សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធី ចែកសញ្ញាបត្រ និស្សិតសាកលវិទ្យាល័យធនធានមនុស្ស

CNV:

គោលនយោបាយវិស័យអប់រំត្រឹមត្រូវ ស្រាយបញ្ហាសង្គម និងចំណុចទាក់ទងយុវជន

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំរីករាយ ដែលបានមកចូលរួមប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនសិស្សវិជ្ជាជីវៈ និងនិស្សិត នៃសាកលវិទ្យាល័យ ធនធានមនុស្ស ដែលនេះ គឺជាលើកទី ១៦ ដែលខ្ញុំព្រះករុណាខ្ញុំចូលរួម នៅក្នុងពិធី(ចែកវិញ្ញាបនបត្រ/សញ្ញាបត្រ) នៃសាកលវិទ្យាល័យនេះ ចាប់តាំងពីកកើតពីវិទ្យាស្ថានរហូតដល់សាកលវិទ្យាល័យ។ អម្បាញ់មិញយើងបានស្តាប់ទាំងអស់គ្នា នូវរបាយការណ៍របស់សាកលវិទ្យាធិការ ឯក មនោសែន ដែលបានធ្វើរបាយការណ៍ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលបានចាប់ផ្តើមពីអង្គការក្រៅរដ្ឋាភិបាលមួយ ហើយពង្រីកខ្លួនទៅជាសាកលវិទ្យាល័យ។

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាព ដោយសារតែយើងបានដាក់ចេញនូវគោលនយោបាយវិស័យអប់រំត្រឹមត្រូវ ភាពត្រឹមត្រូវរបស់យើងនៅត្រង់ថា យើងដើរចេញពីជំហានមួយទៅកាន់ជំហានមួយ ហើយក្នុងនោះ ការអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ចាត់ទុកថា ជាវិធានការណ៍ ដែលត្រឹមត្រូវបំផុត។ យើងអាចពិនិត្យមើលថា សាកលវិទ្យាល័យរបស់រដ្ឋ មិនអាចទទួលយកអស់នូវចំនួនសិស្ស ដែលរៀនចប់មធ្យមសិក្សាទុតិយភូមិ ដើម្បីឱ្យចូលសាកលវិទ្យាល័យនោះទាំងអស់ទេ។ ដូច្នេះ ការអនុញ្ញាតឱ្យវិស័យឯកជន ដើម្បីចូលរួមនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ចាត់ទុកថា ជារបៀបដោះស្រាយបញ្ហាសង្គម ហើយចំចំណុចទាក់ទងជាមួយនឹងយុវជនតែម្តង។

ការសិក្សាបង់ថ្លៃ ជួយគ្រឹះស្ថានសិក្សារបស់រដ្ឋ ស្រាយបន្ទុកចំណាយ និងកសាងអគារសិក្សា

ក្រោយពីការផ្តល់ឱកាសឱ្យវិស័យឯកជនវិនិយោគទៅលើវិស័យអប់រំ តាមរយៈការកសាងឡើងនូវសាលារៀនតាំងពីថ្នាក់មត្តេយ្យ បឋម មធ្យម រហូតដល់សាកលវិទ្យាល័យ យើងនឹងបើកឱកាសឱ្យគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ មួយផ្នែក គឺអាហាររូបករណ៍ និងមួយផ្នែកទៀតរៀនបង់ថ្លៃ។ ដូច្នេះ សាកលវិទ្យាល័យរបស់រដ្ឋ ដែលធ្លាប់តែត្អូញត្អែរ អំពីការលំបាកថវិកា ទ្រទ្រង់នូវដំណើរការ នៃគ្រឹះស្ថានឧត្តមសិក្សានោះ លែងរអ៊ូ រទាំ នូវការលំបាកទាំងនោះទៀតហើយ។ ផ្ទុយទៅ វិញគ្រឹះស្ថានសិក្សារបស់រដ្ឋទាំងអស់ មិនត្រឹមតែបានដោះស្រាយបញ្ហាក្នុងការចំណាយទៅលើដំណើរការ នៃសាកលវិទ្យាល័យ នៃគ្រឹះស្ថានរបស់ខ្លួនទេ ក៏ប៉ុន្តែ នៅបានសន្សំប្រាក់កសាង នូវអគារសិក្សាកាន់តែប្រសើរឡើង។ ឃើញថា គ្រប់គ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋទាំងអស់ សុទ្ធតែបានទទួលចំណែក នៃប្រាក់ដែលរៀនបង់ថ្លៃនោះ ហើយយកទៅកសាងអគារសិក្សានៅក្នុងទីកន្លែងរបស់ខ្លួន។ គោលនយោបាយនេះវាសំខាន់ខ្លាំងណាស់ ប្រសិនបើគ្មានគោលនយោបាយមួយត្រឹមត្រូវទេ វាមិនអាចនឹងអភិវឌ្ឍបាននោះទេ។

ខ្ញុំព្រះករុណាខ្ញុំ ពេញចិត្តជាមួយនឹងវឌ្ឍនភាព ដែលសាកលវិទ្យាល័យ ធនធានមនុស្ស មានការរីកចម្រើនឡើង តាមរយៈការរីកបន្តិចម្តងៗ។ ពេលនេះក៏មានអគារសិក្សា ២ ជាន់ ក្នុងរបាយការណ៍អម្បាញ់មិញ វាក៏បានដោះស្រាយបញ្ហាមិនគ្រាន់តែជាកន្លែងរៀនទេ តែសោភ័ណភាពរបស់ទីក្រុងរបស់យើងក៏ត្រូវបានរួមចំណែកមួយផ្នែក។ បើយើងគិតពីសាកលវិទ្យាល័យ (ឬ)គ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋមានប៉ុន្មាន? វិស័យឯកជនមានប៉ុន្មាន? (មាន)ជាង ១០០។  បើអញ្ចឹង ១០០ នោះ គឺ ១០០ អគារតែម្តង ដែលមិនមែនគ្រាន់តែជាខ្ទមស្លឹក ដើម្បីយកសិស្សទៅរៀននោះទេ។ ប៉ុន្តែ អ្វីដែលសំខាន់ គឺជាកន្លែងដែលបានបណ្តុះបណ្តាលធនធានមនុស្ស។

ប្រទេសមានការអភិវឌ្ឍ អ្នកទទួលបានការបណ្តុះបណ្តាល មានការងារធ្វើ

ថ្ងៃនេះ យើងផ្តល់នូវវិញ្ញាបនបត្រ និងសញ្ញាបត្រ សម្រាប់សិស្សវិជ្ជាជីវៈ និងនិស្សិតរហូតទៅដល់ ១.៩៥៨ នាក់ ដែលចាត់ទុកថា ជាធនធានមនុស្សដ៏សំខាន់របស់យើងមួយទៀត។ ក្នុងនោះ យើងចាប់អារម្មណ៍ជា​មួយបញ្ហា ដែលសាកលវិទ្យាធិការ ឯក មនោសែន បានធ្វើរបាយការណ៍អម្បាញ់មិញអំពីអ្នកដែលបានទទួលការងារធ្វើ។ បើយើងពិនិត្យនៅក្នុងទីនេះ កម្រិតវិជ្ជាជីវៈមានរហូតដល់ ៩៣,៣២% ដែលទទួលបានការងារធ្វើ។ បរិញ្ញាបត្ររងបានត្រឹមតែ ៩០,៦០% ទេ។ បរិញ្ញបត្រមានបានត្រឹមតែ ៩២,៧២% ទេ។ ឯបរិញ្ញាបត្រជាន់ខ្ពស់បានដល់ ៩៧​,១៥%។ អញ្ចឹងទេ យើងពិនិត្យមើលកន្លែងនេះ សេចក្តីត្រូវការ នៃបញ្ហាវិជ្ជាជីវៈ គឺជាតម្រូវការទីផ្សារសំខាន់។ និយាយយ៉ាងដូច្នេះ មិនមែនបានសេចក្តីថា ចង់ឱ្យក្មួយៗចៅៗបោះបង់ចោលការសិក្សានៅថ្នាក់បរិញ្ញា ឬបរិញ្ញាបត្ររង ហើយទៅរៀននៅផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈទេ។ ក៏ប៉ុន្តែ ត្រង់ហ្នឹងហើយដែលខ្ញុំព្រះករុណាខ្ញុំសរសើរ ចំពោះសាកលវិទ្យាល័យធនធានមនុស្សនេះ គឺនៅត្រង់ថា កន្លែងនេះនៅមិនបោះបង់ចោលការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនោះជាតម្រូវការសំខាន់ទៅលើទីផ្សារការងារ … បានសេចក្តីថា ប្រទេសនេះ កំពុងតែមានការអភិវឌ្ឍ។ បើគ្មានការអភិវឌ្ឍទេ ទោះបីជាប្រឹងបណ្តុះបណ្តាល ក៏ប៉ុន្តែ ទីចុងបំផុត អ្នកដែលបានទទួលការបណ្តុះបណ្តាលនោះគ្មានការងារធ្វើទេ។

វៀតណាមកែទំរង់ សេដ្ឋកិច្ចលូតលាស់ ធនធានមនុស្សរួមចំណែក

ខ្ញុំនិយាយពីប្រទេសវៀតណាមបន្តិច។ ប្រទេសវៀតណាមកាលពីអតីតកាល បណ្តុះបណ្តាលធនធានមនុស្សច្រើនណាស់ ក៏ប៉ុន្តែ ដោយសារសេដ្ឋកិច្ចមិនលូតលាស់។ អញ្ចឹងទេ កម្រិតថ្នាក់វិស្វករ  ដែលបញ្ជូនទៅរៀននៅអតីតសហភាពសូវៀត និងអឺរ៉ុបខាងកើតនៅពេលនោះ បែជាមកធ្វើការជាអ្នកបើករថយន្តនៅតាមស្ថានទូតរបស់កម្ពុជាយើងវិញទេ។ នៅពេលនោះ សេដ្ឋកិច្ចវៀតណាមអត់លូតលាស់។ ប៉ុន្តែ ឥឡូវនេះ សេដ្ឋកិច្ចរបស់វៀតណាមពេលដែលចាប់ផ្តើមកែទម្រង់ សេដ្ឋកិច្ចរបស់វៀតណាម គឺមានការវិវត្ត។ ដូច្នេះ ធនធានមនុស្សដែលបានបណ្តុះបណ្តាលកាលពីមុននោះ ធ្វើឱ្យវៀតណាមក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចវិវត្តឆាប់រហ័ស នៅក្នុងក្របខណ្ឌអាស៊ានរបស់យើង ឬនៅក្នុងក្របខណ្ឌនៃតំបន់អាស៊ីអាគ្នេយ៍របស់យើងនេះ។

កុំមើលស្រាលការបណ្តុះបណ្តាលវិជ្ជាជី​វៈ

យើងមើលប្រទេសទាំងឡាយដែលមានការអភិវឌ្ឍ មិនចាំបាច់មើលវែងឆ្ងាយទៅណាទេ មើលក្នុងតំបន់របស់យើង ហើយមើលប្រទេសពីរ ដែលនៅជិតខាងយើង។ ខាងកើត គឺមានប្រទេសវៀតណាម។ ខាងលិច គឺមានប្រទេសថៃ។ ប្រទេសទាំងពីរនេះ កម្រិតបច្ចេកទេសរបស់គេ គឺខ្លាំង។ ​មិនចាំបាច់អីទេ យើងនិយាយថាវិជ្ជាវីវៈ គ្រាន់តែបញ្ហាប្រជុំអាស៊ានកន្លងទៅនៅប្រទេសថៃ យើងមិនអាចធ្វើដូចប្រទេសថៃបានទេ សូម្បីតែម្ហូបដែលត្រូវជប់លៀង ស្អីក៏មានចម្លាក់ដែរ បើថាឪឡឹកចម្លាក់ទាំងអស់។ អាម្ហូប អាស្អីហ្នឹង ត្រូវការចម្លាក់ចេញមកទាំងអស់តែម្តង។ អញ្ចឹង អាហ្នឹងហើយ គឺជាការបណ្តុះបណ្តាលវិជ្ជាវីវៈនោះ។ យើងចាត់ទុកថា អាហ្នឹង គឺជាបញ្ហាមិនគួរធ្វើទេ សមត្ថភាពអញប៉ុណ្ណឹងដែរ អញមិនធ្វើទេ។ កុំមើលងាយចុងភៅ អត់ចុងភៅអត់បាយស៊ីតែឥឡូវហ្នឹង។ ហើយមុខរបរចុងភៅ គឺជាមុខរបរដែលរកបានច្រើន។ ភោជនីយដ្ឋានជាច្រើនគេត្រូវការចុងភៅ អត់ចុងភៅអត់បាយស៊ីឥឡូវហ្នឹង។ ធ្លាប់មើលកុនចិនទេ កុនចិនមិនថាសម័យបុរាណ​ (ឬ)សម័យបច្ចុប្បន្ន ក៏នៅ(តែ)មាន។ សម័យបុរាណ គឺមានការប្រឡងប្រណាំងចុងភៅតាំងពីជំនាន់ដើមឯណោះ។ កុនហុងកុងមួយ “អូខេតឹក”​ ធ្លាប់មើលទេអាហ្នឹង? អាដើរតួឯកហ្នឹងឈ្មោះ តឹក អញ្ចឹង គេហៅ អូខេតឹក អាហ្នឹងអ្នកមេប្រឡងចុងភៅ។ ពួកមេចុងភៅនេះ នៅពេលណាដែលមា​នការជប់លៀងធំៗ គេហៅក្រុមចុងភៅហ្នឹងចេញមកបង្ហាញមុខ ហើយថ្នាក់ដឹកនាំធំៗចាប់ដៃទៀត។

ថ្ងៃទី ២៤ វិច្ឆិកា នឹងជួបពលករខ្មែរនៅកូរ៉េខាងត្បូង

… មានអាចូលមិនខម្មិននៅក្នុងហ្វេកប៊ុកថា “អប់រំឡើង អប់រំឱ្យទៅធ្វើខ្ញុំគេ”។ ខ្ញុំមិនយល់។ ពេលដែលខ្ញុំដើរជួបកម្មករតាមរោងចក្រ ក៏មានគេលើកឡើងថា មើលនោះ វាប្រឹងធ្វើហ្នឹងធ្វើយ៉ាងម៉េចអប់រំមនុស្សឱ្យទៅខាងស៊ីឈ្នួលគេ។ រាជរដ្ឋាភិបាល … បានប្រឹងប្រែងខ្លាំងណាស់ ដើម្បីចុះហត្ថលេខារកទីផ្សារការងារឱ្យ​ប្រ​ជា​ជនកម្ពុជារបស់យើង បែរជាត្រូវទទួលបណ្តាសារពីក្រុមប្រឆាំងថា យើងបានរុញមនុស្សឱ្យទៅធ្វើការនៅក្រៅប្រទេស ទៅជាចំណាកស្រុក ដែលកន្លងទៅគេថា “ទៅយើងទៅផ្ទះវិញ” ហើយទៅហ្នឹង ដើម្បីដង្ហែរ​យក​មក ធ្វើជានាយករដ្ឋមន្ត្រីជំនួស ហ៊ុន​ សែន។ ថ្ងៃទី ២៤ (វិច្ឆិកា)នេះ ខ្ញុំនឹងជួបពលករខ្មែរនៅកូរ៉េខាងត្បូង​។ ខ្ញុំនិយាយបញ្ហានេះជាក់លាក់បន្តិច។ បងប្អូនពលករទាំងឡាយ មិនថានៅប្រទេសកូរ៉េ ឬប្រទេសដទៃទេ បើបងប្អូនចាត់ទុកថា ខ្លួនជាជនចំណាកស្រុក ហើយជាអ្នកដែលមានទោសទណ្ឌ រាជរដ្ឋាភិបាលអាចធ្វើបាន គឺលុបកិច្ចព្រមព្រៀង រវាងយើងជាមួយនឹងប្រទេសដែលយើងនាំពលករចេញ ហើយសូមឱ្យប្រ​ទេសទាំងនោះ បណ្តេញនូវពលរដ្ឋខ្មែរទាំងឡាយណា ដែលទៅធ្វើការនៅប្រទេសគេ ចូលមកប្រទេសកម្ពុជាវិញ …។

បង្វែរបញ្ហាពលករធ្វើការនៅក្រៅប្រទេស ថារាជរដ្ឋាភិបាលគ្មានសមត្ថភាពដោះស្រាយការងារធ្វើក្នុងស្រុក 

យើងប្រឹងណាស់។ នៅប្រទេសថៃចូលទៅធ្វើការក្នុងប្រទេសគេខុសច្បាប់។ យើងបានទៅចរចាជាមួយគេ ដើម្បីសុំឱ្យពលករដែលខុសច្បាប់នេះ ឱ្យទៅជាស្របច្បាប់​ ដើម្បីមានការងារធ្វើនៅទីនោះ។ ឥឡូវនេះ យើងប្រឹងតភ្ជាប់ពលកររបស់យើង​ គេហៅថា បេឡាសន្តិសុខសង្គម កំពុងតែចរចាតភ្ជាប់គ្នា។ ឧទាហរណ៍៖ គេធ្វើការនៅឯណោះ ប៉ុន្តែដល់ពេលគេវិលត្រឡប់មក ថាធ្វើការ ២៥ ឆ្នាំ ត្រូវចូលនិវត្តន៍ ត្រូវទទួលប្រាក់សោ​ធន​និវត្តន៍។ អញ្ចឹង បើគេធ្វើការនៅឯណោះបាន ២០ ឆ្នាំ យើងតភ្ជាប់យកអាសៀវភៅការងារគេ មកតធ្វើការក្នុងស្រុក ៥ ឆ្នាំទៀតគ្រប់ ២៥ ឆ្នាំ ដើម្បីគ្រប់លក្ខណៈសម្បត្តិ ដើម្បីទទួលប្រាក់សោធននិវត្តន៍។

ឧទាហរណ៍៖ បើនៅកូរ៉េ ចាត់ទុកថា ខ្លួនទៅធ្វើការនៅកូរ៉េ ហាក់ដូចជារដ្ឋាភិបាល ហ៊ុន សែន បញ្ជូនចេញ ឱ្យទៅធ្វើខ្ញុំបម្រើគេ អត់អីទេ ខ្ញុំមានជំនួបរយៈពេលជាង ៤៥ នាទី ជាមួយនឹងប្រធានាធិបតី Moon Jae-in របស់កូរ៉េខាងត្បូង។ (អាចសូម)លុបកិច្ចព្រមព្រៀង។ នេះគ្រាន់តែវិភាគជូនទេ។ លុបកិច្ចព្រមព្រៀងរួចហើយ គឺសុំឱ្យខាងកូរ៉េបញ្ជូនពលករខ្មែរត្រឡប់មកកម្ពុជាវិញ។ អ្នកដែលមិនព្រមមក ត្រូវជាប់ទោសនៅក្នុងប្រទេសរបស់គេ។ ក៏ប៉ុន្តែ ដែលធ្វើដូច្នេះ អ្នកដែលទទួលផលប៉ះពាល់គឺ ពលករខ្មែរតែម្តង។ ធ្លាប់តែមានប្រាក់ខែផ្ញើមកឱ្យគ្រួសារនៅក្នុងប្រទេសរាប់រយលានដុល្លារពីកូរ៉េ ឬរហូតដល់រាប់ពាន់លានដុល្លារ បើគិតពីគ្រប់ប្រទេស ដែលផ្ញើមក(ក្នុង)ប្រទេស ត្រូវរងផលប៉ះពាល់។ ខ្ញុំក៏មិនយល់ថា ហេតុអ្វីបានជាអ្នកទាំងនេះ ប្រើប្រាស់រឿងបងប្អូនទៅធ្វើការនៅក្រៅប្រទេស ទៅជារឿងដែល(រាជ)រដ្ឋាភិបាលគ្មានសមត្ថភាពដោះស្រាយទៅលើការងារធ្វើនៅក្នុងស្រុក។

ក្នុងក្របខណ្ឌអាស៊ាន សិង្ហបុរី និងម៉ាឡេស៊ី មិននាំចេញពលករ

ខ្ញុំសូមជម្រាប កម្ពុជាទៅទើបនឹងបាន ៥ ម៉ឺននាក់ ជាងទេ ដែលយើងកំពុងតែស្នើសុំបន្ថែម។ វៀតណាម​ជាង ២០ ម៉ឺននាក់ ធ្វើការនៅកូរ៉េ។ ថៃក៏រាប់សិបម៉ឺន(នាក់) ដែលធ្វើការនៅកូរ៉េ។ ហេតុអ្វីថៃគាត់ចេះ គាត់ពូកែ គាត់បញ្ជូនមនុស្សទៅធ្វើការនៅក្រៅប្រទេស? ​ពលរដ្ឋរបស់គាត់បញ្ជូនធ្វើការនៅក្រៅប្រទេស ទៅកូរ៉េ ទៅជប៉ុន ទៅកោះតៃវ៉ាន់ ទៅមជ្ឈឹមបូព៌ា។​ ជនជាតិថៃច្រើនណាស់បញ្ជូនទៅ។ ប៉ុន្តែ គាត់ខ្វះពលកម្មក្នុងស្រុក គាត់ទាញយកពលកម្មពីកម្ពុជា​ គាត់ទាញយកពលកម្មពីឡាវ​ គាត់ទាញពលកម្មពីមីយ៉ាន់ម៉ាមកជំនួសពលកម្ម ដែលទៅធ្វើការនៅក្រៅប្រទេស ដើម្បីបានប្រាក់ខែច្រើនជាង … នៅក្នុងក្របខណ្ឌអាស៊ាន ហ្វីលីពីននាំពលករទៅក្រៅប្រទេសប្រមាណជា ១២ លាននាក់ ទំហំច្រើនជាងគេ។ ប្រទេសដែលខ្វះពលកម្មពិតប្រាកដ ដែលមិននាំចេញពលកម្ម ប៉ុន្តែ ត្រូវនាំចូលពលកម្ម គឺប្រទេសម៉ាឡេស៊ី និងសាំងហ្គាពួរ តែប៉ុណ្ណឹងទេ។ អាហ្នឹង គឺគេអត់បញ្ជូនមនុស្សទៅធ្វើការនៅក្រៅប្រទេស ប៉ុន្តែ ខ្វះពលកម្ម។ អញ្ចឹងទេ រឿងនេះក៏គួរតែត្រូវនិយាយគ្នាឱ្យបានច្បាស់។ បើមិនអញ្ចឹងបងប្អូនដែលធ្វើការនៅក្រៅប្រទេសនេះ​ គិតស្មានថា រាជរដ្ឋាភិបាលបណ្តេញបងប្អូនចេញទៅធ្វើចំណាកស្រុក រួចហើយ គឺថា រាជរដ្ឋាភិបាលគ្មានសមត្ថភាព។

រាជរដ្ឋាភិបាលកំពុងពង្រីកទីផ្សារការងារក្រៅប្រទេស

សូមក្រឡេកមើលប្រទេសជិតខាងរបស់យើងទៅចុះ ការងារក្នុងស្រុករបស់គេសម្បើមណាស់ រហូតដល់ខ្វះពលកម្មដូចជាប្រទេសថៃ ប៉ុន្តែ គេនៅតែបញ្ជូនពលកររបស់គេទៅក្រៅប្រទេស ដើម្បីយកបៀវត្សរ៍ខ្ពស់ជាង ហើយយកពលកររបស់យើង របស់ឡាវ និងរបស់មីយ៉ាន់ម៉ាទៅជំនួសឱ្យពលកម្មនៅក្នុងស្រុករបស់គេវិញ​។ យើងកំពុងតែរកទីផ្សារការងារ ទៅកូរ៉េខាងត្បូងសុំឱ្យគេបង្កើនចំនួន។ ជប៉ុនក៏សុំឱ្យគេបង្កើនចំនួន។ ឥឡូវកំពុងតែបញ្ចូលទៅជប៉ុន ទៅរកនៅមជ្ឈឹមបូព៌ា ដើម្បីដោះស្រាយការងារនៅទីនោះ។

វិស័យឯកជន ដោះស្រាយការងារធ្វើសំរាប់ពលកម្មក្នុងប្រទេស

ទន្ទឹមនឹងការខិតខំរកការងារធ្វើនៅក្នុងស្រុក តាមរយៈជម្រុញទាក់ទាញវិនិយោគ ទាំងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគក្រៅប្រទេស ដើម្បីដោះស្រាយការងារធ្វើ។ រដ្ឋមិនអាចរកការងារធ្វើនៅក្នុងក្របខណ្ឌរដ្ឋឱ្យនិស្សិត ដែលចេញពីសាលាទាំងអស់បានទេ។ អញ្ចឹង វិស័យឯកជន ជាវិស័យនាំមុខ ដែលដោះស្រាយការងារធ្វើរាប់លាននាក់ នៃពលកម្មនៅក្នុងប្រទេសរបស់យើង គឺដោះស្រាយដោយវិស័យឯកជន។ នេះហើយជាចំណុចដែលយើងត្រូវមើលឃើញ។ សាលានេះក៏បានរួមចំណែកមួយផ្នែកធំ នៃការដោះស្រាយការងារធ្វើ ដែលមកដល់ពេលនេះ អ្នកដែលបានចេញពីសាលានេះ មានចំនួន ៣៩.០០០ នាក់ ជិត ៤ ម៉ឺននាក់ ដែលជាចំនួនមួយកំពុងតែទទួលបានការងារធ្វើ បន្ទាប់ពីការបណ្តុះបណ្តាលនៅក្នុងវិទ្យាស្ថាន ហើយនៅក្នុងសាកលវិទ្យាល័យ តាំងពីអង្គការក្រៅរដ្ឋាភិបាល រហូតមកសាកលវិទ្យាល័យ ដែលមានអាយុកាល ២១ ឆ្នាំ រួចមកហើយ។ ឥឡូវនេះសិស្ស/និស្សិតចំនួនជាង ៥ ពាន់នាក់ ដែលនៅបន្តការសិក្សា។

បន្តឧបត្ថម្ភសាកលវិទ្យាល័យរាល់ខែ ជួយដល់និស្សិតក្រីក្រ

ដូចដែលសាកលវិទ្យាធិការ ឯក មនោសែន បានលើក ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តផ្តល់នូវអង្ករ ចំនួន ២ តោន/ខែ ហើយនឹងថវិកា ចំនួន ៥ លានរៀល/ខែ ដើម្បីនិស្សិតក្រីក្ររបស់យើងដោះស្រាយបានមួយផ្នែក។ បើគិតទៅ ១ ខែ ៥ លាន(រៀល)។ ១២ ខែ ៦០ លាន(រៀល)។ អង្ករមួយតោនប៉ុន្មានទៅ? មួយតោន ៧០០ (ដុល្លារអាមេរិក) អញ្ចឹង ២ តោន ១.៤០០ (ដុល្លារអាមេរិក) ស្មើនឹង ៩ លាន(រៀល)។ ១០ ខែ ៩០ លាន(រៀល)។ អញ្ចឹង មួយឆ្នាំជួយអស់លោក ១០០ លាន(រៀល)ជាង។ គិតជាខែថាតិច ដល់គិតជាឆ្នាំ គឺច្រើនជាង ១០០ លាន ដើម្បីឱ្យក្មួយៗដែលខ្វះលទ្ធភាព មានលទ្ធភាពដើម្បីទទួលបាននូវការស្នាក់អាស្រ័យ។ ហើយកំពុងតែជួយប៉ុន្មានសាលាឯណោះ មានតែ(ដូចជា)៖ (សាកលវិទ្យាល័យ) អាស៊ីអឺរ៉ុប​ (អង្ករ) ២ តោន (ថវិកា) ៥ លាន(រៀល)ដែរ។ (វិទ្យាស្ថាន)ខ្មែរជំនាន់ថ្មី (អង្ករ) ២ តោន (ថវិកា) ៥ លាន(រៀល)ដែរ។ អង្គការសហព័ន្ធអឺរ៉ុប (អង្ករ) ២ តោន (ថវិកា) ៥ លាន(រៀល)ដែរ។ អាស៊ីសច្ចៈ (អង្ករ) ២ តោន និង(ថវិកា) ៣ លានរៀល។ អញ្ចឹងទេ ឧបត្ថម្ភក្នុងមួយឆ្នាំៗក៏មិនតិចដែរ ដើម្បីជួយសម្រាលការលំបាករបស់និស្សិតក្រីក្ររបស់យើងឱ្យទទួលបាននូវការសិក្សា។

បន្ពពង្រឹងសមត្ថភាព នៅទ្រឹងមួយកន្លែង ប្រៀបដូចដើរថយក្រោយ

ទន្ទឹមនឹងការកោតសរសើរជាមួយនឹងការខិតខំរបស់សាកលវិទ្យាល័យ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការអបអរសាទរ និងកោតសរសើរ ចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ទាំង ជិត ២ ពាន់នាក់ ហើយចាត់ទុកថា នេះគឺជាជោគជ័យផ្ទាល់ខ្លួន សម្រាប់ជ័យលាភីទាំងអស់ ហើយជាជោគជ័យ នៃក្រុមគ្រួសារ។ ក្រៅពីនោះ វាជាជោគជ័យរបស់សហគមន៍ និងជាតិយើងទាំងមូលផងដែរ។ សង្ឃឹមថា និស្សិតរបស់យើងដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ នឹងបន្តការខិតខំ ដើម្បីពង្រឹងសមត្ថភាពបន្ថែម ព្រោះសភាពការណ៍/បច្ចេកវិទ្យាវិវត្តលឿនណាស់។ ដូច្នេះ តម្រូវការរបស់យើងមិននៅទ្រឹងមួយកន្លែងទេ។ ការនៅទ្រឹងណាមួយ ប្រៀបដូចជាការដើរថយក្រោយ។ កុំគិតថា យើងមានបរិញ្ញាបត្រជាន់ខ្ពស់ យើងមានបរិញ្ញាបត្រ ឬយើងមានឯកទេសនេះ/នោះ ដូចមិនគិតគូរក្នុងការពង្រឹងនូវសមត្ថភាពគ្រប់ផ្នែករបស់យើង ហើយការពង្រឹងសមត្ថភាពរបស់យើងនេះ វាជាការឆ្លើយតបទៅនឹងទីផ្សារការងារ ហើយតាមកន្លែងនីមួយៗ បើគេជ្រើសរើសបុគ្គលិក មិនមែនចេះតែជ្រើសរើស ឃើញយើងមានសញ្ញាបត្រនោះទេ គេត្រូវមានដំណាក់កាលសាកល្បងរបស់គេដែរ ឬក៏គេត្រូវមានលក្ខខណ្ឌនេះ/នោះ។ ការប្រឡងប្រជែង ជួន​កាលគេត្រូវការតែ ១០ នាក់ ប៉ុន្តែ គេឱ្យប្រឡង។ បើយើងប្រឡងមិនជាប់ យើងក៏រកការងារធ្វើមិនបាន។

គេចោទថាជាអ្នកលួចកែសំបុត្រយន្តហោះ

សុំប្រាប់រឿងមួយ។ ពិភពលោកត្រូវមានការប្រុងប្រយ័ត្នចំពោះ ហ៊ុន សែន តែម្តង ព្រោះ ហ៊ុន សែន មានសមត្ថភាពចូលទៅកែសំបុត្រយន្តហោះ។ ជាង ១០ ថ្ងៃមុនលឺ(គេនិយាយអញ្ចឹង)។ ថ្ងៃទី ៧ គេថារកឃើញហើយមុខចោរ​ចូលទៅកែសំបុត្រយន្តហោះ។ អញ្ចឹង ពិភពលោកត្រូវតែមានការប្រុងប្រយ័ត្ន ចំពោះបច្ចេក​ទេសរបស់ ហ៊ុន សែន ឬក្រុមបច្ចេកទេសរបស់ ហ៊ុន សែន អាច Hack ចូលទៅក្នុងកុំព្យូទ័ររបស់ Thai Airways។ បើអាចហែកចូលទៅក្នុង Thai Airways បានហើយ នឹងអាចចូលទៅក្នុងគ្រប់កន្លែងទាំងអស់។ កែតែម្តង។ មិនត្រូវតែកែសំបុត្រយន្តហោះទេ។ ថ្ងៃក្រោយកែជើងលេខ អ្នកណាផ្ទេរលុយទៅណា កែជើងលេខ។ គេផ្ទេរទៅត្រឹម ៥ ពាន់(ដុល្លារអាមេរិក) ដាក់ ៥ ម៉ឺន(ដុល្លារអាមេរិក)។

រឿងខ្លួនឯងសោះ មកធ្លាក់លើ ហ៊ុន សែន ទៀត។ យើងគួរគិតជាមួយគ្នាកន្លែងហ្នឹង អានេះកម្រិតខ្នាតអន្តរជាតិ គេហ៊ានធ្វើដល់ម្លឹង។ ចោទមកដល់​ ហ៊ុន សែន។ ចុះទម្រាំរឿងធម្មតាទៀត តើចោទ ហ៊ុន សែន ប៉ុណ្ណាទៅ? នេះគឺជារឿងមួយដែលអកុសលមែនទែន ហើយភូតហ្នឹងគួរតែភូតឱ្យសមរម្យ។ គិតៗទៅប្រុងថា ចាប់យកចំណុចហ្នឹងសួរទៅ Bangkok Airways តើសំបុត្រហ្នឹងត្រូវបានគេទិញអត់? ព្រោះកាលហ្នឹងគេប្រកាស អត់ទាំងកក់សំបុត្រយន្តហោះ។ បង្ហោះហ្វេសប៊ុកឡើងទៅ live ទៀត។ ឡើងរួចចុះមកវិញ។ អត់មានសំបុត្រ។ គេប្រកាសថា អត់មានសំបុត្រ។ ប៉ុន្តែ គេប្រកាសមកខាងនេះ គេថារកឃើញមុខចោរហើយ គឺ ហ៊ុន សែន ចូល។ អញ្ចឹង ប្រយ័ត្នឱ្យមែនទែន …។

យើងពិនិត្យមើលក្របខណ្ឌជាអន្តរជាតិ ហើយភាពម៉ឺងម៉ាត់ជាបច្ចេកវិទ្យា ថ្នាក់ដល់យើងនៅភ្នំពេញនេះ ឬថាខ្ញុំនៅភ្នំពេញនេះ ឬក៏អ្នកណាក៏ដោយ ទោះបីនៅដល់ប៉ារីសក៏ដោយ មិនអាចទៅចូលដល់កែសំបុត្រយន្តហោះបានទេ។ សួរថា មុខមួយណាដែលជិះយន្តហោះថៃពីស្រុកបារាំង ថ្ងៃទី ៧ ដែលចេញមក គឺជាសំបុត្រយន្តហោះដែលត្រូវកែ? ឧទាហរណ៍៖ បោះឆ្នោតមួយលើកៗបន្លំរហូត។ អានោះ(ថា)បន្លំរហូត ឥឡូវ ចូលដល់ថ្នាក់ ហ៊ុន សែន ទៅបន្លំសំបុត្រយន្តហោះ។ ខ្ញុំមិនចង់និយាយទេ ប៉ុន្តែខ្ញុំអត់បាននិយាយពីមុនមក តែថ្ងៃនេះគ្រាន់តែសុំឱ្យទាំងឡាយ ឱ្យមានការប្រុងប្រយ័ត្ន។ គ្រប់ស្ថានទូតក៏ត្រូវប្រយ័ត្នដែរ ព្រោះ ហ៊ុន សែន អាចចូល Hack បានទាំងអស់។

ការបោះឆ្នោតឃុំ/សង្កាត់ ត្រូវធ្វើក្នុងអំឡុងខែ ឧសភា ឆ្នាំ ២០២២

ខ្ញុំក៏ចង់ផ្តាំទៅមនុស្សមួយចំនួន (ដែល)នៅបន្តគិតថា “គេឱ្យយើងធ្វើមេឃុំវិញ ឱ្យយើងធ្វើជំទប់ ឱ្យយើងធ្វើក្រុមប្រឹក្សា ហើយសងលុយយើង(វិញ)”។ គេគិតតាំងពីថ្ងៃ(គណបក្សគេ)រំលាយខ្លួនទៅ រហូតមកដល់ពេល​នេះ (គេបូកលុយអ្នក)ខ្លះបាន ៩០ លាន(រៀល)។ (អ្នក)ខ្លះបានប៉ុណ្ណេះលាន(រៀល)។ បើគិតអញ្ចឹងក៏គិតទៅ ប៉ុន្តែ ខ្ញុំគ្រាន់តែប្រាប់ថា បោះឆ្នោតឃុំ/សង្កាត់ ត្រូវធ្វើក្នុងអំឡុងខែ ឧសភា ឆ្នាំ ២០២២ … យើងស្តាប់តាមការនិយាយ(គ្នា) អ្នកខ្លះនៅតែបន្តចិញ្ចឹមចិត្តថា អញបានធ្វើមេឃុំ អញនឹងបានធ្វើចៅសង្កាត់ អញនឹងបានធ្វើជំទប់ រួចហើយគេសងប្រាក់ខែត្រឡប់មកវិញ។ ជិតបានហើយ។ ការបោះឆ្នោតត្រូវធ្វើនៅក្នុងខែ ឧសភា ឆ្នាំ ២០២២ នេះតាមការគ្រោងទុក នេះជាអាណត្តិ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់។ អ្នកនៅក្នុងតំណែងបច្ចុប្បន្ននៅក្នុងឃុំ/សង្កាត់បច្ចុប្បន្ន គឺនៅបន្ត។ ដល់បោះឆ្នោតតំណាងរាស្ត្រ ត្រូវធ្វើនៅខែ កក្កដា ឆ្នាំ ២០២៣ ព្រោះនៅក្នុងច្បាប់បោះឆ្នោតគេបានចែងថា រៀងរាល់ ៥ ឆ្នាំម្ដង នាថ្ងៃ អាទិត្យ សប្ដាហ៍ទី ៤ ខែ កក្កដា ត្រូវធ្វើការបោះឆ្នោត។ ខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្ណឹងទេ។

មិនមានសិទ្ធិជ្រៀតជ្រែកកិច្ចការតុលាការ

សូមខិតខំធ្វើស្រែចំការទៅ កុំបង្ខំ កុំរត់បុកជញ្ជាំង កុំដាក់គោលដៅធំពេក។ ការបន្ធូរបន្ថយលក្ខខណ្ឌ ទៅលើមនុស្សម្នាក់ និងបិទការស៊ើបសួរ ដែលជានីតិវិធីរបស់តុលាការ កុំថាបន្តិចទៀតមានសេរីភាពធ្វើអញ្ចេះ/អញ្ចុះ។ ប៉ាន់ស្មានខ្លួនឯងទៅ។ ក៏ប៉ុន្តែ ត្រូវចាំ។ ដំណើរការក្ដីមួយនេះ មិនមែនត្រូវធ្វើមួយថ្ងៃ ពីរថ្ងៃ ឬ មួយខែ (ឬ)ពីរខែទេ។ ត្រូវប្រើរយៈពេលវែង។ មានអ្នកខ្លះថា បន្តិចទៀតព្រះមហាក្សត្រ(ចេញព្រះរាជក្រឹត្យ)លើកលែងទោសហើយ។ បើមិនទាន់ទោសផង តើព្រះមហាក្សត្រមានទោសឯណាសម្រាប់(លើក)លែង? … ជាពិសេស មានអាមួយនោះថា ថ្ងៃទី ១៨ ព្រះរាជក្រឹត្យ(លើកលែងទោស)ចេញ។ លើកលែងការចោទប្រកាន់ក៏អត់ដែរ។ ហ្នឹងរឿងតុលាការគេចោទប្រកាន់រួចហើយទេតើ? សមត្ថកិច្ចរបស់តុលាការមិនដឹងគេកាត់ពេលណា គេគ្រាន់តែបិទការស៊ើបអង្កេតតែប៉ុណ្ណោះ តែរឿងជម្រះពេលណារឿងរបស់តុលាការ យើងអត់មានសិទ្ធិទៅជ្រៀតជ្រែកទេ។ ប្អូនមួយចំនួនវិភាគខុស។ ខ្ញុំគ្រាន់តែជួយកែតម្រូវទេ។ ប៉ុន្តែ បើចង់ខុសតទៅទៀតខ្ញុំក៏មិនដឹងថាយ៉ាងម៉េចដែរ។ វាពិបាកណាស់រឿងនយោបាយ។ យើងនិយាយពីគោ (មានការ)ចាក់(ផ្សាយ)ពេញទូរទស្សន៍ហើយ វា(ទៅ)និយាយពីក្របីត្រឡប់មកវិញ។ ឱ្យយើងថាម៉េច? បើអញ្ចឹងកុំនិយាយតែម្ដង។ បើបានជាជ្រុលនិយាយដាក់ក្បាលតែម្ដងទៅ …។

ខ្ញុំចេញពីនេះទៅត្រូវជួបភ្ញៀវ បើសិនជាឃើញកម្មវិធីការងាររបស់ខ្ញុំហត់ជំនួស។ ម្សិលមិញប្រឹងមកពីកំពង់សោម មកដល់គឺថា(ការងារ)នៅចាំហើយស្រេច ដោះអាហ្នឹងមួយ។ ល្ងាចថែមទៀត។​ ព្រឹកមិញមួយកង់ដាក់មកតាមឡាន រួចហើយយកទៅគណៈរដ្ឋមន្ត្រី មុន/ក្រោយជួបភ្ញៀវនឹងចារ។ ទូតខ្លះជូនសារ(តាំង) មិនទាន់បានជួប។ ក្រសួងខ្លះសំណើសុំនេះ/នោះ ប៉ុន្តែ ស្អែកយើងនឹងប្រជុំអាស៊ី-ប៉ាស៊ីហ្វិកដែលមានរាប់សិប​ប្រទេសចូលរួមនៅទៅក្រុងភ្នំពេញនេះ។ ស្អែកមួយថ្ងៃពេញតែម្ដង។ ថ្ងៃនេះមួយវគ្គនៅនេះ។ ឆាកទី ១ គឺជាមួយនិស្សិតទាក់ទងវិស័យអប់រំ។ ឆាកទី ២ ទទួលភ្ញៀវ។ រួចហើយល្ងាចឆាកទី ១ ត្រូវជួបកីឡាករ/ការិនី មុននឹងពួកគាត់ចេញទៅ(ប្រកួត)ស៊ីហ្គេម ប្រមាណជាង ៤០០ នាក់ នៅហ្វីលីពីន។ បន្ទាប់ទៅត្រូវទទួលអតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី ដែលគាត់អញ្ជើញមកដល់ម៉ោង ៤។ ខ្ញុំត្រូវទទួលម៉ោង ៥ កន្លះ … គាត់ប្រជុំស្អែក ជប់លៀងហើយគាត់ហោះទៅវិញទាំងយប់។ ស្អែកព្រឹកបើកកម្មវិធី ល្ងាចទទួលភ្ញៀវមួយចំនួនទៀត រួចហើយជប់លៀងឱ្យភ្ញៀវ។ គ្រាន់តែឃើញកម្មវិធីហត់ជួស ប៉ុន្តែយើងនិយាយថាហត់មិនបានទេ ដោយសារតែភារកិច្ចរបស់យើងដែលត្រូវធ្វើ។

ខ្ញុំព្រះករុណាខ្ញុំ គិតថា ប៉ុណ្ណឹងទៅចុះ កុំឱ្យលំបាកដល់អ្នកវិភាគទាំងឡាយ​ ដែលយើងនិយាយពីគោគេនិយាយពីក្របី ពិបាកស្ដាប់ណាស់។ អ្វីដែលគួរឱ្យឆ្ងល់នោះនៅត្រង់ថា យើងនិយាយអញ្ចឹងហើយចាក់គ្រប់វិទ្យុ (ហើយ)ទូរទស្សន៍ភាគច្រើនអនឡានសម្បូរបែប។ ខាងទូរទស្សន៍កំពុងតែផ្សាយបន្តផ្ទាល់ (មានដូចជា)៖ បាយ័ន, BTV១, TV SABAY, MSG TV online ទូរទស្សន៍ខ្សែកាបអនឡានសៀមរាប,  ទូរទស្សន៍ជាតិរំដួលស្វាយរៀង, ទូរទស្សន៍ខ្សែកាបត្បូងឃ្មុំ, ទូរទស្សន៍ខ្សែកាបកំពង់សោម, ទូរទស្សន៍ខ្សែកាបខេត្តរតនៈគិរី, ទូរទស្សន៍ CNC, Nice TV។ ដល់ទៅវិទ្យុ គឺច្រើន(ណាស់) ហើយហ្វេសប៊ុក(ផេច) Fresh News, (ហ្វេសប៊ុកផេច)សម្ដេចតេជោ, ហ្វេសប៊ុក(ផេច)វិទ្យុបាយ័ន, (ហ្វេសប៊ុកផេច)ក្រសួងព័ត៌មាន, ហ្វេសប៊ុកផេច AKP, ហ្វេសប៊ុកផេចអប្សរាសង់ត្រាល់, ហ្វេសប៊ុកផេចទូរទស្សន៍ TV Sabay។ នៅមានច្រើនទៀត។ (មានខាង)ប្រតិកម្មរហ័ស, វិទ្យុភ្នំពេញ ៩៤។ យើងផ្សាយចំហរអញ្ចឹង គេយកទៅឆ្នៃប្រឌិត​បាន ដូចដែលគេឆ្នៃថា ខ្ញុំចូលទៅកែសំបុត្រយន្តហោះ។ និយាយគ្នាមិនបាន។ យើងនិយាយពីក្របី វាថាយើងគោ។ យើងនិយាយពីគោ វាថាឯងជ្រូក។​ មិនដឹងធ្វើម៉េច។​ ចេះមិនដល់។

មិនឱ្យបុគ្គល ឬក្រុមណាមួយ ប្រទេសណាមួយ ជ្រៀតជ្រែកបំផ្លាញសន្ដិភាពបានទេ

កម្មករយើងប្រឹងរកការងារធ្វើនៅក្រៅប្រទេស អ្នកដែលទៅខុសច្បាប់ យើងខំទៅសម្រួលធ្វើយ៉ាងម៉េចឱ្យត្រូវច្បាប់ ទៅជាយើងជាប់ទោសទៅទៀត? (គេបែរជា)ចលនាប្រមូលកម្មករដង្ហែរគេ ដើម្បីមកឡើងកាន់អំ​ណាចជំនួសឱ្យការងារដែលគេកំពុងធ្វើនៅក្រៅស្រុក។ អាហ្នឹងយើងពិបាកយល់ណាស់។ អ្វីដែលសំខាន់ជាងគេ គឺសន្តិភាព ដែលយើងបានរួមគ្នា(ស្វែងរកដោយលំបាក)នេះ។ ខ្ញុំក៏សូមជូនជាព័ត៌មានដែរ ថ្ងៃទី ៩ (វិច្ឆិកា) កន្លងទៅ ស្ថិតិដែលយើងបានទទួលពីកន្លែងគោលដៅធំៗ ចំណាយអំបុកអស់ ២២៣ តោន។ អាហ្នឹងគិតពីកន្លែង (ដែលមាន)ការជួបជុំប្រមូលផ្ដុំ មិនគិតពីកន្លែងទទួលទានតាមផ្ទះទេ។ ត្រូវអស់ដូងប៉ុន្មាន? ចេកប៉ុន្មាន? ស្ករផែនប៉ុន្មាន? ធ្វើឱ្យទីផ្សារអំបុកខ្មែរឡើងថ្លៃ ហើយក្រោមបាវចនា “អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ” យើងឃើញកម្លាំងរួមរបស់ជាតិយើង សាមគ្គីរក្សាសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីធានាដល់ការអភិវឌ្ឍ។ ពេលដែលអត់មានសន្តិភាពហើយ កុំសង្ឃឹមថា ទទួលបានអ្វីផ្សេងក្រៅតែពីការស្លាប់/របួស/វិនាស/អន្តរាយ។ ដោយតម្លៃណាក៏ដោយត្រូវរក្សាឱ្យបាននូវសន្តិភាព ដែលយើងរកបានដោយលំបាក។ មិនអាចឱ្យបុគ្គលណាមួយ ឬក្រុមណាមួយមកបំផ្លាញទេ ហើយក៏មិនអាចឱ្យប្រទេសណាមួយមកជ្រៀតជ្រែក ដើម្បីបំផ្លាញសន្ដិភាពរបស់ប្រទេសនេះបានដែរ។

ដោយតម្លៃណាក្តី ត្រូវការពារប្រជាពលរដ្ឋ ចៀសវាងការស្លាប់ ការខូចខាត និងចលាចលក្នុងប្រទេស

អតីតកាលឈឺចាប់របស់យើង ជាមេរៀនផ្ដល់ឱ្យយើង។ ការមិនចុះសម្រុងនឹងគ្នាខាងនយោបាយណាមួយ នោះជាទិដ្ឋភាពនៃសា្ថនភាពពហុបក្ស។ ប៉ុន្តែ បើអ្នកឯងយកស្ថានភាពហិង្សាយកមកដោះស្រាយបញ្ហា អ្នកឯងត្រូវប្រឈមចំពោះមុខច្បាប់។ យើងមិនអាចអត់ឱនឱ្យបាន ក្រោមហេតុផលដែលអ្នកឯងប្រើហិង្សាហើយ វាទៅជាដោយសន្ដិវិធី ប្រកាសឱ្យកងទ័ពបាញ់(រាជ)រដ្ឋាភិបាល។ ប៉ុន្តែ (វាទៅជា)ថាហ្នឹង(ជាមធ្យោបាយ)សន្ដិវិធី។ វាទៅអញ្ចេះ(ទៅវិញ)។ វាមិនដែលអាណាចូលដល់ថ្នាក់អំពាវនាវឱ្យកងទ័ព ហើយរកលុយចិញ្ចឹមកងទ័ព គេហៅថា កម្លាំងប្រដាប់អាវុធ ដើម្បីធ្វើការតស៊ូ ប៉ុន្តែ (ជាវិធីសាស្ត្រ)សន្ដិវិធី(នោះទេ)។ និយាយហ្នឹងវាផ្ទុយគ្នា បាយបិណ្ឌជាបាយបាត។ អញ្ចឹងទេ រាជរដ្ឋាភិបាលអត់មានជម្រើសណាផ្សេង ក្រៅតែពីធានាធ្វើម៉េច (រក្សាសន្តិភាពនិងស្ថេរភាព​ ដោយប្រើ) ភាសា “ដោយតម្លៃណាក៏ដោយ”។ ភាសានេះ​គេអាចយល់បាន “ដោយតម្លៃណាក៏ដោយ ត្រូវការពារប្រជាពលរដ្ឋឱ្យបានសិន ចៀសវាងការស្លាប់ ការខូចខាត ធ្វើឱ្យចលាចលក្នុងប្រទេស”។

រយៈពេលកន្លងទៅ ទំនិញលើទីផ្សារមានស្ថេរភាពថ្លៃ

រយៈពេលកន្លងទៅទោះបីមានបញ្ហានេះ ក៏ប៉ុន្តែ ទំនិញលើទីផ្សារអត់ឡើងថ្លៃទេ។ អ្នកខ្លះទទួលឥទ្ធិពលពីខាងក្រៅ មានទិញអង្ករ មានទិញត្រីងៀតទុក។ យើងដឹង មានមួយចំនួន ក៏ប៉ុន្តែ ទីចុងបំផុត ទិញទុកទៅ អត់អីទេ។ ទុកស៊ីថ្ងៃក្រោយទេតើ។ ប៉ុន្តែ បញ្ហាធំ ទីផ្សារអត់មានរង្គោះរង្គើអ្វីទាំងអស់។ អត្រាប្ដូរប្រាក់នៅតែមានស្ថេរភាព។ ធនាគារ មានមួយចំនួន​ដកប្រាក់ តែភាគច្រើនសម្រាប់អ្នកដែលមានលុយធំៗ អត់មានអ្នកណាទៅដកប្រាក់ទេ។ នៅចាំបានទេ ល្ងាចថ្ងៃទី ២៧ កក្កដា ២០១៣ ដកលុយខ្ទេចតាមទូរ ATM ហើយ ចាក់សាំងត្រៀម។ (អា)ហ្នឹងហើយលទ្ធផលដែលគេបំផុលនៅក្នុងពេលនោះ។ ចលាចលភ្លាម។ ចាប់ផ្ដើមពីត្រង់ហ្នឹងហើយ ដែលយើងទុកពេលឱ្យគេរហូតដល់ជិតកន្លះឆ្នាំ។ ជិតកន្លះឆ្នាំហ្នឹងហើយជាលទ្ធផលដែលនាំទៅដល់សកម្មភាព។ តើស្លាប់មនុស្សប៉ុន្មាន? ខូចខាតសម្បតិ្តរដ្ឋ និងឯកជនប៉ុន្មាន? ត្រូវមើលឱ្យឃើញ។ ក៏ប៉ុន្តែ ក្នុងរយៈពេល​កន្លងទៅនេះ ទីផ្សាររបស់យើងនឹងនរ អត់មានបញ្ហាទេ។

ពិធីបុណ្យអុំទូកប្រព្រឹត្តបានយ៉ាងល្អ និងមានមនុស្សច្រើនកុះករ

ខ្លះគេបង្ហោះ មកពីក្រៅ(ប្រទេស)ទេ គេថា ប្រជាជនពហិការមិនចូលរួមការចាត់តាំងអុំទូករបស់ ហ៊ុន សែន ទេ។ ឯងស្គាល់ស្ទើរណាស់ ថ្ងៃទី ១ (នៃព្រះរាជពិធីបុណ្យអុំទូក)ប្រជាពលរដ្ឋនៅភ្នំពេញ គេទៅលេងស្រុករបស់គេដែរ។ អ្នកជនបទមកទីក្រុង។ អ្នកទីក្រុងទៅជនបទ គេទៅលេងស្រុករបស់គេដែរ។ ពិតហើយ ឪពុកម្ដាយរបស់កម្មករ/ការិនី ហៅកូនត្រឡប់ទៅស្រុកក្រែងមានរឿងអី។ ប៉ុន្តែ ដល់អត់មានរឿងអី (នៅថ្ងៃអុំទូក)យប់ចុងក្រោយ ឮថាស្ទះ(ផ្លូវ)ដល់ម៉ោង ២ ភ្លឺ។ ស្ទះនឹងមនុស្ស។ ប៉ុន្តែ ខ្ញុំស្រាវជ្រាវបានថា មានករណីស្ទះអញ្ចេះ មិនមានស្ដង់លក់ឥវ៉ាន់ ដែលគេដាក់តាំងលក់នៅកន្លែងប្រគុំតន្រ្តីស្អីៗហ្នឹង អញ្ចឹង អីវ៉ាន់នេះលក់មិនអស់ ដល់លក់មិនអស់ គឺចាប់ផ្ដើមបញ្ចុះថ្លៃ។ អញ្ចឹង អ្នកខ្លះទៅដល់ច្បារអំពៅ ត្រូវត្រឡប់មកវិញ ដើម្បីមកទិញទំនិញដែលគេចុះថ្លៃនោះ។ ប្រជាពលរដ្ឋមិនតិចទេ ចូលលាននាក់ ដែលបានទស្សនាពិធីបុណ្យអុំទូក។ ស្គាល់ខ្មែរមិនច្បាស់អញ្ចឹងហើយ បានវាអញ្ចឹងនោះ។ អត់មានអ្វីកើតឡើងទៀត ចំណុះទូកក៏សុវត្ថិភាព អត់មានធ្លាក់ទឹក (និង/ឬ)លង់ទឹកស្អីៗ … ដំណើរការទៅដោយរលូន។

ឆ្នាំ ២០២០ ប្រាក់បៀវត្សឡើងជាពីរដំណាក់កាល

ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលឃើញថា សភាពការណ៍វាល្អ។ ឥឡូវ បន្ដិចទៀតដល់ពេលត្រូវឡើងប្រាក់ខែទៀតហើយ ឡើងពីរតង់៖ តង់ទី ១ ឡើងនៅក្នុងខែ មករា ឆ្នាំ ២០២០ ឡើង(ប្រាក់ខែ)បន្ដិចទេ។ ប៉ុន្តែ ដល់ខែ មេសា ទើបឡើងច្រើន។ អញ្ចឹង បានត្រៀមឱ្យរួចរាល់។ ខែ មេសា ត្រូវបើកឱ្យបានមុនចូលឆ្នាំ ព្រោះយើងបើកពីរអាទិត្យម្ដង។ អញ្ចឹង ដល់ពេលហ្នឹង យើងត្រូវបើកមួយខែពេញតែម្ដង បូកនឹងប្រាក់ឧបត្ថម្ភមិនតិចជាង ៥ ម៉ឺនរៀលទេ ក្នុងម្នាក់ៗ។ ៥ ម៉ឺនរៀល សម្រាប់ម្នាក់ៗតិចណាស់ ប៉ុន្តែ សម្រាប់រាជរដ្ឋាភិបាល គឺចេញរាប់សិបលានដុល្លារ(អាមេរិក) គ្រាន់តែដោះស្រាយ ៥ ម៉ឺនរៀលៗ ព្រោះបានតាំងពីថ្នាក់ភូមិ សមាជិកភូមិ អនុភូមិ មេភូមិ ឃុំសង្កាត់ អ្នកចូលនិវត្តន៍ យុទ្ធជនពិការ …។

ដំឡើងប្រាក់ខែកម្មករ និងទប់ស្កាត់ការឡើងថ្លៃទំនិញលើទីផ្សារ

ឥឡូវហ្នឹងកម្មករឡើងបៀវត្សរ៍។ ខ្ញុំបានអំពាវនាវថា ធ្វើម៉េចកុំឱ្យផ្ទះឈ្នួលឡើងថ្លៃ។ ដោយសារឆ្នាំនេះ យើងឡើងត្រឹមតែ ១៨២ ដុល្លារ(អាមេរិក) ដល់ ១៩០ ដុល្លារ(អាមេរិក)ទេ ព្រោះបើមិនអញ្ចឹងបាត់បង់ភាពប្រកួតប្រជែងធ្ងន់ធ្ងរ។ នៅវៀតណាមមានកន្លែងខ្លះបាន(ប្រាក់ខែ)តែ ១៣០-១៤០ ដុល្លារ(អាមេរិក) ឬ ១៥០ ដុល្លារ(អាមេរិក)ទេ។ កន្លែងខ្លះបានខ្ពស់ កន្លែងខ្លះបានទាប គេមានតំបន់។ នៅកម្ពុជាអនុវត្តទូទៅ គឺស្មើៗគ្នា ១៩០ ដុល្លារ(អាមេរិក)។ នៅឡាវ (ប្រាក់ខែកម្មករ)នៅតែ ១៣៥ ដុល្លារ(អាមេរិក)ដដែល។ នៅមីយ៉ាន់ម៉ា (ប្រាក់ខែកម្មករ)បាន ១០៨ ដុល្លារ(អាមេរិក)ទេ។ ស្រីលង្កា បង់ក្លាដេស ឥណ្ឌា បាន(ប្រាក់ខែកម្មករ)តែ ៩៦ ដុល្លារ(អាមេរិក)ទេ។ អញ្ចឹង អ្នកដែលប្រកួតប្រជែងជាមួយយើង ដែលមានសក្ដានុពល ហើយដែលរោងចក្រអាចទៅកាន់បង់ក្លាដេស អាចទៅកាន់ស្រីលង្កា​ អាចទៅកាន់ឥណ្ឌា អាចទៅកាន់មីយ៉ាន់ម៉ា អាចទៅកាន់ឡាវ រហូតទៅដល់វៀតណាមវិញផង។ គេមានជំនាញហើយ ប្រាក់ខែទាប។ គេទៅកាន់តំបន់ណាដែលមានប្រាក់ខែទាប។ យើងខិតខំយ៉ាងណា ទប់តម្លៃទំនិញលើទីផ្សារកុំឱ្យវាមានអតិផរណាខ្ពស់​ ទើប​ហៅថាការដំឡើងពិតប្រាកដ។ ដំឡើងបៀវត្សរ៍ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ហើយក៏ដំឡើងចំពោះកម្មករ/ការិនីក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ។

ឆ្នាំ ២០២០ ទំហំសេដ្ឋកិច្ចកម្ពុជានឹងឡើងទៅដល់ ៣០ ពាន់លាន់ដុល្លារ

យើងខិតខំធ្វើនូវកិច្ចទាំងអស់​ដែលយើងត្រូវ ធ្វើដើម្បីផលប្រយោជន៍ ដើម្បីជាតិរបស់យើង ប្រជាពលរដ្ឋរបស់យើង គិតពីទំហំសេដ្ឋកិច្ចរបស់យើង។ នៅពេលប្រជុំនៅបាងកក គេយកទំហំ(ពាណិជ្ជកម្ម)ឆ្នាំ ២០១៨ ទៅចុះ។ អញ្ចឹង ទំហំសេដ្ឋកិច្ចរបស់យើងនៅពេលនោះ គឺត្រឹម ២៤ ពាន់លានដុល្លារ(អាមេរិក)។ ឥឡូវ ទំហំសេដ្ឋកិច្ចរបស់យើង គឺឡើងទៅដល់ជិត ៣០ ពាន់លាន់ដុល្លារ(អាមេរិក) ដែលនឹងផ្ដល់ឱ្យមនុស្សម្នាក់ឡើងលើស ១.៨០០ ដុល្លារ(អាមេរិក)។ ក្នុងឆ្នាំនេះ ត្រឹមតែ ១.៦០០ ដុល្លារ(អាមេរិក)ជាង។ នេះគឺជាចំនួនដែលបានគិតនៅក្នុងក្របខណ្ឌនៃថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ខាងមុខនេះ។

មិនទាន់បានប្រើប្រាស់ធនធានរ៉ែ ដូចជាប្រេង/ឧស្ម័ន ធ្យូងថ្ម មាស។ល។

ខ្ញុំមិនទាន់ប្រកាសនូវការបរិច្ឆេទពិតប្រាកដ នៃដំណក់ប្រេងលើដំបូងទេ ព្រោះខ្ញុំមិនចង់ឱ្យមានកំហុសដូចកាលពីឆ្នាំ ២០១២ ដែលពេលនោះ ខាងក្រុមហ៊ុនបានប្រាប់ឱ្យយើងដឹងថា ដំណក់ប្រេងដំបូងនឹងចេញទៅពេលណា។ ឥឡូវ ដំណក់ប្រេងរបស់យើងនឹងចេញក្នុងឆ្នាំ ២០២០ តែថ្ងៃខែជាក់លាក់ខ្ញុំនឹងប្រាក់នៅពេលក្រោយ បន្ទាប់ពីការធ្វើការងារនេះជាមួយនឹងក្រុមហ៊ុន ដែលកំពុងកសាងយ៉ាងមមាញឹក សម្រាប់ការបូមប្រេងដំបូងរបស់យើង។ យើងអត់ទាន់ប្រើប្រាស់ធនធានធម្មជាតិរបស់យើងទេ ជាប្រេង ជាឧស្ម័ន ជាធ្យូងថ្ម។ ឥឡូវ ធ្យូងថ្មយើងរកឃើញ យើងធ្វើអគ្គិសនីនៅកន្លែងហ្នឹងតែម្ដង ដោយប្រើប្រាស់ធ្យូងថ្មនៅខេត្តឧត្តរមានជ័យផលិតអគ្គិសនីនៅកន្លែងហ្នឹងតែម្ដង។ របាយការណ៍ប៉ុន្មានថ្ងៃមុនដែលខ្ញុំសម្រេច រ៉ែមាសរបស់យើងនឹងធ្វើអាជីវកម្មក្នុងខ្នាតមួយ ​ដែលមានប្រាក់ចំណូលគួរសម ដែលវិនិយោគដោយក្រុមហ៊ុនអូស្រ្តាលី​។ ការរំពឹងធំជាងគេរបស់ខ្ញុំ គឺ​ប្រេង ដែលយើងអាចនឹងមាននៅពេលខាងមុខ តែយើងមិនទាន់បានប្រើប្រាស់ទេ។ យើងកំពុងតែចរចាជាមួយនឹងថៃលើតំបន់ត្រួតគ្នា ដើម្បីអភិវឌ្ឍរួមនៅក្នុងតំបន់ត្រួតគ្នានោះ។

មិនទាន់បានប្រេងផង មកបបួលពិភាក្សាចាយលុយប្រេង

សូមបញ្ជាក់ ពីមុននេះគេពិភាក្សាជាមួយខ្ញុំ ទាល់តែខ្ញុំស្ដីឱ្យ ធ្វើសិក្ខាសាលាអំពីរបៀបចាយលុយប្រេង លើកក្នុងរង្វង់ឆ្នាំ ២០០៤, ២០០៥, ២០០៦ លើកឡើងនិយាយតែពីរឿង តើជាពរជ័យ ឬក៏ជាបណ្ដាសារ? បានខ្ញុំអត់មិនបាន ខ្ញុំថា នែ! បើមិនទាន់ចាប់ត្រីបានទេ កុំនិយាយថា ត្រីណាអាំង? ត្រីណាស្ងោរ? ត្រីណាចៀន? ចាប់ត្រីឱ្យបានសិន ចាំកំណត់ថា ត្រូវអាំង ឬចៀន ឬស្ងោរ។ ប្រេងនៅឯបាតសមុទ្រឯណោះ ឬក្នុងដីគោករបស់យើងក៏មានប្រេងដែរ សូម្បីតែខេត្តស្វាយរៀង ក៏មានតំបន់ប្លុកប្រេងនៅទីនោះ។ អត់ទាន់ទាំងរកប្រេងបានផង ពិភាក្សារឿងចាយលុយប្រេង។ ធ្វើសិក្ខាសាលាចាយលុយអស់មិនចេះតិច។ ទាល់តែខ្ញុំស្ដីឱ្យ។ ទៅជួបខ្ញុំ ថាត្រូវចាយលុយប្រេងអញ្ចេះៗ ខ្ញុំថា នែ! មកពិភាក្សាអីជាមួយខ្ញុំរឿងចាយលុយប្រេង? អូ! គ្រាន់តែចាយលុយពិបាកម៉េះ? អារកលុយទេតើបានវាពិបាក? តែរឿងចាយលុយមានអីពិបាកទេ?

ចំណូលពីធនធានធម្មជាតិ នឹងចាយសម្រាប់តែហេដ្ឋារចនាសម្ព័ន្ធទាំងរឹង/ទន់

ថ្ងៃមុនខ្ញុំប្រាប់អនុប្រធានធនាគារពិភពលោកថា ឥឡូវនេះ ខ្ញុំអត់​ទាន់ប្រើធនធានធម្មជាតិទេ ប៉ុន្តែខ្ញុំមានលទ្ធភាពដើម្បីប្រមូលចំណូលគាំទ្រឱ្យការចំណាយ និងការវិនិយោគផ្ទាល់របស់យើងខ្ញុំ ក្នុងមួយឆ្នាំរង្វង់ ៦០០-៨០០ លាន(ដុល្លារអាមេរិក)។ ប្រសិនបើបានលុយពីធនធានធម្មជាតិ គោលដៅធំរបស់ខ្ញុំ គឺចំ​ណាយទៅលើហេដ្ឋារចនាសម្ព័ន្ធទាំងរឹង/ទន់។ (ហេដ្ឋារចនាសម្ព័ន្ធ)រឹង គឺផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី និងអ្វីៗ ដែលទាក់ទងនឹងស្ថានភាពហ្នឹង។ ឯ(ហេដ្ឋារចនាសម្ព័ន្ធ)ទន់ ទាក់ទងនឹងបញ្ហាធនធានមនុស្ស ដែលវិនិយោគត្រូវសម្រុកទៅលើបញ្ហាវិស័យអប់រំ និងវិស័យសុខាភិបាល។ សាលារៀនធ្វើឱ្យច្រើន មន្ទីរពេទ្យធ្វើឱ្យល្អ ស្តង់ដារកសាងមនុស្ស ការទ្រទ្រង់ទៅលើសុខុមាលភាព គោលនយោបាយគាំពារសង្គម គឺត្រូវអនុវត្តឱ្យខ្លាំង​។

គយ និងពន្ធដារ ប្រមូលពន្ធលើសផែនការ ១០៥%

ឆ្នាំនេះ យើងវិនិយោគខ្លួនឯងលើសពី ១ ពាន់លាន(ដុល្លារអាមេរិក)។ ឥឡូវ ឆ្នាំនេះ និយាយពីគយ រកបានលើសផែនការក្នុងរង្វង់ពី ៧០០-៨០០ លាន(ដុល្លារអាមេរិក)។ ខាងពន្ធដារ រកបានលើសផែនការពី ៤០០-៥០០ លាន(ដុល្លារអាមេរិក)។ អញ្ចឹង ឆ្នាំនេះ គ្រាន់តែលើសផែនការជិត ១ ពាន់លាន(ដុល្លារអាមេរិក) សម្រាប់ចំណូលសារពើពន្ធ។ ប៉ុន្តែ អាចំណូលមិនមែនសារពើពន្ធ គឺមានផ្នែកមួយទៀត។ ឧទាហរណ៍ចំណូលពីទិដ្ឋាការ ចំណូលពីសំបុត្រចូលមើលអង្គរ ចំណូលពីផ្នែកនេះ/នោះមួយចំនួនថែមទៀត តាំងពីព្រលានយន្តហោះ នាំផ្លូវហោះកាត់ គឺដឹងតែបានលុយហើយ ព្រោះយើងនាំផ្លូវគេ។ អញ្ចឹង គេចំណាយបង់មកលើយើង។ ប៉ុន្តែ យើងត្រូវចេះសន្សំ។ កុំចេះតែនាំគ្នាចាយអត់រក។ រកបាន ១០០ ចាយ ៨០ ទុក ២០ អាហ្នឹង គឺល្អហើយ។ ក្នុងរយៈពេលត្រឹមតែ ៩ ខែទេ គយរកបានលើសផែនការរហូតទៅដល់​ ១០៥% អញ្ចឹង នៅសល់ ៣ ខែ(ទៀត) យើងគិតជាមធ្យមថា ២៥០ លានដុល្លារ/ខែ តែខែខ្លះឡើងទៅដល់ជិត ៣០០ លានដុល្លារ/ខែ សម្រាប់ផ្នែកគយ។ អញ្ចឹង គយលទ្ធភាពលើសផែនការពី ៧០០-៨០០ លានដុល្លារ(អាមេរិក)ដែរ។ រយៈពេល ១០ ខែ ពន្ធដារក៏បានសម្រេចលើសផែនការ ១០៥%។ អញ្ចឹង នៅសល់ ២ ខែចុងក្រោយ លទ្ធភាពអាច ៤០០-៥០០ លានដុល្លារ(អាមេរិក)ដែរ។

សល់សាច់ប្រាក់ បញ្ចេញទិញម៉ាស៊ីនភ្លើង និងអភិវឌ្ឍក្រុងព្រះសីហនុ

ខ្ញុំបានប្រាប់គេ/ឯងថា … ខ្ញុំមានលទ្ធភាពសល់ជាសាច់ប្រាក់តែម្តង ដែលអាចយកទៅវិនិយោគភ្លាម ដែលឆ្នាំនេះ ខ្ញុំចង្អុលចេញជិត ៤០០ លានដុល្លារ(អាមេរិក) ប្រគល់ទៅខាងអគ្គិសនី ទិញម៉ាស៊ីនភ្លើង ២០០ MW ពីហ្វាំងឡង់ និង ២០០ MW ពីអាល្លឺម៉ង់ មកដាក់កៀកនៅភ្នំពេញ។ កំពុងតែដំឡើង កុំឱ្យវាដាច់ភ្លើង ខ្វះចរន្ត កាត់ភ្លើងអ្នកទីក្រុងភ្នំពេញ។ ហ្នឹងសឺគួរ។ បើភ្នំពេញខ្វះ ១០០ (MW) បញ្ចេញ ១០០ (MW) ខ្វះ ១០ (MW) បញ្ចេញ ១០ (MW) ខ្វះ ២០ (MW) បញ្ចេញ ២០ (MW) បើខ្វះទាំងអស់បញ្ចេញទាំង ៤០០ (MW) ដាក់ចូលភ្នំពេញ កុំឱ្យដាច់ភ្លើង។ ចង្អុលថវិកាចេញទាំងថ្នាក់ជាតិ និងក្រោមជាតិ ទៅកំពង់សោមប្រមាណជិត ៣០០ លាន(ដុល្លារអាមេរិក)ទៀត បន្ថែមលើការវិនិយោគ ដែលយើងមានរួចមកហើយ ប្រមាណជាង ៦០០-៧០០ លាន(ដុល្លារអាមេរិក)។

សល់សាច់ប្រាក់ក្នុងដៃជាង ៣ ពាន់លានដុល្លារអាមេរិក ឬ ១៥ លានលានរៀល

ធ្វើសេដ្ឋកិច្ច ទាល់តែធ្វើដូចមេផ្ទះអញ្ចឹង។ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ ជាពិសេស រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវសន្សំប្រាក់ដូចធ្វើមេផ្ទះ។ ហេតុអីបានយើងនិយាយអញ្ចឹង? មនុស្សប្រុសយើងចាយអត់ដឹងអស់ទេ។ មនុស្សស្រីទេ ដែលដឹងថា ត្រូវចាយប៉ុណ្ណា កាត់ខោអាវឱ្យកូននៅពេលណា។ ការពិតមិនមែននិយាយមើលងាយប្រុសៗគ្នាឯងទេ តែពួកយើងចាយមិនដឹងអស់ទេ។ ស្រីវិញទេ(ចាយ)ល្អិត(ល្អន់)ណាស់។ មកដល់ពេលនេះ យើងមានសាច់ប្រាក់ក្នុងដៃ ឬសាច់ប្រាក់ចាយបានជាង ៣ ពាន់លានដុល្លារ(អាមេរិក) បើគិតជាទំហំទាំងប្រាក់ដុល្លារ និងប្រាក់រៀល​ ដែលប្រាក់រៀលស្មើនឹងជាង ១៥ លានលាន(រៀល) ហើយ ១ លានលាន ស្មើនឹង ២៥០ លានដុល្លារ។ អញ្ចឹង យើងមានជាង ១៥ លានលាន(រៀល)។

ប្តូរពី ៦០ ថ្ងៃបើកប្រាក់ខែម្តង ទៅបើក ២ អាទិត្យម្តង

ធ្វើនាយករដ្ឋមន្រ្តីពិបាកជាងគេ គឺនាយករដ្ឋមន្រ្តីអត់សាច់ប្រាក់។ ខ្ញុំធ្លាប់ឆ្លងកាត់ការលំបាកនេះ។ កាលពីមុនបងប្អូនមន្រ្តីរាជការយើងពិបាកណាស់ ប្រាក់ខែតិចហើយ អត់មានលុយបើកទៀត បានជាបងប្អូនយើងនិយាយថា នៅស្រុកខ្មែរមួយខែមាន ៦០ ថ្ងៃ ព្រោះ ៦០ ថ្ងៃ ទើបបើកប្រាក់ខែម្តង។ យើងធ្វើកម្មវិធីបំព្រួញៗមកបើកដាច់ខែហើយ ថ្ងៃទី ៥ នឹងបើក។ បន្ទាប់ទៅថា ធ្វើម៉េចពេលដាច់ខែត្រូវបើកលុយឱ្យបាន។ បន្ទាប់ទៅថា ធ្វើម៉េចអាទិត្យទី ៣ បើកប្រាក់ខែឱ្យបាន។ ឥឡូវដល់ ២ អាទិត្យ បើប្រាក់ខែម្តង ដោយសារយើងមានសាច់ប្រាក់។ មានអ្នកខ្លះគេថា អូ! បន្តិចទៀតលៀនអណ្តាតហើយ តែគេកាត់ EBA … ចាំតែលៀនតើ។ នេះអត់មានយកពី EBA មកទេ អត់មានយកមកពីនាំចេញ/ចូលរឿងសម្លៀកបំពាក់ស្អីៗហ្នឹងអត់ទេ។

ពន្ធគយបានពីការនាំចូលរថយន្ត និងម៉ូតូ មានការកើនឡើង

ចំណូលពន្ធគយរបស់យើង​ បានមកពីការនាំចូល ហើយក្នុងហ្នឹងរឿងដែលគួរឱ្យ​ចម្លែក ពីមុន ៣៣% បានមកពីរថយន្ត និងម៉ូតូ។ ៣០% បានមកពីប្រេងឥន្ធនៈ និង ៣០% ទៀតបានមកពីទំនិញចម្រុះ។ ប៉ុន្តែ ឆ្នាំនេះ ​រឿងដែលគួរឱ្យចម្លែក ៥២% បានមកពីការនាំចូលឡាន និងម៉ូតូ ទៅជាអញ្ចេះ។ (មានន័យថា)ប្រជាជនខ្មែរឥឡូវ គាត់សម្បូរលុយ គាត់ទិញឡាន ដល់ទិញឡានត្រូវបង់ពន្ធ។ ខ្ញុំទៅខេត្តព្រះសីហនុ តាមរបាយ​ការណ៍នោះថា មានជាង ៨០០ អាគារនោះ ដែលធ្វើហើយមិនដល់ ៣០០ ទេ តែទាំងធ្វើមិនទាន់ហើយនោះ ចៅហ្វាយខេត្តឱ្យតួលេខ គឺជាង ៨០០ អាគារ ដែលចាប់ពីកម្ពស់ ៥ ជាន់ឡើងទៅ ៥០ ជាន់។ គ្រាន់តែប៉ុណ្ណឹង តម្រូវការអគ្គិសនី ដែលផ្គត់ផ្គង់ឱ្យទៅកំពង់សោម គឺធំណាស់។ ចំណុចចាប់ផ្តើមរបស់យើងវាលំបាកណាស់។ ទទេស្អាតភ្នំពេញនេះ។

ពីដើមឱ្យផ្ទះមិនព្រមទៅនៅ (ព្រោះ)ខ្លាចខ្មោច។ ខ្ញុំដឹកនាំក្រសួងការបរទេសចាប់ពី(មនុស្ស) ៣ នាក់ ហើយប្រមូលគ្នាមកបណ្តុះបណ្តាល ដល់បណ្តុះបណ្តាលរួចហើយចែកផ្ទះមួយម្នាក់ៗ អត់ហ៊ាននៅទេ បីគ្រួសារទៅនៅផ្ទះមួយ។ ឥឡូវ ដីនៅភ្នំពេញតម្លៃលើសមាសទៅទៀត។ យើងធ្លាប់ដឹងទេ មានដំណាក់កាលដើរ រកដី គឺដំណាក់កាលទសវត្សរ៍ ៦០ ដែលដឹកនាំដោយ ព្រះបរមរតនកោដ្ឋ ពេលនោះ ប្រជាពលរដ្ឋទៅរកដី តែ​ដល់សង្គ្រាមឆ្នាំ ១៩៧០-៧៥ រត់ចោលដីទាំងអស់។ ដល់ ប៉ុល ពត ប្រមូលដីយកទៅដាក់(ជាកម្មសិទ្ធិ)រួម ប្រមូលមនុស្សទៅធ្វើ/ស៊ីរួម (រៀប)ការក៏រួមដែរ ខ្ញុំក៏(រៀប)ការរួមដែរ គូទី ១៣។ ដល់យើងរំដោះរួចហើយ ចង់ឱ្យគាត់ទៅរុករានដីថ្មី ត្រូវឱ្យលុយគាត់។ ឥឡូវនេះ មិនបាច់ទេ គ្រលៀសភ្នែកមិនស្រួលកាប់យកខ្ទេច មិនចាំបាច់នរណាឱ្យលុយទេ។ (ឥឡូវ) ទាស់គ្នាពីរឿងដី។ ដណ្តើមគ្នាយកតែម្តង …។

មានសន្តិភាព ទើបអភិវឌ្ឍដីថ្លីបាន ដោយប្រើប្រាស់ដីធ្លីឱ្យទៅជាប្រយោជន៍សេដ្ឋកិច្ច

អញ្ចឹង កត្តានេះមកពីអី? គឺមានតែសន្តិភាពទេ។ មានសន្តិភាព អភិវឌ្ឍន៍ដីធ្លីបាន។ ប្រើប្រាស់ដីធ្លីឱ្យទៅជាប្រយោជន៍សេដ្ឋកិច្ច។ ខ្ញុំលឺផ្ទាល់នឹងត្រចៀករបស់ខ្ញុំ នៅពេលដែល ឯកឧត្តមបណ្ឌិត Mahathir Mohamad នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គាត់បានប្រកាសនៅខាងក្រៅថា បើអឺរ៉ុបឈប់ទិញប្រេងដូងរបស់ម៉ាឡេស៊ីៗ ក៏ឈប់ទិញយន្តហោះរបស់ពួកអឺរ៉ុបដែរ ទៅទិញរបស់រុស្ស៊ី ឬរបស់ប្រទេសផ្សេង។ ប៉ុន្តែ ដល់ពេលចូលប្រជុំ ឯកឧត្តម Mahathir Mohamad គាត់និយាយថា គេនាំគ្នាថាអាដូងប្រេងមិនមែនឈើទេ គាត់ទៅកាប់ឈើដើម្បីដាំដូងប្រេងជំនួសវិញ។ អញ្ចឹង គេចង់បញ្ឈប់ការទិញដូងប្រេងពីម៉ាឡេស៊ី។ អាហ្នឹងខាងអឺរ៉ុប​។ ដូចយើងៗ ក៏កាប់ឈើដែរ (តែ)អាព្រៃរេចរិល ដោយដាំកៅស៊ូជំនួសវិញ។ វាទៅជាគម្របព្រៃឈើ ប៉ុន្តែ ជាឈើដែលឱ្យផល។ នៅម៉ាឡេស៊ី/ឥណ្ឌូនេស៊ីគាត់កាប់ឈើ គាត់ដាំដូងប្រេង ប៉ុន្តែ ខាងអឺរ៉ុបគេថា ធ្វើបែបនេះ គឺអឺរ៉ុបត្រូវដកការទិញ ដើម្បីបញ្ឈប់ការកាប់ឈើ។ ខ្ញុំលឺ ឯកឧត្តម Mahathir Mohamad គាត់និយាយរឿងហ្នឹង។ វាមិនខុសពីយើងគេគម្រាមផ្តាច់ EBA។

មិនយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយនឹងជំនួយ ឬភាពអនុគ្រោះណាទាំងអស់

ទំនាក់ទំនង​រវាងអាស៊ាន និងអឺរ៉ុប បញ្ហាជាមួយកម្ពុជាផង ជាមួយម៉ីយ៉ាន់ម៉ាផង ជាមួយហ្វីលីពីនផង លើទិដ្ឋភាពសិទ្ធិមនុស្ស។ បញ្ហាជាមួយនឹងម៉ាឡេស៊ី និងឥណ្ឌូនេស៊ី លើទិដ្ឋភាពបរិស្ថាន ដែលថាបន្តទិញដូងប្រេងពីម៉ាឡេស៊ី និងនាំទៅដល់ការកាប់ព្រៃឈើ។ ហេតុផលគេនៅត្រង់ហ្នឹង។ អញ្ចឹង ទំនាក់ទំនងដៃគូ រវាងអាស៊ាន និងអឺរ៉ុប កំពុងស្ថិតនៅក្នុងស្ថានភាពមិនសូវជាល្អទេ។ ខាងអឺរ៉ុបចង់ក្លាយទៅជាដៃគូយុទ្ធសាស្ត្រជាមួយនឹងអាស៊ាន ក៏ប៉ុន្តែ ពួកអាស៊ានបានប្រើភាសាថា បន្តការចរចាដើម្បីឈានឆ្ពោះទៅរកដៃគូយុទ្ធសាស្ត្រ។ យើងនៅតែចរចា អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន និងអឺរ៉ុបដែរ។ វាមិនមែនរឿងដោយឡែកតែកម្ពុជានោះទេ រឿងនៅមីយ៉ាន់ម៉ាកាន់តែធ្ងន់ទៅទៀត ដាក់ពាក្យបណ្តឹងប្តឹង លោកជំទាវ Aung San Suu Kyi នៅឯណេះ/ណោះ ទាក់ទិនជាមួយនឹងប្រជាជនរ៉ូហិនយា។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបនៅឆ្នាំក្រោយនេះ ដែលប្រមុខរដ្ឋ/រដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៅអឺរ៉ុបមកកាន់កម្ពុជា។ យើងកំពុងតែសហការក្នុងភាពជាដៃគូ រវាងកម្ពុជាជាមួយនិងអឺរ៉ុប និងដៃគូដទៃ ទៀត ដើម្បីសម្រេចជោគជ័យនៃការប្រជុំ។ ៥២ ប្រទេស ដែលនឹងត្រូវមកប្រជុំនៅកម្ពុជានៅឆ្នាំក្រោយ។ យើងមិនមានធ្វើជាសត្រូវជាមួយអ្នកទេ ក៏ប៉ុន្តែ យើងក៏អត់ត្រូវទុកខ្លួនឯងថាជាអ្នកនៅក្រោមបង្គាប់បញ្ជាអ្នកណាទាំងអស់។ ខ្ញុំបានប្រើពាក្យថា មិនយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយនឹងជំនួយ ឬភាពអនុគ្រោះណាទាំងអស់ ច្បាប់ខ្មែរត្រូវតែមានតម្លៃលើទឹកដីខ្មែរ មិនអាចយកច្បាប់របស់ប្រទេសដទៃមកអនុវត្តនៅក្នុងទឹកដីរបស់ខ្លួនទេ។

អំណោយកំដរដៃជូនអ្នកចូលរួម

ថ្ងៃនេះ បាននាំសម្រាប់ជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ ១.៩៥៨ នាក់ ក្នុងម្នាក់ៗ (ថវិកា) ៥ ម៉ឺនរៀល។ ជូនសាស្ត្រាចារ្យ និងបុគ្គលិក ចំនួន ៤២៨ នាក់ ក្នុងម្នាក់ៗ ថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យា ល័យ ធនធានមនុស្ស ថវិកា ៥ លានរៀល។ ជូនវិទ្យាស្ថាន ជាតិអប់រំ ថវិកា ៥ លានរៀល។ ជាមួយនឹងការអបអរសាទរ ចំពោះវឌ្ឍនភាព  នៃសាកលវិទ្យាល័យ ធនធានមនុស្ស ក៏ដូចជា អបអរសាទរ ចំពោះជ័យលាភី ដែលទទួលវិញ្ញាបនបត្រ និងសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះ ព្រះតេជព្រះគុណគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា ជាពិសេស បងប្អូនកូនក្មួយជានិស្សិត សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...