ឯកសារចំនួន៣ ត្រូវបានចុះហត្ថលេខាក្នុងដំណើទស្សនកិច្ចផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប៊ុលហ្គារី

ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្ដម ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្ត្រីប៊ុលហ្គារី  និងសម្ដេចអគ្គ​ម​ហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជា​សា​ក្សី​នៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅ​ទីក្រុងសូហ្វី​យ៉ា សាធារណរដ្ឋប៊ុលហ្គារី ដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរកម្ពុជា-ប៊ុ​ល​ហ្គារី ឲ្យកាន់តែរឹងមាំរីកចម្រើនទ្វេឡើងថែមទៀត ក្នុងដំណើរទស្សនកិច្ចផ្លូវការ​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋប៊ុលហ្គារីនោះ។ (នេះបើយោងតាមការឱ្យ​ដឹងរបស់​អ្នក​យក​ព័ត៌មានទូរទស្សន៍ជាតិកម្ពុជា)។

ឯកសារសំខាន់ៗទាំងនោះរួមមានទី១ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិ​ការសេដ្ឋ​កិ​ច្ច វិទ្យាសា​ស្រ្ត និងបច្ចេកទេស រវាងរាជរដ្ឋាភិ​បាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិង​រដ្ឋា​ភិបាល នៃសាធារណរដ្ឋប៊ុលហ្គារី ។ ទី២ កម្មវិធីសម្រាប់ កិច្ចសហប្រតិបត្តិការវប្បធម៌ រវា​ង​ក្រ​សួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងវប្បធម៌ នៃសាធារណ​រ​ដ្ឋ​ប៊ុលហ្គារី និង ទី៣ អនុស្សារណ:យោគយល់គ្នា រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង​អន្ត​រជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រះរាជាណាចក្រកម្ពុជា និង​វិ​ទ្យា​ស្ថានការទូត នៃក្រសួងការបរទេសប៊ុលហ្គារី។ ក្នុងដំណើរទស្សនកិច្ចផ្លូវការ​នៅសាធា​រណ​រ​ដ្ឋ​ប៊ុលហ្គារី សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពី​​សំណាក់សមភាគី​នាយករដ្ឋមន្រ្តីប៊ុលហ្គារី ឯកឧត្តម ប៊ួយកូ បូរីសូវ (Boyko Borissov) នៅវិ​មា​​ន រដ្ឋាភិបាលក្នុងទី​ក្រុង​សូហ្វីយ៉ា។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសមភាគីនាយក​រដ្ឋ​មន្រ្តី​ប៊ុលហ្គារី បានអញ្ជើញធ្វើជំនួប​កំពូលចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគី ក្នុងបរិយាកាស​ស្និ​ទ្ធ​ស្នាលរាក់ទាក់បំផុត។ ក្នុងជំនួបកំពូល​ដ៏​មានសារសំខាន់នោះ ថ្នាក់ដឹកនាំនៃប្រទេស​ទាំង​ពី​រកម្ពុជា-ប៊ុលហ្គារី បានធ្វើការពិភាក្សាគ្នា​យ៉ាងយក​ចិត្តទុកដាក់លើវិស័យនានានៃទំនាក់​ទំ​ន​ង​​ទ្វេភាគី និងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងពិភព​លោក ដែលជាប្រយោជន៍​រួមស​ម្រា​ប់​ប្រទេសទាំងពីរ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បាន​បង្ហាញ​ពីការពេញចិត្ត ចំពោះ​ទំ​នា​ក់​ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រ​ទេស​ទាំងពីរ។

ក្នុងជំនួ​ប​​នោះ​ដែ​រ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅបំផុត ជូ​ន​ចំពោះរដ្ឋាភិបាលនិងប្រជាជនប៊ុលហ្ការី ដែលធ្លាប់បានផ្តល់ជំនួយ និងការគាំទ្រ​ដ៏​ឧត្តុង្គ​ឧត្ត​ម​ជូ​ន​កម្ពុជាក្នុងអំឡុងពេលដ៏លំបាក បន្ទាប់ពីសង្រ្គាមនិងរបបប្រល័យពូជសាសន៍ ពិសេស​អរគុ​ណចំពោះការបញ្ជូនកងកម្លាំងមួកខៀវប៊ុលហ្គារី ក្នុងប្រតិបត្តិការអ៊ុនតាក់នៅកម្ពុជា កាល​ពី​ដើ​ម​​ឆ្នាំ១៩៩០។

សម្តេចតេជោមានប្រសាសន៍បន្តថា ការបើកឲ្យដំណើរការឡើងវិញនូវស្ថានទូ​ត​កម្ពុជា នៅទីក្រុងសូហ្វីយ៉ាក្នុងឆ្នាំ២០១៩នេះ សបញ្ជាក់ពីការប្តេជ្ញាចិត្ត​របស់រាជរដ្ឋាភិ​បាលក​ម្ពុ​ជា ក្នុងការផ្តល់បន្ថែម ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជិតស្និទ្ធ និងកិច្ចសហប្រតិ​បត្តិ​ការ​រវាង​ប្រទេសទាំងពីរ ដោយផ្អែកលើគោលការណ៍ប្រយោជន៍រួម ការគោរពគ្នាទៅវិញ​ទៅ​មក ការទុកចិត្តគ្នាទៅវិញទៅមក និងភាពស្មើគ្នា។ ទទួលស្គាល់ពីសារសំខាន់ ក្នុងការ​ព​ង្រី​ក​​កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានស្វាគមន៍ចំ​ពោះ​​ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិទ្យា​សា​ស្រ្ត និងបច្ចេកទេស រវាងកម្ពុជា និងប៊ុលហ្គារី នឹងបានណែនាំឲ្យក្រសួងពាក់ព័ន្ធ​អនុវត្ត​កិច្ច​ព្រ​ម​​ព្រៀងនេះ ប្រកបដោយប្រសិទ្ធភាព និងផលិតភាព ដើម្បីពង្រីកវិសាលភាព នៃទំហំ​ពាណិជ្ជ​ក​ម្មទ្វេភាគី ដែលបច្ចុប្បន្នកំពុងមានកម្រិតទាបនៅ​ឡើយ។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រ​មុខ​​ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានបង្ហាញពីការ ពេញចិត្តចំពោះការចុះហត្ថលេខា​លើ​អនុស្សារណ:យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍​រវាងប្រ​ទេ​ស​ទាំង​ពីរ កាលពីឆ្នាំកន្លងទៅ ដែលសំដៅជំរុញទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន និង​ការ​ផ្លា​ស់ប្តូរអ្នកទេសចរណ៍រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានបង្ហាញពីការប្តេជ្ញា ចិត្ត​របស់​ខ្លួ​ន ក្នុងការពង្រីកលំហូរនៃអ្នកទេសចរណ៍រវាងប្រទេសទាំងពីរ និងការជួយគ្នាក្នុងការ​សម្រប​ស​ម្រួលបញ្ហាទាក់ទិននឹងការផ្លាស់ប្តូរអ្នកទេសចរណ៍ នៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ភាគី ទាំ​ងពីរ បានឯកភាពគ្នាពង្រីកទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ ដោយជំរុញឲ្យមាន​ការ​ផ្លា​ស់ប្តូរ វប្បធម៌ចម្រុះ រវាងប្រជាជននៃប្រទេសទាំងពីរ និងបានស្វាគមន៍ចំពោះ​ការចុះ​ហត្ថ​លេ​ខា​លើកម្មវិធី ស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ រវាងក្រសួងវប្បធម៌ប៊ុលហ្ការី និងក្រសួង​វប្ប​ធម៌ និងវិចិត្រសិល្បៈ កម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២១។

សម្រាប់វិស័យអប់រំ ភាគីទាំងពីរ​បា​ន​ផ្តល់ពីសារសំខាន់ ចំពោះការអភិវឌ្ឍធនធានមនុស្ស នៃប្រទេសទាំងពីរ ក្នុងនោះសម្តេច​តេ​ជោនាយករដ្ឋមន្រ្តី បានសម្ដែងនូវ​ការអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រ​ជា​ជនប៊ុលហ្គារី ដែលកន្លងមកបានផ្តល់​អា​ហា​រូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សា​នៅ​ប៊ុលហ្គា​​រី និងសង្ឃឹមថាមានអាហារូបករណ៍បន្ថែមទៀត ដល់​សិស្ស និស្សិតកម្ពុជា នាពេលអនាគត ក្នុ​ង​នោះថ្នាក់ដឹកនាំទាំងពីរ បានគាំទ្រដល់ទំនាក់ទំនង​រវាង​សកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួ​យ​និងសាកលវិទ្យាល័យសូហ្វីយ៉ា ដែលអាចជំរុញ​បន្ថែមនូវ កិច្ច​សហប្រតិបត្តិការវាងកម្ពុជា និ​ង​ប៊ុលហ្គារី។

ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយក​រដ្ឋ​មន្រ្តី បាន​ជម្រាបជូនដល់​សមភាគី​ប៊ុ​ល​ហ្គារីថា រដ្ឋសភាកម្ពុជាទើបតែបានបង្កើតក្រុមមិត្តភាពសភា កម្ពុជា-ប៊ុល​ហ្គារី ក្នុងគោល​បំណ​ង​​ផ្តើមឲ្យមានកិច្ចសន្ទនារ និងកិច្ចសហប្រតិបត្តិការរវាងសភា នៃប្រទេសទាំងពីរ ពិសេសភាគី​ទាំ​ងពីរបានឯកភាពគាំទ្រឲ្យមាន ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំង​ពីរ។ ក្នុង​ជំនួ​បគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីប៊ុលហ្គារី បានបង្ហាញពីជំនឿទុកចិត្ត ចំពោះលទ្ធផល នៃ​ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅសាធារណរដ្ឋប៊ុលហ្គារី ដែលបាន​រួ​ម​​​ចំណែក​ក្នុងការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើ គ្រប់​វិស័​យ រវាង​កម្ពុជានិងប៊ុលហ្គារី ក្នុងបណ្តាឆ្នាំខាងមុខ។

ក្នុងជំនួបគ្នានេះ សម្តេចតេជោនាយក​រដ្ឋ​​មន្រ្តី បាន​អញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តីប៊ុលហ្គារី មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុង​ពេ​ល​វេលា​សម​ស្រប​ណាមួយ ហើយ ឯកឧត្តមនាយករដ្ឋមន្រ្តីបានទទួលយកនូវការ​អ​ញ្ជើ​ញ​នេះ​ ប្រកបដោយសេចក្តី​សាមនស្សរីករាយបំផុត៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ