ព្រះរាជបណ្ដាំសួរសុខទុក្ខ និងព្រះរាជអំណោយជាប្រាក់កាក់អនុស្សាវរីយ៍ពីព្រះមហាក្សត្រ
ថ្ងៃនេះ ពិតជាឱកាសវិសេសវិសាលជាថ្មីម្ដងទៀត ដែលយើងជួបជុំគ្នានៅទីនេះជាប្រចាំឆ្នាំ បន្ទាប់ពីការប្រឡងមធ្យមសិក្សាទុតិយភូមិ។ ដំបូងអនុញ្ញាតឱ្យខ្ញុំពាំនាំ នូវព្រះរាជបណ្ដាំសួរសុខទុក្ខពីព្រះមហាក្សត្រជាទីសក្ការៈ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ជាទីសក្ការៈ ជូនចំពោះចៅៗជាសិស្សានុសិស្ស ក៏ដូចជា ក្រុមគ្រួសារ ព្រមទាំងលោក/អ្នកគ្រូ ដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះ តាមរយៈខ្លួនខ្ញុំ ដែលបានចូលគាល់ព្រះអង្គ កាលពីថ្ងៃទី ០៣ កន្លងទៅនេះ។ ព្រះអង្គពិតជាមានមោទនភាព ហើយតាមរយៈខ្ញុំ ក៏ផ្ដាំផ្ញើសួរសុខទុក្ខ ចំពោះចៅៗ ក៏ដូចជា លោក/អ្នកគ្រូ និងក្រុមគ្រួសារ ដែលបានខិតខំរៀនសូត្របានយ៉ាងល្អ។
ជាមួយនឹងព្រះរាជបណ្ដាំសួរសុខទុក្ខនេះ ព្រះករុណាជាអម្ចាស់ ក៏ដូចជា សម្ដេចម៉ែ សម្ដេចយាយ សម្ដចយាយទួត ដែលយើងហៅថា ជាព្រះមាតាជាតិ ព្រះអង្គក៏បានផ្ញើតាមរយៈខ្ញុំ ជូនចំពោះជ័យលាភីនិទ្ទេស A ចំនួន ៤៤៣ នាក់ ក៏ដូចជា នាយក លោក/អ្នកគ្រូ ចំនួន ១៨៨ នាក់ នូវកាក់អនុស្សាវរីយ៍ អ្វីទៅដែលហៅថា កាក់អនុស្សាវរីយ៍? ឆ្នាំនេះ គឺជាខួបលើកទី ១៥ នៃការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រជាទីសក្ការៈ នៃយើង រាជរដ្ឋាភិបាល រួមជាមួយធនាគារជាតិ បានបោះពុម្ពប្រាក់កាក់ ហើយសម្រាប់ព្រះមហាក្សត្រ ក៏ដូចជា សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ព្រះអង្គព្រះរាជទាន ចំពោះភ្ញៀវបរទេស ឬក៏ឥស្សរជន ដែលមកគាល់ព្រះអង្គ ឬក៏ព្រះអង្គយាងទៅទស្សនកិច្ចនៅក្រៅប្រទេស។ ប៉ុន្តែ ដោយបានទទួលដំណឹងថា សិស្សនិទ្ទេស A ត្រូវបានមកជួបជុំគ្នានៅទីនេះ ព្រះអង្គទាំងទ្វេក៏បានសព្វព្រះរាជហឫទ័យ ព្រះរាជអំណោយដំបូងរបស់ព្រះអង្គ មកដល់ដៃសិស្សនិទ្ទេស A របស់យើង។ នេះជាកិត្តិយសខ្លាំងណាស់។
ប្រាក់កាក់មានជាពីរទម្រង់
ប្រាក់កាក់នេះមានពីរទម្រង់។ ទម្រង់ទី ១ គឺមានបីព្រះអង្គ ដែលមានព្រះករុណា ព្រះបរមរតនកោដ្ឋ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត នៃយើង ដែលព្រះអង្គបានសោយទិវង្គតទៅហើយ និងមួយព្រះអង្គទៀតសម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត និងអង្គព្រះមហាក្សត្រ។ ផ្នែកខាងក្រោយ គឺដាក់ខួប ១៥ ឆ្នាំ នៃការឡើងគ្រងរាជ្យសម្បត្តិ ២០០៤-២០១៩។ ហ្នឹងជាទម្រង់មួយទៅ។ ទម្រង់ទី ២ គឺព្រះមហាក្សត្រតែមួយអង្គឯង ហើយដាក់អក្សរ ព្រះបាទ នរោត្តម សីហមុនី ឯនៅខាងក្រោយគឺដូចគ្នា មានព្រះរាជសង្ហារ។ ចាប់ពីឆ្នាំនេះទៅ សិស្សនិទ្ទេស A របស់យើង ក្រៅពីអ្វីដែលធ្លាប់បានទទួល និងត្រូវទទួលជាបន្តរាល់ឆ្នាំ គឺនៅពេលដែលជួបជុំគ្នានេះ កាក់ទាំងពីរត្រូវបានផ្ដល់ជូន។ នៅក្នុងខួបកម្រិតទី ១៥ យើងប្រើប្រាស់កាក់នេះ ព្រះអង្គព្រះរាជទានកាក់នេះ ចំពោះសិស្សនិទ្ទេស A។ ដល់ទៅខួបលើកទី ២០ បោះពុម្ពខួបលើកទី ២០ តែម្ដង។ អញ្ចឹង ពេលនោះ សិស្សនិទ្ទេស A នឹងបានទទួលនូវប្រាក់កាក់នេះ ហើយប្រាក់កាក់នេះ គឺបោះពីប្រាក់សុទ្ធលាយទឹកមាស។ ខ្ញុំបានស្វែងយល់ហើយ ហេតុអ្វីបានជាមិនអាចបញ្ចេញកាក់នេះចេញមកក្រៅ? គេធ្វើនេះ ដើម្បីការការពារ ព្រោះខុសពីប្រាក់ដែលត្រូវចាយបាន។ គេមានវិធីការពារដោយប្លាស្ទិកពីក្រៅ។ នេះជាព្រះរាជទានរបស់ព្រះមហាក្សត្រ និងសម្ដេចម៉ែ ដែលមានស្រោម(ប្លាស្ទិក) ប៉ុន្តែ តាបានដកចេញ ដើម្បីជម្រាបជូន។
រាជរដ្ឋាភិបាល ដាក់ឱ្យចរាចរក្រដាសប្រាក់ ១៥ ០០០ រៀល គំរូថ្មីនៅលើទីផ្សារ
ថ្ងៃនេះ រាជរដ្ឋាភិបាល បានដាក់ឱ្យប្រើប្រាស់នូវក្រដាសប្រាក់(គំរូថ្មី)។ ក្រដាសប្រាក់មានតែ ១០០ រៀល។ ៥០០ រៀល។ ១ ០០០ រៀល។ ២ ០០០ រៀល។ ៥ ០០០ រៀល។ ១០ ០០០ រៀល។ ២០ ០០០ រៀល។ ៥០ ០០០ រៀល។ ១០០ ០០០ រៀល។ ឆ្នាំនេះចម្លែក យើងមានក្រដាសប្រាក់ ដែលដាក់ឱ្យចរាចរបន្ថែម គឺមានក្រដាស ១៥ ០០០ រៀល ដែលនៅខាងមុខនេះ គឺមានព្រះមហាក្សត្រ និងមាននាគរាជ ដែលជានិមិត្តរូបនៃសេចក្ដីក្លាហានរបស់យើង។ ខាងក្រោយនេះ គឺមានបីព្រះអង្គ ដូចដែលមាននៅក្នុងកាក់នេះតែម្ដង និងបន្ថែមក្នុងនេះ គឺមានវិមានឈ្នះឈ្នះផងដែរ ដែលថ្ងៃនេះនឹងចាប់ផ្ដើមធ្វើចរាចរនៅលើទីផ្សារ។ អនុក្រឹត្យចេញរួចហើយ ដូច្នេះ គឺអាចចាយបាន។ បើសិនជាបានចេញឱ្យចាយប៉ុន្មានថ្ងៃមុន ប្រហែលជាក្រដាសប្រាក់ ដែលយើងប្រគល់ឱ្យសិស្សថ្ងៃនេះ គឺប្រគល់អាហ្នឹងតែម្ដង គឺល្អ។ ប៉ុន្តែ យើងធ្វើមិនទាន់។ មិនអីទេ ចៅៗនឹងអាចចាយនៅពេលក្រោយ។
អនុញ្ញាតឱ្យសិស្សនិទ្ទេស A តែ ហេងលី ថតរូបជាមួយ ដើម្បីសម្រេចបំណងសពឪពុក
ដោយសាតែមានករណីពិសេសមួយ មុនចូលដល់បញ្ហា ដែលត្រូវនិយាយបន្តនោះ ខ្ញុំបានទទួលដំណឹងថាសិស្សនិទ្ទេស A ឈ្មោះ តែ ហេងលី អាយុ ១៧ ឆ្នាំ ឪពុកទើបនឹងទទួលមរណភាពប៉ុន្មានថ្ងៃមុននេះ ហើយថ្ងៃនេះត្រូវបូជាសព។ មុនពេលឪពុក(ស្លាប់)ក៏បានផ្ដាំ ព្រោះដឹងថាកូនបានប្រឡងជាប់ហើយ ធ្វើម៉េចថតរូបជាមួយ(សម្តេច)ឱ្យបាន។ ឥឡូវនេះ ចៅប្រញាប់ត្រឡប់ទៅវិញ ដើម្បីចូលរួមការបូជាសពឪពុកនៅក្នុងថ្ងៃនេះ។ សូមរៀបចំឱ្យហើយទៅលើអ្វីដែលបានរៀបចំជូន សម្រាប់សិស្សទាំងអស់។ ហើយបន្ថែមលើនោះ តាសូមចូលរួមបុណ្យជាមួយនឹងចៅ (ថវិកា)ចំនួន ៥ លានរៀល។ សូមអញ្ជើញចៅឡើងមកទទួលនៅខាងលើនេះតែម្ដង។ ទីស្ដីការគណៈរដ្ឋមន្ត្រីជួយរៀបចំ ដើម្បីប្រញាប់ត្រឡប់ទៅវិញ ដើម្បីបានបូជាសពឪពុក ដែលទើបនឹងទទួលមរណភាពយប់ថ្ងៃសៅរ៍ ដែលថ្ងៃនេះ ខិតខំមកទទួលនៅទីនេះ។
ការជួបជុំសិស្សនិទ្ទេស A ចាប់ផ្ដើមពេលធ្វើកំណែទម្រង់ និងចំនួនសិស្សស្រីប្រឡងជាប់ច្រើនជាងបុរស
ខ្ញុំសូមយកឱកាសនេះ ស្វាគមន៍ចំពោះសិស្សនិទ្ទេស A ទាំងអស់ ព្រមទាំងលោក/អ្នកគ្រូ មាតាបិតា និងអាណាព្យាបាល ដែលថ្ងៃនេះ យើងមិនមានទីកន្លែងគ្រប់គ្រាន់ ដើម្បីឱ្យមាតាបិតា អាណាព្យាបាលមកអង្គុយនៅទីនេះទេ ប៉ុន្តែ នៅខាងក្រោមអម្បាញ់មិញ តាក៏បានចូលទៅសួរសុខទុក្ខគាត់បន្តិច។ យើងពិតជាមានមោទនភាពដោយសារតែកិច្ចការទាំងឡាយដែលយើងបានធ្វើកន្លងទៅនេះ ដោយក្នុងនោះចំណែកការខិតខំរបស់សិស្ស/មាតាបិតា និងរបស់លោក/អ្នកគ្រូ ដែលថ្ងៃនេះ យើងមកជួបជុំគ្នា ហើយការជួបជុំនេះ យើងក៏បានធ្វើចាប់ផ្ដើមពីពេលការធ្វើកំណែទម្រង់ ក្នុងរយៈពេលកន្លងទៅនេះ។ នៅឆ្នាំនេះ ឯកឧត្តម ហង់ ជួនណារ៉ុន បានធ្វើរបាយការណ៍ យើងគួរតែពិនិត្យបន្តិច អំពីការប្រឡង និងអំពីកម្រិតនៃការជាប់ទាំងនិទ្ទេស A,B,C,D,E។
ឆ្នាំនេះ គឺជាឆ្នាំមួយដែលបុរសរបស់យើងគួរត្រូវមានការអៀនខ្មាស នៅត្រង់ថា គ្រប់និទ្ទេសទាំងអស់ គឺចៅៗជាស្ត្រី ជាកុមារី មានចំនួនលើសបុរសទាំងអស់។ និទ្ទេស A ត្រឹមតែ ៤៤៣ នាក់ ចៅៗជានារី បានយកអស់ (ចំនួន) ២២៣ នាក់ ស្មើនឹង ៥០,៣៣%។ និទ្ទេស B ចំនួន ២ ៤៣០ នាក់ ចៅជានារីៗ ទទួល(បានចំនួន) ១ ៣០៦ នាក់ ស្មើនឹង ៥៣,៧៤%។ និទ្ទេស C (ចំនួន) ៥ ៨៤៧ នាក់ នារីយកអស់ (ចំនួន) ៣ ៤១៤ នាក់ ស្មើ(នឹង) ៥៨,៣៩%។ និទ្ទេស D (ចំនួន) ១៤ ១០០ នាក់ នារីទាញយកអស់ (ចំនួន) ៨ ៤១៥ នាក់ ស្មើ(នឹង) ៥៩,០១%។ និទ្ទេស E (ចំនួន) ៥៦ ២៣២ នាក់ នារីបានទាញយក (ចំនួន) ៣០ ៧៧០ នាក់ ស្មើនឹង ៥៤,០១% …។
ការពង្រាយសាលានៅតាមមូលដ្ឋានកាន់តែច្រើន ផ្តល់ឱកាសច្រើនសម្រាប់សិស្សជានារី
យើងត្រូវទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់យើង តាមរយៈការអនុវត្តគោលនយោបាយយ៉េនឌ័រ នោះគឺការបង្កៀកសាលារបស់យើងឱ្យទៅកៀកជាមួយនឹងទីតាំងរស់នៅរបស់ប្រជាពលរដ្ឋ។ យើងដឹងហើយថា ប្រពៃណីខ្មែរយើងកាលពីអតីតកាល មិនសូវឱ្យកូនស្រីរៀនទេ មានរឿងដល់ប៉ុណ្ណេះទៅទៀត មិនចង់ឱ្យកូនរៀនដោយសារខ្វះសាលាទេ ខ្លាចកូនទាក់ទងជាមួយនឹងប្រុសឈ្មោល។ វាទៅជាអញ្ចេះ។ ក្រោយមកមានសាលា (និង)ការបើកទូលាយពីឪពុកម្តាយ (វ័យ)ចេះតែធំ ប៉ុន្តែ យើងខ្វះសាលា។ ចុងក្រោយនេះ គឺចាប់តាំងពីឆ្នាំ ២០០២ ដែលហៅថា សេចក្តីថ្លែងការណ៍សន្ទុក នៅខេត្តកំពង់ធំ ខ្ញុំបានដាក់ចេញនូវគោលដៅឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច។ ដូច្នេះ ជាមួយនឹងការដែលយើងទទួលបានការបញ្ចប់បឋមសិក្សារបស់សិស្សជានារី ផ្តល់ឱកាសឱ្យសិស្សជានារីមានលទ្ធភាពរៀននៅក្នុងឃុំខ្លួនឯងដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ ហើយមិនបង្កការកង្វល់ទៅដល់មាតាបិតា ដែលតែងខ្វល់ខ្វាយពីរឿងសន្តិសុខរបស់កូនស្រី។ បន្ទាប់ពីនោះ យើងពង្រីកវិទ្យាល័យទៅតាមស្រុក ស្រុកខ្លះមានរហូតទៅដល់ ៧ ឬ ៨ វិទ្យាល័យឯណោះ ដែលកាលពីការរំដោះ ៧ មករា យើងមានវិទ្យាល័យក្នុងមួយខេត្តមានតែមួយ ឥឡូវនេះ មួយខេត្តៗមានរាប់សិបវិទ្យាល័យ។ ស្រុកយ៉ាងហោចមាន ៣ រហូតទៅដល់ ៨ វិទ្យាល័យ ដូចជានៅត្រាំកក់ ខេត្តតាកែវ គឺមានដល់ ៨ វិទ្យាល័យឯណោះ។ អញ្ចឹងនោះ ជាឱកាសរបស់កុមារី របស់ស្រ្តីហើយ។
ការពង្រាយសាលានៅតាមមូលដ្ឋាន មិនមែនជារឿងថ្មីរបស់គណបក្សប្រជាជន/ហ៊ុន សែន នោះទេ
បើចង់អនុវត្តគោលនយោបាយយេនឌ័រ បញ្ហាមិនមែនស្ថិតលើបញ្ហាក្រដាសទេ ស្ថិតនៅលើការអនុវត្តជាក់ស្តែងរបស់យើង។ បើយើងមិនបញ្ចុះសាលាទៅតាមមូលដ្ឋានទេ គឺកុំនិយាយពីបញ្ហាយេនឌ័រតទៅទៀត។ ប៉ុន្តែ រឿងចាប់យកគោលនយោបាយនេះ មិនមែនជាបញ្ហាថ្មីថ្មោងរបស់គណបក្សប្រជាជន ឬក៏មិនមែនជាបញ្ហាថ្មីថ្មោងរបស់ ហ៊ុន សែន ទេ ដែលដឹកនាំរដ្ឋាភិបាលតាំងពីជាង ៣០ ឆ្នាំមុន។ និយាយរួម សរុបទាំងអស់ទៅវា ៤០ ឆ្នាំ។ អញ្ចឹង បញ្ជូនបន្តិចម្តងៗ។ ឥឡូវ គឺបង្ហាញតួលេខមក បានសេចក្តីថា ចំនួនវាចេញមកបែបនេះ។ ក្របខណ្ឌនៅក្នុងបឋមសិក្សា មធ្យមសិក្សាកម្រិតមួយ និងមធ្យមសិក្សាកម្រិតពីរ ចំនួនអត្រាស្រ្តី ឥឡូវនេះ បើនិយាយពីសិស្សចូលប្រឡងវិញ គឺបេក្ខជនបានចូលប្រឡង (ចំនួន) ១១៧ ០៤៣ នាក់ មាននារី (ចំនួន) ៥១,៣%។ ក្រៅពីអ្នកអវត្តមាន អ្នកមកប្រឡងមាន (ចំនួន) ១១៥ ២០៨ នាក់ ក្នុងនោះនារីមាន (ចំនួន) ៥១,៨៥%។ ដល់ប្រឡងជាប់ចំនួន ៧៩ ០៥២ នាក់ នារីគ្រប់ដណ្តប់ដល់ ៥៥,៣១%។ អញ្ចឹង វាបង្ហាញពីអី? បង្ហាញពីវឌ្ឍភាព។ និយាយាជារួម និងទិដ្ឋភាពដោយឡែក និយាយពីបញ្ហាសមាភាពយេនឌ័រ។
បន្តមកទៀត នៅថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួនស្រ្តី និងបុរស ចាប់ផ្តើមមានគម្លាត ក៏ប៉ុន្តែ គម្លាតនៅតិចទេ។ ដល់គម្លាតធំ គឺនៅឯបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ តែនោះយើងកំពុងសិក្សាពិនិត្យមើលអំពីថា ដល់ថ្នាក់ជាប់បរិញ្ញាហើយ គឺដល់ពេលវេលាត្រូវយកប្តី។ រឿងវាអញ្ចឹង។ ដល់យកប្តីវាចាប់ផ្តើមមានកូន ទៅរៀនបន្តវាមិនកើត។ ប្តីខ្លះលើកទឹកចិត្តឱ្យប្រពន្ធទៅរៀន ប្តីខ្លះមិនឱ្យប្រពន្ធទៅរៀនទេ។ ឱ្យនៅផ្ទះ។ ប៉ុន្តែ យ៉ាងណាក៏ដោយ តួលេខនៃចំនួនស្រ្តី ដែលជាប់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ក៏កាន់តែមានចំនួនខ្ពស់ដែរ។ ខ្ញុំអាចប្រកាសពីចំនួនជោគជ័យ ទាក់ទិនជាមួយនឹងការពង្រាយសាលារៀនទៅតាមទីជនបទ ដែលផ្តល់ឱកាសឱ្យមនុស្សទាំងអស់ ហើយក្នុងហ្នឹង គឺសិស្សជាស្រ្តីមានឱកាសចូលរៀន ដែលនេះជាជោគជ័យមួយ ក្នុងចំណោមជោគជ័យ ដែលរដ្ឋាភិបាលទទួលបាន។
និយាយយ៉ាងដូច្នេះ មិនមែនបង្អាប់បុរសទេ ក៏ប៉ុន្តែ យើងត្រូវឃើញអំពីការខិតខំ មានឆ្នាំខ្លះដែរទេ អាហ្នឹងយើងត្រូវទទួលស្គាល់។ ឆ្នាំ ២០១៤ ពេលនោះ សិស្សនិទ្ទេស A របស់យើង គឺមានតែ ៤៥,៤៥% ទេ។ ឆ្នាំ ២០១៥ សិស្សនិទ្ទេស A របស់យើង នារីបានតែ ៤៥,៣៧% ទេ។ ឆ្នាំសិក្សា ២០១៥-២០១៦ សិស្សនិទ្ទេស A របស់យើងឡើងរហូតទៅដល់ ៥០,៣៧%។ ប៉ុន្តែ ដល់ឆ្នាំ ២០១៦-២០១៧ សិស្សនិទ្ទេស A របស់យើងធ្លាក់មកនៅ ៤៩,៧៦%។ ដល់ឆ្នាំសិក្សា ២០១៧-២០១៨ សិស្សនិទ្ទេស A របស់យើងក៏ធ្លាក់មកនៅ ៤៧,៥៥%។ ដល់ឆ្នាំ ២០១៨-២០១៩ ថ្ងៃនេះ សិស្សនិទ្ទេស A របស់យើងកើនឡើងមកដល់ ៥០,៥៣% វិញ។ ដូច្នេះ គឺមានឡើងមានចុះ។ អញ្ចឹងទេ អ្វីដែលយើងត្រូវដោះស្រាយបញ្ហានៅកន្លែងនេះ គឺការខិតខំ។
ឆ្នាំនេះ អត្រាប្រឡងជាប់ចំនួន ៦៨,៦២% កើនឡើងជាង ១% ប្រៀបធៀបទៅនឹងឆ្នាំ ២០១៧-២០១៨
យើងពិតជាមានការកោតសរសើរ ជាមួយនឹងសិស្សដែលប្រឡងជាប់គ្រប់កម្រិតទាំងអស់ ដែលក្នុងឆ្នាំនេះ អត្រាជាប់មានរហូតទៅដល់ ៦៨,៦២% គឺកើនឡើងជាង ១% ប្រៀបធៀបទៅនឹងឆ្នាំ ២០១៧-២០១៨ គឺមានត្រឹមតែ ៦៧,០៧% ទេ។ ការកើនឡើងនេះ មិនមែនបានសេចក្តីថា ស្ទូចពិន្ទុទេ។ ស្តង់ដារប្រឡងកម្រិតស្អីៗ គឺនៅដដែល។ ក៏ប៉ុន្តែ ចំនួនសិស្សដែលពូកែ ហើយប្រឡងចូលដល់កម្រិតដែលត្រូវជាប់នោះ គឺមានចំនួនជាង ១%។ អញ្ចឹង ចំនួនទាំងអស់នេះ អាចចាត់ទុកថា ជាការឆ្លុះបញ្ចាំងពីវឌ្ឍភាពនៃការខិតខំប្រឹងប្រែងរបស់លោក/អ្នកគ្រូ ក៏ដូចជា ការខិតខំរបស់មាតាបិតា អាណាព្យាបាល ហើយជាពិសេស គឺការខិតខំរបស់ចៅៗ ដែលជាសិស្សរៀនតែម្តង។ តាហៅចៅៗ មិនហៅក្មួយៗទៀតទេ ក្មួយៗនោះ ត្រូវហៅចំពោះឪពុកម្តាយរបស់ចៅៗទៅវិញទេ។ អម្បាញ់មិញចូលទៅទីនោះ ខ្លះក៏សុំថតរូបជាមួយ។ ប៉ុន្តែយើងអត់មានពេលថតរូបជាមួយ (មានវ័យ)ស្មើនឹងកូនរបស់តាទេ។ ពិតមែនតែតាស្លៀកពាក់រាងឡូយបន្តិច ក៏ប៉ុន្តែ តាចាស់ហើយ។ ៦៨ ឆ្នាំ ហើយចៅ។ ប៉ុន្តែ មិនទាន់អីទេ ព្រោះតាហ្នឹង គេឱ្យរស់យ៉ាងហោច ៩៥ ឆ្នាំ ព្រោះជីដូន/តាជាង ៩០ ឆ្នាំ។ ឪពុកបានដល់ ៩០ ឆ្នាំ ប៉ុន្តែ ក្នុងកាលៈទេសៈដែលគាត់វេទនា ប៉ុន្តែតាអាចលើស ៩០ ឆ្នាំហើយ ប៉ុន្តែ មិនមែនបានសេចក្តីថា ធ្វើនាយករដ្ឋមន្ត្រីដល់ពេលហ្នឹងទេ។ ឥឡូវ គេប៉ុនប៉ងឱ្យធ្វើនាយករដ្ឋមន្រ្តីត្រឹមថ្ងៃ ៩ វិច្ឆិកា ផង។ ដល់ពេលហ្នឹងគេមកចាប់ខ្លួនហើយ។ តែថ្ងៃនោះ ថ្ងៃយើងស៊ីអំបុកទេ ចាំតានិយាយក្រោយអាហ្នឹង។
តួលេខសិស្សប្រឡងជាប់និទ្ទេស A មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ
យើងពិនិត្យមើល អំពីតួលេខកើនឡើង នៃឆ្នាំនីមួយៗ។ ឆ្នាំទី១ យើងប្រឡងដល់ទៅ ២ ដង។ ប្រឡងលើកទី ១ ជាប់បានត្រឹមតែ ២៥,៧២% ទេ។ អញ្ចឹង ចំនួនតិចណាស់បន្ទាប់ពីកំណែទម្រង់ ឱ្យប្រឡងលើកទី ២ ជាប់បានតែ ១៧,៩២% ទេ ហើយនិទ្ទេស A ពេលនោះ គឺមានតែ ១១ នាក់ទេ។ ឥឡូវ ១១ នាក់ នោះ កំពុងតែចិញ្ចឹមឱ្យបន្តរៀន។ អាមួយដែលមកពីកំពង់ចាម ដែលកំពុងរៀននៅសាលាពេទ្យនោះ ម៉ានី កំពុងតែតាមដានជាប់។ ខ្លះទៅរៀននៅបរទេស។ ខ្លះរៀននៅក្នុងប្រទេស។ ឆ្នាំ ២០១៥ យើងជាប់បាន ៥៥,៨៨% និទ្ទេស A ពេលនោះ គឺមាន ១០៨ នាក់។ ឆ្នាំ ២០១៦ ឡើងមកដល់ ៦២,១៨% និទ្ទេស A ឡើងរហូតដល់ ៤០៥ នាក់។ ឆ្នាំ ២០១៧ បេក្ខជនប្រឡងជាប់ឡើងដល់ ៦៣,៨៤% និទ្ទេស A ឡើងដល់ ៤២៤ នាក់។ ឆ្នាំ ២០១៨ ប្រឡងជាប់ ៦៧,០៧% និទ្ទេស A ធ្លាក់មកនៅ ៤០៨ នាក់។ អញ្ចឹង បានសេចក្តីថា ធ្លាក់និទ្ទេស A។ ដល់ឆ្នាំ ២០១៩ នេះ ប្រឡងជាប់ ៦៨,៦២% និទ្ទេស A ឡើងមកដល់ ៤៤៣ នាក់។
កំណែទម្រង់វិស័យអប់រំ បានជះឥទ្ធិពល/ប្រតិសកម្មខ្លាំង ទៅដល់សិស្ស មាតាបិតា និងអាណាព្យាបាល
មិនមែនជាការបន្ធូរបន្ថយ ដើម្បីឱ្យសិស្សប្រឡងគិតជាភាគរយជាប់ច្រើននោះទេ ក៏ប៉ុន្តែការពង្រឹងគុណភាពនៅតែបន្ត។ តាមរយៈការកែទម្រង់មួយនេះ ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិនេះ បានជះឥទ្ធិពលប្រតិសកម្មខ្លាំងណាស់ ជាមួយនឹងការខិតខំរបស់សិស្ស មិនមែនចាំតែដល់ពេលជិតប្រឡងបានប្រឹងនោះទេ ចាប់ប្រឹងតាំងពីក្រោមតែម្តង ព្រោះខ្លាចផ្ទាល់ខ្លួនមិនអាចប្រឡងជាប់បាក់ឌុប ខ្លាចកូន ខ្លាចចៅ មិនអាចប្រឡងជាប់បាក់ឌុប។ អញ្ចឹង ត្រូវជម្រុញឱ្យកូនរៀនពីខាងក្រោមទៅតែម្តង។ នេះគឺជាចំណុចល្អ ដែលផ្តើមចេញពីដំណាក់កាលនោះ។ ដូចមនុស្សដែលលោតកម្ពស់អញ្ចឹង មិនអាចទៅដល់លោតផ្លោតទេ រត់ពីចម្ងាយទើបអាចលោតកម្ពស់ ឬលោតចម្ងាយទៅរួច។ អញ្ចឹងទេ ចៅៗដែលបានខិតខំប្រឡងជាប់នេះ បានប្រឹងតាំងពីដើមទីរហូតមក។
សិស្សប្រឡងមិនជាប់ ខិតខំរៀនដើម្បីប្រឡងនៅឆ្នាំក្រោយ ឬអាចរៀនបរិញ្ញាបត្ររង ឬថ្នាក់បច្ចេកទេស
សូមយកឱកាសនេះ អបអរសាទរសិស្ស ដែលប្រឡងជាប់គ្រប់កម្រិតទាំងអស់នៅទូទាំងប្រទេស ដែល ជិត ៨ ម៉ឺននាក់។ ទន្ទឹមនេះ ក៏សូមចូលរួមការសោកស្តាយ ចំពោះសិស្សដែលប្រឡងមិនជាប់ ហើយក៏សូមលើកទឹកចិត្តឱ្យចៅៗខិតខំរៀនសូត្របន្ត ដើម្បីប្រឡងនៅឆ្នាំក្រោយទៀត ឬចូលរៀនយកបរិញ្ញាបត្ររង ឬបច្ចេកទេស។ ក្រសួងអប់រំ បានបើកឱកាសឱ្យសិស្ស ដែលប្រឡងមិនជាប់អាចមានឱកាសចូលរៀនយកបរិញ្ញាបត្ររង។ សាលាបណ្តុះបណ្តាលបច្ចេកទេស ដែលគ្រប់គ្រងដោយក្រសួងការងារ ក៏ទទួលយកនូវសិស្សឱ្យចូលទៅរៀនយកខាងបច្ចេកទេស។ ខ្ញុំដឹង មានកូនស្រីរបស់មន្ត្រីរាជការយើងនៅទូរទស្សន៍ជាតិកម្ពុជា កូនប្រឡងធ្លាក់ឆ្នាំទៅ។ អញ្ចឹង ឱ្យកូនរៀនយកបរិញ្ញាបត្ររង។ រៀនយកបរិញ្ញាបត្ររងបាន ១ ឆ្នាំ។ ឆ្នាំនេះ មកប្រឡងបាក់ឌុបឡើងវិញជាប់បាក់ឌុប។ បើដូច្នេះវាអត់មានអីត្រូវខាតទេ។ រៀនឆ្នាំទី ១ នៅឯណោះ ខ្វះតែសញ្ញាបត្របាក់ឌុបទេតើ។ អញ្ចឹង ដល់ប្រឡងបាក់ឌុបហើយ បំពេញលក្ខខណ្ឌ ដើម្បីយកបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ បើសិនមានលទ្ធភាពចូលរៀនទៅយកអាបរិញ្ញាបត្ររង រួចហើយត្រឡប់មកប្រឡងយកសញ្ញាបត្របាក់ឌុប ក៏ជាវិធីមួយ។ ប៉ុន្តែ វិធីរៀនបន្ត រៀនបាក់ឌុបនៅហ្នឹង ហើយចូលប្រឡង។ ផ្នែកបច្ចេកទេសក៏មានឱកាសរាប់ម៉ឺននាក់។ បច្ចុប្បន្ននេះ ដែលត្រូវចូលរៀនតាមសាលាបច្ចេកទេសរបស់យើង ដែលជាតម្រូវការមួយ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់យើង។
កោតសរសើរគ្រប់តួអង្គពាក់ព័ន្ធ ដែលបានបង្កលក្ខណៈងាយស្រួលដល់សិស្សប្រឡងបាក់ឌុបកន្លងទៅ
ខ្ញុំសុំយកឱកាសនេះ កោតសរសើរ ចំពោះក្រសួងអប់រំ លោក/អ្នកគ្រូ អាជ្ញាធរខេត្ត/ស្រុក មូលដ្ឋានភូមិ/ឃុំ សាលារៀន វត្តអារាម ព្រះសង្ឃ ក្រុមការងារថ្នាក់ជាតិ ដែលចុះមូលដ្ឋាន សហភាពសហព័ន្ធយុវជន និងអង្គការសង្គមនានា ដែលបានខិតខំចូលរួមចំណែក ដើម្បីដោះស្រាយបញ្ហានានា ក្នុងហ្នឹងទាក់ទងនឹងការប្រឡងគ្រប់ខេត្តទាំងអស់ តែងរកគ្រូដើម្បីជួយបំប៉នសិស្សមុនពេលប្រឡង ហើយនឹងត្រូវដោះស្រាយថវិកាដោយថ្នាក់ខេត្ត ឬក៏ខាងសមាគមយុវជន ផ្នែកយុវជន។ ដល់ពេលសិស្សមកប្រឡង បង្កលក្ខណៈងាយស្រួលឱ្យសិស្ស ដែលមកពីចម្ងាយខ្វះខាតលទ្ធភាពខាងថវិកាបានមកប្រឡង ដោយចូលរួមផ្តល់ទីកន្លែងឱ្យស្នាក់នៅ និងការហូបចុក។
មនុស្ស យកជាអាទិភាពទី ១
ខ្ញុំស្នើឱ្យបណ្តាខេត្តទាំងអស់បន្តការយកចិត្តទុកដាក់តទៅទៀត ជាមួយនឹងកិច្ចការទាំងអស់នេះ ដោយចាត់ទុកថា កិច្ចការទាំងអស់ទាក់ទងនឹងវិស័យអប់រំជាអាទិភាព ដែលអភិបាលខេត្តទាំងអស់ត្រូវមើលបញ្ហានេះខ្លួនឯង មិនមែនបណ្តោយតែមន្ទីរអប់រំទេ យើងត្រូវដឹងថា មុំទី ១ នៃយុទ្ធសាស្ត្រចតុកោណរបស់យើង គឺផ្តោតទៅលើបញ្ហាការអភិវឌ្ឍមនុស្សនេះឯង។ ពីមុនយើងនិយាយ “ទឹក ផ្លូវ ភ្លើង មនុស្ស” ឥឡូវនិយាយពី “មនុស្ស ទឹក ភ្លើង ផ្លូវ”។ យកមនុស្សយកមកដាក់ពីមុខ។ សូម្បីតែបញ្ហាថវិកា ក៏ប្រើពាក្យថាថវិកាផ្សារភ្ជាប់នឹងគោលនយោបាយ។ បើគោលនយោបាយអាទិភាពទៅលើវិស័យធនធានមនុស្ស ការវិភាជថវិកាក៏ត្រូវផ្សារភ្ជាប់ជាមួយនឹងគោលដៅនៃការអភិវឌ្ឍមនុស្ស ដែលក្នុងហ្នឹងសំខាន់លើវិស័យអប់រំ និងសុខាភិបាល។ យើងត្រូវច្បាមការងារនេះឱ្យជាប់ មិនមែនគ្រាន់តែជាការងារដាច់ដោយឡែករបស់ក្រសួងអប់រំ យុវជន និងកីឡាទេ ប៉ុន្តែ ជាបញ្ហាទូទៅរបស់សង្គម ដែលត្រូវមានធនធានមនុស្សកាន់តែពូកែ/ខ្លាំង។
បើកុំមានសង្គ្រាមឆ្នាំ ១៩៧០ ប្រាក់ចំណូលប្រជាជនកម្ពុជាមិនទាបជាងថៃ និងម៉ាឡេស៊ី
សន្ទស្សន៍ នៃការអភិវឌ្ឍមនុស្ស តាមអ្វីដែលជាការរៀបចំដោយធនាគារពិភពលោក យើងស្ថិតនៅក្រោម(ប្រទេសមួយចំនួន) ប៉ុន្តែមិនមែននៅចុងប៉ូចគេនោះទេ។ ហោចណាស់នៅក្នុងតំបន់អាស៊ាន កម្ពុជានៅពីលើមីយ៉ាន់ម៉ា។ ប៉ុន្តែការដើរបានមកលើប៉ុណ្ណេះ ហើយខ្ញុំនៅតែមានការសោកស្តាយ ត្រង់ថា ចេះតែរំពឹងគិតថា ប្រសិនបើកម្ពុជាកុំមានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ហើយទុកថ្វាយព្រះករុណាព្រះបិតាជាតិ ព្រះអង្គដឹកនាំបន្ត ប្រទេសយើងមិនមែនស្ថិតនៅក្នុងស្ថានភាពប្រាក់ចំណូលត្រឹមតែ ១ ៥០០ (ដុល្លារអាមេរិក)ជាងនោះទេ។ ខ្ញុំសុំជម្រាប ឆ្នាំ ១៩៦៨-៦៩ តួលេខមើលឡើងវិញ ប្រាក់ចំណូលពលរដ្ឋកម្ពុជា ២៧២ (ដុល្លារអាមេរិក) ក្នុងពេលដែលកូរ៉េខាងត្បូងទើបនឹងមានជាង ៥០ ដុល្លារ(អាមេរិក)/មនុស្សម្នាក់។ អញ្ចឹង បើកុំមានសង្គ្រាមវិនាសកម្មពីឆ្នាំ ១៩៧០ របប ប៉ុល ពត បំផ្លាញអស់។ សម្លាប់ទាំងមនុស្ស។ តែមកដល់ពេលនេះ ពលរដ្ឋកម្ពុជាទទួលប្រាក់ចំណូលប៉ុន្មានទៅហើយ? មិនទាបជាងថៃនោះទេ។ បើមិនដល់សាំងហ្គាពួរ ក៏មិនទាបជាងថៃ ហើយក៏មិនទាបជាងម៉ាឡេស៊ី។ ចូលដល់ម៉ឺនដុល្លារទៅហើយ។
ដោយសារព្រះករុណាបិតា ព្រះអង្គយកព្រះទ័យទុកដាក់ខ្ពស់ទៅលើបញ្ហាវិស័យអប់រំនេះ ដែលទុកតំណាងឱ្យយើងរាល់ថ្ងៃនេះ សាកលវិទ្យាល័យភ្នំពេញ និងសាកលវិទ្យាល័យនានា រហូតពេលនោះ មានសាកលវិទ្យាល័យធ្លាក់ដល់បាត់ដំបង សាកលវិទ្យាល័យដល់កំពង់ចាម ពង្រាយសាកលវិទ្យាល័យទៅតាមខេត្តរួចស្រេចទៅហើយ។ កំពតមួយដែរ។ សាកលវិទ្យាល័យពង្រាយទៅតាមខេត្តតាំងពីមុនឆ្នាំ ១៩៧០ ទសវត្សរ៍ ៦០។ កម្ពុជាពង្រាយវិទ្យាល័យទៅតាមខេត្តទៅហើយ។ អញ្ចឹង បើយើងកុំមានសង្គ្រាម កុំមានរបប ប៉ុល ពត តើមកដល់ពេលនេះ ប្រជាជនយើងមានចំនួនប៉ុន្មាន? ប្រាក់ចំណូលប៉ុន្មាន? ហើយធនធានមនុស្សកម្រិតណា? យើងនៅតែសោកស្តាយ។ យើងធ្វើឡើងវិញពីឆ្នាំ ១៩៧៩ មកដល់ពេលនេះ ធនាគារពិភពលោកគេឱ្យចំណាត់ថ្នាក់យើងខ្ពស់ជាងមីយ៉ាន់ម៉ាទៅហើយ។ យើងធ្វើក្នុងរង្វង់ ៤០ ឆ្នាំ ប៉ុន្តែ បើសិនជាពី ១៩៧០ មកដល់ឥឡូវ (រយៈពេល) ៤៩ ឆ្នាំ ប្រហែលជាមកដល់ពេលនេះ បញ្ញវ័ន្តរបស់យើងពេញទឹក/ដី ហើយធនធានមនុស្សរបស់យើង គឺមិនអន់ទេ។
បន្តិចទៀតនឹងឈានទៅដល់កម្រិតអ្នកដែលមានឧត្តមសិក្សាទៅឈរធ្វើមេឃុំ/ធ្វើក្រុមប្រឹក្សាឃុំ/សង្កាត់
ចំណុចទាំងនេះហើយ ដែលយើងត្រូវបន្តការខិតខំ។ យើងបាត់បង់ហើយ បានជាយើងប្រឹងឡើងប៉ុណ្ណេះ។ ខ្ញុំបាននិយាយជាមួយអនុប្រធានធនាគារពិភពលោក ដើម្បីឱ្យគាត់យល់បន្ថែម។ សន្ទស្សន៍របស់យើង គឺវានៅទាបអញ្ចឹង ប៉ុន្តែ បើប្រៀបធៀបទៅនឹងចំណុចចេញដំណើររបស់យើងពីឆ្នាំ ១៩៧៩ យើងមានចំនួនខ្លាំងជាង។ ឥឡូវ អាជ្ញាធរចាប់ពីថ្នាក់ខេត្ត/រាជធានី អ្នកដែលមានឧត្តមសិក្សា ១០០-២០០ ទៅហើយ នៅថ្នាក់ស្រុកនៅសល់អ្នកដែលគ្មានឧត្តមសិក្សានោះ មិនដល់ ១០% ទេ។ បន្តិចទៀត អ្នកទាំងនោះចូលនិវត្តន៍ទៅហើយ។ បន្តិចទៀត គ្របដណ្តប់សុទ្ធតែមានអ្នកឧត្តមសិក្សា មានថ្នាក់ឧត្តមសិក្សា។ ខ្ញុំជឿថា បន្តិចទៀតនឹងឈានទៅដល់កម្រិតអ្នកដែលមានឧត្តមសិក្សាទៅឈរធ្វើមេឃុំ/ធ្វើក្រុមប្រឹក្សាឃុំ/សង្កាត់ ហើយពេលនេះ មេឃុំ/ចៅសង្កាត់របស់យើងមានកម្រិតថ្នាក់ឧត្តមសិក្សា។
ការបណ្តុះបណ្តាលក្នុងវិស័យការពារជាតិ/មហាផ្ទៃបច្ចុប្បន្នឈានទៅ ១២ បូក ៤
សូម្បីទាហាន ប៉ូលីសរាល់ថ្ងៃនេះ ប្រឡងជ្រើសរើសទាហានក៏កម្រិតយកវប្បធម៌ ព្រោះមិនមែនចេះតែចូលទេ។ រហូតដល់ឥឡូវនេះ មានអ្នកខ្លះដើរបោកគេទៅទៀតថា ដើម្បីប្រឡងចូលបាន គេត្រូវបង់លុយប៉ុណ្ណេះទៅទៀត។ កាលពីសម័យសង្គ្រាមនាំគ្នាគេច ឥឡូវ ប្រាក់ខែគេខ្ពស់ ប្រឹងនាំគ្នាចូលទាហាន។ ប៉ូលីសឱ្យពេញទឹក/ដី ប៉ុន្តែ អត់អីទេត្រូវប្រឡង។ មហាវិទ្យាល័យការពារជាតិ អាហ្នឹងយក ១២ បូក ៤ ប៉ុន្តែ សាលាត្មាតពង នាយទាហានសកម្ម ១២ បូក ៤ ដែរ ថ្នាក់មហាវិទ្យាល័យ គឺបរិញ្ញា។ ពីមុនយកបរិញ្ញាបូក ២ តែវាមិនស្របទេ គឺក្រោយមកយើងដាក់កម្រិត ១២ បូក ៤។ ឥឡូវ នាយទាហានជើងគោកស្រុកឫស្សី ១២ បូក ៤ ដែរ។ រួចហើយនាយកទាហានធំៗយកមហាវិទ្យាល័យការពារជាតិ។ ខាងប៉ូលីស ក៏មានរាជបណ្ឌិត្យសភា។ ឥឡូវ បើមន្ត្រីរាជការស៊ីវិល អ្នកដែលមានកម្រិតថ្នាក់ត្រឹមតែមធ្យមសិក្សានោះ ពួកគាត់បានចូលនិវត្តន៍ស្ទើរតែអស់ទៅហើយ។ ឥឡូវ ប្រឡងចូលថ្មីៗ។ លក្ខខណ្ឌ គឺចាប់ពីបរិញ្ញាឡើងលើហើយ។ បើនិយាយពីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន អគ្គនាយកស្អីៗ សុទ្ធតែមានបរិញ្ញាឡើងលើ។ ប្រៀបធៀបទៅនឹងឆ្នាំ ១៩៧៩ យើងសល់អ្នកដែលមានឧត្តមសិក្សា និងក្រោយឧត្តមសិក្សាប៉ុន្មាន ១០០ នាក់ប៉ុណ្ណឹង។
ការប្រមាថរបស់មេឧទ្ទាមក្រៅច្បាប់ទៅលើសញ្ញាបត្រ/ការសិក្សាក្នុងស្រុក ជាប្រមាថចំពោះសិស្ស និងគ្រូ
ឥឡូវនេះ ការខិតខំរបស់យើងមិនអត់ប្រយោជន៍។ យើងបានដើរមកដល់ដំណាក់កាលមួយ។ បើទោះបីត្រូវគេប្រមាថថា សញ្ញាបត្រក្នុងស្រុករបស់យើង គឺសញ្ញាបត្រអន់ (ក៏សូម)ប្រជាពលរដ្ឋកម្ពុជាត្រូវចាំ ពួកឧទ្ទាមក្រៅច្បាប់ ដែលមុននោះ គ្រាន់តែពួកប្រឆាំងទេ តែឥឡូវក្លាយទៅជាពួកឧទ្ទាមហើយ … តែងតែប្រមាថចំពោះសញ្ញាបត្រ ប្រមាថការសិក្សាក្នុងស្រុក វាជាការប្រមាថ ចំពោះចៅៗ/លោក/អ្នកគ្រូ ដែលបានបង្រៀនចៅៗ ព្រោះលោក/អ្នកគ្រូ មានមួយចំនួនស្ទើរតែជិត ១០០% ដែលគាត់បានទទួលការហ្វឹកហាត់ត្រឹមតែក្នុងស្រុក។ ប៉ុន្តែ ត្រូវគេប្រមាថ ក្នុងចំណោមអ្នកដែលគេប្រមាថនោះ ក៏មានអ្នកគាំទ្រគេដែរ។ អញ្ចឹង សុំអ្នកគាំទ្រទាំងឡាយនោះ មើលឱ្យឃើញមេរបស់អ្នកឯងប្រមាថ ចំពោះអ្នកឯងផ្ទាល់តែម្តង។ យើងត្រូវចេះឱ្យតម្លៃខ្លួនយើង។ តែយើងមិនមោទនភាពហួសទេ។ តែ(ត្រូវដឹងពីតម្លៃនៃ)អ្វីដែលយើងខិតខំបានមកនេះ។
បើមិនមានការគាំទ្រពីប្រជាពលរដ្ឋ មិនអាចធ្វើនាយករដ្ឋមន្ត្រីដល់ ៤០ ឆ្នាំ នោះទេ
ទម្រាំបានប៉ុណ្ណេះ ចៅអើយ។ សួរមើល ជីដូន/តារបស់ចៅ ឪពុកម្តាយរបស់យើង តើគាត់ប្រឹងប៉ុណ្ណាទៅ? តាមានមោទនភាពដោយបានរួមជាមួយជីដូនជីតារបស់ចៅៗ រួមជាមួយនឹងឪពុកម្តាយរបស់ចៅៗ ធ្វើដំណើរ ៤០ ឆ្នាំ ជាមួយគ្នារហូតមកដល់ពេលនេះ។ ទៅវិញផ្តាំផ្ញើសួរសុខទុក្ខពួកគាត់ណា បើគាត់នៅរស់ ថាអរគុណហើយ ដែលជីដូនជីតារបស់ចៅៗ ឪពុកម្តាយរបស់ចៅៗ គាំទ្រតាតាំងពីតាចាប់ផ្តើមធ្វើសកម្មភាពផ្តួលរំលំរបប ប៉ុល ពត, ទប់ស្កាត់ការវិលត្រឡប់ នៃរបប ប៉ុល ពត, អនុវត្តនយោបាយឈ្នះឈ្នះ ក៏ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ បើគ្មានពួកគាត់គាំទ្រទេ តាមិនអាចអង្គុយនៅទីនេះបាន ៤០ ឆ្នាំទេ។ បើមានត្រឹមតែតាម្នាក់ និងមេដឹកនាំគណបក្សប្រជាជនតែប៉ុន្មាន(នាក់) មិនគ្រប់គ្រាន់ទេ ក៏ប៉ុន្តែមូលដ្ឋានធំជាងគេគឺជីដូន/តា ឪពុកម្តាយរបស់ចៅនោះឯង ដែលបានគាំទ្រដំណើរការរយៈពេលកន្លងទៅនេះ។
បោះឆ្នោតឱ្យគណបក្សប្រជាជន មានតម្លៃស្មើនឹងការបោះឆ្នោតឱ្យជីដូនជីតា/ឪពុកម្តាយរបស់ខ្លួន
ឧទាហរណ៍៖ ការសិក្សាជាង ៣ លាននាក់ បើមានតែសាលា តែអត់សិស្សរៀន តើត្រូវធ្វើម៉េច? បើមានតែសាលា តែអត់គ្រូបង្រៀន តើត្រូវធ្វើម៉េច? ប៉ុន្តែ ជីដូន/តារបស់ចៅៗ ពួកគាត់បានខិតខំរួមចំណែក ដើម្បីធ្វើឱ្យប្រទេសជាតិនេះរស់រានមានជីវិតឡើងវិញ។ ដូច្នេះ ចៅៗចូលរួមរក្សាសន្តិភាព គឺចូលរួមរក្សាសមិទ្ធផលដែលជីដូនជីតារបស់ចៅៗ ឪពុករបស់ចៅៗ បានខិតខំធ្វើក្នុងរយៈពេលកន្លងទៅនេះ។ ការបោះឆ្នោតឱ្យគណបក្សប្រជាជន មានតម្លៃស្មើនឹងការបោះឆ្នោតឱ្យជីដូនជីតារបស់ចៅៗ។ កុំភ្លេច របស់ទាំងនេះបាននាំមកដោយបាតដៃរបស់ជីដូន/តា ឬអាចដល់តា/យាយទួតរបស់ចៅផង ដែលពួកគាត់បានប្រឹងពលិកម្មខ្លាំងណាស់។ យើងប្រឹងស៊ីអត់/ឃ្លានជាមួយគ្នា។ គេដាក់ទណ្ឌកម្មហ៊ុមព័ទ្ធទាំងអស់ ប៉ុន្តែ យើងរស់នៅជាមួយគ្នា ធ្វើតាំងពីប្រជាជន ៥ លាននាក់ ឥឡូវ ប្រជាជនឡើងជិត ១៦ លាននាក់។
ត្រូវឱ្យតម្លៃដល់គ្រូ ជួនកាលគ្រូចាំតែទទួលកំហុស ជាមួយគុណសម្បត្តិមិនសូវទទួលបាន
ឆ្នាំនេះ តាអត់បានចូលរួមក្នុងទិវាគុណគ្រូទេ ដោយសារជាប់បេសកកម្មនៅក្រៅប្រទេស។ សម្តេចក្រឡាហោម ស ខេង ជានាយករដ្ឋមន្រ្តីស្តីទីបានចូលរួម ហើយខ្ញុំក៏សុំយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរ និងសូមជូនពរ ចំពោះគ្រូបង្រៀនទាំងអស់នៅទូទាំងប្រទេស សូមប្រកបតែនឹងសេចក្តីសុខ/ចម្រើនគ្រប់ៗគ្នា។ ត្រូវឱ្យតម្លៃដល់គ្រូ ជួនកាលគ្រូចាំតែទទួលកំហុសទេ ហើយយើងត្រូវដកយកចេញឱ្យអស់នូវអ្វីដែលជាចំណុចគិតគូរខុស។ “ពេលកូនប្រឡងជាប់ ថាពូជអញវាពូកែ ដល់កូនប្រឡងធ្លាក់ ថាមកពីគ្រូវាអន់” គ្រូងាប់រហូត។ បើគ្មានគ្រូបង្ហាត់បង្ហាញទេ ចៅៗអត់ទទួលបានទេ។ អញ្ចឹងទេ សេចក្តីត្រូវការគ្រូរបស់ យើង (ត្រឹមតែ)នឹកដល់ពួកគាត់។ អាហ្នឹង ប៉ែន ស៊ីម៉ន ឧស្សាហ៍និយាយពេលវាយកូនហ្គោល (មិត្តភក្តិ)គេជួបគ្នា មានក្មួយឯងម្នាក់ធ្វើចៅហ្វាយស្រុក? អើ! ក្មួយអញវាអញ្ចឹង។ ដូចមានក្មួយឯងម្នាក់ទៀតពាក់ស័ក្តិ ៣? អើ! ពូជអញវាអញ្ចឹង។ ក្មួយម្នាក់ទៀតធ្វើវេជ្ជបណ្ឌិត? ពូជអញវាអញ្ចឹង។ ដល់ចំអាកន្លែងមួយ ប៉ុន្តែ ដូចក្មួយពូឯងម្នាក់ជាប់គុក? ហ្អេ! កុំនិយាយ។ អាណាល្អៗ គឺទទួល។ អាហ្នឹងពូជអញ។ ដល់អាជាប់គុក មិនមែនពូជអញទេ។ ត្រូវទទួលយក(ទាំងល្អ/អាក្រក់) ព្រោះ(ដូងវា)មានតក់/នាលិ។
វិស័យអប់រំ និងសុខាភិបាល ពីរក្របខណ្ឌនេះ គ្មានទេពាក្យថាថយបុគ្គលិក មានតែកើន
យើងត្រូវបន្តការខិតខំតទៅទៀត។ ឆ្នាំនេះ ត្រូវប្រឡងគ្រូ ៣ ០០០ (នាក់)។ វិស័យពីរ ដែលផ្តល់ការអនុញ្ញាតឱ្យជ្រើសរើស។ វិស័យអប់រំ និងវិស័យសុខាភិបាល ក្របខណ្ឌពីរនេះ។ រំលឹករឿង លោក (Lakhan) Mehrotra គាត់ធ្វើការឱ្យ UNDP គាត់ទៅដល់ផ្ទះខ្ញុំ។ គាត់ថា ត្រូវកាត់បុគ្គលិកប៉ុណ្ណេះៗ។ ដូចស្រួលណាស់។ ខ្ញុំថា ឯកឧត្តម ការកាត់បុគ្គលិកមិនមែនដូចដកស្ពៃទេ ជាងនេះទៅទៀតវិស័យអប់រំ និងវិស័យសុខាភិបាល គ្មានទេពាក្យថាថយ មានតែកើន ព្រោះចំនួនក្មេងកើនឡើង វាត្រូវការថ្នាក់រៀន វាត្រូវការគ្រូបង្រៀន ជួនកាលបរទេសខ្លះ។
មានសំណាងកើតក្នុងប្រទេសអ្នកមាន មិនប្រាកដថាខួរក្បាលអ្នកលើសខ្ញុំនោះទេ
មិនប្រាកដថា ខួរក្បាលគេវាពូកែជាងយើងទេ ខ្ញុំមិនមានមោទនភាពពេកទេ ប៉ុន្តែ វានៅត្រង់អញ្ចេះ ខ្លះគេអាចនឹងប្រមាថយើង ប៉ុន្តែ យើងក៏ត្រូវឱ្យមេរៀនគេវិញដែរ។ ខ្ញុំនិយាយត្រង់ៗតែម្តង ពេលខ្លះខ្ញុំថា អ្នកឯងសំណាងគ្រាន់តែបានកើតក្នុងប្រទេសអ្នកមានប៉ុណ្ណោះ ប៉ុន្តែ ខួរក្បាលរបស់អ្នកឯងមិនប្រាកដថាគ្រាន់បើជាងខ្ញុំទេ។ អ្នកខ្លះវាចូលមក វាចង់ប្រដៅយើង។ មិនស្គាល់ទាំងសភាពការណ៍ខ្មែរផងមកប្រដៅខ្មែរ? ដល់អញ្ចឹង ឯកឧត្តមមានសំណាងកើតក្នុងប្រទេសអ្នកមានតែប៉ុណ្ណោះ ប៉ុន្តែ ខួរក្បាលឯកឧត្តមមិនប្រាកដថា
លើសពួកខ្ញុំទេ។ ដូនតាខ្ញុំធ្វើអង្គរវត្តតាំងពីប្រទេសឯកឧត្តមមិនទាន់កើត។ និយាយយ៉ាងដូច្នេះ យើងមិនមែនទាត់ចោលនូវការពិគ្រោះយោបល់ និងទាញធាតុចូលពីការចេះដឹងរបស់គេទេ ក៏ប៉ុន្តែ ត្រណមមួយ គឺមិនអនុញ្ញាតឱ្យគេប្រមាថ។ អ្នកខ្លះអាងតែបានកើតក្នុងប្រទេសអ្នកមាន តាំងខ្លួនជាអ្នកពូកែមកប្រដៅយើង។ អាហ្នឹងទទួលយកមិនបានទេ។ ប៉ុន្តែ យើងក៏មិនមែនត្រូវការឱ្យគេសរសើរគ្រប់តែរឿងទេ ត្រូវតែទទួលស្គាល់យកការពិតតែប៉ុណ្ណឹងទេ។ ក្នុង ១០០ (នាក់) ប៉ះមួយអាធុនហ្នឹង។ អាប៉ះមួយហ្នឹងត្រូវមាត់តែម្តង។ ងាកមើលមុខ ស្គាល់កម្ពុជាប៉ុណ្ណាទៅឯកឧត្តម? ឯកឧត្តមសំណាងបានកើតនៅប្រទេស ដែលមានលុយមានទ្រព្យសម្បត្តិ ក៏ខួរក្បាលមិនប្រាកដថាពូកែជាងមន្រ្តីខ្ញុំ។
មិនអនុញ្ញាតឱ្យលក់ស្ថាប័នគយ ព្រោះគយជាសេវាអធិបតេយ្យ
អ្នកខ្លះមកបបួលខ្មែរឱ្យលក់គយ។ កាលហ្នឹងចារទៅក្នុងសំបុត្ររបស់ ឯកឧត្តម គាត ឈន់ អ្នកណាចូលប្រជុំតទៅទៀតដកចេញពីតំណែងទាំងអស់។ លើកឧទាហរណ៍មួយ ស្ថាប័នអន្តរជាតិមួយ ដែលខ្ញុំមិនបញ្ចេញឈ្មោះទេ មកផ្តល់មតិឱ្យខ្មែរលក់គយ។ យើងនាំគ្នាគិតមើល គយជាសេវាអធិបតេយ្យ ដែលគយអាចបំពាក់អាវុធ មិនមែនត្រឹមតែអាវុធធម្មតាទេ គយប្រទេសខ្លះគេមានអានាវាប្រដេញប្រភេទជានាវាចម្បាំង មានឧទ្ធម្ភាគចក្រទៅទៀត។ ខ្ញុំមិនទាន់និយាយពីរឿងចំណូលទេ។ តើយើងលក់គយឱ្យឯកជន ហើយឯកជនមកពីបរទេសទៀត។ ដាក់មកសុទ្ធតែមិនមែនអក្សរខ្មែរ សុទ្ធតែអង់គ្លេស។ ខាងម្ខាងគេដាក់ GOVERNMENT SECTOR អាម្ខាងទៀត PRIVATE SECTOR … សួរថា ហ៊ុន សែន សម្រេចចិត្តត្រូវឬមិនត្រូវ? មើលអាកន្លែងហ្នឹងមើល? គេខឹង គេថា បើមិនព្រមតាមគេទេ គេមិនឱ្យលុយនេះទេ។ មិនឱ្យទេហីទៅ អញមិនយក។ បើអ្នកឯងមិនឱ្យអញធ្វើម៉េចយកកើត? គេគំរាមយើង ខឹងខ្ញុំដោយសារមិនព្រមស្តាប់គេ ប៉ុន្តែ បើយើងស្តាប់ទាំងផ្កាប់មុខ តើខ្មែរទៅជាអី? បានសេចក្តីថា បរទេសមកកាន់កាប់ផ្នែកមួយ នៃអធិបតេយ្យរបស់ខ្មែរទៅហើយ ព្រោះគយជាសេវាអធិបតេយ្យ ដែលមិនអាចផ្តល់ឱ្យអ្នកណាបានទេ។
បើនិយាយពីចំណូល ឥឡូវ ចំណូលគិតជាមធ្យម/ខែ ២៥០ លានដុល្លារ(អាមេរិក) (បើក្នុងករណីលក់ឱ្យគេ ក៏មានន័យថា) ត្រូវចែកឱ្យគេពាក់កណ្តាលទាំងអស់។ អញ្ចឹង ខ្មែរបានលុយឯណាចាយ? រួចចុះមន្រ្តីគយរបស់យើងទៅបម្រើឱ្យវិស័យឯកជន ដែលសុទ្ធតែជាមន្រ្តីពាក់ឯកសណ្ឋានមានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រទៀត ទៅដាក់ក្រោមការត្រួតត្រារបស់វិស័យឯកជន ដែលមកពីបរទេសទៀត។ អញ្ចឹង ឯករាជ្យខ្មែរវានៅកន្លែងណា? ខ្ញុំមិនព្រម។ អញ្ចឹង ការសម្រេចមិនព្រមរបស់ខ្ញុំ គឺត្រូវ។ ខ្មែរមានទាន់ងាប់ពីអង្កាល់? ផ្ទុយទៅវិញ ប្រាក់ចំណូលដែលបានមកពីគយ បើចែកឱ្យគេ ៥០% គឺវាអស់ហើយ អាមួយផ្នែកៗខាងរដ្ឋាភិបាល ឯមួយផ្នែកទៀតផ្នែកខាងឯកជន។ ពីរគេដាក់អញ្ចឹង។ GOVENERMENT SECTOR ដល់អាម្ខាងទៀត PRIVATE SECTOR គេដាក់មកអញ្ចឹង។ គេសុទ្ធតែតម្រូវទៀត លុយហ្នឹងសម្រាប់កែទម្រង់គយ បើមិនធ្វើតាមទេ លុយហ្នឹងចាយមិនបាន។ អ្នកឯងមិនឱ្យចាយ ខ្ញុំចាំបាច់ចាយអីលុយអ្នកឯង។
៩ ខែនេះ ចំណូលពន្ធគយ/ដារ ប្រមូលបានលើសផែនការ
ឥឡូវ ជម្រាបជូន ៩ ខែនេះ គយបានរកប្រាក់ចំណូល ១០០ លើស ៥% នៃផែនការ។ អញ្ចឹង ឆ្នាំនេះ ការរំពឹងទុកប្រាក់ចំណូល ដែលបានមកពីគយលើស ៨០០ លានដុល្លារ(អាមេរិក) លើសផែនការ។ ឥឡូវ អានេះវាលើសដល់ ៥% ទៅហើយ។ អញ្ចឹង នៅសល់ ៣ ខែទៀត គិតតែមួយខែ ២៥០ លាន(ដុល្លារអាមេរិក) អាហ្នឹងវាចេញ ៧៥០ លាន(ដុល្លារអាមេរិក) បូកនឹងអា ៥% នេះ ៨០០ លាន(ដុល្លារអាមេរិក)ជាង។ បងប្អូននិយាយថា Hunsenomics ហៅអីក៏បានដែរ តែអាហ្នឹងស្ទីល នៃការគ្រប់គ្រងសេដ្ឋកិច្ច។ ពន្ធដារផ្ទៃក្នុងក៏បានសម្រេចជាង ៩៥% រួចស្រេចទៅហើយ ដោយមិនទាន់គិតពីចំណូលមិននៅសារពើពន្ធ។
បរទេសបញ្ជូនមនុស្សមកដកពិសោធន៍រៀនសូត្រពីកម្ពុជាយើងច្រើន
ប្រទេសរបស់យើង ការពិតទៅ គេបញ្ជូនមនុស្សមកដកពិសោធន៍រៀនសូត្រពីប្រទេសរបស់យើងច្រើនណាស់ សូម្បីតែការរៀនដោះមីន គឺគេបញ្ចូនមករៀនរហូត។ រៀនពីស្រុកខ្មែរ។ មានឆ្នាំមួយនោះ ខ្ញុំទៅប្រទេសគុយបា អង្គុយបានជាមួយប្រធានាធិបតី Sao Tome and Principe ព្រោះខ្ញុំធ្លាប់ទៅប្រទេស Sao Tome and Principe កាលពីនៅជារដ្ឋមន្រ្តីការបរទេស គេនិយាយ។ ខ្ញុំភ្ញាក់ឱ្យព្រើត។ គាត់ថា គ្រូពេទ្យរបស់គាត់ ៥ នាក់ កំពុងធ្វើកម្មសិក្សានៅប្រទេសកម្ពុជា។ ខ្ញុំថា ទៅតាមណា? ទៅតាមធនាគារពិភពលោក បានសេចក្តីថា គេបញ្ជូនមនុស្សមកសិក្សានៅប្រទេសកម្ពុជាច្រើនរឿងណាស់ ឬផ្នែកនេះ/នោះ។ យើងក៏ទៅរៀនពីគេៗក៏មករៀនពីយើង។
វិមានសន្តិភាព ជាកំពូលអំណាចក្នុងនីតិប្រតិបត្តិ
សុំយកឱកាសនេះ អរគុណសប្បុរសជន ដែលបានចូលរួមជួយនៅតាមខេត្ត ហើយខេត្តនីមួយៗសុទ្ធតែមានការលើកទឹកចិត្ត មក(ទី)នេះចៅៗទទួលបានអំណោយតិចជាងនៅតាមខេត្តឱ្យទេ។ ខេត្តខ្លះលេងសុទ្ធតែម៉ូតូ ខេត្តខ្លះតិច/ច្រើន ប៉ុន្តែ ចៅៗមិនមែនសំដៅមករកតា ដើម្បីអំណោយទេ។ វិមានសន្តិភាពនេះ ជាកំពូលអំណាចក្នុងនីតិប្រតិបត្តិ។ នីតិបញ្ញត្តិ នៅសភា និងព្រឹទ្ធសភានោះ។ ប៉ុន្តែ យោងទៅលើរបបរាជា និយមអាស្រ័យធម្មនុញ្ញ និងរបបសភា អំណាចនីតិប្រតិបត្តិទាំងអស់ ប្រមូលផ្តុំនៅកន្លែងនេះ។ អញ្ចឹងអគារសន្តិភាពមួយនេះ មិនមែនធ្វើសម្រាប់តែតាអង្គុយទេ។ ចៅៗឆ្លៀតដើរមើលទៅ ថតរូបទុកអនុស្សាវរីយ៍ទៅ។ មិនដឹងទំនាយទាយយ៉ាងម៉េច ស្រាប់តែ ២០ ឆ្នាំក្រោយ ឡើងមកធ្វើជានាយករដ្ឋមន្រ្តី ឬឧបនាយកឬរដ្ឋមន្រ្តីក៏មិនដឹង។ តាកាលពីដើម ឃើញតែគេធ្វើត្រឹមចៅហ្វាយស្រុក ថាគេសំណាង តែអត់នឹកស្មានថាចុងក្រោយយើងក្លាយជានាយករដ្ឋមន្រ្តី តែងតាំងចៅហ្វាយស្រុក/ចៅហ្វាយខេត្តមួយប្រទេស។ ហើយអាសូរតែធ្វើនាយករដ្ឋមន្រ្តីហ្នឹងរយៈពេលខ្លីទៅ ជិត ៣៥ ឆ្នាំ។ បើគិតទាំងរដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តីស្តីទី ៣៥ ឆ្នាំ រួចស្រេចទៅហើយ។ ធ្វើម៉េចបើព្រហ្មលិខិតកំណត់វាមកអញ្ចឹង។
ថ្ងៃ ៩ វិច្ឆិកា ត្រូវស្លាប់ ឬរស់ ឬចាប់ខ្លួន?
មិនដឹងថាថ្ងៃ ៩ (វិច្ឆិកា)ហ្នឹង ត្រូវស្លាប់ ឬរស់ ឬត្រូវចាប់ខ្លួន? យប់មិញនេះ គេប្រកាសទៀត ប្រកាសរៃលុយ ដើម្បីចិញ្ចឹមទ័ពទៀត។ (មូលហេតុ)ហ្នឹងហើយសម្រាប់អញវាយ។ អញប្រាប់ឱ្យហើយ តែមានប្រដាប់អាវុធ អញវាយហើយ។ ឃើញត្រង់ណា វាយត្រង់ហ្នឹងតែម្ដង។ អត់មានត្រូវចាំដីកាចាប់ខ្លួន ឬមិនចាប់ខ្លូនទេ។ ផ្ដល់ឱកាសឱ្យកម្លាំងប្រដាប់អាវុធ ក្នុងហ្នឹងមានទាំងកងទ័ពចេញធ្វើសកម្មភាព។ កងទ័ពត្រូវដឹងតួនាទី នៅពេលសភាពការណ៍ធម្មតា ទ័ពអត់ចេញទេ ចេញតែប៉ូលីស និងអាវុធហត្ថទេ។ គេហៅ នគរបាលយុត្តិធម៌។ ប៉ុន្តែ ប្រកាសទ័ពបែបនេះហើយ បានសេចក្តីថា ទ័ពចាប់ផ្ដើមពង្រាយហើយៗ ប្រើអាវុធគ្រប់ធុន ព្រោះអានេះមិនមែនជាបាតុកម្មទាមទារឯណា នេះចូលដល់ប្រដាប់អាវុធ។ អ្នកគាំទ្រទាំងប៉ុន្មាន (សូមចាំ តែ) ឃើញចាប់ៗ កុំឆ្ងល់ពេក។ ខ្ញុំមិនចាំបាច់និយាយទេ អាហ្នឹងភារកិច្ចបានប្រគល់ដោយច្បាប់រួចទៅហើយ។
ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភ iPad សាកលវិទ្យាល័យ ទាំងរដ្ឋ និងឯកជន ផ្តល់អាហារូបករណ៍រាល់ឆ្នាំ
ខ្ញុំសូមអរគុណ ចំពោះក្រុមហ៊ុន ជីប ម៉ុង បានផ្ដល់ iPad គ្រប់ឆ្នាំ។ តាំងពីឆ្នាំទីមួយ រហូតដល់ឥឡូវ។ ឆ្នាំនេះ iPad នេះ ២៥៦ Gb ឯណោះ ហើយតម្លៃ ១ គ្រឿង ៦៨០ ដុល្លារ(អាមេរិក)។ គាត់ដឹងភារកិច្ចរបស់គាត់ ឱ្យតែចាប់ផ្ដើមប្រឡងភ្លាម គាត់ត្រៀមហើយ។ គាត់បានជួយរាល់ឆ្នាំរឿង iPad កាត់បន្ថយថវិកាជាតិ តាមរយៈការចូលរួមពីវិស័យឯកជន។ បណ្តាសប្បុរសជន ដែលបានជួយដល់សិស្សប្រឡងជាប់ ក្នុងហ្នឹងក៏មានសិស្សនិទ្ទេស A។
ខ្ញុំក៏សូមអរគុណ ចំពោះបណ្ដាសាកលវិទ្យាល័យ ក៏ដូចជា សប្បុរសជន ដែលបានផ្តល់អាហារូបករណ៍សម្រាប់ទាំងសិស្សនិទ្ទេស A និងនិទ្ទេសដទៃទៀត ដែលបានប្រឡងជាប់កាលពីរយៈពេលកន្លងទៅ។ ក្នុងហ្នឹង មួយផ្នែកក៏តាមរយៈខ្ញុំ/ឆ្នាំ ខ្ញុំមានអាហារូបករណ៍ជាង ៣ ០០០ កន្លែង សម្រាប់ផ្ដល់ជូនដល់និស្សិតក្រីក្រជួបការលំបាក ដូចជា ៣ ៧០០/ឆ្នាំ។ ការផ្ដល់អាហារួបករណ៍នេះ ទើបឱ្យចៅៗអាចសម្រេចដល់គោលដៅ ដែលចៅចង់បាន។ យើងមានសាលារដ្ឋផង មានសាលាឯកជនផង ព្រោះចៅៗមិនមែនបញ្ចប់ត្រឹមការចប់មធ្យមសិក្សាទុតិយភូមិទេ ត្រូវបន្តតទៅទៀត។ ខ្លះត្រូវត ៤ ឆ្នាំ ដើម្បីយកបរិញ្ញា ខ្លះត្រូវការចប់បរិញ្ញាហើយ យកបរិញ្ញាជាន់ខ្ពស់ ហើយអាចមានផ្នែកតូចណាមួយនោះ អាចទៅខ្ពស់ជាងនេះ ទៅដល់ថ្នាក់បណ្ឌិតឯណោះ។
សេដ្ឋកិច្ចទីផ្សារគ្មានមនោសញ្ចេតនា គុណភាពមិនដល់ គេមិនយកធ្វើការទេ
ខ្ញុំនៅតែបន្តអំពាវនាវឱ្យបន្តការខិតខំតទៅទៀត ទាំងសិស្សប្រឡងជាប់ ទាំងសិស្សប្រឡងមិនជាប់។ ចៅៗប្រឡងជាប់ត្រូវបន្តការខិតខំ ដើម្បីឈានឆ្ពោះទៅរកការសិក្សាខ្ពស់ជាង។ ចៅៗដែលប្រឡងមិនជាប់ ត្រូវខិតខំរៀនបន្តដើម្បីប្រឡងឆ្នាំក្រោយ ឬត្រូវរៀនយកបរិញ្ញាបត្ររង ឬបច្ចេកទេស ព្រោះសម័យឥឡូវមិនចេះអក្សរ មិនចេះគ្រប់គ្រាន់គេមិនយកធ្វើការទេ។ សេដ្ឋកិច្ចទីផ្សារគ្មានមនោសញ្ចេតនាទេ។ តាសូមជម្រាប មិនមែនយកចៅៗទៅកំដរទីកន្លែងធ្វើការទេ។ គុណភាពមិនដល់ គេមិនទទួលទេ។
គ្រូបង្រៀន និងពេទ្យ ពីរក្របខណ្ឌនេះមានបៀវត្សរ៍ខ្ពស់ជាងគេ
ដូច្នេះ ប្រឹងប្រែងទាំងអស់ លោក/អ្នកគ្រូរបស់យើងក៏ត្រូវប្រឹង។ ប្រាក់បៀវត្សរបស់លោក/អ្នកគ្រូក៏មានការកើនឡើង។ ពីរក្របខណ្ឌដែលមានប្រាក់ខែខ្ពស់ជាងគេ គឺគ្រូបង្រៀន និងគ្រូពេទ្យ។ ឥឡូវបើកប្រាក់ខែមួយខែពីរដង ដូច្នេះ មិនជា(លំបាកទេ)។ មានសៀវភៅបើកតាមធនាគារ។ គ្រូនៅជនបទទទួលបានច្រើនជាងគ្រូនៅទីក្រុង ដោយសារអី? វាទាក់ទងជាមួយនឹងផ្ទះស្នាក់នៅ វាមាន ៨ ម៉ឺន(រៀល)។ ១០ ម៉ឺន(រៀល)។ ១២ ម៉ឺន(រៀល)។ (មាន) ៣ ប្រភេទ។ ឥឡូវ កំពុងបន្តធ្វើដែរ ផ្ទះស្នាក់នៅរបស់គ្រូ/សិស្សនៅតាមវិទ្យាល័យ ដើម្បីយើងងាយពង្រាយគ្រូ។ ការតភ្ជាប់របស់យើងពីកន្លែងមួយទៅកាន់កន្លែងមួយក៏កាន់តែល្អប្រសើរ។
ចុងខែ តុលា ចេញទៅឆេកូ, ហុងគ្រី, ប៊ុលហ្គារី និងទៅប្រជុំអាស៊ាន
នៅពេលខាងមុខនេះ មិនយូរប៉ុន្មានទេ ថ្ងៃទី ៤ វិច្ឆិកា នឹងចូលបវេសនកាល។ ដូច្នេះ សារដែលត្រូវអានចាំខ្ញុំមកពីអឺរ៉ុបវិញ ព្រោះថ្ងៃអាទិត្យនេះ តាត្រូវចេញទៅអឺរ៉ុបប៉ុន្មានថ្ងៃឯណោះ។ ចេញថ្ងៃទី ១៣។ (ថ្ងៃទី) ១៤ ទស្សនកិច្ចនៅឆេកូ។ (ថ្ងៃទី) ១៥ នៅហុងគ្រី។ (ថ្ងៃទី) ១៦-១៧ នៅប៊ុលហ្គារី ហើយបានត្រឡប់មកវិញ ហើយធ្វើកិច្ចការងារមួយចំនួន រាប់ទាំងច្បាប់ថវិកា ដែលត្រូវប្រជុំ ដូចជាថ្ងៃទី ២៥ (តុលា) ប្រជុំ(គណៈរដ្ឋមន្រ្តី)ហើយ ត្រូវចេញទៅប្រជុំអាស៊ាន។ តែដូចជាត្រូវទទួលប្រធានាធិបតីហុងគ្រីទស្សនកិច្ចនៅចុងខែ តុលា ហ្នឹងផងដែរ។
តាមបណ្តាខេត្តមានទឹកជំនន់ យកចិត្តទុកដាក់ពិនិត្យមើល ដើម្បីសុវត្ថិភាពសិស្ស
សូមផ្ដាំផ្ញើតាមបណ្ដាខេត្ត ឱ្យពិនិត្យយកចិត្តទុកដាក់ ជាពិសេស ខេត្តដែលប៉ះពាល់ដោយទឹកជំនន់ ត្រូវពិនិត្យអគារសិក្សាឱ្យបានច្បាស់ មុននឹងឱ្យសិស្សចូលរៀន ព្រោះនៅពេលជួបគ្រោះទឹកជំនន់ក្នុងរយៈពេលកន្លងទៅ វាអាចមានបញ្ហានេះ/នោះ រាប់ទាំងសត្វមានពិសនៅក្នុងហ្នឹងផង ត្រូវមើលឱ្យបានច្បាស់ ដើម្បីសុវត្ថិភាពរបស់សិស្ស។
ការពារឱ្យបាន សន្តិភាពដែលយើងរកបានដោយលំបាក
ឥឡូវនេះ ប្រទេសរបស់យើងកិច្ចការរបស់យើងនៅពីមុខច្រើនណាស់ ក្រុមគ្រួសារនីមួយៗ បុគ្គលម្នាក់ៗត្រូវប្រឹង។ ទូទាំងប្រទេសអ្វីដែលត្រូវខិតខំ ដើម្បីបន្តការរីកលូតលាស់ ជម្រើសដ៏ល្អជាងគេ ការពារឱ្យបាននូវសន្តិភាព ដែលយើងរកបានដោយលំបាក។ បើការពារសន្តិភាពមិនបានទេ សូមកុំរំពឹងទៅលើការរីកលូតលាស់ណាមួយបន្ថែមទៀត។ ថ្ងៃ ៩ វិច្ឆិកា ជាថ្ងៃបុណ្យឯករាជ្យជាតិ ហើយក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទដែរ មិនសមគេយកថ្ងៃនេះ ធ្វើជាថ្ងៃផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ចាប់នាយករដ្ឋមន្រ្តី។ ឥឡូវ គេថា គេស្ទង់មតិបានហើយ ៦៥% នៃកម្លាំងប្រដាប់អាវុធគាំទ្រគេ។ អញ្ជើញមកឱ្យលឿនមក កុំចាំដល់ថ្ងៃនោះ។ មកមុនមកល្អ។ មនុស្សម្នាក់ ដែលព្រះមហាក្សត្រប្រគល់គោរមងារជា “តេជោ” អ្ហែងត្រូវយល់ពាក្យហ្នឹងឱ្យច្បាស់ទៅ។ ខ្ញុំចេះតែមិនដឹងថា តើវាមកតាមផ្លូវណា? ហើយសុទ្ធតែមនុស្សរាប់លាននាក់ តើអាហ្នឹងវាមកតាមណា? វាថាដឹកពីកូរ៉េផង ដឹកពីថៃផង … វាទាល់តែយន្តហោះហ្នឹង ៥០០ គ្រឿងអី។ ហើយមកងងឹតមេឃទាំងអស់ រកកន្លែងចុះមិនបានទេ។ នៅថៃ គិតថាកម្មករនៅថៃហ្នឹង គាំទ្រ(គេ)ទាំងអស់ឬយ៉ាងម៉េចហ្នឹង? មកថៃមកខុសកន្លែង ក្រែងលោវាត្រូវមីនងាប់ទៀត។ ដោះមីនមិនទាន់អស់ទេណា នៅតាមព្រំដែនកម្ពុជា-ថៃ។ មកខុសកន្លែងច្រកទ្វារហ្នឹង ក្រៅពីមីន វានៅមានកងទ័ពទាំងសងខាងទៀត នរណាគេឱ្យមក? ថ្ងៃមុន គេថា លោក ហ៊ុន សែន ភ្លើណាស់ អញកាន់ passport បារាំងទេតើ។ ហ្អាក! អានេះទាត់ចោល មិនមែនខ្មែរឯណា? បារាំងតើ។ បើអញ្ចឹងចូលស្រុកខ្មែរ អ្ហែងកាន់តែត្រូវតែម្តង។ បារាំងចូលស្រុកខ្មែរ ត្រូវហើយ។ វាថា ហ៊ុន សែន ល្ងង់ណាស់។ ចង់អីទៅចាប់នៅស្រុកគេ ព្រោះគេកាន់ passport បារាំង។ អានេះមិនមែនខ្មែរឯណា។ ស្រួលហើយ។ អញ្ចឹងអ្ហែងចូលស្រុកខ្មែរកាន់ passport បារាំង (រឿង)ផ្សេង។ ប៉ុន្តែ មេឧទ្ទាមមិនចាំបាច់និយាយគ្នាទេ អាហ្នឹងភារកិច្ចរបស់ ទៀ បាញ់ ហើយ ព្រោះឆ្លងផុតបន្ទាត់ក្រហមហើយ។
គេមិនមែនសំដៅមកដកត្រឹម ហ៊ុន សែន ទេ គេចង់ប្តូររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញចោល
ការប្រមាថព្រះមហាក្សត្រ មិនមែនជារឿងធម្មតាពេកទេ។ ប្រើពាក្យប្រមាថព្រះមហាក្សត្រសុទ្ធតែ “វា” ប្រើពាក្យ “វា” ហើយឱ្យព្រះមហាក្សត្រទៅធ្វើជាស្តេចល្ខោនទៅ ឱ្យព្រះមហាក្សត្រដាក់រាជ្យទៅ។ វាព្រហើនហួស។ អញ្ចឹង គោលដៅរបស់វា មិនមែនគ្រាន់តែដក ហ៊ុន សែន ពីតំណែងទេ ដកមហាក្សត្រចេញ ហើយវានិយាយទៅទៀត ក្នុងហ្នឹងវាថា ស្នើឱ្យព្រះមហាក្សត្រដាក់រាជ្យទៅ កុំនៅស្ងៀម កុំសោយរាជ្យធ្វើស្តេចល្ខោនឱ្យ ហ៊ុន សែន ប្រើ ដើម្បី ហ៊ុន សែន យកតែលម្អរបបព្រៃផ្សៃអីអញ្ចឹងទៅ។ វាឱ្យមហាក្សត្រដាក់រាជ្យ ហើយអ្នកសួរវាថា អាហ្នឹងអត់ប្រមាថទេ? ច្បាប់ហ្នឹងមនុស្សអ្នកធ្វើទេតើ។ ហើយវាថា ឱ្យស្ដេចដាក់រាជ្យទៅ ចាំថ្ងៃក្រោយ ចាំរើសស្ដេចទៀត។ ប៉ុន្តែ យើងគិតមើល ក្នុងរដ្ឋធម្មនុញ្ញ អត់មានព្រះមហាក្សត្រ គេទុកពេលតែ ៧ ថ្ងៃទេ។ អញ្ចឹងគោលដៅជាក់លាក់របស់គេ មិនសំដៅត្រឹមតែ ហ៊ុន សែន ទេ សំដៅដូររបបនេះចោលតែម្ដង របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ប្រទេសនេះគ្មានស្ដេចតទៅទៀតទេ។ អញ្ចឹង ទង្វើរដ្ឋប្រហារនេះ មិនអាចអត់ឱនឱ្យបានទេ។
អ្នកទាំងឡាយដែលចូលពាក់ព័ន្ធ សូមកុំចាត់ទុកថា រដ្ឋាភិបាលបំពានសិទ្ធិរបស់អ្នក។ បន្ទាត់ក្រហមត្រូវបានឆ្លងហើយ។ ឃើញមួយត្រូវចាប់មួយ ហើយកាត់ទោសអត់មានទាបទេ។ ម្រាមដៃមាន ១០ រឿងអីទៅកាត់មេដៃមួយ។ យុទ្ធនាការម្រាមដៃ ៩។ បើបានជាជ្រុលអញ្ចឹង ក្លាហានកាត់មួយចោលតែម្ដងទៅ ឱ្យវានៅតែ ៩ ទៅ។ ថ្ងៃមួយគគោក វាមិនរើស មករើសថ្ងៃទី ៩។ ឥឡូវ យើងប្រែក្លាយថ្ងៃទី ៩ របស់យើង ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ឱ្យទៅជាថ្ងៃទី ៩ វិច្ឆិកា ទទួលទានអំបុកទាំងអស់គ្នា។ អំបុកនៅទីនេះ គឺអំបុកការពារជាតិ សាសនា និងព្រះមហាក្សត្រ។ បាវចនាទាំងបីនេះ យើងការពាររៀងរហូតមកហើយ តែដោយសារមានឧបាយកលបំផ្លាញនៅពេលនោះ អំបុករបស់យើងក្លាយទៅជាអំបុកការពារជាតិ សាសនា និងព្រះមហាក្សត្រតែម្តង។
វាយតម្លៃប្រជាជនកម្ពុជា/គណបក្សប្រជាជនកម្ពុជា/ហ៊ុន សែន ទាបពេក
សូមអ្នកកុំសង្ឃឹម អ្នកវាយតម្លៃប្រជាជនកម្ពុជាទាបពេកហើយៗ អ្នកវាយតម្លៃផ្ទៃក្នុងគណបក្សប្រជាជន ទាបពេកហើយ។ អ្នកក៏បានវាយតម្លៃ ហ៊ុន សែន ទាបពេកដែរ។ វាឆ្ងាញ់ត្រង់ពាក្យអញ្ចេះ រកវិធីទៅ សម្របសម្រួលទៅ អាចឱ្យទៅនៅក្រៅប្រទេស ហើយទ្រព្យសម្បត្តិខ្លះគេឱ្យយកទៅ។ អ្ហែងចិត្តបានម្ល៉េះ? មិនបាច់ទេ អ្ហែងមកយកក្បាលអញតែម្តងទៅ? ហើយអ្នកចាញ់បោកនៅក្រៅ(ប្រទេស)ចេះតែចាញ់(បោក) ទៅ នាំគ្នាទះដៃប៉ឹកៗ។
កម្ពស់ទឹកនៅមុខព្រះបរមរាជវាំងនៅសល់ត្រឹម ៦,៥៧ ម៉ែត្រ ទម្រាំដល់អុំទូកទឹកអាចនៅត្រឹម ៥ ម៉ែត្រ
ទឹកថ្ងៃនេះនៅមុខព្រះបរមរាជវាំង ដែលយើងត្រូវអុំទូក នៅសល់តែ ៦,៥៧ ម៉ែត្រ។ អញ្ចឹង ឆ្នាំនេះ លទ្ធភាព ដល់ពេលបុណ្យអុំទូក អាចទឹកនៅក្រោម ៥ ម៉ែត្រ ក៏មិនដឹង។ សភាពការណ៍កំពុងបារម្ភ។ ប៉ុន្តែ ខ្ញុំបាន បញ្ជាក់ហើយ បើទោះបីទឹកនៅតែ ១ ម៉ែត្រ ក៏ត្រូវតែអុំទូកដែរ ព្រោះថ្ងៃទី ៩ វិច្ឆិកា ចំថ្ងៃដុតទៀនជ័យ មន្ត្រី ទាំងអស់ប្រមូលផ្តុំនៅវិមានឯករាជ្យ និងកន្លែងបុណ្យទាននៅតាមខេត្តទាំងអស់។ ដល់ថ្ងៃទី ១០ ពេលល្ងាច ព្រះមហាក្សត្រព្រះអង្គយាងចូលរួម ដើម្បីចាប់ផ្តើមបុណ្យអុំទូក នៅពេលល្ងាចប្រទានភ្លើង សម្រាប់ ប្រទីប។ ថ្ងៃទី ១១ ពេលល្ងាចត្រូវមកពន្លត់ទៀនជ័យ។ ល្ងាចថ្ងៃទី ១២ ត្រូវទៅកាន់ព្រ័ត្រ។
អ្នកក្នុងស្រុក និងជនបរទេស ត្រូវយល់ឱ្យបាន ផែនការរដ្ឋប្រហារមិនអាចទុកឱ្យសម្រេចបានទេ
ហើយវាចង្រៃអីវារើសអាថ្ងៃហ្នឹង? អានេះវាមានផែនការបំផ្លាញតែម្តង។ សូម្បីតែថ្ងៃបុណ្យជាតិ ក៏វាយកមកធ្វើជាការលេងសើចដែរ។ ឥឡូវ អត់ទេ មិនមែនចាំដល់ថ្ងៃនោះទេ អ្នកនៅខាងក្នុងចាំឱ្យច្បាស់ ហើយជន បរទេសទាំងឡាយត្រូវយល់ឱ្យបាន ផែនការរដ្ឋប្រហារមិនអាចទុកឱ្យសម្រេចបានទេ។ ផែនការឈានទៅ រកផ្ទុះអាវុធផ្តួលរំលំរដ្ឋ មិនអាចអនុញ្ញាតបានទេ។ បង្ហោះទាំងហ្វេសប៊ុកចូលក្នុងយុទ្ធនាការហ្នឹងក៏ត្រូវតែ ចាប់ខ្លួនដែរ នេះមិនមែនជាសិទ្ធិបញ្ចេញមតិទេ គឺជាការចូលរួមអំពើក្បត់ ដើម្បីផ្តួលរំលំតាមរយៈកម្លាំង ប្រដាប់អាវុធ។ យើងមិនយល់ព្រមឱ្យអ្នកឯងធ្វើរបៀបនេះទេ។ ឥឡូវ ទឹកសម្រក ស្រូវវស្សាក៏ត្រូវបន្ត ស្រូវប្រដេញទឹក និងស្រែប្រាំងក៏មកដល់។ ការងារមានច្រើនណាស់ ប្រឹងធ្វើស្រែ/ចំការ … អ្នកនៅបាងកកមិនប្រាកដថា អ្នកឯងមានសុវត្ថិភាពទេ អញតាមយកពីនោះមកទៀត។ និយាយត្រង់អញ្ចឹងតែម្តង។ ទោះអ្នកឯងនៅបាងកក ក៏ប៉ុន្តែ កុំភ្លេចថា កម្ពុជា និងថៃ មានសហប្រតិបត្តិការជាមួយគ្នា។
របបសភា ព្រះមហាក្សត្រអត់មកឡូកឡំរឿងនយោបាយ
សម្រាប់ខ្ញុំ វាវាយទាំងខ្ញុំផង វាយទាំងឪផង វាយទាំងកូនផង វាយទាំងម៉ែវាទៀត។ វាទាញមាត់យ៉ាងម៉េចទៅប្រមាថព្រះមហាក្សត្រ មិនមែនប្រទាញមាត់ទេ អានេះចេតនារបស់វាតែម្តង ប៉ុន្តែ យើងពិនិត្យមើលអញ្ចេះ សូម្បីតែព្រះមហាក្សត្រីយានី Elizabeth ក្នុងប៉ុន្មានរយៈកាលចុងក្រោយនេះ អំពីបញ្ហាការចាកចេញពីអឺរ៉ុបរបស់អង់គ្លេស នាយករដ្ឋមន្ត្រីទៅដល់ ថាត្រូវតែឱ្យសភាដំណើរការ កុំឱ្យមានវិស្សមកាល ព្រះមហាក្សត្រីយានីក៏ឡាយព្រះហស្ថ(លេខា)ឱ្យទៅ។ បន្តិចទៅទៀតប្រាប់ថា អត់ទេ ឥឡូវ ឱ្យផ្អាក ក៏ត្រូវតែឡាយ(ព្រះហស្ថលេខា)ឱ្យអញ្ចឹង របបសភា គឺវាអញ្ចឹង។ ព្រះមហាក្សត្រអត់មកឡូកឡំរឿង នយោបាយទេ អានេះខឹងព្រះមហាក្សត្រមិនព្រមលើកលែងទោស វាជេរព្រះមហាក្សត្រ ប៉ុន្តែ ព្រះមហាក្សត្រ បើអត់មានសំណើពីនាយករដ្ឋមន្ត្រី ឬពីសភា ឬពីព្រឹទ្ធសភា តើព្រះមហាក្សត្រយោងទៅលើអី? ខ្លួនឯងបានចូលធ្វើរដ្ឋធម្មនុញ្ញដែរ។ ឥឡូវ ទៅសួរស្តេចប្រទេសណាមួយ ដែលថាសភាដាក់ទៅ ឬក៏នាយករដ្ឋមន្ត្រីដាក់ទៅមិនព្រមស៊ីញ៉េ? ស្តេចជប៉ុនក៏ដោយ ស្តេចថៃក៏ដោយ ស្តេចអង់គ្លេសក៏ដោយ ស្តេចនៅលើលោកីយ៍ និយាយរួម លើកឡែងតែស្តេចអារ៉ាបីសាអ៊ូឌីត ឬក៏ស្តេចប្រ៊ុយណេ ប៉ុន្តែ របបសភា គឺវាអញ្ចឹង …
សម័យនេះ ប្រទេសណាដែលជួយអ្នកឯងកសាងកងទ័ព?
នេះជាការប្រមាថមិនអាចអត់ឱនឱ្យបាន សម្រាប់ព្រះមហាក្សត្រ ដែលប្រជាជនមួយនគរគោរព។ ឥឡូវ យើងប្រឹងទាំងអស់គ្នា ដើម្បីធ្វើឱ្យប្រទេសមួយនេះបន្តការរីកចម្រើនទៅមុខ។ ប៉ុន្តែ វាមានឱកាសពីនេះទៅដល់នោះ វាដើររៃលុយ បើនាំគ្នាភ្លើណាស់ ចាញ់បោកវា មានលុយឱ្យវាទៅ យើងក៏មិនដឹងហាមឃាត់គេថាម៉េច … ឥឡូវគេថា លុយច្រើនណាស់ សម្រាប់ចិញ្ចឹមកងទ័ព។ ប៉ុន្តែ សួរថា មកដល់សម័យនេះហើយ ប្រទេសណាដែលជួយអ្នកឯងឱ្យកសាងកងទ័ពនោះ?
ក្រដាសប្រាក់ ១៥ ០០០ រៀល ត្រូវបានចរាចរក្នុងល្បឿនមួយលឿន តាមរយៈកូនសិស្ស និងលោក/អ្នកគ្រូ
ថ្ងៃនេះ សម្រាប់ប៉ុន្មានរយគ្រួសារហ្នឹង គឺជាប្រាក់ដែលបានចរាចរក្នុងល្បឿនមួយលឿនទៅតាមរយៈកូនសិស្ស និងលោក/អ្នកគ្រូ ហើយចំខួបលើក ទី ១៥ នៃការឡើងគ្រងរាជ្យ(សម្បត្តិ)របស់ព្រះមហាក្សត្រជាទីសក្ការៈរបស់យើង។ លេខនេះ គឺថា មានលេខពិសេស ហើយលេខពិសេសនោះមានពីរ ក១ ១៥២៩១០០៤ បានសេចក្តីថា ខួបលើកទី ១៥ ថ្ងៃទី ២៩ ខែ ១០ ឆ្នាំ ២០០៤។ ឯមួយទៀត ក១ ១៥១៤០៥៥៣ ថ្ងៃដែលព្រះអង្គប្រសូត្រ។ លេខពិសេស។ អញ្ចឹង លេខពិសេសនៅនឹងខ្ញុំ ៤ សន្លឹក។ ថ្ងៃនេះចាយបានហើយ ប៉ុន្តែ ខ្ញុំអត់ចាយទេ ខ្ញុំទុកអនុស្សាវរីយ៍របស់ខ្ញុំដែរ។
ថ្ងៃនេះ អ្វីដែលផ្តល់ជូន សម្រាប់សិស្ស ចំនួន ៤៤៣ នាក់/ម្នាក់ ទទួលបានកាក់មាស ចំនួន ២។ ប្រាក់ស្លឹង ចំនួន ១។ សៀវភៅ ១ ប្រអប់ គឺមានច្បាប់លោកតា ក្រមង៉ុយ ១ ក្បាល និងបណ្ឌិត អ៊ូ ចុង ១ ក្បាល ដែល ចៅៗក៏នឹងត្រូវមើលនៅពេលក្រោយ។ ហើយចេះចាំអាហ្នឹង គឺល្អ។ ថវិកាសម្រាប់ផ្ទាល់ខ្លួនចៅៗ/ម្នាក់ ២ លានរៀល។ iPad ដែលមានតម្លៃ ៦៨០ ដុល្លារ(អាមេរិក)/ម្នាក់ ១ គ្រឿង។ សម្រាប់លោកនាយក និង លោកស្រីនាយិការ ដែលចូលរួមក្នុងពិធី ចំនួន ១៨៨ នាក់/ម្នាក់ៗ ទទួលបានកាក់មាសអនុស្សាវរីយ៍ ដែល មានទាំងពីរប្រភេទ។ ប្រាក់ស្លឹង ចំនួន ១។ សៀវភៅ ១ ប្រអប់នេះ ដែលមានសៀវភៅ ២ ក្បាល៖ ក្រមង៉ុយ ១ ក្បាល, បណ្ឌិត អ៊ូ ចុង ១ ក្បាល។ ថវិកាសម្រាប់ផ្ទាល់ខ្លួន ១ លានរៀល និង(ថវិកា)សម្រាប់សាលានីមួយៗ ៣ លានរៀល។
ចែកវត្ថុអនុស្សាវរីយ៍ដល់តំណាងជ័យលាភីតែ ១០០ នាក់ ព្រោះកុំឱ្យចំណាយពេលច្រើន
សុំអភ័យទោសចៅៗ បើសិនតាចែកទាំង ៤៤៣ នាក់ បូកជាមួយនឹងលោកគ្រូទៀត យើងត្រូវចំណាយ(ពេល)ដល់ម៉ោង ២ (រសៀល)ឯណោះបានៗបាយ។ អញ្ចឹងទេ បានជាសុំចិត្តចៅៗថា ថ្ងៃនេះ តាចែកតែ ជាង ១០០ នាក់ទេ។ ១ ខេត្ត យកតែ ៧ (នាក់)ទេ។ អញ្ចឹង ចៅៗមួយចំនួនបានទទួលរួចហើយ នៅសល់ចៅៗមួយចំនួន ឯចៅម្នាក់ក្រៅពីនោះ បានត្រឡប់ទៅហើយ បូកបន្ថែមដោយការចូលបុណ្យសពឪពុក (ថវិកា)ចំនួន ៥ លានរៀល។ អញ្ចឹង សុំចិត្តចៅៗ ដែលមិនបានមកទទួលផ្ទាល់។
វិមានសន្តិភាព ជាទីកន្លែងប្រមុខរដ្ឋ/រដ្ឋាភិបាលមកប្រជុំថ្នាក់អន្តរជាតិធំៗ
ចៅៗសង្ឃឹមថាបានថតរូបជាមួយតា ក៏ប៉ុន្តែ ទៅវិញអត់ កុំតូចចិត្តអី។ ប៉ុន្តែ ឡើងមកវិមានសន្តិភាពនេះ ប្រជុំអាស៊ានក៏នៅកន្លែងហ្នឹង។ អាស៊ីបូព៌ាក៏នៅហ្នឹង។ សូម្បីតែប្រធានាធិបតីអាមេរិកកាំង Barack Obama ក៏មកហ្នឹង។ ប្រធានាធិបតីចិនពីរជំនាន់ហើយ Hu Jintao និង Xi Jinping ក៏មកហ្នឹង។ នាយករដ្ឋមន្ត្រីជប៉ុន/ឥណ្ឌា និយាយរួមមកពីច្រើនកន្លែង។ ហើយឆ្នាំក្រោយនេះ យើងត្រូវទទួលប្រធានាធិបតី និងនាយករដ្ឋមន្ត្រីច្រើន ដែលយើងត្រូវប្រជុំអាស៊ីអឺរ៉ុប ដែលមានជាង ៥០ ប្រទេសមកចូលរួម។ ប៉ុន្តែ មិនមែនប្រជុំនៅទីនេះទេ យើងមានកន្លែងប្រជុំមួយទៀត។ ប៉ុន្តែ តាត្រូវទទួលភ្ញៀវនៅទីនេះ។
មេដឹកនាំ បើសម្រេចចិត្តខុសតែបន្តិច អន្តរាយមួយប្រទេស
ឆ្លៀតមើលទៅ អាចនឹងចូលមើលកន្លែងធ្វើការរបស់នាយករដ្ឋមន្ត្រីក៏បានដែរ អត់អីទេ ចាក់សោឱ្យមើលទៅ។ ដាក់គោលដៅមួយថា ថ្ងៃក្រោយបានមកធ្វើការនៅកន្លែងហ្នឹង។ ប៉ុន្តែ កុំភ្លេចឱ្យសោះ បើបានតែមកនៅកន្លែងនេះ កុំភ្លេចថាកន្លែងនេះជាទីកន្លែង ដែលធ្វើឱ្យប្រជាជនបានសេចក្តីសុខ មានសន្តិភាព មានការរីកចម្រើន ហើយក៏ជាទីកន្លែង ដែលធ្វើឱ្យប្រជាជនអន្តរាយវិនាសសកម្មដែរ ព្រោះជាទីកន្លែង ដែលធ្វើការសម្រេចចិត្តក្នុងអង្គនីតិប្រតិបត្តិ គឺជាការសម្រេចចិត្តមួយ ដែលនាំទៅដល់ការរីកចម្រើនផង និងអាចអន្តរាយផង បើសិនជាទីកន្លែងនេះ មានការអនុម័តខុសទៅលើក្របខណ្ឌគោលនយោបាយ។ គ្រួសារមួយសម្រេចចិត្តខុស គឺអន្តរាយត្រឹមតែមួយគ្រួសារទេ ក៏ប៉ុន្តែ អង្គុយនៅវិមានសន្តិភាពនេះ សម្រេចចិត្តខុស គឺអន្តរាយមួយប្រទេស។ អញ្ចឹង បានជាឆ្ងល់អាដេកយល់សប្តិធ្វើនាយករដ្ឋមន្ត្រីទាំងយប់/ថ្ងៃនេះ វាមិនទាន់ធ្វើនាយករដ្ឋមន្ត្រីផង វាសម្រេចចិត្តខុសប៉ុណ្ណឹងទៅហើយ វាសម្រេចប្រកាសឱ្យពិភពលោកដឹងថាមកចាប់ ហ៊ុន សែន យកទៅកាត់ទោស។
មាស នី វិភាគឱ្យត្រូវបានម្តងទៅមើល?
និយាយឱ្យចំទៅចុះ លោក មាស នី លោកវិភាគឱ្យត្រូវបានម្តងទៅមើល? ថ្ងៃមុន ដែលខ្ញុំនិយាយថា មាន បណ្ឌិតម្នាក់ ដែលខ្ញុំមិនបញ្ចេញឈ្មោះ។ ឥឡូវ ខ្ញុំនិយាយឱ្យចំឈ្មោះតែម្តង។ ឈ្មោះនេះវិភាគអន់ណាស់។ កម្រិតវិភាគទាបពេក។ សង្ឃឹមថា មាស នី វិភាគឱ្យត្រូវ (និង)ល្អជាងនេះ ហោចណាស់បានពាក់កណ្តាល ជេម សុខ ទៅចុះ។ ជេម សុខ ឥឡូវ ដូចអត់ដែលឃើញចេញទៀត? គាត់នៅឆ្ងាយពីប្រទេស ប៉ុន្តែ គាត់វិភាគច្រើន គឺត្រូវ។ បើទោះបីពេលខ្លះគាត់វាយប្រហារមកលើខ្ញុំ ក៏ប៉ុន្តែ ភាគច្រើនគាត់វិភាគត្រឹមត្រូវរបស់គាត់។ រាប់ទាំង ឡៅ ម៉ុងហៃ អី ខ្ញុំថា ងាប់ហើយ បណ្ឌិតធុននេះយកធ្វើផេះអីទេ។ យើងនៅទីនេះ ក៏មិនមែនបណ្ឌិតតិចដែរទេ។ បណ្ឌិតគគោក។ ឱ្យបានតែពាក់កណ្តាល ឬបាន ៣០% របស់ ហង់ជួន ណារ៉ុន ទៅបានហើយ។ ឡប់ៗមកពីអង្កាល់ ធ្វើឯងជាអ្នកវិភាគសង្គម។ វិភាគចេញមក (រាជ)រដ្ឋាភិបាលដូចជាភ័យខ្លាំងណាស់។ អាមួយនោះស្រែកថាភ័យ អាមួយនេះនៅខាងក្នុងស្រែកថាភ័យដែរ។ ចាំតែភ័យជាមួយអា សែន ទេតើ។ ត្រូវដឹង មនុស្សដែលចូលសមរភូមិមិនដែលខ្លាចស្លាប់ ពាក្យថា ភ័យ គ្មានសម្រាប់វាទេ។
របស់ដែលភ័យ ខ្លាចវាយកូនហ្គោលមិនបានឡើងវិញ។ ប៉ុន្តែ ម្សិលមិញបានសាកហើយ ធ្វើអនឡាញជាមួយគ្នា ប្រើ WhatsApp គាត់បានប្រាប់ថា ឱ្យលេងតែ ៥០% ទេ។ ខ្ញុំអត់យល់អា ៥០% ស្មានតែអា ១៨ ឡូត៍ គេឱ្យវាយតែពាក់កណ្តាល ដល់ទៅវាយហើយ ថតបញ្ជូនទៅឱ្យពេទ្យៗគេមានថាអញ្ចឹង(ឯណា) គេថាឱ្យយើងបញ្ចេញកម្លាំងតែ ៥០% ទេតើ! បញ្ចេញកម្លាំង ៥០% ធ្វើម៉េចវាយបាល់ទៅ? វាយ ១០០% វាយមិនទាំងទៅផង? ប៉ុន្តែ ពេទ្យក៏សប្បាយចិត្តដែរ ដោយយើងវាយកម្លាំង ១០០% ហើយវាអត់ឈឺ។ វាមកឈឺទ្រូង មកឈឺស្អី(ឯណេះវិញ ព្រោះ) ៣ ខែ អត់បានវាយ។ ដល់អាកន្លែងដៃអត់បានឈឺផង។
សូមចៅៗពាំនាំនូវការសួរសុខទុក្ខ និងការអរគុណរបស់តា ចំពោះឪពុកម្តាយ ជីដូន/តា
សុំចិត្តចៅៗ មកដល់នឹកស្មានថា បានថតរូបជាមួយនឹងនាយករដ្ឋមន្ត្រីហើយ តែមកអត់បានៗជ្រើសរើស ១ ខេត្ត ៧ នាក់។ បើសិនជាយើងឈរចែកវាឡើងទៅដល់ជាង ៦០០ នាក់ ឯណោះ។ អញ្ចឹង ទៅដល់ ម៉ោង ២ (រសៀល)ឯណោះ បានៗបាយ ហើយឈរញ័រជើងតែម្តង។ សុំចៅៗពាំនាំនូវការសួរសុខទុក្ខរបស់តា ចំពោះឪពុកម្តាយ ហើយក៏សួរសុខទុកជីដូន/តារបស់ចៅៗបើសិនជាគាត់នៅរស់ ហើយអរគុណ ពួកគាត់ផង ដែលគាត់បានរួមចំណែកជាមួយតា ជាមួយគណបក្សប្រជាជន តាំងពីការចាប់ផ្តើមពីបាតដៃ ទទេរហូតមកដល់ពេលនេះ អរគុណ សម្រាប់ការគាំទ្ររបស់ពួកគាត់។ សូមថ្លែងអំណរគុណ ចំពោះការចូលរួមទាំងអស់ នៃអ្នកចូលរួមនៅក្នុងទីនេះ រាប់ទាំងឯឧត្តមអភិបាលខេត្ត ដែលជាកិត្តិយសទទួលខុសត្រូវនាំកូនសិស្ស និងឪពុកម្តាយកូនសិស្សមក(ទីនេះ)។ ៤ ខេត្ត ដែលមិនបានមក ឆ្នាំក្រោយសង្ឃឹមថានឹងបានមក។
សូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ពិសេស ចៅៗជាជ័យលាភីទាំងអស់ សូមទទួលបាននូវសេចក្តីសុខ/ចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕