀត តាមរយៈបេសកកម្មការទូតរបស់​ឯកឧត្ដមឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាស ចូលជួបសម្តែងការជា មួយសម្តេចអគ្គ​​មហាពញាចក្រី ហេង សំរិន ​ប្រធាន​រដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្ដម Patrick Murphy បានវាយតម្លៃខ្ពស់ដល់ស្ថាប័នរដ្ឋសភា ដែលជាស្ថាប័ន​កំពូល និងជាតំណាងឱ្យប្រជាពលរដ្ឋ ហើយកម្ពុជានិងសហរដ្ឋអាមេរិកមានចំណុចជា​ច្រើន​ក្នុង​ប្រព័ន្ធដឹកនាំរដ្ឋដូចគ្នា ក្នុងនោះដូចជាការចែងអំពីលទ្ធិប្រជាធិបតេយ្យនៅក្នុងរដ្ឋធម្មនុញ្ញ ហើយអំណាចដឹកនាំរដ្ឋទំាងបី ចែកដាច់ពីគ្នា។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតបានបន្ដថា កម្ពុជា​និង​សហរដ្ឋអាមេរិក បានកសាងសមិទ្ធផលជាច្រើនជាមួយគ្នារួចមកហើយ ដែលនៅឆ្នាំ២០២០​នេះ គឺជាឱកាសកាន់តែសំខាន់ទៀត ដែលប្រទេសទំាងពីរមានលទ្ធភាពនៅក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសឆ្នាំ២០២០នេះ គឺជាខួប៧០ឆ្នាំ នៃទំនាក់ទំនង​ការទូតរវាងប្រទេសទំាងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានបានគូសបញ្ជាក់ថា បេសកកម្មការទូតរបស់ ឯកឧត្ដម ឯកអគ្គរដ្ឋទូត គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដល់ការបន្តថែរក្សា និងលើក​កម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា-សហ​រដ្ឋ​អាមេរិក ឱ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាថែមទៀត។ សម្តេចប្រធានរដ្ឋសភាក៏បាន​អប​អរសាទរចំពោះវឌ្ឍនភាពទាំងឡាយ ដែលប្រសូត្រចេញពីកិច្ចខិតខំប្រឹងប្រែងពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរជាបន្តបន្ទាប់មកនេះ ដែលបាន​នាំ​មកនូវផលប្រយោជន៍យ៉ាងធំធេង ដល់ប្រជាជាតិទាំងសងខាង។

សម្តេចប្រធានបានបន្ថែមថា រដ្ឋសភាកម្ពុជា សូមអបអរសាទរចំពោះការផ្លាស់ប្តូរ​សារ​លិខិតដ៏មានតម្លៃ និងមានអត្ថន័យដ៏ជ្រាលជ្រៅរវាងឯកឧត្ដមប្រធានាធិបតីសហរដ្ឋ​អាមេរិក និងសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗ​នេះ៕​

ដោយ ប៊ុនរិទ្ធ

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ