ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ ព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការគណៈរដ្ឋមន្ត្រី

ឯកឧត្តម​កិតិ្តនីតិកោសលបណ្ឌិត​ ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ និង​ជា​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៩នេះ នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ បាន​អនុញ្ញាតឱ្យ លោក​​ជំ​ទាវ​ Carmen Moreno  ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះ​រាជាណា​ចក្រកម្ពុជា​ ចូលជួបសម្តែងការគួរសម។

ឯកឧត្តម​កិតិ្តនីតិកោសលបណ្ឌិត​ ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ និង​ជា​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ បានបញ្ជាក់ជូនលោកជំទាវ Carmen Moreno  ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​​ប្រចាំ​ព្រះ​រាជាណា​ចក្រកម្ពុជា​ថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាអ្នកសម្របសម្រួល​ការងារមួយចំនួនរបស់ក្រសួងនានា មុនដាក់ជូន សម្តេចតេជានាយករដ្ឋមន្រ្តី ហើយរដ្ឋមន្ត្រីត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ បានថ្លែង​​អរគុណ​ និង​កោត​សរសើរដល់​លោកជំ​ទាវ​​​ Carmen Moreno  ដែល​ត្រូវ​បាន​តែង​តាំង​ជា​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ និង​សង្ឃឹម​ថា បេសកកម្ម​ការទូតរបស់​លោកជំ​ទាវ​នឹង​បង្កើន​ទំ​នាក់​ទំ​នង​រវាង​កម្ពុជា​ និង​សហភាព​អឺរ៉ុប​ឱ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរថែមទៀត​។

លោក​​ជំ​ទាវ​ Carmen Moreno  ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះ​រាជាណា​ចក្រកម្ពុជា​ បាន

លើកឡើងថា កន្លងមក​សហភាព​អឺរ៉ុបបាន​គាំ​ទ្រ​បង្កើតឱ្យមាន​សាលាក្តី​ខ្មែរក្រហម ហៅ​កាត់​ថា អ.វ.ត.ក​ និង​ក៏ជា​​អ្នក​ផ្តល់​ជំ​នួយ​ចំ​ណាត់​ថ្នាក់​ទី​៥ ដែល​បាន​ផ្តល់​ទឹក​ប្រាក់សរុប​ចំ​នួន​២៨,៨លាន​ដុល្លារ​អាមេរិក​ ដល់ អ.វ.ត.ក ក្នុង​នោះទឹកប្រាក់​​ចំ​នួន​១៥,៤លានដុល្លាអាមេរិក​សម្រាប់​ភាគី​អន្តរជាតិ និង​ចំ​នួន១២,៩លានដុល្លារ​អាមេរិក​សម្រាប់​ភាគី​ជាតិ​នៃ​ អ.វ.ត.ក។

ឯកឧត្តម​កិតិ្តនីតិកោសលបណ្ឌិត​ ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ និង​ជា​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី បានលើកបន្ថែមទៀតថា កន្លងមកសាលាក្តីខ្មែរក្រហមដើតួសំខាន់ណាស់​ដែលបានកាត់ទោសមេដឹកនាំខ្មែរក្រហមមួយចំនួន ហើយអ្វីដែលនៅសល់សម្រាប់តុលាការកម្ពុជាគឺជា​​បទពិសោធន៍មួយដ៏ល្អ។ ជំនួយសហភាពអឺរ៉ុបកន្លងមកមានចំណាត់ថ្នាក់លេខ៥ និងសូមបន្តផ្តល់ជំនួយជួយឱ្យសាលាក្តីខ្មែរក្រហមបញ្ចប់ដោយជោគជ័យ។

លោកជំ​ទាវ​ Carmen Moreno  ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប បាន​ឯកភាពនិងការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហើយមានប្រសាសន៍បន្តថា អ.វ.ត.ក ពិតជា​ផ្តល់​នូវ​បទពិសោធន៍ និង​មេរៀន​ល្អ​ៗជា​ច្រើន​​សម្រាប់​តុលាការ​ក្នុង​ស្រុក​ និង​បាន​វាយតម្លៃ​ខ្ពស់​ថា អ.វ.ត.ក ក៏បាន​និង​បន្សល់ទុកនូវ​កេរដំ​ណែល​ដ៏ល្អ​នៅ​ក្នុង​សង្គម​កម្ពុជា​ ក៏ដូចជា​បាន​ចូលរួម​ពង្រឹង​នីតិរដ្ឋផង​ដែរ។ ដោយ​យល់ឃើញ​ពី​សារៈសំ​ខាន់​ដ៏ចាំ​បាច់​បំ​ផុត​នេះ លោកជំទាវ​បាន​បញ្ជាក់​ថា សហភាព​អឺរ៉ុប​ នឹង​បន្ត​គាំ​ទ្រ​សាលាក្តី​ខ្មែរក្រហម​រហូតដល់ទីបញ្ចប់។ សហភាព​អឺ​រ៉ុបបាន​នឹង​កំពុង​ពិចារណា​អំពី​ចំ​នួន​ទឹក​ប្រាក់​ដែល​នឹង​ត្រូវ​បន្ត​ជួយ​ដល់​សាលាក្តីនេះ​បន្ថែម​ទៀត ដែល​​ចំ​នួន​ទឹក​ប្រាក់​ពិតប្រាកដនឹង​ជម្រាប​ជូន​មក​​ភាគី​កម្ពុជា​នៅ​ពេល​បានការ​ឯកភាពជា​ផ្លូវ​ការ និង​បញ្ចប់​ការ​ពិភាក្សាគ្នារួច​រាល់​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ ក៏បាន​លើកឡើង​អំពី​ភាព​ចាំ​នៃ​ការផ្សព្វ​ផ្សាយនូវ​ប្រវត្តិសាស្ត្រ​ពិតសម្រាប់​អ្នក​ជំ​នាន់​ក្រោយ ចៀសវាង​ការយល់​ច្រឡំ​អំពី​ប្រវត្តិសាស្ត្រ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់​ថា សម្រាប់​ជា​មរតក​របស់​ អ.វ.ត.ក  សាលាក្តី​មួយ​នេះបាន​បង្កើត​នូវ​មជ្ឈមណ្ឌលតម្កល់ឯកសារ​ ដែល​ហៅកាត់ថា LDC ហើយ​តាម​រយៈការងារ​ដ៏មាន​សារៈសំ​ខាន់​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ ប៊ិន ឈិន មាន​បំ​ណង​ចង់​ឱ្យក្រុម​ការងារ​ជំ​រុញ​ការ​ចុះ​ទៅ​ផ្សព្វ​ផ្សាយ​នៅតាម​សាកលវិទ្យាល័យ និង​វិទ្យា​ល័យនានាជា​ច្រើន​ក្នុង​ប្រទេស​ ដើម្បីឱ្យ​សិស្ស ‑និស្សិត មាន​ការ​យល់​ដឹង និង​ចង​ចាំ​កាន់តែ​ច្បាស់អំពី​ប្រវត្តិសាស្ត្រពិត​របស់​ប្រទេស​កម្ពុជា​ដែល​ធ្លាប់​រង​ទុក្ខវេទនាក្នុង​របបប្រល័យ​ពូជសាសន៍ ប៉ុល ពត ចន្លោះពី​ឆ្នាំ​១៩៧៥ ដល់​​ឆ្នាំ​១៩៧៩​។

​គោល​បំ​ណង​នេះ ត្រូវបាន​ទទួលនូវ​ការគាំ​ទ្រភ្លាម​ៗពី ​​ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ដោយលោកជំ​ទាវ​បាន​មានប្រសាសន៍បន្ថែមថា “យើង​ត្រូវ​តែ​ពន្យល់ឱ្យ​យុវជនជំ​នាន់​ក្រោយយល់ដឹង និង​​ចងចាំនូវ​ការពិតនៃ​ប្រវត្តិសាស្ត្រ​”។ លោកជំ​ទាវ​ក៏សម្តែង​នូវ​ការ​គាំ​ទ្រជាមួយ​នឹង​សុខសន្តិភាព ​ដែល​កម្ពុជា​កំ​ពុង​មាន​នាពេល​សព្វ​ថ្ងៃ​នេះ​ហើយអះអាងថា កម្ពុជា​ត្រូវ​តែបន្ត​ថែរក្សា សន្តិភាព​នេះឱ្យបាន​ស្ថិតស្ថេរគង់វង្ស​ និង​មិន​ត្រូវ​ឱ្យ​ប្រវត្តិសាស្ត្រ​ដ៏ជូរចត់វិល​ត្រឡប់​មក​វិញ​បាន​ជា​ដាច់​ខាត។ លោកជំ​ទាវ​បានបន្តថា កន្លង​មក​សហភាព​អឺ​រ៉ុប​ ក៏មាន​កិច្ច​សហប្រតិបត្តិការល្អ​ជា​មួយ​វិស័យ​អប់​រំ​នៅ​កម្ពុជា​ផង​ដែរ ដូច​នេះ ពាក់​ព័ន្ធ​នឹង​គោល​បំ​ណង​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ដែល​ចង់​ផ្សព្វ​ផ្សាយ​ដល់​សិស្ស និស្សិត​ អំ​ពី​ប្រវត្តិសាស្ត្រពិត​នៃ​របប ប៉ុល ពត​។ លោកជំ​ទាវ​បាន​សន្យាថា នឹង​រិះរក​កិច្ច​សហការ​បន្ថែម​ទៀតជា​មួយ​ក្រសួង​អប់​រំ​ យុវជន​និងកីឡា ​ដើម្បី​ឱ្យ​យុវជនមាន​ឱកាស​​ស្វែង​យល់អំពី​អតីតកាល​ឱ្យ​បាន​ច្បាស់​លាស់​។

ជា​ចុង​បញ្ចប់​ លោកជំ​ទាវ​ Carmen Moreno  ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះ​រាជាណា​ចក្រកម្ពុជា​ បានមានប្រសាសន៍ថា សហភាព​អឺរ៉ុប នឹង​បន្តពង្រឹង​កិច្ច​សហការដោយ​បើក​ចំ​ហ ឱ្យ​កាន់​​តែ​រឹង​មាំ​បន្ថែម​ទៀតជា​មួយកម្ពុជា​ លើវិស័យ​ផ្សេង​ៗជា​ច្រើន​ទៀត ក្នុង​នោះ​ដូចជា​​វិស័យ​អប់​រំ​ បរិស្ថាន សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្មជាដើម​៕​

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ