សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីចុះហត្ថលេខា ជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា-វៀតណាម

  • ឯកឧត្តម ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
  • ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងកម្ពុជា
  • ឯកឧត្តម លោកជំទាវ លោក លោកស្រី ជនរួមជាតិកម្ពុជា និងវៀតណាម

ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយ ដោយបានចូលរួមជាមួយនឹងឯកឧត្តម ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះហត្ថលេខាជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ និងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ នាពេលនេះ។

ពិធីចុះហត្ថលេខាលើឯកសារប្រវត្តិសាស្រ្តទាំងពីរនាថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ដំណោះស្រាយព្រំដែនរវាងប្រទេសទាំងពីរ បានបោះជំហានទៅមុខជាលំដាប់គួរឱ្យមានមោទនភាពបំផុត។ ការខិតខំរបស់ ឯកឧត្តម នាយករដ្ឋមន្រ្តីវៀតណាម និងខ្ញុំ រួមជាមួយគណៈកម្មការចម្រុះព្រំដែន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃប្រទេសទាំងពីរ ក្នុងអំឡុងពេល ១៤ ឆ្នាំកន្លងមក បន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រហូតមកដល់ពេលនេះ យើងសម្រេចបានលទ្ធផលប្រមាណជា ៨៤% នៅសល់តែ ១៦% ទៀត នឹងខិតខំដោះស្រាយបញ្ចប់នាពេលខាងមុខ។

របាយការណ៍បូកសរុបការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក និងគម្រោងផែនការការងារ ដែលត្រូវបន្តអនុវត្តរបស់សហប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ បានធ្វើឡើងយ៉ាងក្បោះក្បាយ ច្បាស់លាស់ ដែលបញ្ជាក់ឱ្យឃើញកាន់តែច្បាស់បន្ថែមទៀត ពីការតាំងចិត្ត បន្តរួមសហការគ្នា ដើម្បីឆ្ពោះទៅសម្រេចគោលដៅថ្មីៗបន្ថែមទៀត។ ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះវីរភាព ការពុះពារ តស៊ូ និងលះបង់ខ្ពស់របស់ក្រុមបច្ចេកទេសចម្រុះព្រំដែន និងអាជ្ញាធរដែនដី ដែលនៅជាប់ព្រំដែនកម្ពុជា-វៀតណាម បញ្ជាការដ្ឋានវិស្វកម្ម រួមជាមួយនឹងថ្នាក់ដឹកនាំគណៈកម្មការចម្រុះព្រំដែន នៃប្រទេសយើងទាំងពីរ ដែលខិតខំបំពេញបានការងារជាប្រវត្តិសាស្រ្តនេះ ដោយជោគជ័យ។

សមិទ្ធផលផ្លែផ្កាដ៏ធំធេង ដែលប្រទេសទាំងពីរសម្រេចបាននេះ កើតចេញមកដោយការស្វះស្វែងរកដំណោះស្រាយរួមប្រកបដោយភាតរភាព និងការយោគយល់គ្នាទៅវិញទៅមក ក្នុងភាពជាបងប្អូន ជាមិត្តភាពរាប់សិបឆ្នាំកន្លងមកហើយ។ ជាការពិត ប្រសិនបើយើងមិនប្រឹងប្រែងបញ្ចប់បញ្ហាព្រំដែននេះទេ ប្រទេសយើងទាំងពីរនឹងនៅតែកើតមានទំនាស់ព្រំដែនមិនដាច់ស្រេច រាប់ជំនាន់តទៅមុខទៀត ងាយក្លាយជាកម្មវត្ថុប្រជែងផ្នែកនយោបាយទៀតផង ហើយភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែននឹងអាចមិនកើតមានទេ។ ជាការចាំបាច់ ដែលប្រទេសយើងទាំងពីរត្រូវសហប្រតិបត្តិការស្អិតរមួត រវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ ដែលជាការរួមចំណែកដ៏ធំធេង មិនត្រឹមតែលើការងារព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែ បានជួយបង្កើន និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់ជាទីលានប្រយុទ្ធ ចំការមីន តំបន់គេបោះបង់ចោល គ្មានមនុស្សរស់នៅ គ្មានហេដ្ឋារចនាសម្ព័ន្ធ និងគ្មានការអភិវឌ្ឍអ្វីសោះនោះ ឱ្យទៅជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ នៃប្រទេសយើងទាំងពីរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំពិតជាមានមោទនភាព ដោយយើងទម្លុះនូវការលំបាក និងស្ទើរតែបញ្ចប់ទាំងស្រុងព្រំដែនគោករវាងប្រទេសយើងទាំងពីរ។ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការចម្រុះព្រំដែន នៃប្រទេសយើងទាំងពីរ ដែលសម្រេចបានលទ្ធផលគួរឱ្យមោទនភាព ទាំងការងារនៅលើដីជាក់ស្តែង និងការចងក្រងឯកសារច្បាប់ជាប្រវត្តិសាស្រ្តបានដោយហ្មត់ចត់ប្រកបដោយគុណតម្លៃខ្ពស់។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមប្រកាសជាឱឡារិកថា ដំណោះស្រាយបន្ត នៅតំបន់ដែលមិនទាន់បានខណ្ឌសីមា និងបោះបង្គោលព្រំដែន និងតំបន់ដែលមិនទាន់ឯកភាពគ្នាលើខ្សែព្រំដែន រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការកសាងព្រំដែនកម្ពុជា-វៀតណាម ឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងការអនុវត្តជាអន្តរជាតិ ស្តីពីការទទួលស្គាល់គោលការណ៍ខ្សែព្រំដែនមិនកែប្រែ ដែលអាណានិគមបានបន្សល់ទុកឱ្យ សម្រាប់ធ្វើជាមូលដ្ឋានរឹងមាំនាំមុខបន្តទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ក៏ដូចជាព្រំដែនកម្ពុជាជាមួយឡាវ និងថៃ ឱ្យទៅជាព្រំដែនអន្តរជាតិពិតប្រាកដ ដើម្បីបញ្ចប់នូវបាតុភាពព្រំដែន រួមគ្នាប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់គ្មានភាពភ័យខ្លាច ទៅជាតំបន់ដែលមានជីវភាពធូរធារ និងជាតំបន់មានការអភិវឌ្ឍសុខដុមបនីយកម្ម រុងរឿងតរៀងទៅ។

  • ឯកឧត្តម ង្វៀន ស៊ុនហ្វុក
  • ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី

ទន្ទឹមនឹងការបោះបង្គោលព្រំដែននៅតាមព្រំដែន កម្ពុជាកំពុងតែផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍនៅតាមព្រំដែន។ កិច្ចការនេះ យើងបាន និងកំពុងអនុវត្តជាបន្តបន្ទាប់ ក្នុងនោះ មានការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ការបង្កើតទីផ្សារ និងតំបន់ផលិតកម្ម ដើម្បីឈានទៅដល់ការបន្តអភិវឌ្ឍរួមគ្នានៅតាមបណ្តោយព្រំដែន ដែលទីបំផុត ប្រជាជនយើងទាំងពីរនឹងទទួលបាននូវផលប្រយោជន៍ពីកិច្ចការអភិវឌ្ឍន៍ទាំងនេះ។ ថ្ងៃនេះ យើងមិនត្រឹមតែទទួលបានតែសមិទ្ធផលព្រំដែននោះទេ យើងក៏បានចុះសន្ធិសញ្ញាពាណិជ្ជកម្មព្រំដែនផងដែរ ដែលជាការឆ្លើយតបដល់ការជម្រុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រទេសក្នុងមហាអនុតំបន់មេគង្គ និងថែមទាំងបានរួមចំណែកបង្កើនកិច្ចសហការល្អក្នុងចំណោមប្រជាជាតិអាស៊ីអាគ្នេយ៍ទៀតផង។

ជាថ្មីម្តងទៀត ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ និងគ្រប់ស្ថាប័នពាក់ព័ន្ធ ទាំងកម្ពុជា និងវៀតណាម ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបានសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបានសមិទ្ធផលព្រំដែននាពេលនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមិត្តវៀតណាម ក៏ដូចជាកម្ពុជា ដែលបានសហការគ្នារៀបចំទទួលបដិសណ្ឋារកិច្ច និងរៀបចំពិធីចុះហត្ថលេខាលើឯកសារច្បាប់ទាំងពីរ ដ៏មហោឡារិកនាថ្ងៃនេះ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំវៀតណាម និងឯកឧត្តម លោកជំទាវ លោក លោកស្រី សូមប្រកបដោយសុភមង្គល និងមានកម្លាំងមាំមួន ដើម្បីរួមគ្នាបំពេញភារកិច្ចដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសយើងទាំងពីរ ក្នុងការបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ដែលនៅសេសសល់ និងសូមអំពាវនាវដល់អាជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋនៃប្រទេសទាំងពីរ សូមចួលរួមជាមួយគ្នាថែរក្សាបង្គោលព្រំដែនឱ្យបានស្ថិតស្ថេរគង់វង្ស និងរួមគ្នាប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍជានិច្ចនិរន្តរ៍ ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងប្រទេសយើងទាំងពីរតរៀងទៅ៕

សូមអរគុណ!

Download (PDF, 139KB)

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ