
ថ្លែងសុន្ទរកថាទៅកាន់បណ្តាមេដឹកនាំទាំងអស់ ដែលមានវត្តមានអញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មានប្រសាសន៍ក្នុងនាមថ្នាក់ដឹកនាំនិងប្រជាជនចិនទាំងអស់ ក៏ដូចក្នុងនាមភរិយា ឯកឧត្តមសូមសំដែងនូវការធ្វើគារវកិច្ចស្វាគមន៍ដោយស្មោះអស់ពីដួងចិត្ត ចំពោះបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូ នៃបណ្តាប្រទេសក្នុងទ្វីប អាស៊ី អឺរ៉ុប និងអាហ្រ្វិក ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏វិសេសវិសាលនេះ។
ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍បន្តថា វត្តមានបណ្តាមេដឹកនាំទាំងអស់ ក្នុងវេទិកាដ៏មានសារសំខាន់នេះ គឺបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ពីបណ្តាមេដឹកនាំទាំងអស់ ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិធំៗ ពិសេសដើម្បីកំណត់ទិសដៅសម្រាប់អនុវត្តនូវគំនិតផ្តួចផ្តើម ស្តីពីការបង្កើតខ្សែក្រវ៉ាត់ និងផ្លូវ ឲ្យកាន់តែទទួលបាននូវភាពជោគជ័យខ្ពស់ថែមទៀត។ នៅក្នុងសុន្ទរកថាគន្លឹះរបស់ឯកឧត្តមប្រធានាធិបតី ក្នុងពិធីលាងសាយភោជន៍ ក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការតភ្ជាប់ សម្រាប់បណ្តាប្រទេសទាំងអស់ក្នុងតំបន់ និង ក្រៅតំបន់ ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។ ជាមួយនិងការថ្លែងនោះដែរ ឯកឧត្តមប្រធានាធិបតីក៏បានប្រសិទ្ធ ពរជ័យបវរមហាប្រសើរ ជូនចពោះបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រទេសក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រីកទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពូលាំងមាំមួន ដើម្បីបន្តនូវការសន្ទនា និងការផ្លាស់ប្តូរមតិនិងទស្សនះល្អៗ ពីគ្នាទៅវិញទៅមក ដើម្បីជានិម្មិតរូប នៃភាពរីកចម្រើន ការរស់នៅប្រកបដោយសុខសន្តិភាព ការជួយគ្នាទៅវិញទៅមក និងជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខដុមរមនា៕






