ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិនឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ទទួលជួបសម្តែងការគួរសម ជាមួយឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា

នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០ នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ ​ ឯកឧត្តម​កិត្តិនីតិកោសល បណ្ឌិត​ ប៊ិន​ ឈិន​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ បានអនុញ្ញាតឱ្យ​ ឯកឧត្តម W.Patrick Murphy​ ​ឯកអគ្គ​រដ្ឋ​ទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃសហរដ្ឋ​អាម៉េរិក​ប្រចាំព្រះ​រាជាណា​ចក្រ​កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​។

ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត​ ប៊ិន​ឈិន​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ បាន​សម្តែង​នូវ​ការ​ស្វាគមន៍ និង​កោតសរសើរចំ​ពោះ​ឯកឧត្តម​ W.Patrick Murphy ដែល​ត្រូវ​បាន​តែង​តាំង​ជា​ឯកអគ្គ​រដ្ឋ​ទូតវិសា​មញ្ញ និង​ពេញ​សមត្ថភាព​នៃសហរដ្ឋ​អាម៉េរិក​ប្រចាំព្រះ​រាជាណា​ចក្រ​កម្ពុជា​ ហើយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ មាន​​សុទិដ្ឋិនិយម​ថា ក្នុង​បេសកកម្ម​ការងារ​ការទូត​របស់​ឯកឧត្តម​​ W.Patrick Murphy នៅ​កម្ពុជា​នឹង​ធ្វើ​ឱ្យ​ទំ​នាក់​ទំ​នង​កម្ពុជា​ និង​សហរដ្ឋ​អាម៉េរិក​ នឹងមាន​ភាព​ល្អ​ប្រសើរឡើង​។

ជា​មួយ​នឹង​ការ​វាយតម្លៃ​ខ្ពស់​អំពី​បទ​ពិសោធន៍​ការងារ និង​ភាព​ប៉ិន​ប្រសប់​របស់​​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋអាមេរិក​ ដែល​ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត​ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​​បាន​ចាត់​ទុក ​ឯកឧត្តម​ W.Patrick Murphy ​ ជា​បុគ្គលមានចរិក​មូលដ្ឋាន​ និង​ជា​ឥស្សរជន​អាម៉េរិក​ដែល​បាន​រៀន​សូត្រ និង​យល់ដឹង​​ច្រើន​ពី​ប្រជា​ពលរដ្ឋ​ ខណៈដែល​ជា​ញឹក​ញាប់ ​ឯកឧត្តម​ ​ W.Patrick Murphy តែង​តែ​ចុះ​ទៅ​កាន់​ទី​ជន​បទ​ ដើម្បី​ការ​សិក្សាស្វែង​យល់បញ្ហា​​ជា​ច្រើន​អំពី​ប្រជាជន​កម្ពុជា​ ក៏ដូចជា​ការ​ស្វែង​រក​កិច្ច​សហការ  ដើម្បី​​ពង្រឹង​ទំ​នាក់​ទំ​នង​​ទ្វេភាគីរវាង​​កម្ពុជា‑ អាម៉េរិក​លើ​វិស័យ​ជា​ច្រើនទៀត​ ទាំង​ក្នុង​ក្រប​ខណ្ឌអភិវឌ្ឍ ក៏ដូចជា​ពង្រឹង​ចំ​ណង​ការទូត​។

ឯកឧត្តម​ ​ W.Patrick Murphy  ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិកប្រចាំ​កម្ពុជា​ ក៏បាន​លើកឡើង​ផង​ដែរ ​អំពី​ជំ​នួប​ពិភាក្សា​គ្នា​ជា​វិជ្ជមានលើ​សកម្មភាពការងារ​ជា​ច្រើន​​ដែល​សហរដ្ឋ​អាមេរិក​ បាននិង​កំពុង​ធ្វើ​រួម​គ្នា​ជា​មួយ​​ក្រសួង​អប់​រំ ​យុវជន​ និង​កីឡា​ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ពិភាក្សា​អំពី​ការកសាង​ផ្លូវ​នៅ​តំ​បន់​ជនបទ​ និង​ជួប​ជា​មួយ​យុវជន​កម្ពុជា​ ហើយ​ចុង​ក្រោយ​នេះ​ ឯកឧត្តម​ ​ W.Patrick Murphy  ក៏បាន​ជួប​​ជា​មួយ​រដ្ឋ​មន្ត្រី​មួយ​ចំ​នួន​ក្នុង​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​នោះ​ដូច​ជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី​ក្រសួង​​អភិវឌ្ឍជន​បទ​ជាដើម ជា​ពិសេស ឯកឧត្តម​ W.Patrick Murphy ​ក៏បាន​រម្លឹក​អំពី​ជំ​នួប​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រកម្ពុជា​ ហើយ​ដែល​ភាគី​ទាំង​ពីរ​បាន​បង្ហាញនូវ​គោល​ជំ​ហរដូច​គ្នា​ជាច្រើន​​អំពី​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ទំ​នាក់​ទំ​នង​កាន់​តែរឹង​មាំ​ និងល្អ​​ប្រសើរឡើង​រវាង​កម្ពុជា​ និង​សហរដ្ឋ​អាម៉េរិក។ ឯកឧត្តម​ ​ W.Patrick Murphy  បាន​ចាត់​ទុកការ​ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​​មាន​លក្ខណៈជា​វិជ្ជមាន​នេះ ថាជា​ការ​ផ្តល់​នូវ​ស្មារតី​​ល្អ​ប្រសើរជាង​មុន។ ឯកឧត្តម​ ​ W.Patrick Murphy  ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាម៉េរិកប្រចាំ​នៅ​កម្ពុជា ​បាន​ឱ្យ​ដឹង​ទៀតថា នៅក្នុង​​ពេល​ឆាប់​ៗខាងមុខនេះ នឹង​មាន​ពាណិជ្ជករមួយ​ចំ​នួនរបស់​សហរដ្ឋអាម៉េរិក​​នឹង​មក​កាន់​កម្ពុជា​ ដើម្បី​សិក្សាស្វែង​រក​ឱកាសវិនិយោគ​នៅ​កម្ពុជា​ផង​ដែរ។ បន្ថែម​ពី​លើ​នេះ ឯកឧត្តម​​ W.Patrick Murphy ក៏បាន​ឱ្យ​ដឹង​ទៀតថា នៅ​ខែមីនាខាងមុខ​នេះ សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន​ នឹង​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាម៉េរិក​ អាស៊ាន​ ហើយ​ដែល​ក្នុង​ឱកាសនោះ​ ឯកឧត្តម​ ​ W.Patrick Murphy សង្ឃឹម​ថា ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរអាម៉េរិក​-កម្ពុជា​ នឹងបាន​រិត​ចំ​ណង​សាមគ្គីភាព​កាន់​តែល្អ​ថែម​ទៀត ក៏ដូចជា​ចូលរួម​ដោះ​ស្រាយ​បញ្ហា​ក្នុង​តំ​បន់ និង​ពិភព​លោក​ផង​ដែរ។

ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត​ ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ ក៏បាន​មាន​ប្រសាសន៍លើក​ឡើងអំពី​អនុស្សាវរីយ៍​មួយដ៏​មាន​អត្ថន័យយ៉ាង​ធំ​ធេង​ ក្នុង​ពេលនៃការផ្តួច​ផ្តើម​ឱ្យមាន​​កិច្ច​ព្រម​ព្រៀង​បង្កើត ​និង​ដំ​ណើរការ​កាត់​សេចក្តី​របស់​អង្គជំ​នុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាការកម្ពុជា( អ.វ.ត.ក) ក្នុងន័យថា សហរដ្ឋ​អាម៉េរិកត្រូវ​បាន​ចាត់​ទុក​ថា ជា​ឆ្មបមួយ ( Midwife) ដែលបាន​ជួយ​​តាក់​តែង​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​បង្កើត​ឱ្យមាន​ អ.វ.ត.ក ឬហៅកាត់​ថា សាលាក្តី​ខ្មែរក្រហម​។ ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត​ ប៊ិន ឈិន បាន​រម្លឹកថា កាលណោះ ​អ្នក​ជំ​នាញ​ផ្នែក​ច្បាប់​ និងជា​​ឥស្សរជន​សំ​ខាន់របស់​សហរដ្ឋ​អាម៉េរិក​​​ដែល​បានចូលរួម​ដោយ​ផ្ទាល់​ គឺ​ឯកឧត្តម David Scheffer  ដែល​ជា​អ្នក​​បាន​ជួយ​ធ្វើ​កិច្ច​ការងារ​នេះ​ ហើយសហរដ្ឋអាម៉េរិក​ក៏ជាអ្នក​ផ្តល់​ជំ​នួយ​ចំ​ណាត់​​ថ្នាក់​ទី​៤ ដែល​បាន​ផ្តល់​ថវិកា​សរុប​ចំ​នួន៣២,២លាន​ដុល្លាអាមេរិក​ សម្រាប់​ភាគី​អន្តរជាតិ​ នៃ​អ.វ.ត.ក ផងដែរ៕   

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ