ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ –សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម រ៉ូប៊ែរតូ អាហ្សេវ៉េឌូ (Roberto Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណឺវប្រទេសស្វីស មុនពេលចូលរួមបើកកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោកលើកទី៧ ដើម្បីត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩។
ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងក្រោយជំនួបនោះថា ឯកឧត្តមអគ្គនាយកបានស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាប្រទេសកម្ពុជាដែលបានធ្វើវិភាគទានដល់ ដោយអង្គការពាណិជ្ជកម្មពិភពលោកជាពិសេសក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួល ជាប្រទេសដែលមានការអភិវឌ្ឍន៏តិចតួចក្នុងឆ្នាំ២០១៧។ ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជា ក្នុងការទទួលបាននូវកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ជាពិសេសកំណើនសេដ្ឋកិច្ចដែលមាន៧%ជារៀងរាល់ឆ្នាំក្នុងរយៈពេល២០ ឆ្នាំចុងក្រោយនេះ ហើយជាពិសេសទៀតនោះឯកឧត្តមបានគូសបញ្ជាក់ថា អ្វីដែលពាក់ព័ន្ធនឹង ការចូលរួមរបស់កម្ពុជាគឺការចូលរួម ក្នុងការធ្វើពាណិជ្ជកម្មពហុភាគីក្នុងកម្រិតអន្តរជាតិ។
កម្ពុជាទទួលបានក្នុងក្របខណ្ឌ ជំនួយ សម្រាប់ពាណិជ្ជកម្មគឺកម្ពុជាបានទទួលដោយជោគជ័យទ្វេដងនៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងការធ្វើការជាមួយប្រទេសដៃគូនឹងកម្មវិធីផ្សេងៗ នៅក្នុងតំបន់រួមទាំងធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ។ មិនត្រឹមតែប៉ុណ្ណោះឯកឧត្តមបានគូសបញ្ជាក់ថាការចូលរួមពីប្រទេសកម្ពុជាគឺមានសារៈសំខាន់ហើយទទួលបានជោគជ័យ។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរ អំពីការដែលកម្ពុជាបានជួយសម្របសម្រួលដល់ការវិនិយោគនិងការចូលរួម ដល់ផ្នែកអេឡិចត្រូនិចពាណិជ្ជកម្ម ហើយពាក់ព័ន្ធដល់ផ្នែកផ្សេងទៀត ដូចជាបញ្ហាអង្ករដែលកម្ពុជាមានការបារម្ភនោះឯកឧត្តមធ្លាប់បានលើកអំពីបញ្ហានេះជាមួយនឹងអង្គការសភាអឺរ៉ុបរួចមកហើយ។ ឯកឧត្តមសង្ឃឹមថាកម្ពុជានឹងបន្តវិនិយោគចូលរួមក្នុងប្រព័ន្ធពហុភាគីជាពិសេសដូចជាអង្គការពាណិជ្ជកម្មពិភពលោក។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះឯកឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសក្នុងការទទួលសម្ដេចនៅលើកនេះក៏ដូចនៅឆ្នាំ ២០១៨ កន្លងទៅ ហើយសម្ដេចក៏បានមានប្រសាសន៍ថានេះគឺជាកិត្តិយសរបស់កម្ពុជាហើយដែលកម្ពុជាបានចូលរួមនៅក្នុងកម្មវិធីរួមទាំងការពិនិត្យមើលឡើងវិញនៃជំនួយសម្រាប់ពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះសម្ដេចបានគូសបញ្ជាក់ថា កម្ពុជាអាចរៀននិងពិនិត្យឡើងវិញអំពីបទពិសោធន៍និងចែករំលែកបទពិសោធន៍ជាមួយប្រទេសដទៃទៀតផងដែរ។សម្ដេចបានគូសបញ្ជាក់ថា សម្ដេចមិនដែលមានជំនឿទៅលើភាពឯកោនោះទេហើយភាពឯកោនោះមិនអាចជួយយើងបានឡើយ។
សម្ដេចបានគូសបញ្ជាក់អំពីការធ្វើសមាហរណកម្មរបស់កម្ពុជាជាពិសេសនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក ដោយសម្ដេចបានមានប្រសាសន៍បន្ថែមថាមុននឹងយើងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤ គឺកម្ពុជាបានចាប់ផ្ដើមការងារមួយចំនួនរួចហើយ គឺកម្មវិធីជាច្រើនដែលកម្ពុជាបានត្រៀមក្នុងការធ្វើសមាហរណកម្ម។ទន្ទឹមនេះសម្ដេចក៏បានមានប្រសាសន៍ផងដែរថា យើងនឹងព្យាយាមកែលម្អ ដូច្នេះហើយក្នុងការទទួលបានកំណើនសេដ្ឋកិច្ច៧%មិនធម្មតានោះទេ ជាពិសេសក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ សម្ដេចក៏បានគូសបញ្ជាក់អំពីការធ្វើពាណិជ្ជកម្មក៏ដូចជាការកែលម្អពាណិជ្ជកម្ម ជាពិសេសគឺការបន្តធ្វើជាមួយប្រទេសដទៃទៀត។ សម្ដេចក៏បានថ្លែងអំណរគុណដល់អង្គការពាណិជ្ជកម្មពិភពលោក ដែលបានផ្ដល់ការជួយកម្ពុជាក៏ដូចជាជួយដល់ ប្រទេសមានការអភិវឌ្ឍន៏តិចតួច ជាពិសេសនៅពេលនេះសម្ដេចបានគូសបញ្ជាក់ថាជាពេលវេលាដែលល្អជាងពេលណាទាំងអស់ដែលបានគាំទ្រអំពីតួនាទីរបស់អង្គការ ពាណិជ្ជកម្មពិភពលោក ជាពិសេសគឺបរិបទដែលមានចរន្តនៃនយោបាយគាំពារនិយម។សម្ដេចក៏បានលើពីបទពិសោធន៍ ដែលសម្ដេចធ្លាប់ជួបធ្វើការជាមួយអតីតអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ប៉ាស្កាឡាមី ដែលពេលនោះកម្ពុជាដើរតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ ២០១២ ។
ជំនួបរវាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ក៏បានផ្លាស់ប្តូរមតិយោបល់គ្នាសំដៅធ្វើយ៉ាងណាឲ្យកម្ពុជាបន្តទទួលផលប្រយោជន៍និងការធ្វើសមាហរណកម្មនៅក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ហើយអង្គការពាណិជ្ជកម្មពិភពលោកនៅតែធ្វើយ៉ាងណាបន្តតួនាទីរបស់ខ្លួនក្នុងការកែទម្រង់នៅពេលខាងមុខនេះ។ ក្នុងជំនួបនេះដែរសម្ដេចតេជោនាយករដ្ឋមន្រ្តីក៏បានលើកអំពីស្តង់ដារ ២ឬស្តង់ដា៣ ដូចជាការត្រៀមដកEBA ពីកម្ពុជាដោយសភាអឺរ៉ុបនេះ ដោយសម្ដេចក៏បានគូសបញ្ជាក់ផងដែរជាមួយឯកឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកថា ទោះបីយើងទទួលបានអេប៊ីអេកម្ពុជាក៏មិនអាចក្លាយជាអ្នកមានបានដែរប៉ុន្តែបើបាត់បង់ EBA ក៏កម្ពុជាមិនស្លាប់នោះដែរ។ទោះជាយ៉ាងណាសម្ដេចបន្តថាកម្ពុជាត្រូវតែបន្តពង្រឹង ពង្រីកទីផ្សាររបស់ខ្លួន ហើយសម្ដេចក៏បានគូសបញ្ជាក់ថា អង្គការពាណិជ្ជកម្មពិភពលោក នៅតែជាដៃគូល្អជាមួយកម្ពុជាហើយកម្ពុជាក៏នៅតែជាដៃគូល្អជាមួយអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។
ឯកឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងបច្ចុប្បន្នរវាងមហាអំណាចសេដ្ឋកិច្ច ដែលកំពុងមានភាពតានតឹង ជាពិសេសរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរគឺសហរដ្ឋអាមេរិកនិងចិន ដូច្នេះហើយអង្គការពាណិជ្ជកម្មពិភពលោកបន្តតាមដាននៅ សេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ទោះយ៉ាណាអង្គការពាណិជ្ជកម្មពិភពលោក នៅតែបន្តធ្វើការកែទម្រង់ ដើម្បីឆ្លើយតបទៅនឹងការប្រឈមដូចជាការស្នើសុំរបស់បណ្ដាប្រទេសដែលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយឯកឧត្តមក៏បានមានប្រសាសន៍ថាបាន ឯកភាព ទៅនឹងការស្នើសុំការកែទម្រង់នេះ ដែលការកែទម្រង់នេះចាំបាច់ ត្រូវតែធ្វើក្នុងគ្រប់វិស័យ នៃពាណិជ្ជកម្ម។ ឯកឧត្តមមានប្រសាសន៍ផងដែរថាពាក់ព័ន្ធនឹងការដោះស្រាយជម្លោះពាណិជ្ជកម្ម គឺយើងមានយន្តការរួចស្រាប់មកហើយៗ កម្ពុជា អាចដកស្រង់បទពិសោធន៍ និងធ្វើការ ជាមួយអង្គការពាណិជ្ជកម្មពិភពលោក។ ឯកឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកមានប្រសាសន៍ថា អ្វីដែលសំខាន់ គឺចង់បានសំឡេងពីបណ្ដាប្រទេសដូចជាប្រទេសកម្ពុជានៅក្នុងការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសគឺធ្វើយ៉ាងណាកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការកសាងសមត្ថភាព ពីការកំណត់ពេលវេលានៃការអនុវត្តន៍ ជាពិសេសការចូលរួមនៅក្នុងគ្រប់វិស័យរបស់អង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសគឺទាញយកអត្ថប្រយោជន៍ពីការធ្វើពាណិជ្ជកម្ម ពីអន្តរជាតិ៕