សម្ដេចតេជោ៖ ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាបានខិតខំបំពេញនូវតួរនាទីប្រកបដោយភាពទទួលខុសត្រូវខ្ពស់

ភ្នំពេញ​ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា ក្នុង​នា​ម​ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាបានខិតខំបំពេញនូវតួរនាទីប្រកប​ដោ​យ​​ភាពទទួលខុសត្រូវខ្ពស់ តាមរយៈការដាក់ចេញ និងការរៀបចំកម្មវិធីកែទម្រង់​ប្រព័ន្ធ​សេ​ដ្ឋ​កិ​ច្ច ច្បាប់ បទប្បញ្ញត្តិផ្សេងៗ និងវិធាននានា ដើម្បីឱ្យមានអនុលោមភាព និងសង្គតិភាព​ទាំង​ស្រុង​ជាមួយបទប្បញ្ញត្តិអន្តរជាតិ ជាពិសេសឱ្យស្របតាមការសន្យារបស់កម្ពុជា ក្រោមក្រប​ខ័ណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក។

ក្នុងសុន្ទរកថា ដែលផ្សាយបន្តផ្ទាល់ពីទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ក្នុងកិច្ចប្រ​ជុំ​លើ​ក​ទី​​៧ «ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០​១៩» នាព្រឹកថ្ងៃទី០ ៣ ខែ​​​​កក្កដា ឆ្នាំ២០១៩​ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក សម្ដេចតេជោ ហ៊ុន សែន មា​ន​ប្រ​សាសន៍ថា  កម្ពុជាក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចតូច ជឿលើអត្ថប្រយោ​ជន៍នៃ​ស​ក​ល​ភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិឈរលើវិធានគតិយុត្ត។ គឺទស្សនវិជ្ជានេះ​ហើយ​ដែលបានជំរុញយើងឱ្យប្រឹងប្រែងធ្វើការ ដើម្បីក្លាយ​ជាសមា ជិកពេញសិទ្ធិរបស់អង្គកា​រ​ពា​ណិ​ជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤ មុនគេនៅក្នុងចំណោម ប្រទេសមានការអភិវឌ្ឍតិច​តួច​ចំនួ​ន២។ ទោះបីជាកម្ពុជាកាលពីពេលនោះ នៅមិនទាន់មាន ការអភិវឌ្ឍមូលដ្ឋានគ្រឹះនៃ​សេដ្ឋ​កិ​ច្ច​បានរឹងមាំ ក៏ប៉ុន្តែលើមូលដ្ឋាននៃការអនុវត្តគោល នយោបាយ សេដ្ឋកិច្ចទីផ្សារបើកចំហរ​ប​ស់​ខ្លួន កម្ពុជាបានសន្យាចងពន្ធគយលើគ្រប់ មុខទំនិញ និងបើកច្រកទីផ្សារពាណិជ្ជកម្ម​ផ្នែក​សេ​​វា ប្រមាណជាង ៩៤វិស័យ និង អនុវិស័យ នៅក្នុងឆ្នាំ២០០៤ ដែលជាចំនួនមួយ​ច្រើនលើ​ស​លុប បើធៀបទៅនឹងប្រទេសមាន ការអភិវឌ្ឍខ្ពស់ ដែលចូលជាសមាជិក WTO មុនកម្ពុជា។

សម្ដេចបានគូសបញ្ជាក់ថា ជាមួយនឹងការខិតខំបំពេញកាតព្វកិច្ចជាសមាជិក របស់អង្គការពា​ណិ​ជ្ជកម្មពិភពលោក រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តន៍យ៉ាងខាប់ខ្លួននូវ គោលការណ៍នៃ​ល​ទ្ធិ​​​ប្រជាធិប​តេយ្យសេរី ពហុបក្ស ខិតខំរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ សណ្ឋាប់​ធ្នា​ប់សង្គម និងគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកប ដោយភាពប្រុងប្រយ័ត្ន តាម​រយៈ​ការ​ដាក់ចេញ និង អនុវត្តន៍នូវយុទ្ធសាស្រ្តទូលំទូលាយ ជាអាទិ៍ យុទ្ធសាស្រ្តចតុកោណ ដែ​ល​ជា​រ​បៀ​​បវារៈគោលនយោបាយរួម សម្រាប់ការអភិវឌ្ឍ សង្គម សេដ្ឋកិច្ច ផែនការយុទ្ធសាស្រ្តអភិ​វឌ្ឍ​ជា​តិ និងយុទ្ធសាស្រ្តតាមវិស័យសំខាន់ៗ ដទៃទៀត។ ជាលទ្ធផលពីកិច្ចខំប្រឹងប្រែងខាងលើ កម្ពុ​ជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចជា មធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧,៧ភាគរយ ប្រកប​ដោ​យ​បរិ​យា​ប័​ន្ន និងសមធម៌ ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ។ កម្ពុជាថែមទាំងសម្រេចបាននូវ​បង្គោ​លចរជាប្រវត្តិសាស្រ្ត គឺការឆ្លងពីឋានៈប្រទេសមានចំណូលទាប​ ទៅជាប្រទេសមាន​ចំ​ណូ​លមធ្យមកម្រិតទាបជាផ្លូវការក្នុងឆ្នាំ២០១៥។ សម្រាប់ឆ្នាំ២០១៨ កន្លងទៅនេះ អត្រា​កំ​ណើ​ន​សេដ្ឋកិច្ចកម្ពុជាសម្រេចបាន ៧,៥ភាគរយ និងត្រូវបានព្យាករណ៍ថា នឹងអាចបន្តរក្សាបាន​ក្នុងរង្វង់​៧ភាគរយ​ ក្នុងមួយឆ្នាំ សម្រាប់រយៈពេលមធ្យមទៅមុខ។ អត្រានៃភាពក្រីក្រ បានធ្លាក់ចុះពី ៥៣,២ភាគរយ ក្នុង​ឆ្នាំ២០០៤ មកនៅក្រោម១០ភាគរយ ក្នុងឆ្នាំ២០១៨។

ជាមួយគ្នានេះដែរ កម្ពុជាបានធ្វើពិពិធកម្ម​ទាំ​ង​ផលិតផល និងទីផ្សារ ដែលក្នុងនោះ ការនាំចេញរបស់កម្ពុជា បានកើនពី ៥,៧ប៊ីលាន​ដុ​ល្លា​​​រ (ស្មើនឹង ៤០,៥ភាគរយ នៃផសស) នៅឆ្នាំ២០១២ មកដល់ ១៣ប៊ីលានដុល្លារ (ស្មើនឹង ៥៣,​២​ភាគរយ​ នៃផសស) នៅឆ្នាំ២០១៨ និងបានធ្វើពិពិធកម្មបន្តិចម្តងៗពីការនាំចេញ​សម្លៀកបំពាក់​ទៅ​កា​ន់​​ផលិតផលផ្សេងទៀត។ ដូចគ្នានេះដែរ គោលដៅនាំចេញត្រូវបានធ្វើពិពិធកម្ម ពីការផ្តោត​លើ​​ទីផ្សារសហរដ្ឋ អាមេរិក ទៅផ្តោតលើទៅផ្សារអឺរ៉ុប ជប៉ុន តំបន់អាស៊ាន និងប្រទេសដទៃ​ទៀ​ត។

សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា  ដើម្បីជាការតបស្នងដល់អង្គការ​ពាណិជ្ជកម្មពិ​ភ​ព​លោក ក៏ដូចជាដើម្បីជួយទ្រទ្រង់ដល់ការចរចាក្រោមក្របខ័ណ្ឌនៃអង្គការពាណិ​ជ្ជកម្មពិភព​លោ​ក និងពង្រឹងតួនាទីរបស់អង្គការនេះ ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចពិភព​លោកកំពុង​ទ​ទួ​ល​​រងនូវ​ការគំរាមពីនយោបាយគាំពារនិយម និងសង្គ្រាមពាណិជ្ជកម្ម, ទោះបីកម្ពុជា នៅត្រូវ​ប្រ​ឈមនឹងកង្វះធនធានមនុស្ស និងហើយធនធានថវិកាក៏នៅមានកម្រិតក៏ដោយ ក្នុង​នាម​ជា​រាជ​រដ្ឋាភិបាលកម្ពុជា ខ្ញុំបានសម្រេចឱ្យបង្កើតស្ថានបេសកកម្មប្រចាំអង្គការនេះ នៅឆ្នាំ២០១៧ ហើយបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអគ្គរាជទូតរបស់យើងនៅទីនេះ ខិត​ខំបំ​ពេ​ញ​តួនាទីធ្វើជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០១៧-២០១៨ ឱ្យបាន​ជោគ​ជ័យ និងបន្តបំពេញតួនាទីយ៉ាងសំខាន់ក្នុងនាមជាសមាជិក ត្រោយកា (TROIKA) ជួ​យ​ដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងសាធារណរដ្ឋឆាត ក្នុងការដឹកនាំសម្របសម្រួល​ក្រុ​ម​ប្រ​ទេសអភិវឌ្ឍន៍តិចតួចទាំង ៣៦ប្រទេស លើការចរចាក្រោមក្របខ័ណ្ឌ​អង្គការពាណិជ្ជកម្ម​ពិភ​ព​​លោក ឱ្យបានជោគជ័យបន្តទៀត។

ក្រៅពីនេះ ក្នុងក្របខ័ណ្ឌអាស៊ាន និង តំបន់, កម្ពុ​ជា​បា​នដើរតួនាទី យ៉ាងសកម្មក្នុង ការអនុវត្តកាតព្វកិច្ច និងកិច្ចព្រមព្រៀងនានារបស់អាស៊ាន ដើ​ម្បី​សម្រេចបាននូវ សហគមន៍សេដ្ឋកិច្ចអាស៊ាន-ឆ្នាំ២០១៥ និងចក្ខុវិស័យសហគមន៍​សេដ្ឋ​កិ​ច្ច​អា​ស៊ា​ន​ ដែលនឹងប្រែក្លាយអាស៊ានទៅជាទីផ្សារ និងមូលដ្ឋានផលិតកម្មរួម។ ជាតំបន់ដែល​មា​ន​ការប្រកួតប្រជែងខ្ពស់ មានការអភិវឌ្ឍដោយសមធម៌ ហើយធ្វើសមាហរណកម្មជា​មួយ​សេដ្ឋ​កិច្ចពិភពលោក។ បច្ចុប្បន្នកម្ពុជាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ីចំនួន ១៥​ទៀត ដើម្បីចរចាបញ្ចប់ក្នុងឆ្នាំ២០១៩នេះ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយ ហៅ​កា​ត់​ថា RCEP ដែលមាន ផ.ស.ស ជាង ៣០ភាគរយ នៃ ផ.ស.សពិភពលោក, គិតជាទឹកប្រាក់ គឺប្រមាណ ៨៥ទ្រីលានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០១៨៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី នៃកម្ពុជា នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និង ឆ្លងរបៀបវារៈចំនួន៤