សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​ពិធីជួប​សំណេះ​សំណាល​​​ប្រតិភូ​​កីឡាករ-ការិនី​កម្ពុជា ចូលរួមប្រកួតកី​ឡា​ស៊ីហ្គេម លើកទី ៣០ នៅហ្វីលីពីន

CNV:

ស្មឹងស្មាធិគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះរៀម បុប្ផាទេវី

ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីជូនដំណើរកីឡាករ/ការិនី គ្រូបង្វឹក និងអ្នកដឹកនាំដទៃទៀត ដើម្បីទៅចូលរួមនៅក្នុងស៊ីហ្គេម លើកទី ៣០ នៅប្រទេសហ្វីលីពីន។ ដោយសារប៉ុន្មានម៉ោងមុននេះ គឺនៅម៉ោង ១២:៣០ នាទី ថ្ងៃត្រង់នេះ យើងបានទទួលព័ត៌មានដ៏ក្រៀមក្រំ គឺសម្តេចព្រះរៀម នរោត្តម បុប្ផាទេវី បានសោយទិវង្គតក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា។ ខ្ញុំសុំអញ្ជើញ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា ធ្វើការក្រោកឈរឡើង ដើម្បីស្មឹងស្មាធិគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។ សុំអរគុណ។

សោកស្តាយ ចំពោះការបាត់បង់មរតកវប្បធម៌មនុស្សរស់

យើងពិតជាមានការសោកស្តាយ ចំពោះការបាត់បង់ធនធានមនុស្ស ដែលចាត់ទុកថា ជាមរតកវប្បធម៌មនុស្សរស់។ ក្នុងនាមទូលបង្គំយើងខ្ញុំទាំងអស់គ្នានៅទីនេះ សូមចូលរួមជាមួយនឹងសម្តេចម៉ែ ដែលកំពុងតែមានការខ្វល់ខ្វាយជាមួយនឹងបុត្រីច្បង ដែលសោយទិវង្គតនៅពេលនេះ។ សុំចូលរួមជាមួយព្រះមហាក្សត្រ ដែលជាព្រះអនុជរបស់សម្តេចព្រះរៀម ដែលបានសោយទិវង្គត។ យើងបានចងចាំនូវអ្វីដែលសម្តេចព្រះរៀមបានបន្សល់ទុកតាំងពីទសវត្សរ៍ទី ៦០ និងក្រោយមកទៀត។ នៅទីណាក៏ដោយ ក៏ព្រះអង្គមិនភ្លេច ជាមួយនឹងការរៀបចំគ្រប់ទម្រង់នៃសិល្បៈបុរាណខ្មែរយើង ក្នុងនោះ របាំព្រះរាជទ្រព្យ គឺស្ថិតជាផ្នែកដ៏សំខាន់នៃការគាំពារដឹកនាំដោយព្រះអង្គ ក្នុងន័យដើម្បីរំលឹកទៅដល់វីរភាព និងការចូលរួមចំណែក ចំពោះការកសាងវប្បធម៌ ក៏ដូចជា គុណសម្បត្តិដ៏ថ្លៃថ្លារបស់ព្រះអង្គ ដើម្បីជាការគោរព ចំពោះព្រះរាជវង្សានុវង្ស ក៏ដូចជា ចូលរួមជាមួយនឹងសម្តេចម៉ែ និងព្រះមហាក្សត្រ ដែលជាព្រះអនុជរបស់សម្តេចព្រះរៀម។

រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី ២០ វិច្ឆិកា ២០១៩ ជាថ្ងៃកាន់ទុក្ខ

រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី ២០ វិច្ឆិកា ២០១៩ នេះជាថ្ងៃកាន់ទុក្ខ។ សុំឱ្យគ្រប់ស្ថាប័នរដ្ឋ និងផ្នែកឯកជន ទម្លាក់ទង់ជាតិចុះពាក់កណ្តាលដង ដើម្បីបង្ហាញពីការចូលរួមការកាន់ទុក្ខ ចំពោះការបាត់បង់ដ៏ធំធេងសម្រាប់ជាតិរបស់យើង។ ទីស្តីការគណៈរដ្ឋមន្រ្តី រួមជាមួយនឹងគណៈកម្មាធិការបុណ្យជាតិ-អន្តរជាតិ ធ្វើការណែនាំបន្ថែមទៅកាន់គ្រប់ស្ថាប័នរបស់ជាតិទាំងអស់ ដើម្បីទម្លាក់ចុះនូវទង់ជាតិពាក់កណ្តាលដង នៅថ្ងៃទី  ២០ ហើយខ្ញុំក៏នឹងដឹកនាំគណៈប្រតិភូរបស់រាជរដ្ឋាភិបាល ទៅគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គនៅម៉ោង ៤ (រសៀល) ថ្ងៃទី ២០ នោះដែរ។ តាមស្ថាប័ននានា ក៏ត្រូវរៀបចំនូវគណៈប្រតិភូ ដើម្បីចូលរួមគោរពនូវវិញ្ញាណក្ខន្ធសម្តេចព្រះរៀម។ នេះគឺជាការបាត់បង់មួយ ដែលមិនគួរកើតមាននៅក្នុងដំណាក់កាលនេះ ព្រោះទើបនឹងព្រះជន្ម ៧៧ ព្រះវស្សាតែប៉ុណ្ណោះ។ យើង(ពិនិត្យ)ឃើញថា ព្រះអង្គក៏កំពុងបំពេញនូវព្រះរាជកិច្ចជាសមាជិកនៃក្រុមប្រឹក្សាធម្មនុញ្ញនៅឡើយ ក៏ប៉ុន្តែសង្ខារមិនទៀតទាត់ ក៏បានធ្វើឱ្យព្រះអង្គឃ្លាតឆ្ងាយពីយើងទាំងអស់គ្នា។

២០២៣ កម្ពុជាធ្វើម្ចាស់ផ្ទះ នៃការប្រកួតស៊ីហ្គេម

ថ្ងៃនេះ ជាថ្មីម្តងទៀត ខ្ញុំបានចូលរួមជូនដំណើរ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ពិសេស កីឡាករ/ការិនី ដែលនឹងត្រូវបានចូលរួមប្រកួតស៊ីហ្គេម លើកទី ៣០ នៅក្នុងប្រទេសហ្វីលីពីន។ ជាទម្លាប់ ២ ឆ្នាំម្តង យើងជួបជុំគ្នានៅទីនេះ ដើម្បីការជូនដំណើរ។ ថ្ងៃនេះ យើងជូនដំណើរសម្រាប់ទៅហ្វីលីពីន។ ឆ្នាំ ២០២១ ជូនដំណើរសម្រាប់ទៅប្រកួតនៅវៀតណាម ប៉ុន្តែ ដល់ឆ្នាំ ២០២៣ មិនមានការជូនដំណើរទេ។ យើងទាំងអស់គ្នាត្រូវចូលរួមដើម្បីទទួលភ្ញៀវវិញ ក្នុងឋានៈយើងជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣។ ឯកឧត្តម ថោង ខុន បានធ្វើរបាយការណ៍ទាក់ទងជាមួយនឹងប្រភេទកីឡា ដែលត្រូវទៅប្រកួត។ ខ្ញុំមិននិយាយអំពីបញ្ហាបច្ចេកទេស ឬក៏ទាក់ទងនឹងបញ្ហាប្រភេទកីឡានីមួយៗនោះទេ។

កីឡាក្លាយជាចលនាជាតិដ៏ធំ

អ្វីដែលខ្ញុំចង់និយាយ គឺសំដៅទៅលើការកត់សម្គាល់ទាក់ទងជាមួយនឹងវឌ្ឍនភាព ក្នុងវិស័យកីឡារបស់យើង ដែលខ្ញុំក៏សុំចូលរួមអបអរសាទរជាមួយនឹងថ្នាក់ដឹកនាំ នៃគ្រប់សហព័ន្ធទាំងអស់ ដែលបានខិតខំក្នុងរយៈពេលកន្លងទៅ ធ្វើឱ្យកីឡាក្នុងសហព័ន្ធនីមួយៗមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ កីឡាបានក្លាយទៅជាចលនារបស់ជាតិដ៏ធំ ដែលយើងអាចសង្កេតឃើញទៅតាមរយៈការប្រកួតម្តងៗ គឺមានការចូលរួមពីសំណាក់ប្រជាជន យុវជន/នារីរបស់យើង ជាពិសេស គឺនៅពេលដែលប្រកួតខ្នាតអន្តរជាតិ។ (ទាក់ទង)ទៅលើបាល់ទាត់ យើងពិនិត្យឃើញថា យុវជនរបស់យើងបានចូលរួមមើលច្រើនកុះករ ខុសពីពេលមុន ដែលតិចតួចណាស់ ស្ទើរតែអ្នកកីឡា និងគ្រូបង្វឹក ច្រើនជាងអ្នកមើលទៀតផង។ ឥឡូវនេះ ទោះ​បីចាញ់ ឬឈ្នះ (ក៏)កីឡាកររបស់យើងនៅតែមានទឹកចិត្ត ដោយសារមានអ្នកគាំទ្រ។ អ្នកមើលនោះហើយជាអ្នកគាំទ្រ។ ចំណុចអស់ទាំងនេះ យើងឃើញថា កីឡាមានការរីកចម្រើនក៏ដោយសារអ្នកគាំទ្រ។ មានអ្នកលើកទឹកចិត្ត ហើយមានគ្រូបង្វឹក និងការតាំងចិត្តរបស់កីឡាករ/ការិនីខ្លួនឯងតែម្តង។ បើយើងនិយាយពីកីឡាប្រដាល់វិញ គឺថាឱ្យតែចាប់ពីថ្ងៃ សុក្រ-សៅរ៍-អាទិត្យ ស្ទើតែគ្រប់ប៉ុស្តិ៍/ស្ថានីយ៍ទូរទស្សន៍មានការប្រកួតកីឡា។

ក្រុមបាល់ទាត់កម្ពុជា ឈរលេខ ២ នៃពូល ក្នុងការប្រកួត World Cup

ថ្ងៃមុនប្រកួតកាត់សេចក្តីពានរង្វាន់ សម្តេចតេជោ។ ទាត់ ៩០ នាទី ហើយស្មើ ១៥ នាទី ២ ដង ហើយនៅស្មើទៀត ទាត់បាល់ពិន័យ ៥ គ្រាប់ម្នាក់​ នៅស្មើទៀត។ អីយ៉ា! ដល់អាគ្រាប់ទី ៦ ទើបបឹងកេតអាចយកឈ្នះលើស្វាយរៀងបាន ១ គ្រាប់ចុងក្រោយ។ ខ្ញុំលឺគ្រូបង្វឹករបស់យើងថាការប្រកួតរវាងកម្ពុជា និងម៉ុងហ្គោលី គឺយកកម្រិតត្រឹមស្មើ។ នេះជាបច្ចេកទេស ដោយសារតែកម្ពុជាបានស្ថិតនៅក្នុងលេខ ២ នៃពូល វានៅក្នុងពូលទៅហើយ។ ដូច្នេះ មិនមានការចាំបាច់ ដើម្បីទៅយកឈ្នះបន្ថែមទៀតទេ ព្រោះនឹងបានចូលទៅវគ្គខាងមុខហើយ។ នេះជាយុទ្ធវិធីរបស់លោកគ្រូ ព្រោះប្រើបច្ចេកទេសក្នុងការទាត់នៅ World Cup។ អញ្ចឹងបានជាមានពេលខ្លះគេទាត់ក្នុងម៉ោងតែមួយ ដើម្បីកុំឱ្យអាខាងនេះវាដឹង ខាងនោះគាត់ដឹងគ្នា បើមិនអញ្ចឹងទេវាទាត់ចាំ ព្រោះដើម្បីទៅជួបជាមួយអាក្រុមណាដែលវាក្រុមខ្សោយ។ នេះជាបច្ចេកទេសសម្រាប់វិស័យបាល់ទាត់។ ឯសម្រាប់យើង បើនិយាយចំពោះខ្ញុំ ត្រង់បច្ចេកទេស មិនបច្ចេកទេសមិនដឹងទេ​ ដឹងតែយកឈ្នះតែម្តង។

កុំឱ្យការចង់ឈ្នះ ក្លាយទៅជាភាពអាម៉ាស់ សំរាប់ជាតិ/ប្រជាជន

ដែលហៅថាកីឡា សម្រាប់យើងវឌ្ឍនភាពមានហើយ ដូចអម្បាញ់មិញ ឯកឧត្តម ថោង ខុន រាយការណ៍មានកីឡាករ/ការិនីរបស់យើង កំពុងបន្តហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីមកចូលរួមប្រកួត។ នេះជារឿងធម្មតាខ្លាំងណាស់។ យើងមានហាត់នៅចិន មានហាត់នៅជប៉ុន មានហាត់នៅថៃ មានហាត់នៅអាមេរិក (មាន)នៅកន្លែងដទៃទៀត វាជារឿងធម្មតា។ ការចែករំលែកបទពិសោធន៍ ការហ្វឹកហាត់ ដែលយើងទៅហាត់ជាមួយគេ ជួនកាលគេមកហាត់ជាមួយយើងទៅលើកីឡាអ្វីមួយ ដែលយើងខ្លាំង វាជារឿងធម្មតា។

អ្វីដែលជាសំណូមពររបស់ខ្ញុំ លើកមុនខ្ញុំបានផ្តែផ្តាំហើយ ថ្ងៃនេះ ខ្ញុំក៏ត្រូវផ្តែផ្តាំដែរ ការឈ្នះចាញ់ គឺជារឿងធម្មតា នៃវិស័យកីឡា។ ព្យាយាមយ៉ាងណាកុំឱ្យការចង់ឈ្នះរបស់យើង ក្លាយទៅជាភាពអាម៉ាស់ សម្រាប់ជាតិ/ប្រជាជនកម្ពុជា។ កុំភ្លេចថា កីឡាករ/ការិនី ២៧៦ នាក់ ដែលជាអ្នកប្រកួតផ្ទាល់ ដោយមិនគិតពីគ្រូបង្វឹក អាជ្ញាកណ្តាលអន្តរជាតិ អ្នកទៅធ្វើកម្មសិក្សា ដើម្បីមកគ្រប់គ្រង ពេលដែលធ្វើស៊ីហ្គេម។ ត្រូវដឹងថាយើងទៅនេះដោយពាក់ឯកសណ្ឋាន (និង)ដោយមានទង់ជាតិ។ នៅពេលដង្ហែរក្បួនកីឡា ក៏យើងកាន់ទង់ជាតិយ៉ាងធំទៅចូលរួមហែរក្បួនក្នុងពេលបើកកីឡា។ ពេលដែលឈ្នះ ក៏មានការគោរពទង់ជាតិ បើសិនជាយើងបានលេខ ១ ​ក៏ដំឡើងទង់ជាតិរបស់យើង ហើយមានអមដោយភ្លេងជាតិរបស់យើងទៀត។ បើសិនបានលេខ ២​ (ឬ)លេខ ៣ ក៏មានទង់ជាតិឡើងទៅលើដែរ គ្រាន់តែមិន(មាន)លេងភ្លេងជាតិតែប៉ុណ្ណោះ។

ហាមទី ១ កុំបំពានក្រឹត្យក្រមកីឡា

អ្វីទៅដែលជាចំណុចត្រូវចៀសវាង? ទី ១. គោរពនូវបទដ្ឋានកីឡា។ កុំបំពានទៅលើក្រឹត្យក្រមកីឡា ដែលត្រូវកាតក្រហម ត្រូវគេបណ្តេញចេញដោយយើងបំពានទៅនឹងបម្រាម។ ឧទាហរណ៍៖ កីឡាប្រដាល់ គេហាមទាត់ប្រដាប់ការពារ។ ឆ្នាំហ្នឹងយើងដាក់កីឡា(ប្រដាល់)ហ្នឹងទៅឬអត់? កន្លងទៅយើងអត់ដាក់បានជា(ទទួលបាន)មេដាយតិច។ ឥឡូវ យើងដាក់ផ្នែកហ្នឹងទៅ ចង់ឬមិនចង់យើងនឹងទទួលបាន(មេដាយ) ព្រោះបើសិនយើងរើសអើងបញ្ហាហ្នឹងច្រើនពេក គឺមិនល្អទេ យើងអាចរកវិធីសម្របសម្រួលយ៉ាងណាមួយ ដែលអាចទទួលយកបាន។

កម្ពុជា ថៃ និងឡាវ មានវប្បធម៌ និងក្បាច់គុណប្រហាក់ប្រហែលគ្នា

យើងថារបស់យើង គេថារបស់គេ ក៏ប៉ុន្តែ វា(មាន)ឥទ្ធិពលទៅវិញទៅមក។ នៅក្នុងប្រទេសជិតខាងរបស់យើង(មានដល់)ទៅ ៣​ ប្រទេសណោះ ​កម្ពុជា ថៃ (និង)ឡាវ វាប្រហាក់ប្រហែលគ្នាក្បាច់គុន ព្រោះក្នុងប្រវត្តិសាស្រ្តយើងវាអញ្ចឹង មិនដឹងថាខាងណាដើម/ចុងទេ។ ដូចជាកន្លងទៅ ថៃចង់ដាក់រាំវង់ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌរូបិយ៍។ បងប្អូនខ្មែរយើងខ្លះធ្វើខម្មិនតាមហ្វេសប៊ុកថា មិនត្រូវទេ​ អាហ្នឹងរបស់ខ្មែរ ប៉ុន្តែយើងគិតមើល រាំវង់ បើនិយាយឱ្យពិត ជំនាន់ខ្ញុំនេះ ទើបនឹងចាប់ផ្តើមរៀនរាំវង់ទេ​។ រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ បីហ្នឹង គឺរបស់ឡាវ មិនមែនរបស់ខ្មែរទេ។ ខ្មែរយករបស់ឡាវមកប្រើ។ ហ្នឹងឥទ្ធិពលរបស់ឡាវពិតប្រាកដ។ ត្រូវទទួលយកការពិត។ ពាក្យសារ៉ាវ៉ាន់ គឺចេញពីឈ្មោះខេត្ត គឺខេត្ត​សារ៉ាវ៉ាន់របស់គេ រួចឡាំលាវ គឺឡាំលាវនោះទៀត។ ភាសាលាវឱ្យច្បាស់ ហើយយើងចេះតែថារបស់ខ្លួនឯង។ យើងត្រូវសិក្សាផង អាណាជារបស់យើង​ អាណាជារបស់គេ។ រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ ហ្នឹងយើងមកពីហ្នឹង យើងត្រូវរៀនទទួលយកការពិត។

ប្រពៃណី និងវប្បធម៌ ហូរទៅ/មកជាមួយប្រទេសជិតខាង

ភ្លេងពិពាណទ្យជារបស់ខ្មែរ​ តែក្រោយមក គឺប្រជាជនខ្មែរយើងមួយចំនួនផ្អើលថាជាភ្លេងសៀម គឺមកពីសៀមត្រឡប់មកវិញ។ អញ្ចឹង វាហូរទៅ/មក។ គ្រាន់តែរឿងព្រេង រឿងកាកី បើយោងតាមការស្រាវជ្រាវ គឺព្រះរាជនិពន្ធដោយ ព្រះបាទ អង្គឌួង ប៉ុន្តែ ថៃគេថារបស់ថៃ កម្ពុជាថារបស់កម្ពុជា។ ប៉ុន្តែ បើយើងពិនិត្យ ព្រះបាទ អង្គឌួង និពន្ធមែន ប៉ុន្តែ និពន្ធក្រោមដំណាក់កាល ដែលព្រះអង្គរៀនសូត្រ និងក្រោមការគ្រប់គ្រងរបស់សៀម ព្រោះទល់ដែន រវាងខ្មែរ-ថៃ នៅត្រឹមខេត្តពោធិ៍សាត់របស់យើង (នៅ)ស្វាយដូនកែវទេតើ? ព្រះបាទ អង្គឌួង មុនពេលដែលព្រះអង្គលើកទ័ពមកវាយនៅភ្នំពេញនេះ ត្រូវ អង្គឯម ជាប្អូននោះ ចង់ធ្វើគតទៅទៀត ក៏ភៀសព្រះកាយទៅ។ ក្រោយមក អង្គឯម គឺទៅផ្សេងទៅ។ បានមកវាយឈ្នះនៅទីនេះ រួចហើយមិននៅចតុមុខទេ ទៅរុះរើទៅធ្វើព្រះរាជវាំងនៅឯវាំងចាស់។

រាល់ពេលភ្ជុំតែងទៅធ្វើបុណ្យនៅវាំងចាស់

រាល់ពេលភ្ជុំខ្ញុំទៅហើយ វាំងរបស់យើងកាលពីសម័យ ព្រះបាទ អង្គឌួង ចាប់ផ្តើមដំបូង ហើយដែលដូចបង្កើតទឹកដីឡើងវិញអញ្ចឹង។ ទឹកដីយើងដូចជាអស់ហើយ ម្ខាងត្រួតត្រាទៅដោយថៃ​ ដែលហៅសៀមពេលនោះ។ ម្ខាងត្រួតត្រាដោយវៀតណាម។ វាអស់រលីងទៅហើយ។ អញ្ចឹង បានជានៅក្នុងរដ្ឋធម្មនុញ្ញ គឺនិយាយត្រឹមតែ ព្រះបាទ អង្គឌួង និងបច្ឆាញាតិ ​ព្រះបាទ អង្គឌួង។ ព្រះបាទ នរោត្តម។ ព្រះបាទ ស៊ីសុវត្ថិ និងបច្ឆាញាតិរបស់ ព្រះបាទ អង្គឌួង។ ប្រវត្តិរបស់យើងវាអញ្ចេះ។​ យើងចោទសួរថា ចុះមហាក្សត្រមុនៗទៅណាបានមិនរៀបរាប់? ដូចអត់ឃើញរៀបរាប់ក្នុងរដ្ឋធម្មនុញ្ញផង។ អញ្ចឹង ព្រះបាទ អង្គឌួង ចាប់ផ្តើមពី ១៨៤០​ ប្លាយមក។ អញ្ចឹង មុនហ្នឹងវាយ៉ាងម៉េច?​ អញ្ចឹង បានជាខ្ញុំចេះតែឧស្សាហ៍និយាយ។

កម្ពុជាមានជម្លោះបែកបាក់ និងបែងចែកតំបន់ត្រួតត្រាខុសៗ គ្នា តាំងពីឆ្នាំ ១៤៧០ ប្លាយ

ជម្លោះបែកបាក់តាំងពី ១៤៧០ ប្លាយ។ ខ្ញុំនិយាយដំណាក់កាលដែល នរាយរាជា ឡើងគ្រងរាជ្យមិនទាន់មានបញ្ហាទេ។ ដល់ នរាយរាជា សោយទិវង្គត​ ព្រះស្រីរាជា ដែលជាអនុជឡើងគ្រងរាជ្យធ្វើឱ្យមានបញ្ហា។ ព្រះសុរិយោទ័យ ដែលជាព្រះរាជបុត្រ​របស់ នរាយរាជា ទៅកកើតទ័ពនៅទួលបាសាន។ ព្រះស្រីរាជា និងព្រះធម្មរាជា​ នៅចតុមុខ។ ប៉ុន្តែ សម័យថ្ងៃមួយមានវិបត្តិរាជបល្ល័ង្កនៅសៀម ព្រះស្រីរាជា លើកកងទ័ពចេញទៅ ដើម្បីទៅវាយ​ដណ្តើមទឹកដីមកវិញមួយចំនួន។ ដល់ត្រឡប់មកវិញ ធម្មរាជា ដែលជាព្រះអនុជអត់ឱ្យចូលរាជធានី។​ អញ្ចឹង ប្រទេសខ្មែរបែងចែកជាបីតំបន់ត្រួតត្រាខុសៗគ្នា។​ តំបន់ភ្នំពេញនេះ សំរោងទង បាទី​ តំបន់ខាងនេះ គឺជាតំបន់គ្រប់គ្រងដោយ​ព្រះស្រីរាជា។ ទិសខាងកើត ត្រូវគ្រប់គ្រងដោយ សុរិ​យោទ័យ និងទិសពាយ័ព្យ ចាប់ពីកំពង់ឆ្នាំទៅ គ្រប់គ្រងដោយ ​ព្រះស្រីរាជា។ បែកបាក់គ្នា អត់ដឹងឯណាឯណីទេ។ ច្របូក​ច្របល់។

អៀង សារី ជាកូនជញ្ជីងតថ្លៃជាមួយនឹងអន្លង់វែង និងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដទៃទៀត

បានប្រវត្តិ ៥០០ ឆ្នាំប្លាយ នៃការបែកបាក់ ដែលប្រទេសកម្ពុជាមួយ(មាន)តំបន់ត្រួតត្រាច្រើន មិនមែនរឿងលេងទេ។ យើងមិនមែនលើកកម្ពស់ខ្លួនយើង នៅក្នុងការដឹកនាំ​ដោយ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គជាព្រះមហាក្សត្រ ដែលមានតួនាទីជាព្រះប្រមុខរដ្ឋ ហើយអនុញ្ញាតផ្តល់ឱកាសឱ្យនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ធ្វើនូវកិច្ចការទាក់ទងនឹងនយោបាយឈ្នះឈ្នះ។ ពេលនោះ បើសិនជាព្រះបរមរតនកោដ្ឋ ព្រះអង្គមិនព្រមឡាយព្រះហត្ថលេខាទៅលើការលើកលែងទោសឱ្យ អៀង​ សារី តើយើងអាចទាញ អៀង​ សារី មក ដើម្បីធ្វើជាកូនជញ្ជីងតថ្លៃជាមួយនឹងអន្លង់វែង ដែលនៅសល់ ប៉ុល ពត, សល់ នួន ជា, សល់ ខៀវ សំផន, សល់ តាម៉ុក, សល់ សុន សេន បានទេ? បើគ្រាន់តែមានកម្លាំងផ្តាច់ខ្លួនដោយ អ៊ី ឈាន និង សុខ ភាព ហើយយើងតែងតាំងមួយចំនួនជាឧត្តមសេនីយ៍ ជាស្អីៗ (បើ)ព្រះមហាក្សត្រមិនតែងតាំង តើបាននរណា?

ការអនុវត្តនយោបាយ​ឈ្នះឈ្នះ មានប្រភពច្រើនគាំទ្រច្រើន/ទ័ពព្រៃមិនមែនងាយកម្ចាត់

ការអនុវត្តនយោបាយ​ឈ្នះឈ្នះ មានប្រភពច្រើនណាស់ ដែលមានការគាំទ្រ ក្នុងហ្នឹងមានព្រះមហាក្សត្រ ដែលដឹកនាំ។ រឿងទ័ពព្រៃមិនមែនរឿងងាយរំលាយទេ។ ឥឡូវ នៅប្រទេសខ្លះទ័ពព្រៃនៅសេសសល់។ នៅថៃ វាយនៅថៃហើយ រត់ទៅម៉ាឡេស៊ី ហើយ Mahathir Mohamad គាត់ប្រាប់ខ្ញុំថា ពួកហ្នឹងកាន់ Passport ពីរ។ ថៃឱ្យម៉ាឡេស៊ីចាប់ ម៉ាឡេស៊ីអត់ព្រមចាប់ ព្រោះអាហ្នឹងកាន់ Passport ម៉ាឡេស៊ីដែរ។ អញ្ចឹង រឿងហ្នឹងវាមិនមែនលេងទេ។ នៅហ្វីលីពីនមិនទាន់ចប់ទេ។ នៅឥណ្ឌូនេស៊ី Joko Widodo ប្រធានា​ធិបតីឥណ្ឌូនេស៊ី គាត់ប្រាប់ខ្ញុំថានៅ Papua ក៏មានបញ្ហា។ ថាពិបាករកទៀត។ កប៉ាល់ហោះមើលពីលើ។ ខ្ញុំនិយាយប្រាប់គាត់ថា កប៉ាល់ហោះគ្មានមើលអីឃើញទេ។ ពីដើមកប៉ាល់ហោះអាមេរិកហោះទាបៗ យើងក្រាបពួននៅខាងក្រោមហ្នឹងរួចខ្លួន។ តែមិនស្រួលធ្លាក់ដោយសារកាំភ្លើងដៃ (ព្រោះ)តែហោះទាបពេកធ្លាក់ ហោះខ្ពស់មើលមិនឃើញ។ ទ័ពព្រៃមិនមែនងាយ(កម្ចាត់)ទេ​។

រដ្ឋធម្មនុញ្ញខ្មែរចែងថា បច្ឆាញាតិរបស់ ព្រះបាទ អង្គឌួង ព្រះនរោត្តម ស៊ីសុវត្ថិ មានសិទ្ធិឡើងគ្រងរាជ្យ

ខ្ញុំនិយាយពីប្រវត្តិរបស់យើង រដ្ឋធម្មនុញ្ញខ្មែរនិយាយត្រឹមតែអ្នកដែលមានសិទ្ធិឡើងគ្រងរាជ្យ គឺជាព្រះញាតិវង្សរបស់ ព្រះបាទ អង្គឌួង, ព្រះនរោត្តម, ស៊ីសុវត្ថិ។ អញ្ចឹង គិតទៅ ត្រឹមតែឆ្នាំ ១៨៤០ ជាង មកដល់ ១៩៦០ ព្រះបាទ អង្គឌួង ចូលទិវង្គត បានព្រះបាទ នរោត្តម ឡើងគ្រងរាជ្យបន្ត។ អញ្ចឹង សួរថា ក្សត្រមុនៗយ៉ាងម៉េច អត់មានដាក់ក្នុងបញ្ជីសោះ?

សង្ឃឹមកីឡាវាយបុក នឹងទទួលបានមេដាយមាស/ប្រាក់/សំរឹទ្ធ

អញ្ចឹងទេ បានជាកីឡាកន្លងទៅនេះ យើងក៏រាងតឹងរ៉ឹងបន្តិចដែរ ​ដល់គេដាក់ថា Muay Thai យើងអត់បញ្ជូនកីឡា(ប្រដាល់)ទៅប្រកួត។ លើកនេះ ខ្ញុំសង្ឃឹមច្រើនទៅលើពួកវាយបុក ដើម្បីនឹងទៅយកមេដាយមាស/ប្រាក់ និងសំរឹទ្ធ ព្រោះប្រភេទកីឡាហ្នឹង គឺជាប្រភេទកីឡា ដែលយើងអាចទទួលបាននូវជោគជ័យ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ខ្ញុំសុំនិយាយ កុំបំពានលើវិធាន នៃការប្រកួត។ ចំណុចហ្នឹង គឺជាចំណុចត្រូវចងចាំ។ កុំឱ្យមានភាសាណានិយាយថា ពួកខ្មែរនេះប្រកួតអាក្រក់ណាស់។ ទាត់បាល់ កុំទៅទាត់ជើងគេ ទាត់តែបាល់បានហើយ។ អញ្ចឹង ចំណុចបច្ចេកទេសនេះ ជាចំណុចដែលខ្ញុំចង់ផ្ដាំផ្ញើ។

ទី ២ កុំប្រើសារធាតុ ដែលគេហាមឃាត់

ឯចំណុចទី ២ ដែលចង់ផ្ដាំផ្ញើ តើអ្វី? គឺកុំប្រើនូវសារធាតុណា ដែលគេហាមឃាត់។ ប្រយ័ត្នតែគេធ្វើតេស្តទឹកនោមឃើញយើងប្រើអាសារធាតុលើកកម្លាំង ដើម្បីនឹងឱ្យមានកម្លាំង សម្រាប់ការប្រកួត គឺជារឿងខុស។ ខូចមុខមាត់ប្រទេស មិនមែនខុសតែម្នាក់ឯងឯណា។ កន្លងទៅ ក្នុងការប្រកួតព្រឹត្តិការណ៍ធំៗមួយចំនួន ច្រើនតែគេរករឿងទៅលើគុយបា ព្រោះកីឡាគុយបាគាត់ពូកែ ហើយប្រទេសមួយចំនួនធ្វើបាប គុយបា ថាកីឡានេះបំពានអញ្ចេះអញ្ចុះ តែដល់ពេលគេតវ៉ាទៅ អត់មាន។ ហ្នឹងយើងក៏ត្រូវមើលដែរ មិនមែនគេចោទប្រកាន់យើងហើយៗ យើងទទួលយកដោយខ្វះការស្រាវជ្រាវឱ្យបានពិតប្រាកដនោះទេ។ វានឹងខូចឈ្មោះយើងផង ខូចជាតិផង ខូចកីឡាករ/ការិនីយើងផង។

ទោះចាញ់ ឬឈ្នះ ត្រូវមានប្រាស្រ័យទាក់ទងល្អ

តម្លៃរបស់ជាតិរបស់យើងត្រូវតែការពារ តាមរយៈសកម្មភាពកីឡា ហើយធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងកីឡាករ នៃប្រទសដទៃឱ្យបានល្អ។ ចាញ់ក៏ដោយ។ ឈ្នះក៏ដោយ។ ប្រហែលជាមួយឆ្នាំចុងក្រោយ ក្រោយ ពេលដែលខ្ញុំស្រែកម្តង ខ្ញុំមានការរីករាយ ដោយឃើញកីឡារបស់យើងចាញ់ក៏ដោយឈ្នះក៏ដោយ គឺទទួលយកលទ្ធផលដោយគ្មានការតវ៉ា និង(មិន)ធ្វើចរិតក្រអឺតក្រទម។ មិនដឹងថា កីឡាឈ្មោះ អាពូលូ វាយប្រដាល់ទៅឬអត់? អានោះវាយចាញ់គេ តែបានលុយ ៣ ០០០ (ដុល្លារអាមេរិក)។ ប្រកួតនៅទូរទស្សន៍បាយ័ន។ លើកទី ១ វាប្រកួត ហើយវាយទៅប្រហាក់ប្រហែលគ្នា ស្រាប់តែដល់ពេលអាជ្ញាកណ្តាលឱ្យថៃឈ្នះ។ តាមមើលទៅ បើសិនជាប្រកួតជាមិត្តភាពគឺអាចថាគេឱ្យស្មើ។ ប៉ុន្តែ នេះគឺប្រកួតយកពិន្ទុ។ អញ្ចឹង ពូលូ ចាញ់។ ប៉ុន្តែ នៅពេលដែលអាជ្ញាកណ្ដាលលើក​ឱ្យខាងថៃឈ្នះ ពូលូ បានទៅអបអរសាទរ ខ្ញុំឃើញចរិតបែបនេះ ខ្ញុំបានទាក់ទងទៅបាយ័នភ្លាម ឱ្យមកយកលុយ ៣ ០០០ ដុល្លារ(អាមេរិក)។

ការប្រកួតរវាង Pacquiao និង Floyd អាជ្ញាកណ្តាលកាត់សេចក្តីលំអៀង

កាលពីមុននេះ កីឡាកររបស់យើងមួយចំនួន នៅពេលដែលគេឱ្យពិន្ទុខាងនេះ/នោះឈ្នះ គេទៅចាប់ដៃជាមួយយើងៗអត់ចាប់ដៃជាមួយគេទេ ហើយបែរជាធ្វើក្រអឺត​ក្រទម ហើយដើរចេញទៅតែម្ដង។ កាយវិការហ្នឹងមិនល្អទេ។ ទោះបី Pacquiao វាយ Floyd (ឱ្យ)រត់ពេញរិញ ការពិតអាជ្ញាកណ្ដាលនោះ គឺថា អស់ទាស់តែម្ដង Pacquiao វាយ Floyd ​រត់ពេញរិញ ទីចុងបំផុត Floyd នៅតែឈ្នះទៀត។ ចម្រូងចម្រាសដល់ថ្ងៃនេះ។ Pacquiao មកចូលរួមប្រជុំជាមួយ Rodrigo Duterte ខ្ញុំប្រាប់ Pacquiao ខ្ញុំថា ថ្ងៃនោះ Pacquiao ឯងឈ្នះ ប៉ុន្តែការសម្រេច គឺសម្រេចហើយ យើងមិនអាចកែប្រែពិន្ទុនោះបានទេ។ ពេលណាមួយនោះឈ្មោះ លូណុក វាយនៅញូវយ៉ក ក៏មានបញ្ហាដែរក្នុងការកាត់សេចក្ដី ប៉ុន្តែពេលនឹងមិនអាចកែប្រែការកាត់សេចក្ដីឱ្យឈ្នះទៅចាញ់ ឱ្យចាញ់ទៅឈ្នះបានទេ។ យើងត្រូវទទួលយកការកាត់សេចក្ដីនោះ។

មើលកម្មវិធីហត់ជំនួស

បន្តិចទៀតខ្ញុំនឹងទទួលអតីតអនុប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី។ ថ្ងៃស្អែកពេញមួយថ្ងៃ។ ព្រឹកត្រូវបើកការប្រជុំអាស៊ី-ប៉ាស៊ីហ្វិក។ ល្ងាចត្រូវទទួលភ្ញៀវ អនុប្រធានាធិបតីមីយ៉ាន់ម៉ា (និង)អតីតប្រធានសភារបស់ហ្វីលីពីន។ បន្ទាប់ទៅជប់លៀងឱ្យភ្ញៀវ។ ដល់ព្រឹកថ្ងៃទី ២០ ត្រូវទទួលដូចជាអនុប្រធានាធិបតីពីរ។ បួនគណៈប្រតិភូមួយព្រឹក។ ល្ងាចបានឆ្លៀតបានម៉ោង ៤ ទៅគោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះរៀម។ បានខ្ញុំប្រាប់និស្សិតព្រឹកមិញថា មើលតែកម្មវិធីខ្ញុំទៅហត់ជំនួស។ មិនទាន់គិតឯកសារនៅលើតុ ដែលយើងស៊ីញេឱ្យគេទេ។ ប៉ុន្តែ បើយើងទារថែមលុយថាធ្វើការលើសម៉ោង តើអ្នកណាអ្នកឱ្យយើង បើយើងធ្វើខ្លួនឯង? យើងអ្នកកំណត់ខ្លួនឯង? ប៉ុន្តែនឹងគេហាមរអ៊ូ ព្រោះកន្លែងនឹងវារវល់អញ្ចឹង។

បើនិយាយពីធ្វើទាហានវិញ ស័ក្តិមួយសប្បាយជាងគេ ត្រឹមស័ក្តិពីរនៅសប្បាយៗខ្លាំងតែម្ដង បានសេចក្ដីថា កាន់កងអនុសេនាតូច/ធំ គឺសប្បាយ។ ព្រោះនៅមូលដ្ឋានខាងក្រោមសប្បាយអស់ទាស់។ ដល់ពេលឡើងស័ក្តិបី ឬស័ក្តិបួន កាន់កងវរសេនាតូច ឈប់សប្បាយ ត្រូវតាំងខ្លួនដូចអាចារ្យ កាន់កងអនុសេនាតូច/ធំ គឺសប្បាយ។ ហ្នឹងធ្វើមេទាហាន។ បើប្រៀប(ធៀប)តាមស្ថាប័នរដ្ឋ ធ្វើប្រធានការិល័យ អនុប្រធាននាយកដ្ឋាន ប្រធាននាយកដ្ឋានសប្បាយ ប៉ុន្តែឡើងហួសពីនឹងត្រូវធ្វើចាស់ទុំហើយ …។

អំណោយកំដរដៃជូនអ្នកចូលរួម

ថ្ងៃនេះ មានកីឡាករ/ការិនី ចំនួន ២៧៦ នាក់។ គ្រូបង្វឹក ចំនួន ៦៧ នាក់។ អាជ្ញាកណ្ដាលអន្តរជាតិ (ចំនួន) ៦ នាក់។ មន្ត្រីកីឡាចំនាញចុះកម្មសិក្សាដកស្រង់បទពិសោធន៍ ការដឹកនាំគ្រប់គ្រងស៊ីហ្គេម ចំនួន ៥៧ នាក់។ ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលហិរញ្ញវត្ថុ ពេទ្យកីឡា ចំនួន ៤១ នាក់ សរុបទាំងអស់ ៤៤៧ នាក់ សូមជូនម្នាក់ ៥០០ ដុល្លារ(អាមេរិក) ស្មើគ្នាទាំងអស់។ ដាក់ហោប៉ៅទៅចាយ មិនអស់យកមកវិញ ព្រោះទៅស៊ីចុក គឺមានការទទួលខុសត្រូវរបស់គេ។

គ្រប់ស្ថាប័ន/ខេត្ត នៅថ្ងៃទី ២០ វិច្ឆិកា ត្រូវទម្លាក់ទង់ជាតិចុះពាក់កណ្តាល ដើម្បីកាន់ទុក្ខ 

ជាថ្មីម្ដងទៀត ខ្ញុំសូមយកឱកាសនេះ រំលឹកទៅដល់គ្រប់ស្ថាប័ន/បណ្ដាខេត្តទាំងអស់ អាជ្ញាធរថ្នាក់ក្រោមជាតិនៅគ្រប់ទីកន្លែងទាំងអស់ នៅថ្ងៃទី ២០ វិច្ឆិកា ២០១៩ ខានស្អែកនេះ នៅទូទាំងប្រទេសត្រូវទម្លាក់ដងទង់ជាតិចុះ ដើម្បីកាន់ទុក្ខ ចំពោះការសោយទិវង្គតរបស់ សម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី នេះគឺជាការគោរពរបស់យើង ចំពោះម្ខាង គឺជាព្រះរាជវង្សានុវង្ស ជាព្រះរាជបុត្រ​របស់អតីតព្រះមសហាក្សត្រ។ ការចូលរួមចំណែករំលែកទុក្ខ ចំពោះសម្ដេចម៉ែ ដែលជាព្រះបិតា និងព្រះមហាក្សត្រ ដែលជាព្រះអនុជ និងជាព្រះរៀម និងព្រះរាជវង្សានុវង្ស។ ឯម្ខាងទៀតក៏ដោយសារ ដើម្បីរំលឹកទៅដល់ស្នាព្រះហសត្ថរបស់ សម្ដេចព្រះរៀម តាំងពីទសវត្សរ៍ ៦០ ដែលព្រះអង្គបានពុះពារឆ្លងកាត់ ដើម្បីពង្រឹងរៀបចំបញ្ហាសិល្បះបុរាណខ្មែររបស់យើងនេះ ដែលចាត់ទុកថា ជាមរតកមនុស្សរស់។ យើងសូមរួមសោកស្ដាយ ចំពោះការបាត់បង់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនរបស់យើង។ សង្ឃឹមថា ឯកឧត្តម ប៊ិន ឈិន និងរៀបចំជាមួយគណៈកម្មាការបុណ្យជាតិ/អន្តរជាតិ ជាពិសេសការណែនាំរបស់រាជរដ្ឋាភិបាល កាន់ទុក្ខជាផ្លូវការ​រយៈពេលមួយថ្ងៃ។

អរគុណសម្រាប់ការចូលរួម ហើយខ្ញុំសូមជូនដំណើរចំពោះ ឯកឧត្តម លោកជំទាវ ជាពិសេស កីឡាករ/ការិនីរបស់យើងនៅត្រឹមនេះ ហើយវាលទ្ធភាពដែលអាចធ្វើទៅរួច។ តាមទម្លាប់ ពេលត្រឡប់វិញខ្ញុំត្រូវជួបទៀត ដើម្បីជូនរង្វាន់។ នេះជាការលើកទឹកចិត្តនៅពេលវិលត្រឡប់។ មិនដឹងថាបានបានមេដាយប៉ុន្មាន? រង់ចាំមើលការប្រកួត។ សង្ឃឹមថា បានច្រើន។ ពាក្យថា ច្រើនមិនដឹងប៉ុន្មានទេ។ បារាំង អង់គ្លេស ឱ្យតែច្រើនគេដាក់ S ពីមុខហើយ។ ជូនពរ ឯកឧត្តម លោកជំទាវ លោក/ស្រី ពិសេស ក្មួយៗកីឡាករ/ការិនីទាំងអស់ សូមជួបតែសេចក្ដីសុខ/ចម្រើន (និង)នាំមកនូវជោគ(ជ័យ) សម្រាប់ប្រទេសជាតិ និង(សូមជួបតែ)ពុទ្ធពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...