ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ បានអនុញ្ញាតឱ្យ ឯកឧត្តម គ្រីស្យង់ រ៉ូហ្សេ អូគេមបា (Christian Roger Okemba) អភិបាលក្រុងប្រាហ្សាវិល ប្រទេសកុងហ្គោ និងជាអនុប្រធានសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោបានឱ្យដឹងក្រោយពីជំនួបនោះថា ឯកឧត្តម គ្រីស្យង់ រ៉ូហ្សេ អូគេមបា តំណាងឱ្យប្រតិភូទាំងមូល បានមានប្រសាសន៍ថា ប្រតិភូ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានមកកាន់កម្ពុជា ថ្វីត្បិតតែមិនទាន់បានធ្វើទស្សនកិច្ច នៅទូទាំងទីក្រុងភ្នំពេញក៏ដោយ ក៏ប៉ុន្តែអ្វីដែលបណ្ដាអភិបាលក្រុងទាំងអស់ សង្កេតឃើញ និងវាយតម្លៃនោះបានឃើញថារាជធានីភ្នំពេញ គឺជាទីក្រុងមួយដែលមានភាពចំណាស់ ហើយក៏មានភាពធន់ និងស្រស់បំព្រងផងដែរ។ ក្នុងន័យនេះ ឯកឧត្តម និងប្រតិភូទាំងមូល នឹងប្រឹងប្រែងធ្វើយ៉ាងណាធ្វើការសង្កេតការណ៍ ដើម្បីយកបទពិសោធន៍ទាំងនេះ ទៅអនុវត្តន៍នៅតាមប្រទេសរៀងៗខ្លួនថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទីក្រុងភ្នំពេញបានកសាងឡើងជំនាន់បារាំង ហើយក៏បានកសាងឡើងថែមទៀតនៅជំនាន់ ដែលកម្ពុជាទទួលបានឯករាជ្យ ប៉ុន្តែអ្វីដែលជាការសោកស្ដាយនោះ ទីក្រុងភ្នំពេញ គឺត្រូវបានបំផ្លាញដោយរបបប្រល័យពូជសាសន៍ប៉ុលពត។ នៅពេលដែល សម្ដេចវិលត្រឡប់ មកកាន់រាជធានីភ្នំពេញវិញ ទីក្រុងទាំងមូល គឺមានប្រជាជន តែ៧០នាក់តែប៉ុណ្ណោះ ហើយទីក្រុងទាំងមូលពុំមានបញ្ហាប្រឈមច្រើនទេ បញ្ហាប្រឈមនៅពេលនោះ គឺពុំមានមនុស្សរស់នៅ ពុំមានចរាចរណ៍ឡានបើកបរ។ សម្ដេចតេជោបានលើកឡើងថា ប៉ុន្តែផ្ទុយទៅវិញ នៅពេលនេះ រាជធានីភ្នំពេញ គឺជួបប្រឈមនឹងបញ្ហាថ្មីៗជាច្រើន ទី១.គឺបញ្ហាចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលនាំទៅដល់ការស្លាប់ប្រជាជនច្រើន ហើយការធ្វើដំណើរ មានការយឺតយ៉ាវ។ ទី២ គឺបញ្ហាប្រឈមខ្វះចំណតរថយន្ត ក្នុងន័យនេះ សម្ដេចតេជោ ក៏បានជម្រាបជូនប្រតិភូទាំងមូលថា សម្ដេចបានណែនាំឯកឧត្តមអភិបាល ពិនិត្យ និងធ្វើយ៉ាងណា ជំរុញឱ្យមានការវិនិយោគ ទៅលើការបង្កើតចំណតរថយន្ត នៅក្រោមសួនច្បារនានា ដើម្បីដោះស្រាយបញ្ហានេះ។ ទី៣ គឺបញ្ហាសំរាមដែលកំពុងតែប្រឈម ដោយសម្ដេចតេជោលើកឡើងថា រាជធានីភ្នំពេញ គឺមានសំរាមប្រមាណ៣ពាន់តោនក្នុងមួយថ្ងៃ ហើយបើយើងមិនប្រមូលទាន់ទេ សម្រាមនេះនឹងពូនឡើង ធ្វើឱ្យមានបញ្ហាដល់សោភណភាពផង និងអនាម័យទីក្រុងផង។ សម្ដេចតេជោបន្តថា ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលកំពុងជំរុញឱ្យមានការចូលរួមពីវិស័យផ្សេងៗ ក៏ដូចជាវិស័យឯកជនដែរ ដើម្បីធ្វើយ៉ាងណា កែប្រែសំរាមនេះ ឱ្យទៅជាថាមពលអគ្គិសនី យកមកប្រើប្រាស់ឡើងវិញ។ ចំពោះបញ្ហាទី៤ បញ្ហាអាសំណល់រាវ ដែលរាជធានីភ្នំពេញ គឺជារាជធានីមួយ ដែលមានកម្ពស់ទាប ហើយពីដើមឡើយសុទ្ធសឹងតែបឹងបួរ ហើយក្នុងន័យនេះ ការបង្ហូរសំណល់រាវ ទៅទន្លេ ទៅបឹងបួរនោះ ពុំទាន់មានការធ្វើ អាងប្រព្រឹត្តិកម្មឬក៏អាងចម្រោះបានត្រឹមត្រូវនៅឡើយ នេះក៏ជាបញ្ហាប្រឈមដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា បញ្ហាទាំងនេះ គប្បីណាយកមកពិចារណាដោះស្រាយ មុននឹងជំរុញការអភិវឌ្ឍទីក្រុងថ្មី។ ជាមួយនឹងបញ្ហាប្រឈមនេះ សម្តេចតេជោក៏បានលើកឡើងដែរថា យើងមានបញ្ហាប្រឈមនេះ គឺបណ្ដាលមកពីការអភិវឌ្ឍ ដែលមានភាពជឿនលឿនជាទីបំផុត ហើយការអភិវឌ្ឍនេះ គឺបានមកអំពីកត្តាសុខសន្តិភាព ស្ថិរភាព ដែលកម្ពុជាមាន ទាំងនោះគឺជាកត្តាទាក់ទាញ នៃការវិនិយោគ ហើយការវិនិយោគនេះហើយ ដែលលេចចេញ នូវបញ្ហាប្រឈមថ្មីៗ ដែលកម្ពុជាកំពុងតែជួបប្រទះ៕
ដោយ ជឹម ណារី