សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ថ្ងៃនេះគណៈរដ្ឋមន្ត្រីរបស់យើងបើកការប្រជុំពេញអង្គ ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈដូចខាងក្រោមនេះ
១. សេចក្ដីព្រៀងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០
២. សេចក្ដីព្រៀងច្បាប់ស្ដីពីការទូទាត់ថវិការទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨
៣. បញ្ហាផ្សេងៗ មាន សេចក្ដីប្រកាសរបស់នាយករដ្ឋមន្ត្រី ស្ដីពីការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រ ស្ដីពីការគ្រប់គ្រងប្រព័ន្ធការវិនិយោគសាធារណៈ ២០១៩-២០២៥ និងយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣
យោងទៅលើប្រក្រតិទិនការងារទាក់ទងជាមួយច្បាប់ថវិកា យើងដើរទាន់សភាពការណ៍ ដោយសារតែប្រក្រតិទិននោះតម្រូវឱ្យត្រីមាសទី ១ នៃខែ វិច្ឆិកា ត្រូវទៅដល់រដ្ឋសភា ការពិតទៅគឺច្បាប់ថវិកាជាទូទៅយើងបានធ្វើតាំងពីចូលឆ្នាំក្រោយតែប៉ុន្មានខែតែប៉ុណ្ណោះ (ដោយបាន)ចាប់ផ្ដើមចេញសារាចរណែនាំពាក់ព័ន្ធនឹងបញ្ហាច្បាប់ថវិកានេះរួចទៅហើយ។
ថ្ងៃនេះ (ខ្ញុំ)មានការចាំបាច់ ដើម្បីមានការថ្លែងជូនទៅកាន់គណៈរដ្ឋមន្ត្រី បណ្ដាខេត្ត កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ហើយអនុញ្ញាតឱ្យសារព័ត៌មាននៅទីនេះ (ដើម្បី)នឹងធ្វើការផ្សាយបន្តផ្ទាល់ផងដែរ។ មុននឹងគណៈរដ្ឋមន្ត្រីរបស់យើងចាប់ផ្ដើមធ្វើការពិភាក្សារបៀបវារៈ ស្ដីពីសេចក្ដីព្រៀងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ខ្ញុំសូមយកឱកាសនេះធ្វើសេចក្ដីប្រកាសជូនអង្គគណៈរដ្ឋមន្ត្រី និងធ្វើសេចក្ដីប្រកាសជូនជនរួមជាតិ ជ្រាបអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន ក្នុងនោះក៏សូមបញ្ជាក់យ៉ាងមុតមាំថា មាន ២ ចំណុច ដែលគណបក្សប្រជាជនមិនធ្វើការកែប្រែ។
១. ការមិនយកពន្ធលើដីធ្លី។ ដរាបណាគណបក្សប្រជាជននៅតែបន្តគ្រប់គ្រងរដ្ឋាភិបាល គណបក្សនៅតែបន្តមិនយកពន្ធ ដីស្រែ ចំការ កសិកម្មរបស់ប្រជាពលរដ្ឋ។
២. ការមិនយកពន្ធលើប្រាក់បៀវត្សអប្បបរមា។
ឥឡូនេះយើងដល់ពេលដែលត្រូវកែសម្រួលពិដាន ប្រាក់បៀវត្សដែលត្រូវជាប់ពន្ធ ក្នុងនោះចាប់តាំងពីនីតិកាលទី ៥ នៃរដ្ឋសភាមក ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ និងយោធិន ក៏ដូចជាកម្មករ និយោជិក រាជរដ្ឋាភិបាលបានខិតខំផ្ដោតការយកចិត្តទុកដាក់ជាប្រចាំ ក្នុងការដំឡើងប្រាក់បៀវត្សរ៍អប្បរមា និងប្រាក់ឈ្នួលអប្បបរមា ស្របជាមួយគ្នានេះរាជរដ្ឋាភិបាលតែងគិតគូរ ធានាឱ្យប្រាក់បៀវត្សអប្បបរមា និងប្រាក់ឈ្នួលអប្បបរមាដែលត្រូវបានដំឡើងនោះ ឱ្យបានរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្ស ក្នុងស្មារតីជួយសម្រួលបន្ទុកសម្រាប់មន្ត្រីរាជការ ក៏ដូចជាកម្មករ និយោជិតមួយកម្រិតថែមទៀត។ ក្នុងការអនុវត្តជាក់ស្ដែង កម្រិតអប្បបរមានៃប្រាក់បៀវត្សដែលត្រូវជាប់ពន្ធ ត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ នៅក្នុងច្បាប់ស្ដីហិរញ្ញវត្ថុប្រចាំឆ្នាំសរុបចំនួនបីលើករួចមកហើយ។
លើកទី១៖ ៥០ ម៉ឺនរៀល ដល់ ៨០ ម៉ឺនរៀល នៅឆ្នាំ ២០១៥
លើកទី២៖ ៨០ ម៉ឺនរៀលដល់ ១ លានរៀលនៅឆ្នាំ ២០១៧
លើកទី៣៖ ១ លានរៀលដល់ ១ លាន ២ សែនរៀលនៅឆ្នាំ ២០១៨
ទន្ទឹមនឹងការដំឡើងប្រាក់បៀវត្សអប្បបរមា និងប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករ និយោជិតដែលមានបន្ទុកចិញ្ចឹមកូន ប្ដី ឬប្រពន្ធ រាជរដ្ឋាភិបាលក៏បានសម្រេចធ្វើការដំឡើងកម្រិត កាត់បន្ថយមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សចំពោះកូនក្នុងបន្ទុក និងសហព័ទ្ធជាមេផ្ទះកាលពីឆ្នាំ ២០១៧ ក្នុងម្នាក់ៗពី ៧ ម៉ឺន ៥ ពាន់ រៀល ដល់ ១៥ ម៉ឺន រៀល ក្នុងមួយខែកើនឡើង ២ ដង។
ការកែសម្រួលនេះនឹងកាត់បន្ថយមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស ឱ្យកាន់តែតូច ឈានទៅរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្ស។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានផ្ដល់ការអនុគ្រោះពន្ធលើអត្ថប្រយោជន៍បន្ថែម និងមិនត្រូវគិតបញ្ចូលនៅក្នុងមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស ចំពោះប្រាក់ឧបត្ថម្ភនានា ដែលកម្មករ និយោជិត អាចទទួលបានដូចជាសោហ៊ុយធ្វើដំណើរ ប្រាក់ថ្លៃបាយ ប្រាក់ឧបត្ថម្ភទារក ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា ឬប្រាក់បំណាច់នៃការបញ្ឈប់លែងឱ្យធ្វើការ ប្រាក់រំលឹកបំណាច់អតីតភាពការងារជាដើម … ចំណុចនេះ បើនៅប្រទេសនានា បើឡើងដល់កម្រិតណាមួយត្រូវតែជាប់ពន្ធហើយ ក៏ប៉ុន្តែ គឺយើងមិនដែលឱ្យមានការជាប់ពន្ធនោះទេ។
សម្រាប់ឆ្នាំ ២០២០ ខាងមុខ ចាប់ពី ខែ មេសា តទៅ ប្រាក់បៀវត្សសរុបអប្បបរមាគ្រោងនឹងឡើងសម្រាប់មន្ត្រីរាជការស៊ីវិល ១.១៧២.៥០០រៀល គ្រូបង្រៀននិងគ្រូពេទ្យ ១.២៧២.៥០០ រៀល នគរបាលជាតិ(ពលបាលត្រី) ដល់ ១.២៥៦.៩៧៧ រៀល យោធិន(ពលទោ) ១.១៨១.៩៧៧ រៀល។ កម្រិតប្រាក់បៀវត្សអប្បបរមាខាងលើនេះ នឹងឡើងដល់កម្រិតពិដានដែលត្រូវជាប់ពន្ធលើប្រាក់បៀវត្ស តាមមាត្រា ៤៧ ថ្មី(២) នៃច្បាប់សារពើពន្ធ។
ហេតុដូចនេះរាជរដ្ឋាភិបាលមានការចាំបាច់ក្នុងការកែសម្រួលមាត្រា ៤៧ ថ្មី(២) ក្នុងគោលដៅដំឡើងប្រាក់បៀវត្សអប្បបរមា ដែលត្រូវជាប់ពន្ធ ឱ្យរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្សបន្តទៀត ដោយដាក់បញ្ចូលទៅក្នុងសេចក្ដីព្រៀងច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០។ លើសពីនេះការយកចិត្តទុកដាក់លើមន្រ្តីរាជការ កម្មករ និយោជិត ដែលទទួលបានប្រាក់បៀវត្សអប្បបរមា ឱ្យរួចផុតពីកាតព្វកិច្ចបង់ពន្ធលើប្រាក់បៀវត្ស ក៏នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ទន្ទឹមនឹងការដំឡើងប្រាក់បៀវត្សអប្បបរមា និងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំក្រោយៗទៀត។
ដើម្បីឱ្យការធ្វើវិសោធនកម្មជាបន្តបន្ទាប់ មានភាពងាយស្រួល និងអាចបត់បែនបានទាន់ពេលវេលា ស្របតាមសភាពការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ខ្ញុំបានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំលើកសំណើវិសោធនកម្មមាត្រា ៤៧ ថ្មី (២) នៃច្បាប់ស្ដីពីសារពើពន្ធនេះ ដែលមិនរំលេចនូវប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងអត្រាពន្ធតាមថ្នាក់ដូចមុនទៀតទេ គឺនៅក្នុងសេចក្ដីព្រៀងមាត្រាថ្មី នឹងបើកផ្លូវទុកឱ្យរាជរដ្ឋាភិបាលកំណត់ប្រាក់បៀវត្សត្រូវជាប់ពន្ធ និងអត្រាពន្ធ ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលតាមការគ្រោង ពិដាននៃពន្ធបៀវត្សរ៍អប្បបរមាជាប់ពន្ធ នឹងត្រូវដំឡើងពី ១ លាន ២ សែន រៀល ដល់ ១ លាន ៣ សែន រៀល សម្រាប់ឆ្នាំ ២០២០។
ចំណុចនេះ ដោយសារតែយើងត្រូវធ្វើវិសោធនកម្មស្ទើរតែរៀងរាល់ឆ្នាំ ដល់ ១ លាន ៣ សែន ដូច្នេះចាប់ពីពេលនេះទៅ យើងទុកបញ្ហានេះទៅក្នុងអនុក្រឹត្យវិញ។ អ្វីដែលជាការងាយស្រួល តើយើងយកពន្ធអប្បបរមាប្រភេទណា? ដោយសារយើងមានប្រភេទ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ នគរបាល និងកងទ័ព ក៏ប៉ុន្តែ អ្វីដែលស្រួលជាងគេ គឺយកពន្ធក្រុមដែលមានប្រាក់បៀវត្សខ្ពស់ជាងគេ គឺក្រុមគ្រូពេទ្យ និងក្រុមគ្រូបង្រៀនតែម្តង ដើម្បីជាការងាយស្រួល បើយើងយកក្រុមមន្ត្រីរាជការ ឬក្រុមនគរបាលជាតិ និងក្រុមប្រាក់ដែលទាបបំផុតរបស់គ្រូបង្រៀនក៏នឹងត្រូវជាប់ពន្ធ ដោយសារគ្រូបង្រៀន និងគ្រូពេទ្យ ជាអ្នកដែលមានប្រាក់បៀវត្សខ្ពស់ជាងគេ ក្នុងនេះគឺដល់ ១.២៧២.៥០០ រៀល បើប្រៀបធៀបទៅនឹងមន្ត្រីរាជការគឺ ១.១២២.៥០០ រៀល។
ខ្ញុំក៏សូមបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន និងមិនយកពន្ធលើប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការ និងកម្មករនិយោជិក ដែលស្ថិតក្នុងបៀវត្សអប្បបរមាជារៀងរហូត ជាមួយនឹងគោលនយោបាយមិនយកពន្ធលើដីកសិកម្មរបស់កសិករ ដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ ដែលគណបក្សប្រជាជនបាន និងកំពុងអនុវត្តតាំងពីដើមរៀង រហូតមកដល់បច្ចុប្បន្ននេះ ហើយនឹងបន្តអនុវត្តបន្តទៀត ដរាបណាគណបក្សប្រជាជននៅបន្តដឹកនាំរាជរដ្ឋាភិបាល។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
អ្នកដែលមានប្រាក់បៀវត្សទាបជាងគេ គឺមិនត្រូវជាប់ពន្ធទេ
ដូច្នេះក្នុងន័យនេះ សុំបញ្ជាក់ថា ពេលនេះគឺគ្រូបង្រៀនបានឡើងទៅដល់ ប្រហាក់ប្រហែល ៣០០ ដុល្លាររួចទៅហើយ បើទោះបីជាកម្រិតថា អ្នកដែលមានប្រាក់បៀវត្សអប្បបរមាឡើងទៅដល់ ១០០០ ដុល្លារក៏ប្រាក់នោះមិនត្រូវជាប់ពន្ធទេ។ បានសេចក្តីថា បៀវត្សរ៍ទាបជាងគេ គឺមិនត្រូវជាប់ពន្ធទេ។ កូនទាហាន ឧទាហរណ៍ថា៖ បើឡើងទៅដល់ ៧០០ ដុល្លារអាមេរិក ឧទាហរណ៍ គឺមិនត្រូវបានជាប់ពន្ធទេ។ ហ្នឹងពលទោ។ ប៉ុន្តែបើឡើងពីសក្តិ ១ សក្តិ ២ ឡើងទៅ ហ្នឹងត្រូវជាប់ពន្ធហើយ។ និយាយរួម យើងយកតែអ្នកទាបជាងគេ គឺមិនត្រូវជាប់ពន្ធទេ។ នេះ(ជាប្រធានបទ)ទាក់ទងជាមួយនឹងបញ្ហាបៀវត្សរ៍ ដែលត្រូវកែសម្រួលនៅក្នុងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០។
[ចប់សេចក្តីអធិប្បាយ]
ខ្ញុំនៅមានការចាំបាច់ ដើម្បីនិយាយអំពីបញ្ហាការប្រមូលសំរាម និងបញ្ហាថ្លៃអគ្គិសនី ដែលរឿងនេះគឺជារឿងបានកើតឡើងនៅក្នុងអាទិត្យនេះតែម្តង។ ផ្តើមចេញពីការទទួលយកការប្រឈម និងជួយដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងអ្នកខេត្តមកស្នាក់នៅរាជធានីភ្នំពេញផង ក្នុងការទទួលសេវាសំអាតសំរាមតាមរយៈក្រុមហ៊ុនស៊ីនទ្រី ក៏ដូចជាការប្តេជ្ញាកែលម្អសេវាសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ អាណត្តិនេះខ្ញុំបានសម្រេចកាលពីថ្ងៃទី ២២ ខែតុលា ២០១៩ ដូចខាងក្រោម៖
ទី១៖ ឈានទៅដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ីនទ្រី ដែលតាំងពីទទួលកិច្ចសន្យាពីរាជរដ្ឋាភិបាល ពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០០២ មក ក្រុមហ៊ុននេះពុំទាន់បានបំពេញកាតព្វកិច្ចបម្រើប្រជាជនឱ្យសក្តិសមតាមការរីកចម្រើនរបស់រាជធានីភ្នំពេញ និងតម្រូវការរបស់ប្រជាពលរដ្ឋ ដូចការរំពឹងទុកនោះឡើយ។ ក្រោយការដកហូតសិទ្ធិនេះ ក្រុមហ៊ុនស៊ីនទ្រីនឹងទទួលបាននូវការប៉ះប៉ូវសមស្រប និងយុត្តិធម៌ ហើយធានាឱ្យធនធានរូបវ័ន្ត និងធនធានមនុស្សទាំងអស់របស់ក្រុមហ៊ុនបច្ចុប្បន្ន ត្រូវដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពស្វយ័តមួយរយៈជាលក្ខណៈបណ្តោះអាសន្ន ដើម្បីធានានិរន្តរភាពនៃការសំអាតរាជធានីភ្នំពេញជូនប្រជាពលរដ្ឋ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
ការដកហូតសិទ្ធិពីក្រុមហ៊ុន ស៊ិនទ្រី មកឱ្យអង្គភាពរដ្ឋគ្រប់គ្រងជាបណ្តោះអាសន្ន
ចំណុចនេះគឺសុំបញ្ជាក់ យើងមិនអាចពឹងពាក់ទៅលើស៊ីនទ្រី (ដោយនៅតែ)និយាយពី(ពីការខ្វះខាតរបស់)ស៊ីនទ្រី មិនចេះចប់ ប្រៀបដូចជាការអង្គុយបក់ផ្សែងកន្លងទៅ(នោះទេ)។ ខ្ញុំមិនមានជម្រើសដើម្បីទុកឱ្យសភាពការណ៍អូសបន្លាយរបៀបនេះតទៅទៀតទេ។ កន្លងទៅខ្ញុំបានសម្រេចឱ្យបែងចែកជា ៤ តំបន់ នៃការទាញយកសំរាមទៅដាក់។ ក៏ប៉ុន្តែ រយៈពេលសឹងតែពេញជាង ១ ឆ្នាំទៅហើយ មិនទាន់មានកន្លែងណាមួយបានយកសំរាមទៅដាក់ទេ។ ដូច្នេះ ការដកហូតសិទ្ធិពីក្រុមហ៊ុនឯកជនមួយនេះ មកឱ្យអង្គភាពរដ្ឋគ្រប់គ្រងជាបណ្តោះអាសន្ន គឺជាការចាំបាច់។ ត្រូវធ្វើសកម្មភាពបន្ទាន់ ដើម្បីឈានទៅរកការគ្រប់គ្រងគ្រប់មធ្យោបាយ ក៏ដូចជាកម្លាំងមនុស្ស ដើម្បីដោះស្រាយបញ្ហាក្នុងមួយរយៈឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋរបស់យើង។
[ចប់សេចក្តីអធិប្បាយ]
បន្ទាប់ពីដំណើរការរបស់អង្គភាពស្វយ័តនេះមានស្ថិរភាពហើយ រាជរដ្ឋាភិបាលនឹងមានការរៀបចំឱ្យដេញថ្លៃប្រកួតប្រជែង និងមានតម្លាភាព ស្វែងរកក្រុមហ៊ុនឱ្យបានយ៉ាងតិច ៤ ធ្វើការប្រមូលសំរាម និងសំអាតទីក្រុងឱ្យបានល្អ ប្រសើរទាំងគុណភាព និងបរិមាណ ដែលប្រជាពលរដ្ឋអាចទទួលយកបាន។ រាជរដ្ឋាភិបាលរំពឹងថា យន្តការថ្មីនេះ និងជួយបង្កើតការងារជូនបងប្អូនកម្មករជាច្រើនបន្ថែមទៀតផងដែរ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
រៀបចំបែងចែក ៤ តំបន់ក្នុងការប្រមូលសំរាម និងត្រូវរកក្រុមហ៊ុនដើម្បីដាក់ឱ្យដេញថ្លៃ
អញ្ចឹងចំណុចនេះសុំបញ្ជាក់ យើងយកមកគ្រប់គ្រងទាំងមូលសិន (កាលណា)មានស្ថិរភាពហើយ យើងចាប់ផ្តើមអាចរៀបចំបែងចែក ៤ តំបន់។ ក្រុមហ៊ុនតែមួយមិនគ្រប់គ្រាន់ទេ (ក្នុងការប្រមូលសំរាម)ក្រុងភ្នំពេញ។ ពីមុននេះ (ក្រុងភ្នំពេញ)មានតែជាង ៣០០ គីឡូម៉ែត្រការ៉េទេ។ ឥឡូវក្រុងភ្នំពេញរបស់យើង ឡើងទៅដល់ជាង ៦០០ គីឡូម៉ែត្រការ៉េហើយ។ ធំជាង Prague ធំជាង Budapest និងធំជាង Sofia នៃរដ្ឋធានីនៃប្រទេសអឺរ៉ុប ដែលមាន ៣០០ ទៅ ៤០០ ទៅ ៥០០ គីឡូម៉ែត្រ។ អញ្ចឹងទេ សមត្ថភាពក្រុមហ៊ុនស៊ីនទ្រីតែមួយមិនគ្រប់គ្រាន់ទេ។ ហើយ(យើងនឹង)នៅតែ(បន្តត្អូញត្អែរពី)បញ្ហាស៊ីនទ្រីមិនចេះចប់។ អញ្ចឹងទេ យើងត្រូវរកក្រុមហ៊ុនដើម្បីដាក់ឱ្យដេញថ្លៃ ក្នុងហ្នឹងរាប់ទាំងក្រុមហ៊ុនស៊ីនទ្រីក៏អាចមានសិទ្ធិចូលដេញថ្លៃវិញផងដែរ ប៉ុន្តែ មិនអនុញ្ញាតឱ្យទាំងអស់ទេ។ យើងអាចនឹងរំពឹងគិតអំពីរបៀបដោះស្រាយកម្មកររបស់យើង។ អាចមានចំនួនកម្មករកើនឡើង។ (នេះ)ក៏អាច(ធ្វើឱ្យមានការ)រួមចំណែកដោះស្រាយការងារធ្វើ ដែលហៅថាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយមានពេលខ្លះ មានរបៀបដោះស្រាយម៉ៅការ។ កន្លែងខ្លះគឺប្រជាពលរដ្ឋគាត់អាចប្រមូលសំរាម ដើម្បីត្រៀមទៅដាក់កន្លែងដែលស្រួលជាង គាត់អាចទទួលផលបានច្រើនជាង តាមរបៀបម៉ៅការ។ ធ្វើបានច្រើន ទទួលបានបៀវត្សរ៍ច្រើន ធ្វើតិចទទួលបៀវត្សរ៍តិច។ នឹងជាការគិតគូរមួយទៀត។
ដកថ្លៃសេវាសំរាមពីវិក្កយបត្រអគ្គិសនី
ចំណុចមួយទៀត គឺត្រូវធ្វើដោយម៉ឺងម៉ាត់តែម្តង គឺដកការថ្លៃភ្ជាប់សេវាសំរាមចេញពីវិក្កយបត្រអគ្គិសនីកម្ពុជា តាមសំណើរបស់អគ្គិសនីកម្ពុជា ចាប់តាំងពីថ្ងៃ ១ ខែមករា ឆ្នាំ ២០២០ តទៅ ដោយជំនួសមកវិញនូវយន្តការថ្មី។ ការធ្វើដូចនេះមិនត្រឹមតែឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាជាការចាំបាច់ ដើម្បីកុំឱ្យបញ្ហាសំរាមនេះ ក្លាយទៅជាកត្តាដែលប្រជាជនមើលមិនឃើញពីការវិវត្តជាវិជ្ជមាន នៃការកែទម្រង់របស់អគ្គិសនីកម្ពុជា ដែលបានខិតខំកែលម្អសេវាបម្រើអតិថិជនរបស់ខ្លួន រួមទាំងការបញ្ចុះថ្លៃអគ្គិសនីជាបន្តបន្ទាប់ រួចហើយ។ ការអារកាត់នៅល្ងាចថ្ងៃទី ២២ ខែតុលា ២០១៩ ក៏ជាការវះកាត់ជំងឺរ៉ាំរៃមួយនេះ ដែលខ្ញុំបានណែនាំឱ្យព្យាបាលតាំងពីយូរមកហើយ តាមរយៈ ស.ជ.ណ ចុះថ្ងៃ ១០ ខែ កុម្ភៈ ឆ្នាំ ២០១៥ ប៉ុន្តែមិនត្រូវបានធ្វើ។
ចំណុចនេះខ្ញុំសុំបញ្ជាក់បន្តិច នៅត្រង់ថា កាលពីឆ្នាំ ២០១៥ មានគោលការណ៍មួយចំនួននៅក្នុង ស.ជ.ណ ក្នុងហ្នឹងមានឱ្យពិចារណា លើកយោបល់ ដើម្បីដោះស្រាយបញ្ហាដកថ្លៃសំរាមចេញពីវិក្កយបត្រអគ្គិសនី ក៏ប៉ុន្តែ ខ្ញុំរង់ចាំរយៈពេល ៤ ឆ្នាំ រួចមកហើយ ជាង ៤ ឆ្នាំ គឺមិនទាន់បានដោះស្រាយទេ។ ដូច្នេះខ្ញុំមិនទុកលទ្ធភាពឱ្យមានការជជែកពិភាក្សាតទៅទៀតទេ ខ្ញុំសម្រេច ព្រោះរបបការងាររបស់រាជរដ្ឋាភិបាល គឺរបបប្រធាន នាយករដ្ឋមន្ត្រីមានសិទ្ធិសម្រេច ក៏ដូចជាស្ថាប័នមួយៗដែរ រដ្ឋមន្ត្រីមានសិទ្ធិសម្រេច ដោយមិនចាំបាច់មានការបោះឆ្នោតសម្លេងភាគច្រើន ឬភាគតិចនោះទេ។ វេលា ៤ ឆ្នាំ រង់ចាំ គឺយូរណាស់ ហើយប្រជាជនភ្នំពេញ ដើរទៅសួរ ពួកគាត់ទៅ តើមានប៉ុន្មានដែលឆ្លើយថាវាមិនត្រឹមត្រូវនោះ? តាមខ្ញុំដឹងសូម្បីតែអ្នករកស៊ីធំៗ និងមន្ត្រីការទូត ក៏គេតវ៉ាលើរឿងហ្នឹងដែរ។ ហេតុអីបានជាថ្លៃអគ្គិសនីភ្ជាប់ជាមួយនឹងសំរាមនៅក្នុងនោះ? កាន់តែអយុត្តិធម៌ទៅទៀត ផ្ទះដែលមិនដែលមានឡានទៅដឹកសំរាម ក៏ត្រូវបង់ថ្លៃសំរាមនឹងគេដែរ។ ដូច្នេះ ចំណុចនេះ វាជាចំណុចអយុត្តិធម៌ពេកសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ម៉្យាងទៀត បើទោះបីថ្លៃអគ្គិសនីចុះនៅតែ ១ គីឡូវ៉ាត់ ត្រឹមតែ ៥០ រៀល ក៏ប្រជាជនមិនឃើញការខិតខំរបស់អគ្គិសនីកម្ពុជាទេ។ យើងចុះប៉ុន្មានក៏ចុះទៅ ព្រោះអាថ្លៃសំរាមវាភ្ជាប់នឹងវិក្កយបត្រអគ្គិសនី។ អគ្គិសនីត្រឹមតែ ១០ រៀល ថ្លៃសំរាម ២០ រៀល អញ្ចឹងវាទៅ គេថាយកអាតូចបង្ខូចអាធំ។ អញ្ចឹង ប្រជាជននៅទីក្រុងភ្នំពេញអត់បានឃើញសមិទ្ធផលនៃការខិតខំកែទម្រង់លើវិស័យអគ្គិសនី និងការបញ្ចុះថ្លៃអគ្គិសនីនោះទេ។ អញ្ចឹងយើងត្រូវដោះស្រាយបញ្ហានេះ។
ខេត្តដែលភ្ជាប់ថ្លៃសំរាមជាមួយនឹងអគ្គិសនី ក៏ត្រូវធ្វើដូចគ្នា
ខ្ញុំសូមបញ្ជាក់ ខេត្តណាដែលមានការអនុវត្តដូចក្រុងភ្នំពេញ ក៏ត្រូវធ្វើដូចគ្នា។ ឯកឧត្តម កែវ រតនះ បើខេត្តណាដែលមានការភ្ជាប់ថ្លៃសំរាម ជាមួយនឹងអគ្គិសនី ក៏ត្រូវធ្វើដូចគ្នា មិនអាចទុកឱ្យឡូកឡំគ្នាអញ្ចឹងទេ។ អគ្គិសនីប្រឹងចង់ងាប់ទម្លាក់ថ្លៃ ហើយយើងប្រឹងចង់ងាប់ទម្លាក់ថ្លៃអគ្គិសនី ក៏ប៉ុន្តែ ទីចុងបំផុតប្រជាជនបានទទួលនូវការខាតបង់តាមរយៈ ជួនកាលអត់ទាំងមានសំរាម សម្រាប់ឱ្យគេដឹកផង ឡានមិនដែលទៅដឹកសំរាមយកចេញពីកន្លែងហ្នឹងផង ទៅយកលុយពីគេដែរ អាហ្នឹង ត្រូវដោះស្រាយបញ្ហានេះឱ្យបានគ្រប់ទីកន្លែងទាំងអស់។
ការដោះស្រាយបញ្ហាសំរាម មិនមែនជាការងាយស្រួលទេ
មានបងប្អូនមួយចំនួននៅពេលខ្ញុំបង្ហោះ ហ្វេសប៊ុក ទៅថា សម្តេច ហេតុអ្វីបានរង់ចាំរហូតទៅដល់ ថ្ងៃ ១ ខែមករា ឆ្នាំ ២០២០? ខ្ញុំសូមយកឱកាសនេះ ដើម្បីជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលបានលើកសំណូមពរនេះ ការដោះស្រាយបញ្ហានេះ មិនមែនជាបញ្ហាងាយស្រួលពេកទេ។ យើងទុករយៈពេលពីនេះទៅដល់នោះ គឺរយៈពេលសមរម្យល្មម ដើម្បីរៀបចំយន្តការប្រមូលថ្លៃសំរាមបែបណា បើមិនដូច្នោះគឺនឹងធ្វើឱ្យចលាចលតែម្តង។ បាត់ការគ្រប់គ្រង។ ដូច្នេះពីនេះទៅដល់ ថ្ងៃ ១ ខែមករា គឺបងប្អូននៅបន្តបង់ថ្លៃអគ្គិសនីភ្ជាប់ជាមួយនឹងសំរាម ប៉ុន្តែចាប់ពីថ្ងៃ ១ ខែមករា ទៅ ខ្ញុំឃើញហើយការព្រៀង ខ្ញុំមិនបានបង្ហោះតាម ហ្វេសប៊ុក នោះទេ។ ការព្រៀងរបស់អគ្គិសនីកម្ពុជាអំពីវិក្កយបត្រចាស់ និងវិក្កយបត្រថ្មីបានចេញមកហើយៗ នឹងផ្តល់ឱ្យបងប្អូនអនុវត្តចាប់ពីថ្ងៃ ១ ខែមករា ឆ្នាំ ២០២០ តទៅ។
[ចប់សេចក្តីអធិប្បាយ]
សូមបញ្ជាក់ថា ខ្ញុំបានប្រគល់ភារកិច្ចឱ្យ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកដឹកនាំប្រជុំសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចគោលដៅខាងលើ។ គឺគោលដៅទាក់ទិនជាមួយនឹង ការរៀបចំយន្តការ ការគ្រប់គ្រង់ប្រមូលសំរាម និងគោលដៅនៃការរៀបចំយន្តការ ដើម្បីប្រមូលថ្លៃសំរាម ហើយនឹងបញ្ហាពាក់ព័ន្ធដទៃទៀត។ ប្រគល់ភារកិច្ចជូន ក្រសួង រ៉ែ និងថាមពល ដើម្បីធ្វើការសិក្សារៀបចំលក្ខខណ្ឌ សម្រាប់ឈានទៅការដេញថ្លៃរកដៃគូឯកជន សាងសង់ និងដំណើរការ រោងចក្រអគ្គិសនីដុតសំរាមនៅទីលានចាក់សំរាម រាជធានីភ្នំពេញ ដោយហាមឃាត់ការនាំចូលសំរាមពីបរទេសមកប្រើប្រាស់។ នេះជាវិធានការណ៍ក្នុងចំណោមវិធានការណ៍ជាកញ្ចប់ដទៃទៀត ដើម្បីធានាសម័្ពន្ធភាពប្រទេសយើង ក៏ដូចជាបង្កើតឱ្យមានបរិស្ថានរស់នៅស្អាតជូនប្រជាពលរដ្ឋរបស់យើង។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
ហាមដាច់ខាតនូវការស្នើសុំការវិយោគអគ្គិសនីដុតដោយសំរាម
មានក្រុមហ៊ុនច្រើនហើយដែលបានធ្វើការសិក្សាអំពីបញ្ហានេះ ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហាថ្លៃដូចដែលខ្ញុំបានបញ្ជាក់កាលពីលើកមុន យើងអាចនឹងបង្កើតឱ្យមានការរៀបចំបែបណាមួយ និងថ្លៃបែបណាមួយ ដែលយើងអាចទទួលយកបាន។ យើងសុខចិត្តបំពេញខាត ដោយយកប្រាក់ចំណេញពីកន្លែងអគ្គិសនីនេះ មកបំពេញ ប៉ុន្តែវានៅតែអាចរស់បាន ហើយជួយកែលម្អដល់បរិស្ថាន កុំឱ្យប្រទេសយើងក្លាយទៅជាប្រទេសដែលកប់ចោលសំរាមគ្រប់តែទីកន្លែង នៅពេលអនាគត។ ប៉ុន្តែ ហាមដាច់ខាតនូវការស្នើសុំការវិយោគអគ្គិសនីដុតដោយសំរាម ហើយ “បើសិនខ្វះ សូមនាំចូលពីបរទេស”។ កម្ពុជាមិនមែនជាទីកន្លែងចាក់ចោលសំរាម ឬយកសំរាមមកដុតដើម្បីផលិតអគ្គិសនីនោះទេ។
បន្តមិនយកភាគលាភចេញពីប្រាក់ចំណេញអគ្គិសនីកម្ពុជា ៥ ឆ្នាំ ២០២០-២០២៥
ចំណុចមួយទៀត ខ្ញុំបានសម្រេចហើយគឺជម្រុញផែនការ ឱ្យគ្រប់ភូមិមានអគ្គិសនីពីបណ្តាញជាតិប្រើប្រាស់។ ដោយការកែទម្រង់ស៊ីជម្រៅក្នុងវិស័យថាមពល ក្នុងរយៈពេល ១០ ឆ្នាំ ចុងក្រោយនេះ ភូមិចំនួន ៩២% នៃចំនួនភូមិសរុបទូទាំងប្រទេសចំនួន ១៤.១៦៨ ភូមិ ក្នុងព្រះរាជាណាចក្រកម្ពុជាបានទទួលអគ្គិសនី ដែលមានថ្លៃសមរម្យពីបណ្តាញជាតិរួចហើយ។ ដើម្បីជម្រុញឱ្យគ្រប់ភូមិទាំងអស់នៅក្នុងប្រទេសមានថ្លៃអគ្គិសនីដូចគ្នា ខ្ញុំបានសម្រេចកាលពី ថ្ងៃ ២២ ខែតុលា ឆ្នាំ ២០១៩ ឱ្យរាជរដ្ឋាភិបាលបន្តមិនយកភាគលាភចេញពីប្រាក់ចំណេញ ចេញពីការអាជីវកម្មរបស់អគ្គិសនីកម្ពុជាពីឆ្នាំ ២០២០-២០២៥ ដោយរក្សាទុកថវិកានេះ ជាការវិយោគបន្ថែមរបស់រដ្ឋ ជួយពង្រីកបណ្តាញអគ្គិសនីទៅតំបន់ជនបទ ជាពិសេសតំបន់ដែលប្រជាពលរដ្ឋមិនទាន់អគ្គិសនីផ្ទាល់ពីបណ្តាញជាតិ។ ការសម្រេចបែបនេះ ក៏ដោយសារការមិនកាត់យកភាគលាភ ពី ៥ ឆ្នាំ កន្លងទៅ បានជួយបង្កើតទុនវិនិយោគឱ្យអគ្គិសនីកម្ពុជាមានលទ្ធភាពពង្រីកបណ្តាញអគ្គិសនី ទៅប្រជាជនតំបន់ជនបទប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ។
មកដល់ពេលនេះគឺមាន ៩២% នៃចំនួនភូមិហើយ ដែលអគ្គិសនីរបស់រដ្ឋបានទៅដល់
យើងបានយកអគ្គិសនី ដើម្បីពង្រីកអគ្គិសនី ក្នុងរយៈពេលកន្លងទៅដោយយើងមិនបានយកអាប្រាក់ចំណេញ របស់អគ្គិសនីនេះយកទៅ ដើម្បីនឹងបង់ចូលថវិកាជាតិទេ ប៉ុន្តែពន្ធអីផ្សេងៗអាហ្នឹងមានការបង់ ប៉ុន្តែអាប្រាក់ចំណេញដែលបានបង់នេះ យើងបានវិនិយោគ មកដល់ពេលនេះគឺ ៩២% នៃចំនួនភូមិហើយដែលអគ្គិសនីរបស់រដ្ឋបានទៅដល់។ អញ្ចឹងទេ ខ្ញុំគិតថា រយៈពេល ៥ ឆ្នាំទៀត អនុញ្ញាតឱ្យយកប្រាក់ដែលគេហៅ ត្រូវការបង់ឱ្យរដ្ឋ យកអាប្រាក់ហ្នឹងទៅវិនិយោគបណ្តាញអគ្គិសនី ជូនភ្ជាប់ទៅតាមបណ្តាលភូមិ ដើម្បីឱ្យទូទាំងប្រទេសរបស់យើងមានកម្រិតប្រព័ន្ធអគ្គិសនី ដែលប្រើដោយស្មើតម្លៃប្រហាក់ប្រហែលគ្នា។ សព្វថ្ងៃនេះនៅសល់ ៨% ទៀត ដែលអគ្គិសនីរបស់រដ្ឋមិនទាន់ទៅដល់ ប្រជាជនប្រើប្រាស់ថ្លៃណាស់។ អញ្ចឹងទេ នេះជាចំណុចដែលខ្ញុំចង់បញ្ជាក់ ដើម្បីឱ្យយើងធ្វើដំណើរមួយបានលឿន ហើយប្រជាពលរដ្ឋទទួលបាននូវផលប្រយោជន៍ពីការកែទម្រង់។ ចំណុច ២ នេះ គឺជាចំណុចដែលខ្ញុំចង់ថ្លែងមុនពេល ដែលការពិភាក្សារបស់យើងចាប់ផ្តើម។
យើងត្រូវធ្វើការមួយជាពីរ ដើម្បីដោះស្រាយបញ្ហាសំរាមជូនប្រជាជន
ឥឡូវនេះ ខ្ញុំសូមបញ្ចប់ប៉ុណ្ណឹង ហើយសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងទទួលបាននូវសារពីខ្ញុំផ្ទាល់ នូវថ្ងៃនេះតាមរយៈការផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា ដោយ Fresh News ហើយចេញផ្សាយបន្តផ្ទាល់ និង ហ្វេក ប៊ុក ផេក របស់នាយករដ្ឋមន្រ្តីផងដែរ។ ល្ងាចនេះអាចនឹងស្ថានីយ៍ទូរទស្សន៍ដទៃទៀតយកទៅចាក់ផ្សាយ នូវព័ត៌មានទាក់ទងជាមួយនឹងពន្ធលើប្រាក់បៀវត្ស ក៏ដូចជាបញ្ហាសំរាម និងថ្លៃអគ្គិសនី ហើយជាពិសេសប្រជាពលរដ្ឋភ្នំពេញ គឺគាត់ទទួលអំណរសាទរ ព្រោះសំរាមនៅពេញតែផ្លូវ។ លុយចេះតែបង់។ ធម្មតាដាច់ខែ ភ្លើងគេទៅយកលុយហើយ ប៉ុន្តែយកលុយមក មិនមែនយកអាលុយថ្លៃភ្លើងឯណា យកទាំងអាលុយថ្លៃសំរាម ក្នុងពេលដែលសំរាមមិនទាន់ដឹកចេញពីផ្ទះ។ ទៅយកថ្លៃភ្លើង មិនមែនយកតែថ្លៃភ្លើងឯណា យកទាំងថ្លៃសំរាមក្នុងពេលដែលគេអត់មានសំរាមឱ្យដឹក។ វាមានគ្រប់មានសព្វ។ ដូច្នេះល្មមដល់ពេលដែលត្រូវដោះស្រាយបញ្ហានេះ ដោយប្រញាប់ប្រញាល់ ដែលយើងត្រូវធ្វើការមួយជាពីរ ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបានផលប្រយោជន៍ពី ការកែទម្រង់របស់យើងនៅទីនេះ។ ខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណឹង ហើយសូមឱ្យអ្នកសារព័ត៌មានចាកចេញពីទីកន្លែងនេះ ហើយសូមផ្អាកការផ្សាយបន្តផ្ទាល់។
[ចប់សេចក្តីអធិប្បាយ]