សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលជួបគណៈប្រតិភូ សាធារណរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ជឿង ហ័រប៊ិញ (Truong Hoa Binh) ឧបនាយករដ្ឋមន្ត្រីប្រចាំការ​នៃ​សា​ធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០​១៩​ ​នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅ​ព្រះ​រាជាណាចក្រកម្ពុជា។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឱ្យដឹងក្រោយជំនួបនោះថា  ឯ​ក​ឧ​ត្តម ជឿង ហ័រប៊ិញ បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តមពិតជាមាន​កិ​ត្តិ​យសណាស់ ​ដែលបានមានឱកាសដឹកនាំគណៈប្រតិភូមកចូលជួបសម្ដែងការគួរសម​ជាមួយ​ស​ម្ដេ​​​ច​តេ​ជោ ជាពិសេសនៅពេលដែលសម្ដេចមានពេលវេលាដ៏មមាញឹក។ ក្នុងឱកាស​នេះ​ដែ​រ ឯក​ឧ​ត្តម​បានគោរពពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខពីប្រមុខរដ្ឋ និងនាយករដ្ឋមន្រ្តីវៀតណាម ជូនចំ​ពោះ​សម្ដេចតេជោ និងគោរពអញ្ជើញសម្ដេចតេជោទៅធ្វើទស្សនកិច្ចនៅ​ប្រទេសវៀត​ណា​​ម​នៅ​ពេលសមស្របខាងមុខ។

ឯកឧត្ដម Truong Hoa Binh  ក៏បានគោរពរាយការណ៍ជូន​ស​ម្ដេចតេជោ ​អំពីកិច្ច ពិភាក្សាជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋ​ម​ន្រ្តី​​ប្រចាំការ ហើយ ក៏បានគោរពរាយការណ៍ជូន​សម្ដេចតេជោ ​អំពីវឌ្ឍនភាពនៅ​ប្រទេស​វៀ​ត​ណាមផងដែរ។ ឯកឧត្តមបានបន្តថា នៅប្រទេសវៀតណាមមានការអភិវឌ្ឍយ៉ាងល្អប្រសើរ​គោ​លដៅទាំង១២ របស់រដ្ឋាភិបាលវៀតណាមដែលបានដាក់ចេញ​មក ត្រូវបានសម្រេច​ហើយ​ក៏​កំពុងតែជំរុញការអនុវត្តឱ្យបានសម្រេចស្របតាមគោលដៅអភិវឌ្ឍន៍​របស់អង្គការសហប្រ​ជា​ជាតិ។

ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា សេដ្ឋកិច្ចវៀតណាមនៅពេលនេះ មានការ​កើ​ន​ឡើ​ងប្រមាណ ៧ភាគរយ ហើយអតិផរណាទាបមានប្រមាណតែ ២ភាគរយប៉ុណ្ណោះ។ ឯកឧ​ត្ត​ម​​ក៏បានសម្ដែងនូវការរីករាយជាមួយនិងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង​កម្ពុ​ជា​ និងវៀតណាមលើគ្រប់វិស័យ ជាពិសេសលើវិស័យការពារជាតិ វិស័យសន្តិសុខស​ណ្តា​ប់​ធ្នា​ប់​តាមព្រំដែន វិស័យសេដ្ឋកិច្ចក៏ដូចជាវិស័យពាណិជ្ជកម្មផងដែរ។ ឯកឧត្តម​មា​ន​ប្រសាសន៍ថា ពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម អាចឈានទៅដល់តាមការកំណត់​ចំនួន៥ពាន់​លា​ន​ដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ២០២០។

លើសពីនោះទៅទៀត ឯកឧត្តមក៏​បា​ន​សម្ដែង​នូវការរីករាយផងដែរ ចំពោះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​លើឆាកអន្តរ​ជា​តិ​កន្លងមក ​ហើយឯកឧត្តមមាន ប្រសាសន៍ថា វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ​អា​ស៊ាន​នៅ​ឆ្នាំក្រោយនេះ ហើយនឹងក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៅអង្គការសហ​ប្រ​ជា​ជា​តិ​​ផងដែរ។ ក្នុងន័យនេះ ឯកឧត្តមបានស្នើសុំឱ្យកម្ពុជាគាំទ្រ និងសហការគ្នាធ្វើយ៉ាងណាឱ្យ​កិ​ច្ច​ស​ហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែមានការរីកចម្រើនខ្លាំងឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខ អំពីឯកឧត្តមប្រមុខរដ្ឋ និងឯកឧត្តមនាយក​រដ្ឋម​ន្ត្រី​​វៀតណាម និងការអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម។ សម្ដេចតេជោបាន​មា​ន​​ប្រសាសន៍បន្តថា សម្តេចនឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណា​មក្នុងពេល​វេ​លាសមស្របណាមួយខាងមុខ។ ដោយឡែកពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ​រវា​ង​កម្ពុជា និងវៀតណាមនោះ សម្ដេចតេជោ បានសម្ដែងនូវការអបអរសាទរចំពោះ​វឌ្ឍនភាពនៃ​ការ​​អភិវឌ្ឍ​របស់ប្រទេសវៀតណាម និងសម្ដែងនូវការរីករាយផងដែរ ជាមួយនឹងកិច្ចសហ​ប្រតិ​បត្តិ​ការរវាងប្រទេសទាំងពីរ។

លើសពីនេះទៅទៀត សម្ដេចតេជោក៏បានមានប្រសាសន៍​ផង​ដែ​រ​​​ថា  ការរីក ចម្រើនលើវិស័យសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ​គឺជួយដល់ស្ថិរភាព​សេដ្ឋ​កិ​ច្ច​​នយោបាយក្នុងតំបន់  ដែលក្នុងន័យនេះសម្តេចបានលើកទឹកចិត្តឱ្យ​ធ្វើយ៉ាងណាជំរុញ​កិច្ចស​ហ​ប្រតិបត្តិការរវាប្រទេសទាំងពីរ ជាពិសេសជួយសម្រួលដល់ពាណិជ្ជកម្មនៅតាមព្រំដែន​រវាង​កម្ពុ​ជា និងវៀតណាម និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ​ឱ្យកាន់តែល្អប្រសើរ​ឡើ​ង​ថែមទៀត។

ពាក់ព័ន្ធទៅនឹងទំហំ​ពា​ណិ​ជ្ជកម្ម រវាងប្រទេសទាំងពីរដែលបានកំណត់ធ្វើយ៉ាង​ណា​ឱ្យឈានដល់កម្រិត៥ពាន់លានដុល្លារនៅឆ្នាំ២០២០នោះ សម្តេចបានមានប្រសាសន៍ថា ការ​ពិតទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺអាចធំជាង៥ពាន់លានដុល្លាររួចទៅហើយ  ព្រោះ​​ថាទំហំពាណិជ្ជកម្មដែលមាននៅក្នុងបញ្ជីមានតួលេខផ្សេង ប៉ុន្តែក៏នៅ​មានទំហំពាណិ​ជ្ជ​កម្ម​ដែលមិនមានចុះនៅក្នុងបញ្ជីផងដែរ ដូចជាការនាំស្រូវទៅវៀតណាមជាដើម ដែលពុំ​មា​ន​ការ​កត់ត្រានៅក្នុងបញ្ជីនោះទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីអបអរសាទរ និងជូនពរដល់​ប្រ​ទេ​សវៀតណាមដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន  ហើ​យ​ក៏ជាសមា​ជិ​ក​មិន​អចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិនៅឆ្នាំក្រោយនេះផងដែរ។

​សម្ដេច​តេ​​ជោបានមានប្រសាសន៍ថា កម្ពុជានៅឆ្នាំក្រោយនេះនឹងទទួលធ្វើជា ម្ចាស់ផ្ទះ កិ​ច្ចប្រជុំកំ​ពូល​អា​ស៊ី អឺរ៉ុប ក្នុងន័យនេះគប្បីណាប្រទេសទាំងពីរត្រូវសហការគ្នា គាំទ្រគ្នាទៅ វិញទៅមក ​ទាំង​នៅកិច្ចប្រជុំនៅវៀតណាម និងកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជា ទទួលបាននូវ ភាពជោគជ័យ ដើ​ម្បី​​​កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនេះបាន រីកចម្រើនឡើង ថែមទៀត។ ជាងនេះទៀត​ សម្ដេចតេជោ ក៏ស្វាគមន៍ចំពោះការពិភាក្សារវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រីវៀតណាម ជាមួ​យ​​នឹងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងបានផ្តាំសួរសុខទុក្ខទៅដល់ប្រមុខរដ្ឋ​និង​នា​យករដ្ឋមន្ត្រីនៃប្រទេសវៀតណាមផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា