ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា ដំណោះស្រាយបន្តនៅតំបន់ដែលមិនទាន់បានខណ្ឌសីមា និងបោះបង្គោលព្រំដែន និងតំបន់ដែលមិនទាន់ឯកភាពគ្នាលើខ្សែព្រំដែន រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការកសាងព្រំដែនកម្ពុជា-វៀតណាម ឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងការអនុវត្តជាអន្តរជាតិ ស្ដីពីការទទួលស្គាល់គោលការណ៍ខ្សែព្រំដែនមិនកែប្រែ ដែលអាណានិគមបានបន្សល់ទុកឱ្យ សម្រាប់ធ្វើជាមូលដ្ឋានរឹងមាំបន្តទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាងពីរ។
ក្នុងពីធីចុះហត្ថលេខាជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខាលើឯកសារជាប្រវត្តិសាស្ត្រទាំងពីរថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ដំណោះស្រាយព្រំដែនរវាង ប្រទេសយើងទាំងពីរ បានបោះជំហានទៅមុខជាលំដាប់គួរឱ្យមោទនភាព។ សម្ដេចតេជោបញ្ជាក់ថា ក្នុងអំឡុងពេល១៤ឆ្នាំកន្លងមក បន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រហូតមកដល់ពេលនេះ យើងសម្រេចបានលទ្ធផលប្រមាណជា ៨៤ភាគរយ នៅសល់តែ ១៦ភាគរយ ទៀត ដែលនឹងខិតខំបន្តដោះស្រាយបញ្ចប់នាពេលខាងមុខ។ សម្ដេចតេជោបន្តថា សមិទ្ធផលផ្លែផ្កាដ៏ធំធេងដែលប្រទេសយើងទាំងពីរសម្រេចបាននេះ កើតចេញមកដោយការស្វះស្វែងរកដំណោះស្រាយរួមប្រកបដោយភាតរភាព និងការយោគយល់គ្នាទៅវិញទៅមក ក្នុងភាពជាបងប្អូន ជាមិត្តភាពរាប់សិបឆ្នាំកន្លងមកហើយ។ សម្ដេចតេជោបន្ថែមថា ជាការពិត ប្រសិនបើយើងមិនប្រឹងប្រែងបញ្ចប់បញ្ហាព្រំដែននេះទេ ប្រទេសយើងទាំងពីរនឹងនៅតែកើតមានទំនាស់ព្រំដែនមិនដាច់ស្រេចរាប់ជំនាន់តទៅមុខទៀត ងាយក្លាយជាកម្មវត្ថុប្រជែងផ្នែកនយោបាយទៀតផង ហើយភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែននឹងអាចមិនកើតមានទេ។ ទន្ទឹមនេះ ជាការចាំបាច់ ដែលប្រទេសយើងទាំងពីត្រូវសហប្រតិបត្តិការស្អិតរមួត រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រវាងគណៈកម្មការចម្រុះព្រំដែន និងរវាងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៃប្រទេសទាងពីរ ដែលជាការរួមចំណកដ៏ធំធេង មិនត្រឹមតែលើការងារព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែបានជួយបង្កើន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែជាទីលានប្រយុទ្ធចំការមីន តំបន់គេបោះបង់ចោល គ្មានមនុស្សរស់នៅ គ្មានហេដ្ឋារចនាសម្ព័ន្ធ និងគ្មានការអភិវឌ្ឍអ្វីសោះនោះ ឱ្យទៅជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចពិតជាមានមោទនភាព ដោយយើងទម្លុះនូវការលំបាក និងស្ទើរតែបញ្ចប់ទាំងស្រុងព្រំដែនគោករវាប្រទេសយើងទាំងពីរ។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា “ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការចម្រុះព្រំដែននៃប្រទេសយើងទាំងពីរ ដែលសម្រេចបានលទ្ធផលគួរឱ្យមោទនភាព ទាំងការងារនៅលើដីជាក់ស្ដែង និងការចងក្រងឯកសារច្បាប់ជាប្រវត្តិសាស្ត្របានដោយហ្មត់ចត់ប្រកបដោយគុណតម្លៃខ្ពស់”។ ជាមួយយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ក៏ដូចជាព្រំដែនកម្ពុជាជាមួយឡាវ និងថៃ ឱ្យទៅជាព្រំដែនអន្តរជាតិពិតប្រាកដ ដើម្បីបញ្ចប់នូវបាតុភាពព្រំដែន រួមគ្នាប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់គ្មានការភ័យខ្លាច ទៅជាតំបន់ដែលមានជីវភាពធូរធា និងជាតំបន់មានការអភិវឌ្ឍសុខដុមបនីយកម្ម រុងរឿងតរៀងទៅ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បាន អំពាវនាវដល់អាជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋនៃប្រទេសទាងពីរ ចូលរួមថែរក្សាបង្គោលព្រំដែនឱ្យបានស្ថិតស្ថេរគង់វង្ស និងរួមគ្នាប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជានិច្ចនិរន្តន៍ ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងប្រទេសយើងទាំងពីរតរៀងទៅ។
គួរបញ្ជាក់ដែរថា កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១.២៧០គីឡូម៉ែត្រ ដោយយោងទៅតាមការកំណត់ក្នុងផែនបោនខ្នាត១ លើ១០០ពាន់ ដែល បន្សល់ទុកពីសម័យអាណានិគម និងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ ប្រទេសទាំងពីរក៏បានចុះសន្ធិសញ្ញារួមគ្នាមួយកំណត់ព្រំដែនប្រទេសទាំងពីរកាលពីឆ្នាំ១៩៨៥ និងបានធ្វើសន្ធិសញ្ញាបំពេញបន្ថែមមួយទៀតកាលពីឆ្នាំ២០០៥កន្លងទៅ ដើម្បីឈានទៅការកំណត់ព្រំសីមា និងការបោះបង្គោលព្រំដែនរួមគ្នា។ នៅក្នុងពិធីនេះដែរ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ(កម្ពុជា-វៀតណាម) ក៏បានចុះហត្ថលេខាទទួលស្គាល់ផែនទីថ្មីខ្នាត ១លើ២៥ពាន់ចំនួន៩២ផ្ទាំង ដែលផលិតឡើងដោយប្រើបច្ចេកវិទ្យាខ្ពស់ បង្ហាញពីបង្គោលព្រំដែន និងខ្សែខណ្ឌសីមានៃប្រទេសទាំងពីរ។
បើតាមឯកឧត្ដមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានអះអាងថា ផែនទីនេះ នឹងត្រូវយកទៅតម្កល់នៅអង្គការសហប្រជាជាតិផងដែរ៕