សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៣និង៣០នាទី ម៉ោងនៅទីក្រុងប៉េកាំង ប្រទេសចិន ត្រូវនិងម៉ោង១២និង ៣០នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមវរទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ឧសភា។
នៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង ប្រទេសចិន វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី ឯកឧត្តម Liu Zhenmin អនុរដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធាររដ្ឋប្រជាមានិតចិន ឯកឧត្តម ស្យង់ ព័រ ឯកអគ្គរដ្ឋទូតវិសាមញនិងពេញសមត្ថភាព របស់សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ថ្នាក់ដឹកនាំរដ្ឋាភិបាលចិន និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិនជាច្រើនរូប។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្រ្វីក ចំនួន២៨ប្រទេសផ្សេងទៀត រួមទាំងប្រមុខអង្គការសហប្រជាជាតិ ប្រធានធនាគារពិភពលោក ប្រធានរូបិយវត្ថុអន្តរជាតិ និងជួបពិភាក្សាគ្នាដើម្បីធ្វើការចែករំលែកនូវបទពិសោធន៍ ពីគ្នាទៅវិញ ទៅមក នៅក្នុងវេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលនិងប្រារព្វធ្វើឡើងនៅថ្ងៃទី១៤-១៥ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ដូចគ្នានិងបណ្តាមេដឹកនាំពិភពលោកដទៃទៀតដែរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះចំនួន៣ នៅក្នុងវេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានេះ តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីអញ្ជើញចូលរួមវេទកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិប្ត្តិការ អន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម នាយករដ្ឋមន្រ្តី ម៉ុងហ្គោលី និងមេដឹកនាំ ពិភពលោកដទៃទៀតដែលមានវត្តមានអញ្ជើញចូលរួមវេទិកាដ៏មានសារសំខាន់នោះ។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងបន្តដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង នៅថ្ងៃទី១៦-១៧ ក្នុងគោលបំណងដើម្បីពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ពិសេសការអនុវត្តយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលមេដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញ ឲ្យកាន់តែមានប្រសិទ្ធភាពទ្វេឡើងថែម ទៀត៕