សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

32

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

តាមរបាយការណ៍របស់ ឯកឧត្តម ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានអោយដឹងថា និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ មានកម្រិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួន ២,៧៩០នាក់ ក្នុងនោះនារី ១,៣៨០នាក់។ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាមួយរបស់រដ្ឋ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់ក្មួយៗនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ចនៅថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងបានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាល ដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតបញ្ចប់ទទួលបានជោគជ័យនៅថ្ងៃនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការវិវឌ្ឍរីកចម្រើននៃសាកលវិទ្យាល័យនេះ ចាប់តាំងពីមាននិស្សិតរៀនតិចតួច តែពេលនេះសាកលវិទ្យាល័យបានបណ្តុះបណ្តាលនិស្សិតយើងរាប់ម៉ឺននាក់។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសទាំងវិស័យរដ្ឋ និងឯកជនបានចូលរួមក្នុងវិស័យអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានោះ សាកលវិទ្យាល័យរបស់រដ្ឋនោះ គឺមួយផ្នែករៀនដោយទទួលបានអាហារូបករណ៍ដែលផ្តល់ដោយរដ្ឋ និងមួយផ្នែកទៀតរៀនដោយបង់ថ្លៃ ដើម្បីរួមចំណែកជំរុញវិស័យនេះអោយរីកចម្រើនជាបន្តបន្ទាប់។

នៅថ្ងៃនេះ ទាក់ទងទៅនឹងការផ្អើលផុសរឿងអាជ្ញាធរខេត្តបាត់ដំបងចង់វាយស្ពានបុរាណមួយដែលមានអាយុកាលប្រមាណជាង១០០ឆ្នាំនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាសម្បតិ្តអ្វីដែលមានអាយុកាលដែលបន្សល់ទុកលើកពី៥០ឆ្នាំ គឺត្រូវតែរក្សាទុក មិនត្រូវបំបាត់ចោលនោះទេ តែទោះជាយ៉ាងណាក៏ដោយ ដើម្បីបំពេញតម្រូវការដែលខ្វះខាត យើងត្រូវជំនួសមកវិញនូវស្ពានថ្មីបន្ថែមទៀតដោយមិនមែនវាយរបស់ចាស់ចោលនោះទេ។

ទាក់ទងទៅនឹងទិន្នផលស្រូវឆ្នាំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមរបាយការណ៍របស់ក្រសួងកសិកម្មបានអោយដឹងថា យើងទួលបានផលស្រូវប្រមាណជាង២លានតោន លើផ្ទៃដី ២លាន៧សែនហិចតា ហើយក្នុងនោះស្រូវវស្សាមិនសូវខ្វះទឹកប៉ុន្មាននោះទេ តែសម្រាប់ស្រូវរដូវប្រាំងវិញគឺមានការខ្វះខាតទឹក។ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តការអំពាវនាវអោយបងប្អូនប្រជាកសិករធ្វើស្រែតែ១ដងបានហើយ ដើម្បីសន្សំសំចៃទឹកទុក។ ជាមួយគ្នានេះផងដែរ សម្តេចតេជោក៏បន្តជំរុញអោយប្រជាកសិករនាំគ្នាដាំដំណាំរួមផ្សំផ្សេៗ ជំនួសវិញ ដូចជាដំណាំអំពៅជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កន្លងទៅនេះ ទោះបីជាយើងមិនទទួលបាននូវភាពជោគជ័យក្នុងការនាំអង្ករ១លានតោនក៏ដោយ ក៏ប៉ុន្តែយើងបានសល់ស្រូវ និងបានលក់ទៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។ សម្តេចតេជោបន្តថា ការមិនសម្រេចទៅតាមគោលដៅនោះ មកពីយើង«មានមាសហើយខ្វះក្រដាសខ្ចប់» ដូចជាយើងនៅមានការខ្វះរោងម៉ាស៊ីនកិនស្រូវ ខ្វះឡសម្ងួតស្រូវ និងខ្វះបច្ចេកទេសកែច្នៃផ្សេងៗជាដើម។ ដូច្នេះហើយទើបកម្ពុជាយើងកំពុងខិតខំទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេសលើវិស័យនេះ ជាពិសេសលើការកែច្នៃវត្ថុធាតុដើម ពីផលិតផលកសិកម្ម និងការកែច្នៃផលិតផលផ្សេងៗទៀតអោយទៅជាផលិតផលសម្រេច ព្រមទាំងជំរុញការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាជាដើម។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ការរីកលូតលាស់នៃសាកលវិទ្យាល័យ និងលទ្ធផលនៃការខិតខំប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងជូនពរដល់និស្សិតជ័យលាភីដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សា និងមានការងារល្អជាបន្តបន្ទាប់ទៀត។ បន្ទាប់មក សម្ដេចតេជោ បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់តំណាងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅក្នុងបរិយាកាស ស្និទ្ធស្នាល និង សប្បាយរីករាយបំផុត៕