សុន្ទរកថា និងសម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋ​មន្ត្រី​ទេសចរណ៍ នៃដែគូ​សន្ទនា សហប្រតិ​បត្តិការ​ឤស៊ីលើកទី ២ និងសន្និសីទ​អន្តរជាតិ​អង្គការ​យូណេស្កូ «អង្គការទេសចរណ៍ពិភព លោក» លើកទី ១ ស្តីពីទេសចរណ៍​ប្រក​បដោយចីរភាព និង ទីក្រុងបេតិកភណ្ឌ

CNV: 

ឯកឧត្តមលោកជំទាវ រដ្ឋមន្ត្រី និង ប្រធានប្រតិភូ នៃប្រទេសសមាជិកដៃគូសន្ទនាសហប្រតិបត្តិការឤស៊ី

លោកជំទាវ ឤន លឺម៉េស្ត្រ តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា

ឯកឧត្តម ហ្សាងហ្សុង ជូ នាយកប្រតិបត្តិអង្គការទេសចរណ៍ពិភពលោក

ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និង អង្គសន្និសីទទាំងមូលជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នៃដៃគូសន្ទនា សហប្រតិបត្តិការឤស៊ីលើកទី ២ និងសន្និសីទអន្តរជាតិ អង្គការយូណេស្កូ អង្គការទេសចរណ៍ពិភព លោក លើកទី ១ ស្តីពីទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ ក្រោមប្រធានបទ «ការអភិ រក្ស និងការការពារទីក្រុងបេតិកភណ្ឌ» នាពេលនេះ។ កិច្ចប្រជុំ និងអង្គសន្និសីទអន្តរជាតិនេះ គឺជាវេទិកា ដ៏មានសារៈសំខាន់សម្រាប់ពិភាក្សា, ចែករំលែកបទពិសោធន៍រវាងស្ថាប័នជាតិ និងអន្តរជាតិ, អ្នកជំនាញ, អ្នកសិក្សាស្រាវជ្រាវដែលពាក់ព័ន្ធ សំដៅដាក់ចេញនូវវិធាន និងទិសដៅថ្មីៗ សម្រាប់ពិពិធកម្មផលិតផល​ទេសចរណ៍, ការតម្រង់ទិសការអភិវឌ្ឍ ទេសចរណ៍បេតិកភណ្ឌវប្បធម៌ប្រកបដោយចីរភាព, ទាំងនៅ កម្ពុជា និងប្រទេសសមាជិកដៃគូសន្ទនាសហប្រតិបត្តិការឤស៊ី និងពិភពលោក។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរចំញេះលេខាធិការដ្ឋាន អេស៊ីឌី អង្គការយូណេស្កូ, អង្គការទេសចរណ៍ពិភពលោក, សមាគមប៉ាតា និងសាកលវិទ្យាល័យសាន់សាញខូស, អូស្ត្រាលី ដែល ផ្តល់កិច្ចសហការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំ និងសន្និសីទអន្តរ ជាតិនេះ នៅលើទឹកដីអង្គរដែលជាទឹកដី នៃបេតិកភណ្ឌមួយដ៏ល្បីល្បាញរបស់ពិភពលោក។ ជាមួយនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់លោកជំទាវអនុប្រធានាធិបតី, ឯកឧត្តម, លោកជំទាវ រដ្ឋមន្ត្រី, អនុរដ្ឋមន្ត្រី, អស់លោក, លោកស្រី គណៈប្រតិភូទេសចរណ៍ និងវប្បធម៌ មកពីប្រទេសនានា ជា មិត្តលើពិភពលោក ដែលបានមកចូលរួមក្នុងកិច្ចប្រជុំនេះ។

ជាការពិត វិស័យទេសចរណ៍ គឺជាវិស័យសេដ្ឋកិច្ច និងសង្គម ដែលឤចទ្រទ្រង់កំណើនសេដ្ឋកិច្ច, បង្កើត ការងារ, កាត់បន្ថយភាពក្រីក្រ, រួមចំណែកកាត់បន្ថយការកើនឡើងនៃកំដៅភពផែនដី ប្រកបដោយប្រសិទ្ធ  ភាព និងត្រូវបានចាត់ទុកជាវិស័យដែលដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់ដល់ការធ្វើសមាហរណកម្ម តំបន់ ផងដែរ។ ជាក់ស្តែង ក្នុងឆ្នាំ ២០១៦ ភ្ញៀវទេសចរណ៍ពិភពលោកមានចំនួន ១.២៣៥ លាននាក់, កើន ឡើង ៤,៤% បើប្រៀបនឹងឆ្នាំ ២០១៥ ហើយឤស៊ាន ទាំងមូលទទួលបានភ្ញៀវទេសចរចំនួន ១១៦ លាន នាក់, កើនប្រមាណ ៦,៥%, ហើយចំនួននេះ នឹងកើនបន្ថែមទៀតក្នុងបណ្តាឆ្នាំខាងមុខ។ ក្នុងនោះ ដើម្បី ឆ្លើយតបទៅនឹងកំណើននៃតម្រូវការទេសចរណ៍, ប្រទេសនៃតំបន់នីមួយៗ ត្រូវមានទំនាក់ទំនងគ្នាជិតស្និទ្ធ ដើម្បីពង្រឹង និងពង្រីកទីផ្សារក្នុងវិស័យទេសចរណ៏នេះ ហើយផលិតផល និងសេវាកម្មទេសចរណ៍ ក៏ទាម ទារឱ្យមានការធ្វើពិពិធកម្ម និងអភិវឌ្ឍប្រកបដោយចីរភាព និងការទទួលខុសត្រូវខ្ពស់។

បច្ចុប្បន្ន កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើវិស័យទេសចរណ៏នេះ ទន្ទឹមនឹងកត្តាសុខសន្តិភាព, ស្ថិរភាព នយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់ដែលកម្ពុជាមាន។ លើមូលដ្ឋាននៃកិច្ចប្រឹងប្រែងនេះ ក្នុងឆ្នាំ ២០១៦ កន្លងទៅ, កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥ លាននាក់, ក្នុងអត្រាកំណើន ៥% ធៀបឆ្នាំ ២០១៥ ដែលនាំមកនូវប្រាក់ចំណូលប្រមាណជាង ៣.០០០ លានដុល្លារឤមេរិក។ ការព្យាករ សម្រាប់ឆ្នាំ ២០១៧ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៥,៥ លាននាក់ និងឆ្នាំ ២០២០ កម្ពុជារំពឹងទុកថា នឹងមានការកើនឡើងនូវចំនួនភ្ញៀវទេសចរដល់ ៧ លាននាក់ ដែលនឹងផ្តល់  ប្រាក់ចំណូលសរុបប្រមាណ ៥.០០០ លានដុល្លារ និង ឤចបង្កើតឱកាសការងារបានប្រមាណ ៨០ ម៉ឺន កន្លែង។

ទន្ទឹមនេះ កម្ពុជាបានកំណត់ច្បាស់ថា កម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏ល្អប្រកប ដោយភាពទាក់ទាញក្នុងតំបន់អង្គរ, សម្បត្តិបេតិកភណ្ឌអរូបី, ភាពស្អាតនៃតំបន់ឆ្នេរសមុទ្រកម្ពុជា, ភាព បៃតង និងធម្មជាតិ, ភាពរួសរាយរាក់ទាក់នៃប្រជាជនកម្ពុជាជាដើម។ នេះគឺជាមោទនភាពរបស់កម្ពុជា ដើម្បីបង្ហាញពិភពលោកថា ព្រះរាជាណាចក្រកម្ពុជា គឺជាព្រះរាជាណាចក្រនៃវប្បធម៌ ។ ចំពោះមុខ​ការ​ផ្សារភ្ជាប់រវាងវិស័យទេសចរណ៍ និងវប្បធម៌ ទាមទារនូវមូលដ្ឋានពីរសំខាន់ ដែលត្រូវដើរទន្ទឹមគ្នា គឺការ​បង្កើនភាពប្រកួតប្រជែងនៃគោលដៅទេសចរណ៍វប្បធម៌ និងការធានាឱ្យបាននូវចីរភាពដែលកើតចេញ​ពី​ការអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌។

ក្នុងស្មារតីនេះ កម្ពុជាសូមគាំទ្រប្រធានបទ «ការអភិរក្ស និង ការការពារទីក្រុងបេតិកភណ្ឌ» ដែលបាន​លើកឡើងក្នុងអង្គសន្និសីទនេះ ដែលនឹងផ្តោតការពិភាក្សាលើចំណុចសំខាន់៖

ទី១  ស្វែងយល់ពីកាលានុវត្តភាព និងបញ្ហាប្រឈមក្នុងគោលបំណងជំរុញភាពជាដៃគូយុទ្ធសាស្ត្រ និង កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌ និងពង្រីកការតភ្ជាប់ និងការប្តេជ្ញាពង្រឹង​រចនា​សម្ព័ន្ធស្ថាប័នរវាងប្រទេសសមាជិក អេស៊ីឌី

ទី២ ពិភាក្សាអំពីគំរូថ្មីៗនៃភាពជាដៃគូ និងអំពីតួនាទីអភិបាលកិច្ចល្អក្នុងការគ្រប់គ្រង, ការការពារ, ការ​អភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាពនៃទីក្រុងបេតិកភណ្ឌ

ទី៣​ ដាក់ចេញនូវសេចក្តីថ្លែងការណ៍ និងសេចក្តីសម្រេច ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និង វប្បធម៌ប្រកបដោយចីរភាព។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

អភិរក្សផង អភិវឌ្ឍផង

ក្នុងចំណុចនេះ ខ្ញុំគួរតែនិយាយបន្តិចទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក៏ដូចជា UNESCO។ ខ្ញុំសុំស្នើថាកុំឲ្យមានរបៀបឆ្វេងពេក ឬស្តាំពេក នៅក្នុងក្របខណ្ឌនៃការ​អភិរក្សទី​ក្រុង​បេតិ​ក​ភណ្ឌ។ ខ្ញុំបានជួបប្រទះបញ្ហានេះច្រើនរួចមកហើយ។ សូម្បីតែនៅទីក្រុងភ្នំពេញ នៅក្នុងដំណាក់​កាល​មួយ​នោះ យើងទុកផ្ទះរាប់រយផ្ទះដើម្បីធ្វើជាផ្ទះសម្រាប់អភិរក្ស។ ពេលនោះប្រជាជនបានស្រែកខ្លាំង​ណាស់។ ខ្ញុំបានទៅមើលដល់ទីកន្លែង វាស្ទើរតែបាក់ទៅហើយ ហើយអ្នកដែលត្រូវការដីធ្លីកន្លែងនោះ គេ​ត្រូវ​ការធ្វើ​ផ្ទះស្អាត។ គេមិនមែនត្រូវការនៅក្នុង(ផ្ទះរបៀប)នោះទេ។ ក៏ប៉ុន្តែ បែរជាយើងលើកបញ្ជីយ៉ាងច្រើន ដើម្បី​ធ្វើការអភិរក្ស។ អញ្ចឹងបានមានពេលមួយខ្ញុំ និយាយត្រង់តែម្តង ជាមួយអភិបាលក្រុងភ្នំពេញ ខ្ញុំថា​ឲ្យ UNESCO យកលុយមកទិញផ្ទះហ្នឹងឲ្យអស់ទៅ បើមិនអញ្ចឹងទេ អ្នកមានផ្ទះមានដី ទុក​អា​ហ្នឹង ស្ទើរ​តែ​បាក់ហើយ។ អញ្ចឹងកន្លែងដែលគួរទុក គឺកន្លែងណា? ត្រូវគិតគូរបញ្ហាហ្នឹងឲ្យច្បាស់។ ដូចជានៅទីក្រុង​មួយ​​ចំនួន អគារចាស់ៗ ដែលបន្សល់ទុកកាលពីពេលមុន ជាអគាររបស់រដ្ឋ គឺចាំបាច់ត្រួវថែទាំវា ការពារ​វា។ ប៉ុន្តែ យើងមិនអាចដាក់មួយទីក្រុង(អោយអភិរក្ស) មិនឲ្យមានការអភិវឌ្ឍនោះទេ។ នេះជាចំណុច​ដែល​ខ្ញុំសុំផ្តល់ការយកចិត្តទុកដាក់ទៅលើបញ្ហាអភិរក្ស និងអភិវឌ្ឍ កុំឲ្យវាទៅជា គិតតែពីអភិរក្ស មិនគិតពី​អភិវឌ្ឍ ហើយគិតតែពីអភិវឌ្ឍ ដោយមិនខ្ចីគិតពីអភិរក្ស។ ចំណុចនេះ វានឹងនាំទៅដល់ការរំខានលើ​ការ​អភិ​វឌ្ឍរបស់យើងទៅវិញទេ។

[បញ្ចប់សេចក្ដីអធិប្បាយ]

ជាមួយនេះ ខ្ញុំក៏សូមរំលឹកអំពីការប្តេជ្ញារបស់សន្និសីទពិភពលោករបស់ ​អង្គការទេសចរណ៍ពិភព​លោក​ និងអង្គការយូណេស្កូ នៅខេត្តសៀមរាប។ កាលពីថ្ងៃទី ៤-៥ ខែ កុម្ភៈ ឆ្នាំ ២០១៥ ដែលបានដាក់ចេញ​សេច​ក្តីប្រកាសសៀមរាបស្តីពី ទេសចរណ៍ និងវប្បធម៌ ក្រោមប្រធាន​បទ ការកសាងភាពជាដៃគូថ្មី ​ដោយ​ផ្តោត​លើការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ហើយទ្រទង់ដល់ការអភិវឌ្ឍទេសចរណ៍​ប្រកប​ដោយ​ចីរភាព។ លើសពីនេះទៀត កម្ពុជាក៏សូមគាំទ្រចំពោះ ការដាក់ចេញនូវយុទ្ធសាស្ត្រ «ខ្សែក្រវ៉ាត់ ១ វិថី១» ដែលជាក្របខណ្ឌនយោបាយឈ្នះឈ្នះរបស់រដ្ឋាភិបាលចិន គ្របដណ្តប់លើ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី ២១  ហើយយើងជឿ ជាក់ថានយោ​បាយ​ដ៏​ល្អនេះ នឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅតាមបណ្តាប្រទេសបណ្តោយផ្លូវសូត្ររួម​ទាំងរដ្ឋសមាជិក អេស៊ីឌី  និងកម្ពុជាផងដែរ។

ជាថ្មីម្តងទៀត ខ្ញុំសង្ឃឹមថា កិច្ចប្រជុំនេះ នឹងចែករំលែកនូវពុទ្ធិ, ជំនាញ, បទពិសោធន៍ក្នុង​កិច្ចពិភាក្សា​ឱ្យ​បាន​​កាន់តែផុសផុល និងឈានដល់ការចេញនូវសេចក្តីថ្លែងការណ៍ និងសេចក្តីសម្រេចស្តីពី ​«ទេស​ចរណ៍​ប្រកបដោយចីរភាព និងទីក្រុងបេតិកភ័ណ្ឌ» ឱ្យទទួលបានជោគជ័យ និងបន្តគាំទ្រដោយ អង្គការ​យូណេ​​ស្កូ និងអង្គការទេសចរណ៍ពិភពលោក ដើម្បីរួមគ្នាកសាងនូវអនាគតនៃវិស័យទេសចរណ៍ និង វប្បធម៌ ប្រកបដោយចីរភាព។

ជាទីបញ្ចប់ ជាមួយការប្រកាសបើកកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍លើកទី ២ និងសន្និសីទអន្តរជាតិលើកទី ១ ស្តីពី ទេសចរណ៍ប្រកបដោយចីរភាព និងទីក្រុងបេតិកភណ្ឌ នាពេលនេះ ខ្ញុំសូមជូនពរឯកឧត្តម លោក​ជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សូមប្រកបដោយសិរីសួស្តី, ជ័យ​មង្គល, វិបុលសុខគ្រប់ប្រការ និងសូមជូនពរឱ្យកិច្ចប្រជុំ និងអង្គសន្និសីទនេះ ប្រព្រឹត្តទៅដោយរលូន, ជោគ​ជ័យ, ទទួលបានលទ្ធផលផ្លែផ្កា សម្រាប់ជាប្រយោជន៍ ដល់គ្រប់ប្រជាជាតិនៃប្រទេសសមាជិកដៃគូ​សន្ទនា​សហ​ប្រតិបត្តិការឤស៊ី៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...