ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ — ថ្នាក់ដឹកនាំអាស៊ាន នឹងពិនិត្យសម្រេចទៅលើឯកសារសរុបចំនួន៤៤ ដែលត្រូវពិនិត្យសម្រេចក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងនោះ មានឯកសារចំនួន១៥ ដែលត្រូវអនុម័តជាឯកច្ឆន្ទ ឯកសារចំនួន ១៣ ត្រូវសម្រេចឱ្យចេញផ្សាយ និងឯកសារចំនួន១១ ដែលមេដឹកនាំអាស៊ានត្រូវធ្វើការកត់សម្គាល់។ នេះបើយោងតាមការឱ្យដឹង របស់ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមជើងយន្តហោះពិសេស ដើម្បីទៅចូលរួមចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមប្រធានបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» ដែលប្រព្រឹត្តទៅនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាការឆ្លើយតបតាមការអញ្ជើញរបស់ ឯកឧត្ដម ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។
អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឥស្សរជនជាន់ខ្ពស់ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។ ដោយឡែកឯកអគ្គរាជទូតថៃប្រចាំកម្ពុជាក៏ មានវត្តមានក្នុងឱកាសនោះផងដែរ។
ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្ដរជាតិភ្នំពេញថា គណៈប្រតិភូអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ទីក្រុងបាងកក រួមមាន ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ ក្នុងឱកាសស្នាក់នៅប្រទេសថៃ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមួយចំនួន ដែលក្នុងនោះរួមមាន កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦ កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១០ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២ និងកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី៣។
ស្របពេល កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ និងកម្មវិធីមួយចំនួនផ្សេងទៀត ដូចជា ជំនួបរវាងប្រមុខរដ្ឋរដ្ឋាភិបាលអាស៊ានបូកបី និងក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ីបូព៌ា អាហារថ្ងៃត្រង់ពិសេសស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១១ (អាហារការងារពេលល្ងាច)។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏នឹងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន និងនាយករដ្ឋមន្ត្រីរុស្ស៊ី ហើយគ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងឥស្សរជនមកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនាអាស៊ានផងដែរ។ សម្តេចតេជោ នឹងអញ្ជើញចូលរួមកម្មវិធីអាហារការងារពេលព្រឹកជាមួយឯកឧត្តម ង្វៀន សួនហ៊ុក នាយករដ្ឋមន្រ្តី វៀតណាម និងឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ។
ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានបន្ដទៀតថា ចំពោះឯកសារដែលត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នោះ រួមមានឯកសារពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ សេចក្ដីថ្លែងការណ៍ និងសេចក្ដីប្រកាស ដែលទាក់ទងនឹងការការពារកុមារ ដែលត្រូវកេងប្រវ័ញ្ច និងរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណែត សិទ្ធិកុមារក្នុងបរិបទធ្វើចំណាកស្រុក និងជំរុញសិទ្ធិរបស់កុមារ ការជំរុញភាពជាដៃគូក្នុងវិស័យអប់រំសម្រាប់ជំរុញកាអភិឌ្ឍដោយចីរភាពឆ្នាំ២០៣០។ បញ្ហាសន្តិសុខខាងផ្នែកវ៉ាក់សាំង សេចក្ដីថ្លែងការណ៍ស្ដីពីការពង្រឹងប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន សេចក្ដីថ្លែងការណ៍កិច្ចសហប្រតិបត្តិការអាស៊ាន និងចិន លើគំនិតផ្ដួចផ្ដើមស្ដីពីការកសាងទីក្រុងឆ្លាត សេចក្ដីថ្លែងការណ៍អាស៊ាន និងចិន ស្ដីពីការរួមបញ្ចូលផែនការមេលើគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។ សេចក្ដីថ្លែងការណ៍របស់អាស៊ានបូកបី ស្ដីពីគំនិតផ្ដួចផ្ដើមនៃការតភ្ជាប់ សេចក្ដីថ្លែងការណ៍របស់អាស៊ាននិងសហរដ្ឋអាមេរិក ស្ដីពីសន្តិសុខថាមពល សេចក្ដីថ្លែងការណ៍របស់កិច្ចប្រជុំកំពូលអាសីបូព៌ា ស្ដីពីការរីករាលដាលនៃគ្រឿងញៀនខុសច្បាប់ សេចក្ដីថ្លែងការណ៍របស់មេដឹកនាំអាសីបូព៌ា ស្ដីពីការកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សេចក្ដីថ្លែងការណ៍របស់មេដឹកនាំអាស៊ីបូព៌ា ស្ដីពីការអិវឌ្ឍប្រកបដោយចីរភាព សេចក្ដីថ្លែងការណ៍រវាងអាសាន និងជប៉ុន ស្ដីពីការតភ្ជាប់ ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់។ ចំពោះបញ្ហាប្រឈមដែលមេដឹកនាំអាស៊ាន នឹងលើយកមកពិភាក្សា រួមមាន បញ្ហាឧបទ្វីបកូរ៉េ បញ្ហាជនភៀសខ្លួនរ៉ូហ៊ីនយ៉ា គំនិតផ្ដួចផ្ដើមនៃឥណ្ឌូ-ប៉ាស៊ីហ្វិក ការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាសមុទ្រចិនខាត្បូង និងបញ្ហាការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រ។ល។
គួរបញ្ជាក់ដែរថា គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍ មកកាន់កម្ពុជាវិញនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩៕