ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យវិនិយោគិនបង់ក្លាដែស មកសាងសង់ឃ្លាំង និងបំពាក់ម៉ាស៊ីនកិនស្រូវ ហើយប្រមូលទិញស្រូវដោយផ្ទាល់ពីប្រជាជនកម្ពុជា ដើម្បីនាំចេញទៅកាន់ប្រទេសបង់ក្លាដែសដោយតម្លៃសមស្រប។
នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Muhammad Faruk Kan ប្រធានគណកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុកកិច្ចការអន្តរជាតិនៃសភាបង់ក្លាដែស ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សកិច្ចនៅកម្ពុជា។
ឯកឧត្តម Muhammad Faruk Kan បានជម្រាបជូនសម្តេចតេជោ អំពីជំនួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយនឹងភាគីសភាកម្ពុជា ហើយក្នុងកិច្ចពិភាក្សាគ្នានេះ ក៏បានជំរុញនិងពង្រឹងទំនាក់ទំនង រវាងសភានៃប្រទេសទាំងពីរផងដែរ។ ឯកឧត្តមបានលើកឡើងថា នៅឆ្នាំ២០២០នេះ កម្ពុជា នឹងដឹកនាំប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ហើយលោកជំទាវ នាយករដ្ឋមន្ត្រីបង់ក្លាដែស អាចនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានៅពេលនោះ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំនេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយយ៉ាងខ្លាំង អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសកម្ពុជា និងប្រទេសបង់ក្លាដែស។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា ប្រទេសយើងទាំងពីរគប្បីណាជំរុញការផ្លាស់ប្តូរ ដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណា ឱ្យមានការយល់ដឹងគ្នាកាន់ខ្ពស់ឡើង និងទំនាក់ទំនងកាន់តែខ្លាំងឡើង ក្នុងន័យស្វែងរកនូវកិច្ចសហប្រតិបត្តិការផ្សេងៗ រួមទាំងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មផងដែរ។ សម្ដេចតេជោបានបន្ដថា កន្លងមកសម្ដេចបានឈ្វេងយល់ពីតម្រូវការអង្កររបស់បង់ក្លាដែស ហើយមានបំណងស្វែងរកអង្ករពីកម្ពុជា។ សម្ដេចតេជោបានបន្ដទៀតថា គប្បីណាស្វែងរកវិធីសាស្ត្រ ដើម្បីអាចទិញអង្ករពីកម្ពុជាបាននូវតម្លៃដ៏សមស្របមួយ នោះគឺតាមវិធីដែលអ្នកវិនិយោគ អាចមកសង់ឃ្លាំង សង់ម៉ាស៊ីនកិនស្រូវ និងប្រមូលទិញស្រូវ ពីប្រជាជនផ្ទាល់តែម្ដង ដើម្បីធ្វើការកិននាំចេញ ទៅប្រទេសបង់ក្លាដែស ដែលនេះតម្លៃអង្កររបស់កម្ពុជា អាចមានតម្លៃប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតផង។ ក្នុងន័យនេះដែរ ភាគីទាំងពីរអាចស្គាល់ និងទទួលបាននូវសុវត្ថិភាពចំណីអាហារ ហើយក៏ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរបានកាន់តែល្អ៕