ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន (Vandala SIPHANDONE) រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលនេះ គឺជាឧទាហរណ៍ជាក់ស្តែងមួយទៀត សបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលជោគជ័យកាន់តែខ្លាំងឡើងជាលំដាប់នៅក្នុងនយោបាយការទូតរបស់ខ្លួន ដោយកសាងបានទំនាក់ទំនងល្អ និងកាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសជាមិត្តនៅគ្រប់ជ្រុងជ្រោយនៃពិភពលោក។ ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលឡាវ ក៏បានពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។