ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា!
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ បងប្អូនកម្មករ ទាំងកម្ពុជា និងចិន!
ពហុកីឡដ្ឋានមរតកតេជោ ផ្នែកមួយនៃគម្រោងខ្សែក្រវាត់ និងផ្លូវ
ថ្ងៃនេះ យើងពិតជាមានការរីករាយ ដែលបានមកតភ្ជាប់នូវកៅអីចុងក្រោយ ដែលវានឹងក្លាយទៅសំណង់អគារ នៃស្តាតដ៏ធំរបស់យើង។ នៅចំពោះមុខយើងនេះ វាគឺជាសមិទ្ធផលផ្លែផ្កា នៃសហប្រតិបត្តិការ រវាងកម្ពុជា-ចិន ដែលជាផ្នែកមួយ នៃគម្រោងខ្សែក្រវាត់ និងផ្លូវ ដែលបានចេញជារូបរាងនៅថ្ងៃនេះជាងពាក់កណ្តាលរួចទៅហើយ។ ខ្ញុំសុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការកោតសរសើរ ចំពោះក្រុមសាងសង់ទាំងអស់ ទាំងអ្នកដឹកនាំ ក៏ដូចជា ចំពោះកម្មករ/ការិនីទាំងកម្ពុជា និងចិន ដែលបានខិតខំធ្វើការដោយផ្ទាល់នូវការដ្ឋាននេះ។ អរគុណ និងកោតសរសើរ ចំពោះឯកឧត្តម ថោង ខុន ដែលបានមើលការខុសត្រូវ រួមសហការជាមួយភាគីចិនទៅលើការកសាងនេះ។ អរគុណ និងកោតសរសើរ ចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យនូវគម្រោងនេះ និងដាក់ចេញនូវផែនការសកម្មភាពសម្រាប់ពេលខាងមុខ។ អម្បាញ់មិញយើងបានឃើញហើយថា ទាក់ទិនជាមួយនឹងការធ្វើសំណង់នេះជាសំណង់មួយដ៏ធំ ហើយក៏សុំបញ្ជាក់ជូនថា អ្នកគូរប្លង់បានជ្រើសរើសប្លង់មួយចំនួនយកមកឱ្យខ្ញុំជ្រើសរើស ហើយគំរូប្លង់ដែលបានជ្រើសរើសអម្បាញ់មិញ ដែលមានរូបសំពៅផ្សារភ្ជាប់គ្នានោះ គឺត្រូវបានជ្រើសរើសដោយខ្លួនខ្ញុំផ្ទាល់ ដែលជានិមិត្តរូប នៃការតភ្ជាប់ក្នុងក្របខណ្ឌ នៃខ្សែក្រវាត់ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធានាធិបតី Xi Jinping។
ពហុកីឡដ្ឋានមរតកតេជោ ជាសំណង់ប្រណីត ក្នុងចំណោមជំនួយរបស់ចិនទៅក្រៅប្រទេស
ឯកឧត្តម ថោង ខុន បានធ្វើរបាយការណ៍ហើយ ដំណាក់កាលទី ១ យើងមានអគារមួយចំនួន ដែលសាងសង់ដោយខ្លួនយើង ហើយដែលថ្ងៃទី ២៨ មិថុនា កន្លងទៅនេះ ត្រូវបានសម្ពោធ (និង)ត្រូវបានប្រកួតហែលទឹកជាអន្តរជាតិ ដែលឯកឧត្តម ស៊ុន ចាន់ថុល មកធ្វើការបើក/បិទកម្មវិធីនៅទីនេះ។ ឥឡូវនេះ ដល់ដំណាក់កាលទី ២ យើងកំពុងសាងសង់ជាមួយនឹងស្តាតដ៏ធំ។ យើងហៅថាស្តាតចឹងទៅចុះ ឬថាពហុកីឡដ្ឋានមួយដ៏ធំ ដែលមានទំហំទឹកប្រាក់រហូតទៅដល់ ១ ០៥០ លានយាន់ ដែលប្រហាក់ប្រហែលក្នុងអត្រារង្វង់ពី ១៦០-១៧០ លានដុល្លារសហរដ្ឋអាមេរិក ហើយបើតាមការបញ្ជាក់របស់មិត្តចិនបានបញ្ជាក់ថា នេះជាសំណង់ដែលឆើតឆាយប្រណីតជាងគេ ក្នុងចំណោម នៃជំនួយរបស់មិត្តចិនទៅក្រៅប្រទេស។ អាចចាត់ទុកថា នេះជាផ្នែកដ៏សំខាន់មួយ ហើយខ្ញុំសុំបញ្ជាក់ថា នេះតម្លៃពិតប្រាកដ នៃកិច្ចសហប្រតិបត្តិកា ររវាងកម្ពុជា-ចិន វាដូច្នេះឯង។
យើងត្រូវការទទួលជំនួយ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់
ខ្ញុំចង់ចោទចេញជាសំណួរត្រឡប់ទៅវិញ សម្រាប់មនុស្សមួយចំនួន លើកម្តងហើយម្តងទៀត នៅក្នុងការមិនពេញចិត្ត ហើយឈានទៅដល់ការបំផ្លាញទំនាក់ទំនងកម្ពុជា-ចិន។ ខ្ញុំចង់សួរត្រឡប់ទៅវិញថា ប្រសិនបើពុំមានជំនួយរបស់ចិនទេ សួរថា សំណង់នេះវាអាចកើតចេញជារូបរាងមកដល់ពេលនេះទេ? ហើយវានឹងក្លាយទៅជាទីតាំង នៃការប្រារព្ធពិធីស៊ីហ្គេមឆ្នាំ ២០២៣ ទេ? នោះហើយជាចំណុចដែលយើងត្រូវឃើញអំពីទំនាក់ទំនង រវាងកម្ពុជាជាមួយចិន។ មិនមែនយើងផ្តាច់មុខតែក្នុងទំនាក់ទំនងកម្ពុជា-ចិនទេ យើងត្រូវការទទួលជំនួយ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ ក៏ប៉ុន្តែ បញ្ហាស្ថិតនៅត្រង់ថា តើប្រទេសណាខ្លះហ៊ានជួយកម្ពុជា? ខ្ញុំបានលើកឧទាហរណ៍នេះនៅក្រុងហ្សឺណែវ កាលពីល្ងាចថ្ងៃទី ៤ (កក្កដា) ម៉ោងជាង ៥ ល្ងាច នៅទីក្រុងហ្សឺណែវ ម៉ោង ១១ យប់ នៅទីក្រុងភ្នំពេញទៅហើយ។
ខ្ញុំចោទចេញជាសំណួរតាមរបៀបមួយ ដែលខ្ញុំគួរតែត្រូវនិយាយឡើងវិញ ព្រោះប៉ុន្មានថ្ងៃនេះ គឺបានបំផ្លិចបំផ្លាញតាមរយៈរបស់ដែលហៅថា កិច្ចព្រមព្រៀងសម្ងាត់ រវាងកម្ពុជា-ចិន ទៅលើបញ្ហាកងទ័ពជើងទឹករបស់ចិន ដែលជាការបំផ្លិចបំផ្លាញ ហើយជាការមួលបង្កាច់ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ។ ខ្ញុំលើកឧទាហរណ៍ថា អ្នកណាបំពេញបន្ថែមឱ្យយើងពិតប្រាកដ? ឥឡូវ យើងនិយាយពីជប៉ុនទៅចុះ។ ជប៉ុនបានជួយកសាងយើង។ គាត់មកមុនចិន និយាយឱ្យពិត។ អាហ្នឹងនិយាយឱ្យត្រូវតាមប្រវត្តិសាស្ត្ររបស់វា។ ជប៉ុនគាត់មកមុន គាត់ជួយកសាងផ្លូវមួយចំនួន រាប់ទាំងផ្លូវលេខ ៦A នេះផងដែរ ដែលក្រោយមកផ្លូវលេខ ៦A វាតូចពេក យើងក៏ពង្រីកឱ្យវាធំ រហូតទៅដល់ ២៤ ម៉ែត្រ ដោយហិរញ្ញប្បទានពីចិនត្រឡប់មកវិញ។ ជប៉ុនបានជួយកសាងយើងត្រឹមតែស្ពានពីរទេ គឺស្ពានត្សឹបាសានៅឯអ្នកលឿង និងស្ពានគីហ្សូណានៅកំពង់ចាម។
តើយើងមានកំហុសទេនូវក្នុងការទទួលយកជំនួយចិន ដើម្បីមកបម្រើប្រជាជនកម្ពុជា?
ខ្ញុំចង់ចេញជាសំណួរថា តើអ្នកណានឹងជួយបំពេញឱ្យយើង និងការកសាងស្ពានពីរ ដែលឆ្លងកាត់ទន្លេសេកុង ១ និងឆ្លងកាត់ទន្លេមេគង្គ ១ នៅក្នុងខេត្តស្ទឹងត្រែង? នៅក្នុងខេត្តស្ទឹងត្រែង ស្ពានដែលបានដាក់ឱ្យប្រើប្រាស់រួចមកហើយ។ នៅព្រែកតាមាក់ តាមទន្លេមេគង្គ ដែលចុះមកខាងក្រោម ដែលនៅមិនឆ្ងាយពីទីនេះ ក៏បានដាក់ឱ្យប្រើប្រាស់រួចមកហើយ ហើយកំពុងតែសាងសង់មួយទៀតនៅស្ទឹងត្រង់ និងក្រូចឆ្មារ ដែលមុននេះគ្រាន់តែខេត្តមួយទេ ដល់ពេលបើកការដ្ឋានខេត្តមួយ ដល់ឥឡូវទៅជាខេត្តពីរ។ ត្បូងឃ្មុំផងកំពង់ចាមផង។ កំពុងតែសិក្សា ដើម្បីនឹងកសាងស្ពានមួយទៀតនៅក្រចេះ ដើម្បីតភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំឱ្យបានឆាប់រហ័ស។ បកមកតាមស្ពានទន្លេសាបរបស់យើង បើសិនជាគ្មានចិនជួយទេ តើយើងនៅបន្តប្រើស្ពានជ្រោយចង្វារតែមួយទិស? ប៉ុន្តែ ដោយសារមិត្តចិនគាត់ជួយបានពីរទិស ថែមស្ពានមិត្តភាពកម្ពុជា-ចិនជ្រោយចង្វារមួយទៀត បូកនឹងស្ពានព្រែកក្តាមមួយនៅតាមទន្លេសាប។ ឯនៅតាមទន្លេបាសាក់ គឺបានកសាងស្ពានពីរ គឺស្ពានតាខ្មៅ និងស្ពានកោះធំ។ ខ្ញុំចង់សួរត្រឡប់ទៅវិញថា តើយើងមានកំហុសទេនូវក្នុងការទទួលយកជំនួយចិន ដើម្បីមកបម្រើប្រជាជនកម្ពុជាយ៉ាងដូច្នេះ? សុំឆ្លើយមើល? អ្នកដែលប្រឆាំងនឹងវត្តមាន នៃទំនាក់ទំនង រវាងកម្ពុជា-ចិន សុំឆ្លើយប្រាប់កម្ពុជាឱ្យច្បាស់ថា ជំនួយបែបនេះ គឺមិនត្រឹមត្រូវ? អ្នកឯងបដិសេធចោល។ ឆ្លើយឱ្យច្បាស់មក។
តើប្រទេសណាដែលមានលទ្ធភាពជំនួសចិន ក្នុងការតភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជា?
ចំពោះផ្លូវថ្នល់វិញមកដល់ពេលនេះ លើសពី ២ ០០០ គីឡូ(ម៉ែត្រ) ខ្ទង់ជិតឈានទៅដល់ ៣ ០០០ គីឡូម៉ែត្រ។ ខាងមិត្តជប៉ុនក៏បានជួយច្រើនទៅលើផ្លូវ។ កូរ៉េខាងត្បូងក៏បានជួយមួយផ្នែក។ ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានជួយមួយផ្នែក។ ធនាគារពិភពលោកក៏បានជួយមួយផ្នែក។ ថៃក៏បានជួយមួយផ្នែក។ ចិនក៏បានជួយមួយផ្នែក ក៏ប៉ុន្តែ បើសិនជាមិនមានចិនទេ សួរថា តើយើងអាចតភ្ជាប់ផ្លូវរបៀងដឹកជញ្ជូនរបស់យើងបានឬទេ? ខ្ញុំចង់ចេញជាសំណួរសួរថា តើប្រទេសណាដែលមានលទ្ធភាពជំនួសចិន? ឥឡូវ បន្តពីស្ពានព្រែកតាមាក់ ទៅផ្លូវជាតិលេខ ៨។ ផ្លូវជាតិលេខ ៨ មិនមែនជាផ្លូវអតីតចាស់ទេ។ ផ្លូវលេខ ៨ គឺជាផ្លូវថ្មីបំផុត ដែលយើងកសាងភ្ជាប់ពីព្រែកតាមាក់ កាត់ខេត្តកណ្តាល កាត់ខេត្តព្រៃវែង និងចូលទៅខេត្តកំពង់ចាម ជាប់ទៅផ្លូវជាតិលេខ ៧។ តើមានប្រទេសណាចេញមុខមក? និយាយឱ្យច្បាស់ ថាគេមានលទ្ធភាពជំនួសចិន ក្នុងការកសាងតភ្ជាប់ពីផ្លូវជាតិលេខ ៧៦ ស្នួល ទៅកាន់សែនមនោរម្យ មណ្ឌលគិរី? ហ្នឹងជាផ្លូវជាតិលេខ ៧៦។ ហើយតភ្ជាប់រវាងផ្លូវជាតិលេខ ៧៦ មណ្ឌលគិរីទៅកាន់រតនៈគិរី។ ហើយនឹងកសាងផ្លូវជាតិលេខ ៧៨ ពីស្ទឹងត្រែងទៅរតនៈគីរី។ កសាងផ្លូវជាតិលេខ ៧ ពីក្រចេះទៅកាន់ស្ទឹងត្រែង និងពីស្ទឹងត្រែងទៅកាន់ព្រំដែនឡាវ ដុងក្រឡ និងមួយផ្នែក គឺផ្លូវជាតិលេខ ៩ គឺជាផ្លូវជាតិថ្មី ដែលពីមុនមកយើងមិនមានផ្លូវជាតិលេខ ៩ ទេ គឺតភ្ជាប់រវាងខេត្តព្រះវិហារ ជាមួយនឹងខេត្តស្ទឹងត្រែង ដោយមិនចាំបាច់ធ្វើដំណើរបកថយក្រោយដូចកាលពីមុនទេ។ ឥឡូវនេះ កំពុងតែគ្រោងបើកការដ្ឋាន រវាងផ្លូវជាតិលេខ ១០។ ឥឡូវ ចុះហត្ថលេខា គឺត្រូវចុះទៅតាមលេខផ្លូវចាស់ លេខមួយពាន់ប៉ុន្មាននោះ ដល់ទៅបួនលេខ ដែលតភ្ជាប់កោះកុងមកថ្មដា ចុះទៅសំឡូត ដែលនឹងត្រូវបើកការដ្ឋានមិនយូរប៉ុន្មានទេ ដើម្បីតភ្ជាប់កម្ពុជា។ ហើយជាមួយនឹងរបៀងផ្លូវជាតិលេខ ៦៦, ៥៦ ផ្លូវជាតិ ៥៨។
តើអព្យាក្រឹត្យអចិន្ត្រៃយ៍មានន័យយ៉ាងដូចម្តេច?
ខ្ញុំគ្រាន់តែចង់បញ្ជាក់ទៅវិញថា អ្នកដែលផ្ចាញ់ផ្ចាលទំនាក់ទំនងកម្ពុជា-ចិន បានស្គាល់ហើយឬនៅសមិទ្ធផលទាំងនេះ? រាប់ទាំងអ្នកដែលដើរលើផ្លូវនេះក៏បានជេរចំពោះយើងថា យើងទំនាក់ទំនងជាមួយចិន ហើយបាត់នូវអព្យាក្រឹត្យភាពអចិន្ត្រៃយ៍របស់កម្ពុជា។ ខ្ញុំសុំសួរថា តើអព្យាក្រឹត្យអចិន្ត្រៃយ៍មានន័យយ៉ាងដូចម្តេច? បើប្រទេសកម្ពុជាបើកចំហក្នុងទំនាក់ទំនងជាមួយនឹងប្រទេសទាំងអស់។ អ្នកដែលនិយាយអំពីបញ្ហាអព្យាក្រឹតអចិន្ត្រៃយ៍របស់កម្ពុជា ដោយប្រើនិយមន័យថា កម្ពុជាមានទំនាក់ទំនងរកស៊ីច្រើនជាមួយចិន ទំនាក់ទំនងខ្ចីលុយចិន ហើយក៏ជាអន្ទាក់បំណុល សូមឆ្លើយឱ្យកម្ពុជាបានដឹង(និង)យល់ផង(ទៅ)មើលថា តើនិយមន័យ នៃអព្យាក្រឹតអចិន្ត្រៃយ៍វាមានរបៀបយ៉ាងម៉េច? ក្នុងពេលដែលនៅទីក្រុងវត្តមាន នៃមហាអំណាចទាំង ៥ ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ មានស្ថានទូតនៅទីក្រុងភ្នំពេញទាំងអស់? អ្នកឆ្លើយឱ្យខ្ញុំ? អ្នកវិភាគទាំងឡាយសូមអ្នកឱ្យច្បាស់ អ្នកកុំវិភាគដោយផ្អែកទៅលើម្ខាងៗ ដោយផ្នែកទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ដើម្បីយកឈ្មោះធ្វើជាអ្នកវិភាគឯករាជ្យ។ អ្នកមើលទីក្រុងភ្នំពេញអ្នករាប់បានទេ? ខ្ញុំមានបានបិទស្ថានទូតប្រទេសណាមួយ នៅទីក្រុងភ្នំពេញ(ឬនៅ)? យើងមានទំនាក់ទំនងរកស៊ីគ្រប់ប្រទេស។ បើអ្នកមិនចង់ឱ្យចិនធ្វើការច្រើននៅទីនេះ ពួកអ្នកជួយកម្ពុជាឱ្យបានច្រើនបន្តិចមកវាមានទាស់ខុសអី?
ចូលរួមជួយសាងសង់ពហុកីឡដ្ឋានមរតកតេជោ កុំឱ្យថាចិនធ្វើតែម្នាក់ឯង
ឥឡូវ ពហុកីឡដ្ឋានមរតកតេជោ កំពុងនៅខ្វះមួយចំនួន ម៉េចក៏មិនដាក់ទុនមក? ឯកឧត្តម ថោង ខុន បានលើកឡើងថា ថ្ងៃនេះ យើងផ្គុំកៅអីដំឡើងរួចរាល់នៅថ្ងៃនេះ ហើយនឹងបញ្ចប់ ៤០ ខែ។ នៅថ្ងៃទី ៣១ ធ្នូ ២០២០ បានសេចក្តីថា ពេលនោះ គឺយើងនឹងបញ្ចប់ការសាងសង់។ ប៉ុន្តែ នៅអាដំណាក់កាលទី ៣ នេះ (យើង)សាងសង់ទីលានកីឡាចំបាច់មួយចំនួន៖ មានទីលានប្រកួតកីឡាវាយកូនបាល់ខ្នាតអន្តរជាតិមួយចំនួនទៀត ទីលានប្រកួតធម្មតាថែមមួយទៀត ទីលានកីឡាហុកគីក្នុងសាល ទីលានកីឡាបាញ់កាំភ្លើងក្នុងសាល អគារស្នាក់នៅបន្ថែម សម្រាប់កីឡាករ/គ្រូបង្វឹក ចំនួន ៣០០ នាក់ ថែមទៀត សាល និងទីលានលេងកីឡាមួយចំនួនទៀត។ ឥឡូវ ខ្ញុំបើកឱ្យប្រទេសនានាសូមមកចូលរួម កុំថាចិនធ្វើតែម្នាក់ឯង។ ខ្ញុំបើកឱ្យចូលរួម ប៉ុន្តែ បើសិនជាអ្នកមិនមកចូលរួមទេ ខ្ញុំក៏នឹងសុំចិនថែមទៀត។ ឯកឧត្តម Wang Wentian ខ្ញុំនឹងស្នើសុំថែមទៀត។ ឥឡូវ និយាយឱ្យវាពិតមើល? និយាយឱ្យវាសច្ចធម៌បន្តិចមើល?
ជាការមិនត្រឹមត្រូវថា ទំនាក់ទំនងកម្ពុជា-ចិន នៅក្រោមឥទ្ធិពល ឬក្រោមអាណានិគមរបស់ចិន
អម្បាញ់មិញ ខ្ញុំបានមើលថា ទាំងផ្លូវ/ស្ពាន ហើយឥឡូវមន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំ សាកលវិទ្យាល័យនៅខេត្តក្រចេះ និងផ្នែកមួយចំនួនផ្សេងទៀត ថាបើសិនជាមិនមានការជំនួយរបស់ចិន តើអ្នកណាមកជំនួសចិន? អញ្ចឹងទេ គេគួរតែត្រូវឱ្យនិយមន័យឱ្យបានច្បាស់ កុំឱ្យបញ្ហាលេចឡើង។ (ខ្ញុំមានការ)ហួសចិត្ត(នៅ)ត្រង់ថា ទំនាក់ទំនងរវាងយើង គឺជាទំនាក់ទំនងនៅក្រោមឥទ្ធិពល ឬក្រោមអាណានិគមរបស់ចិនទៅវិញ។ ខ្ញុំវាមិនយល់? ខ្ញុំធ្វើការជាមួយនឹងថ្នាក់ដឹកនាំចិនបីជំនាន់៖ Jiang Zemin, Hu Jintao និងមកដល់ Xi Jinping ៣ ជំនាន់។ មានតែ Xi Jinping ទេ ដែលគាត់មានអាយុតិចជាងខ្ញុំ ២ ឆ្នាំ ឯក្រៅពីនោះ ទាំង Jiang Zemin, Hu Jintao គឺសុទ្ធតែអ្នកដែលមានអាយុច្រើនជាងខ្ញុំ។ ប្រទេសតូចមួយ និងក្រ តែត្រូវទទួលការគោរព និងស្មើភាពជាមួយនឹងមនុស្សចាស់ ហើយនឹងជាប្រទេសធំមួយ។ យើងធ្វើការជាមួយគ្នាបែបនេះ។
ប្រទេសខ្លះរកស៊ីជាមួយចិនច្រើនជាងកម្ពុជា តែមិនមានបញ្ហា
ប្រទេសខ្លះរកស៊ីជាមួយចិនយ៉ាងច្រើនជាងកម្ពុជាឆ្ងាយណាស់ ប៉ុន្តែ គេបែរអត់មានបញ្ហាអីទាល់តែសោះ? ដណ្តើមវិយោគចិនទៅកាន់ប្រទេសរបស់គេច្រើនណាស់ ប៉ុន្តែ គេអត់មានបញ្ហាអី។ ឥឡូវ វាច្របូកច្របល់អស់ហើយ។ យើងទៅជាមួយអ្នកណាពិតប្រាកដ? ម៉្យាងទៀត ខ្ញុំចង់ចង្អុលបង្ហាញរឿងវាបែបហ្នឹង។ សំណង់បែបហ្នឹង។ ខាងនេះកម្មករកម្ពុជា ខាងនេះកម្មករចិន ហេតុអីចំបាច់មានកម្មករចិនមកធ្វើការលើទឹកដីកម្ពុជា? បញ្ហានៅត្រង់ថា យើងផ្គត់ផ្គង់កម្មករឱ្យគេអត់ទាន់គ្រប់។ យើងផ្គត់ផ្គង់អ្នកបច្ចេកទេសឱ្យគេអត់ទាន់គ្រប់។ សំណង់អស់នេះមិនមែនជាសំណង់ធម្មតាទេ។ ទាំងវិស័យរដ្ឋ និងវិស័យឯកជន សុទ្ធតែមានតម្រូវការខាងបច្ចេកទេសខ្ពស់ណាស់។ បន្តិចទៀតនាំគ្នាពិនិត្យសំណង់ទៅ ហើយពេលសំណង់រួចយើងបើកឱ្យនិស្សិត/យុវជនកម្ពុជានាំគ្នាចូលមក។ យើងជូនក្មួយៗ យើងជូនប្រជាពលរដ្ឋរបស់យើងដើរមើល ហើយយើងប្រាប់គាត់។ យើងប្រាប់គាត់ថា នេះជាសំណង់ជំនួយឥតសំណងរបស់ចិន ក្នុងក្របខណ្ឌសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្នុងក្របខណ្ឌ នៃខ្សែក្រវាត់មួយ និងផ្លូវមួយ ដែលផ្សារភ្ជាប់ជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់កម្ពុជា។ យើងចង្អុលបង្ហាញប្រាប់ថា តើសមត្ថភាពរបស់កម្ពុជាយើងគ្រប់គ្រាន់ហើយឬនៅ ដើម្បីនឹងធ្វើសំណង់បែបនេះ?
ដោយសារខ្វះកម្លាំងពលកម្ម/អ្នកបច្ចេកទេស ទើបអ្នកវិនិយោគជួលអ្នកបច្ចេកទេសពីបរទេសមក
ចិនមិនមែនចង់យកអ្នកបច្ចេកទេសរបស់គាត់មកទេ និយាយរួម ប្រទេសក្រៅមិនចង់យកអ្នកបច្ចេកទេសរបស់គេមកកាន់ប្រទេសរបស់យើងទេ ព្រោះគេបែកប្រពន្ធកូនរបស់គេដែរ។ ប៉ុន្តែ តម្រូវការវាយ៉ាងដូច្នេះ។ នៅចាំទេប៉ុន្មានឆ្នាំមុននោះ តាមរោងចក្រកាត់ដេរដែលមកពីប្រទេសនានា មិនមែនគ្រាន់តែមកពីចិនទេ មិនពីប្រទេសនានា? គេជួលអ្នកបច្ចេកទេសពីបរទេសមក ដោយសារតែយើងអត់មានអ្នកបច្ចេកទេសគ្រប់គ្រាន់ អ្នកទទួលខុសត្រូវគ្រប់គ្រាន់។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តារោងចក្រកាត់ដេរ និងរោងចក្រមួយចំនួនផ្សេងទៀត បានដកអ្នកបច្ចេកទេសបរទេសទៅកាន់ប្រទេសគេវិញ បន្ទាប់ពីអ្នកបច្ចេកទេសកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់។ គេចង់បានអ្នកបច្ចេកទេសកម្ពុជា ប៉ុន្តែ យើងផ្តល់អ្នកបច្ចេកទេសឱ្យគេមិនទាន់គ្រប់។ ដូច្នេះ បានមានវត្តមានកម្មករចិននៅទីនេះ ហើយដែលមានប័ណ្ណការងារត្រឹមត្រូវ។ សួរថា អ្នកនេះមកនៅកម្ពុជា ខ្លះនឹកប្រពន្ធ/កូនរបស់គេដែរ។ យើងត្រូវយល់អំពីបញ្ហានេះ។ ឃើញជនជាតិចិននៅទីនេះ គេកសាងរួចគាត់មិនមែននៅក្នុងស្តាតហ្នឹងឯណា? គាត់ទៅផ្ទះរបស់គាត់។ ស្ពានឆ្លងកាត់ទន្លេ វាមានតម្រូវការបច្ចេកទេសខ្ពស់ណាស់ គ្រាន់តែកន្លែងខ្លះត្រូវយកអ្នកជំនាញច្រើន/តិច តាមទំហំការងារតែប៉ុណ្ណោះ។
អនុសាសន៍ ២ ចំណុច៖ (១) ផ្លូវចូលត្រូវពង្រីកឱ្យធំ/គ្រប់ស្ថានីយ៍ទូរទស្សន៍ចាប់ផ្តើមហ្វឹកហាត់ក្រុមជំនាញពីឥឡូវទៅ
ខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួន សម្រាប់ការងារបន្ត។ សម្តេចពិជ័យសេនា បានប្រជុំរៀបចំអំពីបញ្ហារៀបចំកិច្ចការរដ្ឋបាល នៃលេខាធិការដ្ឋានក្នុងស្រុក ចាប់ផ្តើមបញ្ជូនកីឡាករជម្រើសទៅប្រកួត។ ចាប់បញ្ជូនកីឡាទៅចូលរួមប្រកួតជាអន្តរជាតិឱ្យបានញឹកញាប់ (ធ្វើនេះ/នោះ)។ ប៉ុន្តែ ខ្ញុំសូមផ្តល់នូវអនុសាសន៍ ២ ធំ៖ ទី (១) ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នេះ ជាពិសេស គឺផ្លូវដែលត្រូវចូលក្នុងតំបន់នេះ មិនមែនផ្លូវប៉ុណ្ណឹងគ្រប់គ្រាន់ទេ។ ថ្ងៃនេះ ឧកញ៉ា លី យ៉ុងផាត មកទីនេះស្រាប់ហើយ។ អញ្ចឹង បញ្ហាច្បាស់ណាស់ គឺត្រូវតែធ្វើឆ្លងកាត់តំបន់នេះមួយចំនួនទៀត ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវតែផ្តល់ចេញនូវថវិកា។ ឥឡូវ ផ្លូវភ្ជាប់ពីខាងណាទៅខាងណាទៀត? ទៅម្ខាងទន្លេ គឺច្បាស់ជាវាទៅមិនរួចទេ។ ប៉ុន្តែ គេអាចបំបែកផ្លូវ ដែលមិនអាចឱ្យទៅស្ទះតែក្នុងមាត់ច្រកតែមួយកន្លែង។ ប៉ុន្តែ ចេញទៅផ្លូវជាតិលេខ ៦A គឺច្បាស់ជាត្រូវធ្វើឱ្យបានមាំទាំ ព្រោះផ្លូវប៉ុណ្ណេះមិនគ្រប់គ្រាន់ទេ។ ហេដ្ឋារចនាសម័្ពន្ធនេះ ចាំបាច់បម្រើឱ្យនូវសេចក្តីត្រូវការ នៃការភ្ញៀវចេញ-ចូល។ ប្រជាពលរដ្ឋមកទស្សនានៅក្នុងពេលនោះ ត្រូវមើលឱ្យបានច្បាស់អំពីបញ្ហានេះ។ ភ្ជាប់ពីចំណុចណាទៅចំណុចណា? ត្រូវរៀបចំឱ្យបានច្បាស់។ ផ្លូវនេះមិនវែងទេ គ្រាន់តែត្រូវការឱ្យវាមានទំហំធំបន្តិច។ អញ្ចឹង លោក ឧកញ៉ា លី យ៉ុងផាត់ ត្រូវផ្តល់ដី គឺថា អាហ្នឹងជាផលប្រយោជន៍របស់ក្រុមហ៊ុនដែរទេ ប៉ុន្តែ វាក្លាយទៅជាផ្លូវរបស់សាធារណៈ ដែលនឹងបម្រើទៅឱ្យតំបន់នេះ សម្រាប់ការប្រកួតផង។ ប៉ុន្តែ ក្រោយការប្រកួត ក៏នឹងប្រើប្រាស់សម្រាប់ការដឹកជញ្ជូន (ឬការ)ធ្វើដំណើររបស់ប្រជាពលរដ្ឋ។ អាហ្នឹងជាចំណុចទាក់ទងទៅនឹងហេដ្ឋារចនាសម័្ពន្ធ។
ហេដ្ឋារចនាសម័្ពន្ធមួយទៀត គឺខ្ញុំចង់និយាយ អំពីទាក់ទិនជាមួយនឹងបញ្ហាការផ្សព្វផ្សាយក្នុងពេលប្រកួត។ បើយោងទៅលើបទពិសោធន៍នៅក្នុងប្រទេសឡាវ ក្នុងពេលដែលគាត់ធ្វើស៊ីហ្គេម ឡាវដូចមានទូរទស្សន៍ត្រឹមតែ ២-៣ តែប៉ុណ្ណឹងទេ។ អញ្ចឹង ត្រូវបញ្ចាំងអានេះបន្តិច រួចហើយទៅយកអានោះបន្តិច។ អញ្ចឹងទេ ចែកក្រុមហ៊ុនទូរទស្សន៍នៅក្នុងស្រុកទៅ អ្នកណាជំនាញខាងអី? ត្រូវទទួលបន្ទុកកីឡាអី? ត្រូវហ្វឹកហាត់ពីឥឡូវ។ រៀបមធ្យោបាយពីឥឡូវ។ ឧទាហរណ៍ថា៖ ក្រុមហ៊ុន Royal Group ថាមានទូរទស្សន៍ ៣៖ មាន CNC, CTN, MYTV វាទទួលបន្ទុកខាងអី? ហង្សមាសមាន ២៖ ហង្សមាស, រស្មីហង្សមាស ទទួលបន្ទុកអីខ្លះ? Bayon Group៖ មានបាយ័ន្ត, មាន BTV និង ETV អាហ្នឹងទទួលបន្ទុកអីខ្លះ? PNN របស់ឧកញ៉ា លី យ៉ុងផាត់ ដែលនៅទីនេះផ្ទាល់ ទទួលបន្ទុលខាងកីឡាអី? ទូរទស្សន៍ប៉ុស្តិ៍លេខ ៥, អប្សរា, ប៉ុស្តិ៍លេខ ៣, ប៉ុស្តិ៍លេខ ៩ និងទូរទស្សន៍ជាតិ ទទួលបន្ទុកលើកីឡាអី? អញ្ចឹង ចាប់ផ្តើមហ្វឹកហាត់ក្រុមជំនាញហ្នឹងពីឥឡូវផងដែរ ជាមួយនឹងហ្វឹកហាត់(របស់)អ្នកកីឡា។ យើងចង់ធ្វើអញ្ចេះ អ្នកតាមដានតាមផ្នែកណា កុំឱ្យដាច់ការតាមដាន ព្រោះនៅប្រទេសខ្លះកំពុងតែមើលជក់ ដោយគេខ្វះប៉ុស្ដិ៍ទូរទស្សន៍ គេរុញទៅប៉ុស្ដិ៍ផ្សេង អ្នកតាមដានវាដាច់។ អញ្ចឹងទេ សូមប្រគល់ភារកិច្ចហ្នឹងឱ្យទៅមេទូរទស្សន៍ទាំងអស់ ដើម្បីយើងបែងចែកទៅតាមការកំណត់របស់គណៈកម្មាធិការអូឡាំពិក។
ក្រសួងអប់រំ យុវជន និងកីឡា ត្រូវកំណត់ថា ទូរទស្សន៍នេះត្រូវទទួលខាងប្រដាល់។ ទូរទស្សន៍នេះទទួលខាងហែលទឹក។ ទូរទស្សន៍នេះទទួលខាងស្អី។ ដោយមិនចាំបាច់ចល័តវាច្រើន។ គេមានការប្រចាំការរបស់គេ។ ប៉ុន្តែ ការប្រកួតមិនមែនធ្វើតែនៅកន្លែងនេះ(ទេ) ច្បាស់ជាធ្វើនៅកន្លែងផ្សេង។ អញ្ចឹងទេ ការប្រកួតនៅកន្លែងផ្សេងតម្រូវឱ្យអ្នកដែលមានប៉ុស្តិ៍ទូរទស្សន៍ច្រើន គឺមានបីក្រុមហ៊ុន។ ហង្សមាសមានពីរ, បាយ័នមានបី, Royal Group មានបី អាចពង្រាយទៅកាន់ទីតាំងផ្សេងៗក្រៅពីតំបន់នេះ ប៉ុន្តែ អ្នកដែលមានប៉ុស្តិ៍ទូរទស្សន៍តែមួយៗ អាចប្រគល់ឱ្យនៅតំបន់នេះ។ ឱ្យរៀនរបៀបថត។ ឧបមាថា កីឡាប្រដាល់គេថតរបៀបម៉េច? អាហ្នឹងប្រហែលជាស្រួលទេ ព្រោះឥឡូវសុទ្ធតែប្រដាល់ហើយស្រុកខ្មែរ។ ចាប់ពីល្ងាចថ្ងៃសុក្រទៅប្រដាល់រហូត។ អាហ្នឹង គឺអនុសាសន៍ទី ១។ ហើយមានបញ្ហាដទៃទៀត ដែលសុំពិនិត្យមើលឱ្យបានច្បាស់។
ចាប់ផ្តើមបង្កកថវិកា សម្រាប់ចំណាយស៊ីហ្គេម ២០២៣
ខ្ញុំចាប់ផ្ដើមបង្កកថវិកាហើយ។ ព្រោះអញ្ចេះ យើងមិនអាចយកលុយក្នុងឆ្នាំ ២០២៣ យកមកចាយគំហុកនោះទេ។ ខ្ញុំសុំជម្រាបថា ក្នុងឋានៈជាអគ្គបញ្ជាការតែមួយលើបញ្ហាហិរញ្ញវត្ថុ និងក្នុងឋានៈជានាយសេនាធិការតែមួយលើបញ្ហាហិរញ្ញវត្ថុ គឺឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន យើងបានឯកភាពគ្នាថា ត្រូវកាត់ជាចំណិតៗទៅលើការចំណាយស៊ីហ្គេមឆ្នាំ ២០២៣។ ប៉ុន្មានថ្ងៃមុនខ្ញុំបានចុះហត្ថលេខាបង្កក បានសេចក្ដីថា កាត់ចំណាយមួយភាគ។ អញ្ចឹង លុយហ្នឹងត្រូវចូលទៅក្នុងគណនីមួយសន្សំ។ ឆ្នាំក្រោយត្រូវចូលទៅប៉ុន្មានទៀត ទម្រាំដល់ពេលប្រកួតលុយយើងវាមានច្រើន។ លុយយើងវាមិនរំខានទៅដល់ថវិកាឆ្នាំ ២០២៣ ដែលធ្វើឱ្យធ្ងន់ដល់ថវិកាឆ្នាំ ២០២៣។ នេះជារបៀបចាយចំណិតត្រសក់។
ទី (២) ត្រូវធ្វើជាម្ចាស់ផ្ទះមានការទទួលខុសត្រូវខ្ពស់/ខិតខំដណ្ដើមមេដាយឱ្យបានច្រើន
ឯចំពោះអនុសាសន៍ទី (២) ការបញ្ជូនកីឡាទៅហ្វឹកហាត់ ដើម្បីចាប់យកនូវមេដាយឱ្យបានច្រើន វាជារឿងមួយហើយ ប៉ុន្តែ នៅទីនេះ ត្រូវចងចាំឱ្យច្បាស់ថា យើងមានតួនាទីជាម្ចាស់ផ្ទះ។ ដូច្នេះ កិច្ចការពីរដែលត្រូវធើ្វ៖ ទី ២.១. ត្រូវធ្វើម្ចាស់ផ្ទះដែលមានការទទួលខុសត្រូវ ហើយដែលការប្រព្រឹត្តទៅនៃការប្រកួតរលូន(តាំង)ពីដើមរហូតដល់ចប់។ មិនធ្វើឱ្យកីឡាករ/ការិនី និងអ្នកដឹកនាំ នៃប្រទេសនានា ដែលមកចូលរួមការប្រកួតបាក់ទឹកចិត្ត ហើយធ្វើឱ្យខូចនូវមុខមាត់ប្រទេសទេ។ មេដាយ គឺជារឿងទីពីរទេ។ ប៉ុន្តែ រឿងធានារ៉ាប់រងក្នុងឋានៈជាអាស៊ាន ដែលមានការទទួលខុសត្រូវៗធ្វើកិច្ចការងារនេះឱ្យច្បាស់ គឺមិនឱ្យកីឡាករ/ការិនី ដែលមកពីប្រទេសនានាបាក់ទឹកចិត្ត ហើយត្រឡប់ទៅវិញនិយាយដើមកម្ពុជាទទួលមិនបានល្អ ដេកមិនបាន(ដោយសារ)ក្ដៅ ព្រោះយើងត្រូវបើកៗចំពេលក្ដៅហ្នឹងទៀត។ កំណត់យកថ្ងៃសុក្រ ទី ០៥ ឧសភា ២០២៣។ ហេតុអីបានជាយើងកំណត់យកថ្ងៃទី ០៥ ឧសភា? ដោយសាខែ កក្កដា ២០២៣ គឺជាឆ្នាំដែលយើងត្រូវធ្វើការបោះឆ្នោត។ ដូច្នេះ តាមធម្មតាយើងត្រូវធ្វើឱ្យច្បាស់ (ព្រោះ)យើងអ្នកទទួលខុសត្រូវ បើសិនជាពន្យារ(ពេល)ទុកធ្វើក្រោយការបោះឆ្នោត គឺវាមិនងាយស្រួលទេ ម្យ៉ាងយើងត្រូវធ្វើខួបលើកទី ៦០ នៃថ្ងៃបុណ្យឯករាជ្យរបស់កម្ពុជា ដែលជាខួបធំ។ តែម្យ៉ាងទៀត ក្រោយការបោះឆ្នោតយើងមានការរវល់ណាស់។ រៀបចំរដ្ឋាភិបាល។ រៀបចំគណៈរដ្ឋមន្ត្រី។ រួចហើយត្រូវប្រជុំរៀបចំផែនការច្រើនណាស់។ អញ្ចឹង ដើម្បីកុំឱ្យលំបាកទៅដល់ពេលនោះ យើងត្រូវធ្វើមុនពេលបោះឆ្នោត។
តិចអ្នកខ្លះថា លោក ហ៊ុន សែន ធ្វើស៊ីហ្គេមមុនពេលបោះឆ្នោត ដើម្បីយកការជះឥទ្ធិពលទៅលើការបោះឆ្នោត ឱ្យឃើញថា ជោគជ័យ នៃស៊ីហ្គេមរបស់គាត់ហ្នឹង គឺបង្ហាញអំពីសមត្ថភាពពិតប្រាកដរបស់គណបក្សប្រជាជន ប្រាកដជាឈ្នះឆ្នោតទៀត។ រឿងឈ្នះនោះវាពិតជាឈ្នះហើយ បើពួកអ្នកឯងធ្វើអញ្ចឹង។ ធ្វើឡើងបន់ឱ្យគេងាប់។ ដល់ចេញមកនិយាយអញ្ចឹង សួរថា វាឆាប់ងាប់ទេអាធុនហ្នឹង? បន្តិចទៀតខ្ញុំនិយាយដល់អាហ្នឹង។ ចាំបន្តិចខ្ញុំនិយាយរឿងសុខភាពខ្ញុំបន្តិច។ កុំភ្លេចថា ខែ ឧសភា គឺជាខែក្ដៅផង ហើយអាចមានភ្លៀងធ្លាក់ផង។ សូម្បីតែការបម្រុងទុកអាវភ្លៀង តង់ ក្រណាត់កៅស៊ូ សម្រាប់អ្នកទស្សនា ក៏ត្រូវបានគិតគូរ សម្រាប់កីឡាករ/ការិនី ក៏ត្រូវបានគិតគូរ។ ត្រូវដឹងធាតុអាកាស។ បើយើងធ្វើនៅចុងឆ្នាំវាអត់មានបញ្ហាទេ ប៉ុន្តែ យើងធ្វើខែក្ដៅផង ហើយពេលនោះអាចនឹងជាប់ភ្លៀងធ្លាក់ផងដែរ …។
ខ្ញុំសូមបញ្ជាក់ អនុសាសន៍ទី ២ នេះ មានពីរចំណុច។ ចំណុចទី ១. ការទទួលខុសត្រូវក្នុងឋានៈជាម្ចាស់ផ្ទះ។ ចំណុចទី ២. ខិតខំដណ្ដើមមេដាយឱ្យបានច្រើន។ ប៉ុន្តែ ចំណុចទី ១ នេះ គឺធំជាងគេ។ បើទោះបីមិនបានមេដាយសោះក៏ហីទៅចុះ ប៉ុន្តែ ធ្វើម៉េចឱ្យតែការប្រកួតបានត្រឹមត្រូវ។ បើក/បិទបានត្រឹមត្រូវ។ គេត្រឡប់ទៅប្រទេសគេវិញ ថាកម្ពុជា គឺជាប្រទេសដែលគួរឱ្យចងចាំក្នុងការប្រកួតស៊ីហ្គេមនៅទីនេះ។ យើងក្រពិត ក៏ប៉ុន្តែ កុំឱ្យក្រមាយាទ។ អញ្ចឹង បានជាយកបញ្ហានេះធ្វើជាគោលដៅ នៃការផ្សព្វផ្សាយជម្រុញពីឥឡូវនេះ។ ហើយខ្ញុំគួរតែនិយាយថា មិនមែនគ្រាន់តែគណៈកម្មការប្រកួត ឬគណៈកម្មាធិការអូឡាំពិក ឬគណៈកម្មការក្រសួងអប់រំ យុវជន និងកីឡា ឬគណៈកម្មការរួម ដែលដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើបានទេ? ការចូលរួមគ្រប់តួអង្គពាក់ព័ន្ធ ជាពិសេស ប្រជាពលរដ្ឋមានតួនាទីសំខាន់ណាស់។ អនាម័យនៅក្នុងប្រទេស គឺត្រូវធ្វើឱ្យបានល្អ។ មានប្រទេសខ្លះ យើងត្រឡប់មកវិញក៏និយាយពីប្រទេសហ្នឹងដែរ ថាប្រទេសនេះកន្ទុយបារីច្រើនណាស់។ ខ្ញុំនិយាយប៉ុណ្ណឹងដឹងហើយថា នៅអឺរ៉ុបប្រទេសណាបោះកន្ទុយបារីតាមផ្លូវច្រើនជាងគេ។ នៅប្រទេសណាខ្លះដែលនោមដាក់ជញ្ចាំង។ តែខ្ញុំមិនចេញឈ្មោះប្រទេសទេ តែជាមួយប្រពន្ធខ្ញុំៗនិយាយ។ មិត្តភក្តិជិតស្និទ្ធមិនមែនក្នុងវេទិកាចំហ ខ្ញុំនិយាយ។ មានកន្លែងមួយគ្រាន់តែឈប់ឡានមួយភ្លែត ខ្ញុំរាប់ជុំវិញឡានខ្ញុំ ៧ កន្ទុយបារី ហើយជិតវាំងស្ដេចផង។
ឆ្នាំ ២០២០ កម្ពុជាត្រូវធ្វើប្រធាន នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប
អញ្ចឹង ការទទួលខុសត្រូវរបស់យើងនៅទីនេះ ត្រូវធ្វើឱ្យបានច្បាស់។ យើងត្រូវដឹងថា ឆ្នាំ ២០២០ ខាងមុខនេះ នឹងមានបណ្ដាថ្នាក់ដឹកនាំប្រទេសជិត ៤០ ប្រទេស។ អឺរ៉ុប ២៨ ប្រទេស អាស៊ី ៣៩ ទាំងអស់បូកជាមួយនឹងប្រធានគណៈកម្មការអឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប ព្រោះប្រធានគណៈកម្មការអឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុបជាសមភាគី នៃអង្គប្រជុំរបស់យើង។ កាលពីថ្ងៃ សុក្រ ខ្ញុំទៅព្រលានយន្តហោះ ប្រាប់ វ៉ាងស៊ី ហើយថា ត្រូវរៀបចំចំណតយន្តហោះ ព្រោះមេដឹកនាំនៅអឺរ៉ុប និងមេដឹកនាំអាស៊ីមួយចំនួនគេមកយន្តហោះផ្ទាល់ខ្លួនគេ។ ត្រូវមានកន្លែងចតឱ្យបានត្រឹមត្រូវ។ អញ្ចឹង ឆ្នាំ ២០២០ យើងត្រូវធ្វើប្រធាន នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលមានថ្នាក់ប្រមុខរដ្ឋាភិបាលរាប់សិបប្រទេសឯណោះមកកាន់ប្រទេសយើង។
កម្ពុជានឹងធ្វើជាប្រធានអាស៊ាន ជាថ្មីម្តងទៀតនៅឆ្នាំ ២០២២
ខ្ញុំសុំបញ្ជាក់ឡើងវិញ មុននេះខ្ញុំគិតថា ឆ្នាំ ២០២២ កម្ពុជានឹងធ្វើប្រធានអាស៊ាន សាជាថ្មីម្ដងទៀត។ ពេលនោះ ខ្ញុំគិតថា និងប្រជុំអាស៊ានលើកទី ១ នៅសៀមរាប។ ប្រជុំអាស៊ានលើកទី ២ នៅឯក្រុងព្រះសីហនុ។ ឥឡូវ ខ្ញុំបានសម្រេចចិត្តសាជាថ្មីម្ដងទៀត មិនចាំបាច់ទៅសៀមរាប ហើយក៏មិនចាំបាច់ទៅក្រុងព្រះសីហនុទេ ធ្វើនៅភ្នំពេញតែម្ដង ព្រោះការរើក្បាលម៉ាស៊ីនរបស់ក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធទៅកាន់គោលដៅមួយថ្មី គឺមិនមែនជារឿងធម្មតាពេកទេ។ បទពិសោធន៍ Prayut Chan-o-cha ប្រជុំនៅបាងកកស្រួលចង់ងាប់។ អញ្ចឹងទេ យើងប្រជុំនៅភ្នំពេញហ្នឹងហើយ។ បើគណៈប្រតិភូណាចង់ទៅលេងនៅឯណា យើងដឹកគេទៅ។ អញ្ចឹង ប្រជុំតែនៅភ្នំពេញទេ។
ពេលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន/ស៊ីហ្គេម សេវាដឹកជញ្ជូនយករបៀបតាមប្រទេសឥណ្ឌូនេស៊ី
(ឆ្នាំ) ២០២២ យើងធ្វើប្រធានអាស៊ាន។ (ឆ្នាំ) ២០២៣ យើងធ្វើម្ចាស់ផ្ទះស៊ីហ្គេម។ ដូច្នេះ ចំណាយធំណាស់។ ថ្ងៃមុនខ្ញុំអង្គុយពិនិត្យមើលក្រុមហ៊ុន Royal Group ត្រូវបានទទួលម៉ៅការឱ្យទិញឡាន ដើម្បីដឹកភ្ញៀវ ព្រោះរដ្ឋមិនដែលគ្រប់គ្រងខ្លួនឯង។ គ្រប់គ្រងតែ ២០-៣០ ឡានវាចង់ដាច់ខ្យល់ហើយ តែនេះរាប់រយឡាន។ អញ្ចឹងទេ សេវាដឹកជញ្ជូនយើងយកតាមរបៀបឥណ្ឌូនេស៊ី។ ឱ្យក្រុមហ៊ុនមួយចាត់ចែង រួចហើយយើងបង់ថ្លៃសេវាក្នុងការដឹកជញ្ជូនឱ្យគេ។ ប៉ុន្តែ នៅពេលឡានចាស់ យើងត្រូវឱ្យគេលក់ចេញយ៉ាងម៉េច? គិតពន្ធយ៉ាងម៉េច? អញ្ចឹង បានរៀបចំផែនការជាមួយក្រុមហ៊ុនហើយ។ ត្រូវទិញឡានថ្មីថែមប៉ុន្មាន? ឧបករណ៍សម្ភារៈបច្ចេកទេស សម្រាប់ការត្រួតពិនិត្យ តាំងពីបាតឡាន តាំងពីស្អីៗ ដើម្បីប្រឆាំងភេរវកម្ម គឺត្រូវពិនិត្យ និងរៀបចំក្នុងការធ្វើម្ចាស់ផ្ទះ។
ពន្យារពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ដើម្បីអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធ/ធនធានកីឡា …
(មូល)ហេតុដែលកម្ពុជាមិនទាន់ធ្វើជាម្ចាស់ស៊ីហ្គេម(មុនឆ្នាំ) ២០២៣ ខ្ញុំបានស្នើសុំការយោគយល់ពីថ្នាក់ដឹកនាំអាស៊ានថា ខ្ញុំត្រូវការលុយ ដើម្បីធ្វើផ្លូវ/ប្រឡាយទឹក/ស្ពាន/សាលារៀន/មន្ទីរពេទ្យ សុំស្នើយោគយល់ ចំពោះកម្ពុជា។ អតីតប្រធានាធិបតីឥណ្ឌូនេស៊ីគាត់ថា Susilo Bambang Yudhoyono ត្រឹមត្រូវណាស់។ ខ្ញុំបាននិយាយថា ដរាបណាប្រជាជនខ្ញុំមិនទាន់ឡើងដល់កម្រិតប្រាក់ចំណូលលើសពី ១ ០០០ ដុល្លារ (អាមេរិក) ខ្ញុំមិនធ្វើស៊ីហ្គេមទេ។ ខ្ញុំត្រូវការប្រាក់កាស ដើម្បីឱ្យប្រជាជនខ្ញុំមានផ្លូវដើរ មានស្ពានឆ្លង មានសាលារៀន មានមន្ទីរពេទ្យ មានប្រឡាយទឹកសិន។ (អ្នក)ខ្លះគេថា យើងប៉ុណ្ណឹងដែរធ្វើស៊ីហ្គេមអន់ជាងឡាវ? តែរឿងឡាវជាសមត្ថភាពរបស់ឡាវ ឯកម្ពុជាជាសមត្ថភាពរបស់កម្ពុជា។ នេះជាការសន្សំ។
ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាតម្រូវការចាំបាច់ត្រូវផ្តល់អាទិភាព
អគារសន្តិភាព ត្រូវបានធ្វើក្នុងពេលវេលាមួយ ដែលយើងមានការចាំបាច់ខ្លាំងណាស់ទើបបានធ្វើ។ សូម្បីតែក្រសួងការពារជាតិ ដែលចាស់លិចទឹកទុកប្រើរហូតដល់ឥឡូវ ទើបនឹងចាប់ផ្តើមធ្វើ ដោយមានការសន្សំសំចៃថវិកា ព្រោះយើងត្រូវការលុយហ្នឹង ដោយផ្តល់អាទិភាពទៅឱ្យការចំណាយទៅលើការសាងសង់ផ្លូវ កសាងប្រឡាយទឹក កសាងសាលារៀន មន្ទីរពេទ្យ ដែលមួយឆ្នាំៗរាប់រយលានដុល្លារ ដែលកម្ពុជាវិនិយោគ ផ្ទាល់ខ្លួនឯង។ ប៉ុន្តែ សំណូមពររបស់សម្តេចពិជ័យសេនាថ្ងៃមុន ខ្ញុំឯកភាពថា អត់ទាន់ឱ្យទេអាលុយរើឃ្លាំងនោះ ព្រោះឱ្យទៅពិនិត្យសិន។ កន្លែងខ្លះតាមដឹង គឺថា ពួកខាងក្រោមគេធ្វើរួចហើយៗខាងលើអត់ដឹង ទៅសុំលុយថែម។ អា ១០ អង្គភាពដែលត្រូវធ្វើនោះ សុំលុយប៉ុន្មានសិបពាន់លាន។ ខ្ញុំអត់ទាន់ឱ្យទេ ព្រោះឱ្យជជែកផ្ទៃក្នុងគ្នា។ ជួនកាលឱ្យរួចហើយ។ កន្លែងខ្លះខ្ញុំឃើញវាវេទនាពេក ខ្ញុំរុញលុយទៅឱ្យជួសជុលរួចទៅហើយ ប៉ុន្តែ ខាងផ្នែកបច្ចេកទេសអត់បានដឹងថាកន្លែងហ្នឹងធ្វើរួចទេ។ អញ្ចឹង វាត្រួតគ្នា។ ដល់ត្រួតគ្នាអញ្ចឹង ខ្ញុំអត់ទាន់ឱ្យទេ ៣៨ ពាន់លាន(រៀល) ដែលជិតនឹង ១០ លានដុល្លារ(អាមេរិក)។ នាំគ្នាមើលទៅ កន្លែងណាធ្វើរួច/មិនទាន់ធ្វើរួច។ ត្រូវប្រើប្រាស់ថវិកាឱ្យបានច្បាស់។
ពហុកីឡដ្ឋានមរតកតេជោ ជាចំណងដៃរបស់មិត្តចិន ចំពោះកម្ពុជា
សូមកោតសរសើរ ចំពោះក្រុមហ៊ុនសាងសង់ ដែលយកការទទួលខុសត្រូវ ក៏ដូចជា អគ្គរដ្ឋទូតចិននៅទីនេះ ត្រូវចាំថា នេះជាចំណងដៃរបស់ប្រធានាធិបតី Xi Jinping ចំពោះខ្ញុំ/កម្ពុជា។ ជាចំណងដៃរបស់មិត្តចិន ចំពោះកម្ពុជា ដោយកម្ពុជាអត់មានប្រើប្រាស់ប្រាក់កាក់របស់ខ្លួនទេ។ ១ ០៥០ លានយ៉ន់ ដោយគិតតាម អត្រាប្តូរប្រាក់ វានៅក្នុងរង្វង់ ១៦០-១៧០ លានដុល្លារអាមេរិក ដើម្បីសាងសង់អគារនេះ។ អម្បាញ់មិញបានគិតមួយជំហានហើយ ខិតខំធ្វើយ៉ាងម៉េចយកអគារចិញ្ចឹមអគារ។ មើលនៅក្នុងនេះ សណ្ឋាគារមាន ៣៤ បន្ទប់ ក៏អាចនាំភ្ញៀវមកដេកបាន។ ហាងលក់ទំនិញ (ហាងលក់)សម្លៀកបំពាក់កីឡា (ហាងលក់)ឧបករណ៍កីឡាគ្រប់ប្រភេទ។ អញ្ចឹងទេ ដល់ពេលហ្នឹងយើងប្រើប្រាស់ ដើម្បីនឹងឱ្យមានផលចំណេញ។ យកប្រាក់ចំណូលពីអាហ្នឹងយកមកដើម្បីធ្វើការថែទាំ។ រឿងអគ្គិសនី ពាក្យថាគ្រប់ពិបាកនឹងនិយាយ ព្រោះអី? តែអគារនេះកសាងរួច កន្លែងខ្លះត្រូវការបញ្ឆេះម៉ាស៊ីនត្រជាក់រហូត ព្រោះបើមិនអញ្ចឹងវាខូចសម្ភារៈបរិក្ខានៅក្នុងហ្នឹង។ តាមរយៈ ឯកឧត្តម Wang Wentian សុំឱ្យខ្ញុំផ្តាំផ្ញើអរគុណ ចំពោះឯកឧត្តម Xi Jinping ឯកឧត្តម Li Keqiang ថ្នាក់បក្ស រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយដល់កម្ពុជា …។
តើមានវត្ថុបំណងអ្វី ដែលលើកឡើងអំពីវត្តមានយោធាចិននៅកម្ពុជា?
ខ្ញុំសុំយកឱកាសនេះ សុំបញ្ជាក់សាជាថ្មីជូនអស់លោកអ្នក ដែលបានលើកឡើង អំពីវត្តមានយោធាចិននៅកម្ពុជា តើអស់លោកនិយាយពីអីពិតប្រាកដ? អស់លោកត្រូវចាំ មុនឆ្នាំ ១៩៧០ មុនរដ្ឋប្រហារ អស់លោក បាននិយាយពីវត្តមានកងទ័ពរំដោះវៀតណាមនៅលើទឹកដីកម្ពុជា តែប៉ុន្មានរយៈក្រោយមក អស់លោកធ្វើ រដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ អស់លោកត្រូវចាំទៅលើចំណុចនេះ។ អស់លោកក៏ត្រូវចាំនូវប្រវត្តិចោទអ៊ីរ៉ាក់ថាមានអាវុធប្រល័យលោក។ ដល់វាយចូលអ៊ីរ៉ាក់ ទីបំផុតអាវុធប្រល័យលោកនៅឯណា? ស្លាប់មនុស្សរាប់ម៉ឺននាក់នៅអ៊ីរ៉ាក់។ ឥឡូវ អ៊ីរ៉ាក់ត្រូវប្រើពេលប៉ុន្មានឆ្នាំ ដើម្បីស្តារឡើងវិញ? ហើយមិនត្រឹមតែស្តារទេ សូម្បីតែសន្តិសុខនៅអ៊ីរ៉ាក់មិនទាន់បានដោះស្រាយចប់ទេ ទោះបីជាពួក ISIS ត្រូវបានបណ្តេញចេញពីតំបន់កាន់កាប់ ប៉ុន្តែ មិនប្រាកដថា អំពើភេរវកម្មមិនកើតក្នុងទឹកដីអ៊ីរ៉ាក់ទេ។ នៅលីប៊ីកំពុងមានបញ្ហាហើយ។ តើវត្ថុបំណងចង់ធ្វើដូចឆ្នាំ ១៩៧០ ទេ នូវក្នុងការមួលបង្កាច់បែបនេះ? កម្ពុជា និងចិនមានបញ្ហាអ្វី បានជាចាំបាច់ចុះហត្ថលេខាជាមួយគ្នាលើបញ្ហាកិច្ចព្រមព្រៀងសម្ងាត់? គ្មានត្រូវការចាំបាច់អ្វីសោះ។
អនុញ្ញាតឱ្យដកលុយ ៤០ លានដុល្លារ ទិញអាវុធពីចិន ដើម្បីពង្រឹងសមត្ថភាពកងទ័ព
និយាយឱ្យត្រង់ទៅចុះ ឥឡូវ កំពុងតែដឹកតាមនាវាមកទេ។ ឆ្នាំនេះ ខ្ញុំឱ្យដកលុយជិត ៤០ លានដុល្លារ(អាមេរិក) ដើម្បីទិញអាវុធមួយចំនួនពីចិន បន្ថែមទៅលើ ២០០ លានដុល្លារ(អាមេរិក) ដែលឱ្យពីមុន សម្រាប់ការទិញ(អាវុធ) ហើយនឹង ៩០ លានដុល្លារ(អាមេរិក) ដែលឱ្យលើកក្រោយដែលខ្ញុំទៅនេះ។ ខ្ញុំចង់ពង្រឹងសមត្ថភាពកងទ័ព។ ខ្ញុំមាន(ទៅ)ខ្លាចអី? មកដល់កំពង់សោមអ្នកឯងមើលក៏មើលទៅ។ ឃើញក៏ឃើញទៅ។ នៅលើលោកនេះប្រទេសណាអត់កាំភ្លើង? កាំភ្លើងរបស់កម្ពុជាវារាងចាស់ៗបន្តិចហើយ។ អញ្ចឹង ខ្ញុំឱ្យទិញប៉ុន្មានម៉ឺនដើមមកទៀត។ យកមកស្តុកទុក។ ដកអាចាស់ បញ្ចេញអាថ្មី។ យកអាចាស់មកជួសជុល ឱ្យប្រទេសមួយអត់មានកាំភ្លើងយ៉ាងម៉េច? ឆ្នាំមុននោះ ទៀ បាញ់ សុំតែ ២៥ ពាន់លាន(រៀល)ទេ តែលើកនេះ ខ្ញុំម្ចាស់ការហៅទូរស័ព្ទឱ្យរៀបចំគម្រោងស្នើលុយ ដើម្បីទៅទិញអាវុធពីចិន។ និយាយឱ្យត្រង់ៗតែម្តង ព្រោះខ្ញុំត្រូវគិតទៅដល់គ្រប់ផ្នែកទាំងអស់។
អាវុធវាប៉ុន្មានឆ្នាំទៅហើយដែលទិញមកមុន ហើយនៅសល់ស្តុកនៅក្នុងឃ្លាំងប៉ុន្មាន ខ្ញុំមានអាហ្នឹងនៅក្នុងដៃរបស់ខ្ញុំ។ អាវុធស្តុកនៅក្នុងឃ្លាំងមានប៉ុន្មាន គ្រាប់នេះ/នោះមានប៉ុន្មាន ស្អីមានប៉ុន្មានខ្ញុំមានទិន្នន័យក្នុងដៃរបស់ខ្ញុំ។ ខ្ញុំឃើញបងប្អូនហ្វឹកហាត់ ពេលខ្លះសំណើសុំគ្រាប់មកដល់ខ្ញុំ ដើម្បីហ្វឹកហាត់បាញ់គ្រាប់ពិត បានខ្ញុំទូរស័ព្ទទៅប្រាប់ ទៀ បាញ់ ថាចាប់ពីពេលនេះតទៅ កងទ័ពម្នាក់ត្រូវឱ្យបាញ់គ្រាប់ពិតឱ្យបានច្រើនបន្តិច កុំឱ្យតម្រង់តែទៅចោល ហើយដល់បាញ់វាអត់មានគ្រាប់បាញ់។ អញ្ចឹងទេ ទិញប៉ុន្មានរយលានគ្រាប់យកមក រួចហើយឱ្យបងប្អូន(យើង)បាញ់ទៅ។ ក្នុងមួយឆ្នាំឱ្យបាញ់ប៉ុន្មានដង។ ឥឡូវ កំពុងតែហ្វឹកហាត់នៅកងពលលេខ ៣ ទៅសុំគ្រាប់ដែលស្តុកទុកនៅកងពលលេខ ៣ នៅដូនកឹង។ ឱ្យយកនៅទីនោះតែម្តងទៅ។ នាំគ្នាហាត់បាញ់គ្រាប់ពិតទៅ។ គេបាញ់គ្រាប់ពិតគ្រប់តែគ្នា។ កូរ៉េខាងជើងបាញ់ថែម(ទាំង)មីស៊ីលទៀត រួចចុះគេធ្វើបាន ហើយឯងធ្វើមិនបាន?
កម្ពុជាមិនមានផែនការដូរប្រព័ន្ធអាវុធទេ
ខ្ញុំអត់មានផែនការដូរប្រព័ន្ធអាវុធទេ អ្នកខ្លះថាត្រូវប្តូរប្រព័ន្ធអាវុធទៅ យកតាមបែបនេះ/នោះ។ ខ្ញុំថា អត់។ ចាយលុយច្រើនណាស់។ ហើយម្យ៉ាងទៀត ប្រព័ន្ធអាវុធធុននោះ ជួនកាលគេធ្វើកិកកុកបន្តិច មិនលក់ឱ្យ ចប់រឿង។ តែប្រព័ន្ធអាវុធដែលយើងប្រើរាល់ថ្ងៃ ទិញពីប្រទេសណាក៏បានដែរ។ សម្បូរបែប។ រាប់ទាំងប្រទេសនៅអឺរ៉ុប ដែលស្ថិតនៅក្នុងអតីតសហភាពសូវៀត។ ទិញបានតាមចិត្ត។ ខ្ញុំត្រូវគិតគូរដែរ ព្រោះខ្ញុំអ្នកដឹកនាំប្រទេស។ ព្រះមហាក្សត្រ ព្រះអង្គជាប្រធានឧត្តមក្រុមប្រឹក្សាការពារជាតិ ឯនាយករដ្ឋមន្ត្រីក៏ជាអនុប្រធានឧត្តមក្រុមប្រឹក្សាការពារជាតិ។ ការដឹកនាំនយោបាយទាំងក្នុង/ក្រៅប្រទេស គឺជាកិច្ចការប្រតិបត្តិរបស់នាយករដ្ឋមន្ត្រី។ អញ្ចឹងទេ ខ្ញុំមានភារកិច្ចនឹងធ្វើលើកិច្ចការទាំងអស់។
ចំណូលពន្ធគយ និងពន្ធដារក្នុងខែនេះ ប្រមូលបានប្រមាណ ៥០០ លានដុល្លារអាមេរិក
ខ្ញុំបានជូនឱ្យថ្នាក់ដឹកនាំក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ ហើយបញ្ជូនទៅឱ្យថ្នាក់ដឹកនាំនៅក្នុងគ្រុបរាជរដ្ឋាភិបាល អំពីចំណូល។ នៅថ្ងៃទី ៣១ ខ្ញុំនឹងវាយចូលទៅក្នុងគ្រូបថែមទៀត ដើម្បីឱ្យដឹងពីកំណើន នៃប្រាក់ចំណូលរបស់យើង ហើយដែលប្រាក់ចំណូលនោះហើយបំពេញឱ្យយើងនូវតម្រូវការ។ គិតត្រឹមពីម្សិលម្ងៃនេះ ចំណូលគយបានឡើងជាង ២៥០ លាន(ដុល្លារអាមេរិក)ទៅហើយ ហើយមេគយបានវាយប្រាប់ខ្ញុំថា សល់ ៣ ថ្ងៃ មួយថ្ងៃគិតជាមធ្យម ១០ លាន(ដុល្លារអាមេរិក) អញ្ចឹង ខែនេះនឹងឡើង ២៨០ លាន(ដុល្លារអាមេរិក) បូកនឹងថវិកាពន្ធដាផ្ទៃក្នុង និងចំណូលមិនមែនសារពើពន្ធ ខែនេះយើងមានប្រាក់ចំណូលប្រមាណ ៥០០ លាន(ដុល្លារអាមេរិក)។ ប៉ុន្តែ និយាយអញ្ចឹង ឯកឧត្តម Wang Wentian កុំប្រាប់ថា អេ! កម្ពុជាមានលុយគ្រប់ហើយ ឈប់ជួយ។ កុំអាល។ អត់ទេ។ អានេះជាចំណូលចរន្ត និងចំណាយចរន្ត។
បើទោះបីគ្មានចំណូលបន្ថែម រាជរដ្ឋាភិបាលមានលទ្ធភាពបើកប្រាក់ខែលើសពីមួយឆ្នាំ
ចំណាយចរន្ត និងចំណូលចរន្តនេះ កម្ពុជាក៏សន្សំទុកមួយផ្នែក ដែលកម្ពុជាមួយឆ្នាំៗត្រូវវិនិយោគខ្លួនឯង ៧០០ (ឬ) ៨០០ លានដុល្លារអាមេរិកដែរ ទៅលើការធ្វើផ្លូវថ្នល់ ជួលជុលផ្លូវថ្នល់ ធ្វើប្រឡាយទឹក ធ្វើមន្ទីរពេទ្យ ធ្វើស្ពាន។ ឆ្នាំនេះកំណើនអាចនឹងលើក្នុងកម្រិត ៧.១%។ នេះជាកំណើនសេដ្ឋកិច្ចរួម។ ប៉ុន្តែ និយាយពីប្រាក់ចំណូល ដែលបានមកពីពន្ធ ខ្លះវាទៅជាឆ្កួត វាថា ឥឡូវ (រាជ)រដ្ឋាភិបាលអស់លុយចាយ គ្រាន់តែអាមេរិកធ្វើច្បាប់មួយ (រាជ)រដ្ឋាភិបាលរកតែលុយបើកប្រាក់ខែឱ្យមិនបាន? សូមផ្តាំអស់លោកអ្នក បើទោះបីគ្មានប្រាក់ចំណូលបន្ថែម ក៏ ហ៊ុន សែន មានលទ្ធភាពបើកប្រាក់ខែលើសពីមួយឆ្នាំ។ ដល់ពេលនេះ ខ្ញុំនិយាយឱ្យអ្នកឯងបានភ្លឺភ្នែក ដោយមិនគិតប្រាក់បម្រុងអន្តរជាតិប្រមាណ ១៥ ពាន់លាន សាច់ប្រាក់សុទ្ធដែលមាននៅរតនាគារ និងផ្ញើនៅធនាគារជាតិ ឡើងជិត ១៤ លានលានហើយ អ្នកឯងយកទៅគិតទៅ ១ លានលាន ស្មើនឹង ២៥០ លានដុល្លារ … គិតទៅថា ចាយគ្រប់ទេ? ១ ខែ យើងចាយប្រមាណជា ៣០០ លានទេ តែប្រាក់ចំណូលរបស់យើងមានលើសពី ៤០០ លានដុល្លារ(អាមេរិក)/ខែ។ ដូច្នេះ អតិរេកលើសពី ១០០ លានដុល្លារ(អាមេរិក)/ខែ។ ឡើងប្រាក់ខែហើយ បើកពីរអាទិត្យម្តងទៀត …។
ធ្វើនាយករដ្ឋមន្ត្រីពិបាកជាងគេ ជានាយករដ្ឋមន្ត្រីអត់សាច់ប្រាក់
១ លានលាន វា(ស្មើនឹង) ២៥០ លាន(ដុល្លារ) ដូច្នេះ ១០ លានលាន វាស្មើនឹង ២ ៥០០ លាន(ដុល្លារ)។ ៤ លានលានទៀត វាលើស ៣ ០០០ លានលានដុល្លារ។ អាមេរិកធ្វើច្បាប់នៅវ៉ាស៊ីនតោនមកខ្មែរអស់លុយបើកប្រាក់ខែ? បើអស់លោកចេះភូត ក៏ភូតឱ្យវាសមគួរដែរ។ នេះមិនមែនចាយអត់មាយាទទេ ហើយនេះមិនមែនសល់ក្រដាសទេ។ (សល់)សាច់ប្រាក់។ ធ្វើនាយករដ្ឋមន្ត្រីពិបាកជាងគេ គឺនាយករដ្ឋមន្ត្រីអត់សាច់ប្រាក់។ ធ្វើនាយករដ្ឋមន្ត្រីដែលស្រួល គឺនាយករដ្ឋមន្ត្រីមានសាច់ប្រាក់ បានសេចក្តីថា ត្រូវការបញ្ជាចំណាយភ្លាម មិនមែនទៅតែក្រដាស ទៅរតនាគារ/ឃ្លាំងអត់លុយទេ។ បញ្ជាតែមាត់ទៅសិន លុយចេញទៅឱ្យហើយ រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីញ៉េចេញ ហើយចាំសុំអនុក្រឹត្យ(តាម)ក្រោយក៏បានដែរ។ ប៉ុន្តែ ជាធម្មតា វិន័យថវិកា បើចាយខុសខ្ទង់ ដែលសភាជាតិបានអនុម័ត សូម្បីតែ ៥ លានរៀល ក៏ត្រូវចុះហត្ថលេខាដោយអនុក្រឹត្យដែរ។ នេះជាវិន័យថវិកា។ បើមាននៅក្នុងជំពូក នៃការចំណាយរួចហើយ សុំអញ្ជើញចាយទៅតាមខ្ទង់នោះចុះ។ រដ្ឋមន្ត្រីមានសិទ្ធិចាត់ចែងអាហ្នឹង តែចាយឱ្យត្រូវតាមក្បួន ជំពូកណាត្រូវចាយជំពូកនោះ បើចង់ធ្វើនិយ័តភាពពីជំពូកនេះទៅកាន់ជំពូកនេះ ត្រូវស្នើសុំទៅរដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយរដ្ឋមន្ត្រីហិរញ្ញវត្ថុ ស្នើមកនាយករដ្ឋមន្ត្រីឱ្យ(ធ្វើ)និយ័តភាពជំពូកចំណាយ។ នេះជាវិស័យថវិកា។
ការបំភ្លៃព័ត៌មាន ទី ១. អំពីបញ្ហាជំងឺប៉េសជ្រូកអាហ្វ្រិក
ខ្ញុំមានបញ្ហាមួយចំនួនយកពេលនេះ ដើម្បីនិយាយ។ ខ្មែរគេថា “ដេញទាន់ កុំជាន់កែង” ប៉ុន្តែ អស់លោកនេះ បើមិនជាន់កែងមិនរាងទេ។ ឥឡូវ ខ្ញុំលើកបញ្ហាខ្លះដែលវាពាក់ព័ន្ធដល់ខ្ញុំផង ការបំភ្លៃ និងបញ្ហាប្រទេសផង។ ទី (១) អំពីបញ្ហាជំងឺប៉េសជ្រូកអាហ្វ្រិក ខ្ញុំសូមអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង សូមទទួលទានសាច់ជ្រូក កុំបារម្ភ ក្រៅពីតំបន់ប៉ះពាល់ដែលគេបានហាមឃាត់ និងជ្រូកស្លាប់ ដែលគេយកទៅកប់ចោល តំបន់ដទៃទៀតមិនមានផលប៉ះពាល់ទេ។ ខ្ញុំក៏ទទួលទានសាច់ជ្រូករាល់ថ្ងៃដែរ។ វាអត់មានការឆ្លងពីសត្វមកមនុស្សទេ។ ប៉ុន្មានអាទិត្យនេះអ្នកលក់សាច់ជ្រូកត្អូញត្អែរខ្លាំងណាស់។ ឥឡូវ រដូវហាមឃាត់នេសាទផង៖ ទី ១. ត្រីខ្វះ។ ទី ២. មិនព្រមទទួលទានសាច់ជ្រូក និងរុញទៅឱ្យសាច់គោឡើងថ្លៃ ឬត្រីឡើងថ្លៃ។ អញ្ចឹង អាចនឹងធ្វើឱ្យទីផ្សារមានបញ្ហាដែរ ជាពិសេស អាណិតដល់អ្នកចិញ្ចឹមជ្រូក ដែលខំចិញ្ចឹម។ សូមទទួលទានទៅ។ ការពិនិត្យពិច័យទៅលើបញ្ហាកើតឡើងនៅខេត្តកណ្តាល ដូចជា៖ តំបន់ក្រាំងយ៉ូវ ឥឡូវ រាលដាលមកស្អាងភ្នំខ្លះ វាស្ថិតនៅក្នុងកម្រិតតូចមួយ បើប្រៀបធៀបទៅនឹងតំបន់ទូទាំងប្រទេស។ ពិតមែនតែខ្ញុំមិនចេញមុខ ក៏ប៉ុន្តែ ខ្ញុំតាមដានទាំងអស់នូវកិច្ចការ ដែលទាក់ទងនៅក្នុងប្រទេស។ អញ្ចឹង អំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ ដែលខ្លាច ពេទ្យគេបញ្ជាក់ហើយ អត់មានឆ្លងពីសត្វទៅមនុស្ស(ទេ) ហើយគេ(មិន)យកអាជ្រូកមានជំងឺហ្នឹងយកមកកាប់ទេ ព្រោះអាហ្នឹងគេហាមឃាត់មិនឱ្យយកចេញទេ។
ទី ២. អំពីបញ្ហាពាក់ព័ន្ធនឹងសុខភាព
ទី (២) និយាយពីបញ្ហាសុខភាពរបស់ខ្ញុំ។ បើយោងទៅលើអ្វីដែលគេនិយាយ ខ្ញុំកំពុងនៅពេទ្យឯសាំងហ្គាពួរឯណោះ។ ឥឡូវ ពួកលោកឯងត្រូវចាំ អ្នកណាខ្លះនិយាយថា លោក ហ៊ុន សែន មានជំងឺសួតធ្ងន់ធ្ងរ ដោយសារតែជក់បារីច្រើនពេក ពេទ្យគេឱ្យលេបថ្នាំតែមួយគ្រាប់ទេ តែគាត់លេបដល់ពីរគ្រាប់ អញ្ចឹង បានជាធ្លាយក្រពះ។ ហ្នឹងអ្នកនៅកំពង់ធំ។ អ្នកឯងត្រូវចាំ អ្នកឯងនិយាយ។ អ្នកឯងបាននិយាយបញ្ហានេះ ហើយមានមួយ ខ្ញុំសុំព្រមានទុកឱ្យហើយ ឈ្មោះនៅក្នុងហ្វេសប៊ុក និងឈ្មោះនៅក្នុងពេលសរសេរអត្ថបទនៅក្នុងភ្នំពេញប៉ុស្តិ៍នៅឆ្នាំ ២០១៣ ឈ្មោះ សូរ សមយុទ្ធ ឯឈ្មោះពិតប្រាកដរបស់គេ គឺឈ្មោះ ឃន។ លោក/ក្មួយត្រូវចាំឱ្យច្បាស់ លោកហៅសម្តេចក្រឡាហោម ស ខេង សុទ្ធតែអាត្នោត ហើយហៅខ្ញុំសុទ្ធតែអាហ្នឹង។ លោកត្រូវចាំ លោកជាមនុស្សនៅក្នុងអា ១១៨ នាក់។ បើខ្ញុំយកអត្ថបទលោក ដែលនិយាយពី “ត្រីបកទី ៥” លោកជាមនុស្សដែលញុះញង់ឱ្យធ្វើបដិវត្តន៍ពណ៌។ លោកត្រូវចាំ។ ឥឡូវ អ្វីៗនៅក្នុងដៃរបស់ខ្ញុំអស់ហើយ។ លោកដូចជាដឹកនាំក្រុមការងារនៅស្រុកកញ្ច្រៀច ឬស្រុកកំចាយមារ។ អានឹងធ្លាប់សរសេរអត្ថបទ “ត្រីបកទី ៥”។ ក្មួយអើយក្មួយ! ពូអ្នកលេងអុកតាំងពីតូច មិនដែលម៉ែអាណាស្គាល់ត្រីបកទី ៥ ទេ? អញ្ចឹង បានសេចក្តីថា ដៃគូនោះវាខ្សោយពេក បានជាខាងនេះស៊ីគេខាងនោះអស់រលីង។ សល់ត្រីបកដល់ទៅ ៥។ អញ្ចឹង អាត្រីបកទី ៥ នេះ ក្នុងគោលដៅអី? ញុះញង់ឱ្យមានហិង្សា។ ប្រយ័ត្នណាក្មួយ ពូគ្រាន់តែព្រមាន កុំហៅសម្តេចក្រឡាហោម អាត្នោត ហើយកុំហៅពូសុទ្ធតែ អានេះ។ ក្មួយត្រូវចាំ ក្មួយនៅក្នុងអា ១១៨ (នាក់) បើក្មួយចង់ជាប់ខ្នោះ ក្មួយចង់សាកៗមើល តែពូសុំយកឱកាសនេះព្រមានក្មួយ។ ពូហៅក្មួយ ដោយសារក្មួយធ្លាប់នៅវត្តបុទុម ក្នុងពេលដែលក្មួយរៀន ក្មួយស្មានតែពូមិនដឹងថាក្មួយជាអ្នកណា? ក្មួយធ្លាប់ទាំងវាយ WhatsApp ទៅ សាយ សំអាល់ តើគួរនិយាយគ្នាយ៉ាងម៉េចអីយ៉ាងម៉េច? ហើយ សាយ សំអាល់ បានបញ្ជូនមកឱ្យពូបានមើល។ ក្មួយកុំព្រហើនឱ្យសោះ។
អ្នកខ្លះថា លោក ហ៊ុន សែន ស្ងាត់ដោយសារតែអាមេរិកធ្វើច្បាប់ ប៉ុន្តែ រឿងអាមេរិកធ្វើច្បាប់ ចាំខ្ញុំនិយាយក្រោយ។ ខ្ញុំសូមបញ្ជាក់ថា កិច្ចការដែលខ្ញុំមានការអាក់ខាន គឺមានតែបីទេ។ ខ្ញុំបានបង្ហោះតាមហ្វេសប៊ុកបង្ហាញអស់ហើយថា ខ្ញុំមានបញ្ហាគ្រេចស្មា។ ក្រោយមកខ្ញុំបង្ហោះទាំងកង់ប្រណាំងទៀតឯណោះ ហើយប្រើពាក្យថា ខ្លួនឯងអ្នករពឹស។ វារពឹសមែន ការពិតវាមិនគួរទេ។ ចង់ជិះកង់ហ្នឹងតាំងពីមុនពេលទៅហ្សឺណែវឯណោះ។ ប្រពន្ធខ្ញុំគាត់មានកង់ ខ្ញុំថា យី! ដូចមានកង់ហ្នឹងអី? គិតជិះមើល ដើម្បីកាត់បន្ថយអាការដើរ និងរត់លើម៉ាស៊ីន។ ប្រពន្ធខ្ញុំគាត់ថា កង់ហ្នឹងខូចបាត់ហើយ។ តាមពិតកង់វាអត់ខូចទេ តែគាត់មិនចង់ឱ្យខ្ញុំជិះកង់។ ដល់អញ្ចឹងក៏ប្រាប់ក្មេងថា ហ្អែងមើលរកទិញកង់មើល កង់គេជិះប្រណាំង/ឡើងភ្នំឡើងស្អីហ្នឹង។ មកពីហ្សឺណែវ មកដល់ពោធិ៍ចិនតុងម៉ោង ៩:៣០ នាទី។ មកដល់ផ្ទះសម្អាតឯកសារអីមួយចំនួន នៅខាងក្រោមគេមិនដាក់ឯកសារច្រើនទេ ប៉ុន្តែ មួយណាប្រញាប់គេឱ្យខ្ញុំស៊ីញ៉េមុន បានខ្ញុំឡើងទៅលើផ្ទះដោះខោអាវមិនទាន់ទាំងស្អីផង រៀបអាប្រដាប់សម្រាប់វាយ(កូនហ្គោល)ថ្ងៃអាទិត្យនោះ ព្រោះយើងមកដល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យត្រូវប្រកួតជាមួយ ទៀ បាញ់។
ដល់ទៅបាយ(រួចដេក) ភ្ញាក់មកម៉ោង ២ (រសៀល) ក៏ហៅក្មេងមកប្រាប់ថា កង់នៅឯណា? បាទ! នៅហ្នឹងតើ។ ទេ! បើអញ្ចឹងសាកមើល ព្រោះមួកសុវត្ថិភាពមានដល់ទៅពីរនៅក្នុងហ្នឹង។ អញ្ចឹងទេ ក៏ស្លៀកឡើងឱ្យហំ ស្បែកជើងក៏ស្បែកជើងជិះកង់ ហើយក្បាលជង្គង់នេះវាអត់មានប្រដាប់ស្អីគេនោះ ក៏ទៅយកអាហ្សឺនូសម្រាប់រត់ យកមកដាក់ក្បាលជង្គង់ហ្នឹង ហើយពាក់បួកសុវត្ថិភាព វែនតាខ្មៅទៀតយ៉ាងឡូយ។ ចុះមកដល់កង់វាមានបី អាកង់មួយដូចឃើញ ស៊ុន ចាន់ថុល ជិះ អាហ្នឹងវាខ្ពស់ពេក អាហ្នឹងកង់សម្រាប់ជិះឡើងភ្នំ បើជិះអាហ្នឹងអត់បញ្ហាទេ ព្រោះកង់វាធំ។ ដល់ឃើញអាមួយរាងទាប ប៉ុន្តែ ទាល់តែទម្លាក់កែបបន្តិច។ អានេះកង់ប្រណាំង។ អានេះទាល់តែជិះលឿន។ ស្រាប់តែសួរតម្លៃគេ ១៥ ០០០ ដុល្លារ(អាមេរិក) កង់មួយ អានេះថ្លៃជាងឡាន។ ជិះមិនដឹងបានប៉ុន្មានជុំទៅហើយ អាជិះលឿនអត់បញ្ហា ព្រោះតែយើងអត់ជិះលឿនវាឃ្លោង ដល់ពេលវាឃ្លោងវាដួលទៅ។
គេយកអាហ្នឹងទៅវិភាគថា ធ្ងន់ធ្ងរហើយបានទៅដល់សាំងហ្គាពួរ។ ខ្ញុំទៅពេទ្យកាល់ម៉ែតភ្លាម ទៅដល់ថតហើយ គឺឃើញអាឆ្អឹងហ្នឹងវាជ្រួស។ ឥឡូវគ្រប់ ៣ អាទិត្យហើយ។ គេឱ្យខ្ញុំនៅដល់ ៦ អាទិត្យ គេឱ្យខ្ញុំទៅពេទ្យឡើងវិញ។ គេហាមចាប់ដៃខ្លាំងពេក ប៉ុន្តែ អាចចលនាចង្អុលអីបានអញ្ចឹង អត់មានបញ្ហា តែកុំឱ្យលើកអីធ្ងន់។ ប៉ុន្មានថ្ងៃហ្នឹងសារ៉េដ្រាយវើកាត់ចេញ ៤ ដើមទៀត កាត់ពី ៤៨ មកនៅ ៤៦ ប៉ុន្តែ បើនិយាយពីរឿងគេលើកឡើង ខ្ញុំពេលនេះកំពុងសង្គ្រោះនៅឯសាំងហ្គាពួរឯណោះ។ វាហួសពេក។ អាអ្នកនៅកំពង់ធំហ្អែងត្រូវយល់ ហើយមនុស្សមួយចំនួនទៀតនិយាយពីសុខភាព ហ៊ុន សែន ហ្អែងត្រូវចាំ សម័យនេះគេឡើងទៅដល់អវកាសគេអាចនិយាយគ្នាបាន។ គេចុះទៅក្នុងបាតសមុទ្រគេនិយាយគ្នាបាន រឿងអស់លោកនិយាយគ្នានៅខាងក្រៅ រឿងអីស្តាប់មិនបានប៉ុណ្ណឹង?
លក្ខន្តិកៈគណបក្សប្រជាជនកម្ពុជា សន្និបាតគណៈកម្មាធិការកណ្ដាល ៦ ខែ ធ្វើម្តង
ពេលហ្នឹងខ្ញុំបង្ហោះហ្វេសប៊ុក។ ពេលហ្នឹងមានភ្ញៀវក្នុងប្រទេសមួយចំនួនសុំជួប និងភ្ញៀវក្រៅប្រទេសមួយចំនួន គឺក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ត្រូវជួបគាត់នៅថ្ងៃទី ០៩។ ឯថ្ងៃទី ១០ ត្រូវប្រជុំគណបក្ស។ ថ្ងៃទី ១២ ប្រជុំគណៈរដ្ឋមន្ត្រី។ សុំទោសអ្នកដែលត្រូវជួបខ្ញុំ គឺសុំលើកចេញ។ ប្រជុំគណបក្សក៏ត្រូវបានលើកដែរ រឿងប្រជុំគណបក្សនេះ ត្រូវបានគេលើកយកទៅវិភាគ ដោយសារតែអាមេរិកកាំងធ្វើច្បាប់ ទើបគណបក្សប្រជាជនកោះប្រជុំវិសាមញ្ញ។ តែខ្ញុំសុំប្រាប់អ្នកឯងឱ្យច្បាស់ ក្នុងឋានៈជាប្រធានគណបក្ស អ្នកឯងត្រូវសិក្សាពីលក្ខន្តិកៈគណបក្សឱ្យច្បាស់។ លក្ខន្តិកៈគណបក្សប្រជាជនកម្ពុជា សន្និបាតគណៈកម្មាធិការកណ្ដាល ត្រូវប្រព្រឹត្តទៅក្នុងរយៈពេល ៦ ខែម្ដង។ អញ្ចឹង បានសេចក្ដីថា ត្រូវប្រជុំពីរដង។
សូម្បីតែ សូរ សមយុទ្ធ (ឬ) លោក ឃន ក៏និយាយដែរ។ អានេះតាំងខ្លួនជាអ្នកយុទ្ធសាស្ត្រ និយាយឡើងអំពី ខុងមីង និយាយអំពីសាមកុក ក៏ប៉ុន្តែ អានេះអន់ជាងអីទៀត។ ឈប់បានឈប់ទៅក្មួយ។ កុំជម្នះ។ ការប្រជុំបក្ស ពីដំបូងគ្រោងថ្ងៃទី ០៤ កក្កដា កំណត់ប៉ុន្មានខែរួចទៅហើយ។ ប៉ុន្តែ ស្រាប់តែពេលវេលាមកដល់ អគ្គនាយក WTO ស្នើឱ្យខ្ញុំមានវត្តមានចាំបាច់ ព្រោះកម្ពុជាត្រូវធ្វើជាប្រទេសកិត្តិយស ហើយកម្ពុជាទៅបើកសម័យប្រជុំនៅទីនោះ អ្នកដែលបើកវេទិកាត្រួតពិនិត្យអំពីបញ្ហាពាណិជ្ជកម្ម គឺនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន។ អញ្ចឹង បានជាខ្ញុំលើកពីថ្ងៃទី ០៤ កក្កដា មកកាន់ថ្ងៃទី ១០ ដល់ថ្ងៃទី ១០ វាមានបញ្ហាហ្នឹង។ តែខ្ញុំបានប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី ១២ កក្ដដា ប្រជុំបានតើ? ប៉ុន្តែ ប្រជុំបក្ស គឺខ្ញុំពន្យាររហូតដល់ថ្ងៃ ២២ សីហា បានសេចក្ដីថា ថ្ងៃទី ១៦ ត្រូវទៅជួបពេទ្យឡើងវិញ ព្រោះកាលណាខ្ញុំនិយាយ ខ្ញុំត្រូវប្រើដៃ។ តែឥឡូវប្រើបាន តែខ្ញុំចង់ឱ្យវាច្បាស់។ គេបែរជាយកថា គណបក្សប្រជាជនប្រជុំវិសាមញ្ញមិនមែនជារឿងធម្មតា។
អស់លោកត្រូវចាំ នេះគ្រាន់តែជាកម្មវិធីធ្វើតែមួយព្រឹកទេ ដែលគ្រាន់តែមានរបាយការណ៍របស់គណៈអចិន្ត្រៃយ៍កណ្ដាល ជូនចំពោះគណៈកម្មការកណ្ដាល ហើយ ហ៊ុន សែន ឧទ្ទេសនាមសភាពការណ៍ និងភារកិច្ចត្រូវបំពេញនាពេលខាងមុខ ទម្រាំទៅដល់សន្និបាតលើកក្រោយ។ គ្មានការកោះប្រជុំវិសាមញ្ញអីទាំងអស់ តែនេះជាក្រឹត្យក្រមធម្មតា ជាដំណើរប្រព្រឹត្តទៅរបស់គណបក្សប្រជាជនកម្ពុជា គឺត្រូវប្រជុំ ២ ដង/ឆ្នាំ។ លើកពីខែ កក្កដា ទៅខែ សីហា វាអត់មានអីខុសគ្នាទេ។ ថែមថយបន្តិចបន្តួចនៅក្នុងរបាយការណ៍។ ឧទាហរណ៍៖ សភាពការណ៍អន្តរជាតិ ជំនួប Donald Trump និង Kim Jong-un។ បន្ទាប់ទៅការដែលកូរ៉េខាងជើងបាញ់ឡើងវិញនូវមីស៊ីល។ ជម្លោះនៅមជ្ឍិមបូព៌ា។ ការកើនឡើងកម្ដៅ រវាងអាមេរិក-អ៊ីរ៉ង់ គ្រាន់តែកែថែមថយបន្តិចបន្តួចអាហ្នឹង គេហៅថា Update ព្រោះរបាយការណ៍គណៈអចិន្ត្រៃយ៍រាយកាណ៍ជូនទៅសន្និបាតគណៈកម្មការកណ្ដាល គឺត្រូវរៀបរាប់វាយតម្លៃសភាពការជាតិ និងអន្តរជាតិឱ្យច្បាស់។
ដោយសារអ្នកប៉ាន់ដំណើរគណបក្សប្រជាជន/ហ៊ុន សែន ខុស ទើបអ្នកមិនដែលឈ្នះ
ពួកអ្នកឯងគិតខុសហើយ។ ប៉ុន្តែ ពួកអ្នកឯងគិតខុសក៏ជាសំណាងយើងដែរ ព្រោះដោយសារតែអ្នកឯងគិតមិនដែលត្រូវ ពីជំហានដើររបស់គណបក្សប្រជាជន ទើបអ្នកឯងចាញ់គណបក្សប្រជាជនរហូតមក។ អ្នកឯងប៉ាន់ស្មានដំណើរគណបក្សប្រជាជនអត់ត្រូវ ជាងនេះទៅទៀត កាន់តែមិនត្រូវទៅលើការប៉ាន់ដំណើររបស់ ហ៊ុន សែន តែម្ដង ត្រង់ហ្នឹងហើយដែលអ្នកឯងចាញ់ ហ៊ុន សែន ដេកនៅផ្ទះ នៅធ្វើឯកសារ ខំប្រឹងប្រាប់ហើយថា ក្នុងមួយថ្ងៃស៊ីញ៉េពី ៣០-៥០ ច្បាប់នៅលើតុ គ្រាន់តែមិនទាន់បានទៅវាយកូនហ្គោល/ហាត់ប្រាណតែប៉ុណ្ណឹង។
រកឃើញវិធីធ្វើឱ្យស្រកគីឡូ
ឥឡូវ រកឃើញវិធីហើយ។ ពីមុនហាត់ប្រាណជាប់។ មួយថ្ងៃហាត់ប្រាណ ១:៣០ នាទី ទៅ ២ ម៉ោង ដើម្បីហាត់ទម្លាក់ ៦០០ កាឡូរីឡើងលើ។ ឡើងមកវិញដដែល។ ពេទ្យគេយើងនឹងលើសគីឡូ ១.៧០ ម៉ែត្រ ត្រូវ ៦៨ គីឡូក្រាមទេ។ ប្រឹងហាត់ចង់ដាច់ខ្យល់។ ដល់ក្រោយមកឈប់ហើយ។ ពីមុនថាឱ្យនៅ ៧៤ គីឡូក្រាម អញ្ចឹង វាឡើងទៅដល់ ៧៥-៧៦ ឡើងទៅដល់ ៨០ គីឡូក្រាម ដល់ក្រោយមកថា សុខចិត្តសារ៉េខោទាំងអស់ចេញ ២ លេខ ស្រាប់ប៉ុន្មានថ្ងៃនេះវាទៅជារឿងផ្សេងទៅ។ ដេកឱ្យឆ្អែតគីឡូធ្លាក់ឯង។ ព្រឹកមិញចេញមកតែ ៧៦.៥ គីឡូក្រាម ឥឡូវ អត់ដែលឡើងដល់ ៧៨ គីឡូក្រាមទេ។ គោលដៅពី ៧៨-៧៩ គីឡូក្រាម។ ឥឡូវវា ៧៦-៧៧ គីឡូក្រាម។ ព្រឹកឡើង ៧៦ គីឡូក្រាម។ ល្ងាចឡើង ៧៧ គីឡូក្រាម បាយហើយ ៧៧ គីឡូក្រាម។ អញ្ចឹង សុខចិត្តឱ្យវានៅធម្មជាតិរបស់អញ្ចឹងទៅ។ មួយសប្ដាហ៍វាយកូនហ្គោលម្ដង រួចហើយហែលទឹក។ កុំដើរដូចពេលមុន ហត់ចង់ស្លាប់ អត់ហ៊ានស៊ីអីទៀត។ ឥឡូវ រកវិធីឃើញហើយ មិនចាំបាច់ហត់នឿយច្រើន។ ដេកឱ្យស្រួល គីឡូធ្លាក់ឯង ប៉ុន្តែ អ្នកខ្លះមិនដូចគ្នាទេ ដេកច្រើនឡើងគីឡូ។ ឯខ្ញុំនេះដេកមិនបានគីឡូឡើង ដេកបានគីឡូធ្លាក់។ មិនដែលថា ហ៊ុន សែន ដេកមិនបានទេ នៅលើឡានក៏លក់ដែរ។
ថ្ងៃ សុក្រ ទី ២៦ កក្ដដា មានការបំភ័ន្តព័ត៌មានពីរ
កាលពីថ្ងៃ សុក្រ ជូនចៅឡើងយន្តហោះ។ វាទៅជាថ្ងៃ សុក្រ នេះត្រូវបានគេបំភ័ន្ត(ព័ត៌មាន)ពីរ។ ទី (១) លោក ហ៊ុន សែន មានបញ្ហាសុខភាពធ្ងន់ធ្ងរហើយ បានជាលុបចោលប្រជុំគណៈរដ្ឋមន្ត្រី។ គណៈរដ្ឋមន្ត្រីអត់មានកម្មវិធីប្រជុំទេ។ ធម្មតាកាលណាអត់មានឯកសារត្រូវប្រជុំ រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវធ្វើលិខិតទៅនាយករដ្ឋមន្ត្រីថា ត្រូវលើកអង្គប្រជុំទៅពេលក្រោយ ព្រោះអត់មានឯកសារដែលត្រូវអនុម័តទេ ព្រោះយើងបានប្រគល់ការងារច្រើនណាស់ទៅឱ្យរដ្ឋមន្ត្រី ដើម្បីដឹកនាំការប្រជុំអន្តរក្រសួង ព្រោះក្នុងច្បាប់មានកំណត់ជាការប្រជុំស្រាវជ្រាវ ជាការប្រជុំអនុម័ត។ ដូច្នេះ មានការប្រជុំតូច/ធំ ក្រសួងខ្លះត្រូវដឹកនាំដោយក្រសួងនោះ រួចហើយចាំយកមកឆ្លងគណៈរដ្ឋមន្ត្រី ឬបញ្ជូនឱ្យនាយករដ្ឋមន្ត្រីចុះហត្ថលេខាតែម្ដង បើសិនវាជាពង្រៀងអនុក្រឹត្យ។ អញ្ចឹង ត្រូវបានគេបំផុសថា សុខភាពធ្ងន់ធ្ងរ បានលើកប្រជុំគណៈរដ្ឋមន្ត្រី។ ប៉ុន្តែ ព្រឹកថ្ងៃ សុក្រ នោះ ខ្ញុំជួបជាមួយប្រធាន IFAD មូលនិធិអន្តរជាតិខាងកសិកម្ម ជាអតីតនាយករដ្ឋមន្ត្រីប្រទេសតូហ្គោ ពេលទទួលគាត់ ខ្ញុំទទួលក្នុងនាមជាប្រធានអង្គការអន្តរជាតិមួយរបស់សហប្រជាជាតិ ដល់ពេលជូនដំណើរ ខ្ញុំជូនគាត់ទៅដល់ឡាន ខ្ញុំថា ឯកឧត្តម ខ្ញុំជូនឯកឧត្តមក្នុងនាមជាសមភាគីរបស់ខ្ញុំ។ ខ្ញុំជូនឯកឧត្តមទៅដល់ឡាន។ ភ្នែកពួកវាទៅណាបានមិនព្រមមើល? ប៉ុន្តែ ខ្លះវាបានឃើញហើយ។
ល្ងាចភ្ញាក់ពីដេកឡើង សួរថា ស្រីពេជ្រ អ្នកណាជូនទៅ? ថាប្អូនៗវាជូនទៅ។ ម្ដាយនៅឯឧត្តរមានជ័យជីដូនជាប់រវល់។ បើអញ្ចឹងជូនចៅទៅមួយភ្លែតទៅ។ ជូនទៅដល់ពោធិ៍ចិនតុង បង្ហោះហ្វេសប៊ុកមួយជាង ១០ ម៉ឺន(Like) ដែលទទួលបាន។ ខ្ញុំក៏បានឆ្លើយតប ៥ ៨០០ ខម្មិន។ អញ្ចឹង មានអ្នកចូលមកខម្មិនក្នុងហ្នឹង។ បងប្អូនអ្នកដែលចូលមកខម្មិន សួរថា តើសម្ដេចអ្នកឆ្លើយផ្ទាល់ទេ? បានខ្ញុំឆ្លើយតបត្រឡប់ទៅវិញថា ផេចរបស់ខ្ញុំមិនអនុញ្ញាតឱ្យអ្នកណាឆ្លើយតបទេក្រៅតែពីខ្លួនខ្ញុំ។ អញ្ចឹង ខ្ញុំឆ្លើយតាំងពីល្ងាចថ្ងៃសុក្ររហូតដល់យប់ថ្ងៃសុក្រ ថ្ងៃសៅរ៍ខ្ញុំឆ្លើយទៀត។ ព្រឹកថ្ងៃអាទិត្យពីមិ្សលខ្ញុំឆ្លើយទៀត អរគុណៗ។ អ្នកខ្លះ គឺខ្ញុំក៏បានឆ្លើតតបទៅបញ្ហានេះ/នោះ តែសុំអភ័យទោស មានមួយចូលមកសួរថា សម្ដេច! តើចៅសម្ដេចរៀននៅសាលាណា? ប្រទេសណា? ខ្ញុំមិនបានឆ្លើយទេ។ សុំទោស ម្នាក់ហ្នឹងឈ្មោះ ហ្វីលីយ៉ាំង អីឯណា? បើសិនជាចៅខ្ញុំជាចៅប្រុស ខ្ញុំនឹងប្រាប់សាលា ប៉ុន្តែ ចៅខ្ញុំជាចៅស្រី ខ្ញុំមិនអាចពពាយនាយបានទេ។ ដំបូងគិតចុចទៅហើយ ប៉ុន្តែ ខ្ញុំដកត្រឡប់មកវិញ។ មានមួយទៀតដែលខ្ញុំមិនឆ្លើយ ថាឱ្យមើលមេឃុំនៅខេត្តព្រៃវែង។ មានមួយទៀតនៅខេត្តពោធិ៍សាត់ ដែលខ្ញុំមិនឆ្លើយ។ ថាម្ដាយលក់ដី កាលពីមុនដីថោក ឥឡូវ ដីថ្លៃ សុំម៉ូតូ ១ គ្រឿង។ អាហ្នឹងខ្ញុំអត់ឆ្លើយទេ។
ឯពួកប្រឆាំងមាន ៣ (នាក់)ចូល(ខម្មិន)។ ១. តាសែន យកម៉ោងការងាររដ្ឋជូនចៅ។ អាហ្នឹងខ្ញុំ Reply តាំងពីនៅពោធិ៍ចិនតុង ខ្ញុំថា តើលោកយល់ទេ ល្ងាចនេះជាល្ងាចថ្ងៃសុក្រ ស្អែកសៅរ៍ និងអាទិត្យជាថ្ងៃដែលគេឈប់សម្រាក។ លុបចោលប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីជូនចៅឡើងយន្តហោះក៏ចូលមកក្នុងហ្នឹង តែក្រោយមកវាចេញទៅវិញបាត់។ មានមួយទៀតចូលមកថា តើរូបថតនេះជាការពិតទេសម្ដេច? សម្ដេច វាដាក់ សំដាច់ ជារូបភាពពិតទេ? សម្ដេចបោកបានតែជាមួយគណបក្សប្រជាជនទេ បានខ្ញុំ Reply ត្រឡប់ទៅវិញថា តើលោកចង់រករឿងឬ? តើលោកហ៊ានស្បថឱ្យងាប់តៃហោងទាំងពូជទេ ប្រសិនបើរូបនេះមិនមែនជារូបដែលខ្ញុំជូនចៅខ្ញុំថតនៅល្ងាចថ្ងៃទី ២៦ កក្ដដា ២០១៩? អាហ្នឹងខ្ញុំ Reply ពីយប់ថ្ងៃសៅរ៍។ ដល់ព្រឹកថ្ងៃអាទិត្យម្សិល វាដកទៅវិញទាំងអស់។ អាប្រឆាំងប៉ុន្មានដកទៅវិញទាំងអស់។ ប៉ុន្តែ អត់នឹកស្មានថា មានស្ថាប័នផ្សព្វផ្សាយមួយទៅផ្សាយរហូតដល់ ខៀវ កាញារឹទ្ធិ ធ្វើការវាយបក។ ប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី ១២ ចំខួបមរណភាពរបស់ឪពុកខ្ញុំៗមិនបានទៅខួបមរណភាពឪពុកខ្ញុំទេ ក៏ប៉ុន្តែ ខ្ញុំនៅដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រី អ្នកឯងយល់បានទេអារម្មណ៍មួយនេះ? ល្ងាចថ្ងៃអាទិត្យ ខ្ញុំបានបោសសម្អាតឯកសារ រួចហើយបានឱ្យចៅជិះឡានទៅជាមួយ ថាឡានយើងមានសឺរ៉ែនដែរឱ្យចៅជិះទៅជាមួយ។ មានមួយចំនួនចូលមកសួរថា ម៉េចមិនព្រមទៅតាម VIP ទៅតាមផ្លូវធម្មតា? ថាមកពីចៅទៅតាមផ្លូវធម្មតា បានជាតាទៅតាមផ្លូវធម្មតាទៅ ព្រោះចៅខ្ញុំមិនមែន VIP ឯណា? ឯខ្ញុំជាអ្នកជូនចៅ។
បើធ្វើនយោបាយបន់ឱ្យគេឆាប់ស្លាប់ ជាអ្នកនយោបាយអន់បំផុត
ឥឡូវ អ្នកដែលទទួលបាននូវការឃោសនាថា ហ៊ុន សែន មានបញ្ហាសុខភាពធ្ងន់ធ្ងរ ឥឡូវ យកមុខទៅទុកឯណាអាអ្នកភូត? ប្រជាពលរដ្ឋរបស់យើងល្មមភ្ញាក់រលឹកហើយ។ ប៉ុន្តែ ល្អដែរ ថ្ងៃក្រោយយើងលេងអាល្បិចហ្នឹងមួយគូតទៅទៀត ធ្វើហ្អែងសន្លប់តែម្តង។ អាហ្នឹងដូច ខុងមីង នៅមុនពេលដែល ខុងមីង ស្លាប់ប៉ាន់ស្មានថា ផ្លូវដែលបកត្រឡប់ទៅវិញមុខតែមានគេវាយហើយ។ បើអញ្ចឹងទេធ្វើអារបៀបគាត់នៅរស់ ដល់ពួកស៊ើបការទៅឃើញថា ខុងមីង អត់ទាន់ងាប់ អត់ហ៊ានវាយដែរ។ ហ្នឹងទាល់តែលេងអញ្ចឹងដែរ។ ខ្ញុំបានប្រាប់ពីសាំងហ្គាពួរមកថា ឈប់បានឈប់ទៅ។ ជា សុផារ៉ា ទៅជាមួយខ្ញុំ ម៉ោង ២ យប់ គេចាប់ផ្តើមធ្វើអានេះ ព្រោះអានេះត្រូវវះ។ ខ្ញុំអត់លាក់លៀមទេ វាត្រូវវះ។ ឥឡូវ ដកអស់ហើយស្អីៗហ្នឹង ប៉ុន្តែ គេមិនទាន់ឱ្យយើងវាយកូនហ្គោលតែប៉ុណ្ណឹង។ ខ្ញុំបានប្រាប់ពេទ្យថា បើសិនជានៅមូលដ្ឋាន គេពុះឧសហើយ ប៉ុន្តែ ដោយសារយើងអ្នកធំទេបានគេប្រយ័ត្ននោះ។ ប្រជាជនយើងធម្មតាគេពុះឧសបាត់ទៅហើយ។ ព្រឹកឡើងខ្ញុំអង្គុយវាយអានេះហ្នឹង ព្រោះវាផ្សាយអាក្រក់ពេក។ ស្វាយ ស៊ីថា បាញ់ទៅឱ្យ វាថាខ្ញុំកំពុងសង្គ្រោះនៅពេទ្យកាល់ម៉ែត។ ធ្លាយពោះវៀន។ ហើយមានអាណាស្អីឯណា។ បានខ្ញុំថា ឈប់បានឈប់ទៅ ហើយបើសិនធ្វើនយោបាយរង់ចាំខ្ញុំស្លាប់ សុំរង់ចាំជាតិក្រោយទៅ ព្រោះយមរាជមិនទាន់ត្រូវការជីវិតខ្ញុំទេ ទុកខ្ញុំឱ្យនៅកំចាត់ពួកក្បត់ជាតិ រក្សាសន្តិភាពមិនតិចជាង ៤០ ឆ្នាំ ទៀតទេ។ ឥឡូវ អស់លោកគិតមើល បើគ្រាន់តែធ្វើនយោបាយរង់ចាំឱ្យគេស្លាប់ បន់ឱ្យគេឆាប់ស្លាប់ តើជាអ្នកក្លាហានអី? អាអ្នកធ្វើនយោបាយបែបនេះ គឺអន់បំផុតហើយ។
កៅ គឹមហួន ជាបេក្ខភាពអគ្គលេខាធិការអាស៊ាន ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣
អ្នកខ្លះវាថា ដោយសារគេធ្វើច្បាប់នៅអាមេរិក បានជា ហ៊ុន សែន ឈឺក្រោកមិនរួច។ ឥឡូវ ហ៊ុន សែន ដែលក្រោកមិនរួចនេះ ដកក្បាលមេក្រូចេញក៏នៅតែនិយាយលឺដែរមកប៉ុណ្ណេះហើយនោះ។ Fresh News កំពុងផ្សាយបន្តផ្ទាល់ មិនដឹងថាមានប៉ុស្តិ៍ណាទៀត ដែលមានការផ្សាយបន្ត។ ឥឡូវ ខ្ញុំនិយាយពីរឿងច្បាប់ អាមេរិក។ យើងហ៊ាននិយាយគ្នា ហ៊ានស៊ីសងគ្នាដោយត្រង់ៗ ដោយមិនចាំបាច់លាក់លៀម។ ឯកឧត្តម កៅ គឹមហួន ដែលជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ដែលខ្ញុំគ្រោងជាបេក្ខភាពជាអគ្គលេខាធិការអាស៊ាននៅឆ្នាំ ២០២៣ ព្រោះបេក្ខភាពមាន ៣ (នាក់) សម្រាប់ជាអគ្គលេខាធិការអាស៊ាន ដែលដល់វេនកម្ពុជា ដែលខ្ញុំអាចបង្ហាញជូនអស់លោកអ្នកឱ្យហើយ។ បេក្ខភាពទី ១ គឺ ឆវី ដែលជាអតីតអគ្គលេខាធិការរងអាស៊ានស្រាប់ ហើយជារដ្ឋលេខាធិការក្រសួងការបរទេស ឥឡូវ ជាអគ្គរាជទូតកម្ពុជាប្រចាំអង់គ្លេស។ គាត់ធ្វើនិក្ខេបបទរបស់គាត់ជំនាញអាស៊ានតែម្តង ហើយនៅពេលយើងប្រជុំអាស៊ាន គឺគាត់ដឹកនាំកិច្ចការងារហ្នឹង។ បេក្ខភាពទី ២ គឺ សុខ ស៊ីផាន់ណា។ ឯបេក្ខភាពទី ៣ គឺ កៅ គឹមហួន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ាន។ អញ្ចឹង ខ្ញុំនឹងបញ្ជូនបេក្ខជនមួយនេះ។ ប្រាប់ទៅ ប្រាក់ សុខុន ត្រៀម ដែលជាអ្នកជំនាញទៅលើកិច្ចការអន្តរជាតិនេះ ដើម្បីដើរតួជាអគ្គលេខាធិការអាស៊ាន។
អភិក្រមទី ៥ ត្រូវបានអនុវត្តចំពោះមន្ត្រី ៣ នាក់ នៅខេត្តពោធិ៍សាត់ អត់មានលើកលែង
ប៉ុន្មានថ្ងៃនេះ ខ្ញុំត្រូវធ្វើកិច្ចការមួយចំនួនទាក់ទិននឹងមន្ត្រី ហើយក៏ទាក់ទងនឹងអភិក្រមទី ៥ “វះកាត់” ដែរ និយាយឱ្យត្រង់ៗ អត់មានតទៅទៀតទេ ប្រាប់ឱ្យហើយ។ ពីថ្ងៃនេះទៅបញ្ជូនអង្គភាពប្រឆាងអំពើពុក រលួយចាប់ត្រង់ៗតែម្តង។ ចាប់យកត្រង់ៗតែម្តង មិនចាំបាច់មកតាមខ្សែរលែទេ អាហ្នឹងបោកឆៅតែម្តង ហើយរឿងចាប់មន្ត្រី ៣ នាក់ ពីពោធិ៍សាត់នេះ។ រឿងវាអញ្ចេះ ត្រូវកសាងរោងចក្រ ហើយខ្ញុំជាអ្នកទៅប្រកាសរោងចក្រនៅកន្លែងហ្នឹង ដល់គេសុំសាងសង់ វាទារលុយគេ។ ដំបូងត្រឹមតែ ៥ ម៉ឺន(ដុល្លារ)ទេ។ វាយឺតការអាហ្នឹង។ ដល់ក្រោយមក ខ្ញុំធ្វើការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ឱម យិនទៀង មើលស្រាវជ្រាវអាហ្នឹងបន្តិចទៅមើល? គេឱ្យមន្ត្រីចូលទៅក្លែងបន្លំធ្វើជាអ្នកម្ចាស់ក្រុមហ៊ុន វាឡើងថ្លៃមួយជាពីរ។ ពី ៥ ម៉ឺន(ដុល្លារ) ទៅ ១០ ម៉ឺន(ដុល្លារ) ទារកក់ ៥ ០០០ (ដុល្លារ)។ ខាងអង្គភាពប្រឆាំងអំពើពុករលួយ គេក៏កក់ ៥ ០០០ (ដុល្លារ)។ ស្អែកឡើងត្រូវយក ៤ ៥០០០ (ដុល្លារ)ទៀត។ គេទារកក់ ៥០% អញ្ចឹង ស្មើនឹង ៥០ ០០០ (ដុល្លារ)។ អញ្ចឹង ថ្ងៃទី (១) ពេលល្ងាច គឺកក់ ៥ ០០០ (ដុល្លារ)។ ថ្ងៃទី (២) ៤ ៥០០០ (ដុល្លារ) កក់រួចហើយយកមកបណ្តោយ។ ថ្ងៃក្រោយឱ្យរាង។ អភិក្រមទី ៥ ត្រូវបានអនុវត្ត អត់មានលើកលែង បើមិនអញ្ចឹងខូច។ ហ្អែងបំផ្លាញជាតិ បំផ្លាញរដ្ឋបាលរបស់ ហ៊ុន សែន។ ហើយកុំត្រឹមតែដកដំណែង ព្រទ្យសម្បត្តិហ្អែងប៉ុន្មានមើលអាហ្នឹងទៀត។ ប្រតិបត្តិការទ្រង់ទា្រយធំនៅឯមណ្ឌលគិរី និងកន្លែងមួយចំនួនទៀត លើបញ្ហាព្រៃឈើ ធ្វើកិច្ចការងារហ្នឹង។ ឯងប្រឹងចង់ងាប់ វាប្រឹងបំផ្លាញ។
ការធ្វើច្បាប់របស់អាមេរិក គ្មានប៉ះពាល់អីបន្តិចសោះដល់ប្រជាជនខ្មែរ
ឥឡូវ និយាយពីច្បាប់អាមេរិក ឯកឧត្តម កៅ គឹមហួន គាត់បានស្រាវជ្រាវឱ្យខ្ញុំ។ នៅវៀតណាមមានច្បាប់ ច្រើនណាស់ ដែលអាមេរិកប្រុងធ្វើដាក់ទណ្ឌកម្មវៀតណាមនោះ។ ប៉ុន្តែ គ្មានច្បាប់ណាមួយបានឆ្លងទេ។ នៅមីយ៉ាន់ម៉ា នៅប្រទេសនេះ/នោះច្រើនណាស់ គ្មានច្បាប់ណាមួយបានឆ្លងទេ។ ឥឡូវ យើងនិយាយអញ្ចេះទៅចុះ យើងនិយាយថាច្បាប់នេះបានឆ្លង ឥឡូវ ឆ្លងរដ្ឋសភាហើយ មួយអាទិត្យទៀតឆ្លងព្រឹទ្ធសភា មួយអាទិត្យទៀតប្រធានាធិបតី Donald Trump ចុះហត្ថលេខាដាក់ឱ្យប្រើ។ យើងកុំនិយាយថាច្បាប់នេះមិនបានឆ្លង យើងនិយាយថាច្បាប់នេះបានឆ្លង តើប្រជាជនខ្មែរប៉ះពាល់ស្អីខ្លះ? បើច្បាប់នេះគោលដៅ ជាក់លាក់មានពីរសំខាន់៖ ទី (១) ដាក់ទណ្ឌកម្ម បិទទិដ្ឋការ ចំពោះមន្ត្រីមួយចំនួន។ ទី (២) បង្កកទ្រព្យសម្បត្តិ។ អាហ្នឹងវាធំប៉ុណ្នឹង។ (ប៉ុន្តែ) ប្រជាជនខ្មែរអត់មានអីប៉ះពាល់សោះ? ខ្ញុំថា ឱ្យ ១០០ នាក់ ទៅចុះ ១០០ នាក់ហ្នឹង តើត្រូវការទៅស្រុកអាមេរិកធ្វើអី? ខ្ញុំសុំសួរ? បើប៉ុន្មានឆ្នាំកន្លងទៅវាមិនដែលទៅផងនោះ? ថ្ងៃមុនដូចជា ១០ នាក់ ក្នុង ១០ នាក់ បានខ្ញុំប្រាប់ថា ១០ នាក់ អស់ហើយ ស្មើនឹងអាមេរិកផ្តាច់ការទូតជាមួយកម្ពុជា។ (ក្នុងបញ្ជីខ្មៅរបស់គេ)ដាក់ ទៀ បាញ់ ស្មើនឹងផ្តាច់ទំនាក់ទំនងយោធា។ ស ខេង ស្មើនឹងផ្តាច់ទំនាក់ទំនងខាងនគរបាល។ ប្រាក់ សុខុន ស្មើនឹងផ្តាច់ទំនាក់ទំនងទូត។ អូន ព័ន្ធមុនីរ័ត្ន ស្មើនឹងផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច។ អញ្ចឹង ប្រជាជនខ្មែរ ១៦ លាននាក់ មានប៉ះឯណា? វាអត់មានអីប៉ះសោះហ្នឹង? រួចម៉េចក៏ភ័យម្ល៉េះ?
បើដាក់ចំខ្ញុំដាក់មកចុះ ហើយសុំរឹបអូសទៅ ថាទ្រព្យសម្បត្តិគ្រាន់តែពូជអម្បូរ ហ៊ុន សែន មានជាង ២ ០០០ លានដុល្លារ។ ខ្ញុំអំពាវនាវឱ្យអាមេរិកកុំចាំបាច់ច្បាប់ចេញអី ដកហូតពីឥឡូវទៅ។ ឥឡូវ ខ្ញុំលើកពីករណី ហ៊ីង ប៊ុនហៀង សួរថា ឥឡូវ ហ៊ីង ប៊ុនហៀង ងាប់ឬនៅ? ហ៊ីង ប៊ុនហៀង វាឌឺឱ្យទៀត យកឱ្យឆាប់ទៅ ហ៊ីង ប៊ុនហៀង មានទ្រព្យសម្បត្តិឯណា? ហ៊ីង ប៊ុនហៀង វាធ្លាប់ទៅអាមេរិក? បើទៅស្រុកចិន ទៅសាំងហ្គាពួរទៅអី ហ៊ីង ប៊ុនហៀង វាទៅ។ តើ ហ៊ីង ប៊ុនហៀង វាមានលុយនៅអាមេរិក? បើតាមដែលខ្ញុំដឹង មានតែកូន អ៊ិត ប្រាង ទេ ដែលមានចំការទំពាំងបាយជូរនៅរដ្ឋស្អីមួយនោះ។ អញ្ចឹងទេ កូនរបស់ អ៊ិត ប្រាង នេះប្រហែលជាសញ្ជាតិអាមេរិក។ អើ! បើសញ្ជាតិអាមេរិករឹបអូសទ្រព្យសម្បត្តិសញ្ជាតិអាមេរិកខ្លួនឯង ក៏រឹបអូសទៅ។ ខ្ញុំមានថាអី?
សម័យឥឡូវខ្មែរនាំដើមទុនពីក្រៅចូលមករកស៊ីក្នុងស្រុក ខុសពីសម័យមុនបញ្ជូនលុយទៅក្រៅស្រុក
សម័យនេះ ខ្មែរនាំដើមទុនពីក្រៅចូលមកស្រុករកស៊ី។ មិនមែនសម័យដូចកាលពីមុន សម័យខ្មែរបញ្ជូនលុយទៅក្រៅស្រុក។ ខ្លួនឯងក្រហើយ បែរជាបញ្ជូនលុយទៅផ្ញើនៅធនាគារក្រៅប្រទេស រាប់ទាំង លន់ នល់ យកប្រាក់ជាង ៣០ លានដុល្លារ(អាមេរិក) ទៅផង។ ឥឡូវ ពិនិត្យមើល ខ្មែរនៅក្រៅប្រទេសច្រើនណាស់ បងប្អូនខ្មែរយើងនៅអាមេរិក/បារាំងបានមកទិញដីធ្លីនៅក្នុងស្រុក។ បើនៅខេត្តកំពតភាគច្រើនបងប្អូនមកពីបារាំង/អាមេរិក បើតាមការស៊ើបដឹង។ គេមកធ្វើ Resort មកធ្វើស្អីៗនៅក្នុងស្រុក។ បើមានមន្ត្រីណាមានលុយសល់ចាយមិនអស់ យកទៅទុកនៅនឹងប្រទេសអាមេរិក ហើយត្រូវអាមេរិករឹបអូស ខ្ញុំស្វាគមន៍ការរឹបអូស ព្រោះប្រាក់នោះបានមកពីអំពើពុករលួយ។ យកទៅ។ អាហ្នឹងដើម្បីឱ្យខ្ញុំបានឃើញមុខមាត់ពិត នៃមន្ត្រីដែលមានប្រាក់ចាយមិនអស់យកទៅចោលនៅស្រុកគេ។ អញ្ចឹង ប្រជាពលរដ្ឋខ្មែរប៉ុន្មានលាននាក់វាមានទៅទាស់ខុសអី?
Donald Trump មិនល្ងង់ដល់ថ្នាក់រុញកម្ពុជា ដែលមានទំនាក់ទំនងការទូតចេញពីដៃខ្លួនទេ
គេនិយាយគ្នា ច្បាប់នេះចេញមកកុនការហើយយើង អញ្ចឹង បានលោក ហ៊ុន សែន ភ័យដល់ថ្នាក់ឈឺដាក់អុកស៊ីសែន។ ហ៊ុន សែន នៅតែទៅអាមេរិក ទោះបីជាអាមេរិកមិនឱ្យ ហ៊ុន សែន ចូល ប៉ុន្តែ ហ៊ុន សែន ចូលញ៉ូវយ៉ក។ ញ៉ូវយ៉ក គឺជាបុរីអង្គការសហប្រជាជាតិ។ ប៉ុន្តែ ខ្ញុំជឿថា រដ្ឋបាលលោក Donald Trump លោកមិនល្ងង់ដល់ថ្នាក់រុញកម្ពុជា ដែលមានទំនាក់ទំនងការទូតចេញពីដៃរបស់ខ្លួនទេ ប៉ុន្តែ យើងឧទាហរណ៍ទៅចុះថា ច្បាប់អាមេរិកពេលដែលវាចេញមក តើវាប៉ះពាល់ដល់មនុស្សរាប់លាននាក់ក្នុងប្រទេសកម្ពុជាទេ? លោក យ៉ាត ដែលជាអ្នកនៅអាមេរិក លោកឯងឆ្លើយឱ្យខ្ញុំមក ក្នុងឋានៈលោកឯងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋន្ត្រី តើច្បាប់ហ្នឹងប៉ះពាល់ដល់មនុស្ស ១៦ លាននាក់ ឬប៉ះពាល់ដូចអ្វីដែលខ្ញុំនិយាយ? រដ្ឋការអាមេរិក កុំនិយាយច្រើនពេក ដកតែម្តងទៅ។ ថា ហ៊ុន ម៉ាលី មានប៉ុន្មានរយលាន(ដុល្លារអាមេរិក)។ ហ៊ុន ម៉ានិត មានប៉ុន្មានរយលាន(ដុល្លារអាមេរិក) ដកទាំងអស់ទៅ។ បើកូនរបស់ ហ៊ុន សែន មានលុយច្រើនម្ល៉ឹងៗ ដកទាំងអស់ទៅ។ បើខ្ញុំមានលុយប៉ុណ្ណឹងមែន ខ្ញុំមិនចាំបាច់ទៅសុំចិនទេ ស្តាតប៉ុណ្ណឹងខ្ញុំធ្វើខ្លួនឯង ព្រោះខ្ញុំងាប់ទៅអត់យកលុយទៅជាមួយទេ ខ្ញុំទុកមរតកខ្ញុំចោលហើយ។ អានេះយើងថាមួយរួចអស់យ៉ាងច្រើន ៣០០ លាន(ដុល្លារ) បើខ្ញុំមានលុយដូចគេថា ២ ០០០ លាន(ដុល្លារ) នៅអាមេរិក ខ្ញុំសុខចិត្តចេញលុយ ខ្ញុំចំណាយទាំងអស់ម៉ាស៊ីហ្គេម។ ធ្វើឱ្យវាសឿង។ ប៉ុន្តែ វាអត់មានលុយដល់ថ្នាក់ប៉ុណ្ណឹង។ អញ្ចឹង ល្មមយល់ហើយ។ យកទៅ កុំនិយាយច្រើនពេក។
ចាប់តែអ្នកមានទោស ២ ឬ ៣ នាក់ទេ, អ្នកមិនទាន់មានសិទ្ធិធ្វើនយោបាយ សុំកុំធ្វើ
អញ្ចឹង បានខ្ញុំថា សូម្បីតែកូន/ចៅខ្ញុំ គេមិនយោគយល់ផង តើឱ្យយើងយោគយល់គេរបៀបម៉េចទៅ? តើយល់ទេពីអារម្មណ៍មួយនេះ? ហើយរឿងបញ្ហាអាណាចូលស្រុក អាណាមិនចូលស្រុក ខ្ញុំមិនចាំបាច់និយាយបន្តទេ។ ខ្ញុំឃើញសេចក្តីប្រកាសរបស់អគ្គស្នងការនគរបាលជាតិ ដូចជាមិនបានស្នើសុំឱ្យបរទេសជួយចាប់អាណាមួយនោះទេ។ ប៉ុន្តែ គេមានភារកិច្ចទទួលខុសត្រូវត្រឹមតែប្រតិបត្តិការក្នុងនេះ ដែលមានការសហការ ហើយកុំឱ្យអ្នកដែលមិនពាក់ព័ន្ធចូលរួម ព្រោះគេដោះស្រាយត្រឹមតែបញ្ហាជាមួយនឹងអ្នកដែលមានទោសជាប់នឹងខ្លួនតែប៉ុណ្ណោះ។ មក ១០០ នាក់ តែអាអ្នកមានទោសមានតែ ២-៣ នាក់ ចាប់តែអា ២-៣ នាក់ ទេតើ! អា ១០០ នាក់ ឱ្យវាចូលទៅ យើងគ្មានសិទ្ធិហាមឃាត់អ្នកណាមិនឱ្យចូលស្រុកខ្មែរទេ បញ្ហាស្ថិតនៅត្រង់ថា អ្នកឯងទៅមិនព្រមមកទេតើ។ ឥឡូវ បើអ្នកឯងមកហើយ វាជាក្តីសប្បាយ យើងទាំងអស់គ្នាត្រូវត្រៀមស្វាគមន៍ តែការស្វាគមន៍របស់យើង គឺដោយខ្នោះ។ លទ្ធផលនៃការតដៃ គឺស្គាល់ហើយថានឹងត្រូវធ្វើយ៉ាងម៉េចនោះ ខ្ញុំមិនចាំបាច់និយាយទេ។ ឥឡូវខែ សីហា ជិតដល់ហើយ គេថាមកខែ សីហា ហើយរួចហើយគេថាខែ កញ្ញា រួចហើយថាខែ តុលា រួចហើយថាខែ វិច្ឆិកា ខែ ធ្នូ។ មុខតែអញ្ចឹងហើយ។ អូសក្រឡាភូត។ យើងអត់ឈឺក្បាលទេ តែសុំផ្តាំ អ្នកដែលមិនទាន់មានសិទ្ធិធ្វើនយោបាយ សុំកុំធ្វើនយោបាយ។ ហើយកុំចោទគេថា លួចស្តាប់ លួចស្អី។ អត់ទេ។ អ្នកឯងនិយាយជាមួយអ្នកណា មិនប្រាកដថាអ្នកនោះជាមនុស្សរបស់អ្នកឯងទេ។ អ្នកឯងត្រូវយល់ឱ្យច្បាស់ …។
កម្ពុជាមិនប្រើទឹកដីប្រឆាំងប្រទេសជិតខាង, ប្រទេសជិតខាងមិនប្រើទឹកដីប្រឆាំងកម្ពុជា
សម្តេចពិជ័យសេនា បានឃើញហើយ វាហៅសម្តេចក្រឡាហោម អាត្នោត ហើយវាហៅខ្ញុំ អាហ្នឹង។ ហើយម្នាក់ហ្នឹង គឺមនុស្សម្នាក់ក្នុងចំណោម ១១៨។ អាក្មួយត្រូវចាំ តែមួយសាទៀតពូយកហើយ។ អ្នកដែលនៅបាងកក សូមចាំឱ្យច្បាស់ កម្ពុជាមិនប្រើប្រាស់ទឹកដីរបស់កម្ពុជាប្រឆាំងនឹងប្រទេសថៃ ហើយប្រទេសថៃក៏បានប្ដេជ្ញាថា មិនប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងនឹងកម្ពុជា។ នាយករដ្ឋមន្រ្តីទាំងពីរប្តូរផ្តាច់ជាមួយគ្នាទៅធ្វើរឿងនេះ។ និយាយរួម ជាមួយប្រទេសជិតខាងទាំងអស់ មិនប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំងនឹងប្រទេសជិតខាងៗមិនប្រើប្រាស់ទឹកដីប្រទេសជិតខាង(ប្រឆាំងនឹងកម្ពុជា) គឺបានសន្យាជាមួយគ្នា។ យើងស្វាគមន៍តាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស។ ស្វាគមន៍គ្រប់ផ្លូវ។ យើងគ្មានសិទ្ធិហាមឃាត់អ្នកណាមិនឱ្យមកទេ។ ហើយនាំគ្នាបណ្ដាក់ខ្យងទៅ ហើយ ហ៊ុន សែន ពេលនោះស្លាប់ហើយ។ មានអ្នកខ្លះគេថា យី! ដូចលោកប្រធានថាមែន ទាល់តែវាយ ហ៊ុន សែន ឱ្យទក់ឆ្អឹងសិន តាមរយៈអាច្បាប់នេះ ទើបគាត់មក។ ហើយចុះច្បាប់គេធ្វើនៅវ៉ាស៊ីនតោន មកទក់ឆ្អឹងអី ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៅប្រទេសកម្ពុជា? ឥឡូវគេផ្សាយ(ផ្ទាល់)ប៉ុន្មានប៉ុស្តិ៍? … មួយគ្រែដែរព្រឹកនេះ ការពិតមកមើល(ការដ្ឋាន)នេះ តែមួយភ្លែតទេ តែមក(មាន)សារ។
បន្តយកចិត្តទុកដាក់លើទឹកធ្វើស្រែ, ប្រជាពលរដ្ឋចូលរួមបញ្ហាចរាចរណ៍ និងអនាម័យ
សុំឱ្យបន្តយកចិត្តទុកដាក់ ជាពិសេស ក្រសួងធនធានទឹក និងឧតុនិយម ឥឡូវ ភ្លៀងបានរាយប៉ាយទៅដល់ខេត្តភាគខាងលើ ប៉ុន្តែ បន្ទាយមានជ័យហាក់ដូចជានៅស្ទើរ កំពង់ធំក៏ដូចជាស្ទើរដែរ នៅតំបន់ស្រូវខ្លះ សូមឱ្យយកចិត្តទុកដាក់ទៅលើបញ្ហានេះ ជីវភាពប្រជាជនជាបញ្ហាសំខាន់ មិនសំខាន់អាណាមក ឬមិនមកទេ ព្រោះខ្នោះមានស្រាប់ គុកក៏មានហើយ ស្អីក៏មានហើយ មានអីពិបាក។ អំពាវនាវប្រជាពលរដ្ឋរបស់យើងចូលរួមចាប់ពីពេលនេះ កិច្ចការទាក់ទងនឹងចរាចរណ៍ ទាក់ទងនឹងបញ្ហាច្រើនណាស់ ដែលយើងត្រូវដោះស្រាយ ហើយក្នុងនោះបញ្ហាអនាម័យ ខ្ញុំសូមសរសើររឿងមួយ អ្នកដឹកនាំថតស្ប៉តមួយ អ៊ុយគុយទាវ ខ្ញុំថាល្អឥតខ្ចោះ មិនដឹងថាមានបានមើលឬអត់(ទាំងអស់គ្នា)? តែឥឡូវនេះ បានទូរទស្សន៍ Fresh News ផ្សាយបានច្រើនជាងគេ អំពីកម្មវិធីអប់រំ អំពីបញ្ហាទាក់ទងនឹងអនាម័យ ទាក់ទងនឹងបញ្ហាបណ្តាញអគ្គិសនី ទាក់ទងបញ្ហាបរិស្ថាន។ Fresh News ផ្សាយបានច្រើនជាងទូរទស្សន៍នានាទៅទៀត។ ប៉ុន្តែ មានស្បតមួយល្អជាងគេ អាហ្នឹងបើយកទៅប្រឡងស្បតទាក់ទងនឹងឃោសនាអប់រំ គឺអ៊ុយគុយទាវហ្នឹងតែម្តង។ ហើយតួដែលល្អជាងគេនោះ រើសសក្តិសមណាស់ តួមួយដែលពាក់អាវផ្កាឈូក ដែលទទួលទាន(ប្រើ)ដៃឆ្វេង ពង្រាយសំរាមនោះ។ ស្ប៉តហ្នឹងមួយ គឺល្អឥតខ្ចោះតែម្តង។ អាហ្នឹងគេហៅថា យុទ្ធនាការប្រើក្រណាត់ជំនួសក្រដាស។ តុម្នាក់ឯងហ្នឹងស៊ីរួច ទម្លាក់(ក្រដាស)ទៅក្រោម អញ្ចឹងថៅកែ ឬអ្នកគ្រប់គ្រងប្រាប់ទៅ(បុគ្គលិក)ឱ្យរើស ដល់គេចាប់យកអាហ្នឹងទៅ អ្នកនោះក្រឡេកទៅតុដទៃ គេអត់អញ្ចឹងផង។
ភ្នំពេញ (១) ខ្វះចំណតរថយន្ត (២) សំរាមច្រើនពេក, ឱ្យវិនិយោគប្រើសំរាមក្នុងស្រុក មិនឱ្យនាំមកពីក្រៅ
ឥឡូវ បញ្ហានៅភ្នំពេញ បញ្ហាធំតែពីរទេ។ ទី (១) ចំណតរថយន្តខ្វះ។ ខ្ញុំកំពុងឱ្យពិចារណាមើល ប្រើប្រាស់សួនច្បារ ដើម្បីលេងក្រោមដីតែម្តងដាក់រថយន្ត។ ទី (២) សំរាមច្រើនពេក។ មួយថ្ងៃប្រមាណ ៣ ០០០ តោន ឯណោះ ហើយខ្ញុំជួបរដ្ឋមន្រ្តីហ្វាំងឡង់ គាត់មានជំនាញខាងហ្នឹង គាត់សន្យាបញ្ជូនគណៈប្រតិភូទៅពិនិត្យ។ យើងយល់ព្រមឱ្យមានការវិនិយោគដោយប្រើប្រាស់សំរាមក្នុងស្រុក ក៏ប៉ុន្តែ មិនមែនសំរាមមកពីក្រៅស្រុកទេ អាក្រក់អីនៅក្នុងឆ្នាំនេះ មិនមែនតែនៅកម្ពុជាទេ ហ្វីលីពីន ម៉ាឡេស៊ី ស្រាប់តែទទួលបានកុងតឺន័រសុទ្ធតែសំរាមដូចៗគ្នា។ កម្ពុជានឹងបញ្ជូនសំរាមទាំងនេះត្រឡប់ទៅប្រទេសដើមវិញ។ ពិតហើយ អ្នកដែលគេពិនិត្យ ថាសំរាមនេះ ជាប្រភេទដែលយកទៅកែច្នៃបាន តែខ្ញុំបានប្រកាសជាគោលនយោបាយតាំងពីទសវត្សរ៍ ៨០ កម្ពុជាមិនមែនជាធុងសំរាម បោះចោលបច្ចេកវិទ្យាហួសសម័យទេ។ ខ្ញុំបានជំទាស់នឹងការសុំវិនិយោគប្រើប្រាស់សំរាមដឹកមកពីក្រៅប្រទេស។ ខ្ញុំជំទាស់នឹងការស្នើសុំជួយធ្វើជីឱ្យកម្ពុជា ប្រើប្រាស់សំរាមដឹកមកពីស្រុកគេ។ ប៉ុន្តែ ចៃដន្យហ្វីលីពីនក៏ទទួលបាន ម៉ាឡេស៊ីក៏បានទទួល កម្ពុជាក៏បានទទួល មួយស្រករគ្នាហ្នឹង។ នៅពេលប្រជុំអាស៊ាន អ្នកទាំងពីរនិយាយពីរឿងសំរាមចូលទៅក្នុងប្រទេសគាត់។ ក្នុងពេលដែលយើងនៅទីនេះ មិនទាន់មានបញ្ហាអីផង រាប់ទាំងពេលដែលខ្ញុំបានទៅជួយសង្គ្រោះការរលំអគារ ៧ ជាន់ ក៏យើងមិនទាន់បានដឹងផងដែរ ព្រោះកុងតឺន័រដាក់នៅទីធ្លាមួយ ដែលមិនទាន់មានការត្រួតពិនិត្យ។ ដល់តែយូរពេកទើបមានការត្រួតពិនិត្យ។
បានបំពាក់មេដាយជូនអ្នកជួយសង្គ្រោះក្នុងប្រតិបត្ដិការរលំអគារ ៧ ជាន់ នៅខេត្តព្រះសីហនុ
សូមអរគុណផងដែរ ចំពោះអ្នកដែលបានចូលរួមយុទ្ធនាការសង្គ្រោះ ហើយយើងក៏បានបំពាក់មេដាយមាសមួយម្នាក់ សរុបទៅជាង ១ ពាន់មេដាយ សម្រាប់អ្នកដែលបានចូលរួមក្នុងប្រតិបត្ដិការសង្គ្រោះរលំអគារ ៧ ជាន់។ រឿងរលំអគារមិនមែនមានតែកម្ពុជាទេ វាមានច្រើនគ្នាណាស់រឿងរលំអគារ តែលើកនេះក៏ផ្ដល់មេរៀនពិសោធន៍ឱ្យយើងក្នុងការកសាង ហើយអាហ្នឹង ឯកឧត្តម ជា សុផារ៉ា ត្រូវមើល។ បទពិសោធន៍ចាប់មន្ដ្រី ៣ នាក់ នៅពោធិ៍សាត់ បានចង្អុលបង្ហាញឱ្យយើងឃើញថា កន្លែងខ្លះសាងសង់អត់ច្បាប់ បណ្ដាលមកពីមន្ដ្រីមិនព្រមអនុម័តឱ្យគេ។ យើងត្រូវពិនិត្យផងដែរនៅពេលខាងមុខ កន្លែងដែលអត់ច្បាប់ទៅស្រាវជ្រាវមើល តើគេមានសុំច្បាប់យើងឬអត់? អាហ្នឹងត្រូវពិនិត្យខ្លួនឯងផងដែរ។ បើគេបានសុំច្បាប់យើងៗមិនបានឆ្លើយគេ ហើយគេបែរជាសាងសង់ គឺមានចំណែកខុសពីយើង ដែលយើងមិនបានឆ្លើយតបទៅគេ។ ករណីដែលយើងបានរកឃើញនៅពោធិ៍សាត់ជាការផ្ដល់មេរៀនពិសោធន៍។ កន្លែងខ្លះគេសុំច្បាប់ វាទារលុយ វាមិនព្រមធ្វើ។ ដល់អញ្ចឹងខ្លះគ្នាទៅផ្ទះ។ ចាំយូរពេកអញមិនធ្វើទេ។ ជួនកាលវាមានករណីហ្នឹង ដែលបណ្ដាលឱ្យមានរឿងអត់ច្បាប់។ បើយើងពិនិត្យគេឱ្យលឿន ដើម្បីមានការអនុញ្ញាតកែសម្រួលប្លង់គេអីយ៉ាងម៉េចឱ្យបានច្បាស់។
ពាំនាំ
ថ្ងៃនេះ យើងមានកម្មករ/ការិនី និងសន្ដិសុខ ចំនួន ៧៥០ នាក់ ទាំងខ្មែរ និងចិន សូមជូនម្នាក់(ថវិកា) ៥ ម៉ឺនរៀល។ កីឡាករ/ការិនី ២០០ នាក់ ដែលបានមកចូលរួមដែរនោះ ក្នុងនោះ ម្នាក់ៗជូន(ថវិកា) ១០ ម៉ឺនរៀល។ មិនឆ្ងាយពីកន្លែងហ្នឹងសុទ្ធតែកន្លែងហ្វឹកហាត់។ ខ្ញុំសង្ឃឹមថា នៅស៊ីហ្គេម ២០២៣ អាចមានចៅខ្ញុំម្នាក់ចូលរួមក្នុងកីឡាណាមួយ ព្រោះមានចៅមួយលេងបានកីឡាបាល់ទាត់/ទះ និងបាល់បោះ ឥឡូវ ចាប់ផ្តើមវាយកូនហ្គោល ហើយម្សិលមិញបានបូឌីមួយ ចៅអាយុ ១៣ ឆ្នាំ។ ជួនកាលយើងវាយអត់បានអាបូឌីទេអាឡូត៍ហ្នឹង តែម្សិលមិញវាវាយបូឌី។ ដ្រាយវើវាវាយទៅកៀកហ្នឹងទៅហើយ អីមផេករបស់វាធ្លាក់ ២០០។ អាយុ ១៣ ឆ្នាំ។ អញ្ចឹង ត្រូវផ្ទេរក្លឹបស្អាតៗឱ្យចៅ។ អញ្ចឹង អាចក្នុងចំណោមកីឡាប៉ុន្មានប្រភេទនឹងអាចមានចៅមួយចូលប្រកួត។ បាល់ទាត់ បាល់ទះ បាល់បោះ។ បាល់ទះធ្លាប់ទៅប្រកួតដល់ហាណូយ។ ទៅជាមួយសាលាអាមេរិកកាំង។ អាយុ ១៣ ឆ្នាំ (មានកម្ពស់) ១.៦៩ ម៉ែត្រហើយ អញ្ចឹង តែប៉ុន្មានឆ្នាំទៀត ១.៨០ ម៉ែត្រ។ អាមួយនោះ ១.៨០ ម៉ែត្រ បាត់ហើយ ប៉ុន្ដែ មើលទៅបែបទៅមិនរួចទេ។
ថ្ងៃនេះ យើងធ្វើពិធីបាញ់កាំជ្រួចទាំងថ្ងៃនេះ អានេះជាទំនៀមទម្លាប់ នៃការកសាងរបស់ពួកអាស៊ី ពិសេស ការកសាងដោយវិស្វកម្មរបស់ចិនតែម្ដង។ ថ្ងៃមុនសុំបាញ់កាំជួ្រចដែរ។ ជឿទុកចិត្តថា នៅឆ្នាំ ២០២០ នឹងហើយ ហើយឆ្នាំ ២០២១ អាចសម្ពោធដាក់ឱ្យប្រើប្រាស់។ ហើយដាក់ឱ្យប្រើប្រាស់ធ្វើជាទីលានហ្វឹកហាត់ និងការប្រកួតកីឡាជាតិឆ្នាំ ២០២២ មកប្រកួតនៅទីនេះ។ ដល់(ឆ្នាំ) ២០២៣ លេងស៊ីហ្គេម។ (នេះ)ជាមោទនភាពជាតិខ្មែរ ដែលយើងប្រឹងប្រែងធ្វើ។ នេះក៏ជាផ្នែកមួយ នៃទំនាក់ទំនងអន្ដរជាតិ ជាផ្នែកសំខាន់ដ៏សំខាន់មួយ ក្នុងទំនាក់ទំនងកម្ពុជា-ចិន ក្នុងក្របខណ្ឌយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ និងក្របខណ្ឌភាពសុខុដុមរមនា រវាងប្រទេសទាំងពីរ តាមរយៈការផ្សារភ្ជាប់ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងយុទ្ធសាស្ដ្រចតុកោណរបស់កម្ពុជា។
ទាក់ទងការផូស្ដរបស់សម្ដេចក្នុងហ្វេសប៊ុកផេច
សូមអរគុណដល់សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលយកចិត្តទុកដាក់ស្ដាប់ ហើយអរគុណ ចំពោះក្រុមប្រឆាំង ដែលកំពុងស្ដាប់ ហើយអាចចូលខម្មិនក្នុងហ្វេសប៊ុកផេចរបស់ខ្ញុំផងក៏មិនដឹង។ តែផេចរបស់ខ្ញុំមិនដឹងថាផ្សាយ ឬមិនផ្សាយ? ផេចខ្ញុំផ្សាយដែរតើ។ ជួនកាលខម្មិនជេរ សុំខម្មិនទៅ។ ប៉ុន្ដែ ខ្ញុំដឹងថា ៣ នាក់ ដែលរត់ចេញ។ ខ្ញុំលុបចោលការប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីជូនចៅ “តាសែន ប្រើម៉ោងរដ្ឋ ដើម្បីជូនចៅ”។ មួយទៀត “រូបថតហ្នឹងងរូបថតពិតឬសម្ដេច?” ដកខ្លួនចេញ ព្រោះពួកហ្នឹងពួកក្នុងស្រុក ព្រោះវាមិនដកម៉េច ក្រែងគេតាមមើលទៅគេរកឃើញ។ អាពួកអ្នកក្រៅវាមិនដកទេ។ ប៉ុន្ដែ ជាទូទៅខម្មិនល្អ។ ប៉ុន្ដែ មានបងប្អូនមួយចំនួននោះចូលមក សូមកែតម្រូវ សូមសម្ដេចឱ្យក្រុមអ្នកជំនួយការមើលផងមុនផូស្ដចេញ។ ខ្ញុំបានប្រាប់ថា មិនឱ្យអ្នកណាឆ្លើយជំនួសទេ តែគាត់បានជូនយោបល់ខ្ញុំ បានក្លាយជាការជជែកគ្នាគាត់ទៀត ព្រោះគាត់ជូនយោបល់ខ្ញុំ។ គាត់ជូនយោបល់អញ្ចេះ គាត់ឈ្មោះអី មេត្រី មករា ម៉េចទេ? គាត់ថា សម្ដេច ពាក្យខ្មែរ “សូមអរគុណ” មិនមែន “សុំអរគុណទេ”។ ប៉ុន្ដែ អរគុណរបស់គាត់ វាខ្វះ “រ” គ្រាន់តែពាក្យ “សូម និងសុំ” អីក៏លំបាកម្ល៉េះ? បើចង់កែអញ្ចឹង ខ្ញុំក៏សូមកែបងមួយដែរ គឺអរគុណមាន “រ” ក៏នាំគ្នាមួយព្រូក្នុងនឹងទៅ។ ខ្ញុំក៏ចេះតែមើល ចេះតែសើចទៅ។ គ្រាន់តែប្រាប់អ្នក Reply ត្រឡប់ទៅវិញ សូមអរគុណហើយ ស្អីៗនឹង គឺខ្ញុំទាំងអស់ ព្រោះខ្ញុំរពឹស។ ចូលចិត្តបើកមើលទៅ (មួយ)ណាឆ្លើយបានក៏ឆ្លើយ។ (មួយណា)ឆ្លើយមិនបានក៏ហី។ អាហ្នឹងពេលដែលខ្ញុំមានពេល ពេលដែលអត់មានពេល ទៅតែម្ដងទៅ។
ចុងក្រោយ ជូនពរអ្នកទាំងអស់គ្នា ដែលបានចូលរួមនៅទីនេះ សូមជូនពរ និងពុទ្ធពរទាំង ៤ ប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕