សម្ដេចតេជោ ហ៊ុន សែន គាំទ្រក្រុមហ៊ុនមីនីបៀ ដែលផលិតឧបករណ៍ល្បែងកម្សាន្ត បិទស្លាកសញ្ញាផលិតនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នំ២០១៩ – ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការគាំទ្រចំពោះការវិនិយោគបច្ចេបវិទ្យារបស់ក្រុមហ៊ុនមីនីបៀប្រទេសជប៉ុន ដែលឈានទៅផលិតឧបករណ៍ល្បែងកម្សាន្តរបស់កុមារបិទស្លាកសញ្ញាផលិត និងជាផលិតផលរបស់កម្ពុជាហើយនាំចេញទៅក្រៅប្រទេស។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេ តេជោនាយករដ្ឋមន្ត្រីបន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក យូស៊ីហ៊ីដសា កៃណូម៉ា (Yoshihisa Kainuma) ប្រធានក្រុមហ៊ុនមីនីបៀ ចូលជួបសម្ដែងការគួរសមនារសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។ លោកកៃណូម៉ាបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេចតេជោ  ដែលបានអនុញ្ញាតឱ្យលោកនិងប្រតិភូក្រុមហ៊ុនរបស់លោកបានចូលជួបសម្ដែងការគួរសម។

លោកក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថានៅឆ្នាំ ២០១៨ កន្លងមកក្រុមហ៊ុនរបស់លោក បានដាក់ទុនវិនិយោគនៅកម្ពុជាមានចំនួនទឹកប្រាក់ចំនួន ៣៧២លាន ដុល្លា រអាម៉េរិកហើយនៅឆ្នាំ ២០១៩នេះ នឹងរីកឡើងរហូតទៅដល់ ៤០០ លានដុល្លារអាម៉េរិក។លោកក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោផងដែរថាក្រៅពីការផលិតម៉ូទ័រហើយ ក្រុមហ៊ុនទើបទទួលបានការអនុញ្ញាតឱ្យផលិតឧបករណ៍ សម្រាប់ល្បែងកម្សាន្តរបស់ក្មេងទៀត ដែលផលិតផលនេះគឺនឹងបិតស្លាកថា Made in Cambodia មានន័យថាផលិតនៅកម្ពុជា ហើយផលិតផលនេះគឺនាំចេញទៅទូទាំងពិភពលោកសម្រាប់ការចែកចាយរបស់ក្រុមហ៊ុន។ លោក Yoshihisa Kainuma ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោផងដែរថារហូតមកដល់ពេលនេះ ក្រុមហ៊ុនមាន កម្មករចំនួន៧ពាន់នាក់ហើយៗ ដែលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះកម្មករនឹងឈានឡើង រហូតដល់ ២ ម៉ឺននាក់សម្រាប់បម្រើការងារនៅ ក្នុងរោងចក្ររបស់ លោកហើយកម្មករទាំងនោះទៀតសោតបានមកពីខេត្តចំនួន១០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្តថាក្រៅពីការផលិតឧបករណ៍សម្រាប់ល្បែងកម្សាន្តនេះ ក៏មានការផលិត ភ្លើងឆ្លាតផងដែរ ហើយលោកក៏បានគោរពជម្រាបជូនសម្តេចតេជោថាក្រុមលោកបានធ្វើការផលិតភ្លើងវៃឆ្លាត ហើយបានផ្គត់ផ្គង់បំពាក់នៅទីក្រុងភ្នំពេញ និងទីក្រុងសៀមរាបបានចំនួន ៦៨៩២គ្រឿងហើយៗនៅក្រៅប្រទេស ក៏មានបំពាក់នៅទីនោះផងដែរដែរដោយ ផលិតផលនៅកម្ពុជានេះបានបំពាក់នៅប្រទេសជប៉ុនបានប្រមាណ ២ម៉ឺនអំពូល ហើយៗនៅពេលដ៏ខ្លីខាងមុខនេះទៀត នឹងបំពាក់ប្រមាណ ២ម៉ឺនអំពូលទៀតនៅទីក្រុងហ៊ីរ៉ូស៊ីម៉ានៃ ប្រទេសជប៉ុនផងដែរ។ ភ្លើងវៃឆ្លាតនេះ គឺមានគុណភាពល្អកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានច្រើន ជួយដល់បរិស្ថានផង ហើយនិងបំភ្លឺភ្លើងតាមផ្លូវសាធារណៈឱ្យមានភាពភ្លឺស្មើគ្នាទាំងស្រុងតែម្ដង។ ក្នុងន័យនេះលោកកៃណូម៉ាបានគោរពសុំការគាំទ្រពីសម្ដេច តេជោនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាជួយគាំទ្រផលិតផលដែលផលិតក្នុងស្រុក ដែលអាចជួយដល់បរិស្ថាន ផ ង ជួយដល់ការសំចៃការប្រើប្រាស់ប្រេង និងអគ្គិសនីផងដោយការប្រើប្រាស់ភ្លើងវៃឆ្លាតនៅកម្ពុជា ជាពិសេសនៅតាមខេត្តធំៗ ដូចជាខេត្តព្រះសីហនុ និងខេត្តដទៃទៀត។

ជាការឆ្លើយតបសម្តេចតេជោបានសម្តែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀដែលមានការរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ កាលដើមឡើយសម្ដេចតេជោធ្លាប់បានមានប្រសាសន៍ថា មិនថាក្រុមហ៊ុនតូច ឬក្រុមហ៊ុនធំទេ ឱ្យតែមកដល់កម្ពុជា គឺដល់មុន និងទទួលមុន ក្នុងន័យនេះកាលដើមឡើយក្រុមហ៊ុនមីនីបៀ គឺជាក្រុមហ៊ុនតូចមួយតែពេលនេះ ក្រុមហ៊ុនមីនីបៀ គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយ ដែលមានកម្មកររហូតដល់ ៧ពាន់នាក់និងឈានរហូតដល់ ២ ម៉ឺននាក់ ហើយក៏កំពុងតែផលិតនូវផលិតផលដែលមានបច្ចេកវិទ្យាទំនើបៗផងដែរ។ ជាងនេះទៀត ការវិនិយោគបច្ចេកវិទ្យា ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ ទៅលើកម្មករកម្មការិនី គឺនាំឱ្យក្រុមហ៊ុននេះឈានមុខគេលំដាប់ទី១។ ពាក់ព័ន្ធទៅនឹងការផលិត ឧបករណ៍ល្បែងកម្សាន្តដែលបិទស្លាកថាផលិតនៅកម្ពុជា សម្ដេចបានមានប្រសាសន៍ថា នេះជាមោទនភាពណាស់ ដែលកម្ពុជាយើងបានឈានដល់ការផលិតឧបករណ៍ ហើយដាក់ឈ្មោះថាផលិតនៅកម្ពុជាហើយនាំចេញទៅប្រើប្រាស់ នៅស្រុកក្រៅផងដែរ។ ពាក់ព័ន្ធនឹងបញ្ហាការផលិតអំពូលវៃឆ្លាតសម្ដេចតេជោបានមានប្រសាសន៍ថា វាជាភ័ព្វសំណាងណាស់ដែលរោងចក្រនាំម កនូវការផលិតអំពូលវៃឆ្លាតនៅកម្ពុជា ហើយកំពុងតែប្រើប្រាស់អំពូលនេះនៅខេត្ត មួយចំនួនរួចស្រាប់ហើយ ដូចជា ទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប ។ សម្ដេចតេជោក៏មានប្រសាសន៍ផងដែរ ពាក់ព័ន្ធនឹងអំពូលវៃឆ្លាតនេះកម្ពុជាគឺមានប៉ូលសេដ្ឋកិច្ចបីគឺប៉ូលភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុក្នុងន័យនេះយើងគប្បីណាប្រើអំពូលវៃឆ្លាតនេះនៅខេត្តព្រះសីហនុផងដែរដើម្បីជាកត្តាជួយកាត់បន្ថយការចំណាយទៅលើថាមពលអគ្គិសនីផង ជួយបរិស្ថានផង និងលើកទឹកចិត្ត ក្រុមហ៊ុនដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាផង។ សម្ដេចតេជោក៏បានជម្រាបជូនប្រតិភូរបស់ក្រុមហ៊ុនមីនីបៀផងដែរនូវគោលនយោបាយរបស់ រដ្ឋាភិបាលកម្ពុជា ដែលកំពុងតែធ្វើកំណែទម្រង់កាត់បន្ថយតម្លៃសម្រាប់ការផលិត សម្រាប់ការដឹកជញ្ជូនដើម្បីធ្វើយ៉ាងណាសម្រួលការវិនិយោគឱ្យអ្នកវិនិយោគមកកាន់កម្ពុជា បានទទួលជោគជ័យនិង មា ន ភាពងាយស្រួល៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ