ឯកឧត្តម ឧប​នាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ច ប្រជុំកំពូលរម្លឹកខួប​អនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ

51

ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េបានចាប់ផ្តើមហើយ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ​សា​​ធា​រណរដ្ឋកូរ៉េ  ដែលមានបណ្ដាប្រមុខរដ្ឋ ប្រ​មុខ​​រាជ​រដ្ឋា​ភិ​បាល នៃប្រទេសអាស៊ានរួមទាំង​អគ្គលេ​ខា​ធិ​ការ បានយាងនិងអញ្ជើញចូលរួមក្នុង​កិច្ចប្រជុំនេះ ខណៈដែលកម្ពុជាត្រូវបាន​អញ្ជើ​ញចូល​រួម​ដោយ ឯកឧត្តម ឧប​នាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងស​ហ​ប្រតិបត្តិការអន្តរជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់របស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

តាមប្រភពពីទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំ​កំពូលនេះដែរ មេដឹ​ក​នាំ​អាស៊ាន-សា​ធា​រណរដ្ឋកូរ៉េ បានសម្ដែ​ងនូវសេចក្តីពេញចិត្ត ចំពោះការរីក​ចម្រើន​ជា​វិជ្ជមាន នៃ​ទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ក្នុងរយ:ពេល៣០ឆ្នាំកន្លងមក ចាប់តាំង​ពីការ​បង្កើត​ទំនាក់ទំនងដៃគូសន្ទនា នៅឆ្នាំ​១៩៨៩។ មេដឹកនាំទាំងអស់ បានឯកភាពកសាង​សហ​គមន៍ ស​ន្តិ​ភាព និងវិបុលភាពមួយ ដោយ​យក​ប្រជាជនជាស្នូលដែលផ្អែកលើគោលដៅរួមនៃចក្ខុ​វិស័​យ ​អាស៊ាន នៃសហគមន៍មួយ ដែលមាន​សមាហរណកម្ម សន្តិភាព និងស្ថិរភាព ដែលប្រកប​ដោ​យ​​វិបុល​ភាពរួម សម្រេចបាននូវស្ថិរភាព និង​សន្តិភាពយូរអង្វែង នៅក្នុងតំបន់ តាមរយ:កិច្ច​ខិ​ត​ខំ​​ប្រឹង​ប្រែងរួមគ្នា។ ទន្ទឹមនេះ បង្កើនកិច្ចសហប្រតិ​បត្តិការ​វិស័យសន្តិសុខ ដើម្បីដោះស្រាយ​បញ្ហា​​ប្រឈ​ម​​សន្តិសុខ​ប្រពៃណី និងសន្តិសុខមិនប្រពៃណី ដូចជា​ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងអំពើហិ​ង្សា​ជ្រុលនិយម និង​ពង្រឹងថែមទៀតនូវកិច្ចសហប្រតិ​បត្តិការ​សន្តិសុខបណ្តាញ​អ៊ីនធើ​ណែត ដើ​​ម្បីកសាងលំហ​អ៊ីនធើណែតមួយ ឱ្យមាន​លក្ខណ:បើកចំហ ប្រកប​ដោយ​សុវត្តិភាព ស្ថិរភាព អា​ចប្រើប្រាស់បាន និង​ប្រកបដោយសន្តិភាព រួមទាំងគាំទ្រការអភិវឌ្ឍ​សេដ្ឋ​កិច្ចឌីជីថល នៅ​ក្នុ​ង​​តំបន់។ ជាមួយគ្នានេះ លើកកម្ពស់សន្តិសុខ និងសុវត្តិភាពលំហ​សមុទ្រ សេរីភាព​នៃការ​ធ្វើនាវា​ចរណ៍ និង​ការ​ហោះហើរនៅក្នុងនិងនៅលើតំបន់ និងការប្រើ​ប្រាស់ច្បាប់សមុទ្រដទៃទៀត ការធ្វើ​ពា​ណិ​ជ្ជ​ក​​ម្មតាមលំហសមុទ្រស្របច្បាប់ ដោយគ្មាន​ការ​រារាំង និងលើកកម្ពស់ការដោះស្រាយ​វិវាទ​ដោ​យ​​​សន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ ដែល​ទទួល​ស្គាល់ជាសកល រួមទាំងអនុ​សញ្ញា​អង្គ​ការ​​សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ លើក​ស្ទួយ និងសម្រប​សម្រួលកិច្ចសន្ទនា និ​ង​កិច្ច​សហប្រតិបត្តិការរួមមាន តាមរយ:យន្តការ​ដែលនាំមុខ​ដោយ​អាស៊ាន ដើម្បីគាំទ្រ​ការ​រំ​សាយអាវុធ​នុយក្លេអ៊ែរទាំងស្រុង និងបង្កើត​សន្តិភាព​ជាអចិន្រៃ្តយ៍​នៅ​ឧបទ្វីបកូរ៉េ ដោយ​លក្ខ​ណ:​សន្តិភាព ដែល​នឹង​នាំមកនូវសន្តិភាព សន្តិសុខ និងស្ថិរភាពទាំងស្រុង នៅ​ក្នុងតំបន់ និង​ក​ត់​​សម្គា​ល់ដោយ​សេចក្តី​កោតសរសើរ ចំពោះការត្រៀមខ្លួនរួចជាស្រេចរបស់អាស៊ាន ដើម្បីបន្ត​ដើរ​តួនាទីស្ថាបនា ក្នុងការ​នាំ​មក​នូវ​សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ។ លើសពីនេះ មេ​ដឹក​នាំអាស៊ាន-សាធារណរដ្ឋកូរ៉េ បាន​ឯកភាពគ្នាក្នុងការបង្កើតសហគមន៍អាស៊ាន និង​សា​ធា​រណ​រដ្ឋ​កូរ៉េ ដែលផ្តោតលើប្រជាជន និងយក​ប្រជាជនជាស្នូល ជាមួយនិងមិត្តភាពយូរអង្វែង ក្នុ​ង​ចំណោម​ប្រជា​ជន តាមរយ:ការ​ពង្រឹង​​កិច្ច​សន្ទនា​វប្បធម៌ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងចំណង​ទាក់​ទងមនុស្សជាតិ សង្គម និងវប្បធម៌ តាម​រយ:ភាពជាដៃគូជាមួយនឹង​ផ្ទះវប្បធម៌​អា​ស៊ាន និងមជ្ឈ​មណ្ឌល​អាស៊ាន-សាធារណរដ្ឋកូរ៉េ។ លើក​កម្ពស់​ការយល់ដឹងទៅវិញទៅ​មក​អំ​ពី​វប្បធម៌ចម្រុះ និង​សម្បូរបែប​របស់អាស៊ាន រវាងបណ្តាប្រទេស​សមាជិកអាស៊ាន និងសាធា​រ​ណ​​រដ្ឋកូរ៉េ បង្កើន​ការ​យល់​ដឹងអំពីអាស៊ាន លើកទឹកចិត្តឱ្យមាន​កិច្ច​សហការគ្នាកាន់​តែខ្លាំង​ឡើ​​ងថែមទៀត ការ​ផ្លាស់ប្តូរ​យុវ​ជន និង​ប្រជាជននិងប្រជាជន។

ថ្លែងបើក​កិច្ច​ប្រជុំនេះដែរ ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បាន​​ធ្វើ​ការ​គូស​បញ្ជាក់ថា កិច្ច​សហប្រតិបត្តិការនិងសាមគ្គីភាព រវាងសាធារណរដ្ឋកូរ៉េ និង​អាស៊ាន គឺ​​ជាគន្លឹះដ៏​សំខាន់ សម្រាប់​ដោះ​ស្រាយបញ្ហាប្រឈមនានា ដែលកំពុងប្រឈមនា​ពេល​បច្ចុប្ប​ន្ន​ មានដូចជា​នយោ​​បាយគាំពារនិយម ឧក្រិដ្ឋកម្មឆ្លងដែន និងបដិវត្តឧស្សាហ​កម្ម​ទី៤ជាដើម។ ឯកឧត្ដមប្រធានាធិបតីបានបន្ដថា កិ​ច្ចប្រជុំកំពូល​ដើម្បី​អបអរសាទរខួបលើក​ទី៣០ នៃទំនាក់ទំនងរវាងអាស៊ាន និងសាធារណ​រដ្ឋ​កូ​រ៉េ គឺជាព្រឹត្តិការណ៍​ការទូតធំបំផុត ដែល​នឹង​កើតមានឡើងនៅក្នុងអាណត្តិការងារជាប្រធា​នា​​​ធិបតីរបស់ ឯកឧត្តម មូន ចេអ៊ីន ជាមួយការដាក់​ចេញ​នូវគោលនយោបាយឆ្ពោះទៅ​ភាគ​ខា​ង​ត្បូង។

ក្នុងឱកាសរៀបចំកិច្ចប្រជុំ​កំពូលលើកទី៣០ នៃ​ទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ មេដឹក​នាំប្រទេសសមាជិក​អាស៊ាន ត្រូវ​បានស្វាគមន៍​យ៉ាង​យកចិត្តទុកដាក់បំផុតពីប្រធានា​ធិ​ប​​តីកូរ៉េ ហើយកិច្ចពិភាក្សាលើផ្នែកពាណិជ្ជកម្ម ជាច្រើនត្រូវ​បាន​ធ្វើឡើង។ ក្នុងកិច្ចចរចា​ពាណិ​ជ្ជ​ក​ម្មសេរីរវាងសាធារណរដ្ឋកូរ៉េ ជាមួយបណ្តាប្រទេសសមាជិក​អាស៊ាន ត្រូវបានបើកិច្ចចរចា ហើ​យកិច្ចចរចាបានឈានដល់កិច្ចព្រមព្រៀង និង​ចុះហត្ថលេខា​ជា​មួយគ្នា ខណៈប្រទេស​ខ្លះ​ទៀត​គ្រោងចុះហត្ថលេខានៅឆ្នាំក្រោយ។ កិច្ចប្រជុំ​កំពូល​អាស៊ាន-សាធា​រណរដ្ឋកូរ៉េ នឹង​ចេញ​សេ​ចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួម ដើម្បីពង្រឹងភាពជាដៃគូ។ កិច្ចប្រជុំកំពូល​នេះ មេដឹកនាំ​អា​ស៊ា​ន-សាធារណរដ្ឋកូរ៉េ រំពឹងថា នឹងចេញសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួម ស្តីពីកិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​​នៃភាពជាដៃគូ នឹងត្រូវបានចុះហត្ថលេខា។

បើតាមឯកសារដែលផ្តល់ដល់អ្នកសារ​ព័ត៌​មា​ន​ ភាគីទាំងពីរនឹងពិនិត្យមើលឡើងវិញទំនាក់​ទំនងទ្វេភាគី ក្នុងរយៈពេល៣០ឆ្នាំ​កន្លង​មកនេះ ហើ​យភាគីទាំងពីរនឹងដាក់ចេញ នូវផែនការ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែ​ជិត​ស្និ​ទ្ធ បន្ថែម​ទៀតនាពេលខាងមុខ។ ក្នុងឯក​សារដដែលក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត​ពីរដ្ឋាភិ​បា​ល​​​របស់​ប្រធានាធិបតី មូន ចេអ៊ីន ចំពោះ​នយោ​បាយទិសខាងត្បូងថ្មី ដែលផ្តល់សារសំខាន់​ចំ​ពោះ​ អាស៊ាន​​ផងដែរ។

ឯកឧត្ដមប្រធានាធិបតីកូរ៉េ​​ខាងត្បូង មូន ចេអ៊ីន បានគូសបញ្ជាក់​ដល់ស​មភាគី​អា​ស៊ា​ន អំពីការ​បើក​ពិព័រណ៍​ជំនួញអាស៊ាន-សាធារណរដ្ឋកូរ៉េ និងការផ្តើមអាជីវកម្មដំបូង ដែល​នឹងត្រូវ​ធ្វើឡើង នៅក្នុង​កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េនេះ។ វិមានប្រធានាធិបតីកូរ៉េខាងត្បូង បា​ន​​គូសបញ្ជាក់ពីគោលបំណង នៃការបង្ហាញកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតសហគមន៍​ផ្តើម​អាជី​វកម្មកម្រិតពិភពលោក (global start-up ecosystem) រវាងភាគីទាំងពីរ។

ប្រធានាធិបតី មូន ចេអ៊ីន និងមេដឹកនាំនៃប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ បានឱ្យឈ្មោះ​សេ​ច​ក្តីថ្លែងការណ៍នេះថា ជាចក្ខុវិស័យរួមគ្នាដើម្បីសន្តិភាព វិបុលភាព និងភាពជាដៃគូដើម្បី​ ព​ង្រឹ​ងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ សេចក្តីថ្លែងការណ៍នេះ នឹងដើរតួ​ជា​យន្ត​ការ នៃទំនាក់ទំនងនាពេលអនាគតរបស់អាស៊ាន និងសាធារណរដ្ឋកូរ៉េ ជាពិសេស​វា​គឺ​ជាយន្តការជំរុញនូវគោល​នយោបាយទិសខាងត្បូងថ្មី របស់ប្រធានាធិបតី មូន ចេអ៊ីន ដំណា​ក់​កា​លទី២ ឱ្យកាន់តែមាន​ប្រសិទ្ធ​ភាពបន្ថែមទៀត។ ក្រៅពីនេះ អាស៊ាន និងកូរ៉េខាងត្បូង បាន​ឯកភាព​គ្នា​គាំ​ទ្រការចរចាដោយសន្តិវិធី និង​សន្តិ​ភាពក្នុងឧបទ្វីបកូរ៉េ។ ភាគីទាំងពីរក៏បានយល់​ព្រម​គ្នាស្តី​ពី​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការដោះ​ដូរ​ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ ការគាំទ្រ​លើ​ផ្នែក​សហគ្រាសខ្នាតតូចនិងមធ្យម និងការគាំទ្រ​លើបដិវត្ដន៍ឧស្សាហកម្មទី៤​ជាដើម។ បន្ថែម​ពី​នេះ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ ភេរវកម្ម និងការពង្រឹង​កិច្ច​សហការលើសន្តិសុខបច្ចេកវិទ្យាជាដើម ដើម្បីគាំទ្រដល់​ការ​អភិវឌ្ឍសេដ្ឋ​កិច្ចឌីជី​ថល​។​ ក្នុង​សន្និសីទនេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បាន​គូស​បញ្ជាក់ពីបញ្ហា​ប្រឈម ដែ​ល​ភាគីទាំងពីរជួបប្រទះគឺការគាំពារនិយម ឧក្រិដ្ឋកម្មឆ្លងដែន និងបដិវត្តន៍​ឧស្សា​ហកម្ម​ទី៤៕

ដោយ ជឹម ណារី