ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានបញ្ជាក់ថា ជោគជ័យលើគ្រប់វិស័យក្នុង ឆ្នាំ២០១៩នេះ បានពង្រឹងថែមទៀតនូវមូលដ្ឋានគ្រឹះសម្រាប់បន្ដការអភិវឌ្ឍសេដ្ឋកិច្ច និងការ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សម្តេចប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានបញ្ជាក់ យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងមិទ្ទីងមហាជនអបអរសាទរខួប អនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជានៅសាល សន្និសីទចតុម្មុខ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ដែលពិធីនេះក៏មានការនិមន្ត និងអញ្ជើញ ចូលរួមផងដែរ ពីសម្តេចព្រះសង្ឃរាជ ព្រះសង្ឃ តំណាងអង្គទូត សមាជិក សមាជិកាក្រុម ប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គណៈកម្មាធិការរណសិរ្សគ្រប់ថ្នាក់ និងភ្ញៀវអន្តរជាតិជាច្រើននាក់ទៀត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា អង្គមិទ្ទីងនាថ្ងៃនេះ ជាព្រឹត្ដិការណ៍ជាតិមួយដ៏មានសារៈសំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមាន ជីវិតឡើងវិញរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ សម្តេចលើកឡើងថា “រណសិរ្ស ២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នា ឱ្យចាកផុតពីមហន្ដរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុណ្ណោះទេ ប៉ុន្ដែរណសិរ្ស ២ធ្នូ នៅបានជួយស្ដារ កសាង និងអភិវឌ្ឍន៍ សង្គមជាតិនៅ គ្រប់ទិសទី ធ្វើឱ្យមាតុភូមិកម្ពុជាមានការកែប្រែមុខមាត់ថ្មីជាបន្ដបន្ទាប់”។
សម្តេចប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានលើក ឡើងថា បច្ចុប្បន្នប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខដុមរមនា ក្នុងសន្ដិភាព សេរីភាព និងសន្ដិសុខដ៏ប្រសើរ ហើយកំពុងតែរួមសាមគ្គីគ្នា ឈានទៅមុខ លើមាគ៌ានៃការអភិវឌ្ឍ ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលទាំងឡាយដែលសមេ្រចបានកន្លងមក។ ជាពិសេស ជោគជ័យលើគ្រប់វិស័យក្នុងឆ្នាំ២០១៩នេះ បានពង្រឹងថែមទៀតនូវមូលដ្ឋានគ្រឹះ សម្រាប់បន្ដការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
សម្តេចបានលើកឡើងថា ព្រឹទ្ធសភា រដ្ឋសភា បានអនុវត្ដដោយជោគជ័យនូវការងារ របស់ខ្លួនក្នុងការកសាងច្បាប់។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សមេ្ដចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បាន និងកំពុងបន្ដអនុវត្ដន៍យ៉ាងសកម្មនូវ យុទ្ធសាស្ដ្រចតុកោណ ដែលជារបៀបវារៈនៃគោលនយោបាយសេដ្ឋកិច្ចសង្គមរបស់ខ្លួន។ រាជរដ្ឋាភិបាល បានបង្ហាញឆន្ទៈដ៏ប្ដូរផ្ដាច់ និងសកម្មភាពប្រកបដោយផ្លែផ្កាក្នុងការអនុវត្ដន៍ រាល់កំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅ។
សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍បន្ថែមថា ជោគជ័យ និងក្ដីសប្បាយរីករាយ ដែលយើងទទួលបាននៅថ្ងៃនេះ គឺមានប្រភពចេញពីថ្ងៃ ២ធ្នូ និងជ័យជម្នះ ៧មករា ដ៏រុងរឿង ដែលបានបំភ្លឺបង្ហាញផ្លូវជានិច្ចជាង៤ទសវត្សរ៍កន្លងមក។ បច្ចុប្បន្នគេអាចមើលឃើញ ផ្ទាល់ភ្នែកនូវសមិទ្ធផលលើគ្រប់វិស័យដ៏ច្រើនសេ្អកស្កះនៅគ្រប់ទិសទី ដែលកើតចេញ ពីការប្រឹងប្រែងរបស់យើងទាំងអស់គ្នានេះឯង។ យើងបានលុបបំបាត់នូវស្នាម បែកបាក់បេ្រះឆាក្នុងសង្គមជាតិ ធ្វើឱ្យធ្លុងមហាសាមគ្គីជាតិកាន់តែរឹងមាំឡើង។ មហាសាមគ្គីផ្ទៃក្នុងជាតិ ជាឧត្ដមភាព និងជាមូលដ្ឋានគ្រឹះដើម្បីឈានទៅសមេ្រច នូវគោលដៅចុងក្រោយ គឺការស្ថាបនាប្រទេសកម្ពុជាមួយប្រកបដោយវឌ្ឍនភាព ដែលប្រជាជនយើង នឹងបានរស់នៅយ៉ាងសម្បូរណ៍សប្បាយក្នុងសន្ដិភាព សេរីភាព យុត្ដិធម៌ និងភាពថ្លៃថ្នូរជារៀងរហូតតទៅ នៅលើមាតុភូមិរបស់ខ្លួន។
សូមបញ្ជាក់ថា “រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” មានឈ្មោះដើមថា “រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា” ត្រូវបានបង្កើតឡើងនៅថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ជាអង្គការចាត់តាំង មហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពី មិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧មករា ឆ្នាំ១៩៧៩៕
ដោយ ប៉ាល់ សុង