សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ថ្លៃងក្នុង​ពិធីបើកសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី ១៦ ស្តីពី «ឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយផ្តោតលើទីផ្សារកំពុងអភិវឌ្ឍ»

CNV:

  • ឯកឧត្តមលោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ
  • អង្គសន្និសីទទាំងមូលជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបើក សន្និសីទកំពូលសារព័ត៌មានឤស៊ីលើកទី  ១៦ ស្តីពី «ឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយ ដោយផ្តោតលើទីផ្សារកំពុងអភិវឌ្ឍ» ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឤស៊ីប៉ាស៊ីហ្វិក (AIBD) នាឱកាសនេះ ។

ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ស្ថាប័នជាតិ មន្ត្រីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍនិងបងប្អូនអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងគណៈប្រតិភូទាំងអស់ដែលកំពុងមានវត្តមាននៅលើទឹកដីអង្គរ ខេត្តសៀមរាប ដែលជាតំបន់ប្រវត្តិសាស្ត្រដ៏ល្បីរបស់កម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរចំពោះ វិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឤស៊ីប៉ាស៊ីហ្វិក ដែលបានខិតខំជំរុញការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឤស៊ី ឱ្យដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន និងលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានសក្តានុពល ព្រមទាំងជំរុញការអភិវឌ្ឍទីផ្សារប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល ឆ្លើយតបទៅនឹងការប្រកួតប្រជែងទីផ្សារលើវិស័យសារព័ត៌មាន រវាងសារព័ត៌មានប្រពៃណី ជាមួយសារព័ត៌មានឌីជីថល ក៏ដូចជាការប្រកួតប្រជែង ជាមួយបណ្តាញទំនាក់ទំនងសង្គម ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។ ខ្ញុំក៏សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រី គ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ដែលបានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឤស៊ីប៉ាស៊ីហ្វិកដើម្បីរៀបចំសន្និសីទដ៏មានសារសំខាន់នេះ។

  • ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី !

កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទកំពូលសារព័ត៌មានលើកទី ១៦ ដើម្បីផ្លាស់ប្តូរ មតិស្តីពីវិទ្យាសាស្ត្រ និងការវិវត្តបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន ព្រមទាំងចក្ខុវិស័យរយៈពេលវែងទៅអនាគត ដើម្បីប្រែក្លាយបច្ចេកវិទ្យាឌីជីថល ភ្ជាប់ជាមួយ បដិវត្តឧស្សាហកម្មទី ៤ ក្នុងគោលដៅជំរុញការធ្វើ ឌីជីថលភាវូបនីយកម្ម ប្រព័ន្ធផ្សព្វផ្សាយទៅក្នុងទីផ្សារឱ្យកាន់តែមានសក្តានុពលថែមទៀត និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីការវិវត្តបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន ដែលកំពុងគំរាម និងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរលើសិទ្ធិបុគ្គល និងសន្តិសុខក្នុងតំបន់ ក៏ដូចជានៅលើសកលលោកទាំងមូល។

ទន្ទឹមនេះ ចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើប បានប្រែក្លាយ ឌីជីថល ឆ្ពោះទៅកាន់ បដិវដ្តឧស្សាហកម្មទី ៤ ដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងវិស័យផ្សេងៗទៀត ជាមួយនឹងការបង្កើតឡើងនូវកាលានុវត្តភាព និងអត្ថប្រយោជន៍ ដូចខាងក្រោម៖

ទី ១ បច្ចេកវិទ្យា ឌីជីថល បានជំនួសការប្រើប្រាស់បច្ចេកវិជ្ជាឤណាឡូក ប្រកបដោយសក្តានុពល ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព ដូចជាសំឡេង រូបភាព ល្បឿននៃការបញ្ជូនទិន្នន័យ ការរក្សាទុកទិន្នន័យ ការសន្សំសំចៃនៃការប្រើប្រាស់រលកឤកាស វិទ្យុ ការកាត់បន្ថយចំណាយផលិតកម្ម ការបង្កើនផលិតភាព សំបូរបែបក្នុងវិស័យឧស្សាហកម្ម ប្រព័ន្ធផ្សព្វផ្សាយ ការកម្សាន្ត ការចែករំលែក និងការទទួលព័ត៌មានតាមមធ្យោ​បាយដ៏សំបូរបែប។ ជាមួយគ្នានេះ កម្ពុជាបាន និងកំពុងរៀបចំធ្វើការផ្លាស់ប្តូរប្រព័ន្ធផ្សាយទូរទស្សន៍ពីឤណាឡូក ទៅ ឌីជីថល ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ដើម្បីសម្របខ្លួនទៅនឹងស្ថានភាព នៃការវិវត្តប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ ឌីជីថល ក្នុងតំបន់ និងសកលលោក ព្រមទាំងការសិក្សា ដើម្បីបញ្ចៀសផលប៉ះពាល់ ផ្សេ​ងៗ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីដោះស្រាយបញ្ហាដែលកើតចេញពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ។

ទី ២ បច្ចេកវិជ្ជាឌីជីថលបានរួមបញ្ចូលគ្នា រវាងវិស័យទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ ហើយបង្កើតបាននូវសក្តានុពល លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល និងបណ្តាញទំនាក់ទំនង ជាសកលតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គម មាន ហ្វេសប៊ុក យូធូប វីឆាត  តេឡេក្រាម ធ្វីតធ័រ ជាដើម ដែលបង្កើនសក្តានុពលប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងការតភ្ជាប់បណ្តាញទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សម្រួលដល់ការធ្វើពាណិជ្ជកម្ម កាត់បន្ថយរបាំងទីផ្សារ បង្កើតឱកាសឱ្យវិស័យឯកជន និងសហគ្រិនដើម្បីមានលទ្ធភាពច្នៃប្រឌិតនូវធុរកិច្ចថ្មីៗ។

ទី ៣ បច្ចេកវិទ្យា ឌីជីថល បានធ្វើឱ្យការគ្រប់គ្រងប្រទេស ក្លាយទៅជារដ្ឋាភិបាល ឌីជីថល ក្នុងការបង្កើនសកម្មភាពសេដ្ឋកិច្ច ឌីជីថល ការលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃសេវាសាធារណៈ ប្រកបដោយគណ​នេយ្យភាព តម្លាភាព និងការតភ្ជាប់បណ្តាញ ទំនាក់ទំនងផ្ទៃក្នុង និងសកលលោកទាំងមូល។

ទន្ទឹមនឹងផលវិជ្ជមាននេះ បច្ចេកវិទ្យា ឌីជីថល នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានផ្តល់គុណវិបត្តិផ្សេង​ៗ ដែលធ្វើឱ្យសកលលោកកំពុងប្រឈមទៅនឹងព័ត៌មានក្លែងបន្លំ ការញុះញង់ បញ្ឆេះកំហឹង ការជេរប្រមាថដោយការស្អប់ខ្ពើម និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដូចជាការហែកចូលបំផ្លាញឯកសារសាធារណៈ ការជំរិតទារប្រាក់តាមប្រព័ន្ធអនឡាញ ការរំលោភលើសិទ្ធិបុគ្គលជាដើម បាន និងកំពុងគំរាមដល់សន្តិសុខតំបន់ និងសកលលោកទាំងមូល។ ដូច្នេះ តម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាបង្កើននូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌក្នុងតំបន់ និងសកលលោក ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យានេះ។

ទន្ទឹមនេះ នៅក្នុងកិច្ចប្រជុំកំពូលឤស៊ី-អឺរ៉ុបនៅទីក្រុង ប៊្រុចសែល នាពេលកន្លងទៅថ្មីៗនេះ បណ្តាប្រទេសនៅអឺរ៉ុបទាំងអស់ សុទ្ធតែបានលើកឡើងអំពីការព្រួយបារម្មណ៍នូវព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មបច្ចេ​ក​វិទ្យាព័ត៌មាននាពេលបច្ចុប្បន្ននេះ។

ដូច្នេះ ដើម្បីឱ្យ បដិវត្តឧស្សាហកម្មទី ៤ ដែលជាចរន្តនៃ ការរីកលូតលាស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្កើនទំនុកចិត្ត លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឌីជីថល ព្រមទាំងផ្តល់អត្ថប្រយោជន៍ ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ទំនាក់ទំនង និងសន្តិសុខនៅ ក្នុងតំបន់ ខ្ញុំសូមផ្តល់នូវគំនិតផ្តួចផ្តើមមួយចំនួនដល់អង្គសន្និសីទ ដូចខាងក្រោម៖

១- ត្រូវរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ការអភិវឌ្ឍ បច្ចេកវិទ្យា និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីទាញយកអត្ថប្រយោជន៍ពី បដិវត្តឧស្សាហកម្មទី ៤ និងការបង្កើតឡើងនូវកាលានុវត្តភាពនៃបច្ចេកវិទ្យាឌីជីថល

២- ត្រូវរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ។

៣- ត្រូវពង្រឹងការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការផ្សាយព័ត៌មានក្លែងបន្លំ គំនុំគុំកួន ការជេរប្រមាថ ការញុះញង់បញ្ឆេះកំហឹងដោយការស្ពប់ខ្ពើម រើសអើង បង្កជម្លោះរវាងជាតិសាសន៍សាសនា ឬ បំផ្លើសព័ត៌មានខុសពីការពិត ដែលបង្កើតឱ្យមានអសន្តិសុខសង្គម។

៤- ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយទំនាស់នៃការផ្សាយព័ត៌មាន ដែលបង្កឱ្យកើតមានភាពវឹកវរ និងប៉ះពាល់ដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

៥- ត្រូវរួមគ្នាយកចិត្តទុកដាក់ បង្កើនសមត្ថភាពយល់ដឹង ទាំងផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីដើរឱ្យទាន់តម្រូវការទីផ្សារ ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ និងការវិវត្តសភាពការណ៍សកលលោក។

៦- ត្រូវធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយប្រពៃណីក្លាយជាប្រព័ន្ធ ដែលមានភាពវ័យឆ្លាត និងឤចបត់បែនទៅតាមស្ថានភាពជាក់ស្តែង និងការវិវត្តនៃបច្ចេកវិទ្យាទំនើប ដើម្បីប្រឈមនឹងការប្រកួតប្រជែងទីផ្សារក្នុងយុគសម័យឌីជីថល ។

៧- ត្រូវរួមគ្នាកសាងគោលនយោបាយក្របខណ្ឌយុទ្ធសាស្ត្រ បទប្បញ្ញត្តិច្បាប់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មាន និងបទប្បញ្ញត្តិស្តង់ដាសុវត្ថិភាពឌីជីថល ដែលជាកត្តាចាំបាច់សម្រាប់ការគ្រប់គ្រងសុវត្ថិភាពទិន្នន័យក្នុងការធ្វើពាណិជ្ជកម្ម ការទូទាត់តាមប្រព័ន្ធ អេឡិកត្រូនិក និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា។

  • សម្តេចឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !

ខ្ញុំសង្ឃឹមថា អង្គសន្និសីទនេះនឹងពិភាក្សាយ៉ាងផុសផុល អំពីកាលានុវត្តភាពនៃបច្ចេកវិទ្យា ឌីជីថលបញ្ហាប្រឈមនានា ព្រមទាំងកិច្ចសហប្រតិបត្តិការភាពជាដៃគូ ការប្រយុទ្ធប្រឆាំង ទៅនឹងព័ត៌មានក្លែងបន្លំ វិធីសាស្ត្រសម្រាប់ដោះស្រាយបញ្ហា ដែលកើតចេញពីបដិវត្តឧស្សាហកម្មទី ៤ ក្នុងស្មារតីរួមចំណែកអភិវឌ្ឍ សង្គមសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ប្រកបដោយចីរភាព និងសុខសន្តិភាពយូរអង្វែង។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើក សន្និសីទកំពូលសារព័ត៌មានឤស៊ីលើកទី ១៦ ស្តីពី «ឌីជីថល​ភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយ ដោយផ្តោតលើទីផ្សារកំពុងអភិវឌ្ឍ» ខ្ញុំសូមជូនពរអង្គសន្និសីទទទួលបានជោគជ័យក្នុងការផ្លាស់ប្តូរមតិ ដើម្បីជាប្រយោជន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាព័ត៌មានក្នុងតំបន់ និងសកលលោក និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី សូមទទួល បាននូវផាសុខភាព និងអនុស្សាវរីយ៍ល្អៗ ក្នុងការស្នាក់នៅលើទឹកតដីអង្គរដ៏ល្បីល្បាញនៃព្រះរាជាណាចក្រកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជ...

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា