ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្មាំ២០១៩ —ឯកឧត្ដម Takahashi Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន បានបញ្ជាក់អំពីការ ខិតខំជំរុញធ្វើយ៉ាងណាឲ្យក្រុមហ៊ុន និងអ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជា ជាពិសេសសហគ្រាសតូច និងមធ្យម។
នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Takahashi Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន ចូល ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ ហើយបានមានប្រសាសន៍ថា សម្ដេចពិតជារីករាយក្នុងការជួបជាមួយ ឯកឧត្ដម តាកាហាស៊ី ហ្វីមីអាគី និងសហការី របស់ឯកឧត្ដមជាថ្មីម្ដងទៀត។ ក្នុងជំនួបនោះឯកឧត្ដម តាកាហាស៊ី ហ្វីមីអាគី បានមានប្រសាសន៍ថា ថ្ងៃនេះឯកឧត្ដមសូមចូលរួមអបអរសាទរដល់សម្ដេចតេជោ ចំពោះការថ្លែងសុន្ទរកថា គន្លឹះនៅក្នុងសិក្ខាសាលាស្ដីអំពីបរិយាកាសវិនិយោគនៅកម្ពុជាកាលពីព្រឹកមិញ។ ឯកឧត្ដមបានបន្តថា អ្វីដែលសម្ដេចបានមានប្រសាសន៍ក្នុងសិក្ខាសាលានេះ គឺពិតជាងាយយល់ហើយ ពិតជាសំខាន់ ជាពិសេសអំពីស្ថានភាពការវិនិយោគក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមក៏បានមានប្រសាសន៍ផងដែរ ពីការចង់ដឹងអំពីទស្សនៈវិស័យរបស់សម្ដេចពាក់ព័ន្ធទៅនឹងបញ្ហាអន្តរជាតិមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិកមកជប៉ុននិងចង់ ដឹងអំពីទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិកផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះសម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជាមិនចង់ធ្វើជាសត្រូវជាមួយ ប្រទេសណាមួយឡើយ តែងតែចង់ធ្វើមិត្តជាមួយបណ្ដាប្រទេសទាំងអស់ រួមទាំងប្រទេសអាម៉េ រិកផងដែរ ប៉ុន្តែយើងត្រូវតែរក្សានូវឯករាជ្យភាព អធិបតេយ្យភាពយើង។ មិនត្រឹមតែប៉ុណ្ណោះទេ សម្ដេចតេជោបានមានប្រសាសន៍ អំពីទស្សនៈ មួយចំនួនទៀតទាក់ទងនឹងស្ថានភាពនយោបាយ ក្រមរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ជាពិសេសពាក់ ព័ន្ធទៅនឹងអនុសញ្ញាអន្តរជាតិស្ដីអំពីទំនាក់ទំនងការទូត។ អ្វីដែលសម្តេចបានគូសបញ្ជាក់នេះសម្តេចតេជោក៏បានស្នើដល់ឯកឧត្ដម តាកាហាស៊ី ហ្វីមីអាគី ពាំនាំទៅសហរដ្ឋអាមេរិកថា កម្ពុជានៅតែចង់ធ្វើជាមិត្តល្អរបស់សហរដ្ឋអាមេរិក ហើយសម្តេចតេជោបានគូសបញ្ជាក់ថា ការវាយតម្លៃថាកម្ពុជាបោះបង់ចោលសហរដ្ឋអាមេរិក បែរងាកមកចាប់ចិននោះគឺខុសទាំងស្រុង។
ពាក់ព័ន្ធនឹងការវិនិយោគ សម្តេចនៅតែបន្តអំពាវនាវឱ្យវិនិយោគិនជប៉ុន ទៅវិនិយោគនៅកម្ពុជា ដែលចំណុចនេះ កាលពីព្រឹកមិញសម្តេចបានបង្ហាញក្នុងសិក្ខាសាលា ដែលមានអ្នកវិនិយោគិន ជប៉ុនមានការចាប់អារម្មណ៍ចំពោះលក្ខខណ្ឌ និងឱកាសល្អៗនៅក្នុងកម្ពុជា ជាពិសេសនៅថ្ងៃនេះ សម្ដេចបានប្រកាសលុបចោលពន្ធកាត់ទុកមួយភាគរយហើយនោះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ទីមួយ ចង់ឱ្យសមាគមបន្តជួយ ជំរុញឲ្យសហគ្រាសធុនតូច និងមធ្យមវិនិយោគនៅប្រទេសកម្ពុជា ទីពីរ គឺចង់ឱ្យប្រទេសជប៉ុនបើក ទីផ្សារបន្ថែម ទៀតសម្រាប់នាំចូលកសិផល ផលិតផលកម្ពុជាទៅទីផ្សារជប៉ុន ហើយទីបី គឺ សម្ដេចចង់ ឃើញទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងពី ២ ០០០លានដុល្លារ ទៅ៥ ០០០លាន ដុល្លារ នាពេលពេលខាងមុខ៕